«កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ២០១៨»

កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ ២០១៨
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត និង លោក ឆៃ ចន្តា
ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨
www.kumnitkhmer.com

          ត្រីធំត្របាក់ស៊ីត្រីតូចៗ           ត្រីតូចៗរួមគ្នាដេញត្របាក់ត្រីធំ

ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ដើម្បីជ្រើសរើសតំណាងរាស្ត្រនិងបង្កើតរដ្ឋាភិបាល នៅប្រទេសកម្ពុជានាអាណត្ដិទី ៦ នេះមា​​នភាពរ​កាំ​​រ​កូ​សលើសពីការបោះឆ្នោតអាណត្ដិ មុនៗ ដោយសាររបបកាន់អំណាចផ្តាច់ការបច្ចុប្បន្ននៅភ្នំពេញបានរំលាយចោលគណបក្ស ស​ង្គ្រោះ​ជា​​តិដែ​លជាគណបក្សប្រឆាំងដ៏ធំនិងមានប្រជាប្រិយភាពមួយ ។ ប្រការនេះធ្វើឱ្យពលរដ្ឋខ្មែរអ្នកបោះឆ្នោតបាត់បង់ជម្រើសដ៏សំខាន់មួយក្នុងការជ្រើសរើស មេដឹកនាំប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្រប តាមរដ្ឋធម្មនុញ្ញខ្មែរឆ្នាំ ១៩៩៣ និងតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១  ។

បន្ថែមលើ​​នេះទៀត ការប្រកូកប្រកាសអំពីសំណាក់អ្នកនយោបាយខ្មែរដោយម្ខាងប្រឹង ជម្រុញពល​រ​ដ្ឋកុំឱ្យទៅចូលរួមបោះឆ្នោតដែលគេថាជាសកម្មភាពធ្វើធម្មានុរូបកម្មរបបផ្តាច់ ការឱ្យក្លាយទៅជាមានភាពត្រឹមត្រូវតាមច្បាប់ និងម្ខាងទៀតគាបសង្កត់ពលរដ្ឋថា ត្រូវតែទៅ បោះឆ្នោតព្រោះគេនឹងចោទអ្នកដែលមិនទៅបោះឆ្នោតថាជាអ្នកគាំទ្រពួកឧទ្ធាមក្បត់ជាតិ ។ ​សូម្បីតែព្រះមហាក្សត្រក៏មានចេញព្រះរាជសារអំពាវនាវឱ្យពលរដ្ឋទៅ​ចូ​លរួមបោះឆ្នោត ផងដែរ ។ ស្ថិតនៅក្រោមស្ថានភាពគាបសង្កត់ឆ្វេងស្តាំលើក្រោមបែបនេះ ពលរដ្ឋខ្មែរ ស្លូតត្រង់ហាក់ដូចជាកំពុងត្រូវបានគេទាញទម្លាក់ឱ្យនៅចំចន្លោះញញួរនិងដុំថ្ម(between a rock and a hard place) ព្រមទាំងក្លាយខ្លួនទៅជាចំណាប់ខ្មាំងនយោបាយទៀតផង ។

លទ្ធិប្រជាធិបតេយ្យលើកតម្កើងសិទ្ធិ សេរីភាព យុត្តិធ៌ម និងភាពថ្លៃថ្នូរ ជាលទ្ធិដែលផ្តល់ ឱកាសឱ្យពលរដ្ឋជ្រើសរើសនូវអ្វីដែលល្អប្រសើរ និងលើកតម្កើងពលរដ្ឋពលរដ្ឋជាធំ ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋមានជំនឿថា វាជាកិត្តិយសនិងជាកាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមក្នុងកិច្ចការរបស់រដ្ឋដើម្បីអភិវឌ្ឍន៍និងវឌ្ឍនភាពសង្គមជាតិ ។ ពលរដ្ឋបោះឆ្នោតជ្រើសរើសមនុស្សឬរដ្ឋាភិបាលដែលគេចង់ឱ្យធ្វើជាអ្នកដឹកនាំគ្រប់គ្រង ប្រទេស ដើម្បីបំរើផលប្រយោជន៍របស់គេ ។ រីឯភារៈកិច្ចមួយដ៏សំខាន់របស់រដ្ឋាភិបាលគឺស្វែងរក សុខុមាលភាពជូនពលរដ្ឋ ។

សិទ្ធិបោះឆ្នោតជាសិទ្ធិរបស់ពល​រ​ដ្ឋតាមរយៈការចាប់កំណើតនៅក្នុងប្រទេសខ្មែរ ឬតាម រយៈការផ្តល់ឲ្យដោយច្បា​ប់របស់ប្រទេសខ្មែរ ។ ការប្រើ ឬមិនប្រើសិទ្ធិបោះ​​ឆ្នោតជាបុព្វសិទ្ធិ របស់ពលរដ្ឋខ្មែរដែលជាម្ចាស់សិទ្ធិ ។

សិទ្ធិមានឧត្តមភាពនិងអធិបតេយ្យភាពខ្ពស់ជាងសេរីភាព ។ ម្ចាស់សិទ្ធិ ឬអ្នកដែលបាន

ទទួ​ល​សិទ្ធិអាចប្រើ ឬមិនប្រើសិ​ទ្ធិដែលខ្លួនមានដោយសេរី និងដោយគ្មានការភិតភ័យ អំពីរឿងជាប់ទោសពៃរ៍អ្វីពីប្រភពណាឡើយ ​។ សកម្មភាពជ្រៀតជ្រែករំលោភសិទ្ធិ បោះឆ្នោតរ​ប​ស់ពលរដ្ឋជាអំពើអ​យុ​ត្តិធម៌ដែលគួរឱ្យស្អប់ខ្ពើម ។ នៅក្នុងរបបប្រជាធិបតេយ្យ រដ្ឋាភិបាលគ្រប់គ្រងដោយនីតិរដ្ឋ rule of law រីឯរបបផ្តាច់ការវិញ វាត្រូវបានគ្រប់គ្រងដោយ ការបង្កើតច្បាប់ដែលជាន់ឈ្លីសិទ្ធិ សេរីភាព របស់ពលរដ្ឋ ។

ស្ថិតក្នុងស្ថានភាពអាប់អួរតានតឹងនិងរកាំរកូសបែបនេះ ពលរដ្ឋអាចប្រើគំនិតឆ្នៃប្រឌិត ដើម្បីរំដោះខ្លួនចេញពីចំណាប់ខ្មាំងនយោបាយបានដោយងាយនិងដោយសុវត្ថិភាពទៀត ផង ។

យន្តការ ឬពិធីការ (Protocol) នៃការបោះឆ្នោតនៅក្នុងសកលលោក គឺមានល​ក្ខ​ណៈ សាមញ្ញ ស្រដៀងគ្នា និ​ងងាយយល់ ។ អ្នកបោះឆ្នោតមានជម្រើសចំនួនបី (៣) គឺ៖ គាំទ្រ, មិនគាំទ្រ និង អនុបវាទ ឬ Abstention ។ ក៏ប៉ុន្តែនៅ​ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ សេចក្តីណែនាំនៅលើក្រដាស់សន្លឹកឆ្នោតតម្រូវឱ្យអ្នកបោះឆ្នោតជ្រើសរើស (គូស) លើ​ឈ្មោះបេក្ខជនតែម្នាក់គត់ ឬលើឈ្មោះគណបក្សនយោបាយតែមួយគត់ ពោលគឺគំនូស បង្ហាញនូវបេក្ខជនឬគណបក្សនយោបាយដែលអ្នកបោះឆ្នោតបានជ្រើសរើស ។ គួររំឮកថា នៅលើក្រដាស់សន្លឹកឆ្នោតគ្មានកន្លែងសំរាប់«គូស»បង្ហាញថា «មិនគាំទ្រ»ឬ «អនុបវាទ»ឡើយ ។ ដូច្នេះ នៅពេលណាអ្នកបោះឆ្នោតម្នាក់បានជ្រើសរើស (គូស) លើឈ្មោះបេក្ខជន ឈរឈ្មោះលើសពីម្នាក់ ឬជ្រើសរើស (គូស)លើឈ្មោះគណបក្សនយោបាយឈរឈ្មោះ លើសពីមួយ ឬខុសពី​គោលការណ៍នៃការបោះឆ្នោត សន្លឹកឆ្នោតនោះក៏ក្លាយទៅជា សន្លឹកឆ្នោតមិនបានការ ព្រោះមិនបានធ្វើតាមការបង្គាប់នៅលើក្រដាស់សន្លឹកឆ្នោត ។

នៅក្នុងការបោះឆ្នោតនៅកម្ពុជា ពលរដ្ឋខ្មែរមួយចំនួននឹង «គូស»លើឈ្មោះគណបក្ស ប្រជាជនរបស់លោកហ៊ុនសែនដោយសារមានហេតុផលផ្សេងៗ ។ ជាអកុសល នៅលើ ក្រដាស់សន្លឹកឆ្នោតមិនមានកន្លែងអាច «គូស»ថា «មិនគាំទ្រ»របបផ្តាច់ការ ហើយអាជ្ញាធ របស់លោកហ៊ុនសែនក៏បានឱ្យដឹងជាសាធារណៈ រួចមក ហើយថាគេមិនប្រណីបាតុកម្ម តូចធំណាមួយទេ ព្រោះវាជាចរិតនៃរបបផ្តាច់ការ គឺថាវា មិនអាចធ្វើអ្វីក្រៅអំពីយុទ្ធវិធី នេះឡើយ ។ ប៉ុន្តែគ្មានអ្វីត្រូវអស់សង្ឃឹមទេ ។ ដោយហេតុថា វាជាកិត្តិយសនិងជាកាតព្វកិច្ច របស់ពលរដ្ឋនៃលទ្ធិប្រជាធិបតេយ្យក្នុងការចូលរួមក្នុងកិច្ចការរដ្ឋដើម្បីអភិវឌ្ឍន៍និង វឌ្ឍនភាពសង្គមជាតិ ពលរដ្ឋខ្មែរមិនត្រូវឱ្យឱកាសបោះឆ្នោតជាតិនៅ ថ្ងៃទី ២៩ នេះរបូត បាត់ឡើយ ។ ពលរដ្ឋអាចធ្វើសកម្មភាពខ្លាំងក្លាមួយប្រកបដោយ ប្រសិទ្ធិភាពនិងអហិង្សា គឺប្រមូលគ្នាប្តូរយុទ្ធនាការពី«ដេកផ្ទះឈ្នះឯង»ទៅអនុវត្តវិធីព្រះរាជសារហើយដើរចូល ទីកន្លែងបោះឆ្នោតដោយពើងដើមទ្រូងហើយងើបក្បាលឱ្យខ្ពស់ បោះជំហានចូលទៅជា មួយនឹងទឹកមុខញញឹម យកក្តីសង្ឃឹមទៅភ្ជាប់ជាមួយសន្លឹកឆ្នោត ដោតឱ្យចំចំណុចខ្សោយ នៃរបបផ្តាច់ការ ។

នៅក្នុងលោកនេះ ពលរដ្ឋនានាដែលមិនពេញចិត្តនឹងជម្រើសបេក្ខជនឬគណបក្ស នយោបាយ ដែលមាននៅលើសន្លឹកឆ្នោតឬដែលមិនពេញចិត្តនឹងប្រព័ន្ធនយោបាយ ដែលកំពុងត្រួតត្រាពួកគេបានធ្វើសកម្មភាព«បាតុកម្មសន្លឹកឆ្នោត»ឬ protest vote ដោយរបៀបផ្សេងៗ ។ ចំពោះប្រទេសកម្ពុជាយើង មានរបៀបធ្វើសកម្មភាព «បាតុកម្មសន្លឹកឆ្នោត»ពីរប្រភេទដែលខ្មែរស្នេហាលទ្ធិប្រជាធិបតេយ្យអាចយកទៅប្រើ ការបាននៅឱកាសបោះឆ្នោតថ្ងៃទី ២៩ កក្កដានេះ ។

របៀបទីមួយ អ្នកបោះឆ្នោតអាចគូសលើក្រដាស់សន្លឹកឆ្នោតជ្រើសរើសគ​ណ​បក្សចំនួនពីរ (២) ឬបី (៣)ឬច្រើនជាងនេះក៏បានដែរ ទោះបីមានពាក្យបង្គាប់ «កុំគូសលើសពីមួយ»ឬ «ជ្រើសរើសយក . . . តែមួយគត់»ក្តី ។ របៀបទីពីរ អ្នកបោះឆ្នោតអាចដាក់បញ្ចូល សន្លឹកឆ្នោតទទេទៅក្នុងហិបឆ្នោតវិញដោយឥតមានគូសអ្វីឡើយ ។ អាជ្ញាធរនឹងប្រកាស សន្លឹកឆ្នោតទាំងនេះថាជាសន្លឹកឆ្នោតមិនបានការ ក៏ប៉ុន្តែទិន្នន័យឬចំនួនសន្លឹកឆ្នោត មិនបានការទាំងម៉ឺន ទាំងសែន ទាំងលានសន្លឹក បង្ហាញឱ្យពលរដ្ឋក្នុងលោកទាំងអស់ ដឹងឮអំពីបាតុកម្មតាមរយៈក្រដាស់សន្លឹកឆ្នោតថាពលរដ្ឋខ្មែរបដិសេធរបបផ្តាច់ការដោយ សកម្មភាពអហិង្សានិងផ្តល់សុខសន្តិភាពជូនប្រទេសជាតិ ។ យើងអាចហៅយុទ្ធសាស្ត្រនេះ ជា «យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះនិងឈ្នះ»ពោលគឺបានបំពេញកាតព្វកិច្ចជាពលរដ្ឋមាន កិត្តិយសនៅក្នុងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ បានការពារសិទ្ធិ សេរីភាព យុត្តិធ៌ម និងភាពថ្លៃថ្នូរតាមវិធីអហិង្សាមិនឱ្យអាជ្ញាធរមានលេសធ្វើទុក្ខបុកម្នេញលើពលរដ្ឋនិង គ្រួសារ និងបានរំដោះខ្លួនចេញពីស្ថានភាពចំណាប់ខ្មាំងនយោបាយទៀតផង ។ វាសំខាន់ ណាស់ដែលទិន្នន័យក្រដាស់សន្លឹកឆ្នោតដែលរបបផ្តាច់ការហៅថាមិនបានការ បង្ហាញ ពិភពលោកឱ្យបានឃើញច្បាស់ថា ពលរដ្ឋខ្មែរមានឆន្ទះចង់បានការកែប្រែផ្លាស់ប្តូរ នៅក្នុងប្រទេសកម្ពុជា ។

សរុបមក សន្លឹកឆ្នោតប្រភេទណាក៏ដោយ គឺសុទ្ធតែមានប្រយោជ​ន៍​ទាំងអស់ ។ អ្វីដែលគ្មានប្រយោជន៍ គឺភាពខ្ជិលច្រ​អូ​ស មិនរវីរវល់ចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាព​​លរដ្ឋដែលមានសិទ្ធិបោះឆ្នោតហើយ តែមិនទៅបោះឆ្នោត​ទេ វាចេះតែ អីចេះហើយវាចេះតែអីចុះ ទុកឱ​កា​​សដ៏សែនល្អឱ្យអ្នកនយោបាយជិះសេះលែងដៃ ធ្វើអ្វីៗតាមតែអំពើចិត្ត ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសដែលជ្រើសយកល​ទ្ធិ​ប្រជាធិបតេយ្យ ក្នុងការដឹកនាំរដ្ឋដូចប្រទេសកម្ពុជា សន្លឹកឆ្នោតជាអាវុធដ៏មានប្រ​សិ​​ទ្ធិ​ភាពបំផុតសម្រាប់ តម្រង់ផ្លូវអ្ន​កនយោបាយនិងអ្នកកាន់ការងារប្រទេសជាតិ ឲ្យដើរតាមគន្លងមួយដែល ត្រឹមត្រូវ ។ យើងត្រូវចាំថា សន្លឹកឆ្នោតរបស់យើងជាតំណាងអំណាចរបស់យើង ។ ជោគវាសនាផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ និងរបស់ប្រ​ទេ​សជាតិទាំងមូល ស្ថិតនៅក្នុង កណ្ដាប់ដៃពួកយើងទាំងអស់គ្នាដែលជាពលរដ្ឋ គឺវាមិនមែនស្ថិតនៅក្នុងកណ្ដាប់ដៃ

រ​ប​ស់អ្នកន​យោ​បាយតែប៉ុន្មាននាក់នោះទេ ៕

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិតហ្គាហ្វារ ពាងម៉េតអតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ

(ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website «គំនិតខ្មែរ»របស់លោកតាមអាសយដ្ឋាន  www.kumnitkhmer.comហើយនិងទាក់ទងនឹងលោកតាមរយៈសារអេឡិចត្រូណិច (e-mail)peangmeth@gmail.com
លោក ឆៃ ចន្តាChhay Chanda ជាអតីតអ្នកស្រុកត្បូងឃ្មុំខេត្តកំពង់ចាម និងជាអតីតអ្នកជំរំណងចាន់ (ដែលបានត្រូវកងទ័ពយៀកណាមវាយប្រហារមកលើយ៉ាងខ្លាំង ) និងជំរំសាយធូ(ឆ្នាំ១៩៨៥-១៩៨៩) នៅក្រោមការគ្រប់គ្រងរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ លោកបានចាកចេញមករស់នៅ សហរដ្ឋអាមេរិកក្នុងខែមករា ឆ្នាំ១៩៨៩ ។ លោកបានធ្វើការសិក្សាវិជ្ជាជាន់ខ្ពស់ ហើយបានទទួល បរិញាប័តផ្នែកសារពត៌មាននិងវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យ ហ្ចរ៍ច ម៉េសុន George Mason University ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក សារអេឡិចត្រូណិច (e-mail) Khemara_kakvey@yahoo.com