«កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ»

ខ្ញុំជាសិស្សរៀនប្រចាំជីវិត ។ ការរៀនសូត្ររបស់ខ្ញុំត្រូវចប់តែនៅពេលណាខ្ញុំត្រូវលាចាកលោកនេះ ។ ខ្ញុំរៀនសូត្រតាមរយៈសង្គមូបនីយកម្មដែលជាដំណេីរការនៃជីវិតខ្ញុំ ។ ដំណេីរការនេះបានបណ្តុះនូវវិញ្ញាណយល់ដឹងដែលណែនាំខ្ញុំឲ្យរេីស “របៀបគិត” និងឲ្យធ្វេីឬមិនធ្វេីសកម្មភាព ។ ទាំងអស់នេះ ខ្ញុំបានយកមកចងក្រងជាក្របខ័ណ្ឌសម្រាប់ការគិតនិងការ ធ្វេីសកម្មភាព ដោយសង្ឃឹមថាអ្នកអាននិងអ្នកស្តាប់អាចច្បិចយកអ្វីដែលមានសារៈសំខាន់និងមានប្រយោជន៍ទៅកសាងពិភពមួយដែលអ្នកចង់បាន ស្របនឹងពាក្យពេចន៍របស់មេដឹកនាំវិញ្ញណនិងនយោបាយឥណ្ឌា លោក មហាត្មះ គន្ធី ថា៖ “គឺរូបអ្នកនេះហេីយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលអ្នកចង់ឃេីញនៅក្នុងលោក” ។

តាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ព្រះបរមគ្រូ ខុង ជឺ កេីតនៅឆ្នាំ៥៥១ មគស និងស្លាប់នៅឆ្នាំ៤៧៩មគស បានថ្លែងថា “វិញ្ញាណដែលឱត្តមគឺមានឆន្ទៈ វិញ្ញាណដែលទន់ខ្សោយមានចំណង់តែប៉ុណ្ណោះ” ។ ប៉ន្តែទស្សនវិទូដែលជាអ្នកការទូតជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះលោក យោហាន វ៉ុលហ្វ៍ហ្គាំង វ៉ុន ហ្គេីថេ Johann Wolfgang von Goethe កេីតនៅឆ្នាំ១៧៤៩និងស្លាប់នៅឆ្នាំ១៨៣២ បានអះអាងថា “ទោះបីអ្នកចេះដឹងហេីយក៏នៅមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវតែអនុវត្ត​ ទោះបីអ្នកមានឆន្ទះហេីយក៏នៅមិនទាន់គ្រប់គ្រាន់ដែរ អ្នកត្រូវតែធ្វេីសកម្មភាព” ។ ខ្ញុំធ្លាប់ឮសុភាសិតមួយនៅទ្វីបអាស៊ីដែលចែងថា “តែកាលណាសិស្សរៀនបានរៀបចំត្រៀមខ្លួនរួចស្រេចហេីយនោះ គ្រូឥសីនឹងបញ្ចេញខ្លួនមិនខាន” ។

កាលពីឆ្នាំកន្លងទៅ ខ្ញុំបានចងក្រងអត្ថបទមួយក្រោមចំណងជេីងថា “រៀនយោងព្យួរតភ្ជាប់គំនិត” ដេីម្បីណែនាំឲ្យគិតថា គំនិតនិងព្រឹត្តិការណ៍ទាំងឡាយនៅក្នុងលោករមែងរាលដាលប៉ះពាល់ដល់មនុស្សនៅគ្រប់ទីកន្លែងជិតឬឆ្ងាយគេចមិនផុតទេ វាគ្រាន់តែយូរឬឆាប់ មុនឬក្រោយ មានឥទ្ធិពលធ្ងន់ឬស្រាលតែប៉ណ្ណោះ ។ ខ្ញុំបានហៅបាតុភូតនេះថាជា “ធម្មជាតិប្រទាក់ក្រឡាឬយោងព្យួរនិងតភ្ជាប់ព្រឹត្តិការណ៍និងគំនិត” ។ សូមអញ្ជេីញអានអត្ថបទនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ចុះថ្ងៃទី១៣ ខែវិច្ឆិកា ២០១៧ ។ នៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី២៦តុលាកន្លងទៅនេះ ខ្ញុំបានលេីកយកយុទ្ធសាស្ត្ររបស់លោក បេនីតូ ម៉ូសសូលីនី Benito Mussolini មេដឹកនាំគណបក្សហ្វាស់ស៊ីសអុីតាលីមកជូនជាចំណីខួរក្បាលដេីម្បីទុកជា
ការត្រិះរិះពិចារណាអំពីបញ្ហាខ្មែរយេីង ។

លោក ម៉ូសសូលីនី កេីតនៅឆ្នាំ១៨៨៣ ជាមេដឹកនាំ​ “គណបក្សហ្វាស់ស៊ីិសរួមជាតិ” អុីតាលី បង្កេីតឡេីងនៅខែវិច្ឆិកាឆ្នាំ១៩២១ ដែលជាឆ្នាំលោកជាប់ឆ្នោតជាសមាជិកសភាជាតិដែរ ។ នៅខែតុលាឆ្នាំ១៩២២ លោក ម៉ូសសូលីនី ប្រកាសប្រាប់មនុស្ស ៦ មុឺននាក់នៅសមាជហ្វាស់ស៊ីសនៅទីក្រុងណីប៉ុលស៍ Naples នៅទិសខាងត្បូងឈាងខាងកេីតទីក្រុងរ៉ូមថា “កម្មវិធីរបស់យេីងងាយយល់ណាស់គឺថាយេីងមានបំណងត្រួតត្រាប្រទេសអុីតាលី” ហេីយគេក៏រៀបចំក្បួនយាត្រាហ្វាស់ស៊ីសចំនួនប្រមាណជាបីមុឺននាក់នៅទីក្រុងរ៉ូម Rome ។ នៅកណ្តាលភពវឹកវរនេះ ព្រះមហាក្សត្រ វិកទ័រ អេម៉ានូអែលទី៣ Victor Emmanuel III ក៏បានអញ្ជេីញលោកម៉ូសសូលីនីឲ្យបង្កេីតរដ្ឋាភិបាលមួយ លោកម៉ូសសូលីនីក៏បានឡេីងកាន់តំណែងជានាយករដ្ឋមន្ត្រីទៅ ។

ចាប់ពីឆ្នាំ១៩២២មក លោក ម៉ូសសូលីនី បានប្រមូលផ្តុំអំណាចផ្តាច់ការឲ្យនៅក្នុងកណ្តាប់ដៃលោក ។ យុទ្ធសាស្ត្រសម្ងំ “ដកស្លាបសត្វមួយម្តងៗ” ឬប្រល័យបច្ចាមិត្តម្តងមួយៗដោយស្ងាត់ៗ ដេីម្បីកុំឲ្យប្រជាជនមេីលឃេីញ បានបង្កេីតឲ្យមានសភាពការណ៍ “ធម្មតា” មួយនៅក្នុងជីវិតប្រជាជន ពោលគឺការ “ដកស្លាបសត្វ មួយម្តងៗ” មិនបានធ្វេីឲ្យប្រជាជនចាប់អារម្មណ៏ភ្ញាក់ផ្អេីលទេ ។ អ្វីៗនៅតែជាប្រក្រតី គឺចេះតែល្មមទាំងអស់ ទំរាំដល់បានឃេីញសត្វអស់ស្លាបរលីងពីតួខ្លួន ប្រជាជនក៏ឃេីញខ្លួនឯងជាប់នៅក្នុងទ្រុងទាសភាពរបស់អំណាចផ្តាច់ការហ្វាស់ស៊ីសរកងាករេីខ្លួនមិនរួចដែរ ។​ របបផ្តាច់ការហ្វាស់ស៊ីសនិយមដ៏កាចសាហាវមួយបានកេីតមានរួចជាស្រេច ។

ខ្ញុំសូមបេីកវង់ក្រចកបន្តិចដេីម្បីជំរាបអំពីពេលដែលខ្ញុំបង្រៀននៅសកលវិទ្យាល័យលេីកោះ Guam សហរដ្ឋអាមេរិក ។ ខ្ញុំតែងលេីករឿងព្រេងស្តីអំពីកង្កែបដែលគេដាក់នៅក្នុងឆ្នាំងមានទឹកទៅនិទានរំលឹកដល់និស្សិតអំពីលទ្ធផលនៃអសមត្ថភាពនិងកង្វះការយល់ដឹងរបស់មនុស្សយេីងនៅក្នុងសង្គម ៖ បេីអ្នកយកកង្កែបមួយទៅដាក់ក្នុងឆ្នាំងមានទឹកត្រជាក់ កង្កែបក៏សម្ងំក្នុងទឹកត្រជាក់ក្នុងឆ្នាំងនោះទៅ ពីព្រោះនេះជាព្រឹត្តិការណ៍មួយ “ធម្មតា” ដែលគ្មានអ្វីគួរភ័យព្រួយ ។ តែបេីគេទម្លាក់កង្កែបនោះចូលទៅក្នុងឆ្នាំងមួយដែលមានទឹកក្តៅ កង្កែបនោះនឹងលោតរត់ចេញពីក្នុងឆ្នាំងនោះមួយរំពេច ។ បើគេយកកង្កែបទៅដាក់ក្នុងឆ្នាំងមានទឹកត្រជាក់ រួចដុតភ្លេីងកំដៅទឹកក្នុងឆ្នាំងយ៉ាងយឺតៗ កង្កែបនោះមិនលោតទៅណាទេ ។ ទម្រាំតែកង្កែបមានអារម្មណ៍ថាក្តៅ ទឹកដែលកំពុងពុះគគុកនោះក៏ស្ងោរកង្កែបក្នុងឆ្នាំងស្លាប់តៃហោងរួចទៅហេីយ ។ រឿងមេហ្វាស់ស៊ីសអុីតាលី លោក ម៉ូសសូលីនី ដកស្លាបសត្វមួយម្តងៗមិនឲ្យប្រជាជនភ្ញាក់ផ្អេីល វាមិនខុសពីរឿងកង្កែបនៅក្នុងឆ្នាំងទឹកត្រជាក់ដែលសម្ងំសប្បាយនោះទេ ។ យោងតាមអត្ថបទ “រៀនយោងព្យួរតភ្ជាប់គំនិត” តេីខ្មែរយេីងរស់នៅក្នុងសភាពការដូចម្តេចដែរសព្វថ្ងៃនេះ ?

សូមបកមករបបហ្វាស់ស៊ីសនិយមអុីតាលីវិញ ។ ហ្វាស់ស៊ីសនិយមជាប្រព័ន្ធរដ្ឋាភិបាលមួយដែលមានលក្ខណៈឯកបក្សផ្តាច់ការ លុបបំបាត់បក្សប្រឆាំង ត្រួតពិនិត្យមធ្យោបាយបង្កេីតផលិតផលនិងឥរិយាបថនិងសកម្មភាពគ្រប់ប្រភេទរបស់ពលរដ្ឋ អនុវត្តជាតិនិយមឈ្លានពានរេីសអេីងប្រកាន់ពូជសាសន៍ និងលើកតម្កើងអំណាចនិងសង្រ្គាម ។

អំណាចនៅពេញដៃ នៅឆ្នាំ១៩៤០នាយករដ្ឋមន្ត្រីមូ៉សសូលីនីបានបញ្ចូលប្រទេសអុីតាលីទៅក្នុងសម្ព័ន្ធភាពអ័ក្ស axis alliance ជាមួយប្រទេសណាត់ស៊ីអាល្លឺម៉ង់ ដឹកនាំដោយលោក អេដល់ហ្វ៍ ហ៊ីតត្លេីរ៍ Adolf Hitler និងប្រទេសជប៉ុននៅក្រោមអធិរាជ ហ៊ីរ៉ូហ៊ីតូ នៅក្នុងសង្គ្រាមលោកលេីកទី២ ប្រឆាំងនឹងអំណាចសម្ព័ន្ធមិត្ត allied powers ដែលមានចក្រភពអង់គ្លេស ប្រទេសបារាំង សហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិនជាសមាជិក ។

នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៤៣ នៅពេលកងទ័ពសម្ព័ន្ធមិត្តរុញច្រានពីទិសខាងត្បូងហេីយមានការប៉ះទង្គិចក្នុងប្រទេសរវាងរបបហ្វាស់ស៊ីសនិងសកម្មជនប្រឆាំងហ្វាស់ស៊ីសកាន់តែខ្លាំងឡើងផង លោកម៉ូសសូលីនីបានធ្លាក់ខ្លួនជាមេដឹកនាំតំបន់ខាងជេីងនៃប្រទេសអុីតាលីដែលក្លាយទៅជារដ្ឋអាយ៉ងនៃប្រទេសអាល្លឺម៉ង់ ។ នៅខែមេសាឆ្នាំ១៩៤៥ កងទ័ពសម្ព័ន្ធមិត្តបានវាយបំបែកខ្សែការពារចុងក្រោយបង្អស់របស់អាល្លឺម៉ង់នៅតំបន់ខាងជើងប្រទេសអុីតាលី ។ ការបះបោររបស់ប្រជាពលរដ្ឋនិងយុទ្ធជនតស៊ូបានកេីតឡេីងនៅទូទាំងប្រទេស ។ នៅថ្ងៃទី២៥ខែមេសា លោកម៉ូសសូលីនីក៏នាំភរិយារត់ភៀសខ្លួនចេញពីទីក្រុង មីុឡាន Milan ដែលជាមូលដ្ឋានរបស់លោកឆ្ពោះទៅកាន់ព្រំប្រទល់ ស្វុីស ។ ពីរថ្ងៃក្រោយមក នៅថ្ងៃទី២៧មេសា យុទ្ធជនតស៊ូបានចាប់លោកនិងភរិយាបានហេីយយកទៅបាញ់ចោលទាំងពីរនាក់មួយថ្ងៃក្រោយមក ។ ខ្មោចអ្នកទាំងពីរត្រូវបានគេយកទៅចងព្យួរជេីងឡេីងលេីទុកឲ្យប្រជាជនយកដុំថ្មទៅគប់និងជេរបញ្ចោររំសាយកំហឹង ។ លុះលោក អេដុលហ្វ៍ ហ៊ីតត្លើរ៍ មេដឹកនាំណាតស៊ីអាល្លឺម៉ង បានទទួលព័ត៌មានដូច្នោះ ក៏សម្រេចថាមិនឲ្យគេចាប់ខ្លួនលោកបានទេ ។ នៅថ្ងៃទី៣០មេសា លោកបានបាញ់សម្លាប់ខ្លួនឯងហេីយភរិយាក៏លេបថ្នាំពុលស្លាប់នៅក្នុងទីលានដ្ឋានរបស់លោកនៅទីក្រុង ប៊ែរ៍ឡាំង មុនកងទ័ពសម្ព័ន្ធមិត្តបានមកដល់ ។

បន្តទៀតនេះ ខ្ញុំសូមណែនាំអានសៀវភៅ Hitler’s Willing Executioners: Ordinary Germans and the Holocaust និពន្ធដោយលោកសាស្ត្រាចារ្យ Daniel Goldhagen និងបោះពុម្ភផ្សាយដោយក្រុមហ៊ុន Alfred A. Knopf នៅឆ្នាំ១៩៩៦ ។

“ឃាតកស្ម័គ្រចិត្តរបស់លោកហ៊ីតត្លេីរ៍៖
ពលរដ្ឋសាមញ្ញអាល្លឺម៉ង់និងពិធីដុតមនុស្សបូជា
”
និពន្ធដោយលោក Daniel Goldhagen សាស្ត្រាចារ្យសកលវិទ្យាល័យ Harvard ឆ្នាំ១៩៩៦

ប្រជាជនសាមញ្ញអាល្លឺម៉ង់ភាគច្រេីនជា “ឃាតកស្ម័គ្រចិត្ត” នៅក្នុងពិធីដុតមនុស្សបូជា Holocaust ដោយហេតុតែវប្បធម៌អាល្លឺម៉ង់មានលក្ខណៈពិសេសនិងសាហាវផ្នែករើសអើងនិងបំបាត់ពូជសាសន៍ antisemitism ។ ​

 

ហេីយខ្ញុំក៏សូមជូនរឿងលោកម៉ារ៍ទីន នីម៉ុលឡឺរ៍​ Martin Niemöller (កេីតនៅឆ្នាំ១៨៩២ និងស្លាប់នៅឆ្នាំ១៩៨៤) ជាអាចារ្យប្រូតេស្តង់និងជាជនជាតិអាល្លឺម៉ង់ ដែលដេីមឡេីយលោកជាអ្នកគាំទ្ររបបណាតស៊ីអាល្លឺម៉ង់​ តែក្រោយមកលោកបានក្លាយទៅជាសត្រូវសាធារណៈរបស់​លោក​ អេដល់ហ្វ៍ ហុីតត្លេីរ៍ Adolf Hitler មេគណបក្សណាតស៊ីអាល្លឺម៉ង់បង្កេីតឡេីងនៅឆ្នាំ១៩២០ ។ លោកហុីតត្លេីរ៍ជាអធិការបតី chancellor ប្រទេសអាល្លឺម៉ង់នៅឆ្នាំ១៩៣៣ និងជា Fuhrer នៅឆ្នាំ១៩៣៤ ។ ចាប់ពីឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៤៥ នយោបាយផ្តាច់ការហ្វាស់ស៊ីសនិយមរបស់លោកហុីតត្លេីរ៍ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ លាននាក់ និងបានសម្លាប់រង្គាលប្រជាពលរដ្ឋពូជសាសន៍ យូដា ប្រមាណជា ៦ លាននាក់ ។ លោក នីម៉ុលឡឺរ៍បានត្រូវអាជ្ញាធរណាតស៊ីចាប់ដាក់គុកចំនួន៧ឆ្នាំ ពីឆ្នាំ១៩៣៨ដល់ឆ្នាំ១៩៤៥ តែសំណាងល្អលោកបានរួចផុតពីការប្រហារជីវិត​ ។ ក្រោយពីចាកចេញពីក្នុងគុកមក​ លោកបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងដោយលោកយល់ថាលោកមិនបានធ្វើសកម្មភាពគ្រប់គ្រាន់
ដេីម្បីជួយជនរងគ្រោះនៃរបបណាតស៊ីអាល្លឺម៉ង់ ។

លោក​ នីម៉ុលឡឺរ៍​ បានមេីលឃេីញថា​ ជនជាតិអាល្លឺម៉ង់ ជាពិសេសមេដឹកនាំសាសនាប្រូតេស្ដង់​ គឺសុទ្ធតែជាអ្នកផ្សំគំនិតឃុបឃឹតជាមួយពួកណាតស៊ីអាល្លឺម៉ង់ដោយរក្សាភាពស្ងាត់ស្ងៀមនៅពេលពួកណាតស៊ីកំពុងចាប់ដាក់គុក ធ្វើទុក្ខបុកម្នេញនិងកាប់សម្លាប់មនុស្សរាប់លាននាក់​ ។​ នៅក្នុងឆ្នាំ​១៩៤៦​ លោក នីម៉ុលឡឺរ៍​ បានសរសេរនៅក្នុងសៀវភៅមួយថា​ “នៅពេលខ្ញុំជួបជនមានពូជសាសន៍យូដាដែលខ្ញុំធ្លាប់ស្គាល់ពីមុន​ ខ្ញុំតែងនិយាយប្រាប់គេថា​​ យេីងមិនអាចជួបជុំគ្នាបានទេ . . . ព្រោះខ្ញុំបានធ្វេីអំពេីបាប​ ហេីយជនជាតិខ្ញុំក៏បានធ្វេីអំពេីបាបទៅលេីរូបអ្នកនិងទៅលេីពលរដ្ឋពូជសាសន៍យូដារបស់អ្នក​ ”​។

ខាងក្រោមនេះជាកំណាព្យសរសេរដោយលោក​ ម៉ារ៍ទីន នីម៉ុលឡឺរ៍ អំពីភាពកំសាកនៃបញ្ញវន្តអាល្លឺម៉ង់នៅអំឡុងពេលដែលពួកណាតស៊ីដេីរចាប់មនុស្សយកទៅសម្លាប់ចោល ។
កំណាព្យនេះមានតាំងផ្សាយនៅ​ក្នុង “ពិពណ៌អចិន្រ្តៃយ៍នៃសារមន្ទីរមនុស្សឃាត Holocaust” ។


“ដំបូងឡេីងគេមកចាប់អ្នកសង្គមនិយម​ តែដោយសារខ្ញុំមិនមែនជាអ្នកសង្គមនិយមខ្ញុំមិនបាននិយាយថាអ្វីទេ​ ។
បន្ទាប់មកគេមកចាប់អ្នកសហជីពជំនួញ តែខ្ញុំមិនមែនជាអ្នកសហជីពជំនួញខ្ញុំក៏មិនបាននិយាយថាអ្វីដែរ​ ។<
បន្ទាប់មកទៀត​គេមកចាប់ជនសាសន៍យូដា​ ខ្ញុំមិនមែនជាសាសន៍យូដាខ្ញុំក៏មិនបាននិយាយថាអ្វីទៀត​ ។
លុះដល់ពេលគេមកចាប់ខ្ញុំ​ ស្រាប់តែឥតមានសល់នរណាម្នាក់ដែលមកនិយាយជួយខ្ញុំបាន”​ ។
លោក ម៉ារ៍ទីន នីម៉ុលឡឺរ៍ ១៩៣២-១៩៨៤ អាចារ្យប្រូតេស្តង់ ដេីមឡេីយជាអ្នកគាំទ្ររបបណាតស៊ីអាល្លឺម៉ង់
ក្រោយមកបានត្រូវជាប់គុកព្រោះលោកបានប្រឆាំងនឹងរបបគ្របគ្រងលោកហុីតត្លេីរ៍

នៅប្រទេសខ្មែរ លោក ឱត្តមសេនីយ សៅ សុខានៃរបបគ្របគ្រងរបស់លោករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងកោតសរសេីរមេឃាតក អេដល់ហ្វ៍ ហ៊ីតត្លេីរ៍ ហេីយបានអួតអាងថាគាត់បានរៀនច្រេីនណាស់ពីមេណាតសុីរូបនោះ ។

មុននឹងបញ្ចប់អត្តបទនៅថ្ងៃនេះ ខ្ញុំសូមណែនាំអានសៀវភៅមួយទៀតគឺ Fascism: A Warning ចេញផ្យាយដោយក្រុមហ៊ុន Harper នៅខែមេសាឆ្នាំ២០១៨នេះ ស្តីពីការគំរាមកំហែងដល់សន្តិភាពនិងយុត្តិធម៌ក្នុងលោកដោយរបបហ្វាស់ស៊ីសនិយម ។

ហ្វាស់ស៊ីសនិយមការព្រមានមួយ

និពន្ធដោយអ្នកស្រី ម៉ាដឺឡែន អល់ប្រែក ឆ្នាំ២០១៨

បុគ្គលហៅហ្វាស់ស៊ីស ជាមនុស្សដែលអះអាងថាខ្លួននិយាយក្នងនាមប្រទេសឬក្រុមទាំងមូលដោយឥតខ្វល់នឹងសិទ្ធិរបស់អ្នកដទៃទេ និងមានឆន្ទៈប្រើអំពើហឹង្សានិងមធ្យោបាយផ្សេងទៀតដែលចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន ។

សព្វថ្ងៃនេះជាងនៅគ្រប់ពេលវេលាតាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មក ហ្វាស់ស៊ីសនិយមកំពុងបង្ហាញការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិភាពនិងយុត្តិធម៌នៅក្នុងលោក ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩)បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំនៅសកលវិទ្យាល័យកោះ Guam(ឆ្នាំ ១៩៩១-២០០៤)។ លោកបានចូល និវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“តាមអាសយដ្ឋានwww.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកតាមរយៈសារអេឡេត្រូណិច(e-mail) peangmeth@gmail.com