បណ្តុះភាពជាអ្នកដឹកនាំ
បណ្តុះភាពជាអ្នកដឹកនាំ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩
ការបណ្តុះបណ្តាលអ្នកដឹកនាំជាកិច្ចការដ៏លំបាកមួយនៅក្នុងសង្គមដែលមានប្រពៃណីនិងបុគ្គលិកលក្ខណៈ personality traits របស់ពលរដ្ឋស្ថិតនៅក្រោមទម្លាប់គ្របគ្រងនៃរបបផ្តាច់ការ ។ គឺទំនៀមទម្លាប់នេះហើយដែលពត់បត់បែនគំនិតនិងអាកប្បកិរិយាខ្មែរអស់កាលរាប់រយឆ្នាំរហូតប្រែក្លាយអត្តចរិតខ្មែរដូចទៅនឹងឆ្អឹងហ្វូស៊ីលដែលផ្តិតជាប់នឹងថ្មមានស្នាមក្រឡៅជាប់ជានិច្ច ។
ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅក្នុងចង្កោមពលរដ្ឋកុំឲ្យធ្លាក់ចូលក្នុងទម្រង់ចាស់តម្រូវឲ្យមានការកែប្រែផ្លាស់ប្តូរគុណសម្បត្តិឥរិយាបថនិងវប្បធម៌នៅក្នុងសង្គម ។ ទាំងអស់នេះជាកិច្ចការដ៏លំបាកមួយ តែជាការចាំបាច់ត្រូវតែធ្វើដើម្បីឲ្យមានការកែប្រែផ្លាស់ប្តូរ ។ ដំណើរចាកចេញឲ្យផុតអំពីច្រវាក់ប្រពៃណីនិងទំនៀមទម្លាប់និងអំពីទម្រង់អាកប្បកិរិយារបស់ពលរដ្ឋមិនមែនជាការងាយស្រួលឡើយ ។ មនុស្សភាគច្រើនចូលចិត្តនិយាយអំពីការចាំបាច់កែប្រែផ្លាស់ប្តូរក៏ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលធ្វេីសកម្មភាពស្របតាមមាត់ដែលនិយាយនោះ ដូចជាពាក្យចាស់លោកថា កោកតែមាត់ ត្រគាកស្លាប់ស្តូក ។
នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះខ្ញុំសូមចែករំលែកគំនិតខ្លះអំពីការបណ្តុះភាពជាអ្នកដឹកនាំ ។ ខ្ញុំឥតមានតួនាទីនៅក្នុងភាពជាអ្នកដឹកនាំក្នុងថ្នាក់មូលដ្ឋាន ថ្នាក់នយោបាយជាតិឬអន្តរជាតិទេ ។ ខ្ញុំជាអ្នករៀននិងជាអ្នកនិពន្ធម្នាក់ ហើយខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀននៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ។ បរមគ្រូ ខុង ជឺ បានថ្លែងថាគ្មាននរណាម្នាក់បើកសៀវភៅអានរួចឥតបានរៀនអ្វីសោះពីទំព័រសៀវភៅនោះឡើយ ។ ខ្ញុំសង្ឃឹមថាបន្ទាប់ពីលោកអ្នកបានអាននឹងស្តាប់វិទ្យុខ្មែរពិភពលោកផ្សាយអត្ថបទនេះ លោកអ្នកនឹងយកគំនិតដែលយល់ឃើញថាមានតម្លៃយកទៅអនុវត្ត ។ បុគ្គលម្នាក់ដែលចេះតែមានចម្ងល់នឹងច្បាស់ជាលើកសំនួរមួយហើយមួយទៀតមកចោទរកចម្លើយឲ្យបានសន្ធឹកសន្ធាប់ជាជំនួយក្នុងការសម្រេចចិត្តជ្រើសរើសចម្លើយដែលល្អលើសគេ ។
ជាច្រើនសតវត្សមកហើយ ពលរដ្ឋខ្មែររស់នៅក្នុងប្រពៃណីគោរពកោតខ្លាចនិងយល់ស្របទទួលធ្វេីតាមវិន័យនៃវប្បធម៌និងសង្គមខ្មែរដែលមានមូលដ្ឋានទម្លាប់ គោរព បម្រើ កោតខ្លាច ស្មោះត្រង់ និងការពារអ្នកដឹកនាំឬចៅហ្វាយនាយអស់មួយជីវិត ។ លក្ខណៈទាំងនេះគឺជាគុណសម្បត្តិខ្មែរ ។ ក៏ប៉ុន្តែយេីងត្រូវចាំថា ដែលយើងសម្រេចលើកតម្កេីងគុណសម្បត្តិទាំងនោះទៅភ្ជាប់នឹងអ្នកដឹកនាំឬចៅហ្វាយនាយដោយសារឋានៈជាជាងបុគ្គលិកលក្ខណៈរបស់គេនៅក្នុងទំនាក់ទំនងជាមួយយើង គឺយើងបានបង្កើតជារចនាសម្ព័ន្ធមួយដែលមានស្រទាប់ឋានៈ ដូចជា មេ-កូន ខ្ពស់-ទាប ចៅហ្វាយ-កម្មករ ម្ចាស់-ខ្ញុំបម្រេី និងបានពង្រឹងវប្បធម៌យល់ព្រមឱនក្រាប អនុគ្រោះវិសមភាព និងការភ័យខ្លាច ។ រចនាសម្ព័ន្ធនេះគឺជាស្ថាប័នដែលមានអាយុយឺនយូរជានិរន្តរ៍ ។
វាជាការមួយប្រសើរជាងបើយេីងបង្វិលគុណសម្បត្តិខ្មែរខាងលេីទៅតម្កើងនិងតម្កល់គោលគំនិត ឧត្តមគតិ និងគោលការណ៍ខ្ពង់ខ្ពស់វិញ គឺការគោរព បម្រើ កោតខ្លាច ស្មោះត្រង់ និងការពារ លទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ សិទ្ធិមនុស្ស នីតិរដ្ឋ និងបង្កើតជាស្ថាប័នជាតិដើម្បីជាប្រយោជន៍ដល់កូនចៅរបស់យើងនិងកូនចៅរបស់ពួកគេតៗទៅទៀត ។
មនុស្សយើងកើត រស់ រួចស្លាប់ ។ មរណភាពអ្នកដឹកនាំឬចៅហ្វាយនាយតម្រូវឲ្យយើងមានចំបែងនិងបង្ខំយើងឲ្យបណ្តុះការគោរព បម្រើ កោតខ្លាច ស្មោះត្រង់ និងការពារ អ្នកដឹកនាំថ្មីសាឡេីងវិញទៀត ។ គួរឲ្យស្តាយដែរថាវប្បធម៌ខ្មែររាប់រយឆ្នាំជម្រុញយេីងឲ្យជឿថាវាជា diktat ឬលទ្ធផលនៃអំពេីមួយដែលមិនអាចកែប្រែផ្លាស់ប្តូរបាន ដែលផ្ទុយនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធថា “ គិត-ធ្វេី-ក្លាយជា” think-act-become ក្នុងការកសាងជោគវាសនារបស់យើង ។ យេីងជាម្ចាស់គំនិត ម្ចាស់ទង្វេី និងជាម្ចាស់នៃលទ្ធផលដែលកេីតមានឡេីង ។
នៅក្នុងប្រវត្តិសាស្ត្រខ្មែរ អ្នកដឹកនាំឆ្លៀតទាញយកសារប្រយោជន៍ពីឆន្ទៈអ្នកស្រុកដែលសុខចិត្តរស់នៅក្នុងព្រំដែនឋានានុក្រមសង្គមខ្មែរដែលតម្រូវឲ្យគោរពនិងសុខចិត្តយល់ព្រមទទួលធ្វេីតាមដេីម្បីបំពេញគោលបំណងនយោបាយរបស់គេ ។ អាកប្បកិរិយាដែលងាកចេញពីប្រពៃណីនិងទំនៀមទម្លាប់បានត្រូវអ្នកដឹកនាំមេីលឃេីញថាជាភាពមិនប្រក្រតី ។ គេយកភាពមិនប្រក្រតីទៅបកស្រាយថាជាទង្វើកខ្វក់និងមិនស្មោះត្រង់ ដែលឈានតែមួយជំហានទៀតក៏នឹងដល់កន្លែងចោទប្រកាន់ថា “ក្បត់ជាតិ” ។ វាធ្វេីឲ្យពលរដ្ឋស្លូតត្រង់មានការភ័យខ្លាចអ្នកដឹកនាំនិងរបបជិះជាន់រហូតមកដល់សព្វថ្ងៃនេះ ។
ខ្ញុំមិនមែនជាជនជាតិកម្ពុជាតែម្នាក់ឯងទេដែលកត់សំគាល់ឃើញថាលក្ខណៈសង្គមខ្មែរមួយចំនួនបានវេញត្បាញជាវប្បធម៌ខ្មែរ ។ លោក ប៊ុណ្ណចន្ទ ម៉ុល អតីតអ្នកទោសនយោបាយខ្មែរក្នុងសម័យអាណានិគមបារាំងបានសរសេរនិងឧទ្ទិសសៀវភៅ “ចរិតខ្មែរ” ដល់ “ព្រលឹងនៃយុទ្ធជនខ្មែរទាំងអស់ដែលបានលះបង់ជីវិតសម្រាប់សាធារណរដ្ឋខ្មែរ” ។
ក្នុងចំណោមលក្ខណសម្បត្តិរបស់ខ្មែរចំនួនជាង២០ដែលលោក ប៊ុណ្ណចន្ទ ម៉ុល បានរៀបរាប់នៅក្នុងសៀវភៅ “ចរិតខ្មែរ” ខ្ញុំសូមរើសលក្ខណៈបីចំណុចមកអធិប្បាយ ៖
លក្ខណៈ “អាត្មាអញ” គឺគំនិត “អញនិយម” ។ លោកសរសេរថា “អាត្មាឯងនោះចេះតែមេីលងាយគេ ថាគេមិនកេីតទេ គេមិនដល់ខ្លួនទេ គេល្ងង់ ឯខ្លួនវិញគឺជាអ្នកចេះជ្រៅជ្រះ ជា បញ្ញវ័ន្ត ជាមនុស្សកំពូល គំនិតរបស់ខ្លួនជាគំនិតពេជ្រ គំនិតអ្នកដទៃជាគំនិតកាក ” ។ល។ ខ្ញុំមិនយល់ថាគំនិតនេះជាឯកសិទ្ធខ្មែរទេ ។ “អញនិយម” មាននៅក្នុងវប្បធម៌ដទៃក្នុងលោក ។ ប៉ុន្តែគំនិតនេះវាបំផ្លិចបំផ្លាញណាស់នៅពេលភ្ជាប់ជាមួយលក្ខណៈខ្មែរដទៃទៀត។
នៅក្នុង “គំនិតសងសឹកសួពូជ” លោកបានសរសេរថា ៖ “បេីគេចាប់យករូបបុគ្គលណាម្នាក់ដែលប្រឆាំងនឹងនយោបាយខ្លួនទៅដាក់គុកហេីយ ពុំមែនចប់ត្រឹមហ្នឹងទេ គេជីកឫសជីកគល់ស្រាវជ្រាវរកខ្សែស្រឡាយបុគ្គលជាប់ចោទនោះតទៅទៀត ចាប់យកកូនប្រពន្ធគ្នាមកធ្វេីទោសអស់មួយពូជ” ។ល។ លោកបានពិពណ៌នានូវអ្វីដែលលោកបានឃើញជាទំនោររបស់ខ្មែរបន្តការសងសឹកឬប្រឆាំងនឹងមនុស្សម្នាក់ដោយប្រឆាំងនឹងសាច់ញាតិមិត្តភក្តិមិត្តជិតឬឆ្ងាយទោះបីជាគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលបុគ្គលនោះបានប្រព្រឹត្តក៏ដោយ ។
នៅក្នុង “គំនិតផ្ចាញ់ផ្ចាល” លោកបានសរសេរថា ៖ “ខ្មែរយេីងវិញ . . . បេីដាល់គូប្រយុទ្ធរបស់គេដួលហេីយ ពុំនៅស្ងៀមទេ គេស្ទុះទៅទាត់ធាក់ថែមទៀត ជួនកាលទាត់ធាក់ទាល់តែអ្នកចាញ់នោះសន្លប់បាត់មាត់ឬក៏ស្លាប់ទៅផងក៏មាន . . . បេីថានៅរស់ទេ គ្រាន់តែដួលគេយល់ថាពុំទាន់ឈ្នះទេ ។ នេះឯងជាចរិតខ្មែរ ” ។ នៅក្នុងគំនិតផ្ចាញ់ផ្ចាល គេធ្វេីការបន្តុះបង្អាប់ បង្ខូចបង្កាច់ និយាយដើម ប្រឌិតរឿងជីកកកាយឫសគល់ ធ្វើឃាតចរិតលក្ខណៈ បំផ្លាញឈ្មោះនិងកិត្តិយសរបស់មនុស្ស ។
ទម្រង់នៃអាកប្បកិរិយាទាំងនេះ ទោះជាលក្ខណៈបុគ្គលឬលក្ខណៈសមូហភាព មិនមែនជាអាកប្បកិរិយាដែលគួរអោយស្រឡាញ់ទេ ។ លោក ប៊ុណ្ណចន្ទម៉ុល បានកត់សំគាល់គុណសម្បត្តិខ្មែរមួយចំនួនដែលលោកបានហៅថាល្អប្រសើរនៅក្នុងសៀវភៅរបស់លោកដែរ ។ តែបេីយកលក្ខណៈតែបីខាងលើមកត្រដាង វាបង្ហាញជាឧបសគ្គធំធេងក្នុងការកែប្រែផ្លាស់ប្តូរ សង្គមខ្មែរ ។
វប្បធម៌និងសង្គមខ្មែរយើងជះឥទ្ធិពលលើវិញ្ញាណយល់ដឹងរបស់យើង ។ គឺវិញ្ញាណយល់ដឹងដែលជម្រុញយេីងឲ្យធ្វេីឬមិនធ្វេីសកម្មភាពអ្វីមួយ ។ ដោយហេតុថាពលរដ្ឋខ្មែរជាពលរដ្ឋមានវ័យក្មេង ខ្មែរភាគច្រើនមិនជាប់ជំពាក់នឹង diktat វប្បធម៌ សង្គម និងលក្ខណៈចរិតរបស់ចាស់ទុំខ្មែរទេ ។ យ៉ាងនេះ ខ្មែរវ័យក្មេងមានលទ្ធភាពធ្វើការកែប្រែផ្លាស់ប្តូរបាន ។ ប៉ុន្តែយើងត្រូវតែដឹងថាតេីយេីងចង់កែប្រែផ្លាស់ប្តូរអ្វី ហើយពីអ្វីទៅជាអ្វីវិញ ។ មនុស្សដែលជាតួអង្គទីមួយក្នុងការកែប្រែផ្លាស់ប្ដូរគឺបុគ្គលដែលសម្លឹងចេញពីក្នុងកញ្ចក់ត្រឡប់មករកយើងវិញ ។
ចេះដឹងយល់ហើយមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវអនុវត្ត ។ អនុវត្តបែបស្វ័យប្រវត្តិគឺបន្តជីវិតអ្វីដែលគួរកែប្រែ ។ យើងត្រូវអនុវត្តដោយប្រើគំនិតត្រិះរិះពិចារណាអំពីប្រធានបទនិងដោយធ្វើវិភាគដែលជាការគិតដោយគុណភាពខ្ពស់ quality thinking ។ អ្វីដែលយើងចេះដឹងមិនសំខាន់ជាងរបៀបយេីងគិតដែលកំណត់ទង្វើគ្រប់យ៉ាងនិងកំណត់អនាគតរបស់យើង ។
គេអាចរៀននិងបង្រៀនអំពីការគិតដោយគុណភាពបាន ។ ការគិតបន្តពូជ reproductive thinking គឺគិតវិលវល់នឹងគំនិតចាស់គំរិលដែលត្រូវតែបោះបង់ចោល ។ លោក អាល់ប៊ើត អែនស្តែង Albert Einstein កើតនៅឆ្នាំ១៨៧៩ ស្លាប់នៅឆ្នាំ១៩៥៥ បានព្រមានថាវាជាអំពេីឆ្កួតទៅធ្វើអ្វីដដែលៗរួចរំពឹងថានឹងបានទទួលលទ្ធផលខុសពីមុន ។ យើងត្រូវផ្លាស់ប្តូររបៀបយេីងគិត ។ យើងត្រូវអភិវឌ្ឍគំនិតដែលមានគុណភាពផលិត “ផល” ដែលមានសមធម៌ ។
គំនិតផលិតកម្មដែលមានគុណភាពខ្ពស់ productive quality thinking មានការច្នៃប្រឌិតឬការបង្កើតអ្វីដែលមិនដែលកើតមានពីមុនមក ។ ការត្រិះរិះពិចារណាគឺជាការធ្វេីវិភាគវាយតម្លៃថ្លឹងមេីលថាតេីទង្វេីឬការច្នៃប្រឌិតរបស់យេីងបាននាំយើងឲ្យទៅដល់គោលដៅឬទេ ។
ប្រធានាធិបតីអាមេរិកាំងវ័យក្មេងជាងគេគឺលោក Theodore Roosevelt កើតនៅឆ្នាំ១៨៥៨ ស្លាប់នៅឆ្នាំ១៩១៩ បានទូន្មានថា៖ “គប្បីធ្វើអ្វីដែលអ្នកអាចធ្វើទៅបាន ដោយប្រេីមធ្យោបាយអ្វីដែលអ្នកមានក្នុងដៃអ្នក ទោះបីអ្នកមានវត្តមាននៅទីណាក៏ដោយ” ។ ចំពោះពលរដ្ឋខ្មែរដែលមានជាង៩០% ដែលជាពុទ្ធសាសនិក-ពុទ្ធសាសនិកា ចូរអ្នកកុំភ្លេចការប្រៀនប្រដៅរបស់ព្រះពុទ្ធថា អ្នកជាមនុស្សដែលបានកេីតចេញពីការគិតរបស់អ្នក ពោលគឺ “គិត-ធ្វើ-ក្លាយជា” Think-act-become!
អំពីភាពអ្នកដឹកនាំ
ជាមូលដ្ឋាន អ្នកដឹកនាំគឺជាមនុស្សដែលណែនាំអ្នកដទៃ ជាអ្នកបង្ហាញផ្លូវ ។ អ្នកដឹកនាំគឺជាមនុស្សដែលអ្នកឯទៀតដេីរតាមឬធ្វើតាម ។ នរណាដែលធ្វេីសកម្មភាពដែលបង្កើតអ្វីៗឲ្យមានឡេីងគឺជាអ្នកដឹកនាំ ។
នៅក្នុងប្រពៃណីខ្មែរ ពលរដ្ឋខ្មែរចង់បានអ្នកដឹកនាំដ៏អាថ៌កំបាំងហៅថា “ព្រះបាទធម្មិក” ឲ្យមកដឹកនាំនិងជួយសង្គ្រោះគេ ទោះបីព្រះសម្មាសម្ពុទ្ធបានបង្រៀនជាង២៥០០ឆ្នាំមកហេីយថាអ្នកដឹកនាំដែលល្អប្រសើរគឺជាបុគ្គលប្រកបដោយធម៌ដែលបំពេញករណីយកិច្ចក្នុងភាពជាអ្នកដឹកនាំដែលព្រះអង្គបានកំណត់ឲ្យជាស្រេច ។ ក្នុងព្រះពុទ្ធសាសនា បុគ្គលណាក៏អាចជាព្រះបាទធម្មិកដែរ ។ ប៉ុន្តែពលរដ្ឋខ្មែរនៅរង់ចាំអ្នកដឹកនាំដ៏អាថ៌កំបាំងនេះជានិរន្តរ៍ ។
កម្រណាស់មានមនុស្សកេីតមកជាអ្នកដឹកនាំ ។ ក៏ប៉ុន្តែគេអាចបង្ហាត់បង្រៀននិងហ្វឹកហ្វឺនមនុស្សឲ្យទៅជាអ្នកដឹកនាំបាន ។ ដំណើរការអភិវឌ្ឍន៍អ្នកដឹកនាំមានលក្ខណៈជាទេសកាល ។ ភាពមានះចេះស៊ូទ្រាំជាជំនួយប្រសើរ ។ គេអាចបណ្តុះសមត្ថភាពរបស់បុគ្គលក្នុងភាពជាអ្នកដឹកនាំ ។ តាមរយៈការហ្វឹកហ្វឺននិងបទពិសោធន៍ នីតិសម្បទាក្នុងភាពដឹកនាំអាចបណ្តុះបាន ។
មានជំនាញការខាងការដឹកនាំម្នាក់អះអាងថាលោកស្គាល់មនុស្សច្រើននាក់ដែលមានពិន្ទុសូន្យផ្នែកទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ បានក្លាយទៅជាអ្នកដឹកនាំដ៏ល្អប្រណិតតាម រយៈការហ្វឹកហ្វឺននិងបទពិសោធន៍និងតាមរយៈភាពមានះចេះស៊ូអត់ធ្មត់ ។ អ្នកជំនាញខាងការដឹកនំាម្នាក់ទៀតអះអាងថាភាពជាអ្នកដឹកនាំមិនមែនសម្រាប់មនុស្សគ្រប់រូបទេ មនុស្សគ្រប់រូបក៏មិនអាចទៅជាអ្នកដឹកនាំបានដែរ តែនេះមិនចោទជាបញ្ហាទេ មានអ្នកដឹកនាំ មានអ្នកជំនួយ មានអ្នកដើរតាម ។ ឯអ្នកជំនាញមួយរូបទៀតអះអាងថា“បើអ្នកចង់ក្លាយទៅជាអ្នកដឹកនាំអ្នកនឹងអាចក្លាយជាអ្នកដឹកនាំ ” — គឺថាមនុស្សគ្រប់រូបអាចក្លាយខ្លួនជាអ្នកដឹកនាំបាន ។
ភាពជាអ្នកដឹកនាំគឺជាភាពប៉ិនប្រសប់ឬជាសមត្ថភាពរបស់បុគ្គលក្នុងការប្រើនីតិសម្បទាធម្មជាតិឬប្រេីទេពកោសល្យដែលលូតលាស់ចេញពីប្រភពផ្សេងៗដូចជាការហាត់រៀន ការហ្វឹកហ្វឺន ឬការពិសោធន៍ ដើម្បីជម្រុញអ្នកដទៃទៀតឲ្យស្ម័គ្រចិត្តដើរតាមខ្លួន ។ ភាពជាអ្នកដឹកនាំជាដំណើរការមួយក្នុងការប្រេីឥទ្ធិពលសង្គមដេីម្បីបញ្ចុះបញ្ចូលមនុស្សដទៃឲ្យជួយនិងគាំទ្រការបំពេញភារកិច្ចរួម ។ ភាពជាអ្នកដឹកនាំគឺជាសិល្បៈដែលអនុវត្តដើម្បីលើកទឹកចិត្តនិងណែនាំអ្នកឯទៀតឲ្យបំពេញគោលដៅរួម ។ អ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាពជាបុគ្គលមានចក្ខុសម្ផស្សមើលឃើញអ្វីដែលអ្នកឯទៀតមើលមិនឃើញ មានគោលបំណងសំដៅឆ្ពោះទៅកាន់គោលដៅមួយ ។ ការប្តេជ្ញាចិត្តរបស់អ្នកដឹកនាំជះឥទ្ធិពលនិងជម្រុញមនុស្សឲ្យជឿនិងឲ្យប្រឹងចូលរួមដើម្បីសម្រេចចក្ខុវិស័យនោះ ។ឥតមានបញ្ជីផ្ទៀងផ្ទាត់សម្រាប់ភាពជាអ្នកដឹកនាំទេ ប៉ុន្តែអ្នកដឹកនាំដែលមានជោគជ័យតែងមានគុណសម្បត្តិល្អៗដូចគ្នាមួយចំនួន ។
លក្ខណៈនៃភាពជាអ្នកដឹកនាំ
បុគ្គលិកលក្ខណៈ personality traits នៃអ្នកដឹកនាំមានចំនួនច្រេីនដូចចំនួនបញ្ជីស្តីពីការបណ្តុះបណ្តាលអ្នកដឹកនាំដែរ ។ ក្នុងចំណោមបុគ្គលិកលក្ខណៈអ្នកដឹកនាំមាន ៖ សុចរិតភាព (គឺទង្វើក្រៅខ្លួនស្របនឹងតម្លៃគុណសម្បត្តិនៅក្នុងខ្លួនឬយថាភាព ) ការយកចិត្តទុកដាក់ (គឺធ្វើអ្វីដែលត្រូវធ្វើនិងដឹកនាំដោយផ្តល់ជាគំរូដល់អ្នកដទៃ ) ភាពសប្បុរសថ្លៃថ្នូរ (គឺបំពេញការងារជាក្រុមមួយនិងរំលែកជោគជ័យដល់សមាជិកទាំងអស់គ្នា ) ទំនួលខុសត្រូវ (គឺមិនចង់បានការកោតសរសេីរសម្រាប់ខ្លួនឯងទេ ) សុភាពរាបសារ (គឺទទួលស្គាល់តម្លៃអ្នកឯទៀតគ្រប់រូប ) ភាពបើកចំហ (គឺទទួលនិងស្តាប់គំនិតថ្មី ) គំនិតច្នៃប្រឌិត (សមត្ថភាពក្នុងការគិតផ្សេងពីគេនិងការគិតក្រៅប្រអប់ ) យុត្តិធម៌(អនុវត្ត ដោះស្រាយ ដោយភាពត្រឹមត្រូវនិងដោយយុត្តិធម៌ ) ទស្សនវិស័យជាវិជ្ជមាន (លើកទឹកចិត្តមនុស្សនិងផ្តល់ជារង្វាន់ ) ។
ត្រូវកត់សំគាល់ថាបុគ្គលដែលមានគុណសម្បត្តិខាងលើមិនមែនចាំបាច់ថាជាអ្នកដឹកនាំល្អប្រសើរទេ តែកម្រនឹងរកបានអ្នកដឹកនាំល្អប្រសើរដែលគ្មានគុណសម្បត្តិទាំងនោះច្រើន ។ នៅក្នុងការកសាងភាពជាអ្នកដឹកនាំខ្មែរ ការប្រៀនប្រដៅរបស់ព្រះពុទ្ធមានតម្លៃណាស់ ៖ ព្រះអង្គបានប្រដៅមនុស្សជាតិឲ្យ ១. ធ្វេីល្អគ្រប់ជំពូក ២.ចៀសវាងផ្លូវអាក្រក់គ្រប់ប្រការ ៣. បន្សុទ្ធគំនិត ។ ព្រះពុទ្ធបានបង្រៀនអដ្ឋង្កិគមៈឬមាគ៌ាប្រាំបីប្រការ (ការយល់ឃេីញត្រូវ សេចក្តីត្រិះរិះត្រូវ ការពោលស្តីត្រូវ ប្រកបកិច្ចការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ សេចក្តីព្យាយាមត្រូវ ស្មារតីនិងការភ្ញាក់រលឹកត្រូវ សមាធិត្រូវ ) ដែលជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំល្អ ។
ខ្ញុំដឹងដែរថាខ្មែរច្រេីននាក់ណាស់គ្មានទំនោរទៅរកវិស័យសាសនាទេ ។ យ៉ាងដូច្នេះ ខ្ញុំសូមជូននូវគោលការណ៍ប្រាំពីរចំណុចដែលលោក ស្ទុីវិន វ៉ិនជួរ៉ា Steven Ventura នៃមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំនិងហ្វឹកហ្វឺន បានចងក្រងជាពាក្យស្លោកមួយចំនួន ។ លោកដកយកតួអក្សរផ្តើមនៃពាក្យស្លោកនីមួយៗមកតម្រៀបរួចសរសេរកាត់ជាភាសាអង់គ្លេសថា R-E-S-P-E-C-T ដេីម្បីងាយចាំ ៖
១. R= Recognize the inherent worth of all human beings ទទួលស្គាល់គុណតម្លៃជាធម្មជាតិរបស់មនុស្សគ្រប់រូប ។
២. E= Eliminate derogatory words or phrases from your vocabulary កុំប្រើពាក្យពេចន៍ប្រមាថមាក់ងាយ ។
៣. S= Speak with people and not at them or about them និយាយជាមួយមនុស្ស មិនមែននិយាយដាក់ឬនិយាយដេីមមនុស្សទេ ។
៤. P= Practice empathy. Walk awhile in others’ shoes រៀនយល់ចិត្តអ្នកដទៃ ដោយយកខ្លួនឯងដាក់នៅក្នុងស្ថានភាពរបស់អ្នកដទៃ ។
៥. E= Earn respect from others through respect-worthy behaviors ស្វែងរកការគោរពពីអ្នកដទៃតាមរយៈការប្រព្រឹត្តិនូវអ្វីដែលមានតម្លៃគួរឲ្យគេគោរព ។
៦. C= Consider others’ feelings before speaking and acting គិតដល់អារម្មណ៍របស់អ្នកដទៃមុននឹងនិយាយស្តីនិងសម្ដែងឥរិយាបថខ្លួន ។
៧. T= Treat everyone with dignity and courtesy ប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់រូបប្រកបដោយភាពថ្លៃថ្នូរនិងគួរសម ។
ទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ
ទេពកោសល្យក្នុងភាពជាអ្នកដឹកនាំសំខាន់ៗមានបី គឺ ៖ ១. ភាពជាអ្នកដឹកនំាគឺសំដៅទៅលើសេចក្តីត្រូវការរបស់ពលរដ្ឋ មិនមែនទៅលើអ្នកដឹកនាំនោះទេ ។ អ្នកដឹកនាំដែលមានស្នាដៃសួរថា “តើខ្ញុំអាចធ្វើអ្វីបានដើម្បីជួយអ្នកឲ្យបានទទួលជោគជ័យប្រសើរជាងនេះទៅទៀតឬទេ ?” ២. យើងជាមនុស្សមានប៊ូតុង ។ បើយើងទទួលស្គាល់ប៊ូតុងយើងដែលជម្រុញយើងឲ្យធ្វើឬមិនធ្វើអ្វីមួយ — ដូចជាក្តីស្រមៃនិងក្តីប្រាថ្នាដែលនៅមិនទាន់បានធ្លាក់ដល់ដៃយើង — ហើយបើយើងឆ្លើយតបដោយស្មោះត្រង់ទៅនឹងក្តីស្រមៃនិងក្តីប្រាថ្នា ប្រតិកម្មយើងនឹងបង្ហាញឲ្យយើងឃើញអ្នកដទៃចេញខ្លួនគាំទ្រយើង ។ ៣. អ្នកដឹកនាំត្រូវសំដែងដោយប្រសិទ្ធភាពនូវចក្ខុវិស័យរបស់ខ្លួនដើម្បីបំផុសបំផុលអ្នកឯទៀត ។
នៅក្នុងចំណោមទេពកោសល្យទាំងបីក្នុងភាពជាអ្នកដឹកនាំមាន ៖ ១. សមត្ថភាពរបស់អ្នកដឹកនាំក្នុងការបំផុសបំផុលinspire បណ្តុះបណ្តាលថាមពល energize និងតម្លេីងទឹកចិត្ត motivate មនុស្សឲ្យចូលរួមប្រតិបត្តិការ ។ ២. សមត្ថភាពរបស់អ្នកដឹកនាំក្នុងការទាក់ទង communicate ដោយប្រសិទ្ធភាពជាមួយអ្នកដទៃក្នុងការជម្រុញលើកទឹកចិត្តមនុស្ស ។ ៣. នីតិសម្បទា ability របស់អ្នកដឹកនាំក្នុងការរៀបចំផែនការ planning និងរៀបចំចាត់ចែងorganizing ។
ការធ្វេីផែនការមានសារៈសំខាន់ណាស់ ។ គោលដៅដែលនៅជាប់លាប់យូរអង្វែងដូចជាលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌នៅក្រោមច្បាប់ សិទ្ធិស៊ីវិល មិនអាចសម្រេចបានដោយឆាប់រហ័សទេ ។ តែគេអាចសម្រេចគោលដៅរយៈពេលវែងនេះដោយសម្រេចគោលបំណងរយៈពេលខ្លីច្រើនប្រការសិនដូចជាការកែទម្រង់នីតិប្បញ្ញត្តិ គណបក្សនយោបាយ កម្មវិធីនយោបាយ ការបោះឆ្នោតដោយយុត្តិធម៌ ។ នៅគ្រប់ជំហានក្នុងវិធីសម្រេចគោលបំណង រយៈពេលខ្លី អ្នកដឹកនាំត្រូវប្រេីយុទ្ធសាស្ត្រឈានមុខឆ្ពោះទៅរកគោលដៅចុងបំផុតដែលជាគោលដៅរយៈវែង ដោយត្រិះរិះពិចារណាហ្មត់ចត់អំពីស្ថានភាពទូទៅ សមត្ថភាពខ្លួនឯង (មានកម្លាំងពលកម្ម សម្ភារៈ ប្រាក់កាស ការគ្រប់គ្រង) ។
អ្នកជំនាញផ្នែកអហិង្សា លោក ហ្ចីន ហ្សារ៍ប Gene Sharp បានបង្ហាញកម្មវិធីអហិង្សាចំនួនប្រមាណជា ២០០ ក្នុងការជម្រុញគោលដៅបែបលទ្ធិប្រជាធិបតេយ្យ ។ អ្នកដឹកនាំថ្នាក់ជាតិនិងអន្តរជាតិអាចប្រេីយុទ្ធសាស្ត្រនិងកលយុទ្ធផ្នែកទំនាក់ទំនង communication ការទូត diplomacy សេដ្ឋកិច្ច economic និង យោធា military ដើម្បីសម្រេចគោលដៅចុងបំផុតរបស់ខ្លួន ។
ចំពោះយុវជនដែលប្រាថ្នាក្លាយខ្លួនជាមេដឹកនាំខ្មែរ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យអាន — អានហេីយអានទៀត — រួចសួរជាសំនួរដោយគ្មានពេលចប់ — សួរហើយសួរទៀត — ស្វែងរក ចម្លើយ — មួយហើយមួយទៀត — រហូតដល់បានរកឃើញចម្លើយជាច្រើន យកមកតម្រៀបជាជួរបញ្ចេញទស្សនីយភាពប៉ាណូរ៉ាម៉ាធំធេងនៅចំពោះភ្នែកអ្នកឲ្យអ្នករើសយកចម្លើយដែលប្រណិតជាងគេ ។
សូមរំលឹកថា គេអាចបណ្តុះបង្កើតនិងកែលម្អបុគ្គលិកលក្ខណៈភាពជាអ្នកដឹកនាំបាន ហើយអ្នកអាចរៀនវិធីទេពកោសល្យក្នុងភាពជាអ្នកដឹកនាំបានដែរ ។ ក៏ប៉ុន្តែកុំភ្លេចឲ្យសោះថា គ្មាននរណាអាចបង្ខំអ្នកឲ្យរៀនបានទេ គឺអ្នកត្រូវមានឆន្ទៈចង់រៀន រួចអ្នកនឹងអាចទៅជាអ្នកដឹកនាំម្នាក់បាន ។
នៅថ្ងៃនេះខ្ញុំសូមអញ្ជេីញយុវជនខ្មែរឲ្យបណ្តុះបង្កើតគុណសម្បត្តិស្នូលនូវភាពរាបសានិងការគោរពគ្នាទៅវិញទៅមកដោយកិត្តិយស — ដែលសព្វថ្ងៃកំពុងខ្វះខាតខ្លាំងណាស់នៅក្នុងចំណោមខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ។
ប្រព័ន្ធជំនឿនិងសាសនាទាំងអស់នៅក្នុងពិភពលោកបានទូន្មានភាពរាបសា ។ “ច្បាប់មាស” របស់សាសនាគ្រឹស្ទបង្រៀនថា “ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃឲ្យបានដូចដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក” ។ ព្រះពុទ្ធបានប្រៀនប្រដៅ “ចូរធ្វើល្អទាំងសព្វគ្រប់” ។ បរមគ្រូ ខុង ជឺ ទូន្មានថា “អ្វីដែលគួរឲ្យស្អប់ខ្ពើមចំពោះអ្នក ចូរអ្នកកុំប្រព្រឹត្តទៅលេីអ្នកដទៃឲ្យសោះ” ។ ជនជាតិដេីមអាមេរិកាំងបានបង្រៀនកូនចៅថា “មុននឹងរិះគន់នរណាម្នាក់ គប្បីពាក់ស្បែកជេីង moccasin ដែលគេពាក់ហើយដេីរមួយម៉ែលលសិនទៅ” ។ នៅក្នុងជីវិតអ្នក ចូរអ្នកយកគោលការណ៍ទាំងប្រាំពីររបស់លោក Ventura មកអនុវត្ត ។
ដំបូន្មានទាំងនេះហើយជាមូលដ្ឋានបង្កើតឲ្យមានអ្នកដឹកនាំ ។
សូមអំណាចមានដល់អស់លោកអ្នកគ្រប់រូប!
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។