«ដើរដូចទា ស្រែកដូចទា»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩

ជាធម្មតា របបផ្តាច់ការហ៊ុនសែនក៏ដូចជារបបអត្តាធិបតេយ្យដទៃទៀតដែរ តែងចោទប្រកាន់ព័ត៌មានដែលខ្លួនមិនចូលចិត្តថាជាព័ត៌មានមិនពិតនិងជាព័ត៌មានក្លែងក្លាយ fake news ។

មាននិទានខ្លីមួយនិយាយថានៅពេលដែលអ្នកលើកម្រាមដៃមួយទៅចង្អុលចោទអ្នកដទៃម្រាមដៃបីផ្សេងទៀតរបស់អ្នកបានចង្អុលថយក្រោយឆ្ពោះមកកាន់អ្នកវិញខណៈដែលមេដៃអ្នកចង្អុលឡើងលើហាក់ដូចជាស្រែករកព្រះឲ្យមកជួយអ្នកផង ។ នៅក្នុងវិទ្យាសាស្ត្រចិត្តវិទ្យា មានទ្រឹស្តីមួយហៅថា transference ។ Transference និយាយអំពីមនុស្សដែលមួម៉ៅដោយសារហេតុអ្វីមួយក៏បានបញ្ចេញកំហឹងរបស់ខ្លួនទៅលើមនុស្សដទៃ ។ ខ្ញុំធ្លាប់បានសរសេរអំពីរោគនិងជម្ងឺបដិសេធ denial និងចោទប្រកាន់ blame ដែលជារោគនិងជម្ងឺមនុស្សលោកទូទៅ តែដែលខ្មែរយើងត្រូវប្រយ័ត្នព្រោះវាអាចនាំយើងទៅកាន់មរណា ។

ថ្មីៗនេះកាសែតភ្នំពេញប៉ុស្តិ៍ចុះថ្ងៃទី ៥ ខែសីហា បានផ្សាយអត្ថបទក្រោមចំណងជើងថា “សហរដ្ឋអាមេរិកផ្តល់យុត្តិធម៌ដល់ព្រះរាជាណាចក្រ (កម្ពុជា ) អំពីវត្តមានយោធាចិន” ។ បើអានសើៗ អត្ថបទនេះគ្មានសារៈសំខាន់ពិសេសល្មមនាំខ្ញុំឲ្យសរសេរអត្ថបទនៅថ្ងៃនេះទេ ។ ក៏ប៉ុន្តែអត្ថបទកាសែតភ្នំពេញប៉ុស្តិ៍នេះបានញុំាងឲ្យខ្ញុំប្រញាប់រំលឹកពលរដ្ឋខ្មែរកុំឲ្យភ្លេចភ្លាំងឲ្យសោះថា របបផ្តាច់ការហ៊ុនសែនដែលនិយមចោទគេថាផ្សាយព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយ គឺជារបបដែលផ្សព្វផ្សាយព័ត៌មានមិនពិតនិងក្លែងក្លាយច្រើនជាងគេ ។ ម្រាមដៃមួយដែលរបបនេះចង្អុលចោទគេ មានម្រាមដៃបីទៀតកំពុងចង្អុលបកមករបបនេះ
វិញ ។

កាសែតភ្នំពេញប៉ុស្តិ៍បានចំណាយទំព័រចុះផ្សាយពាក្យសំដីរបស់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និងលោក ផៃ ស៊ីផាន់ អ្នកនាំពាក្យរដ្ឋាភិបាល ថាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកាំង លោក ម៉ែក ប៉ុមប៉េអូ Mike Pompeo “ជាការទទួលស្គាល់ការពិតនិងជាការផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា” ។ ចំពោះពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនបានដឹងរឿងរ៉ាវលម្អិតអំពីវត្តមានយោធាចិនប៉េកាំងនៅមូលដ្ឋាននាវាចរណ៍រាមនិងចំពោះអ្នកអានដែលមិនបានតាមដានព័ត៌មានឲ្យបានជាប់លាប់ វាហាក់ដូចជាលោក ប៉ុមប៉េអូ ទទួលស្គាល់ថា អ្វីដែលរបបផ្តាច់ការហ៊ុនសែនអះអាងជាការពិត ។

អត្ថបទដែលបានចុះផ្សាយនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍និងមានការព្រួយបារម្ភ ព្រោះថារឿងចិនព្យាយាមកសាងទីតាំងយោធាខ្លួននៅមូលដ្ឋាននាវាចរណ៍កម្ពុជានៅរាម ត្រូវបានក្លាយទៅជារឿងធម្មតា new normal ទៅហើយឬបានជានៅពេលសព្វថ្ងៃនេះអ្នកមុខអ្នកការរបស់រដ្ឋាភិបាលអាចថ្លែងបង្វិលការពិតស្រេចតែចិត្តហើយទំព័រកាសែតចេះតែបោះពុម្ភផ្សាយបន្តទៅ ។ ខ្ញុំបានកើត រស់ ក្រេបជញ្ជក់វប្បធម៌ខ្មែរតែមួយដែលខ្ញុំបានស្គាល់រហូតដល់ពេលខ្ញុំបានមករៀនសូត្រនៅបរទេស ។ ខ្ញុំចង់ឃើញវប្បធម៌ខ្មែរលើកតម្កើងតម្លៃខ្មែរដែលផ្អែកលើភាពថ្លៃថ្នូរ សុចរិត យុត្តិធម៌ ស្របតាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលខ្មែរគោរពប្រតិបត្តិ ។ ខ្មែរយើងមិនត្រូវនៅស្ងៀមចំពោះការថ្លែងប្រាសចាកការពិតពីសំណាក់អ្នកដឹកនាំប្រទេសឡើយ ។

កាសែតភ្នំពេញប៉ុស្តិ៍សរសេរថាលោក សុជាតិ បានយកពាក្យសំដីរបស់លោក ប៉ុមប៉េអូ (“ទទួលស្គាល់ការពិត” ) ថាជា “ការឆ្លើយតបវិជ្ជមាន” និងថ្លែងនូវសេចក្តី “សង្ឈឹមថាសហរដ្ឋអាមេរិកនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនឹងផ្សព្វផ្សាយការពិតហើយនឹងឈប់ឲ្យព័ត៌មានក្លែងក្លាយរីករាលដាលតទៅទៀត” ។ រីឯលោក ស៊ីផាន់បានពោលថា “សេចក្តីថ្លែងការណ៍របស់ឯកឧត្តម ម៉ែក ប៉ុមប៉េអូ បានបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រទំនាក់ទំនងនិងសហការរវាងកម្ពុជានិងសហរដ្ឋអាមេរិក” និងបាន “អរគុណដល់លោក ប៉ុមប៉េអូ និងប្រជាពលរដ្ឋអាមេរិកាំងថាបានឲ្យតម្លៃខ្ពស់លើការពិតនិងសន្តិភាព . . . ” ។

និយាយឲ្យខ្លី សហរដ្ឋអាមេរិកនិងពលរដ្ឋអាមេរិកាំងតាមរយៈពាក្យថ្លែងរបស់លោក ប៉ុមប៉េអូ បានទទួលស្គាល់កំហុសរបស់ខ្លួននិងផ្តល់យុត្តិធម៌ដល់របបជនផ្តាច់ការហ៊ុនសែនហើយ។

កាសែតភ្នំពេញប៉ុស្តិ៍សរសេរថាកាសែតបានសុំយោបល់ពីស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងភ្នំពេញអំពីការឆ្លើយឆ្លងទាំងនេះតែស្ថានទូតមិនបានឆ្លើយតបវិញឡើយ ។ ដែលស្ថានទូតមិនឆ្លើយតបមកពីស្ថានទូតដឹងអំពីរបៀបរបបរបស់របបអត្តាធិបតេយ្យ ។ នៅក្នុងសន្និសីទកាសែតនៅថ្ងៃទី ១ ខែសីហា លោក ស៊ីផាន់ បានដៀលមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញថាសុទ្ធជា “មនុស្សឥតច្បាប់និងញុះញង់ . . . ប្រើមាត់ឥតចេះឈប់និងញុះញង់ ហើយចូលចិត្តប្រើអំណាចឃោរឃៅ” ។ លោក ស៊ីផាន់ ប្រកាសថាប្រសិនបើមន្ត្រីស្ថានទូតមិនសប្បាយចិត្តនឹងប្រទេសកម្ពុជាទេគួរគប្បីវេចបង្វិចចាកចេញពីកម្ពុជាទៅ “យើងមិនស្វាគមន៍ពួកទាំងនេះទេ” ។ ពាក្យសំដីទាំងនេះត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានយកទៅផ្សាយបន្តជុំវិញពិភពលោក ។ ពាក្យថា “នយោបាយ” គឺសំដៅទៅលើទង្វើស្វែងរកនិងការប្រើឥទ្ធិពលដើម្បីបម្រើផលប្រយោជន៍ឬសម្រេចគោលបំណងអ្វីម្យ៉ាង ។ អ្នកអានអាចសម្រេចខ្លួនឯងថាតើពាក្យសំដីអ្នកនាំពាក្យកម្ពុជាមានឥទ្ធិភាពយ៉ាងណាដែរ ។

នៅក្នុងសន្និសីទកាសែតនៅទីក្រុងបាំងកកនៅថ្ងៃទី ២ ខែសីហា លោក ប៉ុមប៉េអូ ដឹងថាលោកត្រូវតែនិយាយ ២-៣ ម៉ាត់អំពីលទ្ធភាពនៃវត្តមានយោធាចិននៅកម្ពុជា ។ ប្រឈមនឹងការបដិសេធរបស់ភ្នំពេញនិងរបស់ចិនប៉េកំាងលោកបានថ្លែងថា ៖ “សហរដ្ឋអាមេរិកស្វាគមន៍ការការពារដ៏រឹងមាំរបស់ប្រទេសកម្ពុជាចំពោះអធិបតេយ្យជាតិរបស់ខ្លួនហើយយើងសូមលើកទឹកចិត្តប្រទេសឯទៀតនៅក្នុងតំបន់សូមធ្វើតាមលំនាំកម្ពុជាក្នុងការការពារអធិបតេយ្យជាតិ” ។

និទានខ្លីមួយនៅក្នុងកំណត់ប្រវត្តិនយោបាយអន្តរជាតិបានថ្លែងអំពីអ្នកប៉ិនប្រសប់ម្នាក់ក្នុងសិល្បៈនយោបាយការទូតដែលបានចង្អុលផ្លូវមួយឆ្ដោះទៅកាន់ឋាននរកដល់គូប្រកួតហើយបានទទួលអំណរគុណពីគូប្រកួតនោះថែមទៀត ។

បញ្ហាលទ្ធភាពវត្តមានយោធាចិននៅក្នុងកម្ពុជាជាបញ្ហាមួយដែលនឹងមិនរលប់បាត់បានទេ។ វត្តមានយោធាចិននៅកម្ពុជាជាតម្រូវការសម្រាប់ចិនប៉េកាំងឈោងចាប់ផលប្រយោជន៍កំពូលរបស់គេ ។ វិភាគយោង ព្យួរ ត ភ្ជាប់នូវសកម្មភាពនានារបស់ចិនបង្ហាញឲ្យឃើញនូវតម្រូវការនេះដែលមិនមែនជារឿងថ្មីទេ ។ “គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ” Belt and Road Initiative – BRI ឬ ប៊្រី ដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង Xi Jinping បានប្រកាសនៅឆ្នាំ ២០១៣ ជាមរតកនៃ “ផ្លូវជំនួញសូត្រ” ឬ Silk Road ជំនាន់ព្រះរាជវង្ស ហាន Han Dynasty (២០៦ មគស -២២០ គស ) ។ ចិនប៉េកាំងគេដឹងថាគេចង់បានអ្វីហើយអ្វីជាផលប្រយាជន៍កំពូលរបស់គេដែលគ្មានប្រទេសណាអាចប៉ះពាល់ឲ្យខូចខាតបាន ។

ខ្មែរយើងគប្បីដឹងនិងយល់ថាតើសហរដ្ឋអាមេរិកដែលជាប្រទេសគាំទ្រលិទ្ធិប្រជាធិបតេយ្យមើលឃើញអ្វីថាជាការគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់និងក្នុងលោក ។ តើសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដឹងនិងយល់ដែរឬទេនូវអ្វីដែលជាផលប្រយោជន៍កំពូលរបស់កម្ពុជា ? តើ ប៊្រី របស់លោក ស៊ី ជិនពីង ពាក់ព័ន្ធដល់កម្រិតណាដែរទៅនឹងអនាគតកម្ពុជាដែលកំពុងធ្លាក់ចូលអន្ទាក់បំណុលចិនប៉េកាំង ? សូមកុំភ្លេចអំពីប្រទេសស្រីលង្កានៅក្នុងមហាសមុទ្រឥណ្ឌាដែលគ្មានលុយសងប្រាក់កម្ចីចិនចំនួន ៦ ពាន់លានដុល្លារក្នុងការសាងសង់គម្រោងកំពង់ផែនិងអាកាសយានដ្ឋាន ហាំបាន់តូតា Hambantota ដែលធ្លាប់ជាកន្លែងដ៏ស្ងប់ស្ងាត់មួយដូចជាតារាសាគរនៅខេត្តកោះកុងដែរ ។ ប្រទេសស្រីលង្កាបានបង្ខំចិត្តប្រគល់ឲ្យចិនប៉េកាំងកាន់កាប់កំពង់ផែ ហាំបាន់តូតា និងដីចំនួន ១៥ ពាន់ហិកតារដែលបានជួលឲ្យចិនមានរយៈពេល ៩៩ ឆ្នាំ ។ ប្រទេសអាហ្វ្រិក ជីប៊ូទី ដែលឲ្យចិនសាងសង់មូលដ្ឋានយោធាហៅថា Chinese People’s Liberation Army Support Base ប្រហែលជានឹងត្រូវផ្តល់កំពង់ផែ ជីប៊ូទី ទៅឲ្យចិនកាន់កាប់ដែរ ។

បញ្ហាលទ្ធភាពនៃវត្តមានយោធាចិនប៉េកាំងនៅកម្ពុជាជាបញ្ហាធំណាស់សម្រាប់លោក ហ៊ុន សែន ។ អនុញ្ញាតឲ្យចិនសាងសង់ទីតាំងក្នុងកម្ពុជាមិនត្រឹមតែរំលោភលើរដ្ឋធម្មនុញ្ញទេគឺលក់ប្រទេសឲ្យបរទេស ស៊ីញ៉េកុងត្រាចូលអន្ទាក់បំណុលចិន បង្កើតអសន្តិសុខនិងអស្ថិរភាពក្នុងតំបន់និងក្នុងលោក ។ ចាស់ទុំខ្មែររំលឹកយើងថាបើមានផ្សែងគឺមានភ្លើង ។ ឯសត្វគោដែលរំសាយកន្ទុយបោសខ្នងញាប់ស្អេកនៅពេលក្អែកហើរក្បែរ គោនោះប្រាកដជាមានដំបៅនៅលើខ្នង ។

ការគិតស៊ីជម្រៅនិងចំណេះ យោង ព្យួរ ត ភ្ជាប់ កត្តានិងហេតុផលផ្សេងៗអាចផ្តល់នូវរូបភាពធំមួយដែលយើងអាចមើលឃើញរហូតដល់ជើងមេឃ ។ ការបដិសេធលទ្ធភាពវត្តមានយោធាចិនប្រៀបបាននឹងសត្វអូទ្រុស ostrich លាក់ក្បាលក្នុងដីខ្សាច់តែទុកគូទនៅកណ្តាល វាល ។ គឺចិនប៉េកាំងខ្លួនឯងដែលតាមរយៈសេចក្តីថ្លែងការណ៍និងសកម្មភាពនានាបានលាតត្រដាងមហិច្ឆតាអង់អាចរបស់ខ្លួនជាចក្រភពមួយមានឥទ្ធិពលអធិរាជដែលមិនត្រូវមានប្រទេសណាមួយទៀតអាចប្រជែងបាន ។ នៅប៉ុន្មានថ្ងៃមុននេះមានសមាជិកជាតិចិននៃស្ថាប័នគំនិតចិន Think Tank បានថ្លែងប្រាប់ទូរទស្សន៍ NBC ថាប្រទេសចិនប៉េកាំងនឹងទៅជាប្រទេស “Number One” ក្នុងលោក សហរដ្ឋអាមេរិកជា “Number 2” ។ គាត់បាននិយាយដោយឥតរួញរាថា “Why not!” ។

ចិនូបនីយកម្មប្រទេសកម្ពុជា (ដែលជម្រុញជនជាតិខ្មែរឲ្យរឹតតែបែកបាក់គ្នាថែមឡើងព្រោះខ្មែរដែលស្អប់យួនមើលឃើញចិនូបនីយកម្មជាមធ្យោបាយមួយប្រឆាំងនឹងយួន )និងប្រទេសដទៃទៀតគឺស្របតាមគម្រោងសម្រេចគោលដៅ “Number One” នេះឯង ។

គ្មានអ្វីជាអាថ៌កំបាំងទេថាទីតាំងចិនបានសាងសង់គឺក្នុងប្រយោជន៍ពហុប្រើប្រាស់ multi use គឺស៊ីវិលឬទេសចរណ៍ និង យោធា ។ អាកាសយានដ្ឋានតារាសាគរនិងកំពុងផែគឺសម្រាប់ ពហុប្រើប្រាស់ ។

លោកនិពន្ធនាយកនៃទស្សនាវដ្តីព័ត៌មានអន្តរជាតិអនឡាញ The Diplomat បាននិយាយថា “ចិនតែងអះអាងអំពីទីកន្លែងដែលអាចប្រើប្រាស់ទ្វេ dual use ថាជាទីកន្លែងទេសចរណ៍និងសេដ្ឋកិច្ចទាំងស្រុង ដូចជាតារាសាគរអញ្ចឹង . . . តែបើប្រៀបធៀបប្រភេទការវិនិយោគផ្នែកសេដ្ឋកិច្ចទៅនឹងសំណង់យោងតាមរូបភាពផ្កាយរណប គឺមិនគ្រប់គ្រាន់សម្រាប់អះអាងថាសំណង់នេះជាប្រភេទសេដ្ឋកិច្ចឬសកម្មភាពស៊ីវិលឡើយ ។ បើអញ្ចឹង គឺច្បាស់ជាមានអ្វីផ្សេងទៀតដែលកំពុងកើតមានឡើង” ។

លោក បិន រោដស៍ Ben Rhodes អតីតទីប្រឹក្សារងសន្តិសុខជាតិនៅក្នុងរដ្ឋាភិបាលលោកប្រធានាធិបតី អូបាម៉ា បានថ្លែងថា “យើងបានឃើញយុទ្ធសាស្ត្រចិនជាច្រើនដែលបង្ហាញថាចិនកំពុងតែព្យាយាមបង្កើតរង្វង់ខ្សែក្រវាត់មួយពីសមុទ្រចិនខាងត្បូងទៅតាមមហាសមុទ្រឥណ្ឌាឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិកខាងកើត . . . បើអ្នកមើលទៅកម្ពុជា រួចមើលសំណង់កំពង់ផែចិនដ៏ធំមួយនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា . . . ចាប់អារម្មណ៍ទៅលើប្រទេសកោះស្រីលង្កានៅឯនាយឆ្នេរសមុទ្រប្រទេសឥណ្ឌា រួចអ្នកមើលទៅមូលដ្ឋានចិននៅប្រទេស ជីប៊ូទី ។ គឺអ្នកមិនពិបាកនឹងមើលឃើញប្រភេទចំណុចខ្សែបន្ទាត់ដែលតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលចិនកំពុងសាងសង់ ។ ទីតាំងទាំងអស់នេះ មានខ្លះជាទីតាំងយោធាទាំងស្រុងដូចជាទីតាំង ជីប៊ូទី ។ ទីតាំងខ្លះទៀតចាប់ផ្តើមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាកំពង់ផែ ហើយទីបញ្ចប់ត្រូវបានប្រើក្នុងគោលបំណងយោធា” ។

លោក Charles Edel ឆារ៍លស៍ អេដែល អតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា “បើអ្នកភ្ជាប់ទីតាំងជួរមុខ outpost នៅរាមជាមួយនឹងទីតាំងយោធាចិននៅលើកោះក្នុងសមុទ្រចិនខាងត្បូង អ្នកនឹងឃើញបរិវេណរាងត្រីកោណមួយដែលបិទខ្ទប់អាស៊ីអាគ្នេយ៍ដីគោកទាំងអស់” ។ វត្តមានចិននៅទីតាំងរាមនិងនៅក្នុងសមុទ្រចិនខាងត្បូងនឹងសម្រួលឲ្យចិនត្រួតត្រាសមុទ្រចិនខាងត្បូង (ដែលផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ “អ៊ុនក្លូស៍” ដែលចិនបានផ្តល់សច្ចាប័ននៅខែមិថុនាឆ្នាំ១៩៩៦ ) និងបង្កើតភាពស្មុគ្រស្មាញដល់សហរដ្ឋអាមេរិកក្នុងការមកជួយកោះតៃវ៉ាន់នៅគ្រាអាសន្ន ។

ខ្ញុំបានសរសេររំលឹកមេដឹកនាំខ្មែរជារឿយៗកុំឲ្យច្របូកច្របល់កិច្ចការនយោបាយនិងនីតិរដ្ឋ rule of law ។ ពាក់ព័ន្ធនឹងរឿងចិនប៉េកាំង មេដឹកនាំខ្មែរតាំងពីសម្តេចសីហនុជាប្រមុខរដ្ឋរហូតមក និយមជ្រើសរើសមាគ៌ានយោបាយមកដាក់នៅពីលើនីតិរដ្ឋ គឺថាពួកគេនិយមយកលេសថាផលប្រយោជន៍ខ្ពស់របស់កម្ពុជាតម្រូវឲ្យឱបក្រសោបចិនប៉េកាំងឬយួនកុម្មុយនិស្តជាជាងគោរពរដ្ឋធម្មនុញ្ញ ឬសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ឬសិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ ច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិមានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីការពារអធិបតេយ្យកម្ពុជានិងការពារសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ ។

ក្រុមហ៊ុនចិន Union Development Group Co., LTD ឬ Union Group សរសេរកាត់ថា UDG យូឌីហ្ជី ដែលកំពុងតែសាងសង់រមណីយដ្ឋានតារាសាគរនិងអាកាសយានដ្ឋានតារាសាគរដែលស្ថិតនៅក្បែរមូលដ្ឋាននាវាចរណ៍រាមនៅក្នុងខេត្តកោះកុង គឺជាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន Chinese state-owned enterprise (SOE) និងជាអង្គការជួរមុខ front organization របស់រដ្ឋាភិបាលចិន ។ សហគ្រាសរដ្ឋាភិបាលចិនធ្វើសកម្មភាពពាណិជ្ជកម្មស្របតាមគន្លង ប៊្រី ដើម្បីសម្រេចមហិច្ឆតាចិនក្នុងការក្លាយខ្លួនជាមហាអំណាចទី ១ ក្នងពិភពលោក ។ បណ្តាញព័ត៌មាន ក្យូដូ Kyodo News ចុះថ្ងែទី១២ ខែសីហាបានចុះផ្សាយសំដីរបស់លោក វ៉ាង ចាវ Wang Chao អនុប្រធានក្រុមហ៊ុន យូឌីហ្ជី បញ្ជាក់ថា តារាសាគរដែលជាគម្រោងតម្លៃ ៣.៨ ពាន់លានដុល្លារជាចំណែកមួយនៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ” ឬ ប៊្រី របស់លោកប្រធានាធិបតី ស៊ី ជិនពីង ។ លោក ចាវ បានអះអាងថា តារាសាគរជាគម្រោងពាណិជ្ជកម្មនិងទេសចរណ៍សុទ្ធសាធ មិនមែនសម្រាប់ទីក្រុងប៉េកាំងបង្កើតទីតាំងយោធាចិនទេ ។ តែយើងដឹងហើយថាតារាសាគរជាគម្រោងសម្រាប់ពហុប្រើប្រាស់គឺស៊ីវិលផងនិងយោធាផង ។

ខ្ញុំសូមបញ្ចប់អត្ថបទនៅថ្ងៃនេះដោយនិយាយឡើងវិញនូវពាក្យស្លោកដែលខ្ញុំបានប្រើនៅខាងដើមអត្ថបទ ៖ នៅពេលអ្នកសង្កេតមើលសត្វមួយ “បើវាដើរដូចសត្វទា ស្រែកដូចសត្វទា ហើយមានរូបរាងដូចសត្វទា វាគឺប្រាកដជាសត្វទាហើយ” ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។