On the “Culture of Dialogue”-km

ថ្ងៃសុក្រ ទី ៨ ខែ ឧសភា ២០១៥

មតិយោបល់ / លក្ខណៈពិសេស

អំពី «វប្បធ៌មសន្ទនា»

ដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត

គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា (CNRP​) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅថ្ងៃទី ៣០ ខែមេសា ដែល​ខ្ញុំបានឃើញថាមានភាព​ត្រឹមត្រូវច្រើន ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់ជាថ្មីនូវកិច្ចសន្យាលើ «​វប្បធម៌​សន្ទនា​»​ ដូច​បាន​ស​ម្តែ​ងដោយ​មេ​ដឹក​នាំ​គណបក្ស លោក​សម​រ​ង្ស៊ី ​នៅ​ពេល​ដែលលោកបានវិល​ត្រឡប់ពីនិរទេស​មក​កម្ពុជាវិញ ​។ លោកនាយករដ្ឋមន្ត្រី​ហ៊ុន​សែន​ ក៏បានថ្លែងដោយចុងមាត់ចុងកអំពីគោលការណ៍​នេះដែរ ​ប៉ុន្តែ​វា​មិន​មែនជាលក្ខណៈពិតនៃ​​ទំនាក់​ទំនង​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​។

ដោយចេះតែ​សង្ស័យ ​ខ្ញុំ​បាន​ចាប់​ផ្តើ​ម​ឆ្នាំ ២០១៥ ដោយសរសេរ​អត្ថបទមួយ [ជាភាសាអង់គ្លេស] ​ដែលនៅក្នុងនោះ​ខ្ញុំ​បាន​ធ្វើការពិភាក្សាអំពីពាក្យ «​កិច្ចសន្ទនា» ​។ ខ្ញុំបានសរសេរថា «​នៅក្នុង​កិច្ចសន្ទនា រាល់​ភាគីប្រឹងប្រែងស្វែង​រកកន្លែងណានៅក្នុងបញ្ហាដែលគេអាច​យល់ដឹង​រួម​គ្នាបាន ដោយភាគីមួយយកចិត្តទុកដាក់ខ្វល់អំពីភាគីមួយទៀត ខំប្រឹងស្តាប់ ខំ​រៀនដឹងនិងយល់ និង​ខំ​ធ្វើ​ការ​ជាមួយភាគីមួយទៀត ​ដើម្បីឈោងចាប់យកដំណោះស្រាយមួយដែលសារព័នព្រមគ្នា ដែលជាប់ប្រទាក់គ្នា និងដែលអាច​ទទួលបាន​ទាំងអស់គ្នា ។ កិច្ច​សន្ទនា​​មិន​មែន​ជា​ការ​ប្រឈមមុខទេ​; ភាគី​មួយ​មិន​ស្វែង​រក​ត្រូវតែម្នាក់ឯងដែលធ្វើឱ្យភាគី​ដទៃ​ទៀតខូចខាតឡើយ ​; កិច្ចសន្ទនា​បើកចំហ​រសម្រាប់ទាំងអស់គ្នាជាដរាប» ។

ដោយខ្ញុំ​មាន​ចំណាប់​អារម្មណ៍​លើ​គំនិត​កិច្ច​សន្ទនា [នៅកម្ពុជា] ​ខ្ញុំក៏​បាន​ប​ក​ប្រែ​អត្ថបទ​នោះពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​ ហើយ​បាន​ផ្សព្វផ្សាយ​ទៅតាម​បញ្ជី​ចែកចាយ​ដែល​មាន​កំណត់របស់ខ្ញុំ ​។ ដោយការ​ឆ្លើយតប​ជា​វិជ្ជមានដល់អត្ថបទជាភាសាខ្មែរ ខ្ញុំក៏​បាន​ផ្តោ​ត​សរសេរជា​ភាសា​ខ្មែរតាំងពី​ខែបន្ទាប់មក ​។

«វប្បធម៌​សន្ទនា​»

គំនិត​នៃ «វប្បធម៌​សន្ទនា​» ​មិន​បាន​ទទួល​ការ​គាំទ្រ​​ពាសពេញពី​ចំណោម​ខ្មែរនៅបរទេសឱ្យសម​ឡើយ ។ ផ្ទុយទៅវិញ ​សកម្មជន​ដែល​និយាយ​ឥត​សំចៃបានចោទលោក​សម​រ​ង្ស៊ី​ ថា​ក្បត់ជាតិ ​ហើយ​ចោទប្រកាន់អ្នក​ដែល​គាំទ្រកិច្ច​សន្ទនា ថាបានលក់ប្រទេសជាតិឱ្យទៅ «អាយ៉ង​យួន​» ។

មិន​មែនដោយ​គ្មាន​មូលហេតុទេ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថាបាន​ផ្តល់ច្រើនហួសពេកឱ្យទៅគណបក្ស​ប្រជាជន ហើយទទួលតបវិញ​តិចតួចណាស់ – ទោះបីបើថា​ជម្រើសមានគ្រប់គ្រាន់​ក្តី ។ ពាក្យទ្រគោះបោះបោករបស់ខ្មែរប្រឆាំង​ដាច់ណាត់នឹងរបបគ្របគ្រងលោក ហ៊ុនសែន បានអ​ណ្តែ​តពាសពេញ​លើ​អ៊ីនធឺណិត​។  អ្នក​ប្រជាធិ​​បតេយ្យ​ត្រូវ​បានបែកបាក់គ្នា មានឈ្លោះប្រកែកគ្នាឯង​ដើម្បី​បង្ហាញ​តើនរណា​ស្រឡាញ់​ប្រទេសជាតិជាងនរណា ​។  ខ្ញុំ​សារភាពទាំង​អាម៉ាស់​ដោយ​ឈមប្រទះ​ស្ថានភាពបែប​នេះ​។  ខ្ញុំ​មិន​មែន​ជា​ពុទ្ធ​សាសនិកទេ ​ប៉ុន្តែ​ពាក្យប្រៀនប្រដៅរបស់​ព្រះគោតមពុទ្ទឮខ្ទ័រពេញក្នុង​ត្រចៀក​ខ្ញុំ​: «​នៅក្នុងភាពចម្រូងចម្រាសមួយ ស្របក់ណាដែលយើងមានអារម្មណ៍ខឹងក្រោធ ស្របក់នោះយើងបានឈប់រួចទៅហើយក្នុងការព្យាយាមស្វែងរកសេចក្ដីពិត ហើយយើងបានចាប់ផ្តើមពុះពារសម្រាប់តែខ្លួនយើងផ្ទាល់ទៅវិញ»។  ឱ! អាត្មាអញ!

ខ្ញុំ​នៅតែងឿងឆ្អល់ចំពោះ​ភាសា​ខាំមុត​ដែលអ្នកខ្លះក្នុង​គណបក្ស​សង្គ្រោះ​ជាតិបានប្រើ ​។  វោហារសាស្ត្រខ្លាំងៗប្រឆាំង​នឹង​លោក​ហ៊ុន​សែនជាគំនិតមិនជ្រៅ ដែលបានផ្តល់ឱកាសឱ្យនាយករដ្ឋមន្ត្រីដែលរហ័សអណ្តាតស្រែកលូការគំរាមកំហែងតបវិញ ។ ខ្ញុំមិនបានឃើញនូវវិភាគឬការពិភាក្សាអំពី​ឧបសគ្គផ្សេងៗ​ដែល​សមាជិកគណ​បក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ នាក់ក្នុង​សភា​បានជួបប្រទះ ព្រមទាំង​របៀប​សមយុទ្ទដែលគេបានធ្វើប្រឈមមុខឧបសគ្គទាំងនោះ ។

ជាការប្រាកដណាស់ថា មានមនុស្សដែលចង់ស្តាប់របាយការណ៏ដូចនេះ ។  ខ្មែរទាំងអស់ចង់ឃើញមានការប្រយុទ្ធខ្លាំងក្លាពិតៗដើម្បីគោលការណ៍ប្រជាធិបតេយ្យ ។ ផ្ទុយទៅវិញ ការសន្ទនាត្រូវបានថយចុះ ដោយសុន្ទរកថាផ្សេងៗ ដូចជាសុន្ទរកថាលោកហ៊ុនសែននៅក្នុងពិធីបើករោងចក្រមួយ ដែលនៅក្នុងនោះលោកបានហៅលោកកឹមសុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថាជាសត្វពស់ដែលត្រូវ សម្លាប់ចោល ដោយសារតែលោកកឹមសុខាបានហៅគណបក្សកាន់អំណាចថា «កុម្មុយនីស្ត» ។  លោកហ៊ុនសែន បានទាំងគំរាមសម្លាប់ «វប្បធម៌សន្ទនា» ចោល និងបានព្រមានប្រជាពលរដ្ឋអំពីសង្រ្គាមក្នុងស្រុកមួយដែលនឹងកើតឡើង បើប្រជាពលរដ្ឋបោះឆ្នោត ដើម្បីផ្លាស់ប្តូររបបលោកដែលនៅកាន់អំណាច។

ដូចដែលអ្នករិះគន់ជាតិបារាំងលោក Alphonse Karr (១៨០៨-១៨៩០)បានថ្លែងៈ «អ្វីដែលបានកែប្រែផ្លាស់ប្តូរច្រើនទៅ ឃើញតែនៅដដែល» [ បានសេចក្តីថា អ្វីដែលគេបានធ្វើការកែប្រែផ្លាស់ប្តូរវក់វី តែដែលឥតប៉ះពាល់ដល់ជម្រៅនៃការពិត ឃើញតែនៅដដែល ] ។

ការថប់បារម្ភរបស់នាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោត

វាហួសពីការសង្ស័យទៅហើយថា លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមានការព្រួយបារម្ភអំពីការបោះឆ្នោតជាតិឆ្នាំ២០១៨ ។ បើមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ លោកមិនមានទំនងអាចត្រូវបានវិលត្រឡប់មកកាន់អំណាចវិញឡើយ ។ ទោះបីជាលោកចង់បញ្ចាំងឱ្យឃើញច្បាស់អំពីអនាគតនយោបាយរបស់លោក ក៏លោកហ៊ុនសែនត្រូវតែបានដឹងដែរថាលោកកំពុងស្ថិតនៅលើដីរំជួលផ្លាស់ប្តូរ ។ នៅសប្តាហ៍មុននេះ មិត្តភក្តិខ្មែរម្នាក់បានរំឭកខ្ញុំថា ខ្មែរអាចអសកម្មមែន – ប៉ុន្តែនៅពេលសមរម្យណាមួយមកដល់ខ្មែរមិនអាចត្រូវបានគេទប់ឱ្យឈប់បានឡើយ ។  សំដីរបស់ជីតារបស់ព្រះវររាជបិតា នរោត្តមសីហនុ ត្រូវបានគេដកស្រង់ថ្លែងថា កំហឹងរបស់ខ្មែរគឺដូចក្របីទឹកចូលប្រេងមួយ  ។
ខ្ញុំស្វាគមន៍ចំពោះ ការអះអាងជាថ្មីរបស់គណបក្សសង្គ្រោះជាតិ គោរពគ្នាទៅវិញទៅ បញ្ចប់ការប្រមាថ បញ្ចប់ការគំរាមកំហែង និងទំនុកចិត្តថាមនុស្សដែលមិនយល់ស្របជាមួយ មិនមែនជាសត្រូវទេ ។ ខ្ញុំមានបានធានាដោយសេចក្តីថ្លែងការណ៍ថ្ងៃទី ៣០ ខែមេសាថា គណបក្សសង្គ្រោះជាតិបានសន្យាប្តេជ្ញាចិត្តកសាង វប្បធម៌សន្ទនា នៅក្នុងទំនាក់ទំនងរបស់ខ្លួនទាំងអស់។ ប៉ុន្តែដូចជាពាក្យស្លោកខ្មែរបានរំឭកយើង , វាត្រូវតែដៃទាំងពីរទះទើបអាចបញ្ចេញសម្លេងមួយបាន ។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និង អ្នកដែលនៅក្រៅគណបក្សសង្គ្រោះជាតិ ក៏ត្រូវតែចង់ចូលរួមនៅក្នុងកិច្ចសន្ទនាផងដែរ មិនមែនចូលរួមប្រើសំដីទ្រគោះបោះបោកទេ ។

ទោះបី​ខ្ញុំ​មិនផ្តេកផ្តួល​នៅ​លើ «វប្បធម៌» ​សន្ទនារបស់​​កម្ពុជា​ក្តី ក៏​ខ្ញុំ​រីករាយណាស់ទៅហើយបើ​​ឃើញ​ថា ការសន្ទនាបានចាប់ចាក់ឬស ​អនុញ្ញាត​ឱ្យ​គំនិត​និង​គោល​គំនិតការសន្ទនា​ជ្រាប​ចូលក្នុងចិត្ត​គំនិត​និង​ឥរិយាបថ​របស់​ខ្មែរ​រហូត​ដល់​ពេលដែល «វប្បធម៌» មួយអាចត្រូវ​បាន​បង្កើត​ឡើង – ដែល​នឹង​ត្រូវ​ជាប្រធាន​បទ​មួយទៀត​សម្រាប់សរសេរ​ថ្ងៃក្រោយ ​។ ​​វប្បធម៌ដែលបានកើតមានច្រើនសតវត្សមកហើយ ​ត្រូវ​តែ​ផ្ទេរកន្លែងដល់​វប្បធម៌​ថ្មី​មួយទៀត​ដើម្បី​ឱ្យធ្វើ​ការ​អភិវឌ្ឍ​។ ​វា​អាច​ចាប់​ផ្តើ​ម​ពី​ថ្ងៃ​នេះតទៅ ​។

. . . . . . . . . . .

លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត បានបង្រៀនវិទ្យាសាស្រ្តនយោបាយចំនួន ១៣ ឆ្នាំ នៅសាកលវិទ្យាល័យកោះ  Guam ។ លោកបានចូលនិវត្តន៍ ហើយសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ។