Film highlights Cambodian cruelty-km

ដោយជឿខ្លាំងទៅលើអ្វីដែលមិនទាន់មាន

យើងបានបង្កើតវាឱ្យមាន»

ដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត

១ សីហា ២០១៥

នៅក្នុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ភាពយន្តឯកសារមួយក្រោមឈ្មោះថា «លិទ្ធិប្រជាធិបតេយ្យតាមរលកអាកាសអ៊ីនធឺណិត: ប្រទេសកម្ពុជា, រាជាណាចក្រលោកកាហ្វកា» (Cyber-democracy: Cambodia, Kafka’s Kingdom) ត្រូវបានរៀបចំចប់សព្វគ្រប់ ហើយនឹងត្រូវបានបញ្ជូនទៅអង្គការមានសមត្ថកិច្ចពិនិត្យជ្រើសរើសដើម្បីប្រកួតប្រជែងយកពានរង្វាន់នៅក្នុងពិធីបុណ្យអន្តរជាតិនានា ។ ការផ្សព្វផ្សាយជាមុន(teaser trailer) អំពីខ្សែភាពយន្តនេះ មានគោលដៅអង្រួនអារម្មណ៍ទស្សនិកជនកុំឱ្យភ្លេចអំពីភ័ព្វវាសនារបស់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរនាពេលបច្ចុបន្បនេះ ។

ការផ្សព្វផ្សាយជាមុនអំពីខែ្សភាពយន្តនេះបានសរសេរថា ៖

ប្រទេសកម្ពុជាជា សមរភូមិ សម្រាប់ការកាន់ក្តោបពិនិត្យព័ត៌មាន ។ រលកអាកាសអ៊ីនធឺណិតបានដើរតួនាទីកាន់តែសំខាន់ឡើងនៅក្នុងចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។ សកម្មភាពរបស់ប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយបញ្ហាដូចជា ការរំលោភដីធ្លី ប្រាក់ស៊ីឈ្នួលថ្លៃថោក និងការគាបសង្កត់ជាទូទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំ ត្រូវបានចងក្រងជាឯកសារនៅលើទូរស័ព្ទដៃ ហើយចុះផ្សាយនៅលើអ៊ីនធឺណិត។ ភាពយន្តឯកសារនេះ ពិនិត្យមើល កំណើនការវិវត្តនៃគំនិតទាស់ប្រឆាំងនៅក្នុងប្រទេសកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលក្រាញចាក់ឬសនិងដែលពុករលួយ ដើម្បីដណ្តើមកាន់ក្តោបត្រួតពិនិត្យកំណើនលិទ្ធិប្រជាធិបតេយ្យតាមរលកអាកាសអ៊ីនធឺណិត ។

អ្នកផលិតខ្សែភាពយន្ត

អ្នកស្រីបណ្ឌិត អេឡិន ហ្គ្រ័ន្ទ (Ellen Grant) ជាអ្នកថតនិងជាអ្នកនិពន្ធ ជានាយកនិងជាអ្នកផលិតភាពយន្តឯកសារ ។  អ្នកស្រីមានគណៈវិនិច្ឆ័យសញ្ញាប័ត្របណ្ឌិត (Juris Doctor Degree) ពីសកលវិទ្យាល័យវ៉ាស៊ិនតោន រដ្ឋមីស្ហួរី ។ អ្នកស្រីបានឈ្នះពានរង្វាន់ភាពយន្តពី Cine Golden Eagle និងពី American Bar Association Gavel Award ហើយនិងពានរង្វាន់ឯទៀត ។

អ្នកស្រីបានមានប្រសាសន៍ថា ភាពយន្តឯកសារនេះជាការព្យាយាមរបស់អ្នកស្រីដើម្បី «ពន្យល់ដើមហេតុ ពិនិត្យមើលបញ្ហានានា និងនាំមកជូនទស្សនិកជនក្នុងលោកអំពីអន្តរភាពនៃការកែប្រែផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា » និងជា «គារវភក្តីដ៏រាបសារ» របស់អ្នកស្រីជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខំប្រឹងប្រែងធ្វើការកែប្រែផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា និងជា «សេចក្តីអំពាវនាវដល់សហគមន៍ពិភពលោក » ឱ្យធ្វើសកម្មភាពជួយខ្មែរផង ។

អ្នកស្រីបណ្ឌិត បានធ្វើទស្សន:កិច្ចនៅរាជធានីភ្នំពេញចំនួន ៣ ខែ ( វិច្ឆិកា, ធ្នូ ២០១២ និង មករា ២០១៣ ) ដើម្បីចងក្រងភាពយន្តឯកសារមួយទៀតជូនផលិតខ្សែភាពយន្តកាណាដា ។ ខណ:អ្នកស្រីនៅភ្នំពេញ មានព្រឹត្តិការណ៍ពីរបានកើតឡើង ដែលជំរុញអ្នកស្រីឱ្យបានសង្កេតឃើញប្រជាពលរដ្ឋខ្មែរ ទាំង «មើលថយក្រោយ» និង ទាំង «សម្លឹងឆ្ពោះទៅមុខ » : ព្រះបាទនរោត្តមស៊ីហនុ ព្រះអង្គបានសោយទិព្វជង្គត និង សមាជប្រជាពលរដ្ឋអាស៊ានថ្នាក់មូលដ្ឋាន ASEAN Grassroots Peoples Assembly (AGPA) បានប្រារព្ធឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលប្រទេសអាស៊ាន ។  អ្នកស្រីបានចាប់អារម្មណ៍ទៅលើភាពឆាប់រំភើប ទាំងក្នុង​ការ​ឆ្លុះ​បញ្ចាំង​និងទាំងក្នុង​ការ​រំពឹងគិតជាមុននៃ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួនអ្នកស្រី ។ អ្នកស្រីបានជួបនិងស្គាល់សកម្មជននិងអ្នករៀបចំ AGPA មួយចំនួន ។ « បញ្ហាភាសាមិនបានរារាំងដល់សមត្ថភាពខ្ញុំក្នុងការមើលឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនិងភាពពិតប្រាកដរបស់ពួកគេឡើយ » ។  នៅពេលនោះ អ្នកស្រីបានគិតអំពី​អតីតកាល​និងអំពី​អ្វីដែលអាចកើតមានដល់​អនាគត​ប្រទេស​កម្ពុជា​ ​។

នៅពេលអ្នកស្រីថតក្បួន​ដង្ហែរបស់ AGPA ​នៅ​ពេល​អ្នក​ដើរ​ក្បួនបានដើរប្រឈម​មុខនឹង​ជួរខ្សែកម្លាំង​ប៉ូ​លី​ស​និង​របាំង​ផ្លូវ អ្នកស្រីដឹងខ្លួនថា «ខ្ញុំ​កំពុងសង្កេត​មើល​អនាគត​នៃអ្នកទាំងឡាយ​នោះដែលកំពុងលាតត្រដាង »​ ។ «កំណើនចិត្តគំនិត​បំផុស​បំផុល​និង​ភាព​ចាំបាច់ក្នុងការចងក្រងជា​ឯកសារអំពីអ្នកទាំងឡាយនោះ​និង​អំពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បីកែប្រែ​ផ្លាស់​ប្តូ​រអ្វីដែលហៅថា «អាជីវកម្ម​ដូច​ធម្មតា » ( “business as usual” ) បានកញ្ជ្រោលក្នុងខ្លួនខ្ញុំ »  ​។

ការយល់ដឹងអំពីចលាចលនិងដំបៅរបួសដែលប្រជាពលរដ្ឋបានជួបប្រទះនៅក្នុងពាក់កណ្តាលសតវត្សទី ២០ ហើយនិងអំពីបញ្ហាជាច្រើន (អំពើពុករលួយ ភាពក្រីក្រ ការរំលោភយកដីធ្លី ជាដើម) នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានពង្រីកយ៉ាងធំឱ្យអ្នកស្រីបានឃើញច្បាស់នូវភាពក្លាហាននិងភយន្តរាយដល់ជីវិតខ្មែរដែលមានឆន្ទ:ក្រោកឈរហើយប៉ុនប៉ងធ្វើឱ្យសម្លេងពួកគេបានឮឡើង ។

អ្នកស្រីបានថ្លែងថា កំណើននៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដើម្បី​ចងក្រង​ឯកសារ, ​ទាក់ទង, ​និង​រៀបចំ ​​ត្រូវ​បាន​បង្កើន​ល្បឿន​ការ​ទទួល​ស្គាល់​បញ្ហា​ផ្សេងៗ ហើយ​បាន​ជំរុញ​ អ្នកកាន់អំណាចឱ្យប្រើ​យុទ្ធ​សា​ស្រ្ត​ថ្មីដើម្បីគាបសង្កត់អ្នកដែលជំទាស់ ។ ព្រឹត្តិការណ៍​ចាប់ពី​ឆ្នាំ ២០១២ មក ជា​ភស្តុតាង​នៃសន្ទុះ​ល្បឿនក្នុងការកែប្រែ​ផ្លាស់​ប្តូ​រ​ក្នុង​ប្រទេស​កម្ពុជា​។

ភាពយន្តឯកសារ

អ្នកស្រី អេឡិន ហ្គ្រ័ន្ទ បានចាប់ផ្តើមភាពយន្តឯកសារដោយដកស្រង់ពាក្យពេជន៍របស់អ្នកនិពន្ធរឿងប្រលោមលោកនិងរឿងខ្លីៗជាភាសាអាល្លឺម៉ង់ លោក Frank Kafka   ( ១៨៨៣-១៩២៤ ) ដែលអ្នករិះគន់បានចាត់ទុកថាជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធដែលមានឥទ្ធិពលបំផុតនៃសតវត្សរ៍ទី ២០ ។ អ្នកស្រីបានកត់សំគាល់ក្នុងភាពយន្តឯកសារ អំពីពេលព្រះបាទស៊ីហនុបានដាក់រាជ្យក្នុងឆ្នាំ ២០០៤ ព្រះអង្គបានសម្តែងនូវការឈឺចាប់របស់ព្រះអង្គលើភាពក្រីក្រនិងភាពចលាចលផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជាដែលព្រះអង្គបានហៅថា ព្រះរាជាណាចក្រ Kafkaesque ** [ ដែលបានសម្គាល់ ដោយភាពសាំញាំ គ្មានអត្ថន័យ ការវង្វេងទាល់គំនិត និង ការគំរាមកំហែងជាញឹកញាប់ ]  របស់ព្រះអង្គ ។

អ្នកស្រី អេឡិន ហ្គ្រ័ន្ទ បានយកសម្រង់ពាក្យពេជន៍លោក Kafka មកបើកផ្តើមភាពយន្តឯកសារ ដូចតទៅ ៖

“If someone took it upon himself to alter the dispositions of things around him, he ran the risk of losing his footing and falling to destruction, while the organization would simply right itself … and remain unchanged… unless it became still more rigid, vigilant, severe and ruthless.”

 

 

————–

** នៅក្នុងរឿង The Trial ( ការជំនុំជំរះ) លោក Franz Kafka បានសរសេររឿងបុរសម្នាក់ដែលត្រូវបានចាប់ខ្លួន និងបានទទួលការកាត់ទោសពីអាជ្ញាធរដែលមនុស្សម្នាមិនអាចទាក់ទងចូលដល់ ដោយឥតបានបង្ហាញអ្នកជាប់ចោតឬអ្នកអានឱ្យបានដឹងថាអ្វីទៅដែលជាឧក្រិដ្ឋកម្មរបស់គាត់ ។ សៀវភៅ Diaries (កំណត់ហេតុប្រចាំថ្ងៃ ឆ្នាំ្១៩១០-១៩២៣) បាន ផ្តល់នូវទិដ្ឋភាពលំអិតនៃចិត្តគំនិតនិងអារម្មណ៍របស់លោក Kafka ព្រមទាំងសម្រង់នៃពាក្យពេជន៍ដ៏ល្បីៗរបស់លោក  

 

ខ្ញុំសូមបកប្រែជាខ្មែរ ៖

   «ប្រសិនបើមាននរណាម្នាក់បានយកខ្លួនឯងទៅធ្វើការកែប្រែផ្លាស់ប្តូរអ្វីៗដែលនៅជុំវិញខ្លួន គឺគាត់ត្រូវបានឈមមុខនឹងភយន្តរាយបាត់បង់ជំហររបស់គាត់ហើយនិងធ្លាក់ជួបវិនាសកម្ម, រីឯស្ថាប័នវិញគឺគ្រាន់តែជួសជុលកែតម្រង់ខ្លួនឯងដោយធ្វើប្រតិកម្មផាត់ទាត់ រួចក៏នៅដដែលឥតមានអ្វីកែប្រែផ្លាស់ប្តូរបើមិនដូច្នោះទេ ស្ថាប័នវាប្រែក្លាយទៅជា តឹងរឹង មិនធ្វេស ម៉ឺងម៉ាត់ និង ឥតមេត្តា ជាងមុនទៅទៀត»

ភាពយន្តឯកសារបានកត់សម្គាល់កម្ពុជាថាជា « ប្រទេសមួយ​ដែល​គេ​ស្គាល់​ថាជាប្រទេស​ពុក​រលួយ​និង​បក្សពួក​និយម​នយោបាយ​ …. ​ទូរទស្សន៍និង​វិទ្យុ​រដ្ឋ​ ​បានផ្សព្វផ្សាយច្នៃបង្កើតធ្វើ​ជា​ការ​ពិត​ឱ្យ​ប្រជាពលរដ្ឋមើលនឹងស្តាប់ជា​ច្រើន​ទសវត្សរ៍​មកហើយ ​។ នៅ​ក្នុង​អតីតកាល​, ការ​ប្រឆាំងជាចង្កោម​ត្រូវ​បានគេ​រំខាននិងវាយបំបែក​យ៉ាង​ងាយ​ស្រួល ។ បាតុករ​ប្រមូល​ផ្តុំ​​នៅ​ខាង​ក្រៅ​រោង​ចក្រ​ណាមួយ​អាច​ត្រូវ​បានជួបនឹង​ការ​គំរាម​កំហែង ​ចាប់​ខ្លួន ឬ ​បាញ់សម្លាប់ក៏មាន ​។ នៅក្រោម​ការគ្រប់គ្រងរបស់​នាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​សែន ក្រុម​ប៉ូ​លី​ស​និង​យោធា​ត្រូវ​បាន​គេ​សង្កេត​ឃើញមាននៅគ្រប់ទិសទី លឿន​រហ័ស​ និង ​មាន​ប្រសិទ្ធិ​ភាព​»  ។

ភាពយន្តឯកសារបានបង្ហាញ ប្រជាពលរដ្ឋកម្ពុជានាបច្ចុប្បន្នកាលមានវ័យ​ក្មេង ប្រកបដោយមានការយល់ដឹង និង​ពាក់​ព័ន្ធតភ្ជាប់ទៅលើរលកអាកាសអ៊ីនធឺណិត ហើយបានរកឃើញ​វិធី​ថ្មីក្នុងការប្រឈមមុខនឹងស្ថានភាពអាក្រក់ដែលនៅក្រាញមិនព្រមកែប្រែ ។ ​ការ​ឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ  ដែលផ្ទុយពីជីវិតជាក់ស្តែងដែល​បាន​បង្ហាញ​តាមបណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ជា Facebook  កំពុង​តែបានធ្វើឱ្យគណបក្ស​កាន់​អំណាចបាត់​បង់ជំនឿពីប្រជាពលរដ្ឋ និងធ្វើឱ្យមានការបន្លើងសម្លេងទាមទារ​ការកែប្រែ​ផ្លាស់​ប្តូ​រ​ក្នុង​ប្រទេស​កម្ពុជា ​។

ភាពជីវិតជាក់ស្តែងត្រូវបានបញ្ចាំងផ្សាយចំនួនពេលមួយម៉ោងនៅក្នុងភាពយន្តឯកសាររបស់អ្នកស្រី អេឡិន ហ្គ្រ័ន្ទ បង្ហាញរូបភាពរស់រវើកនូវអ្វីដែលព្រះមហាវីរក្សត្រខ្មែរបានហៅកម្ពុជាថាជាព្រះរាជាណាចក្រ Kafkaesque ។

ឥឡូវនេះ ប្រជាពលរដ្ឋ​ខ្មែរអាច​ចែក​រំលែក​ព័​ត៌​មាន​ ​បញ្ចេញ​មតិ​យោបល់​ភ្លាមៗ ហើយដោយ​ឥតចាំបាច់បញ្ចេញ​ឈ្មោះ ។ ពួក​គេ​អាច​រៀបចំ​ការ​ឆ្លើយ​តប​ច្បាស់​លាស់​និង​ជាឯកភាព​ទៅ​នឹង​គោល​នយោបាយ​និង​សកម្មភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន​ដែលបានរឹបអូសទ្រព្យសម្បត្តិពីអ្នកស្រុក, ​បង្កើតថ្នាក់​កម្លាំង​ពលកម្មកំរៃ​ថោក, រំលោភ​លើ​សេរីភាព​ផ្ទាល់​ខ្លួន, ពង្វាង​ដំណើរទៅកាន់​ប្រព័ន្ធ​តុលាការ​ដែលទទួលខុសត្រូវ ​។ ការ​ជួប​ប្រជុំ​និម្មិត​និង​ការ​ជំទាស់​តាមរលកអាកាស​អ៊ិនធឺណិត​កំពុង​តែកើន​ឡើងហើយ ​។

វរជនមានទ្រព្យសម្បត្តិ នៅកាន់អំណាចគ្រប់គ្រងម៉ាស៊ីននយោបាយនិងធនធានប្រទេសជាតិ ពោលគឺអំណាចត្រួតត្រាប្រជាពលរដ្ឋនិងដីធ្លី ។ ខណៈពេលដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានការរីកលូតលាស់យ៉ាងលឿននៅក្នុងទ្វីបអាស៊ី , អំពើពុករលួយបានបូមយកកំណើនសេដ្ឋកិច្ចពីប្រទេសជាតិ ហើយកម្ពុជានៅតែជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក ។ ប្រជាពលរដ្ឋមួយភាគបីរស់លើទឹកប្រាក់តិចជាងមួយដុល្លារក្នុងមួយថ្ងៃ។ យុទ្ធសាស្រ្តរបស់អ្នកកាន់អំណាចដើម្បីគ្រប់គ្រងប្រទេស ត្រូវបានរចនាឡើងដោយធ្វើឱ្យរំខានដល់ និងបំបាក់ទឹកចិត្ដ អ្នកដែលព្យាយាមទប់ទល់ ។

ភាពយន្តឯកសារបានអះអាងថា ការតស៊ូមតិលើបណ្តាញអ៊ិនធឺណិត គឺជាចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ទូរស័ព្ទដៃ គឺជាអាវុធសម្រាប់ចងក្រងភាពអយុត្តិធម៌នៅក្នុងប្រទេសជាឯកសារ ឌីជីថល ។ គេហទំព័រនិងប្លក ផ្តល់ពត៌មាននិងលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ ការពិតជាសាក្សីនៃការប្រឈមមុខទល់នឹងស្ថានភាពអាក្រក់ដែលកំពុងកើតមាន ។ លិទ្ធិប្រជាធិបតេយ្យតាមរលកអាកាសអ៊ីនធឺណិត ជាដំណើរការដែលកំពុងតែបន្តទៅមុខទៀត ។ ស្ថាប័នកម្ពុជានៅជោកជាំទៅដោយការអស់សង្ឃឹមនៃពួកវរជនកាន់អំណាចដែលក្រាញចាក់ឬសនិងដែលរស់ក្នុងភយន្តរាយបាត់បង់ការត្រួតត្រារបស់ខ្លួន ។

ភាពយន្តឯកសារដែលបានចាប់ផ្តើមដោយបញ្ចាំងផ្សាយនូវសម្រង់ពាក្យពេជន៍របស់លោក Kafka ដែលព្រះបាទស៊ីហនុក៏បានកត់សម្គាល់ដែរ, បានបញ្ចប់ដោយបញ្ចាំងផ្សាយនូវសម្រង់ពាក្យពេជន៍ដ៏ល្បីរបស់លោក Kafka នៅក្នុងសៀវភៅ Diaries: “By believing passionately in something that still does not exist, we create it. The nonexistent is whatever we have not sufficiently desired” បកប្រែថា «ដោយជឿខ្លាំងទៅលើអ្វីដែលនៅមិនទាន់មាននៅឡើយ, យើងបានបង្កើតវាឱ្យមានហើយ ។ អ្វីដែលមិនទាន់មាន គឺអ្វីៗទាំងឡាយណាដែលយើងនៅមិនទាន់ចង់បានគ្រប់គ្រាន់នៅឡើយ ឱ្យវាកើតមានបាន »

សម្រង់ពាក្យលោក Kafka បានរំឮកខ្ញុំពីសម្រង់ពាក្យរបស់ អតីតសាស្ត្រាចារចិត្តវេជ្ជវិជ្ជា លោក David Viscott (១៩៣៨-១៩៩៦) ដែលខ្ញុំបានដកយកមកសរសេរជាញឹកញាប់ថា «មានបញ្ហាតែមួយគត់ដែលឈរជារនាំងរវាងបុគ្គលនិងអ្វីដែលគាត់ចង់បាន គឺជារឿយៗ គ្រាន់តែឱ្យមានឆន្ទៈសាកល្បង និងឱ្យមានជំនឿ ជឿថាអាចធ្វើទៅបាន »។

អ្នកស្រី អេឡិន ហ្គ្រ័ន្ទ បានរំឮកនៅក្នុងភាពយន្តឯកសារថា «ដោយមិនគិតពី អតិរេកភាពផ្ទាល់ខ្លួន ឧបាយក្បត់នយោបាយឬ សម្ព័ន្ធភាពធ្វើតាមស្ថានការណ៍ មានខ្មែរជាច្រើនដែលចងចាំ ស៊ីហនុ ជាព្រះមហាវីរក្សត្រ» ។

ហើយព្រះមហាវីរក្សត្រអង្គនេះបានចង្អុលជាសាធារណៈអំពីភាព Kafkaesque នៃរបបអំណាចកម្ពុជាក្រោមលោក ហ៊ុនសែន មុននឹងព្រះអង្គសុគតទៅ ។

ខ្ញុំបានមានកិត្តិយសដោយអ្នកស្រី អេឡិន ហ្គ្រ័ន្ទ ដែលបានអានអត្ថបទនានារបស់ខ្ញុំនិងបានពិនិត្យវីដេអូខ្ញុំនៅក្នងគេហទំព័រ YouTube បានអញ្ជើញខ្ញុំឱ្យជួយផ្តល់ព័ត៌មាន ជួយរិះគន់ និងជួយបំផុសបំផុលគំនិត ។ ខ្ញុំសូមអរគុណអ្នកស្រីដែលបានទទួលស្គាល់វិភាគទានរបស់ខ្ញុំក្នងភាពយន្តឯកសារនេះ ហើយសូមអញ្ជើញបងប្អូនអ្នកអានចូលរួមមើលភាពយន្តឯកសារដែលបញ្ចាំងផ្សាយការតស៊ូរបស់ខ្មែរប្រឆាំងនឹងរបបគាបសង្កត់នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ។

       [សូមអញ្ជើញមើលការផ្សព្វផ្សាយជាមុន (teaser trailer) ដោយចុច www.vimeo.com/134667183 ហើយបញ្ចូល password: democracy]

 

 

. . . . . . . . . . .

       អំពីអ្នកនិពន្ធ ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០១៩៨៩) បានបង្រៀនវិទ្យាសាស្រ្តនយោបាយនៅពីសាកលវិទ្យាល័យកោះ Guam ចំនួន ១៣ ឆ្នាំ (ឆ្នាំ១៩៩១២០០៤) ហើយបានចូលនិវត្តន៍នៅឆ្នាំ ២០០៤ ។  ។ លោកអាចទាក់ទងបានតាម រយ: សារអេឡិចត្រូនិច  peangmeth@gmail.com