ជីវប្រវត្តិវិជ្ជាជីវៈសង្ខេប លោក ហ្គាហ្វារ ពាងម៉េត

 

ជីវប្រវត្តិវិជ្ជាជីវៈសង្ខេប លោក ហ្គាហ្វារ ពាងម៉េត

លោក ហ្គាហ្វារ ពាងម៉េត កើតក្នុងឆ្នាំ១៩៤៤ នៅភូមិឬស្សីកែវនៅជាយក្រុងភ្នំពេញ។ លោកបានទទួលការអប់រំសិក្សានៅស្រុកខ្មែរ។ នៅពេលលោករៀននៅវិទ្យាល័យស៊ីសុវត្ថ លោកបានទទួលអាហារូបករណ៍ផ្ដល់ដោយកម្មវិធី American Field Service ទៅបញ្ចប់ការសិក្សានៅវិទ្យាល័យ Chagrin Falls នៅរដ្ឋអូហាយោ សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៦១-១៩៦២។ ក្នុងឆ្នាំ១៩៦៣-១៩៦៧លោកបានចូលរៀនវិទ្យាសាស្ត្រនយោបាយនៅ Hiram College រដ្ឋអូហាយោ ហើយបានទទួល បរិញ្ញាបត្រ Bachelor។ ពេលនៅសិក្សានៅ Hiram លោកបានចូលរួមសិក្សាក្នុងកម្មវិធីអង្គការសហប្រជាជាតិនៅសាកលវិទ្យាល័យ Drew នៅរដ្ឋនូវហ្សឺស៊ី។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិត Master ផ្នែករដ្ឋាភិបាលក្នុងឆ្នាំ្១៩៦៩ពីសាកលវិទ្យាល័យ Georgetown។ លោកពាងម៉េតបាន ទទួលសញ្ញាបត្របណ្ឌិត Ph. D. ផ្នែកប្រៀបធៀបរដ្ឋាភិបាលនិងនយោបាយនៃអាស៊ី​អា​គ្នេ​យ៍ពី សាកលវិទ្យាល័យម៊ីហ្ស៊ីហ្គិនក្នុងឆ្នាំ១៩៨០។

លោកហ្គាហ្វារបានសិក្សាអំពីមនោគមន៍វិជ្ជានិងគោលការណ៍សាធារណរដ្ននិយមនៅសាកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៧០ដោយបានឃើញថានយោបាយប្រទេសខ្មែរមានការសម្រុះសម្រួលនឹងពួកយៀកកុង -យៀកណាមខាងជើងដែលធ្វើឱ្យមានគ្រោះថ្នាក់និងខូចកិត្តិយសដល់អព្យាក្រិត្យភាពនិងអធិបតេយ្យភាពប្រទេសជាតិ និស្សិតពាងម៉េតបានសុំច្បាប់ដកខ្លួនមួយឆមាសពី Graduate School ហើយបានទៅចូលរួមជាមួយនឹងទាហានខ្មែរ ខ្មែរក្រោមនិងចាមនៅសមរភូមិតាំងគោកនិងសមរភូមិក្តៅដទៃផ្សេងទៀត។

ពេលត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ លោកបានសរសេរបោះពុម្ភផ្សាយព្រឹត្តិប័ត្រ «សាធារណរដ្ឋ› ជាភាសាអង់គ្លេសពីទីក្រុង Ann Arbor។ ក្នុងឆ្នាំ១៩៧២ លោកឡុងបូរ៉េតរដ្ឋមន្ត្រីក្រសួងការបរទេសបានអញ្ជើញលោកពាងម៉េតចូលរួមក្នុងគណៈប្រតិភូសាធារណៈរដ្ឋខ្មែរទៅកាន់អង្គការសហប្រជាជាតិ។  ក្រោយមកលោកក៏ត្រូវបានរដ្ឋាភិបាលអញ្ជើញធ្វើការនៅស្ថានទូតខ្មែរប្រចាំទីក្រុងវ៉ាស៊ិនតោន ឌីស៊ី ពីឆ្នាំ១៩៧៣រហូតសាធារណៈរដ្ឋខ្មែរដួលរលំក្នុងឆ្នាំ១៩៧៥។

ក្នុងឆ្នាំ១៩៧៦-១៩៧៩ លោកនិងអាណិកជនខ្មែរមួយចំនួនបានបង្កើតគណៈកម្មាធិការមួយជួយជនភៀសខ្លួនខ្មែរ ដែលមកតាំងលំនៅថ្មីនៅតំបន់វ៉ាស៊ិនតោន ឌីស៊ី។ លោកបានជួយសរសេរបោះពុម្ភផ្សាយព្រឹត្តិប័ត្រជាភាសាខ្មែរនិងអង់គ្លេសដើម្បីថ្កោលទោសនយោបាយមនុស្សឃាតប្រល័យពូជសាសន៍ខ្មែរក្រហមនិងបានចូលរួមបង្កើតគណៈកម្មការគាំទ្ររណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ) ប្រឆាំងនឹងការឈ្លានពានលុកលុយរបស់កងទ័ពរៀបរយរបស់យៀកណាមមកលើប្រទេសខ្មែរ។

នៅឆ្នាំ១៩៨០ លោកពាងម៉េតបានទទួលសញ្ជាតិជាពលរដ្ឋអាមេរិកាំង។ នៅខែកញ្ញាឆ្នាំ១៩៨០ លោកបានទៅដល់ព្រំដែនខ្មែរ-ថៃដើម្បីចូលរួមក្នុងជួរចលនា រជរបខ។ លោកបានរស់នៅបំរើក្នុងជួរខ្មែរអ្នកតស៊ូក្នុងមុខងារផ្សេងៗរហូតដល់ឆ្នាំ១៩៨៩។ នៅខែវិច្ឆិកាឆ្នាំ១៩៨៩ លោកបានវិលត្រឡប់មកកាន់សហរដ្ឋវិញ នៅពេលដែលការតស៊ូរំដោះផ្នែកផ្លូវអាវុធបានប្រែក្លាយទៅជាការចរចាវិញ។

ក្រោយពេលមកដល់សហរដ្ឋអាមេរិកវិញ បណ្ឌិតពាងម៉េតបានជ្រើសរើសយកអាជីពថ្មីមួយ ផ្នែកបង្ហាត់បង្រៀន។ លោកត្រូវបានសាកលវិទ្យាល័យ Johns Hopkins អញ្ជើញឱ្យចូលបង្រៀនវិទ្យាសាស្ត្រនយោបាយក្នុងឋានៈជា Visiting Associate Professor នៅឆ្នាំ ១៩៩០ ហើយលោកបានបន្តទៅបង្រៀនវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យលើកោះ Guam ឆ្នាំ្១៩៩១-២០០៤។ លោកបានចូលនិវត្តន៍នៅឆ្នាំ ២០០៤។ លោកបានសរសេរអត្ថបទប្រចាំសប្តាហ៍ជូនសារពត៌មាន Pacific Daily News រហូតដល់ឆ្នាំ២០១២ និងបានសរសេរអត្ថបទជារឿយៗជូន Asian Human Rights Commission នៅក្រុងហុងកុង។ លោកស្រីបណ្ឌិត សុខុម សូវត្ថានា បានយកអត្ថបទរបស់ លោកទៅរៀបចំចងក្រងជាសៀវភៅក្រោមចំណងជើងថា What is Your Ten Minutes Worth? លោកបណ្ឌិតពាងម៉េតបានសរសេរអត្ថបទជាច្រើនដែលចុះផ្សាយក្នុងទស្សនាវដ្តីវិជ្ជាជីវៈផ្សេងៗ និងបានចូលរួមក្នុងសន្និសីទនានានៅសហរដ្ឋអាមេរិក នៅលើកោះហ្គ្វាម នៅប្រទេសហ្វីលីពីន ប្រទេសកូរ៉េខាងត្បូង និងប្រទេសសិង្ហបុរី។

នៅឆ្នាំ្២០១៥ លោកស្រី អេឡិន ហ្គ្រ័ន បណ្ឌិតនីតិសាស្ត្រដែលបានទទួលពានរង្វាន់ថតរូបខ្សែភាពយន្តបានអញ្ជើញលោកបណ្ឌិតពាងម៉េតចូលធ្វើជាទីប្រឹក្សាជួយផ្ដល់ជាព័ត៌មាននិងការយល់ដឹង ក្នុងការបង្កីតខ្សែភាពយន្តឯកសារមួយឈ្មោះ Cyber-Democracy: Cambodia, Kafka’s Kingdom, https://vimeo.com/146853283. លោកស្រីបានអញ្ជើញលោកបណ្ឌិតពាងម៉េតចូលរួមបញ្ចូលភាសាខ្មែរ

ទៅក្នុងខ្សែភាពយន្តក្រោមចំណងជើងថា «លិទ្ធិប្រជាធិបតេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាអិនធឺណេតៈ កម្ពុជា – រាជាណាចក្រលោកកាហ្វកា» https://vimeo.com/142456919.

សព្វថ្ងៃនេះលោកបណ្ឌិតហ្គាហ្វារពាងម៉េតរស់នៅសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈ សារអេឡិចត្រូនិច peangmeth@gmail.com ៕

 

 

ខែកក្កដាឆ្នាំ២០១៧