អុំទូកបញ្ច្រាស់ទឹក

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

នៅឱកាសបុណ្យណូអែលនិងបញ្ចប់ឆ្នាំ ២០១៩ ដែលជាឱកាសស្វាគមន៍ឆ្នាំថ្មី ២០២០ ផងដែរ ខ្ញុំសូមជូនពរដល់លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំតាមវិទ្យុខ្មែរពិភពលោកដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ឲ្យបានជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ប្រការ ។

ឱកាសបុណ្យទាននេះជាឱកាសល្អមួយដែលលោកអ្នកអានគប្បីនឹកគិតដល់ដំបូន្មានជាអនន្តរបស់ព្រះពុទ្ធ (៥៦៣មគស-៤៨៣មគស ) ថា ៖ “កុំរស់នៅក្នុងអតីតកាល កុំសុបិនអំពីអនាគតកាល គួរផ្តោតគំនិតទៅលើបច្ចុប្បន្នកាល” ។

ដំបូន្មានអាយុជាង ២៥០០ ឆ្នាំនេះបានត្រូវយកមកបកស្រាយនិងធ្វើជាមេរៀនសម្រាប់មនុស្សទូទៅ ។ ពោលគឺ អតីតកាលបានកន្លងផុតដូចជាព្រះអាទិត្យបានលិចផុតទៅដែរ ។

អ្វីៗដែលកើតមានរួចមកហើយមិនអាចកែប្រែបានទេ ។ ប៉ុន្តែព្រះអាទិត្យនឹងរះឡើងម្តងទៀតនៅថ្ងៃស្អែក ។ យើងមិនដឹងថានឹងមានអ្វីថ្មីកើតឡើងទៀតទេ ។ ដូច្នេះយើងមិនគួរដេកព្រួយនឹងថ្ងៃស្អែកពេកទេ ។ យើងត្រូវគិតថាអ្វីដែលបានកើតឡើងពីថ្ងៃម្សិលមិញនឹងជះឥទ្ធិពលមកលើសកម្មភាពយើងនៅថ្ងៃនេះហើយនឹងនៅថ្ងៃស្អែកទៀត ។ ដូច្នេះយើងត្រូវនឹកគិតឲ្យបានហ្មត់ចត់នៅថ្ងៃនេះ – គឺថានៅពេលឥឡូវនេះ – អំពីអ្វីៗដែលចាំបាច់ត្រូវធ្វើ ពីព្រោះវានឹងកំណត់ជោគវាសនារបស់យើងនៅថ្ងៃស្អែក ។ ព្រះពុទ្ធបានបង្រៀនថា យើងជាផលិតផលនៃគំនិតដែលយើងយកមកអនុវត្តបង្កើតពិភពមួយសម្រាប់យើងរស់នៅ ។ ដូច្នេះយើងគឺជាអ្នកទទួលខុសត្រូវលើជោគវាសនារបស់យើង ។ រូបមន្តខ្លីមួយដែលខ្ញុំបានចងក្រងគឺ “គំនិត + ទង្វើ = លទ្ធផល” ឬ “គិត-កម្ម-ផល” Think-Act-Become ។ ខ្ញុំសូមអញ្ជើញលោកអ្នកអានយកដំបូន្មាននេះមកជញ្ជឹងគិតនិងមកអនុវត្តដើម្បីសេចក្តីសុខចម្រុងចម្រើនរបស់លោកអ្នក ។

ខ្ញុំដឹងថាខ្ញុំបានសរសេរផ្សាយគំនិតខាងលើនេះជាច្រើនដងមកហើយ ។ លោកអ្នកអានខ្លះអាចធុញទ្រាន់នឹងការអានពាក្យពេចន៍ដដែលៗនេះ ។ តែខ្ញុំសង្ឃឹមថាលោកអ្នកអានមួយចំនួនអាចអានហើយចុចប្រអប់ឈុតសម្លេងផ្សាយរបស់វិទ្យុខ្មែរពិភពលោកនិងស្តាប់លោក សាន សុវិទ្យ អានជូនថែមទៀត ។ អ្នកអានមួយចំនួននៅកម្ពុជាសរសេរលិខិតមកប្រាប់ខ្ញុំថាពួកគេចូលចិត្តស្តាប់សម្លេងលោក សុវិទ្យ ។

នៅក្នុងសម័យកាលព្រះពុទ្ធ បរមគ្រូ ខុង ជឺ (៥៥១មគស-៤៧៩មគស ) ក៏បានអះអាងផងដែរថា ៖ “អ្នកមិនអាចបើកសៀវភៅរួចមិនបានរៀនអ្វីបន្តិចបន្តួចសោះឡើយទេ” ។ ដូចគ្នាដែរ លោកអ្នកដែលអានអត្ថបទឬស្តាប់ព័ត៌មាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” រមែងក្រេបជញ្ជក់គំនិតនិងព័ត៌មានខ្លះៗមិនលែងឡើយ ។ លោកគ្រូ ខុង ជឺ ទូន្មានមនុស្សថា “ទោះបីអ្នកគិតថាអ្នកមានការរវល់មមាញឹកក្តី អ្នកត្រូវតែរកពេលវេលាដើម្បីអាន បើមិនដូច្នោះទេអ្នកនឹងស្ថិតនៅក្រោមការគ្រប់គ្រងនៃភាពល្ងង់ខ្លៅមួយដែលអ្នកបានជ្រើសរើស” ។ ខុង ជឺ បានទូន្មាន ថា ៖ “ចំណេះដឹងដ៏ពិតប្រាកដរបស់យើងគឺការយល់ដឹងអំពីទំហំនៃភាពល្ងង់ខ្លៅរបស់យើង” ។ ពោលគឺយើងនឹងចេះដឹងនៅពេលយើងយល់ដឹងថាយើងធ្លាប់នៅងងឹតល្ងង់ដល់កម្រិតណាដោយសារតែមិនបានរៀនសូត្រ ។ សុភាសិតចិនមួយចែងថា ៖ “ការរៀនសូត្រពិបាកដូចអុំទូកបញ្ច្រាស់ទឹក” ។

គួរកត់សំគាល់ដែរថានៅក្នុងសម័យកាលស្របាលគ្នានោះ ទស្សនវិទូជាតិក្រិកមួយរូបឈ្មោះ សូក្រាត ក្មេងរស់ចន្លោះឆ្នំ ៤៧០មគស-៣៩៩មគស ដែលត្រូវបានគេទទួលស្គាល់ថាជាបិតាស្ថាបនិកវិទ្យាសាស្ត្រលោកខាងលិចបានថ្លែងថា ៖ “ខ្ញុំត្រឹមតែដឹងថាខ្ញុំមិនដឹងអ្វីសោះ” “I only know that I know nothing” ។ នៅក្នុងការ “ស្វែងរកការពិត” the search for truth លោក សូក្រាត ផ្តួចផ្តើមគំនិតត្រិះរិះពិចារណានិងការសាកសួររកចម្លើយឥតឈប់ឈរព្រោះគ្មានចម្លើយណាមួយអាចគូសបន្ទាប់ឲ្យចប់ការសាកសួរបានទេ ។ កូនសិស្សដ៏ឆ្នើមរបស់លោកម្នាក់ គឺលោក ប្លាតុង (៤២៩មគស-៣៤៨មគស ) បិតាស្ថាបនិកទស្សនវិជ្ជាលោកខាងលិចដែរ ជាអ្នកបង្កើតស្ថាប័នសិក្សាជាន់ខ្ពស់ដំបូងគេហៅថា the Academy បានថ្លែងថា៖ “ទិសដៅក្នុងវិស័យការអប់រំមនុស្សម្នាក់នឹងកំណត់អនាគតរបស់គាត់នៅក្នុងជីវិតគាត់” ។ កូនសិស្សម្នាក់របស់លោក ប្លាតុង គឺលោក អារីស្តូត (៣៨៤មគស-៣២២មគស ) បានថ្លែងថា ៖ “គឺតណ្ហាងប់ងល់នឹងសមភាពដែលជាឫសគលនៃបដិវត្តន៍” ។ ទស្សនៈលោក សូក្រាត ប្លាតុង អារីស្តូត ព្រះពុទ្ធ និង បរមគ្រូ ខុង ជឺ មានភាពស្រដៀងគ្នា ។

នៅក្នុងសតវត្សទី ២០ នៃគ្រិស្តសករាជ មេដឹកនាំចលនាសិទ្ធិមនុស្ស លោក ម៉ារ៍ទិន លូធឺរ៍ ឃិង Martin Luther King, Jr. (កើតឆ្នាំ ១៩២៩ ស្លាប់ឆ្នាំ ១៩៦៨ ដោយគេធ្វើឃាត) បានថ្លែងដោយសោកស្តាយថា ៖ ”ជាការមួយកម្រណាស់ដែលយើងអាចឃើញមនុស្សមានឆន្ទៈធ្វើការគិតគូរពិបាកនិងហ្មត់ចត់ វាហាក់ដូចជាទូទៅមានតែមនុស្សចង់បានចម្លើយងាយស្រួលនិងរកដំណោះស្រាយឆ្អឹនតែពាក់កណ្តាល ពីព្រោះថាគ្មានអ្វីធ្វើឲ្យមនុស្សខ្លះឈឺចាប់ជាងតម្រូវឲ្យគិតនោះទេ” ។

សុភាសិតរុស្ស៊ីមួយដែលខ្ញុំបានអាននិយាយថា ៖ “គ្មានអ្វីគួរខ្មាសអៀនទេបើយើងមិនដឹងមិនយល់ អ្វីដែលគួរឲ្យខ្មាសអៀនគឺយើងមិនព្រមស្វែងរកដឹងយល់” ។

ខ្ញុំជាអ្នកស្រុកភូមិឫស្សីកែវ គីឡូលេខ ៤ ជាយទីក្រុងភ្នំពេញ ។ ខ្ញុំធ្លាប់ជាក្មេងដើរជើងទទេទៅរៀនសាសាបឋមសិក្សាភូមិឫស្សីកែវដែលប្រក់ស្លឹកនិងមានដំបូលធ្លុះ ។ ទោះបីចាប់ពីថ្នាក់កុមារដ្ឋានដល់អាទិកដ្ឋានខ្ញុំធ្លាប់បានត្រូវរំពាត់ធាងកន្ទួតនិងមែកឫស្សីដោយប្រការ ផ្សេងៗ ឪពុកខ្ញុំតែងតែនិយាយមិនដាច់ពីមាត់ថាគាត់ចង់ឃើញខ្ញុំរៀនឲ្យបានចប់ចុងចប់ដើមដើម្បីធ្វើការជួយប្រទេសជាតិ ។ ខ្ញុំធ្លាប់នឹកគិតក្នុងចិត្តថាឪពុកខ្ញុំកំពុងយល់សុបិនចម្លែកហើយ ព្រោះខ្ញុំជាក្មេងហែករបងអំពិលទឹកលួចទៅមើលល្ខោនបាសាក់នៅគីឡូលេខ ៦ ទេតើ ។ តែចាប់ពីថ្នាក់មជ្ឈិមដ្ឋានដល់ឧត្តមដ្ឋាន ខួរក្បាលខ្ញុំបានទទួលការវាយប្រហារឥតស្បើយពីលោកគ្រូបង្រៀន “ប្រូហ្គ្រេសស៊ីស្ទ” ដែលទាមទារឲ្យសិស្សក្មេងៗប្រើ “ខួរក្បាលមួយគីឡូក្រាម” ដើម្បីសេចក្តីភ្លឺស្វាងនៅអនាគតជា “មនុស្សមានសេរីភាព” និង ទទួលខុសត្រូវលើអនាគតប្រទេសជាតិ ។ ខ្ញុំចាំបានថាខ្ញុំចង់យំបន្តិចចង់សើចបន្តិច ។ ខ្ញុំលួចក្រឡេកមើលឆ្វេងស្តាំព្រោះចង់បញ្ជាក់ថានរណាខ្លះដែលជា “អ្នកទទួលខុសត្រូវ” លើអនាគតប្រទេសជាតិ ។ នៅក្នុងចំណោមមិត្តរួមថ្នាក់របស់ខ្ញុំ ខ្ញុំឃើញអាមួយជាតួត្លុកកំប្លែងសុទ្ធសាត អាពីរជាអ្នក “អាន់ជ្រី អាងយ៉ាង” គេ អាបីប្រុងតែយំ – គេថាវានៅមិនទាន់ឈប់នោមដាក់ខោនៅឡើយ ។ល។ និង ។ល។

មុននឹងខ្ញុំចេញមករៀននៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦១ ខ្ញុំនៅរៀនឯសាលាថ្មប្រក់ក្បឿងវិទ្យាល័យស៊ីសុវត្ថ ។ លោកគ្រូអក្សរសាស្ត្រខ្មែរដែលណែនាំខ្ញុំក្នុងការរៀនសូត្រគឺលោក ពឹង សយ ចាងហ្វាងកាសែត “ប្រជាជន” ។

នៅឆ្នាំ ១៩៦១-១៩៦២ ខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យអាមេរិកាំងមួយនៅក្នុងរដ្ឋអូហាយោ Ohio នៅក្រោមកម្មវិធី American Field Service ។ គឺនៅទីនោះហើយដែលទស្សនៈ “ខួរក្បាលមួយគីឡូក្រាម” ពីសាលាភូមិឫស្សីកែវបានប្រឈមការសាកល្បង ៖ គឺពិភពដែលខ្ញុំស្គាល់តាំងពីក្មេងបានត្រូវប្រែក្រឡាប់ទាំងផ្នែកសង្គម ផ្នែកវប្បធម៌ និងផ្នែកបញ្ញា ។

ខ្ញុំនៅចាំថា លោកគ្រូបង្រៀន លោកនីតិ បាននិយាយប្រាប់ខ្ញុំឥតឈប់ អំពី “សេរីភាពក្នុងការបញ្ចេញមតិ” ។ ខ្ញុំនៅចាំបានទៀតថា ខ្ញុំបែកញើសជោគអាវនៅពេលពលរដ្ឋសាមញ្ញអាមេរិកាំងម្នាក់បង្ហាញសំបុត្រគាត់បានសរសេរដោយបញ្ចេញឈ្មោះខ្ញុំទៅប្រាប់លោកប្រធានាធិបតី ហ្ចន អេហ្វ កេណ្ណឺឌី John F. Kennedy ថារដ្ឋាភិបាលអាមេរិកត្រូវតែគោរព អព្យាក្រឹតភាពកម្ពុជា ។ ខ្ញុំបារម្ភខ្លាចក្រែងរាជរដ្ឋាភិបាលភ្នំពេញចោទប្រកាន់ថាខ្ញុំធ្វើនយោបាយ ។ ម្យ៉ាងវិញទៀតនៅកម្ពុជាពលរដ្ឋមិនសរសេរទៅបង្គាប់មេដឹកនាំដូចខ្ញុំបានអានក្នុងសំបុត្រនោះទេ ។ ខ្ញុំរំភើបដោយឃើញពិភពចាស់របស់ខ្ញុំកំពុងទទួលការគំរាមកំហែង ។
នៅឆ្នាំ ១៩៦៣ នៅត្រីមាសទី ១ នៅសកលវិទ្យាល័យនៅរដ្ឋអូហាយោ សាស្ត្រាចារ្យបានបង្គាប់ខ្ញុំឲ្យអានសំណេររបស់កវីអាមេរិកាំងម្នាក់ឈ្មោះ រ៉ាល់ហ្វ វ៉ល់ដូ អេមឺរ៍សុន Ralph Waldo Emerson (១៨០៣-១៨៨២ ) ដែលបានសរសេរថា “គំនិតជាបុព្វបុរសនៃរាល់សកម្មភាព” ។ លោកថាគំនិតល្អៗរបស់លោកមិនមែនជាគំនិតដើមរបស់លោកទេ តែជាគំនិតលោកបានរៀនពីអ្នកដទៃ ។ ខ្ញុំនឹកដល់ពាក្យពេចន៍របស់បរមគ្រូ ខុង ជឺ និងរបស់ព្រះពុទ្ធដែលខ្ញុំធ្លាប់បានអានពីមុនមក ។ ដោយមានការលើកទឹកចិត្តពីសាស្ត្រាចារ្យ ខ្ញុំក៏បង្កើតរូបមន្ត “យោង ព្យួរ ត ភ្ជាប់” ។

បរមគ្រូ ខុង ជឺ មានប្រសាសន៍ត្រូវណាស់ថាគ្មាននរណាបើកសៀវភៅហើយមិនបានរៀនអ្វីសោះនោះទេ ។ សំណេររបស់កវី អេមឺរ៍សុន អំពីឯកត្តភាព individuality និងសេរីភាព liberty បានធ្វើឲ្យខ្ញុំចង់យល់ចង់ដឹងថែមទៀត ។ មានពាក្យសម្តីខ្លះរបស់លោកដែលមានឥទ្ធិពលដូចអំពូលអគ្គិសនីបញ្ចេញពន្លឺបន្តិចម្តងៗនៅក្នុងបន្ទប់ងងឹតនៃខួរក្បាលខ្ញុំ ។ ខ្ញុំបានទន្ទេញឃ្លាមួយដែលលោកបានសរសេរអំពី “សមត្ថភាពរបស់មនុស្សក្នុងការសម្រេចបាននូវអ្វីៗស្ទើរតែទាំងអស់” ។ ឃ្លានេះបានរុញអារម្មណ៍ខ្ញុំឲ្យលោតកញ្ជ្រោល ។ ខ្ញុំបានសួរខ្លួនឯងជាប្រចាំថា តើក្មេងដើរជើងទទេទៅរៀននៅសាលាស្លឹកដំបូលធ្លុះដូចរូបខ្ញុំអាចមាន “សមត្ថភាព” ចាប់យកនូវអ្វីដែលខ្ញុំប៉ុនប៉ងបានឬទេ ? មិនយូរប៉ុន្មានខ្ញុំបាន “យោង ព្យួរ ត ភ្ជាប់” សំណេររបស់លោក អេមឺរ៍សុន នៅក្នុងទសវត្សរ៍ ១៨០០ ទៅនឹងដំបូន្មានរបស់ព្រះពុទ្ធនិងបរមគ្រូ ខុង ជឺ និងទស្សនៈលោក សូក្រាត លោក ប្លាតុង និង លោក អារីស្តូត នៅមុនគ្រិស្តសករាជ ។

រឿងមួយដែលអស្ចារ្យសម្រាប់ខ្ញុំគឺថាសំណេររបស់កវីអាមេរិកាំងបានញុំាងចិត្តខ្ញុំឲ្យលុះក្នុងការសិក្សាចូលរៀនវិទ្យាសាស្ត្រនយោបាយចាប់ពីឆ្នាំ ១៩៦៣ ដល់ ១៩៦៧ ។

ជារៀងរហូតមក កត្តាសៀវភៅ សាលារៀនជាន់ខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយ ជំនឿ និងការពិសោធន៍ផ្សេងៗ បានបំពេញមុខងារជាភ្នាក់ងារ “សង្គមូបនីយកម្មនយោបាយ” political socialization បណ្តុះគំនិត អាកប្បកិរិយានិងឥរិយាបថនយោបាយរបស់ខ្ញុំនៅសហរដ្ឋអាមេរិក ។ ដំណើរការរូបបរិវត្តន៍របស់ខ្ញុំចូលទៅក្នុងពិភពមួយថ្មីបានប្រព្រឹត្តឡើង ។ ភ្ជាប់ដោយជំនឿទៅលើតម្លៃក្នុងការទាមទារសិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងការជួយគាំពារស្មើគ្នានៅក្រោមច្បាប់ សង្គមូបនីយកម្មនយោបាយបានជួយខ្ញុំឲ្យប្រឈមនឹងវប្បធម៌ខ្មែរដែលខ្ញុំបានរៀបរាប់នៅក្នុងអត្ថបទ “សច្ចាធិដ្ឋាន ៖ រដ្ឋធម្មនុញ្ញ” នាថ្ងៃទី ១១ ធ្នូ ។ ខ្ញុំបានទទួលបរិញ្ញាប័ត្រវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ ១៩៦៧ សញ្ញាប័ត្រអនុបណ្ឌិតនៅទីក្រុងវ៉ាស៊ិនតោននៅឆ្នាំ១៩៦៩ និងទីបញ្ចប់សញ្ញាប័ត្របណ្ឌិតនៅរដ្ឋ ម៉ីហ្ស៊ីហ្គិន នៅឆ្នាំ១៩៨០ ។

ទោះបីខ្ញុំបានទទួលការផ្គត់ផ្គងដោយគុណសម្បត្តិនៃពិភពថ្មី ខ្ញុំក៏នៅតែដកយកគុណសម្បត្តិនៃពិភពវប្បធម៌ខ្មែររយឆ្នាំដែលបានលូតលាស់ក្នុងស្មារតីខ្ញុំតាំងពីវ័យកុមារមករចនាឆ្នៃប្រឌិត ។ ខ្ញុំបង្វែរគុណសម្បត្តិខ្មែរក្នុងគោលការណ៍ “គោរព កោតខ្លាច ស្មោះត្រង់ បម្រើ ការពារ” បុគ្គលដឹកនាំមកកាន់គោលការណ៍ “គោរព កោតខ្លាច ស្មោះត្រង់ បម្រើ ការពារ” ឧត្តមគតិវិញ ។ ខ្ញុំស្រឡាញ់និងកោតសរសើរការអះអាងរបស់លោកប្រធានាធិបតី កេណ្ណឺឌី ដែលថា “ប្រជាជាតិអាចលេចឡើងឬលិចចុះ មនុស្សអាចស្លាប់ តែគំនិតនៅរស់រានជាដរាប” ។ ខ្ញុំ “យោង ព្យួរ ត ភ្ជាប់” ទស្សនៈនិងដំបូន្មាននៃពិភពលោកខាងកើតទៅនិងលោកខាងលិច ។ នៅក្នុងជីវិតខ្ញុំ ខ្ញុំអនុវត្តការប្រៀនប្រដៅរបស់លោកគ្រូ ខុង ជឺ ថា “ភាពរាបសារជាមូលដ្ឋានគ្រឹះនៃគុណធម៌ទាំងអស់” ។ ហើយខ្ញុំជឿថាតុល្យភាពគុណសម្បត្តិនៃពិភពលោកទាំងពីរជាកត្តាប្រសើរសម្រាប់ស្ថិរភាពនិងសន្តិភាពក្នុងលោក ។

យើងធ្លាប់ស្តាប់ឮពាក្យទូន្មានរបស់អ្នកនិពន្ធនិងរដ្ឋបុរសជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ យោហ៉ាន វ៉ុលហ្វ៍ហ្គាំង វ៉ន ហ្គឺតេ Johann Wolfgang von Goethe (១៧៤៩-១៨៣២ ) ថា ៖ “Knowing is not enough; we must apply. Willing is not enough; we must do” ឬ “ចេះដឹងហើយនៅមិនគ្រប់គ្រាន់ទេ យើងត្រូវអនុវត្ត – មានឆន្ទៈហើយក៏នៅមិនគ្រប់គ្រាន់ដែរ យើងត្រូវធ្វើសកម្មភាព” ។ ពាក្យស្លោកអាមេរិកាំងមួយថ្លែងថា “Put your money where your mouth is” ឬ “ដាក់តម្លៃប្រាក់លើសំដីដែលចេញពីមាត់” មានន័យថា និយាយស្តីជាការងាយធ្វើតែសូមធ្វើសកម្មភាពឲ្យបានដូចពាក្យសំដីនិយាយផង ។

អំឡុងពេលដែលខ្ញុំកំពុងរៀននៅក្នុងកម្មវិធីសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យ ម៉ីហ្ស៊ីហ្គិន Michigan ទីក្រុងអានអារ៍បឿរ៍ Ann Arbor សម្តេចសីហនុបានត្រូវសភាខ្មែរដកហូតពីមុខតំណែងជាប្រមុខរដ្ឋនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ។ ខ្ញុំបានចារនៅលើប្រតិទិននៅថ្ងៃនោះថា “ថ្ងៃសោកសៅ” ព្រោះខ្ញុំយល់ថាការដកហូតអំណាចពីទេវរាជនៅក្នុងសង្គមដែលគោរពវប្បធម៌ខ្មែររយឆ្នាំជាគ្រោះថ្នាក់ធំណាស់ ។ វិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជាបានវិវត្តលឿនក្រៃលែង ។ សង្គ្រាមនៅក្នុងប្រទេសក៏បានផ្ទុះឡើងដែរ ។ ព័ត៌មានគ្រប់បែបយ៉ាងបានហូរហៀរចេញពីកម្ពុជា ។ ខ្ញុំបានសុំសេចក្តីអនុញ្ញាតពីសកលវិទ្យាល័យដកខ្លួនមួយឆមាសពីកម្មវិធីសិក្សាដើម្បីទៅធ្វើទស្សនាការនៅកម្ពុជាដែលខ្ញុំបានឃ្លាតចេញតាំងពីឆ្នាំ១៩៦៣ ។

ខ្ញុំបានសរសេរផ្សាយជាច្រើនណាស់មកហើយអំពីនយោបាយរបស់សម្តេចប្រមុខរដ្ឋ សកម្មភាពយួនកុម្មុយនិស្តនៅលើទឹកដីខ្មែរ ព្រឹត្តិការណ៍ថ្ងៃទី ១៨ មីនា ការប្រកាសសាធារណរដ្ឋ ថ្ងៃទី ៩ តុលា ១៩៧០ (សូមអានអត្ថបទនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។ នៅថ្ងៃនេះខ្ញុំសូមបង្រួញឲ្យខ្លីថា ខ្ញុំបានជួបអ្នកស្រុកអ្នកភូមិនៅតំបន់ជុំវិញភ្នំពេញ បានពិភាក្សាជាមួយយុវជននិងយុវនារីខ្មែរ និស្សិតនិងអ្នកស្ម័គ្របម្រើក្នុងជួរកងទ័ព ។ ខ្ញុំបានទៅចូលរួមក្នុងសកម្មភាពសឹកជាមួយពលទាហាននិងនាយទាហាននៅក្នុងសមរភូមិក្តៅដូចជាសមរភូមិតាំងគោក ព្រះប្រសប់ នៅជាយភ្នំពេញ ។ ខ្ញុំបានគេងស្តាប់ស្នូរគ្រាប់បែកទម្លាក់ពីយន្តហោះរំជួលដី បានធ្វើសម្ភាសន៍ជាមួយឈ្លើយសង្គ្រាមជាតិយៀកណាម ។ល។

ខ្ញុំបានវិលមកកាន់សកលវិទ្យាល័យវិញដោយចិត្តសោមនស្ស ។ ពលរដ្ឋខ្មែរដែលខ្ញុំជួបប្រទះបានសំដែងឆន្ទៈចង់ឲ្យមានការកែប្រែនៅក្នុងសង្គមខ្មែរ ។ ខ្ញុំគិតឃើញថាបើដូច្នេះមែន ឆ្នាំ១៩៧០ នេះជាឱកាសអនុគ្រោះឲ្យខ្មែរពិសោធគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសគោលការណ៍សិទ្ធស្មើគ្នា ឱកាសស្មើគ្នា និងការជួយគាំពារស្មើគ្នាចំពោះពលរដ្ឋ ។ ខ្ញុំមិនដែលស្គាល់អ្នកដឹកនាំខ្មែរទាំងខាងបក្សរាជានិយម បក្សខ្មែរក្រហម និងបក្សដែលដក សម្តេចពីតំណែង ប៉ុន្តែខ្ញុំយល់ដឹងល្មមអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។ ខ្ញុំគាំទ្រឱកាសដែលអនុញ្ញាតឲ្យលទ្ធិនេះអាចរស់បាន ។

វិលមកដល់សកលវិទ្យាល័យវិញ ខ្ញុំបាននិពន្ធព្រឹត្តិប័ត្រប្រចាំខែមួយជាភាសាអង់គ្លេសដាក់ឈ្មោះថា REPUBLIC ឬ សាធារណរដ្ឋ ផ្សាយចេញពីទីក្រុងអានអារ៍បឿរ៍ ។ ពីពេលនោះមក ខ្ញុំត្រូវបានគេទទួលស្គាល់ថាជាខ្មែរសាធារណរដ្ឋម្នាក់ ។

ប៉ុន្តែសហរដ្ឋអាមេរិកបានសម្រេចដកទ័ពចេញពីតំបន់ ហើយរបបសាធារណរដ្ឋខ្មែរក៏បានត្រូវដួលរលំនៅក្រោមអំណាចរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពតនៅខែមេសាឆ្នាំ១៩៧៥ ។ នៅអំឡុងពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែលខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជា ខ្ញុំនិងសហការីមួយចំនួនបានផ្តុំគ្នាធ្វើសកម្មភាពថ្កោលទោសខ្មែរក្រហមតាមរយៈព្រឹត្តិប័ត្រ “សតិសម្បជញ្ញៈ” និង ព្រឹត្តិប័ត្រ “សំរែកខ្មែរ” ជាភាសាអង់គ្លេសនិងខ្មែរ ។

នៅពេលប្រទេសយៀកណាមបញ្ជូនកងទ័ពជាងមួយសែននាក់ គាំទ្រដោយរថក្រោះនិងយន្តហោះ វាយប្រហារកងទ័ពប៉ុលពតដែលមានចិនជាទីប្រឹក្សាយោធាផង រត់ប្រសាចដល់ជាយដែនខ្មែរ-ថៃ និងចូលកាន់កាប់រដ្ឋធានីភ្នំពេញនៅថ្ងៃទី ៧ មករា ១៩៧៩ ហើយបានបន្តុបរបបគ្រប់គ្រងកុម្មុយនិស្តអាយ៉ងកម្ពុជា រៀមច្បងខ្មែរយើងបានប្រញាប់បង្កើត “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” (ក.ជ.រ.ប.ខ.) Khmer People’s National Liberation Armed Forces (KPNLAF) នៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ១៩៧៩ នៅជាយដែនកម្ពុជា-ថៃ ដើម្បីប្រឆាំងនឹងយួនឈ្លានពាន ។ ពួកយើងក៏បានបង្កើតគណកម្មាធិការគាំទ្រកងទ័ពរំដោះជាតិ ។ សមាជិកយើងម្នាក់បានទៅចូលរួមជាមួយចលនាតស៊ូនៅជាយដែលខ្មែរ-ថៃ ។ ខ្ញុំបានទៅដល់តំបន់រំដោះនៅឆ្នាំ ១៩៨០ ហើយនៅបម្រើចលនានោះរហូតដល់ឆ្នាំ ១៩៨៩ ។

យើងបានធ្វើសកម្មភាពដូចដែលមាត់របស់យើងបាននិយាយអញ្ចឹង ! ជីវិតរបស់យើងនៅក្នុងជួរចលនាតស៊ូក៏មិនងាយស្រួលដូចការឃោសនាខ្លះបង្អាប់បន្តុះយើងទេ ។ លោកអ្នកដែលអានអត្ថបទរបស់ខ្ញុំអាចនៅចាំបានថា បើគ្មានមិត្តភ័ក្តិឈឺឆ្ងាលជួយដឹកខ្ញុំទៅចូលពេទ្យនៅប្រទេសថៃទាន់ទេ ខ្ញុំនឹងត្រូវស្លាប់ចោលឆ្អឹងដោយសារជម្ងឺគ្រុនចាញ់កាចសាហាវ ហ្វាល់ស៊ីប៉ារ៉ុម falsiparum ។ នៅរដូវប្រាំងឆ្នាំ ១៩៨៤-៨៥ ទ័ពយួនធ្វើការវាយប្រហារបន្ទាយចលនាតស៊ូនៅតាមជាយដែន ដោយបាញ់គ្រាប់ផ្លោងរាប់ពាន់គ្រាប់និងបញ្ជូនរទេះតង់ឲ្យវាយសម្រុកបន្ទាយអំពិល ។ ខ្ញុំនិងសហការីស្ម័គ្រចិត្តពីអាមេរិកបាននៅជាប់ក្នុងលេណដ្ឋានបន្ទាយអំពិលជាមួយលោកអគ្គមេបញ្ជាការនិងសមាជិកគណៈកម្មាធិការប្រតិបត្តិម្នាក់ទៀត ។ នៅក្នុងជីវិតអ្នកតស៊ូគ្មានអ្វីនៅនឹងនទេ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាម រយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com