អាមេរិកបែកបាក់ឬកំពុងត្រូវពុះច្រៀក ?

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ២៩ ខែ កញ្ញា ឆ្នាំ ២០២០

សហរដ្ឋអាមេរិកនៅកំពុងប្រឈមនឹងបញ្ហាស្មុគ្រស្មាញដែលរារំាងមិនឲ្យមហាអំណាចនេះចេញផុតពីកលិយុគនិងវិបត្តិអស្ថិរភាព ។

ខ្ញុំបានសរសេរអត្ថបទមួយចំនួនស្តីអំពីមូលហេតុនិងព្រឹត្តិការណ៍នានាដែលជម្រុញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងភាពវឹកវរ ។ ខ្ញុំមានការព្រួយបារម្ភជាពិសេសដល់អនាគតលទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ដែលសហរដ្ឋអាមេរិកបានធ្វើជាជំហររាប់រយឆ្នាំមកហើយ សម្រាប់មនុស្សទាំងអស់នៅក្នុងពិភពលោក ។

ការតស៊ូរបស់ស្ថាបនិកសហរដ្ឋអាមេរិក “បូជាជីវិត ជោគវាសនា និងកិត្តិយសដ៏ពិសិដ្ឋ” ប្រឆំាងនឹងរបបផ្តាច់ការ tyranny របស់ស្តេចអង់គ្លេស “ហ្ចរ៍ច ទី ៣” King George III ដើម្បី “សិទ្ធដែលមិនអាចបំពានបាន” ពោលគឺ “ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសមួយដែលមនុស្សក្នុងពិភពលោកកោតសរសើរនិងចង់យកធ្វើជាគំរូ ។

សហរដ្ឋអាមេរិកធ្លាប់ជា “ប្រជាជាតិគំនិត” a nation of ideas និងជាទីប្រជុំចម្រុះនៃមនុស្សគ្រប់ពូជសាសន៍និងរាល់ទស្សនៈនយោបាយ a melting pot នៅក្រោមបាវចនា “អ៊ីភ្លួរីប៊ើសយូណឹម” E Pluribus Unum បកប្រែថា “ភាពទីទៃរបស់ពលរដ្ឋបូកបញ្ចូលគ្នាបង្កើតជាចំនួនមួយ” ។ មនុស្សចំណាកស្រុកនិងជនអន្តោប្រវេសន៍រាប់លាននាក់បានជ្រើសរើសសហរដ្ឋអាមេរិកធ្វើជាមាតុប្រទេសថ្មីរបស់ខ្លួនដើម្បីកសាងអនាគត ។

ខ្ញុំមិនដែលនឹកស្មានទាល់តែសោះថាអាមេរិកអាចធ្លាក់ទៅជាប្រទេសមួយដែលមានការបែកបាក់ផ្ទៃក្នុងរហូតដល់កម្រិតមានការភ័យព្រួយខ្លាចមានសង្គ្រាមស៊ីវិលដែលនឹងបំផ្លាញការ
អភិវឌ្ឍន៍និងវឌ្ឍនភាពដែលពលរដ្ឋបានធ្វើពលិកម្ម “ញើសឈាមនិងទឹកភ្នែក” ដើម្បីកសាង ។ សម្រង់នៃចំណងជើងអត្ថបទដូចនៅខាងក្រោមនេះ បង្ហាញថាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងការបែកបាក់ផ្ទៃក្នុងនិងការធ្លាក់ចុះនៃទំនុកចិត្តអន្តរជាតិ ។

មានចំណងជើងអត្ថបទមួយដែលគួរឲ្យចាប់អារម្មណ៍គឺប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជប៉ុនសរសេរថា “សហរដ្ឋអាមេរិកអាចនឹងដួលរលំក្នុងរយៈពេល ១០ ឆ្នាំទៀតដូចជាអតីតសហភាពសូវៀតអ៊ីចឹង!” ។ អ្នកនិពន្ធបានព្រមានថាអាមេរិកកំពុងឈានជើងឆ្ពោះទៅកាន់ “សង្គ្រាមស៊ីវិល” ដែលអាចកើតមានក្នុង “មួយរំពេច” ។ ខ្ញុំអានអត្ថបទនេះជាច្រើនសា ។ ខ្ញុំនឹងអធិប្បាយនៅខាងក្រោមអំពីអត្ថបទមួយនេះដែលធ្វើឲ្យមានមតិជ្រួលច្របល់ជាច្រើន ។

សហរដ្ឋអាមេរិកមានប្រជាពលរដ្ឋជាង ៣៣០ លាននាក់ ។ នៅក្នុងចំណោមនោះពលរដ្ឋមានដើមកំណើតជាខ្មែរមានចំនួនជាង ២ សែន ៧ ម៉ឺននាក់ដែរ ។ ខ្ញុំសូមឧទ្ទិសអត្ថបទខ្ញុំថ្ងៃនេះជូនពលរដ្ឋខ្មែរទាំងនៅក្នុងនិងនៅក្រៅប្រទេសកម្ពុជា ។ អ្វីដែលកើតមានឡើងនៅទីកន្លែងដទៃនឹងជះឥទ្ធិពលប៉ះពាល់ពលរដ្ឋខ្មែរ ។

ខ្ញុំធ្លាប់បានសរសេររួចមកហើយអំពីការគិតនិងការសរសេររបស់ខ្ញុំដែលឈរលើក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” describe-analyze-forecast ។ ក្របខ័ណ្ឌនេះតម្រូវឲ្យយើងប្រើខួរក្បាលគិតឲ្យបានល្អិតល្អន់និងស៊ីជម្រៅជាមូលដ្ឋាន ដើម្បីតុបតែងសេចក្តីពិពណ៌នាដោយឥតលំអៀងអំពីប្រធានបទដែលសិក្សា (សូមអញ្ជើញអាននិងស្តាប់ការផ្សាយអំពីសកម្មភាពប្រើខួរក្បាលដើម្បីធ្វើការគិត នៅក្នុងអត្ថបទ “បង្កើតមហិច្ឆតាប្រឆាំងនឹងមហិច្ឆតា” ចុះថ្ងៃទី១ មករា ២០២០” ) ។ បន្ទាប់ពីការគិត យើងត្រូវវិភាគអំពីរូបភាពដែលយើងបានអធិប្បាយដើម្បីស្វែងរកហេតុផលច្បាស់លាស់មុននឹងយើងចូលដល់ដំណាក់ការព្យាករណ៍អនាគត ។ យើងមិនអាចព្យាករណ៍អនាគតឲ្យបានឆុតដូចគ្រូទាយបានឡើយ ដូច្នេះយើងត្រូវពិនិត្យពិច័យអំពី “ទ្រង់ទ្រាយ” នៃអនាគតកាល ។ រួចហើយយើងត្រូវពិចារណាបង្កើតវិធីប្រឈមមុខនឹងអនាគតកាលនោះ ។

ខ្ញុំបានលើកមកសរសេរជាច្រើនអំពីបញ្ហាធំៗនៅអាមេរិកដែលខ្ញុំឃើញថាជម្រុញអាមេរិកឲ្យធ្លាក់ចូលក្នុងកលិយុគដែលកំពុងតែគំរាមកំហែងអាយុជីវិតប្រទេសនេះ ។ ខ្ញុំជាអ្នកគាំទ្រគោលគំនិតនិងគោលការណ៍ច្រើនជាងគំាទ្របុគ្គលដឹកនាំ ។

១. ការរីករាលដាលនៃការរើសអើងជាតិសាសន៍ស្បែកសម្បុរមានឫសគល់ជាង ៤០០ ឆ្នាំហើយ (សូមលោកអ្នកអញ្ជើញអាននិងស្តាប់ការផ្សាយអត្ថបទ “ការវិវត្តនៃភាពជាអ្នកដឹកនាំអាមេរិក” ចុះថ្ងៃទី ១៨ កក្កដា ២០២០) ។ មរណភាពនៃជនស្បែកខ្មៅឈ្មោះ ហ្ចរ៍ច ហ្វ្ល័ដ George Floyd ដោយប៉ូលីសស្បែកសចុចជង្គង់នៅលើកញ្ចឹងករហូតដាច់ដង្ហើមស្លាប់នៅរដ្ឋ មីណេសូតា នាខែឧសភា ២០២០ ជារឿងសម័យថ្មីតែមានឫសកែវចាស់ ។

ជាធម្មតាសកម្មភាពតែងនាំមកនូវប្រតិកម្ម ។ ខណៈដែលសកម្មភាពបាតុកម្មចោទប្រកាន់ប៉ូលីសថាប្រើអំណាចហួសព្រំដែន និងប្រឆាំងអយុត្តិធម៌ពូជសាសន៍ ឈរនៅលើវិសោធនកម្មទីមួយ First Amendment នៃរដ្ឋធម្មនុញ្ញដែលគំាពារសិទ្ធពលរដ្ឋឲ្យជួបប្រជុំនិងធ្វើញត្តិប្តឹងអាជ្ញាធរឲ្យជួយដោះស្រាយបញ្ហា ប្រតិកម្មរបស់អាជ្ញាធរប្រើប្រាស់អំណាចតបនឹង “បាតុកម្ម-ក្លាយ-កុបកម្មពូជសាសន៍” ធ្វើឡើងក្នុងនាម “ច្បាប់និងសណ្តាប់ធ្នាប់” law and order ។

បញ្ហាបង្កើតតុល្យភាពរវាងសិទ្ធសេរីភាពនិងការអនុវត្តច្បាប់និងសណ្តាប់ធ្នាប់ជាបញ្ហាដែលមនុស្សជាតិបានព្យាយាមដោះស្រាយតាំងពីយូរយារមកហើយ ។ លោកសាស្ត្រាចារ្យ
ហ្ចេមស៍ គ្យូ វិលសុន James Q. Wilson (១៩៣១-២០១២) ជំនាញផ្នែករដ្ឋបាលសាធារណៈបានសរសេរថា “បើគ្មានសេរីភាពទេ ច្បាប់ត្រូវបាត់បង់ធម្មជាតិនិងឈ្មោះជាច្បាប់ហើយក្លាយទៅជាការជិះជាន់។ បើគ្មានច្បាប់ទេ សេរីភាពត្រូវបាត់បង់ធម្មជាតិនិងឈ្មោះជាសេរីភាពហើយក្លាយទៅជាការប្រព្រឹត្តស្រេចនឹងអំពើចិត្ត” ។ លោក Theodore Roosevelt ប្រធានាធិបតីអាមេរិកទី ២៦ ឆ្នាំ ១៩០១-១៩០៩ បានព្រមានថា “សណ្តាប់ធ្នាប់ដែលគ្មានសេរីភាពនិងសេរីភាពដែលគ្មានសណ្តាប់ធ្នាប់វាបំផ្លិចបំផ្លាញស្មើភាពគ្នាទេ” ។

ដរាបណាការ “រើសអើងជាតិសាស្ត្រស្បែកសម្បុរ” នៅតែបន្តនៅអាមេរិកដែលចាប់ពីកំណើតលើកតម្កើងភាពពិសិដ្ឋនៃ “ជីវិតសេរីភាពនិងការស្វែងរកសុភមង្គល” និងស្វាគមន៍មនុស្សរាល់សញ្ជាតិនិងរាល់ទស្សនៈនិងជំនឿ ទំនាស់រវាងការឱបក្រសោបវិសោធនកម្មទី១និងការអនុវត្តច្បាប់និងសណ្តាប់ធ្នាប់ជាការមួយគេចមិនផុត ។ លក្ខណៈគុណសម្បត្តិនិងបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំអាចតម្រង់សង្គមឆ្ពោះទៅកាន់ត្រើយបន្ធូរបន្ថយភាពតានតឹងបាន ។

២. ការរីករាលដាលនៃអត្តាធិបតេយ្យពង្រីកអំណាចនាបច្ចុប្បន្ន (សូមអានអត្ថបទ “សច្ចាធិដ្ឋាន៖ រដ្ឋធម្មនុញ្ញ” ចុះថ្ងៃទី ១១ ធ្នូ ២០១៩ – “បង្កើតមហិច្ឆតាប្រឆាំងនឹងមហិច្ឆតា” ចុះថ្ងៃទី ១ មករា ២០២០ – “បណ្តាសាចិន៖ រស់ក្នុងគ្រាគួរឲ្យចប់អារម្មណ៍” ចុះថ្ងៃទី ២០ កុម្ភៈ ២០២០ ។ល។ ) ជាភាពផ្ទុយនឹងភាពពិសិដ្ឋនៃគោលការណ៍នីតិរដ្ឋរបស់ស្ថាបនិកសហរដ្ឋអាមេរិកដែលកំណត់អំណាចរដ្ឋាភិបាល បំបែកអំណាចគ្រប់គ្រង បង្កើតតុល្យភាពអំណាច ។

ស្ថាបនិកអាមេរិកកំណត់របបអត្តាធិបតេយ្យដែលប្រមូលអំណាចនីតិប្បញ្ញត្ត អំណាចប្រតិបត្តិ និងអំណាចតុលាការមកកាន់ក្តោបថាជារបបផ្តាច់ការ ។ អត្តាធិបតេយ្យអាមេរិកបានប្រែក្រឡាអាមេរិកដែលក្នុងទំនាមទម្លាប់ជឿលើហេតុផលនិងលើគោលការណ៍ឧត្តមឲ្យក្លាយទៅជាអាមេរិកដែលជឿផ្កាប់មុខលើគណបក្សនិយមនិងបុគ្គលនិយម ។ បាវចនាដែលបូកបញ្ចូល “ភាពទីទៃ” របស់ពលរដ្ឋឲ្យបានទៅជា ”ចំនួនមួយ” បានបាត់បង់អត្ថន័យអស់ ។ សប្បុរសធម៌និងបដិសណ្ឋារកិច្ចអាមេរិកបានដាក់ជាចំណុះទស្សនៈ “អាមេរិកមុនគេ” ។
៣. ការរីករាលដាលនៃជំងឺរាតត្បាតកូវិដ-១៩ ៖ សូមអាននិងស្តាប់ការផ្សាយអត្ថបទ “កូវិដ-១៩៖ ការពិតនិងនយោបាយូបនីយកម្ម” ចុះថ្ងៃទី ២៦ មេសា ២០២០ ស្តីអំពីឫសគល់និង
ការវិវត្តន៍កូវិដ-១៩ នៅអាមេរិក ។ ជាខ្លី មេរោគកូវិដ-១៩ កំពុងឆ្លងដល់ពលរដ្ឋចំនួនពី ៤ ម៉ឺន ដល់ ៦ ម៉ឺននាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យស្លាប់ពលរដ្ឋប្រមាណជាង ១ ពាន់នាក់ជារៀងរាល់ថ្ងៃ និងធ្វើឲ្យពលរដ្ឋជាង ១២,៦ លាននាក់ដែលបាត់បង់ការងារចិញ្ចឹមជីវិតកំពុងអង្វរ
រដ្ឋាភិបាលឲ្យជួយសង្គ្រោះ ។

ពីថ្ងៃទី ២០ មករាដែលបញ្ជាក់អំពីករណីទី១នៃកូវិដ-១៩នៅអាមេរិក មកដល់ថ្ងៃទី ២៥ កញ្ញា គឺរយៈពេល ៨ ខែ កូវិដ-១៩ បានឆ្លងដល់ពលរដ្ឋចំនួនជាង ៧ លាននាក់ និងធ្វើឲ្យស្លាប់ជាង ២ សែន ៣ ពាន់នាក់ ។ សហរដ្ឋអាមេរិកជាប្រទេសនាំមុខពិភពលោកក្នុងចំនួនករណីមេរោគឆ្លងនិងចំនួនមរណភាពដោយសារមេរោគ ។

ដើម្បីសម្រួលជូនលោកអ្នកដែលស្តាប់ការផ្សាយអត្ថបទនេះតែអាចមិនបានឃើញតារាងស្ថិតិ ខ្ញុំសូមអធិប្បាយអំពីតារាងស្ថិតិជាខ្លីដូចតទៅ ៖

ពីថ្ងៃបញ្ជាក់ករណីទី១ នៃមេរោគឆ្លងកូវិដ-១៩ នាថ្ងៃទី ២០ មករា មកទល់ថ្ងៃទី ២៨ មេសា កូវិដ-១៩បានឆ្លងដល់ពលរដ្ឋចំនួនជាង ១ លាន ១ ម៉ឺននាក់ គឺក្នុងរយៈពេល ៦៩ ថ្ងៃ ។ ពីថ្ងៃប្រកាសមរណភាពទី ១ នាថ្ងៃទី ២៩ កុម្ភៈមកទល់ថ្ងៃទី ២៨ មេសា កូវិដ-១៩បានធ្វើឲ្យពលរដ្ឋជាង ៥ ម៉ឺន ៨ ពាន់នាក់ស្លាប់ គឺក្នុងរយៈពេល ៦០ ថ្ងៃ ។ ក៏ប៉ុន្តែ ២៩ ថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៧ ឧសភា ចំនួនពលរដ្ឋដែលស្លាប់ដោយកូវិដ-១៩ បានឡើងដល់ជាង ១ សែន ៤ រយនាក់ ។

នាថ្ងៃទី ១១ មិថុនា ពលរដ្ឋជាង ១ លាននាក់ថែមទៀតបានត្រូវកូវិដ-១៩ ឆ្លងដល់ គឺរយៈពេល ១៤ ថ្ងៃក្រោយមក តម្លើងចំនួនរោគឆ្លងដល់ជាង ២ លាន ២ ម៉ឺននាក់ ។ នាថ្ងៃទី ៨
កក្កដា គឺ ២៧ ថ្ងៃក្រោយមកទៀត កូវិដ-១៩បានឆ្លងដល់ពលរដ្ឋជាង ១ លាននាក់ទៀត គឺ
តម្លើងចំនួនពលរដ្ឋដល់ ជាង ៣ លាន ៥ ម៉ឺននាក់ ។ ពោលគឺមេរោគកូវិដ-១៩បានឆ្លងដល់មនុស្សម្តង ១ លាននាក់ក្នុងរយៈពេលយ៉ាងខ្លី ។

នៅថ្ងៃទី ២៣ កក្កដា គឺ ១៥ ថ្ងៃក្រោយពីថ្ងៃទី ៨ កក្កដា ចំនួនពលរដ្ឋដែលកូវិដ-១៩ឆ្លងដល់ បានកើនឡើងដល់ជាង ៤ លាន ៣ ម៉ឺននាក់ ។ ១៧ ថ្ងៃក្រោយមកទៀត គឺនាថ្ងៃទី ៩ សីហា ចំនួនពលរដ្ឋដែលកូវិដ-១៩ បានឆ្លងដល់បានកើនឡើងដល់ជាង ៥ លាន ២ ពាន់នាក់ ។ នាថ្ងៃទី ៣១ សីហា ចំនួនពលរដ្ឋដែលបានត្រូវមេរោគឆ្លងដល់ បានកើនដល់ជាង ៦ លាន ៦ ពាន់នាក់ ។ នាថ្ងៃទី ២៥ កញ្ញា គឺ ២៥ ថ្ងៃក្រោយមកទៀត ចំនួនពលរដ្ឋដែលកូវិដ-១៩បានឆ្លងដល់កើនដល់ជាង ៧ លាន ៣ ម៉ឺននាក់ ។

ចំនួនពលរដ្ឋអាមេរិកដែលស្លាប់ដោយកូវិដ-១៩ បានកើនពីជាង ១ សែន ៤ រយនាក់នាថ្ងៃ ២៧ ឧសភា ដល់ជាង ២ សែននាក់នៅថ្ងៃទី ២២ កញ្ញា គឺក្នុងរយៈពេល ៤ ខែ ។

ខ្ញុំសូមបង្វែអារម្មណ៍លោកអ្នកឲ្យកត់សំគាល់ថា នៅក្នុងរយៈពេល ៨ ខែនេះដែលពលរដ្ឋអាមេរិកចំនួនជាង ៧ លាន ៣ ម៉ឺននាក់បានត្រូវមេរោគកូវិដ-១៩ឆ្លងដល់ និងជាង ២ សែននាក់បានត្រូវស្លាប់ នៅប្រទេស តៃវ៉ាន់ កូវិដ-១៩ បានឆ្លងដល់ពលរដ្ឋគេតែ ៥១០ នាក់ទេ និងបានធ្វើឲ្យស្លាប់ពលរដ្ឋគេត្រឹម ៧ នាក់ប៉ុណ្ណោះ រីឯនៅប្រទេសសិង្ហបុរី កូវិដ-១៩ បានឆ្លងដល់ពលរដ្ឋគេជាង ៥ ម៉ឺននាក់ និងបានធ្វើឲ្យពលរដ្ឋស្លាប់ ២៧ នាក់ ។

ជំនាញវេជ្ជសាស្ត្រទូទៅបានទូន្មានឥតឈប់ថាទំរាំដល់ពេលមានវ៉ាក់សាំងចាក់ការពារខ្លួន មនុស្សត្រូវការពារខ្លួនដោយលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ រក្សាអនាម័យផ្ទាល់ខ្លួន រក្សាគម្លាតពីគ្នាប្រមាណជា ៦ ហ្វីត ឬ ១.៨ ម៉ែត្រ ពាក់ម៉ាសគ្របមាត់ច្រមុះ និងចៀសវាងទីកន្លែងសាធារណៈដែលមានមនុស្សរួមប្រជុំច្រើន ។ (សូមអាន “កម្ម-ផលនៃនយោបាយូបនីយកម្មកូវិដ-១៩” ចុះថ្ងៃទី ៧ ឧសភា ស្តីអំពីផែនការ ៤ ចំណុចក្នុងការទប់ស្កាត់កូវិដ-១៩ ) ។

ពីដំបូងជំនាញមេរោគឆ្លងព្រមានអំពីដំណក់ដង្ហើម droplets ដែលនាំមេរោគចេញតាមមាត់និងច្រមុះ ។ ឥឡូវគេបញ្ជាក់ថាមានភាគល្អិតជាង droplets ហៅថា aerosols ហោះហើរតាមធាតុអាកាសនៅពេលមនុស្សនិយាយសម្លេងខ្លាំង ច្រៀង ស្រែក កណ្តាស់ ឬ ក្អក ដែលចម្លងមេរោគទៅឆ្ងាយជាង ៦ ហ្វីតទៅទៀត ។ តើមានអ្វីគួរឲ្យឆ្ងល់បើអាមេរិកនាំមុខពិភពលោកក្នុងកូវិដ-១៩ ?

យោងតាមរូបភាពខាងលើនេះ ចូរលោកអ្នកអាននិងស្តាប់ជឿចុះថាបញ្ហាកូវិដ-១៩នៅជាបញ្ហាធំមួយដែលលំអក់អនាគតសហរដ្ឋអាមេរិក ។

ដែលគួរឲ្យភ្ញាក់ផ្អើលគឺការផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ចេញពីសេតវិមានអំពីទ្រឹស្តី “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” herd immunity ។

តាមទ្រឹស្តីនេះ ទោះបីនៅមិនទាន់មានវ៉ាក់សំាងចាក់ការពាររោគឆ្លងកូវិដ-១៩ក៏ដោយក៏មេរោគឆ្លងនឹងសាបរលាបទៅវិញបន្ទាប់ពីពលរដ្ឋភាគច្រើនបានត្រូវមេរោគឆ្លងដល់ ។ ពោលគឺបើមនុស្សភាគច្រើនបានត្រូវមេរោគកូវិដ-១៩ឆ្លងដល់ហើយ កូវិដ-១៩មិនអាចឆ្លងរាលដាលតទៅទៀតបានទេ ។

អ្នកជំនាញខាងរោគឆ្លងបានឲ្យដឹងថា ត្រូវមានមនុស្សចំនួនពី ៦០% ទៅ ៨០% ទទួលបាន natural antibodies — ដែលជាជាតិប្រូតេអ៊ីននៅក្នុងខ្លួនបង្កើតឡើងតាមរយៈប្រព័ន្ធភាពសុំា immune system — ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងនិងទប់ស្កាត់កុំឲ្យវាឆ្លងនៅអនាគត ។

តាមទ្រឹស្តីនេះ ជាតិ antibodies ដុះនៅក្នុងខ្លួនមនុស្សក្នុងរយៈពី ១ ទៅ ៣ អាទិត្យ ។ ក៏ប៉ុន្តែនៅបច្ចុប្បន្នគេមិនទាន់ដឹងប្រាកដថាតើមនុស្សដែលមាន antibodies នៅក្នុងខ្លួនអាចសុំានឹងមេរោគឆ្លងដែរឬទេ ហើយតើអាចសុំាបានក្នុងរយៈពេលប៉ុន្មានខែ ។ ហើយគេក៏នៅមិនទាន់ដឹងប្រាកដថាវ៉ាក់សំាងអាចការពារនឹងកូវិដ-១៩ប្រកបដោយប្រសិទ្ធភាពដែរឬយ៉ាងណា ។

ទ្រឹស្តីភាពសុំានឹងមេរោគបានបង្កើតការជ្រួលច្របល់ជាច្រើន ។ ពីព្រោះថា បើពលរដ្ឋអាមេរិកចំនួន ៧ លាននាក់បានត្រូវកូវិដ-១៩ឆ្លងដល់ ហើយអាមេរិកមានពលរដ្ឋជាង ៣៣០ លាននាក់ តើចំនួនមនុស្ស ៦០% ទៅ ៨០% ដែលត្រូវសម្រេចបាននូវ “ភាពសុំានឹងមេរោគឆ្លង” ឬ herd immunity បកប្រែជាតួលេខចំនួនមនុស្សប៉ុន្មាននាក់ដែរ ?

កាសែត វ៉ាស៊ិនតោនប៉ុស្តិ៍ បានគណនារកចម្លើយ ហើយបានចេញផ្សាយនៅថ្ងៃទី ១៥ កញ្ញាថា ដើម្បីសម្រេច “ភាពសុំានឹងមេរោគឆ្លង” ពលរដ្ឋប្រមាណជាជិត ៣ លាននាក់ត្រូវទទួលមរណភាព ។

នៅថ្ងៃទី ២៥ កញ្ញា ពលរដ្ឋអាមេរិកចំនួនជាង ២ សែននាក់បានត្រូវស្លាប់រួចទៅហើយ ។ សំនួរ គឺថា តើចំនួនជិត ៣ លាននាក់ដែលនឹងត្រូវស្លាប់នោះអាចមានពលដ្ឋមានកំណើតជាខ្មែរចំនួនប៉ុន្មាននាក់ដែរ ?

សូមបញ្ជាក់ថានៅថ្ងៃទី ២៨ កញ្ញានេះ នៅជុំវិញពិភពលោកមានពលរដ្ឋចំនួនជាង ៣៣ លាននាក់បានត្រូវកូវិដ-១៩ឆ្លងដល់ និងជាង ១ លាននាក់បានត្រូវស្លាប់ ។

ខ្ញុំបានសរុបនៅក្នុងវិភាគរបស់ខ្ញុំថា ក) លក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ leadership quality មានសារៈសំខាន់ណាស់ក្នុងការតម្រង់ទិស ១. ឆ្ពោះទៅកាន់អភិវឌ្ឍន៍និងវឌ្ឍនភាព ឬ ២. ឆ្ពោះទៅកាន់ភាពចុះខ្សោយនិងយ៉ាប់យ៉ឺន ។ និង ខ) បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំ personality traits of leaders មានសារៈសំខាន់ណាស់ក្នុងការបំផុសមនុស្សឲ្យរួមកម្លាំងដើម្បីធ្វើឬមិនធ្វើសកម្មភាពបែបណាមួយ ។

ថ្មីៗនេះមានអត្ថបទមួយចុះថ្ងៃទី ៥ ខែកញ្ញាផ្សាយនៅក្នុងទិនានុប្បវត្តិសិក្សាជប៉ុនឈ្មោះ Izu View the World ដែលបានធ្វើឲ្យមតិជ្រួលច្របល់នៅជុំវិញពិភពលោក ។

នៅក្រោមចំណងជើងថា “A Split United States and the Split United States” (“សហរដ្ឋអាមេរិកបែកបាក់និងសហរដ្ឋអាមេរិកត្រូវពុះច្រៀក” ) លោក ខូបាយ៉ាហ្ស៊ី ខយជឹ Kobayashi Koichi នៃសកលវិទ្យាល័យ “ណាហូយ៉ា” Nagoya University (ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន) បានសរសេរថាសហរដ្ឋអាមេរិកអាចត្រូវ “ពុះច្រៀកជាចំណែកនិងដួលរលំ” (“split and collapse”) ដូចជាអតីតសហភាពសូវៀត (ដែលរលាយនិងពុះច្រៀកជា ១៥ ប្រទេសនាឆ្នាំ ១៩៩១ ) ។

លោកសាស្ត្រាចារ្យមើលឃើញ “ភាពផ្ទុយគ្នា ៣ យ៉ាង” (3 contradictions) ដែលបង្កើតជាជំងឺរុំារ៉ៃ chronic diseases ដែលសង្គមអាមេរិកគ្មានលទ្ធភាពព្យាបាលឲ្យជាស្បើយបាន ។ លោកអះអាងថា គឺ“ភាពផ្ទុយគ្នា” ទាំង ៣ នេះហើយដែលរុញច្រានសហរដ្ឋអាមេរិកឲ្យឆ្ពោះទៅកាន់ “ភាពបែកបាក់ដែលមិនអាចផ្សារភ្ជាប់ឡើងវិញបាន” ។

“ភាពផ្ទុយគ្នា” ទី ១ កើតចេញពីបញ្ហា “រើសអើងជាតិសាសន៍” ដែលមានឫសកែវចាក់ជ្រៅតាំងពីយូរណាស់មកហើយ ។ “កុបកម្មពូជសាសន៍” នៅអាមេរិកសព្វថ្ងៃមិនមែនជាបាតុភូតថ្មីទេ ។ កាលពីដើមវាកើតមាននៅតាមតំបន់ដែលជនជាតិស្បែកខ្មៅរស់នៅ ។ ប៉ុន្តែសម័យនេះ គេអាចកៀរគរមនុស្សបានយ៉ាងឆាប់រហ័ស ។ ផ្កាភ្លើងតូចមួយអាចធ្វើឲ្យកុបកម្មពូជសាន៍ឆេះរាលដាលពាសពេញប្រទេសបានដោយងាយ ។

លោក ខយ ជឹ កត់សំគាល់ថាមានពេលខ្លះអាជ្ញាធរប៉ូលីសបានយក “ក្រុមមនុស្សរ៉ាឌីកាល់ស្បែកស” ដែលមាន “ភាពស្អិតរមួត” និងប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិមកធ្វើជាជំនួយ គាំពារសណ្តាប់ធ្នាប់ក្នុងសង្គម ។ “កុបកម្មពូជសាសន៍” ក៏ផ្ទុះឡើង ក្រុមជីវពលប្រដាប់អាវុធក៏ “ក្រអឺតក្រទម” ខណៈដែលលោកប្រធានាធិបតី ត្រាំ បន្ថែមភ្លើងរាល់ថ្ងៃបង្កើតការបែកបាក់ ។ លោក ខយ ជឹ សរសេរថា “បាតុភូតនេះកើតមាននៅចំពោះមុខយើង” ហើយលោកសួរថា “តើវាជាចៃដន្យឬវាជារោគសញ្ញានៃការធ្លាក់ចុះនៃរចនាសម្ព័ន្ធសហរដ្ឋអាមេរិក?” ។

“ភាពផ្ទុយគ្នា” ទី ២ ចែងអំពីភាពផុយស្រួយនៃយន្តការផ្ទៃក្នុងរបស់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យអាមេរិកដែលធ្វើការឥតឈប់ឈរហើយជួបប្រទះការហត់នឿយច្រើន ។ លោក ខយ ជឹ ភ្ជាប់ “ភាពផ្ទុយគ្នា” ទី ២ ទៅនឹង “ភាពផ្ទុយគ្នា” ទី ៣ ដែលស្តីអំពីសកម្មភាពឥតឈប់ឈររបស់ពលរដ្ឋទាមទារសិទ្ធនិងសេរីភាពខណៈដែលភាពជាក់ស្តែង reality និងសមត្ថភាព capacity ផ្តល់ចម្លើយមិនស៊ីសង្វាក់គ្នា ។ លោក ខយ ជឹ រំលឹកអំពីរឿងលោក ហ្ចរ៍ច ហ្វ្ល័ដ និងប៉ូលីសស្បែកសនៅមីណេសូតា រឿងប៉ូលីសស្បែកសបាញ់ជនស្បែកខ្មៅពីក្រោយខ្នងចំនួន ៧ គ្រាប់ រឿងក្មេងស្បែកសម្នាក់បាញ់បាតុករដោយកាំភ្លើងយន្តនៅរដ្ឋវិស្កនស៊ិន ហើយលោកសួរថា “តើអ្វីទៅទាំងអស់ហ្នឹងដែលកើតមានឡើងនៅសហរដ្ឋអាមេរិក?”

យោងតាមស្ថិតិអំពីការកែប្រែសមាសភាពពលរដ្ឋអាមេរិក លោក ខយ ជឹ សន្និដ្ឋានថានៅក្នុងរយៈ ២០ ឆ្នាំទៀត ពលរដ្ឋស្បែកសនឹងមានចំនួនពាក់កណ្តាលតិចជាងពលរដ្ឋអាមេរិកសរុប ហើយពលរដ្ឋដែលមិនមែនជាស្បែកសនឹងត្រួតត្រាអំណាច ហើយនិងចែកចាយធនធានសេដ្ឋកិច្ចនិងសង្គមជាថ្មីតាមរយៈធ្វើច្បាប់ ។

លោកសរសេរថា “ការលូតលាស់នៃក្រុមស្បែកសកាចសាហាវ រួមជាមួយការលេចចេញខ្លួនលោក ត្រាំ គឺជាលទ្ធផលនៃការភ័យខ្លាចរន្ធត់នៃជនស្បែកស” ។ ក៏ប៉ុន្តែនៅក្នុងគ្រាកូវិដ-១៩រាតត្បាតសព្វថ្ងៃនេះ “របៀបគ្រប់គ្រងអាមេរិកបានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅវិញនិងបានបណ្តោយឲ្យជំងឺចាស់ពូជសាសន៍ សេដ្ឋកិច្ច និង វប្បធម៌វារើឡើងវិញហួសកម្រិតកែបាន” ។ លោកព្រួយបារម្ភអំពីការបែកបាក់ដែលលោកថានឹងពោរពេញទៅដោយ “ការស្អប់និងការបង្ហូរឈាម” និងអំពី “សង្គ្រាមស៊ីវិលដែលនឹងកើតមានឡើងក្នុងពេលមួយរំពេច” ។ លោកទាយថាក្នុងរយៈពេល ២០ ឆ្នាំទៀត “ផ្លូវអន្តោប្រវេសន៍នឹងផ្លាស់ប្តូរទិស ។ ពលរដ្ឋអាមេរិកជាច្រើននឹងរកច្រកចេញទៅរស់នៅប្រទេសក្រៅវិញម្តង” ។

លោក ខយ ជឹ សរសេរថាខណៈដែលគ្មាននរណាអាចដឹងបានទេថាតើមានអ្វីនឹងកើតឡើងនៅថ្ងៃស្អែកតែលោកថាការដួលរលំនៃសហរដ្ឋអាមេរិកគឺជា“មហន្តរាយមួយសម្រាប់មនុស្សជាតិ”។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។