អាមេរិកនៅក្នុងកលិយុគ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៣១ ខែ កក្កដា ឆ្នាំ ២០២០

 

ការរៀនអំពីព្រឹត្តិការណ៍និងរបៀបគ្រប់គ្រងរបស់ប្រទេសដទៃជួយយើងឲ្យមានការប្រៀបធៀប ។ ការប្រៀបធៀបជួយយើងឲ្យស្គាល់ខ្លួនយើង និងផ្តល់ពន្លឺឲ្យយើងចៀសវាងឧបស្គដែលប្រទេសដទៃបានជួបប្រទះរួចមកហើយ ។ ការប្រៀបធៀបជួយឲ្យយើងយល់អំពីនិងអាចចៀសវាងនូវឧបសគ្គនានានៅក្នុងដំណើរជីវិត ។

ចំណេះដឹងមានប្រយោជន៍ណាស់ ។ ប៉ុន្តែចំណេះដឹងដែលមិនកប់ទុកនៅក្នុងខួរក្បាលគឺមិនខុសពីសំបកលៀសដែលយើងរើសយកពីឆ្នេរសមុទ្រមកដាក់ក្នុងប្រអប់ទុកកៀនជញ្ជាំងឡើយ ។ ចំណេះដឹងអាចមានប្រយោជន៍ទៅបានលុះណាតែយើងយកមកអនុវត្តិឲ្យស្របទៅតាមគុណតម្លៃរបស់វា ។

នៅក្នុងអត្ថបទមុនខ្ញុំបានសរសេរអំពីគុណសម្បត្តិនិងភាពជាអ្នកដឹកនាំរបស់បិតាស្ថាបនិកសហរដ្ឋអាមេរិកក្នុងការទាមទារឯករាជ្យជាតិនាឆ្នាំ ១៧៧៦ ។

អត្ថបទខ្ញុំនៅថ្ងៃនេះគឺផ្តោតទៅលើគំនិត ។ គំនិតមានលក្ខណៈមិនដូចយោបល់ទេ ។ យោ បល់ផ្លាស់ប្តូរទៅតាមទំនោរចិត្តឆាប់រហ័ស ។ អ្នកជំនាញផ្នែកគំនិតម្នាក់បានប្រដូចយោបល់ដែលប្រែប្រួលរហ័សទៅនឹង “ខួរស្វា” ពីព្រោះស្វាដែលមានចិត្តសាវ៉ាពឺតតែលោតពីមែកឈើមួយទៅមែកមួយទៀតហាក់ដូចជាគ្មានទីដៅអ្វីឡើយ ។ គំនិតជាលទ្ធផលនៃសកម្មភាពច្រើនប្រភេទដែលឆ្លងកាត់ការពិចារណារបស់ខួរក្បាល ។

ការត្រិះរិះពិចារណាជាស្នូលនៃគុណសម្បត្តិសង្គមនិងជាធាតុចាំបាច់ដើម្បីឲ្យសង្គមនិងសេដ្ឋកិច្ចវិវត្តទៅប្រកបដោយភាពសុខដុមនៅក្នុងសតវត្សទី ២១ នេះ ។ យើងរស់នៅក្នុងសតវត្សមួយដែលពោរពេញទៅដោយការប្រែប្រួល ភាពស្មុគស្មាញ និងការបង្កើនទំនាក់ទំនងនិងពឹងផ្អែកលើគ្នា ។ ការត្រិះរិះពិចារណាអាចជួយឲ្យយើងប្រឈមសភាពការទាំងនេះ ។

លក្ខណៈនៃការគិតដែលមានគុណភាពល្អផ្តើមឡើងដោយខួរក្បាលធ្វើការស្រមើស្រមៃដល់តថភាពមួយដែលយើងចង់បាន ។ បំណងដែលកើតចេញពីការស្រមើស្រមៃបំផុសគំនិតច្នៃ ប្រឌិត ។ គុណភាពល្អមួយទៀតគឺការវាយតម្លៃរកមើលលទ្ធផលនៃការស្រមើស្រមៃច្នៃប្រឌិតរបស់យើងថាតើវាមានដំណើរការល្អឬមិនល្អប៉ុណ្ណាដែរ ។ តើវិធីដែលយើងប្រើអាចឬមិនអាចនាំទៅដល់ជោគជ័យ ។ សកម្មភាពវាយតម្លៃនេះហៅថាការធ្វើគនូប្បនីយកម្ម ឬ criticality ។ រិះគន់ពិចារណា critique ជាសកម្មភាពនាំទៅរកការវាយតម្លៃ assessment ។

បិតាស្ថាបនិកអាមេរិកជាមនុស្សយកគំនិតជាគោល ។ ពួកគេបានចោទប្រកាន់ស្តេច អង់គ្លេស “ហ្ចរ៍ច ទី ៣” George III អំពីការរំលោភសិទ្ធពិសិដ្ឋគឺជីវិតនិងសេរីភាពរបស់ពលរដ្ឋអាមេរិក ។ ស្ថាបនិកទាំងនោះបានអានគំនិតរបស់ទស្សនវិទូជាតិអង់គ្លេស ហ្ចន ឡក់ John Locke និងអ្នកច្បាប់ជាតិបារាំង ឆារលស៍ ដឺ ម៉ុងតេសគ្យើ Charles de Montesquieu ស្តីអំពីការបំបែកអំណាចគ្រប់គ្រង ការត្រួតពិនិត្យនិងបង្កើតតុល្យភាពអំណាច ព្រមទាំងការគ្រប់គ្រង រដ្ឋាភិបាលដោយប្រជាពលរដ្ឋ ។ បិតាស្ថាបនិកដែលស្គាល់របបអាណានិគមអង់គ្លេសនៅលើដីអាមេរិកច្បាស់ មានជំនឿថាអ្នកដែលកាន់អំណាចរមែងរកវិធីពង្រីកអំណាចរបស់ខ្លួន ។ ពួកគេព្រួយបារម្ភអំពីគ្រោះកាចនៃការកាន់ក្តោបនិងរំលោភអំណាច ។ នៅក្នុងឯកសារសហព័ន្ធដែលជាឯកសារប្រវត្តិសាស្ត្រអាមេរិក ពួកគេសរសេរលម្អិតអំពីអ្វីដែលហៅថា “អំណាចផ្តាច់ការ” និងអំពីវិធីការពារទប់ស្កាត់ការពង្រីកអំណាច ។

ស្ថាបនិកអាមេរិកម្នាក់ឈ្មោះ ហ្ចេមស៍ ម៉ាឌីសុន James Madison ជាអ្នកនិពន្ធម្នាក់ក្នុងចំណោម ៣ នាក់ដែលបានសរសេរឯកសារសហព័ន្ធចំនួន ៨៥ អត្ថបទអំឡុងឆ្នាំ ១៧៨៧-៨៨ ។ លោកបានរំលឹកថា “មនុស្សមិនមែនជាទេវតាទេ” ដូច្នេះនៅក្នុងការបង្កើតរដ្ឋាភិបាលដែលដាក់មនុស្សឲ្យត្រួតត្រាមនុស្ស គេចាំបាច់បង្កើតគោលការណ៍ទប់ទល់នឹងអំណាចផ្តាច់ការ ។

នៅក្នុងគោលការណ៍គ្រឹះទប់ទល់នឹងអំណាចផ្តាច់ការដែលស្ថាបនិកសហរដ្ឋអាមេរិកដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញឆ្នំា ១៧៨៩ មាន ១. អំណាចរដ្ឋាភិបាលត្រូវមានដែនកំណត់ ២. បំបែកអំណាចជាបីផ្សេងគ្នា ៣. អំណាចទាំង ៣ មានកាតព្វកិច្ចនិងសិទ្ធិត្រួតពិនិត្យគ្នាទៅវិញទៅមក និង ៤. បំបែកអំណាចនិមួយៗជាពីរថែមទៀត (អំណាចនីតិប្រតិបត្តិមានរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋាភិបាលរដ្ឋនិងមូលដ្ឋាន អំណាចនីតិប្បញ្ញតិមានរដ្ឋសភានិងព្រឹទ្ធសភា អំណាចតុលាការមានតុលាការកំពូលនិងតុលាការថ្នាក់ក្រោម ដើម្បីរក្សាដំណើរការរដ្ឋបាលឲ្យមានតុល្យភាព) ។

យ៉ាងដូច្នេះបិតាស្ថាបនិកអាមេរិកបង្កើតប្រព័ន្ធគ្រប់គ្រងមួយដែលបំបែកអំណាចមិនឲ្យនៅមូលផ្តុំក្រោមស្ថាប័នណាមួយទេ តែស្ថាប័នទាំង ៣ រំលែកមុខងារគ្នា sharing functions ។ ពោលគឺស្ថាប័ននិមួយៗមានឥទ្ធិពលត្រួតត្រានៅក្នុងស្ថាប័ន ២ ទៀត ។ នៅក្នុងវិធីនេះ ស្ថាប័នទាំង ៣ ត្រួតពិនិត្យគ្នាទៅវិញទៅមកដោយរំលែកមុខងារគ្នា ។ ជាឧទាហរណ៍ សភាសរសេរព្រាងច្បាប់ ប្រធានាធិបតីស៊ីញ៉េច្បាប់ តុលាការបកស្រាយច្បាប់ — ប្រធានាធិបតីស៊ីញ៉េសេចក្តីព្រាងឲ្យទៅជាច្បាប់ ឬវ៉េតូសេចក្តីព្រាងមិនឲ្យទៅជាច្បាប់ តែសភាអាចប្រើ សម្លេង ២ ភាគ ៣ បដិសេធវ៉េតូប្រធានាធិបតី ។ ប្រធានាធិបតីតែងតាំងមន្ត្រីជាន់ខ្ពស់តែព្រឹទ្ធសភាត្រូវផ្តល់សច្ចាប័ន ។ តុលាការសហព័ន្ធជាអ្នកពិនិត្យធម្មនុញ្ញភាពនៃសេចក្តីសម្រេចនិងសកម្មភាពរបស់ប្រធានាធិបតីនិងសភា ប៉ុន្តែសភាមានអំណាចលើថវិកាសម្រាប់តុលាការនិងប្រធានាធិបតី ។ នេះជាវិធីត្រួតពិនិត្យនិងបង្កើតតុល្យភាពអំណាចគ្រប់គ្រងទាំង ៣ ។

មេរៀនដែលខ្ញុំចង់ផ្សព្វផ្សាយដល់លោកអ្នកនាងគឺថាលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំមានសារៈសំខាន់ណាស់ក្នុងការតម្រង់ទិសឆ្ពោះទៅកាន់អភិវឌ្ឍន៍និងវឌ្ឍនភាព ឬឆ្ពោះទៅកាន់ភាពចុះខ្សោយនិងយ៉ាប់យ៉ឺន ។ នេះមិនមែនសម្រាប់តែនៅក្នុងរឿងគ្រប់គ្រងប្រទេសទេ នៅក្នុងកន្លែងធ្វើការឬនៅក្នុងគ្រួសារក៏ដូចគ្នាដែរ ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកអានឬស្តាប់ការផ្សាយអត្ថបទខ្ញុំមួយនៅក្រោមចំណងជើងថា “បណ្តុះភាពជាអ្នកដឹកនាំ” ចុះថ្ងៃទី ២៣ តុលា ២០១៩ ដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com ស្រាប់ ។

គុណសម្បត្តិនៃភាពជាអ្នកដឹកនាំរបស់បុព្វបុរសអាមេរិកបានតម្រង់ប្រទេសនេះឲ្យឆ្ពោះទៅកាន់អភិវឌ្ឍន៍និងវឌ្ឍនភាពនិងបានធ្វើឲ្យមនុស្សនានាក្នុងពិភពលោកកោតសរសើរ ព្រមទាំងទាក់ទាញមនុស្សគ្រប់ជាតិសាសន៍ឲ្យធ្វើអន្តោប្រវេសន៍មករួមរស់និងកសាងសហរដ្ឋអាមេរិកក្រោមការស្វាគមន៍របស់រូបសំណាកទេពធីតា “ឡាយប៊ឺរ៍តេស” Libertas ។

ពលរដ្ឋអាមេរិកមានជនជាតិដើមអាមេរិក អាឡាស់ស្កា ហាវ៉ៃនិងប៉ាស៊ីហ្វីក មានមនុស្សពូជសាសន៍ស្បែកស ពូជសាសន៍អាហ្វ្រីក អាមេរិកឡាទីន អាស៊ី ពហុជាតិ ។ គេធ្លាប់ស្គាល់អាមេរិកថាជា melting pot គឺជាទីកន្លែងមួយដែលមនុស្សគ្រប់សាសនា គ្រប់ពណ៌សម្បុរ គ្រប់រចនាប័ទ្ម គ្រប់ទ្រឹស្តី មករស់និងលាយចូលគ្នាបណ្តុះសក្តាអស្ចារ្យមួយនៅក្រោមបាវចនា “អ៊ីភ្លួរីប៊ើសយូណឹម” E Pluribus Unum ។ អាមេរិកមិនមែនជាភូមិសាស្ត្រ ឬជាប្រវត្តិសាស្ត្រទេ ។ អាមេរិកជាប្រជាជាតិនៃគំនិត ។

ក៏ប៉ុន្តែព្រះពុទ្ធបង្រៀនមនុស្សជាតិជាង ២៥០០ ឆ្នាំមកហើយថាគ្មានអ្វីនៅជាអចិន្ត្រៃយ៍បានឡើយ មានតែការប្រែប្រួលទេដែលនៅជាអចិន្ត្រៃយ៍ ថាយើងជាអ្នកទទួលខុសត្រូវចំពោះពិភពដែលយើងបានបង្កើតស្របតាមរូបមន្ត “គិត-កម្ម-ផល” ។

បច្ចុប្បន្ននេះអាមេរិកហាក់ដូចជាបានប្រាសចាកឆ្ងាយពីគោលគំនិតដែលបិតាស្ថាបនិកបានចារនៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអំពី “សមភាព” និងសិទ្ធិដែលមិនអាចបំពានបាន នៅក្នុងឯកសារសហព័ន្ធដែលហាមការពង្រីកអំណាចនិងដែលកោះហៅការចាំបាច់ប្រយុទ្ធប្រឆាំងនឹងអំណាចផ្តាច់ការ និងនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់អាមេរិក ។

សង្គ្រាមបដិវត្តន៍អាមេរិកនាឆ្នាំ ១៧៧៥ ដល់ឆ្នាំ ១៧៨៣ បានធ្វើឲ្យអ្នកចម្បាំងអាមេរិកជិត៧ ពាន់នាក់ស្លាប់ ជាង ៦ ពាន់នាក់ត្រូវរបួស និងលើសពី ២ ម៉ឺននាក់បានត្រូវអង់គ្លេសចាប់ ខ្លួនដែលនៅក្នុងចំណោមនោះមានជាង ៨ ពាន់នាក់បានត្រូវស្លាប់ ។ បុព្វបុរសច្បំាងដើម្បី ដណ្តើមយកគោលដៅគឺយកឯករាជ្យពីអាណានិគមអង់គ្លេសនិងគាំពារ “សមភាព” មនុស្ស គាំពារ “ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ដែលជាសិទ្ធមិនអាចបំពានបាន ។

រដ្ឋធម្មនុញ្ញនាឆ្នាំ ១៧៨៩ ទប់ស្កាត់អំណាចផ្តាច់ការនិងបង្កើតប្រព័ន្ធរដ្ឋាភិបាលតំណាង រាស្ត្រដែលយករាស្ត្រជាធំ ។

សង្គ្រាមស៊ីវិលអាមេរិកឆ្នាំ ១៨៦១-៦៥ បានធ្វើឲ្យអ្នកចម្បាំងទាំងសងខាងស្លាប់ជាងកន្លះលាននាក់ដោយមានទាសភាពជាបុព្វហេតុចម្បង ។ នៅឆ្នាំ ១៨៦២ មានការប្រកាសបញ្ចប់ទាសភាពជនជាតិស្បែកខ្មៅនៅអាមេរិកជាង ៣ លាន ៥ សែននាក់ដែលទទួលបានសេរីភាព ។

នៅអាមេរិកបច្ចុប្បន្ន អត្តាធិបតេយ្យបានកើតមានឡើងមានលក្ខណៈមិនចាញ់របបផ្តាច់ការរបស់ស្តេចអង់គ្លេស “ហ្ចរ៍ច ទី ៣” (King George III) ដែលបិតាស្ថាបនិកអាមេរិកប្រកាស “បូជាជីវិត ជោគវាសនា និងកិត្តិយសដ៏ពិដ្ឋ” មិនឲ្យកើតមាននៅលើទឹកដីអាមេរិក ។ គោលការណ៍បំបែកអំណាច ត្រួតពិនិត្យនិងបង្កើតតុល្យភាពអំណាច បានត្រូវផ្អឹបចោលទុកឱកាសឲ្យអំណាចនីតិប្រតិបត្តិពង្រីកការត្រួតត្រា à la ស្តេចអង់គ្លេស ។ ជំនួសវប្បធម៌ជំនឿលើ “សមភាព” នៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យឆ្នាំ ១៧៧៦ អំពើរើសអើងជាតិសាសន៍ស្បែកសម្បុរបានបង្កើនល្បឿនហួសបើគិតបន្ទាប់ពីប៉ូលីសស្បែកសអាមេរិកនៅតំបន់ម៉ីណេអាប៉ូលីស Minneapolis នៅរដ្ឋ មីណេសូតា បានចាប់និងចោទលោក ហ្ចរ៍ច ហ្វ្ល័ដ George Floyd ជនជាតិអាមេរិកស្បែកខ្មៅ អំពីការប្រើប្រាក់ក្លែងក្លាយតម្លៃ ២០ ដុល្លារ និងបានចុចជង្គង់ជាង ៨ នាទីនៅលើកញ្ចឹងកលោក រហូតដល់ដាច់ដង្ហើមស្លាប់នាថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២០ ។

មរណភាពរបស់លោក ហ្វ្ល័ដ បានបង្កឲយមានបាតុកម្មជាសកលប្រឆាំងនឹងការប្រើប្រាស់អំណាចហួសព្រំដែនរបស់ប៉ូលីសទៅលើជនជាតិស្បែកខ្មៅនិងកង្វះគណនេយ្យភាពរបស់ប៉ូលីស ។ បាតុកម្មបានរាលដាលទៅដល់ទីក្រុងជាង ៤០០ នៅក្នុងរដ្ឋអាមេរិកទាំង ៥០ និងទៅដល់ទីក្រុងនានានៅលើពិភពលោក ។

សកម្មភាពបាតុកម្មចលនាវិមជ្ឈការតស៊ូមតិ “សារៈសំខាន់នៃជីវិតជនជាតិស្បែកខ្មៅ” Black Lives Matter (BLM) ប្រឆាំងនឹងភាពកម្រោលឃោរឃៅរបស់ប៉ូលីសទៅលើជនជាតិអាមេរិកស្បែកខ្មៅក៏បានរីករាលដាលពាសពេញអាមេរិក ។

ជាធម្មតា លក្ខណៈសម្បត្តិនៃភាពជាអ្នកដឹកនាំដែលបណ្តុះបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំអាមេរិកអាចដើរតួនាទីបន្ធូរបន្ថយភាពតានតឹងបាន ។ ក៏ប៉ុន្តែរូបភាពខ្លះដែលខ្ញុំបានរើសពីប្រភពផ្សព្វផ្សាយអ៊ិនធឺណិតបង្ហាញនូវសុពលភាពនៃការចោទប្រកាន់របស់បាតុករអំពីការប្រើប្រាស់អំណាចហួសប្រមាណរបស់ភ្នាក់ងារប៉ូលីស និងជាពិសេសអំពីការរំលោភរបស់អាជ្ញាធរទៅលើវិសោធនកម្មទីមួយ First Amendment នៃរដ្ឋធម្មនុញ្ញ ដែលការពារសិទ្ធរបស់ពលរដ្ឋក្នុងការជួបប្រជុំនិងក្នុងការដាក់ញត្តិទៅរដ្ឋាភិបាលឲ្យដោះស្រាយពាក្យ បណ្តឹងរបស់រាស្ត្រ ។ គឺវិសោធនកម្មទីមួយនេះហើយដែលបញ្ជាក់ថាពលរដ្ឋអាមេរិកមានសេរីភាពទូលំទូលាយជាងគេនៅក្នុងពិភពលោក ។

នៅថ្ងៃទី ១៧ កក្កដា បណ្តាញទូរទស្សន៍សាធារណៈនិងវិទ្យុរដ្ឋ អ័រឺហ្គុន Oregon Public Broadcasting (OPB) បានផ្សាយអំពីភ្នាក់ងារសហព័ន្ធប្រើឡានគ្មានលេខកត់សំគាល់បើកបរនៅទីក្រុង ព័រ៍តឡិន Portland ចាប់បាតុករតាមផ្លូវដោយឥតប្រាប់ហេតុផលចំនួន ៣ ថ្ងៃរួចមកហើយ ។ នៅរាត្រីថ្ងៃនោះបណ្តាញផ្សព្វផ្សាយអ៊ិនធឺណិតបានបង្ហើរវីដេអូបង្ហាញរូបភាពភ្នាក់ងារសហព័ន្ធពីរនាក់ស្លៀកពាក់ឯកសណ្ឋានយោធាដើរចេញពីរថយន្ត SUV ពណ៌ខ្មៅមួយឆ្ពោះទៅកាន់បុរសម្នាក់ស្លៀកខ្មៅឈរលើចិញ្ចើមថ្នល់នៅក្បែរជញ្ជាំងនៃអគារមួយ ហើយចាប់បុរសនោះបណ្តីរឆ្ពោះទៅកាន់រថយន្តនៅលើផ្លូវថ្នល់ដែលបើកចង្កៀងរង់ចាំ ។

ពីរថ្ងៃបន្ទាប់មក បណ្តាញផ្សព្វផ្សាយអ៊ិនធឺណិតបានបង្ហើរវីដេអូបង្ហាញរូបភាពភ្នាក់ងារសហព័ន្ធមួយចំនួនស្លៀកពាក់ឯកសណ្ឋានយោធាចោមព័ទ្ធបុគ្គលម្នាក់ដែលជាអតីតបុគ្គលិកកងទ័ពជើងទឹកអាមេរិក ។ វីដេអូបង្ហាញភ្នាក់ងារសហព័ន្ធម្នាក់ទាញដំបងសំពងបុគ្គលនោះនិងភ្នាក់ងារម្នាក់ទៀតលើកកំប៉ុងបាញ់ថ្នាំទៅលើមុខជនរងគ្រោះ ។ តាមព័ត៌មាន ជនរងគ្រោះនោះបានត្រូវចូលពេទ្យថែទាំឆ្អឹងបាក់ដោយទម្ងន់ដំបងសំពង ។

ខ្ញុំសូមជូនរូបភាពអំពីព្រឹត្តិការណ៍ទាំងពីរដែលខ្ញុំបានស្រង់ចេញពីអ៊ិនធឺណិត ៖

នៅទីក្រុងព័រ៍តឡិន បាតុកម្ម BLM ចោទប្រកាន់ភាពអយុត្តិធម៌ពូជសាសន៍និងអំពើ ឃោរឃៅរបស់ប៉ូលីស ។ ជាធម្មតាសកម្មភាពបង្កឲ្យមានប្រតិកម្ម ហើយប្រតិកម្មក៏បង្កឲ្យមានប្រតិកម្មមួយទៀត ។

រូបភាពខាងក្រោមបង្ហាញនូវសកម្មភាពបាតុករនិងប្រតិកម្មរបស់ភ្នាក់ងារសហព័ន្ធនៅទីក្រុង ព័រ៍តឡិន ។ រូបភាពចុងក្រោយមានឈ្មោះថា Wall Of Moms ឬ “ជញ្ជាំងមាតា” បង្ហាញស្ត្រី ថ្ពក់ដៃគ្នាជាខ្សែឈរពាំងក្រុមបាតុករនិងភ្នាក់ងារសហព័ន្ធ ។ ជាធម្មតាបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំអាចបន្ធូរបន្ថយភាពតានតឹងនេះបាន ។ នៅថ្ងៃទី ៣០ កក្កដាដែលគេមិនឃើញវត្តមានភ្នាក់ងារសហព័ន្ធ បាតុកម្មនៅតែមានបន្តតែនៅក្នុងភាពស្ងប់ស្ងាត់មួយ ។

អាមេរិកនៅតែមិនបានឆ្លងផុតពីកលិយុគដែលបង្កើតទុក្ខទោស វិបត្តិ វិបរិត និងអស្ថិរភាពដដែល ។ បើលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំតម្រង់ប្រទេសឆ្ពោះទៅកាន់ទិសអភិវឌ្ឍន៍និងវឌ្ឍនភាព ឬទិសភាពចុះខ្សោយនិងយ៉ាប់យ៉ឺន គឺបុគ្គលិកលក្ខណៈរបស់អ្នកដឹកនាំដែលសម្រេចវាសនានៃសកម្មភាពដឹកនាំ ។ បច្ចុប្បន្ននេះ កិត្តិនាមអាមេរិកមិនបានក្រអូបសុសសាយដូចមុនទេ ។ គំនិតជា melting pot និងបាវចនា “អ៊ីភ្លួរីប៊ើសយូណឹម” ក៏ហាក់ដូចជាបាត់អត្ថន័យ ។ រូបភាពទេពធីតា ឡាយប៊ឺរ៍តេស Libertas និងគំនូរ “មាតាជននិរទេស” ឱបក្រសោបក្មេងអន្តោប្រវេសន៍ដែលខ្ញុំបានចុះផ្សាយនៅក្នុងទំព័រចុងក្រោយនៃអត្ថបទខ្ញុំលើកមុន បានប្រែទៅជារូបភាពថ្មីមួយដែលខ្ញុំបានដកស្រង់ពីបណ្តាញអ៊ិនធឺណិតដូចខាងក្រោមនេះ ។

ព័ត៌មានថ្មីៗឲ្យដឹងថានៅថ្ងៃចន្ទទី ៣ ខែសីហានេះ សេវាកម្ម Netflix នឹងចាប់ផ្សាយស៊េរីខ្សែភាពយន្តឯកសារមាន ៦ ភាគនៅក្រោមឈ្មោះថា Immigration Nation ឬ “ប្រជាជាតិអន្តោប្រវេសន៍” ថតនៅចន្លោះខែកុម្ភៈ ២០១៧ ដល់ខែកុម្ភៈ ២០២០ ស្តីអំពីគោលនយោបាយ “គ្មានការលើកលែង” zero tolerance ដែលគេថាជាចំនុចគ្រោះថ្នាក់នៃនយោបាយអន្តោប្រវេសន៍អាមេរិកតាមរយៈភ្នែករបស់ជនអន្តោប្រវេសន៍និងភ្នែករបស់ភ្នាក់ងារអន្តោប្រវេសន៍និងគយ Immigration and Customs Enforcement នៃក្រសួងសន្តិសុខជាតិ Homeland Security ។ ដូច្នេះ ស៊េរីខ្សែភាពយន្តឯកសារនេះបង្ហាញនូវគំនូរដូចនៅខាងលើនេះហើយ ។

បច្ចុប្បន្ននេះជាគ្រាទីមួយនៅក្នុងប្រវត្តិសាស្ត្រអាមេរិកដែលជនជាតិអាមេរិកត្រូវបានប្រទេសចំនួន ៣៣ (ប្រទេស ២៧ នៃសហភាពអឺរ៉ុប និងប្រទេសកាណាដា មិចស៊ីកូ បាហាម៉ាស៍ ញូវហ្សៀឡិន ជប៉ុន និងចិន) មិនទទួលឲ្យចូលទឹកដីគេទេព្រោះគេខ្លាចជនជាតិអាមេរិកចម្លងរោគឆ្លងដល់ពលរដ្ឋគេ ។ មានមួយរយៈ ប្រទេសចំនួនជាង ៨០ បានដាក់ល័ក្ខខ័ណ្ណមុននឹងឲ្យអ្នកកាន់លិខិតឆ្លងដែន ស.រ.អា. ចូលប្រទេសគេ ។ អាមេរិកជាប្រទេសមួយនៅលើផែនដីដែលមានករណីកូវិដ-១៩ និងដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេ ។ ខណៈអ្នកដឹកនាំអាមេរិកទទូចអះអាងថាអាមេរិកមានដំណើរការល្អជាងប្រទេសនានានៅក្នុងការគ្រប់គ្រងជំងឺរោគឆ្លងកូវិដ-១៩ ស្ថិតិ “ព័ត៌មានប៊្លូមប៊ើរ៍គ” Bloomberg News បានចុះផ្សាយអំពីការផ្ទុះឡើងនៃជំងឺមេរោគកូវិដ-១៩ នាថ្ងៃទី ៣១ កក្កដាដូចមានតទៅ ៖ មេរោគកូវិដ-១៩ បានឆ្លងដល់មនុស្សជាង ១៧ លាននាក់និងធ្វើឲ្យស្លាប់មនុស្សជាង ៦ សែននាក់នៅជុំវិញពិភពលោក មេរោគនេះបានឆ្លងដល់ពលរដ្ឋអាមេរិកជាង ៤ លាន ៥ សែននាក់និងធ្វើឲ្យស្លាប់ជាង ១ សែន ៥ ម៉ឺននាក់ ។

តាមស្ថិតិ កូវិដ-១៩ បានធ្វើឲ្យពលរដ្ឋអាមេរិកស្លាប់ចំនួនប្រមាណ ១០០០ នាក់ក្នុងមួយថ្ងៃ និងបានឆ្លងដល់ពលរដ្ឋចំនួន ៥ ទៅ ៦ ម៉ឺននាក់ក្នុងមួយថ្ងៃ ។ កូវិដ-១៩ បានធ្វើឲ្យ ពលរដ្ឋ [ចំនួន ៥០ ទៅ ៦០ លាននាក់ ] ដែរអត់ការងារធ្វើ ។ យ៉ាងណាមិញ មិនមែនជារឿងអាថ៌កំបាំងទេថា គេអាចទប់ស្កាត់មេរោគឆ្លង កូវិដ-១៩ដោយវិធីដែលមនុស្សគ្រប់គ្នាបានដឹងរួចហើយគឺ ៖ រក្សាអានាម័យដោយលាងដៃឲ្យបានស្អាតនិងញឹកញាប់ រក្សាគម្លាតពីគ្នាដោយចៀសវាងទីកន្លែងមានមនុស្សច្រើន និងពាក់ម៉ាសការពារមេរោគដែលហោះហើរតាមអាកាស ។

ស្របគ្នាដែរ បណ្តាញទូរទស្សន៍ MSNBC បានផ្សាយតារាងប្រៀបធៀបបង្ហាញថានៅខែកក្កដានេះសហភាពអ៊ឺរ៉ុបបានទប់ស្កាត់ល្បឿនកូវិដ-១៩និងបានទាញដំណើរមេរោគឆ្លងដូចខ្សែកោងឲ្យចុះរាបស្មើ តែដំណើរខ្សែកោងមេរោគឆ្លងនៅអាមេរិកវានៅងកឡើងលើវិញ ៖

សរុបសេចក្តី សភាពការនៅអាមេរិកដែលយើងឃើញនៅផ្នែកម្ខាងមានការបង្កើនបញ្ហារើសអើងជាតិសាសន៍ស្បែកសម្បុរ និងនៅផ្នែកម្ខាងទៀតគឺបរាជ័យក្នុងការគ្រប់គ្រងជំងឺរោគឆ្លងកូវិដ-១៩ ដែលបានរុញសហរដ្ឋអាមេរិកឲ្យនៅជាប់ក្នុងកលិយុគមួយ ។ គឺបុគ្គលិកលក្ខណៈអ្នកដឹកនាំអាមេរិកបានដឹកនាំអាមេរិកទៅកាន់ឱនភាពនិងយ៉ាប់យ៉ឺននេះ ។

បរមគ្រូ ខុង ជឺ បានប្រដៅថាបើដំណើរមិនបាននាំយើងឲ្យទៅដល់គោលដៅទេយើងត្រូវពិនិត្យសើរើវិធីដើរឡើងវិញ ។ ប្រមាណជា ៩០ ថ្ងៃទៀតខ្ញុំនឹងចូលរួមបោះឆ្នោតសកលនៅអាមេរិកជាការតបស្នងគុណដល់ទេពធីតា “ឡាយប៊ឺរ៍តេស” Libertas និងបុព្វបុរសអាមេរិក ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។