អត្តសម្មាបណិធិ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ២៨ ខែ សីហា ឆ្នាំ ២០២០

លោកអ្នកនាងដែលបានអានអត្ថបទខ្ញុំជាប្រចាំ គួរចាំបានថាខ្ញុំសរសេរជាញឹកញយអំពីពាក្យពេចន៍ប្រៀនប្រដៅរបស់ព្រះសម្ពុទ្ធនិងពុទ្ធលទ្ធិ ។ ខ្ញុំជាពលរដ្ឋខ្មែរម្នាក់កើតនៅភូមិ៍ឫស្សីកែវនៅជាយក្រុងភ្នំពេញ ។ ខ្ញុំរៀនសូត្រផ្តើមពីថ្នាក់កុមារដ្ឋានក្នុងសាលាដែលមានដំបូលប្រក់ស្លឹកនៅភូមិ៍ឫស្សីកែវ ។ ខ្ញុំបានក្រេបជញ្ជក់វប្បធម៌ខ្មែរតាំងពីសម័យអាណានិគមបារំាង ។ តែខ្ញុំជាអ្នកកាន់សាសនាឥស្លាម ។ នៅឆ្នាំ ១៩៦១ ដែលខ្ញុំនៅរៀនឯវិទ្យាល័យស៊ីសុវត្ថិ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាមួយទៅរៀននៅសហរដ្ឋអាមេរិក ។ ទោះបីខ្ញុំទៅរៀនសាលានៅឆ្ងាយជាង ១ ម៉ឺនគីឡូម៉ែត្រពីភូមិ៍កំណើតខ្ញុំក្តី សង្គមូបនីយកម្មដែលបានវេញត្បាញបណ្តុះ ឥរិយាបថ គុណតម្លៃ ជំនឿរបស់ខ្ញុំតាំងពីវ័យកុមារ នៅតែបន្តឥទ្ធិពលលើរូបខ្ញុំជាដរាប ។

សង្គមូបនីយកម្មជាដំណើរនៃជីវិតរបស់មនុស្សគ្រប់រូបគ្រប់សញ្ជាតិ ។ ដំណើរជីវិតចាប់ផ្តើមពីពេលដែលកូនង៉ែតសង្កេត ស្តាប់ រួចធ្វើតាមអ្វីដែលកូនបានឃើញនិងឮពីមនុស្សដែលនៅជុំវិញ ។ នៅក្នុងដំណើរនៃជីវិត កូនក្មេងរៀនអំពីគុណតម្លៃនិងអាកប្បកិរិយារបស់មនុស្សនៅក្នុងគ្រួសារនិងនៅក្នុងសង្គម ហើយរៀនធ្វើតម្រាប់តាម ។ ដំណើរនៃជីវិតមនុស្សបន្តពី វ័យក្មេងរហូតដល់ចាស់ស្លាប់ ។ គុណតម្លៃ អាកប្បកិរិយា និងរបៀបរបបដែលក្មេងរៀនពីអ្នកដទៃត្រូវបានយកលំនាំតាម ឬកែផ្សំជាថ្មី ឬពង្រឹងបន្ថែមទៀតស្របតាមការពិសោធ ផ្សេងៗ ។ ដំណើរការនៃជីវិតនេះបណ្តុះគុណតម្លៃ ចំណង់ចំណូលចិត្ត ជំនឿ និងមតិរបស់មនុស្ស ដែលយើងហៅថាសង្គមូបនីយយកម្មនយោបាយ political socialization ។

ខ្ញុំបានសរសេរជាញឹកញាប់អំពីសង្គមូបនីយកម្មនៅក្នុងអត្ថបទខ្ញុំជាភាសាអង់គ្លេសនិងជាខ្មែរដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ជារួម មានភ្នាក់ងារចំនួន ៧ នៃសង្គមូបនីយកម្មដែលជះឥទ្ធិពលទៅលើមនុស្សគ្រប់រូប ។ ដំណើរការនេះបណ្តុះឥរិយាបថរបស់មនុស្ស ។ កម្រិតនៃឥទ្ធិពលនៃភ្នាក់ងារនិមួយៗមានភាពមិនស្មើគ្នាទេ ។ ក៏ប៉ុន្តែឥទ្ធិពលនៃភ្នាក់ងារសង្គមូបនីយកម្មដែលបូករួមជាមួយឥទ្ធិពលនៃទំនៀមទម្លាប់ឬវប្បធម៌របស់ក្រុម និងបូករួមថែមទៀតជាមួយឥទ្ធិពលនៃវប្បធម៌សង្គមធំនិងវប្បធម៌ជាតិ បណ្តុះវិញ្ញាណយល់ដឹងរបស់មនុស្សឲ្យកើតមានឡើង ។ គឺវិញ្ញាណយល់ដឹងនេះហើយដែលជាកត្តាណែនាំឬមិនណែនាំមនុស្សឲ្យធ្វើសកម្មភាពឬឲ្យនៅអកម្ម ។ ចំណេះដឹងអំពីសង្គមូបនីយកម្មនិងអំពីឥទ្ធិពលនៃភ្នាក់ងារសង្គមូបនីយកម្មមកលើខ្លួនយើង ជួយយើងឲ្យមានគំនិតបង្កើតមធ្យាបាយដើម្បីសម្រេចអនាគតរបស់យើង ។

នៅខាងក្រោមនេះជាគំនូរព្រាង sketch នៃ “សង្គមូបនីយកម្មនយោបាយ” political socialization ជាខ្មែរ ។ ខ្ញុំបានចុះផ្សាយគំនូរព្រាងនេះជាភាសាអង់គ្លេសនៅក្នុងសៀវភៅបង្រៀន Political Science 101 Manual នៅសកលវិទ្យាល័យកោះហ្គាំ University of Guam ។ (ខ្ញុំនឹងសរសេរអំពីទំនាក់ទំនងរវាងសមាសភាគក្នុងគំនូរព្រាងនៅលើកក្រោយ ។ )

ទោះបីខ្ញុំជាខ្មែរមូស្លីម ប្រទេសកំណើតរបស់ខ្ញុំជាប្រទេសខ្មែរកាន់ពុទ្ធសាសនា ។ រហូតដល់ថ្ងៃខ្ញុំស្លាប់ ភ្នាក់ងារសង្គមូបនីយកម្មមួយដែលជះឥទ្ធិពលមកលើខ្ញុំ គឺការប្រៀនប្រដៅរបស់ព្រះពុទ្ធដល់មនុស្សជាតិចំនួនជាង ២៥០០ ឆ្នាំមកហើយ ។

ខ្ញុំជាសិស្សរៀនប្រចាំជីវិត ខ្ញុំឃើញសាសនាធំៗនៅក្នុងពិភពលោកណែនាំមនុស្សឲ្យដើរផ្លូវល្អ ។ ខ្ញុំបានចងក្រងក្របខ័ណ្ឌ “យោង-ព្យួរ-ត-ភ្ជាប់” នៅពេលខ្ញុំរៀននៅសកលវិទ្យាល័យ ។ ក្រោយមកខ្ញុំយកក្របខ័ណ្ឌទៅបង្រៀននៅសកលវិទ្យាល័យ ។ ខ្ញុំបានស្រាវជ្រាវទស្សនៈនិងបញ្ញាញាណរបស់ព្រះពុទ្ធ (៥៦៣មគស -៤៨៣មគស ) របស់បរមគ្រូ ខុង ជឺ (៥៥១មគស -៤៧៩មគស ) ស្ថាបនិកម្នាក់នៃអារ្យធម៌លោកខាងលិចគឺលោក សូក្រាត (៤៧០មគស -៣៩៩មគស ) ដែលត្រូវបានផ្សព្វផ្សាយសុសសាយក្នុងពិភពលោក ។ ទស្សនវិទូឧត្តមទាំងនេះមានអាយុមិនឆ្ងាយពីគ្នាទេ ទស្សនៈនិងការប្រៀនប្រដៅរក៏មិនខុសពីគ្នាដែរ ។

មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថាព្រះពុទ្ធសាសនាជាសាសនារដ្ឋកម្ពុជា ។ ព្រះពុទ្ធសាសនាថេរវាទជាសាសនារបស់រដ្ឋកម្ពុជាចាប់តាំងពីសតវត្សរ៍ទី ១៣ (លើកលែងតែនៅសម័យខ្មែរក្រហម ) ។ នៅក្នុងចំណោមពលរដ្ឋកម្ពុជាជាង ១៦ លាននាក់ មានពលរដ្ឋចំនួនជាង ៩៦% កាន់ពុទ្ធសាសនា ប្រមាណជា ២% កាន់សាសនាគ្រិស្ត ជាង ១% កាន់សាសនាឥស្លាម ។ យោងតាមស្ថិតិផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ កម្ពុជាមានព្រះសង្ឃចំនួនជិត ៧ ម៉ឺនអង្គ និងមានវត្តអារាមចំនួនជិត ៥ ពាន់ ។ យ៉ាងដូច្នេះ ព្រះពុទ្ធសាសនាជាភ្នាក់ងារសំខាន់នៃសង្គមូបនីយកម្មដែលបណ្តុះវិញ្ញាណយល់ដឹងរបស់ពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទឲ្យធ្វើសកម្មភាពដើម្បីសម្រេចភាពប្រសើរឬឲ្យនៅអកម្ម ។

នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំសូមភ្ជាប់អត្ថាធិប្បាយអំពីព្រះពុទ្ធសាសនាទៅលើសង្គមូបនីយកម្មខាងលើនេះ ។ ខ្ញុំសូមសរុបនូវអ្វីដែលខ្ញុំបានសរសេររួចច្រើនដងមកហើយ ពោលគឺពុទ្ធលទ្ធិ មានគោលដៅដឹកនាំមនុស្សឲ្យខំសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។ ព្រះពុទ្ធទូន្មានមនុស្សនៅក្នុងចតុរារិយសច្ចៈ The Four Noble Truths ឲ្យបំបាត់ចោលនូវតណ្ហា (មានលោភៈ ទោសៈ មោហៈ រាគៈ ) ដោយមគ្គមានអង្គ ៨ (គឺយល់ឃើញ ពិចារណា និយាយស្តី ធ្វើការ រកស៊ី ព្យាយាម ភ្ញាក់រលឹក និងតម្កល់ចិត្ត ក្នុងផ្លូវត្រូវ ) ដែលនាំឲ្យអ្នកបដិបត្តិរកបរមសុខឃើញ ។

ខ្ញុំសង្កេតឃើញពលរដ្ឋខ្មែរជាច្រើនដែលពោលថាពួកគេជាពុទ្ធបរិស័ទតែមិនចូលចិត្តស្វែងរកយល់អំពីពុទ្ធវចនៈឲ្យបានច្បាស់លាស់ទេ ។ ព្រះពុទ្ធជាទស្សនវិទូ ជាគ្រូបង្រៀន ជាសកម្មជន ជាអ្នកបម្រើការងារសង្គម ។ល។ ទស្សនៈរបស់ព្រះពុទ្ធគឺយើងជាលទ្ធផលនៃការគិតរបស់យើង ។ នេះមិនមែនជារឿងសាសនាទេ ។ លោកថា ការគិតនាំយើងឲ្យបង្កើតពិភពមួយដែលយើងចង់បាន ដូច្នេះយើងជាអ្នកទទួលខុសត្រូវលើអ្វីដែលបានឬមិនបានកើតមាន ។ ខ្ញុំបានសរុបការប្រៀនប្រដៅរបស់ព្រះពុទ្ធជារូបមន្ត “គិត-កម្ម-ផល” ។ ក្នុងគំនិតព្រះពុទ្ធ មនុស្សមានសេរីភាពក្នុងការគិត ក្នុងការអនុវត្ត និងក្នុងការទទួលផលទោះល្អឬអាក្រក់ ។

នៅក្នុងអត្ថបទ “ទស្សនវិជ្ជាពុទ្ធសាសនា” ចុះផ្សាយនៅក្នុងទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ ១៩៦៩ លោកគ្រូអាចារ្យ ប៉ាង ខាត់ ដែលជាអតីតសាស្ត្រាចារ្យភាសាសំស្ក្រឹតនិងជាអ្នកតស៊ូជំនាន់ខ្មែរបដិវត្តន៍ប្រឆាំងនឹងការគ្របគ្រងកម្ពុជាដោយអាណានិគមបារំាង (មានលោក ស៊ឺង ង៉ុក ថាន់ លោក ប៉ាច ឈឺន លោកគ្រូ អាចារ្យ ហែម ចៀវ លោក ប៊ុណ្ណចន្ទ ម៉ុល ជាដើម ) បានធ្វើការសំគាល់យ៉ាងច្បាស់ថា “ពុទ្ធសាសនា” មិនមែនជា “សាសនា” ដូចដែលយើងស្គាល់ “សាសនាគ្រិស្ត” ឬ “សាសនាឥស្លាម” ឬសាសនាផ្សេងទៀតដែលមានសិទ្ធាន្ត dogma ម៉ឺងម៉ាត់បង្គាប់បញ្ជានោះទេ តែជា “បដិបទាផ្លូវប្រតិបត្តិជាកម្មនិយម ឬជាវិធីបំបាត់អវិជ្ជា តណ្ហាឧបាទានកម្ម” ។

លោកគ្រូអាចារ្យ ប៉ាង ខាត់ កត់សំគាល់ថាព្រះពុទ្ធមិនមែនជាអ្នកបង្កើតពុទ្ធសាសនាទេ ហើយព្រះពុទ្ធក៏មិនមែនជាព្រះ ឬជាទេពតា ឬជាអាទិទេពមកពីឋានសួគ៌ដែរ ព្រះពុទ្ធគឺជាមនុស្សដូចយើងរាល់គ្នាអ៊ីចឹង ។ តែព្រះពុទ្ធជាមនុស្សដែលយល់ឃើញនិងលុះធម៌ដោយវីរិយភាពនិងដោយបញ្ញាញាណ ហើយលោកប្រកាសធម៌ដែលលោកបានត្រាស់ដឹង ។ លោកគ្រូបានអះអាងថាយើងម្នាក់ៗអាចលុះភាពជា “ពុទ្ធ” បានដែរប្រសិនបើយើងមានបំណងមាំនិងមានវីរិយភាពធំ ។

នៅឆ្នាំ ២០១៣ អត្ថបទខ្ញុំមួយចុះថ្ងៃទី ១៥ មករា ក្រោមចំណងជើងថា “Every person can and should be Preah Batr Dhammik” ផ្សាយនៅក្នុងទស្សនាវដ្តីគណៈកម្មការសិទ្ធិមនុស្សអាស៊ី Asian Human Rights Commission ឆ្លើយតបទៅនឹងការត្អូញត្អែរពីសំណាក់សកម្មជនខ្មែរខ្លះអំពីកម្ពុជាគ្មានមហាត្មៈគន្ធីខ្មែរ ឬណិលសុនម៉ាន់ដេឡាខ្មែរមកដឹកនាំសោះ និងសកម្មជនខ្លះទៀតបន់ស្រន់ស្វែងរកព្រះបាទធម្មិកឲ្យមកជួយ ។

ខណៈលោក ម៉ារ៍ទិន លូធើរ៍ ឃីង Martin Luther King, Jr. បានថ្លែងថា “គឺរូបលោកអ្នកនេះហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលលោកអ្នកចង់ឃើញ” ខ្ញុំបានដកស្រង់ពាក្យពេចន៍របស់អតីតព្រះសង្ឃមួយអង្គឈ្មោះ ហេង មូនីចិន្តា ដែលខ្ញុំធ្លាប់បានសហការនាឆ្នាំ ១៩៨១ នៅជាយដែនមកចុះផ្សាយដែរ ។ សូមកត់សំគាល់ថានៅក្រោយមក លោក មូនីចិន្តា បានមករៀននិងបានទទួលសញ្ញាប័ត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ Harvard ។

នៅក្នុងសៀវភៅ Preah Batr Dhammik (“Just Ruler”) នាឆ្នាំ ១៩៩១ លោកបន្ទោសព្រះសង្ឃខ្មែរថាមិនបានបង្រៀនធម៌ព្រះពុទ្ធឲ្យបានត្រឹមត្រូវ ។ នៅក្នុងអត្ថបទលោកផ្សាយក្នុងសៀវភៅ In Search for the Dhammikar ruler នាឆ្នាំ ២០០៨ លោកបន្ទោសថា ព្រោះតែព្រះសង្ឃខ្មែរមិនបានបង្រៀនធម៌ព្រះពុទ្ធឲ្យបានត្រឹមត្រូវ ហើយអ្នកដឹកនាំខ្មែរមិនបានអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធអំពី “ភារកិច្ច ១២ ប្រការនៃអ្នកដឹកនាំឆ្នើមឆ្នៃ” បានជា “សណ្តាប់ធ្នាប់សីលធម៌” ខ្មែរធ្លាក់ឱនថយធ្វើឲ្យពលរដ្ឋជួបនឹងទុក្ខសោកដូចសព្វថ្ងៃនេះ ។

លោក មូនីចិន្តា សរសេរថាការធ្លាក់ឱនថយនៃសណ្តាប់ធ្នាប់សីលធម៌ខ្មែរគឺមកពីពលរដ្ឋខ្មែរមិនយល់មិនដឹងថាអ្វីជាព្រះបាទធម្មិក ។ លោកអះអាងថាអ្នកណាដែលប្រតិបត្តិគុណធម៌ ១០ ប្រការរបស់ព្រះពុទ្ធ គឺជាព្រះបាទធម្មិកហើយ ។ លោកសុំខ្មែរឲ្យឈប់ដេកចាំព្រះបាទ ធម្មិកហើយចាប់ផ្តើមបណ្តុះភាពជាព្រះបាទធម្មិកភ្លាមពីព្រោះអ្នកណាក៏អាចលុះភាពជា “ធម្មិក” បានដែរ ។

តាមលោកគ្រូអាចារ្យ ប៉ាង ខាត់ ព្រះពុទ្ធបង្រៀនថាយើងម្នាក់ៗជាម្ចាស់ខ្លួនយើង គ្មានទេវតាឯណាមកកសាងវាសនាឲ្យយើងទេ គឺយើងជាទីពឹងរបស់ខ្លួនយើង ជាអ្នកទទួលខុសត្រូវដោយខ្លួនយើង មិនត្រូវដើរស្វែងរកសរណៈដទៃក្រៅពីខ្លួនយើងឡើយ ។ ព្រះពុទ្ធបានប្រដៅថាមនុស្សត្រូវកសាងខ្លួនដោយខ្លួនឯង “អត្តសម្មាបណិធិ” ហើយយកអនុភាពខ្លួនឯងទៅរំដោះទុក្ខ មោក្ខ ឲ្យរួចផុតស្រឡះពីចំណងតណ្ហា ដោយវីរិយភាពនិងបញ្ញារបស់ខ្លួន ។

មុនខ្ញុំចូលនិវត្តន៍នៅឆ្នាំ ២០០៤ សាស្ត្រាចារ្យមួយចំនួនដែលបានបិទលើជញ្ជាំងការិយាល័យនូវពាក្យពេចន៍ទូន្មានរបស់ព្រះពុទ្ធជាភាសាអង់គ្លេសហាមប្រព្រឹត្តអាការ ១០ យ៉ាង បានសុំខ្ញុំឲ្យរកបំរាមព្រះពុទ្ធជាខ្មែរ ។ ខ្ញុំសូមសម្រួលយ៉ាងខ្លីនូវបំរាមទាំង ១០ ប្រការដែលមានចុះផ្សាយនៅក្នុងអត្ថបទលោកគ្រូអាចារ្យប៉ាង ខាត់ ៖ “ហៃកាលាមៈ! ចូរប្រុងស្តាប់ដោយគោរពចុះ អ្នកទាំងឡាយកុំប្រព្រឹត្តអាការ ១០ យ៉ាង” ដូចតទៅនេះ ៖

១. កុំជឿនិងសំអាងលើព័ត៌មានដែលឮតៗគ្នា ២. កុំជឿនិងសំអាងលើទម្លាប់ ៣. កុំជឿនិងសំអាងលើអ្វីដែលគេនិយាយតៗគ្នា ៤. កុំជឿនិងសំអាងលើក្បួនតម្រា ៥. កុំជឿនិងសំអាងលើតក្កវិជ្ជាតាមខ្លួនឯងយល់ ៦. កុំជឿនិងសំអាងលើអ្វីដែលផ្សែផ្សំឲ្យបានប្រហែលគ្នា ៧. កុំជឿនិងសំអាងលើអ្វីដែលខ្លួនពេញចិត្ត ៨. កុំជឿនិងសំអាងលើអ្វីដែលត្រូវនឹងគំនិតខ្លួន ៩. កុំជឿនិងសំអាងលើពាក្យអ្នកប្រសប់និយាយពិរោះស្តាប់ ១០. កុំជឿនិងសំអាងលើលទ្ធិគ្រូដោយហេតុតែជាគ្រូរបស់ខ្លួន ។

ព្រះពុទ្ធហាមការជឿនិងសំអាងដោយមិនបានពិចារណាឲ្យហ្មត់ចត់ដោយខ្លួនឯង ។ ក៏ប៉ុន្តែលោកទូន្មានថា ៖ “អ្វីមួយដែលអ្នកបានឃើញខ្លួនឯងថាជាកុសល ជាប្រសើរ ចូរអ្នកប្រព្រឹត្តចុះ! អ្វីមួយដែលអ្នកបានឃើញខ្លួនឯងថាជាអកុសល ជាធម៌លាមកខុសគន្លងធម៌ អ្នកគួរលះបង់ទៅ កុំប្រព្រឹត្តតាមឡើយ ។”

ពោលគឺលុះបានធ្វើការពិនិត្យពិចារណាច្បាស់លាស់ហើយ អ្វីដែលឃើញថាជាត្រឹមត្រូវ ជាកុសល គឺគប្បីប្រព្រឹត្តចុះ ។ យ៉ាងដូច្នេះ ព្រះពុទ្ធផ្តល់សេរីភាពឲ្យប្រើខួរក្បាលត្រិះរិះពិចារណារកហេតុរកផលឲ្យឃើញសឃើញខ្មៅសិនសឹមប្រព្រឹត្តអ្វីដែលជាកុសល ។

តាមលោកគ្រូអាចារ្យ ប៉ាង ខាត់ ពុទ្ធសាសនាមិនមាន “បាបកម្ម” ដូចនៅក្នុងសាសនាដទៃទេ ។ ឫសគល់នៃបាបកម្ម គឺអវិជ្ជា ignorance និងមិច្ឆាទិដ្ឋិ false views ។

នៅក្នុងសង្គមខ្មែរ ទាំងនៅក្នុងនិងក្រៅប្រទេស ពុទ្ធសាសនាហាក់ដូចគ្មានឥទ្ធិពលទៅលើ ពលរដ្ឋនិងមេដឹកនាំដែលគ្របគ្រងរដ្ឋនិងដែលប្រឆាំងអំណាចផ្តាច់ការ ។ ទស្សនៈថាពុទ្ធសាសនាជាវិធីប្រតិបត្តិកម្មនិយមហាក់ដូចជាបរទេសពេកសម្រាប់អ្នកតស៊ូ ។ ទស្សនៈថាពុទ្ធសាសនាជាយានបណ្តុះភាពជាអ្នកដឹកនាំក៏ហាក់ដូចជាគំនិតទ្វីបតារាវលីដែរ ។ លោក មូនីចិន្តា បានអះអាងថាគឺការមិនអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធដែលធ្វើឲ្យប្រទេសធ្លាក់ហិនហោចដូចសព្វថ្ងៃ ។

ខ្មែរអ្នកតស៊ូអាចសម្រេច “អត្តសម្មាបណិធិ” ដោយជោគជ័យ ។ ទឹករលកតូចមួយ ពីរ បី ហូរចូលគ្នានឹងរំលើងឫសរបបផ្តាច់ការលោក ហ៊ុន សែន បាន ។ ជំងឺរោគឆ្លងកូវិត-១៩ មិនអាចការពាររបបនេះបានរហូតទេ ។ ព្រះពុទ្ធថាគ្មានអ្វីនៅជាអចិន្ត្រៃយ៍ឡើយ ។ ដូច្នេះចូរ “គិត-កម្ម-ផល” ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។