សច្ចាធិដ្ឋាន ៖ រដ្ឋធម្មនុញ្ញ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

ការសិក្សាប្រៀបធៀបនូវភាពដូចគ្នាឬស្រដៀងគ្នានិងភាពខុសគ្នាឬផ្ទុយគ្នានៅក្នុងរបៀបរស់របស់មនុស្សនៅក្នុងសង្គមផ្សេងៗគ្នា ព្រមទាំងព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយនៃប្រទេសនានានៅក្នុងពិភពលោក ជួយយើងឲ្យយល់អំពីរបៀបរបបរស់នៅ និងអំពីព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយនៅជុំវិញខ្លួនយើងផង និងជួយយើងឲ្យយល់អំពីរបៀបរស់នៅរបស់យើង ព្រមទាំងអំពីព្រឹត្តិការណ៍និងប្រព័ន្ធនយោបាយរបស់ប្រទេសយើងផង ។

បើយើងអនុវត្តឲ្យបានប្រសិទ្ធិភាពនូវធាតុនៃការគិតដូចដែលខ្ញុំបានរៀបរាប់នៅក្នុងអត្ថបទខ្ញុំលើកមុន (សូមអានអត្ថបទ “ចន្លោះប្រហោងក្នុងការគិត” ចុះថ្ងៃទី ២២ វិច្ឆិកា និងស្តាប់ការផ្សាយតាមវិទ្យុខ្មែរពិភពលោក នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) យើងនឹងឃើញថាការសិក្សាប្រៀបធៀបវាជួយយើងឲ្យមានលទ្ធភាពក្នុងការជ្រើសរើសយករបៀបឬប្រព័ន្ធណាមួយដែលមានប្រសិទ្ធិភាពជាងគេដើម្បីដើរឆ្ពោះទៅកាន់ភាពចម្រុងចម្រើន ។ លទ្ធិប្រជាធិប តេយ្យអនុញ្ញាតឲ្យយើងមានជម្រើស ។ ការគិតអនុញ្ញាតឲ្យយើងមានលទ្ធភាពសម្រិតសម្រាំងយកអ្វីដែលផ្តល់ផលប្រយោជន៍ ។

នៅក្នុងអត្ថបទខ្ញុំមុន ខ្ញុំបានលើកយកព្រឹត្តិការណ៍នយោបាយអាមេរិកាំងមកធ្វើការ យោង ព្យួរ ត ភ្ជាប់ ជាមួយនឹងដំណើរព្រឹត្តិការណ៍នយោបាយនៅកម្ពុជា ។ ខ្ញុំបានសរសេរអំពីព័ត៌មានថាជាវត្ថុធាតុនៃការគិត និងអំពីរបៀបយើងគិតថាជាកំណត់នៃអនាគតរបស់យើងនិងរបស់សង្គមយើង ។ ខ្ញុំបានកត់សំគាល់អំពីចំណុចខ្វះខាតនៅក្នុងចំណោមពលរដ្ឋខ្មែរក្នុងការគិតឲ្យបានល្អិតល្អន់និងស៊ីជំរៅដើម្បីដោះស្រាយបញ្ហាអាយុជីវិតកម្ពុជា ។ ខ្ញុំឃើញការមើលស្រាលគំនិតផ្សេងៗជាប្រការរារំាងយុទ្ធនាការប្រឆំាងនឹងរបបផ្តាច់ការមិនឲ្យមានល្បឿនដែលអាចធ្វើទៅបាន ។ នេះមិនមែនមកពីជនផ្តាច់ការខ្លាំងពូកែស្មើយក្សឡើយ តែមកពីខ្មែរនីតិរដ្ឋមានកម្លាំងខ្សត់ខ្សោយពេក ជាពិសេសក្នុងការគិតនេះឯង ។ ពួកគេច្រើនតែចូលចិត្តរបៀបរំភើបនិងរំជួលចិត្ត ។

ថ្ងៃទី៩វិច្ឆិកា ជាឧទាហរណ៍មួយ ។ នៅអាមេរិកមានពាក្យស្លោកមួយនិយាយថា “There are many ways to skin a cat” បកប្រែជាខ្មែរថា “មានវិធីច្រើនបែបដើម្បីបកស្បែកឆ្មា” ។ ពាក្យស្លោកនេះមានន័យថា នៅក្នុងគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មានវិធីច្រើនយ៉ាងទៀតក្រៅពីពិធីដង្ហែរក្បួនកាន់ទង់តាមផ្លូវថ្នល់របៀប “រលកយក្សស៊ូណាម៉ី” ដែលលោក សម រង្ស៊ី បានស្រែកសន្យាតែធ្វើមិនកើត ។

គេថាក្រដាស់មួយសន្លឹកមានទំព័រចំនួនពីរ ។ ប្រាក់មួយកាក់ក៏មានមុខពីរដែរ ។ ដូច្នេះសម្រែកលោក សម រង្ស៊ី មិនមែនឥតប្រយោជន៍ទាំងស្រុងទេទោះបីមានអ្នករិះគន់ចោទថាជាប្រជាភិថុតិក្តី ។ សម្រែកនោះបានបង្ហាញភាពបដិដ្ឋាន ។ ទោះបីលោក សម រង្ស៊ី មានតែបាតដៃទទេក៏សម្រែកលោកបានវាយតប់ត្រូវចំណុចខ្សោយលោក ហ៊ុន សែន ធ្វើឲ្យគាត់ភិតភ័យលោះព្រលឹង ខំប្រឹងខ្មីឃ្មាតចាប់ចងឃុំឃាំងមនុស្សនិងពង្រាយទ័ពគ្រប់ទីកន្លែង ។

ខ្ញុំមិនដឹងហេតុអ្វីក៏គ្មានការអនុវត្តន៍ក្បួនសាមកុកដែលបានបង្រៀនថាបើគូប្រជែងភ័យស្លោភ្នែកហើយគួរកុំភ្លេចដល់វិធីបញ្ជូនខ្មោចបិសាចឲ្យទៅលងបន្ថែមទៀត អេសេតឺរ៉ា អេសេតឺរ៉ា ។ នេះគឺស្របតាមគំនិតស្រមើស្រមៃឆ្នៃប្រឌិត ។ ជាង ២៥០០ ឆ្នំាមកហើយដែលបរមគ្រូ ខុង ជឺ បានប្រដៅមនុស្សថាបើមិនបានសម្រេចគោលដៅទេ កុំប្តូរគោលដៅអី ប្តូរវិធីសាស្ត្រវិញ ។ បើយើងយកខួរក្បាលយើងម្នាក់ៗទម្ងន់មួយគីឡូក្រាមទៅធ្វើសកម្មភាពគិតគូរឲ្យបានល្អិតល្អន់ គ្មានបញ្ហាអ្វីទោះធំនិងពិបាកយ៉ាងណាក្តីអាចទប់ទល់នឹងកម្លាំងគំនិតដែលធ្វើការវាយប្រហារឥតឈប់ឈរបានឡើយ ។

នៅក្នុងព្រឹត្តការណ៍បច្ចុប្បន្ននៅសហរដ្ឋអាមេរិក គណៈកម្មាធិការនិតិសាស្ត្ររបស់តំណាង រាស្ត្រអាមេរិកបានចំណាយពេលជាង ៨ ម៉ោងនៅថ្ងៃទី ៤ ធ្នូ ដើម្បីស្តាប់សក្ខីកម្មនិងសួរដេញដោលសាស្ត្រាចារ្យ ៤ រូបដែលមានឈ្មោះល្បីផ្នែកច្បាប់រដ្ឋធម្មនុញ្ញអំពីបទចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ បន្ទាប់មក នៅថ្ងៃទី ៥ ធ្នូ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកនិងជាមេដឹកនាំលំដាប់ទី ៣ បន្ទាប់ពីប្រធានាធិបតីនិងអនុប្រធានាធិបតី បានថ្លែងការណ៍ប្រាប់សន្និសីទកាសែតថាលោកស្រីបានបង្គាប់ទៅប្រធាននៃគណៈកម្មាធិការទាំង ៦ របស់សភាតំណាងរាស្ត្រឲ្យរៀបចំសរសេរមាត្រាកាត់ទោសលោក ដូណាល់ ត្រាំ ។

លោកស្រីបានថ្លែងអំពី “ការប្រើអំណាចខុសច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន” រួចលោកស្រីបានរំលឹកអំពីសេចក្តីថ្លែងការណ៍របស់បិតាស្ថាបនិកប្រទេសអាមេរិកនៅឆ្នាំ ១៧៧៦ នាវេលាប្រកាសឯករាជ្យរំដោះខ្លួនចេញពី “ស្តេចជិះជាន់គាបសង្កត់ម្នាក់ … ដែលមិនព្រមគោរពច្បាប់ទម្លាប់ត្រឹមត្រូវ” ។ ដើម្បីការពារ “សាធារណរដ្ឋ” អាមេរិកពី “មេដឹកនាំចង្រៃនិងពុករលួយ” បិតាស្ថាបនិកអាមេរិកបានសម្រេចនៅក្នុងសន្និបាតរដ្ឋធម្មនុញ្ញនាទីក្រុង ហ្វីឡាដិលហ្វី នៅឆ្នាំ១៧៨៧ ថាមិនត្រូវមានបុគ្គលណាម្នាក់មានអំណាចខ្ពស់ជាងច្បាប់ឡើយ ។ ដូច្នេះរដ្ឋធម្មនុញ្ញអាមេរិកត្រូវតែមានបញ្ចូលមាត្រាកាត់ទោស impeachment ពីព្រោះបើគ្មានទេ ប្រធានាធិបតីដែលឡើងកាន់អំណាចដោយ “អំពើមិនត្រឹមត្រូវនិងពុករលួយ” នឹងប្រើគ្រប់មធ្យោបាយដើម្បីបន្តអំណាចទៅមុខទៀត ។

លោកស្រី ប៉េឡូស៊ី បានរំលឹកថា បិតាស្ថាបនិកអាមេរិកជឿជាក់ថា “ប្រធានាធិបតីដែលប្រព្រឹត្តអំពើអយុត្តិធម៌គឺបំផ្លាញនីតិរដ្ឋបន្តិចម្តងៗ ព្រមទាំងគោលការណ៍យុត្តិធម៌ត្រឹមត្រូវដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរបស់យើង” ។ លោកស្រីបានអះអាងថាការចោទប្រកាន់លោក ត្រាំ មិនមែនជាបញ្ហារឿងប្រជាពលរដ្ឋបោះឆ្នោតរើសមេដឹកនាំទេ តែជាបញ្ហាដែល “ចាក់ចំបេះដូងរបស់រដ្ឋធម្មនុញ្ញយើង ។ លទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងត្រូវបានគំរាមកំហែង” ។

ខណៈដែលវប្បធម៌ខ្មែររាប់រយឆ្នាំបង្រៀននិងពត់បត់បែនឫកពានិងឥរិយាបថនយោបាយរបស់ខ្មែរឲ្យឱនកាយ គោរព កោតខ្លាច បម្រើ ការពារ បុគ្គល និងរចនាសម្ព័ន្ធសង្គមមួយដែលបែងចែកពលរដ្ឋខ្មែរតាមឋានៈ ចំណាត់ថ្នាក់ តួនាទីខ្ពស់ទាប មានសេ្តច នាម៉ឺន មន្ត្រី រាស្ត្រ មានចៅហ្វាយនាយ អ្នកបម្រើ មានមេកោយ អ្នកដឹក អ្នកដើរតាម ។ល។ ពលរដ្ឋអាមេរិកាំងណែនាំកូនចៅតាំងពីនៅក្មេងតូចឲ្យរៀនសូត្រទន្ទិញស្ទាត់មាត់នូវពាក្យពេចន៍ក្នុងសេចក្តីថ្លែងការណ៍របស់បិតាស្ថាបនិកប្រកាសឯករាជ្យអាមេរិកនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៧៧៦ ។

ទាំងកូនក្មេងអាមេរិកាំង ទាំងជនអន្តោប្រវេសន៍ដែលជ្រើសរើសយកសហរដ្ឋអាមេរិកជាមាតុភូមិថ្មី ជាទូទៅទន្ទេញចងចាំនូវឈ្លាមួយដែលចែងថា “គឺជាសច្ចៈដាច់ខាត self-evident truths ថាមនុស្សរាល់រូបកើតមកមានសិទ្ធិស្មើគ្នានិងបានទទួលពីព្រះជាម្ចាស់នូវសិទ្ធិដែលមិនអាចបំពានបាន ពោលគឺ ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។

សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកបញ្ជាក់ថា “នៅពេលណាដែលការរំលោភនិងកេងប្រវ័ញ្ទទាំងគំនរបង្ហាញភាពជាការរចនាប្រទាញប្រជាពលរដ្ឋឲ្យធ្លាក់ក្នុងអំណាចផ្តាច់ការ វាជាសិទ្ធិនិងជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការផ្តួលរំលំរដ្ឋាភិបាលបែបនេះហើយរៀបចំការបង្កើតរដ្ឋាភិបាលថ្មីដើម្បីរក្សាការពារសន្តិសុខពលរដ្ឋនៅអនាគត” ។

សេចក្តីប្រកាសឯករាជ្យអាមេរិកបានបញ្ចប់ដោយមានប្រកាសសច្ចាធិដ្ឋានរបស់ហត្ថលេខីចំនួន ៥៦ រូបដែលមានអាយុចាប់ពី ២៧ ឆ្នាំ ដល់ ៧០ ឆ្នាំ ។ មានជនអន្តោប្រវេសន៍ ៩ នាក់ ក្មេងកំព្រាម្នាក់ អ្នកជំនួញ ១៨ នាក់ កសិករ ១៤ នាក់ វេជ្ជបណ្ឌិត ៤ នាក់ មេធាវី ២១ នាក់ ចៅក្រម ៩ នាក់ និងចៅហ្វាយខេត្តម្នាក់ ។ ហត្ថលេខី ៤២ នាក់ធ្លាប់បម្រើនៅក្នុងសភានីតិកាលអាណានិគមអង់គ្លេស ។

នៅក្នុងចំណោមហត្ថលេខីទាំង ៥៦ នាក់ មានហត្ថលេខីចំនួន ៧ នាក់ដែលទទួលការសិក្សានៅ Harvard ៤ នាក់នៅ Yale ៤ នាក់នៅ William & Mary និង ៣ នាក់ទៀតនៅ Princeton ។ ហើយមានហត្ថលេខី ១៧ នាក់ដែលជានាយទាហានឬទាហានដែលធ្លាប់ជាអ្នកចម្បាំងនៅក្នុង “សង្គ្រាមបដិវត្តអាមេរិក” Revolutionary War ប្រឆាំងនឹងអាណានិគមអង់គ្លេស ។

អាណានិគមអង់គ្លេសបានចាប់និងចោទហត្ថលេខីចំនួន ៥ នាក់ថាជា “ជនក្បត់” ហើយបានធ្វើទារុណកម្មពួកគេមុននឹងពួកគេទទួលមរណភាព ។ អណានិគមអង់គ្លេសបានរឹបអូសទ្រព្យសម្បត្តិនិងដុតចោលផ្ទះសម្បែងរបស់ហត្ថលេខី ១២ នាក់ ។ កូនប្រុស ២ នាក់របស់ហត្ថលេខីបានត្រូវស្លាប់នៅក្នុងសង្គ្រាមបដិវត្តន៍ និង ២ នាក់ទៀតបានត្រូវចាប់ខ្លួន ។ ហត្ថលេខីចំនួន ៩ នាក់ក្នុងចំណោមហត្ថលេខីទាំង ៥៦ នាក់បានស្លាប់ដោយសារការរងរបួសឬការលំបាកក្នុងសង្គ្រាម ។

សច្ចាធិដ្ឋានរបស់ហត្ថលេខីទាំង ៥៦ នាក់នៅក្នុងសេចក្តីប្រកាសឯករាជ្យថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ នៅចំពោះមុខគ្រោះថ្នាក់ដែលពួកគេកំពុងប្រឈម ថ្លែងថា ៖ “ដើម្បីគាំទ្រសេចក្តីប្រកាសនេះ និងដោយមានជំនឿយ៉ាងមុតមាំទៅលើការការពាររបស់ព្រះជាម្ចាស់ដ៏មានមហិទ្ធិឫទ្ធិ យើងខ្ញុំសូមធ្វើសច្ចាធិដ្ឋាននៅចំពោះមុខគ្នាថា យើងខ្ញុំបូជាជីវិត ជោគវាសនា និងកិត្តិយសដ៏ពិសិដ្ឋរបស់យើងខ្ញុំ ” ។

គឺសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកដែលមានអាយុជាង ២៤០ ឆ្នាំនេះហើយដែលលោកស្រី ប៉េឡូស៊ី បានលើកមករំលឹកនៅពេលប្រកាសការរៀបចំមាត្រាកាត់ទោសលោក ដូណាល់ ត្រាំ កាលពីថ្ងៃ ៥ ធ្នូ ។ សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យជាប្រភពនៃគំនិតនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកនៅសន្និបាតរដ្ឋធម្មនុញ្ញនាទីក្រុង ហ្វីឡាដិលហ្វី នៅឆ្នាំ ១៧៨៧ ។ រដ្ឋធម្មនុញ្ញនេះត្រូវបានផ្តល់សច្ចានុម័តនិងចូលជាធរមាននៅឆ្នាំ ១៧៨៨ ។ នៅឆ្នាំ ១៧៨៩ លោក ហ្ច័រច្ច វ៉ាស៊ិនតោន បានឡើងជាប្រធានាធិបតីទីមួយនៃសហរដ្ឋអាមេរិក ។

នៅថ្ងៃទី ៩ ធ្នូ ពីព្រឹកទល់យប់ គណៈកម្មាធិការនិតិសាស្ត្របានស្តាប់សក្ខីកម្មនិងសួរដេញដោលមេធាវីតំណាងគណបក្ស ដេម៉ូក្រាត និងមេធាវីតំណាងគណបក្ស រ៉េពុយប្លីកាំង អំពីបទល្មើស ។ នៅព្រឹកថ្ងៃអង្គារទី ១០ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី អមដោយប្រធាន គណៈកម្មាធិការទាំង ៦ របស់សភាតំណាងរាស្ត្រអាមេរិកបានថ្លែងប្រកាសបទចោទប្រកាន់ចំនួនពីរមាត្រាដោយចោទប្រធានាធិបតីអាមេរិកទី ៤៥ លោក ដូណាល់ ត្រាំ ពីបទ “រំលោភអំណាច” និង “រារាំងការស៊ើបអង្កេតរបស់សភា” សហរដ្ឋអាមេរិក ។

នៅក្នុងប្រវត្តិសាស្ត្រ មានប្រធានាធិបតីអាមេរិកតែ ៣ រូបទេដែលធ្លាប់បានទទួលការចោទប្រកាន់ជាផ្លូវការដោយសភាតំណាងរាស្ត្រ ៖ ១. លោក អាន់ឌ្រូយ៍ ហ្ចនសុន Andrew Johnson ប្រធានាធិបតីអាមេរិកទី ១៧ ជាប់ការចោទប្រកាន់នៅឆ្នាំ ១៨៦៨ ពីបទដកហូតតំណែងពីរដ្ឋមន្ត្រីម្នាក់ ២. លោក រិចឈឺត និចសុន Richard Nixon ប្រធានាធិបតីអាមេរិកទី ៣៧ ជាប់ការចោទប្រកាន់នៅឆ្នាំ ១៩៧៣ ពីបទស៊ុំគ្រលំចោរកម្មឯកសារនៅទីស្នាក់ការគណបក្សប្រឆាំង ៣. លោក ប៊ិល ក្លិនតុន Bill Clinton ប្រធានាធិបតីអាមេរិកទី ៤២ ជាប់ការចោទប្រកាន់នៅឆ្នាំ ១៩៩៨-១៩៩៩ ពីបទភូតកុហកចៅក្រមស៊ើបអង្កេត perjury និងប្រព្រឹត្តរឿងអាស្រូវ ។

ការចោទប្រកាន់ថ្កោលទោសប្រធានាធិបតីអាចធ្វើបានដោយសម្លេងភាគច្រើនសាមញ្ញនៅក្នុងសភាតំណាងរាស្ត្រ តែការថ្កោលទោសនេះមិនអាចធ្វើឲ្យប្រធានាធិបតីបាត់បង់តំណែងឬជាប់ក្នុងពន្ធនាគារនៅឡើយទេ ។ ដើម្បីកាត់ទោស (ផ្តន្ទាទោស) ប្រធានាធិបតីបាន សំណុំការចោទប្រកាន់ត្រូវបញ្ជូនទៅព្រឹទ្ធសភាដែលត្រូវមានសម្លេងគាំទ្រ ២ ភាគ ៣ ។ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក Andrew Johnson បានត្រូវរួចខ្លួនពីការផ្តន្ទាទោសដកមុខតំណែងព្រោះខ្វះសម្លេងមួយសម្លេងនៅក្នុងព្រឹទ្ធសភា រីឯលោក Nixon បានរួចខ្លួនដោយការសុំលាលែងពីតំណែង ។ ចំពោះលោក Clinton ព្រឹទ្ធសភាមិនបានសម្រេចផ្តន្ទាទោសលោកទេ ។

យោងតាមសមាសភាពនៃសភាតំណាងរាស្ត្របច្ចុប្បន្ននេះ បទចោទប្រកាន់លោកដូណាល់ ត្រាំទំនងជានឹងត្រូវបានអនុម័តបានដោយសារសម្លេងភាគច្រើនសាមញ្ញនៃពួក ដេម៉ូក្រាត ។ ក៍ប៉ុន្តែនៅក្នុងព្រឹទ្ធសភាអាមេរិកដែលមានសមាជិកភាគច្រើនជា រ៉េពុយប្លីកាំង បទចោទប្រកាន់មិនទំនងនឹងរកសម្លេង ២ ភាគ ៣ បានដើម្បីដកតំណែងលោក ដូណាល់ ត្រាំ ទេ នៅពេលដែលព្រឹទ្ធសភាបើកសវនាការជំនុំជម្រះ ។

ទោះម្តេចក្តី លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងត្រូវជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រអាមេរិកថាបានត្រូវសភាតំណាងរាស្ត្រទី ១១៦ ថ្កោលទោសនៅក្នុងដំណោះស្រាយ H. RES. ចុះថ្ងៃទី ១០ ធ្នូ ឆ្នាំ២០១៩ ។

សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកដោយអ្នកប្រឆាំងនឹងអាណានិគមអង់គ្លេសចំនួន ៥៦ នាក់ដែលបានធ្វើសច្ចាធិដ្ឋាននៅចំពោះមុខគ្នាថានឹង “បូជាជីវិត ជោគវាសនា និងកិត្តិយសដ៏ពិសិដ្ឋ” នៅមានជីវិតរស់រវើករហូតមកដល់សព្វថ្ងៃ ។ ខ្ញុំនឹងលើកឧត្តមគតិនិងគោលការណ៍ដែលបានបង្កើតឲ្យមានការបំបែកអំណាចរដ្ឋាភិបាលអាមេរិកជា ៣ ស្មើគ្នាក្នុងការប្រយុទ្ធនឹងរបបផ្តាច់ការមកធ្វើអត្ថាធិប្បាយនៅថ្ងៃក្រោយ ។ យើងត្រូវរៀនសូត្រអំពីរបៀបគ្រប់គ្រងរដ្ឋរបស់ប្រទេសគេដើម្បីឆ្លុះបញ្ចាំងរកមើលអំពីការខ្វះខាតនៅក្នុងរបៀបគ្រប់គ្រងរដ្ឋរបស់ប្រទេសយើង ។ ការស្វែងរកវិធីកសាងភាពចម្រុងចម្រើននិងល្អប្រសើរថែមទៀតជាការចាំបាច់សម្រាប់កម្ពុជានៅក្នុងពិភពលោកដែលចេះតែវិវត្តទៅមុខឥតឈប់ឈរ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។