សច្ចភាពរឡេះរលួយ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៣០ ខែ តុលា ឆ្នាំ ២០២០

បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងឆ្លងកាត់ “គ្រាដែលគួរឲ្យចាប់អារម្មណ៍” ឬ “interesting times” បើយោងទៅតាមអ្វីដែលគេហៅថា “Chinese curse” ឬ “បណ្តាសាចិន” ។ ឃ្លាចិនបុរាណ 寧爲太平犬, 莫做亂離人 ត្រូវបានគេបកប្រែជាទូទៅថា “May you live in interesting times” ឬ “សូមឲ្យអ្នករស់រានក្នុងគ្រាដែលគួរឲ្យចាប់អារម្មណ៍” ពោលគឺនៅក្នុងគ្រាវឹកវរដែលប្រកបទៅដោយភយន្តរាយសូមឲ្យអ្នកជួបនឹងសេចក្តីសុខ ។

ខ្ញុំបានសរសេរថាបច្ចុប្បន្នកាលនៃសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកលិយុគមួយគួរឲ្យព្រួយបារម្ភ ។ ពលរដ្ឋអាមេរិកនៅជួបប្រទះនឹងទុក្ខ វិបត្តិ និងអស្ថិរភាពដែលហាក់ដូចជាគំរាមជោគវាសនាមហាអំណាចដ៏មានឥទ្ធិពលមួយនេះ ។

នៅក្នុងអត្ថបទខ្ញុំដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ខ្ញុំបានសន្មត់ថានៅក្នុងចំណោមបញ្ហាធំៗដែលប្រឈមអាមេរិក បញ្ហាធំបំផុតគឺការរីករាលដាលនៃមេរោគឆ្លង
កូវិដ-១៩ ។ ដរាបណាមេដឹកនាំអាមេរិកដោះស្រាយបញ្ហានេះមិនប្រកបដោយប្រសិទ្ធភាព មិនគួរសង្ឃឹមថាគេអាចដោះស្រាយបញ្ហាសំខាន់ៗដទៃទៀតបានឡើយ ។

តាំងពីសហរដ្ឋអាមេរិកបានត្រូវបង្កើតមក ស្ថាបនិកអាមេរិកលើកប្រជាពលរដ្ឋជាអធិបតី ។ តែសព្វថ្ងៃនេះ ប្រជាពលរដ្ឋអាមេរិករាប់លាននាក់បានធ្លាក់ខ្លួនឈឺនិងរាប់សែននាក់បានត្រូវស្លាប់ដោយសារមេរោគកូវិដ-១៩ ។ នៅក្នុងសប្តាហ៍នេះ ចំនួនពលរដ្ឋធ្លាក់ខ្លួនឈឺបានកើនឡើងពីចំនួន ៤-៦ ម៉ឺននាក់ក្នុងមួយថ្ងៃ ដល់ ៨ ទៅ ៩ ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយចំនួនពលរដ្ឋស្លាប់នៅជាមធ្យមចំនួន ១ ពាន់នាក់ក្នុងមួយថ្ងៃដែរ ។ គប្បីចងចាំថាស្ថិតិបង្ហាញតួលេខ តែនៅពីក្រោយតួលេខគឺតួមនុស្សដែលឈឺនិងស្លាប់ ។ ប្រជាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាខ្មែរគឺមានរូបលោកអ្នកនិងរូបខ្ញុំដែរ ។ ដោយហេតុថាប្រជាពលរដ្ឋជាស្នូលនិងជាព្រលឹងរបស់ប្រជាជាតិ រូបភាពពលរដ្ឋឈឺនិងស្លាប់សម្បើមយ៉ាងនេះមិនបង្ហាញថាសហរដ្ឋអាមេរិកនៅក្នុងស្ថានភាពល្អប្រសើរឡើយ ។

សង្ខេបឡើងវិញត្រួសៗ មេរោគកូវិដ-១៩ បានឆ្លងពីប្រទេសចិនមកដល់រដ្ឋវ៉ាស៊ិនតោននៅត្រើយខាងលិចអាមេរិកនាថ្ងៃទី ២០ មករា ២០២០ ហើយពលរដ្ឋអាមេរិកទី ១ បានត្រូវស្លាប់នៅថ្ងៃទី ២៩ កុម្ភៈ (ជាផ្លូវការ ) តែក្រោយមកគេបានដឹងថាមានពលរដ្ឋស្លាប់ដោយសារជម្ងឺឆ្លងនៅថ្ងៃទី ៦ និង ១៧ កុម្ភៈមុននោះ ។ ប្រាំបីខែក្រោយមក គឺពីខែកុម្ភៈឆ្នាំ ២០២០ មកដល់ល្ងាចថ្ងៃទី ៣០ តុលាពេលខ្ញុំកំពុងនិពន្ធអត្ថបទសម្រាប់ថ្ងៃនេះ មានពលរដ្ឋអាមេរិកចំនួន ៩ លាន ៧ ពាន់ ២៩៨ នាក់បានត្រូវធ្លាក់ឈឺ និងជាង ២ សែន ២ ម៉ឺននាក់បានត្រូវស្លាប់ ។

ខណៈលោកប្រធានាធិបតីត្រាំទទូចថ្លែងថាមេរោគកូវិដ-១៩ នេះ “កំពុងតែរលាយបាត់” is disappearing និងអះអាងប្រាប់ពលរដ្ឋនៅរដ្ឋការ៉ូល៉ីនខាងជើងនាថ្ងៃទី ២៤ តុលាថាឲ្យចាំមើលចុះ “ដល់ថ្ងៃទី ៤ វិច្ឆិកានេះលោកអ្នកនឹងមិនឮគេនិយាយអំពីកូវិដទៀតឡើយ” អ្នកជំនាញកំពូលម្នាក់ផ្នែករោគឆ្លងព្រមាននៅថ្ងៃទី ១៥ តុលាថា “រយៈពេល ៦ ទៅ ១២ សប្តាហ៍ខាងមុខនេះជារយៈពេលខ្មៅងងឹតបំផុតនៃជម្ងឺរាតត្បាត” ។ អតីតនាយកមជ្ឈមណ្ឌលគ្របគ្រងនិងការពារជម្ងឺ CDC លោក ថុំ ហ្វ្រីដិន Tom Frieden ព្រមាននៅក្នុងអត្ថបទមួយចុះផ្សាយនៅថ្ងៃទី ១៨ តុលាថា “ពលរដ្ឋចំនួនកន្លះលាននាក់នឹងអាចស្លាប់បើសហរដ្ឋអាមេរិកអនុវត្តផែនការ “ភាពសុំានឹងមេរោគដូចហ្វូងគោ” herd immunity” ។

នៅថ្ងៃទី ៣០ តុលា គេហទំព័រមួយដែលប្រមូលផ្តុំព័ត៌មានឈ្មោះ “ហ៊ឺហ្វប៉ុស្តិ៍” HuffPost ចុះផ្សាយអត្ថបទមួយនៅក្រោមចំណងជើងថា “ហេតុដូចម្តេចបានជាកូវិដ-១៩ កើនឡើងជាច្រើននៅភាគពាយព្យអាមេរិក?” ។ តាមអត្ថបទនេះ “អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតមិនមែនភាពធ្ងន់ធ្ងរនៃរោគឆ្លងនោះទេ តែគឺការអាចព្យាករណ៍បានដែលគួរឲ្យខ្លាច” ។ អត្ថបទអះអាងថាគេរកឃើញមានកត្តាដ៏ជាក់លាក់មួយដែលអាចពន្យល់ច្បាស់បានអំពីកំណើននៃជម្ងឺរោគឆ្លង ពោលគឺមកពី “គោលនយោបាយ” មិនស៊ីគ្នាដែលគេបានអនុវត្ត ។ តាមគេហ ទំព័រ HuffPost “ករណីកូវិដ-១៩កើនឡើងនៅក្នុងរដ្ឋនានាដែលអ្នកដឹកនាំនយោបាយរដ្ឋបានបដិសេធអនុវត្តគោលការណែនាំរបស់អ្នកជំនាញក្នុងតំបន់និងរបស់មជ្ឈមណ្ឌលគ្របគ្រងនិងការពារជម្ងឺ CDC ដូចជាហាមចេញចូលនិងការរឹតត្បិតលើការប្រមូលផ្តុំសាធារណៈ” ។

អត្ថបទ HuffPost សរសេរថា អភិបាលរដ្ឋដែលជាសមាជិករបស់គណបក្សសាធារណៈរដ្ឋ GOP បានដកបំរាមរឹតត្បិតរហ័សពេកហើយមិនព្រមអនុវត្តបទបញ្ជាឡើងវិញទេទោះបីករណីកូវិដ-១៩បានកើនឡើងមានកម្រិតខ្ពស់យ៉ាងណាក្តី ។ HuffPost លើកការរកឃើញរបស់មធ្ឈមណ្ឌលវឌ្ឍនភាពអាមេរិក Center for American Progress ថាចំនួនប្រមាណជាពាក់កណ្តាលនៃការប្រមូលផ្តុំជួបជុំសាធារណៈ rallies បានបណ្តាលឲ្យមេរោគឆ្លងកូវិដ-១៩ រីករាលដាល ។

អត្ថបទគេហទំព័រ HuffPost សរុបការវិភាគអំពីហេតុដែលបនាំឲ្យករណីកូវិដ-១៩ កើនឡើងដោយដាក់ចំណងជើង ”រង” ថា “គឺមកពីគោលនយោបាយ កុំឆោតពេក” “It’s The Policies, Stupid” ។

ផ្គួបជាមួយនឹងបញ្ហាធំនេះមានបញ្ហាដែលគួរឲ្យចាប់អារម្មណ៍មួយដែលអាចជាគ្រោះថ្នាក់ធំសម្រាប់ប្រទេសអាមេរិក ។ បញ្ហាដែលធ្វើឲ្យពលរដ្ឋអាមេរិកព្រួយបារម្ភនិងភ័យខ្លាចគឺ “អំពើហិង្សានិងភាពវឹកវរ” ដែលគេគិតថាអាចនឹងកើតមាននៅក្នុងឱកាសបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាថ្ងៃទី ៣ វិច្ឆិកានេះ ។

មានអត្ថបទជាច្រើនបានវិភាគអំពីហេតុដែលជម្រុញពលរដ្ឋឲ្យព្រួយនិងភ័យខ្លាច ។

គេថាវិសាលភាពនៃការប្រើអាវុធនិងអំពើហិង្សានយោបាយមិនមែនកើតមានឡើងដោយឥតហេតុទេ ។ ការរីករាលដាលនៃទ្រឹស្តីឃុបឃិតដែលគំរាមកំហែងដំណើរការលទ្ធិប្រជាធិបតេយ្យ និងឥទ្ធិពលនៃពាក្យពោលរបស់មេដឹកនាំនយោបាយជាពិសេសលោកប្រធានាធិបតីត្រាំក្នុងការបំផុលមនុស្សជាពិសេសក្រុមប្រដាប់អាវុធមនោគមវិជ្ជាស្តំានិយម ជារឿងគ្រោះថ្នាក់សម្បើមណាស់ ។ អ្នកវិភាគចាប់អារម្មណ៍ជាពិសេសលើលោកត្រាំដែលមិនឆ្លើយសំនួរអ្នកកាសែតអំពី “ការផ្ទេរអំណាចដោយសន្តិវិធី” និងប្រើពាក្យពោលលើកទឹកចិត្តក្រុមជ្រុលនិយមដែលគេបានប្រៀបទៅនឹងការបញ្ជាឲ្យពួកជ្រុលនិយមត្រៀមខ្លួន “លើកអាវុធ” ។

លោក គ្រីស្តូហ្វឺរ៍ រេយ៍ Christopher Ray នាយកក្រសួងស៊ើបអង្កេត FBI បានថ្លែងប្រាប់សភាអាមេរិកថា ភាពអធ្យោត្តមពូជសាសន៍ស្បែកស white supremacy និងភាពឃោរឃៅជ្រុលនិយមជម្រុញដោយពូជសាសន៍ពណ៌សម្បុរ racially-motivated violent extremism ជា “ការគំរាមកំហែងជាក់លាក់និងរាលដាលមួយ” នៅអាមេរិក ។ គឺទាំងនេះហើយដែលធ្វើឲ្យសាស្ត្រាចារ្យជប៉ុន លោក ខូបាយ៉ាហ្ស៊ី ខយជឹ Kobayashi Koichi ថ្លែងដោយព្រួយបារម្ភអំពី “សង្គ្រាមស៊ីវិល” អាមេរិកដែល “អាចនឹងផ្ទុះឡើងជាយថាហេតុ” នោះ ។

នៅថ្ងៃទី ២៦ តុលា កាសែត USA TODAY បានចុះផ្សាយអត្ថបទមួយនៅក្រោមចំណងជើងថា “ពលរដ្ឋអាមេរិកព្រួយបារម្ភនឹងអំពើហិង្សានិងភាពវឹកវរនាថ្ងៃបោះឆ្នោត កំពុងតែទិញកាំភ្លើងនិងបរិក្ខាប្រើប្រាស់” ។ នេះគឺជាបញ្ហាមួយដែលអ្នកជំនាញផ្នែកអំពើហិង្សានយោបាយបានចំណាយពេលគិតយូរក្រែលមកហើយ ។ ឥឡូវគឺដល់ពេលភ័យព្រួយ ។

អត្ថបទ USA TODAY បានដកស្រង់ពាក្យសំដីរបស់អ្នកស្រី ការ៉ូល៉ីន ហ្គាល់ឡាហឺរ៍ Carolyn Gallaher ជាអ្នកជំនាញផ្នែកអំពើហិង្សានិងជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ American University ថ្លែងអំពី “សក្តានុពលអំពើហិង្សា” នៅចន្លោះពេលបោះឆ្នោតនាថ្ងៃទី ៣ វិច្ឆិកានិងពិធីសម្ពោធប្រធានាធិបតីនាថ្ងៃទី ២០ មករា ២០២១ ។ អ្នកស្រីបានថ្លែងថា ទោះបីលោកត្រាំឈ្នះឆ្នោតឬលោកបែដិនឈ្នះឆ្នោត “អំពើហិង្សានិងកើតមានឡើង” “The violence will occur either way” ។ តាមអ្នកស្រីយល់ ជ័យជម្នះលោកត្រាំជា “សញ្ញាដល់ក្រុមជ្រុលនិយម” ថាជា “រដូវកាល” សម្រាប់សងសឹកនឹងអ្នកដែលជំទាស់នឹងលោកត្រាំ រីឯជ័យជម្នះលោកបែដិនជាលេសមួយសម្រាប់ក្រុមជ្រុលនិយមកំទេចភាពស្របច្បាប់និងលាបពណ៌អ្នកដែលពួកគេមិនយល់ស្របជាមួយ ។

តាមអត្ថបទនៃទស្សនាវដ្តី TIME ចុះថ្ងៃទី ២៥ សីហា ក្រោមចំណងជើងថា “ ‘Plan for the Worst and Hope for the Best’. How Law Enforcement Officials Are Worried About Post-Election Violence” ឬ “ប្រុងប្រៀបសម្រាប់ស្ថានភាពអាក្រក់ហើយសង្ឃឹមថាគ្មានអ្វីកើតឡើង៖ នេះគឺសភាពព្រួយបារម្ភរបស់មន្ត្រីអនុវត្តច្បាប់ដើម្បីប្រឈមអំពើហិង្សាបន្ទាប់ពីការបោះឆ្នោត” ។ អត្ថបទទស្សនាវដ្តី TIME ថ្លែងនូវការព្រួយបារម្ភដូចអ្នកស្រីសាស្ត្រាចារ្យ Gallaher ដែរ គឺថារយៈពេល ៧៩ ថ្ងៃដែលចន្លោះថ្ងៃបោះឆ្នោតទី ៣ វិច្ឆិកា ២០២០ និងថ្ងៃសម្ពោធទី ២០ មករា ២០២១ ជាពេលដែលគេត្រូវព្រួយបារម្ភជាទីបំផុតពីព្រោះ “មនុស្សពីគ្រប់ទិសទីនឹងមកធ្វើបាតុកម្មដោយយកអាវុធមកជាមួយផង” ។

អង្គការមួយហៅថា “គម្រោងផ្ទេរអំណាចដោយសន្តិវិធី” បានប្រជុំអ្នកជំនាញទ្វេភាគី ( គណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ ) ជាង ១០០ នាក់ ។ អង្គការនេះសមត្តិកម្មនានាពាក់ព័ន្ធនឹងការបោះឆ្នោត ។ នៅក្នុងរបាយការណ៍មួយ អង្គការបានបញ្ជាក់ថា ទោះបីជាលោកត្រាំឈ្នះឆ្នោតដោយច្បាស់លាស់ ឬលោកបែនដិនឈ្នះឆ្នោតដោយច្បាស់លាស់ ឬដោយរសេមរសាម ឬលទ្ធផលនៃការបោះឆ្នោតនៅមិនទាន់ដោះស្រាយបាន នៅ “រាល់សេណារីយ៉ូគឺមានភាពរញ៉េរញ៉ៃ” ហើយ “សក្តានុពលអំពើហិង្សាមានកម្រិតខ្ពស់ណាស់ជាពិសេសដោយសារលោកត្រាំលើកទឹកចិត្តអ្នកគាំទ្រលោកឲ្យបង្កចលាចល” ។

នៅថ្ងៃទី ១០ តុលា ទស្សនាវដ្តី ហ្វ័រ៍បស៍ Forbes ចុះផ្សាយអត្តបទ “តើក្រុមស្តំានិយមបង្កបញ្ហាបែបណាឲ្យអាមេរិកនិងអ្នកដឹកនាំ” ។ Forbes បានដកស្រង់ពីបញ្ជីឆ្នាំ ២០១៨ របស់មជ្ឃដ្ឋានច្បាប់ Southern Poverty Law Center ដែលបង្ហាញថាមានក្រុមអាណាធិបតេយ្យចំនួន ៦១២ ក្រុមដែលមានពួកជ្រុលនិយមចំនួន ២១៦ ក្រុម ។ ក្រុមទាំងនេះបង្កើននិងបង្កអំពើហិង្សាចាប់ពីឆ្នាំ ២០១៨ មក ។ ទស្សនាវដ្តីដកស្រង់ពាក្យសំដីរបស់សាស្ត្រាចារ្យផ្នែកសង្គមវិទ្យា អ្នកស្រី អេមី គូតឿរ៍ Amy Cooter ថា “ក្រុមជ្រុលនិយមដូចជាពួកណេអូណាត់ស៊ីដែលចេញមុខតែងតែមានការបន្ទរនៅក្នុងសុន្ទរកថាលោកប្រធានាធិបតីត្រាំតាំងពីឆ្នាំ ២០១៦ មកម៉្លេះ” ។ អ្នកស្រីបានថ្លែងថា “ក្រុមជ្រុលនិយមជាគ្រោះថ្នាក់ពិតប្រាកដណាស់នៅក្នុងបរិយាកាសនយោបាយដូចបច្ចុប្បន្ន” ។ អ្នកស្រីពោលថា “មនោគមវិជ្ជាជ្រុលនិយម” របស់ក្រុមអាណាធិបតេយ្យជា “ធាតុនៃជំនឿរបស់ពលរដ្ឋស្បែកស” វណ្ណៈសេដ្ឋកិច្ចស្រទាប់ក្រោមនៃសង្គមដែលមាននៅ “គ្រប់ទីកន្លែង” នៅសហរដ្ឋអាមេរិក ។

អត្ថបទទស្សនាវដ្តី Forbes សរសេរថានៅឱកាសពិភាក្សាតទល់រវាងបេក្ខជនប្រធានាធិបតីនាថ្ងៃទី ២៩ កញ្ញា លោកត្រាំមិនព្រមចោទប្រកាន់ពួកអធ្យោត្តមពូជសាសន៍ស្បែកស white supremacists និងពួកប្រកាន់មនោគមវិជ្ជាជ្រុលនិយមដោយចំឈ្មោះទេ ។ តែលោកបែរជាថ្លែងប្រាប់ក្រុមជ្រុលនិយម Proud Boys ថាឲ្យ “ឈរស្ងៀមស្ងាត់និងរង់ចាំ” “Stand Back and Stand By” ទៅវិញ ។ ទស្សនាវដ្តី Forbes រំលឹកថាលោកត្រាំតែងថ្លែងលើកទឹកចិត្តក្រុមអធ្យោត្តមពូជសាសន៍ស្បែកសនិងមនោគមវិជ្ជាជ្រុលនិយមជាយូរមកហើយ ហើយក្រុមទាំងនេះបានកត់សម្គាល់ពាក្យពេចន៍របស់លោកត្រាំថាជា “wink and nod” ឬ “ព្រិចភ្នែកនិងងក់ក្បាល” គាំទ្រពួកគេ ។

លោកអ្នកអាចចាំបានថានៅវេលាអភិបាលរដ្ឋមួយចំនួនបានចេញបញ្ជាដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះនិងអនុវត្តការណែនាំរបស់អ្នកជំនាញមេរោគឆ្លងឲ្យលាងដៃរក្សាគម្លាតពីគ្នា លោកត្រាំបានផ្ញើសារទ្វីតនៅថ្ងៃទី ១៧ មេសា ២០២០ ឲ្យ “រំដោះ” liberate រដ្ឋម៉ីណេសូតា រដ្ឋម៉ីហ្ស៊ីហ្គិន រដ្ឋវៀរហ្ស៊ីន្យា ។ ក្រុមជ្រុលនិយមក៏ឆ្លើយតបនឹងសារទ្វីតដូចខ្ញុំបានសរសេរនិងចុះផ្សាយរូបភាពនៅក្នុងអត្ថបទ “កម្មផលនៃនយោបាយូបនីយកម្មកូវិដ-១៩” នាថ្ងៃ ៧ ឧសភានៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។

សម្រង់ចំណងជើងអត្ថបទមួយចំនួនដូចខាងក្រោមនេះបង្ហាញអំពីលទ្ធផលនៃការបំផុលក្រុមជ្រុលនិយមដូចមានអត្ថបទអំពីអង្គការស៊ើបអង្កេត FBI ថ្លែងអំពីគម្រោងចាប់ពង្រត់អភិបាលរដ្ឋវៀរហ្ស៊ីន្យានិងរដ្ឋម៉ីហ្ស៊ីហ្គិន – ឯកសាររដ្ឋម៉ីហ្ស៊ីហ្គិន Affidavit លាតត្រដាង “គោលបំណងនិងផែនការល្អិតល្អន់” របស់ក្រុមជ្រុលនិយម Wolverine Watchmen – ប៉ូលីសស៊ើបអង្កេតគម្រោងចាប់ចងអភិបាលរដ្ឋអូហាយ៉ូ – កំណត់ត្រាតុលាការអំពីបុគ្គលនិងរថយន្តផ្ទុកអាវុធនិងគ្រឿងផ្ទុះប្រហែលក្នុងគោលដៅសម្លាប់លោកបែដិន ។ល។ និង ។ល។

មុននឹងបញ្ចប់អត្ថបទថ្ងៃនេះ ខ្ញុំសូមណែនាំលោកអ្នកអានអត្ថបទសំខាន់ពីរច្បាប់ ។ អត្ថបទទីមួយរបស់គេហទំព័រព័ត៌មាន Yahoo! News ចុះថ្ងៃទី ១៧ តុលានៅក្រោមចំណងជើងថា “ក្រុមអ្នកជំនាញព្រមានថាអាមេរិកកំពុងជួបប្រទះ “សច្ចភាពរឡេះរលួយ” នៅក្នុងអត្រាមួយគួរឲ្យព្រួយបារម្ភ” “America is experiencing ‘truth decay’ at an alarming rate, experts warn” ស្តីអំពីការបន្ថយតួនាទីនៃអង្គហេតុ ទិន្នន័យ និងការវិភាគនៅក្នុងជីវិតសាធារណៈអាមេរិក ។

ស្ថាប័នស្រាវជ្រាវនិងវិភាគ RAND ថ្លែងថា “សច្ចភាពរឡេះរលួយ” កើតចេញមកពីហេតុ ៣ ប្រការ ៖ ១. ការមិនព្រមទទួលស្គាល់នូវអង្គហេតុនិងទិន្នន័យដែលជាភាពពិតប្រាកដ ២. សេរីភាពក្នុងការបញ្ចេញមតិដែលប៉ះទង្គិចនឹងអង្គហេតុនិងទិន្នន័យ ៣. ការធ្លាក់ចុះនៃជំនឿនិងការទុកចិត្តលើរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ RAND បានធ្វើការស្ទង់មតិនៅខែមេសាឃើញថាពលរដ្ឋអាមេរិកចំនួន ៤១% មិនជឿនិងមិនទុកចិត្តព័ត៌មានដូចជានៅអតីតកាលទេ ហើយមានពលរដ្ឋ ១ ភាគ ៣ ជឿនិងទុកចិត្តប្រព័ន្ធផ្សព្វផ្សាយសង្គមនិងអ្នកជិតស្និទ្ធដើម្បីទទួលព័ត៌មាន ។ ស្ថាប័ន RAND ទូន្មានឲ្យមានការប្រុងប្រយ័ត្ននឹងឥទ្ធិពលនៃក្រុមឃុបឃិត conspiracy groups និងឲ្យចងចាំថាបើយើងនៅតែសូត្រអ្វីដដែលៗដែលឥតត្រឹមត្រូវនិងការពារអ្វីដែលខុសពីការពិតគឺយើងរក្សាអ្វីដែលខុសនោះឲ្យមានជីវិតនៅវែងតទៅទៀត ។

អត្ថបទ Yahoo! News កំណត់ពាក្យ Fake News ឬ “ព័ត៌មានក្លែងក្លាយ” ថាជាព័ត៌មានដែលគ្មានអង្គហេតុត្រឹមត្រូវ និងដែលឥឡូវក្លាយទៅជាបាតុភូតនៅទូទាំងអាមេរិកជាពិសេសនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ អត្ថបទនេះកត់សម្គាល់ថាពលរដ្ឋអាមេរិកមិនសូវបានដឹងព័ត៌មានត្រឹមត្រូវទេពីព្រោះមាន “ព័ត៌មានមិនពិត” ឬ misinformation ផ្សព្វផ្សាយច្រើនពេក ។ ព័ត៌មានមិនពិតដែលគេផ្សព្វផ្សាយដោយចេតនានៅក្នុងគោលដៅបោកបញ្ឆោតមានឈ្មោះថា disinformation គឺព័ត៌មានផ្សព្វផ្សាយដើម្បីបំភ្លៃការពិត ។ នៅក្នុងសម័យបច្ចេកវិជ្ជានិងឌីហ្ជីថលសព្វថ្ងៃ ការផ្សព្វផ្សាយព័ត៌មានមិនពិតទោះដោយចេតនាឬអចេតនាជាការងាយស្រួលណាស់ នរណាក៏អាចផ្សព្វផ្សាយបានដែរដោយគ្រាន់តែគោះម្រាមដៃលើក្តារចុចម៉ាស៊ីនកុំព្យូទ័របានហើយ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមជាម៉ាស៊ីនផ្សព្វផ្សាយសច្ចភាព រឡេះរលួយ ។

នៅថ្ងៃទី ២៩ តុលា កាសែតញូវយ៉កថែមស៍បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា “ស៊ូណាមីនៃព័ត៌មានមិនពិតហ៊ុមព័ទ្ធមន្ត្រីនៃការបោះឆ្នោតនៅតាមតំបន់” បានបង្ហាញជាមេរៀនអំពីការផ្សព្វផ្សាយព័ត៌មានមិនពិត misinformation និង disinformation បំភ្លៃទ្រង់ទ្រាយការពិតក្នុងគោលដៅបោកបញ្ឆោត ។

អត្ថបទទី ២ ដែលត្រូវអានភ្ជាប់និងអត្ថបទទី ១ នៅខាងលើ មានចំណងជើងថា “ខ្ញុំបានពិភាក្សាជាមួយអ្នកជំនាញម្នាក់ផ្នែកទ្រឹស្តីឃុបឃិតហើយខ្ញុំមានការភ័យព្រួយអំពី (អនាគត ) របស់យើងទាំងអស់គ្នា” “I Spoke to a Scholar of Conspiracy Theories and I’m Scared for Us” ចុះផ្សាយនៅថ្ងៃទី ២១ តុលានៅក្នុងកាសែត ញូវយ៉កថែមស៍ ស្តីអំពីមេរៀនសម្រាប់ឆ្នាំ ២០២០ ដែលថា “អ្វីៗទាំងអស់ចេះតែបង្ហាញភាពមិនជាក់លាក់” ។ អត្ថបទនេះអធិប្បាយអំពីរបៀបនិងលទ្ធភាពនៃសកម្មជន ជនជ្រុលនិយម និងអ្នកឃោសនា ធ្វើឧបាយបញ្ឆោតតាមប្រពន្ធផ្សព្វផ្សាយ ។ អ្នកនិពន្ធព្រួយបារម្ភពីព្រោះថាបើទំនាក់ទំនងនៅក្នុងសម័យបច្ចេកវិជ្ជានិងឌីហ្ជីថលបានធ្វើឲ្យការពិតជាក់ស្តែងនិងការអាចសង្កេតបានធ្លាក់ចុះខ្សោយ តើយើងនៅមានសល់អ្វីដើម្បីប្រឈមនឹងអំពើបោកបញ្ឆោតដោយក្រុមទ្រឹស្តីឃុបឃិតដែលចេះតែរកឃើញមធ្យោបាយថ្មីផ្សព្វផ្សាយព័ត៌មានមិនពិតនិងបោកបញ្ឆោត ។ អ្នកនិពន្ធ សម្តែងនូវការព្រួយបារម្ភអំពីអំពើហិង្សានយោបាយ ។ លោកហៅសភាពការសព្វថ្ងៃថាជាសង្គ្រាមរ៉ាំរ៉ៃមួយ ។

សូមលោកអ្នក Google ចំណងជើងអត្ថបទទាំងពីរដើម្បីអានឲ្យបានច្បាស់លាស់ ។

ខ្ញុំសូមជូនពរដល់លោកអ្នកដែលអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំ សូមជួបសេចក្តីសុខនិងចៀសវាងការហ្មងសៅនៅក្នុងរយៈពេល ៧៩ ថ្ងៃខាងមុខដែលគេព្យាករណ៍ថាជាពេលដែលគួរឲ្យព្រួយបារម្ភជាទីបំផុតដោយហេតុអំពើហិង្សានយោបាយដោយក្រុមជ្រុលនិយម ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។