“វិបត្តិសុខភាព” នៅអាមេរិកក្នុងពេល ៣ ខែខាងមុខ

“វិបត្តិសុខភាព” នៅអាមេរិកក្នុងពេល ៣ ខែខាងមុខ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ០៨ ខែ ធ្នូ ឆ្នាំ ២០២០

នៅប្រទេសកម្ពុជា រដ្ឋាភិបាលខ្វល់ខ្វាយអំពីការគ្របគ្រងមេរោគកូវិដ-១៩ ដែលនាំចូលប្រទេសខ្មែរដោយអ្នកដំណើរមកពីប្រទេសក្រៅ ។ ប៉ុន្តែនៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ ករណីទី ១ នៃការឆ្លងកូវិដ-១៩ នៅក្នុងសហគមន៍បានបង្ហាញខ្លួននៅពេលភរិយារបស់អគ្គនាយកពន្ធនាគារម្នាក់ធ្វើតេស្តឃើញមានផ្ទុកមេរោគនេះបន្ទាប់ពីមានរោគសញ្ញារយៈពេល ១០ ថ្ងៃមុន ។ នៅពេលខ្ញុំនិពន្ធអត្ថបទនៅថ្ងៃនេះ ករណីកូវិដ-១៩ ឆ្លងក្នុងសហគមន៍នៅកម្ពុជាមានចំនួន ៣៦ ហើយ ។ រីឯករណីកូវិដ-១៩ សរុបនៅកម្ពុជាមានទំាងអស់ ៣៥២ (ខ្មែរ ២៣៣ នាក់ – បារំាង ៤៥ – ចិន ១៨ – ម៉ាឡេ ១៣ – អាមេរិក ១២ – ឥណ្ឌូនេស៊ី ៩ – អង់គ្លេស ៦ – យួន ៣ – កាណាដា ៣ – ឥណ្ឌា ៣ – ហុងហ្គ៉ារី ២ – ប៉ាគីស្ថាន ២ – បែលហ្ស៊ីក ១ – កាហ្ស៉ាក់ស្ថាន ១ និង ប៉ូឡូញ ១ នាក់) ។

នៅសហរដ្ឋអាមេរិក លោក រ៉ូប៊ឺរ៍ត រ៉េដហ្វៀល Robert Redfield នាយកមជ្ឈមណ្ឌលគ្របគ្រងនិងបង្ការជម្ងឺ Centers for Disease Control and Prevention (CDC) បានថ្លែងនៅថ្ងៃទី ២ ធ្នូ ថា ជម្ងឺរាតត្បាតកូវិដ-១៩ កំពុងរីករាលដាលខ្លាំងណាស់នៅទូទាំងសហរដ្ឋអាមេរិក ហើយនឹងបង្កើតឲ្យមាន “វិបត្តិសុខភាពគួរឲ្យភ័យខ្លាចបំផុត” នៅក្នុងរយៈពេល ៣ ខែខាងមុខនេះ គឺនៅមុនពេលអាមេរិកមានវ៉ាក់សំាងចាក់ការពារជម្ងឺ ។

នៅម៉ោង ៨:៣០ នាទីយប់ថ្ងៃទី ៨ ធ្នូ “ព័ត៌មានប៊្លូមប៊ឺរ៍គ” Bloomberg News បានចុះផ្សាយស្ថិតិ បង្ហាញថាមេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋអាមេរិកចំនួនជាង ១៥ លាន ១ សែន ៥ ម៉ឺននាក់ ដែលមានមនុស្សជាង ២ សែន ៣ ម៉ឺននាក់លើសពីចំនួនអ្នកឆ្លងកាលពីមួយថ្ងៃមុន និងបានធ្វើឲ្យពលរដ្ឋស្លាប់សរុបជាង ២ សែន ៨ ម៉ឺននាក់ គឺជាង ២ ពាន់ ៦ រយនាក់លើសពីចំនួនមួយថ្ងៃមុន ដូចមាននៅក្នុងតារាងស្ថិតិខាងក្រោម ។ [សេចក្តីបន្ថែម ៖ មួយថ្ងៃបន្ទាប់មកចំនួនអ្នកឆ្លងបានកើនបន្ថែមជាង ២ សែន ២ ម៉ឺននាក់ទៀត ហើយចំនួនពលរដ្ឋស្លាប់កើនឡើងជាង ៣ ពាន់នាក់ ។ ]

ខ្ញុំសូមកត់សំគាល់ថា តាមស្ថិតិប៊្លូមប៊ឺរ៍គ ចាប់ពីថ្ងៃទី ១ ធ្នូ ដល់ថ្ងៃទី ៨ ធ្នូនេះ ករណីកូវិដ-១៩ មានចំនួនជាង ១ លាន នៅរដ្ឋតិចសាស ។ ជាង ១ លាននៅរដ្ឋកាលីហ្វួរន្យា និងជាង ១ លាននៅរដ្ឋហ្វ្ល័រីដា ។ ឯចំនួនពលរដ្ឋស្លាប់មានពីជាង ១ ម៉ឺនទៅជាង ២ ម៉ឺននាក់នៅក្នុងរដ្ឋនិមួយៗ ។ ជាមធ្យម មានករណីកូវិដ-១៩ ចំនួនជាង ២ សែននាក់ក្នុងមួយថ្ងៃ មានពលរដ្ឋអាមេរិកស្លាប់ចំនួន ២ ពាន់ ៥ រយនាក់ក្នុងមួយថ្ងៃ ។

ខ្ញុំសូមលោកអ្នកពិនិត្យតារាងស្ថិតិសង្ខេបដែលខ្ញុំដកស្រង់ពីព័ត៌មានប៊្លូមប៊ឺរ៍គនៅខាងក្រោម អំពីល្បឿននិងភាពកំណាចនៃមេរោគឆ្លងនៅសហរដ្ឋអាមេរិក ។ ខ្ញុំសូមរំលឹកថាពលរដ្ឋអាមេរិកទី ១ ស្លាប់ដោយសារកូវិដ-១៩ នៅរដ្ឋវ៉ាស៊ិនតោននៅថ្ងៃទី ២៩ កុម្ភៈ ។ តារាងបន្ទាប់ទៅនេះ បង្ហាញថាពីចុងខែកុម្ភៈមកចុងខែឧសភា គឺរយៈពេល ៨៨ ថ្ងៃ ពលរដ្ឋចំនួនជាង ១ សែននាក់បានត្រូវស្លាប់ ហើយ ៤ ខែក្រោយមកពលរដ្ឋចំនួន ១ សែននាក់ទៀតបានត្រូវស្លាប់នៅចុងខែកញ្ញា ។ ពីចុងខែកញ្ញាមកដល់ថ្ងៃទី ៨ ធ្នូ ពលរដ្ឋចំនួនជាង ២ សែន ៨ ម៉ឺន ៦ ពាន់នាក់បានស្លាប់ទៅហើយ ។ តាមតួលេខ ចំនួនពលរដ្ឋអាមេរិកស្លាប់ដោយកូវិដ-១៩ នឹងឡើងដល់ ៣ សែននាក់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។

ខ្ញុំសូមរំលឹកថាករណីទី ១ នៃកូវិដ-១៩ ដែលឆ្លងពីប្រទេសចិនមកដល់រដ្ឋវ៉ាស៊ិនតោនគឺនៅថ្ងៃទី ២០ មករា ២០២០ ។ នៅរយៈពេលជិត ១១ ខែក្រោយមក នៅថ្ងៃទី ៨ ធ្នូនេះកូវិដ-១៩បានឆ្លងដល់ពលរដ្ឋអាមេរិកជាង ១៥ លាននាក់និងបានធ្វើឲ្យស្លាប់ចំនួនជាង ២ សែន ៨ ម៉ឺននាក់ ។

ខ្ញុំបានសរសេរច្រើនណាស់មកហើយអំពីបុព្វហេតុផ្សេងៗ ជាពិសេសអំពីនយោបាយូបនីយកម្មកូវិដ-១៩ ដែលជម្រុញល្បឿននៃការរីករាលដាលមេរោគឆ្លងនិងបន្ទច់ដំណើរកម្មវិធីសាមញ្ញរបស់មជ្ឈមណ្ឌល CDC ដែលណែនាំឲ្យរក្សាគម្លាតពីគ្នា ចៀសវាងទីប្រមូលផ្តុំ លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ ទម្រាំមានវ៉ាក់សំាងយកមកចាក់ការពារជម្ងឺ ។ គេអាចទប់ស្កាត់ល្បឿននៃការរីករាលដាលបាន គឺបន្ថយចំនួនករណីនិងចំនួនមនុស្សស្លាប់ ។ ខ្ញុំបានសរសេរជាច្រើនណាស់ហើយថា គឺគុណសម្បត្តិបុគ្គលិកលក្ខណៈនៃភាពជាអ្នដឹកនាំ ទោះនៅអាមេរិកឬប្រទេសណាក៏ដោយ ដែលជាកត្តាសំខាន់ក្នុងការតម្រង់ទិសប្រទេសជាតិឆ្ពោះទៅកាន់គោលដៅសុវត្ថិភាពឬមហន្តរាយ ។

ខ្ញុំសូមបង្វែរអារម្មណ៍លោកអ្នកទៅមើលរបាយការណ៍មួយនាថ្ងៃទី ២៩ វិច្ឆិកា ២០២០ ដោយក្រុមការងារមេរោគកូរ៉ូណា Coronavirus Task Force ដែលរួមមានលោកស្រីវេជ្ជបណ្ឌិត ដេបូរ៉ា ប៊ើរ៍គស៍ Dr. Deborah Birx និងលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅជី Dr. Anthony Fauci ជាអ្នកជំនាញមេរោគឆ្លង បានថ្លែងថា “ហានិភ័យមេរោគកូវិដចំពោះប្រជាពលរដ្ឋអាមេរិកមានកំរិតខ្ពស់ជាប្រវត្តិសាស្ត្រ” ដូចមានជម្ងឺរាតត្បាតរីករាលដាលគ្រប់គ្រងមិនបាន មានពលរដ្ឋឈឺថ្កាត់ អ្នកជម្ងឺចូលមន្ទីរពេទ្យ និងអ្នកស្លាប់ចំនួនកាន់តែច្រើនរៀងរាល់ថ្ងៃ ។

របាយការណ៍ព្រមានថា “យើងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត . . . កំណើនចំនួនពលរដ្ឋឈឺនិងស្លាប់មិនអាចចៀសផុតពីការប៉ះទង្គិចនឹងប្រសិទ្ធភាពក្នុងការថែទាំអ្នកជម្ងឺនិងក្នុងការថែរក្សាសុខភាពពលរដ្ឋទូទៅ” ។

ដោយហេតុថាពលរដ្ឋអាមេរិកដែលមានដើមកំណើតជាខ្មែរមានចំនួនជាង ២ សែន ៧ ម៉ឺននាក់ ខ្ញុំសូមលើកយកការព្រមានដ៏ម៉ឺងម៉ាត់មួយនៅក្នុងរបាយការណ៍ចំពោះ “មនុស្យនៅក្នុងប្រភេទហានិភ័យខ្ពស់” higher risk categories ថាឲ្យ “ចៀសវាងដាច់ខាត” ចូលទៅកាន់ទីកន្លែងមួយចំនួនដែលមានសម្រង់សេចក្តីដូចតទៅ ៖ “យើងសូមនិយាយឲ្យបានច្បាស់លាស់ថាចំពោះលោកអ្នកដែលមានអាយុពី ៦៥ ឆ្នាំឡើងលើ ឬដែលមានជម្ងឺជាមូលដ្ឋានឬមានស្ថានភាពសុខភាពមិនពេញលេញ (underlying health conditions) ចូរអ្នកចៀសវាងការចូលទៅក្នុងអគារសាធារណៈដែលមានមនុស្សមិនពាក់ម៉ាស់ព្រោះវានឹងបង្កើតហានិភ័យដល់សុខភាពលោកអ្នក ។ គួររៀបចំឲ្យគេជញ្ជូនគ្រឿងទេសនិងថ្នាំពេទ្យមកអ្នកឲ្យដល់ទីលំនៅ” ។

លោក រ៉េដហ្វៀល នាយកមជ្ឈមណ្ឌល CDC បានព្រមានថា “អំឡុងខែធ្នូ មករា និងកុម្ភៈនេះគឺជារយៈពេលដ៏លំបាកលំបិនមួយ ។ ខ្ញុំជឿជាក់ថាគឺជាពេលលំបាកបំផុតនៅក្នុងប្រវត្ដិសាស្ដ្រសុខភាពសាធារណៈរបស់សហរដ្ឋអាមេរិក” ។ លោកបញ្ជាក់ថាស្ថានការណ៍លំបាកនេះអាចធ្វើឲ្យប្រព័ន្ធការថែទាំសុខភាពអាមេរិកដួលរលំបាន” ។

នៅពេលជាមួយគ្នាដែរ អ្នកជំនាញខាងមេរោគឆ្លងនានាបានអំពាវនាវដល់ពលរដ្ឋឲ្យទប់ស្កាត់ការរីករាលដាលនៃកូវិដ-១៩ ដោយអនុវត្តកម្មវិធីណែនាំរបស់មជ្ឈមណ្ឌល CDC ពោលគឺ រក្សាគម្លាតពីគ្នាចម្ងាយ ៦ ហ្វីត ឬ ១.៨ ម៉ែត្រ លាងដៃឲ្យបានញឹកញាប់ និង ពាក់ម៉ាស់ ។ លោក រ៉េដហ្វៀល រំលឹកថា “កម្មវិធីដ៏សាមញ្ញនេះសំខាន់ណាស់នៅក្នុងការកាត់បន្ថយការរាលដាលនៃមេរោគឆ្លង . . . ទម្រាំវ៉ាក់សំាងបានមកដល់ដៃ” ។ លោកធ្លាប់បានអះអាងថា
ម៉ាស់ជាឧបករណ៍ដែលអាចមានប្រសិទ្ធភាពប្រសើរជាងវ៉ាក់សំាងទៅទៀត ។

លោកស្រីបណ្ឌិត ដេបូរ៉ា ប៊ើរ៍គស៍ បានបញ្ជាក់តាមទូរទស្សន៍ថា “វ៉ាក់សំាងសំខាន់មែនពិត តែវ៉ាក់សាំងមិនគំាពារខ្លួនយើងឲ្យផុតពីការឈ្លានពាននៃមេរោគទាំងស្រុងបានឡើយ ។

គឺមានតែខ្លួនយើងទេដែលការពារខ្លួនយើងឲ្យផុតពីកូវិដ-១៩ ឈ្លានពានបាន” ។

លោកស្រីបានបង្ហាញនូវភាពខកចិត្តចំពោះមនុស្សដែល “ស្រែកដូចសត្វសេក” ថាម៉ាស់គ្មានប្រសិទ្ធភាពការពារមេរោគឆ្លងទេ ។ ថាការប្រមូលផ្តុំមិនមែនជាបុព្វហេតុនៃមេរោគឆ្លងរីករាលដាលដែរ ។ ថាគប្បីចំណាយពេលបង្កើតភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ herd immunity វិញ ។ លោកស្រីថ្លែងថា “កិច្ចការរបស់យើងខ្ញុំគឺត្រូវតែថ្លែងឥតឈប់ឈរថាអ្វីៗដែលគេបាននិយាយមកនោះគឺគ្មានមូលដ្ឋានទេ ។ យើងត្រូវណែនាំពួកគេឲ្យសង្កេតមើលមូលដ្ឋានភ័ស្តុតាង” ។

លោកវេជ្ជបណ្ឌិត ស្កត់ ហ្គ៉ត់លីប Scott Gottlieb អតីតស្នងការរដ្ឋបាលចំណីអាហារនិង ឱសថ Food and Drug Administration បញ្ជាក់ថា “ស្ថានការណ៍បច្ចុប្បន្នមិនល្អឡើយ វានឹងរឹតតែយ៉ាប់យឺនថែមទៀតនៅថ្ងៃខាងមុខ” ។ ខណៈលោកព្យាករណ៍ថាពលរដ្ឋចំនួន ៤ សែននាក់អាចនឹងត្រូវស្លាប់នៅក្នុងខែមករា ២០២១ លោក រ៉េដហ្វៀល ព្រមានថាពលរដ្ឋចំនួន ៤ សែន ៥ ម៉ឺននាក់អាចត្រូវស្លាប់នៅក្នុងខែកុម្ភៈ ។ គំរូកូវិដ-១៩ របស់សកលវិទ្យាល័យវ៉ាស៊ិនតោនព្យាករណ៍ថាចំនួនពលរដ្ឋប្រហែលជាជាង ៥ សែននាក់នឹងស្លាប់នៅក្នុងខែមេសា តែបើមនុស្សចំនួន ៩៥% ពាក់ម៉ាស់ចំនួនមនុស្សស្លាប់នឹងត្រូវបន្ថយជាង ៥ ម៉ឺននាក់ ។ ជំនាញជម្ងឺរោគឆ្លងផ្សេងៗបានសម្តែងការព្រួយបារម្ភថាឱកាសបុណ្យណូអែល ២០២០ និងចូលឆ្នាំថ្មី ២០២១ នឹងនាំមកនូវមរណៈភាពនិងករណីកូវិដច្រើនជាងពេលណាៗឯទៀតទាំងអស់ ។

ក៏ប៉ុន្តែលោកប្រធានាធិបតី ត្រាំ ថ្លែងប្រាប់អ្នកកាសែតនៅសេតវិមាននៅថ្ងៃទី ៨ ធ្នូ ថាពលរដ្ឋ ចំនួន ១៥% ដែលត្រូវបានមេរោគកូវិដឆ្លងដល់ជាការមួយ “អស្ចារ្យ” it’s terrific ពីព្រោះពលរដ្ឋចំនួនច្រើនធ្លាក់ឈឺមានន័យថាអាមេរិកឈានឆ្ពោះទៅកាន់ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោហើយ herd immunity ។ ខ្ញុំបានសរសេរថាទ្រឹស្តី “សុំានឹងមេរោគឆ្លង” តម្រូវឲ្យពលរដ្ឋអាមេរិក ៧០-៧៥% ក្នុងចំណោម ៣៣០ លាននាក់ធ្លាក់ខ្លួនឈឺ ។ លោកអ្នកអាចគិតលេខខ្លួនឯងចុះថាតើពលរដ្ឋចំនួនប៉ុន្មាន “លាន” នាក់ត្រូវស្លាប់ដើម្បីសម្រេចភាពសុំានឹងមេរោគ ? លោកត្រាំនិងមន្ត្រីជាន់ខ្ពស់ដែលស្មោះនឹងលោកអាចទទួលឱសថពិសេសពីមន្ទីរពេទ្យនៅពេលធ្លាក់ខ្លួនឈឺ ។ តែពលរដ្ឋសាមញ្ញឈឺហើយស្លាប់រួចគេយកសពទៅទុកក្នុងទូរទឹកកកកុងទីណើរ៍ ។

នៅដើមខែធ្នូ និយតករវ៉ាក់សំាងអាមេរិកបានឲ្យដឹងថាគេមិនឃើញវ៉ាក់សំាងប្រឆំាងមេរោគឆ្លងរបស់ក្រុមហ៊ុនឱសថអាមេរិក Pfizer មានផលប៉ះពាល់ក្នុងការប្រើទេ ។ Pfizer បានអះអាងថាវ៉ាក់សំាងរបស់គេមានប្រសិទ្ធភាព ៩៥% ។ ក្រុមប្រឹក្សារដ្ឋបាល FDA នឹងប្រជុំនៅថ្ងៃទី ១០ ធ្នូ ។ គេជឿថាក្រុមប្រឹក្សានឹងស្នើរ FDA ឲ្យផ្តល់ “សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្ន” Emergency Use Authorization ហើយ FDA នឹងផ្តល់ EUA ដល់ក្រុមហ៊ុន Pfizer ឲ្យចែកចាយវ៉ាក់សំាងតាមពាក្យសុំ ។ បន្ទាប់ពី FDA ផ្តល់ “សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្ន” ហើយ កម្មវិធីរដ្ឋាភិបាលហៅថា Operation Warp Speed នឹងចាប់បញ្ជូនវ៉ាក់សាំង Pfizer និង វ៉ាក់សាំង Moderna ចំនួន ៦ លាន ៤ សែនដូសទៅឲ្យរដ្ឋនានា ។

ខ្ញុំសូមទុករឿងបច្ចេកទេសចែកចាយវ៉ាក់សំាងមួយអន្លើសិនពីព្រោះមានព័ត៌មានច្រើនដែលមិនស៊ីគ្នាទេ ។ យោងតាមព័ត៌មានមួយចំនួន គេថាក្រុមហ៊ុន Pfizer នឹងបញ្ជូនវ៉ាក់សំាងចំនួន ២៥ លានដូស ដែលគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ១២ លាន ៥ សែននាក់ នៅចុងឆ្នាំ ២០២០ គឺ ២ ដូសសម្រាប់ពលរដ្ឋម្នាក់ៗ ដូសទី ២ នៅក្រោយដូសទី ១ បីអាទិត្យ – ក្រុមហ៊ុន Moderna នឹងបញ្ជូនវ៉ាក់សំាងចំនួន ១៥ លានដូសសម្រាប់ពលរដ្ឋ ៧ លាន ៥ សែននាក់ ឬ ២ ដូសសម្រាប់ម្នាក់ៗដែរ ។ គេថារដ្ឋាភិបាលសង្ឃឹមថាចាក់វ៉ាក់សាំង Pfizer និង Moderna ឲ្យពលរដ្ឋបានចំនួន ២០ លាននាក់នៅមុនដាច់ឆ្នាំនេះ និង ៥០ លាននាក់នៅចុងខែមករា ។

មន្ត្រីរដ្ឋាភិបាលម្នាក់និយាយថាគេគ្រោងចាក់វ៉ាក់សំាងឲ្យពលរដ្ឋចំនួន ១០០ លាននាក់នៅក្នុងខែ មីនា-មេសា ២០២១ ។ បើយ៉ាងនេះ ពលរដ្ឋអាមេរិក ៣៣០ លាននាក់មិនអាចរំពឹងថានឹងបានទទួលវ៉ាក់សំាងគ្រប់គ្នាឡើយ ។ គេថាក្រុមហ៊ុន Pfizer បានតឿនរដ្ឋាភិបាលឲ្យទិញវ៉ាក់សាំង Pfizer ចំនួន ២០០ លានដូសពីគេ តែរដ្ឋាភិបាលទិញតែ ១០០ លានដូសទេ ដូច្នេះ Pfizer ក៏ទទួលលក់វ៉ាក់សាំងឲ្យប្រទេសឯទៀតៗទៅ ។ Pfizer ថាគេមិនអាចផ្តល់វ៉ាក់សំាងថែមទៀតឲ្យអាមេរិកនៅមុនដាច់ខែមិថុនាបានឡើយ ។ អាមេរិកជាប់លេខ ៣២ នៅក្នុងពិភពលោកផ្នែកលទ្ធកម្មវ៉ាក់សំាង ។

តាមគម្រោង គេនឹងចាក់វ៉ាក់សាំងឲ្យបុគ្គលិកថែទាំសុខភាព healthcare workers (ប្រមាណជា ២០ លាននាក់ )មុនគេ ទី២ គឺអ្នកធ្វើការចាំបាច់ essential workers (ប្រមាណជា ៨៧ លាននាក់ ) ទី៣ គឺមនុស្សដែលមានជម្ងឺជាមូលដ្ឋានឬមានស្ថានភាពសុខភាពមិនពេញលេញ (underlying medical conditions) (ប្រមាណជា ១០០ លាននាក់ ) ទី៤ មនុស្សវ័យ ចាស់ (គេចង់ចាក់វ៉ាក់សំាងឲ្យមនុស្សអាយុ ៦៥ ឬច្រើនជាង ចំនួនប្រមាណជា ៥៣ លាននាក់ ) ។ ដូច្នេះ ពលរដ្ឋក្រៅប្រភេទខាងលើនេះមិនអាចរំពឹងទទួលវ៉ាក់សំាងនៅមុនខែមេសា ឧសភា ឬ មិថុនា ២០២១ ឡើយ ។ ម្យ៉ាងទៀត ខណៈរដ្ឋាភិបាលចង់ចែកចាយវ៉ាក់សំាងដោយមិនយកកម្រៃ គឺ free ពលរដ្ឋអាចនឹងទទួលវិក័យប័ត្រឲ្យបង់កម្រៃ ។

ទោះយ៉ាងណាក្តី ជំនាញជម្ងឺឆ្លងបានសុំឲ្យពលរដ្ឋអាមេរិកបន្តអនុវត្តវិធីណែនាំរបស់ CDC ឲ្យបានហ្មត់ចត់ទោះបីជាមានវ៉ាក់សំាងហើយក៏ដោយ ។ នេះជាសង្គ្រាមវប្បធម៌ប្រឆំាងនឹងឥរិយាបទមនុស្សដែលចង់ធ្វើអ្វីតាមអំពើចិត្ត ។ ការអនុវត្តវិធីណែនាំរបស់ CDC ជាការបោះបង់សេរីភាពមិនពាក់ម៉ាស់ មិនលាងដៃ មិនរក្សាគម្លាតពីគ្នា ។ វាក៏ជាសង្គ្រាមវប្បធម៌ប្រឆំាងនឹងអ្នកជំទាស់នឹងវិទ្យាសាស្ត្រនិងអ្នកជំនាញជម្ងឺឆ្លងផងដែរ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។