រំលឹកខួបទី ២៩ នៃ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នំា ១៩៩១”

រំលឹកខួបទី ២៩ នៃ
“សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នំា ១៩៩១”

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ២០ ខែ តុលា ឆ្នាំ ២០២០

ម្ភៃប្រាំបួនឆ្នាំមុននេះ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ តំណាងរដ្ឋាភិបាលចំនួន ១៩ ប្រទេសបានមកជួបជុំគ្នានៅទីក្រុងប៉ារីសដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជាហៅថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១” ។ នៅថ្ងៃទី ២៣ តុលា ឆ្នាំ ២០២០ នេះ ខ្មែរនៅកម្ពុជានិងនៅក្រៅប្រទេសនឹងប្រមូលផ្តុំធ្វើបុណ្យរំលឹកខួបទី ២៩ នៃប្រវត្តិសាស្ត្រកិច្ចព្រមព្រៀងនេះ ។

“សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១” ជាកិច្ចព្រមព្រៀងមួយអនុលោមក្រោមគោលការណ៍ច្បាប់អន្តរជាតិ ។ ឯកសារ “កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា” ចុះថ្ងៃទី ២៣ តុលា ១៩៩១ ចែងថា “ជម្លោះប្រកបដោយសោកនាដកម្មនិងការបង្ហូរឈាមដែលនៅបន្តនៅកម្ពុជា” ជាបុព្វហេតុជម្រុញឲ្យមានសន្និសីទមួយស្តីអំពីកម្ពុជាតាមការអញ្ជើញរបស់រដ្ឋាភិបាលបារំាង ។ គោលដៅនៃសន្និសីទគឺ “នាំសន្តិភាព” មកជូនកម្ពុជាវិញតាមរយៈ “ដំណោះស្រាយនយោបាយទូលំទូលាយ” មួយដោយមាន “ការធានាជាអន្តរជាតិ” ។

ប្រទេសហត្ថលេខីចំនួន ១៩ មាន ១. អូស្ត្រាលី ២. ប៊្រុយណេ ៣. កម្ពុជា ៤. កាណាដា ៥. ចិនប្រជាមានិត ៦. សហរដ្ឋអាមេរិក ៧. បារំាង ៨. ឥណ្ឌា ៩. ឥណ្ឌូណេស៊ី ១០. ជប៉ុន ១១. ឡាវ ១២. ម៉ាឡេស៊ី ១៣. ហ្វីលីពីន ១៤. អង់គ្លេស ១៥. សិង្ហបុរី ១៦. ថៃ ១៧. សហភាពសូវៀត ១៨. វៀតណាម ។ ប្រទេសហត្ថលេខីទី ១៩ គឺ យូហ្គោស្លាវី ដែលជាប្រធាននៃចលនាមិនចូលបក្សសម្ព័ន្ធនៅក្នុងសម័យប្រជុំពីថ្ងៃទី ២១ ដល់ ២៣ តុលា ១៩៩១ ។ សាក្សីនៃកិច្ចប្រជុំចុះហត្ថលេខាគឺលោកលេខាធិការអង្គការសហប្រជាជាតិនិងភូឈួយរបស់លោក ។

នៅថ្ងៃទី ២៣ តុលា ១៩៩១ នោះ ហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពបានព្រមព្រៀងគ្នាជាឱឡារិកទទួលស្គាល់បដិញ្ញាគ្រប់ប្រការនៃ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១”រៀបចំដំណើរការបញ្ចប់ “វិវាទ” នៅកម្ពុជា និងកំណត់ឲ្យកម្ពុជារៀបចំរដ្ឋាភិបាលដឺកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យដោយឈរនៅលើមូលដ្ឋានសិទ្ធិមនុស្សនិងនីតិរដ្ឋ ។

នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីបានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា
UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ ។

អ៊ុនតាក់ត្រូវបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ ១៩៩២ ដោយមានបេសកកម្មបង្កើតនិងបណ្តុះបណ្តាលបរិយាកាសដែលធានាឲ្យមានសិទ្ធិមនុស្សនៅកម្ពុជា និងមានភារៈកិច្ចរៀបចំនិងត្រួតពិនិត្យការបោះឆ្នោតដោយសេរីនិងដោយត្រឹមត្រូវ ។ ជម្រុញនិងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ។ ដឹកជញ្ជូនខ្មែរភៀសខ្លួនទៅតាំងទីលំនៅថ្មីនៅកម្ពុជា ។ ដកហូតសព្វាវុធនិងរំសាយកងទ័ពរបស់ភាគីដែលពាក់ព័ន្ធនៅក្នុងជម្លោះនៅកម្ពុជាទាំង ៤ ភាគី និង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។

ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញនេះតម្រូវឲ្យមាន “ការផ្សះផ្សាជាតិនិងការលើកកម្ពស់តួនាទីរបស់អង្គការសហប្រជាជាតិ” ក្នុងគោលដៅឲ្យ “ពលរដ្ឋខ្មែរកំណត់អនាគតនយោបាយរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយសេរីនិងដោយត្រឹមត្រូវ . . . នៅក្នុងបរិយាកាសនយោបាយអព្យាក្រឹតដែលមានការគោរពពេញទីដល់អធិបតេយ្យ” ប្រទេស
កម្ពុជា ។ ហត្ថលេខីនៃសន្ធិសញ្ញាបានសម្តែងការប្តេជ្ញាលើកកម្ពស់និងលើកទឹកចិត្តឲ្យមានការគោរពសិទ្ធិមនុស្សនិងសេរីភាពគ្រឹះនៅកម្ពុជាដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិនានាដែលពួកគេជាភាគី ។

“សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១” មិនមែនជាសមិទ្ធិផលតូចតាចឡើយ ។ ថ្ងៃទី ២៣ តុលា ១៩៩១ ជាថ្ងៃដែលសហគមន៍អន្តរជាតិនិងគូវិវាទខ្មែរទាំង ៤ ភាគីសប្បាយចិត្តឥតឧបមា ហើយអបអរណាស់នឹងភាសាថា “ខ្មែរផ្សះផ្សាជាតិ” និងការ “កសាងកម្ពុជាថ្មី” ។ អ្នកកាសែតម្នាក់បានកត់សម្គាល់ជោគជ័យនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាជាពេលគោះកែវស្រាសម្ប៉ាញនិងពេលដកដង្ហើមបញ្ចេញការធូរស្បើយដ៏ធំមួយ ។

ខ្ញុំបានសរសេរផ្សាយអត្ថបទមួយចំនួនជាភាសាអង់គ្លេសស្តីអំពីព្រឹត្តិការណ៍នានាដែលនាំឆ្ពោះទៅកាន់ការកោះប្រជុំសន្និសីទនៅទីក្រុងប៉ារីសនិងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកអានអត្ថបទខ្ញុំមួយជាភាសាអង់គ្លេសចុះថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១១ ផ្សាយដោយគណៈកម្មការសិទ្ធិមនុស្សអាស៊ី Asian Human Rights Commission នៅក្រោមចំណងជើងថា “Signatories of Paris peace accords cannot change Cambodia, Cambodians can” ឬ “ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនអាចកែប្រែកម្ពុជាទេ តែខ្មែរអាចកែប្រែបាន” ដែលលោកអ្នកអាចអានទាំងស្រុងដោយ Google ចំណងជើងអត្ថបទនេះ ។ អត្ថបទមួយជាភាសាខ្មែរក្រោមចំណងជើងថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស” ចុះថ្ងៃទី ៣០ មករា ឆ្នាំ ២០១៨ មាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។

សរុបចេញជាលទ្ធផល ប្រទេសកម្ពុជានៅក្នុងរជ្ជកាលអ៊ុនតាក់ — ដែលមានទាហាន ប៉ូលីស និងអ្នករាជការរដ្ឋបាលចំនួនជាង ២ ម៉ឺននាក់មកពីប្រមាណជា ១០០ ប្រទេសមកបំពេញបេសកកម្មនៅកម្ពុជាចំនួន ២០ ខែ និងចំណាយប្រាក់ប្រមាណជា ២ ពាន់លានដុល្លារ — មិនបានក្លាយទៅជាកម្ពុជាដែល “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១” អះអាងថានឹង
កសាងជាថ្មីហើយឈរលើមូលដ្ឋានសេរីភាពនិងនីតិរដ្ឋឡើយ ។

ផ្ទុយទៅវិញ អ៊ុនតាក់ មិនបានបង្កើត “បរិយាកាសនយោបាយអព្យាក្រឹត” ឲ្យកើតមាននៅកម្ពុជាបានទេ ពីព្រោះរដ្ឋាភិបាលភាគីលោក ហ៊ុន សែន នៅតែជាភាគីកាន់ក្តោបអំណាចយ៉ាងណែន ។ ហើយទោះបីការបោះឆ្នោតឆ្នាំ ១៩៩៣ នៅក្រោមការរៀបចំនិងត្រួតពិនិត្យរបស់ អ៊ុនតាក់ បានផ្តល់ជោគជ័យដល់ព្រះអង្គម្ចាស់ ឫណរិទ្ធ ក្តីក៏លោក ហ៊ុន សែន ទទូចទាមទារត្រួតត្រាកម្ពុជាដោយគំរាមកំហែងថានឹងបន្តសង្គ្រាមទៀតបើមិនអនុញ្ញាតឲ្យលោកកាន់អំណាចទេនោះ ។ នៅខែកក្កដាឆ្នាំ ១៩៩៧ លោកបញ្ជាកងទ័ពលោកឲ្យបើកការវាយប្រយុទ្ធនៅកណ្តាលរដ្ឋធានីភ្នំពេញធ្វើរដ្ឋប្រហារដេញបាញ់ព្រះអង្គម្ចាស់ ឫណរិទ្ធ រត់ចោលស្រុក រួចហើយលោក ហ៊ុន សែន ក៏ឡើងកាន់ក្តោបអំណាចទាំងស្រុងចាប់ពីពេលនោះមក ។

ទោះបីលោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១” នោះបានស្លាប់បាត់បង់ជីវិតទៅហើយក្តី ក្រុមខ្មែរប្រជាធិបតេយ្យដែលប្រឆំាងនឹងអំណាចផ្តាច់ការនៅតែសង្ឃឹមផងនិងធ្វើការអំពាវនាវផងសុំឲ្យប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាហើយនិងសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ “ស្រោចស្រង់” សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនិងអនុវត្តខសន្យានានាដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះ ។

ទោះបីខ្ញុំមិនមានសុទិដ្ឋិអំពីចរិតខ្មែរដែលនៅខំអង្វរហត្ថលេខីនិងសហគមន៍អន្តរជាតិឲ្យជួយក្តី នៅថ្ងៃទី ២៣ តុលា នេះ ពលរដ្ឋខ្មែរជាច្រើននឹងប្រមូលផ្តុំធ្វើបុណ្យអបអរនិងរំលឹកខួបទី ២៩ នៃសន្ធិសញ្ញាសន្តិភាពនេះ ។ ការលើកសំនួរថាហេតុម្តេចក៏ខ្មែរនៅតែអង្វរគេឲ្យជួយដោះស្រាយបញ្ហារបស់ខ្លួនមួយឆ្នាំហើយមួយឆ្នាំទៀត ហាក់ដូចជាខ្វះនូវសមានចិត្តពេក ។ រូបភាព ៣ នៅខាងក្រោមនេះបង្ហាញអំពីអាជ្ញាធររំលោភព្រះសង្ប អាជ្ញាធរគំរាមកំហែងស្ត្រីចាស់ជរា អាជ្ញាធរវាយតប់ពលរដ្ឋ ។ ខ្ញុំបានចុះផ្សាយវីដេអូជាច្រើននៅក្នុងគេហទំព័រ “គំនិតខ្មែរ” បង្ហាញអំពីអំពើយង់ឃ្នងមកលើពលរដ្ឋដោយភ្នាក់ងារដែលបម្រើរបបផ្តាច់ការហ៊ុនសែនដែរ ។ តែនៅទីបញ្ចប់យើងមិនត្រូវឆ្ងល់ទេពីព្រោះអ្នកដែលបម្រើរបបផ្តាច់ការដោយធ្វើទុក្ខទោសពលរដ្ឋដែលជាសាច់ឈាមរបស់ខ្លួនឯងមិនមែនអ្វីក្រៅពីពេជ្ឃឃាតស្ម័គ្រចិត្តឡើយ ។

ខ្ញុំមិនសូវចូលរួមក្នុងសន្និសីទខ្មែរនៅបរទេសទេ ពីព្រោះសន្និសីទទាំងនោះច្រើនតែបញ្ចប់កិច្ចប្រជុំដោយបញ្ចេញ “សេចក្តីសម្រេចចិត្ត” ចោទប្រកាន់របបហ៊ុនសែននិងអំពាវនាវដល់បរទេសឲ្យជួយ ហើយគ្មានបញ្ចេញការប្តេជ្ញាចិត្តធ្វើសកម្មភាពអ្វីសោះដើម្បីការពាររដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ ។ លោកអ្នកដែលអាននិងស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំជាលំដាប់គប្បីជ្រាបហើយថាខ្ញុំព្យាយាមសរសេរអត្ថបទនានាក្នុងគោលដៅបំផុសចិត្តគំនិតលោកអ្នកឲ្យប្រកាន់យកភាពជាអ្នកដឹកនាំ និងឲ្យជឿលើខ្លួនឯងស្របទៅតាមរូបមន្ត “គិត-កម្ម-ផល” ដែលព្រះពុទ្ធបានទូន្មានឲ្យមនុស្សជាតិអនុវត្តជាង ២៥០០ ឆ្នាំមកហើយ ។
ចាស់ទុំខ្មែរបានប្រដៅឲ្យយើង “យកអាវៀចមកធ្វើកង់ អាត្រង់មកធ្វើកាំ អាសាំញុំាមកធ្វើឱសដុត” ដាំបាយទឹកនិងកំដៅអាត្មា ពោលគឺនៅក្នុងជីវិតនិងនៅក្នុពិភពលោកនេះយើងមិនគប្បីទុកអ្វីចោលទទេអោយនៅឥតប្រយោជន៍ឡើយ ។ ស្របនឹងពាក្យទូន្មាននេះដែរ គឺពាក្យទូន្មានថា “បើមិនជួយចូកជួយចែវទេ ចូរកុំយកជើងរាទឹក” ។

យ៉ាងដូច្នេះខ្ញុំសូមជូនពរដល់លោកអ្នកដែលរួមប្រជុំនាថ្ងៃប្រវត្តិសាស្ត្រកម្ពុជានាថ្ងៃទី ២៣ តុលានេះ សូមឲ្យបានជួបតែជ័យមង្គលនិងសូមឲ្យចងចាំជាប់ក្នុងចិត្តថាគំនិតស្រមើស្រមៃច្នៃប្រឌិតគឺជាវិធីដោះស្រាយបញ្ហាតូចធំនិងយកជ័យជម្នះបាន ។

ខ្ញុំសូមបញ្ចប់ដោយលើកយកពុទ្ធលទ្ធិមករំលឹកថា យើងម្នាក់ៗជាម្ចាស់ខ្លួនយើង ។ គ្មាន
ទេវតាឯណាមកកសាងវាសនាឲ្យយើងទេ ។ គឺយើងជាអ្នកទទួលខុសត្រូវលើជោគវាសនាយើង ។ មិនត្រូវដើរស្វែងរកសរណៈដទៃក្រៅពីខ្លួនយើងឡើយ ។ ពេលនេះ ម៉ោងនេះ គឺជាពេលម៉ោងដែលយើងត្រូវហ៊ានពុះពារដោយខ្លួនយើង ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។