រៀបចំសម្រាប់ការប្រយុទ្ធរយៈវែងមួយ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៣០ ខែ ឧសភា ឆ្នាំ ២០២០

ខ្ញុំបានសរសេរអត្ថបទមួយចំនួនអំពីអភិវឌ្ឍន៍នៃជំងឺឆ្លងមេរោគកូវិដ-១៩ នៅជុំវិញពិភពលោកនិងនៅសហរដ្ឋអាមេរិក — ដែលមានពលរដ្ឋអាមេរិកាំងមានកំណើតដើមជាខ្មែរចំនួនជាង ២ សែន ៧ ម៉ឺននាក់រស់នៅ ។ ជាធម្មតាពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋឯទៀតដែរគឺច្រើនតែចាប់អារម្មណ៍ទៅលើអ្វីដែលប៉ះពាល់ដល់ពួកគេផ្ទាល់ជាជាងអ្វីដែលហាក់ដូចជាមិនគំរាមកំហែងដល់សុខដុមរមនារបស់ពួកគេ ។ នេះជាចន្លោះប្រហោងមួយនៅក្នុងការគិត ។

 

បច្ចុប្បន្នភាពជឿនលឿនគ្រប់ផ្នែកនៅក្នុងពិភពលោកបញ្ជាក់ថាគ្មានសង្គមណាមួយរស់នៅដូចជាកោះដាច់ដោយឡែកតែឯង ហើយក៏គ្មានព្រឹត្តការណ៍ណាមួយដែលកើតឡើងដោយមិនជះនៅតំបន់ណាដែលមិនជះឥទ្ធិពលទៅលើតំបន់ឯទៀតដែរ ។ ខ្ញុំបានសរសេរជា រឿយៗអំពីរូបមន្ត “យោង-ព្យួរ-ត-ភ្ជាប់” ដែលខ្ញុំប្រើនៅក្នុងក្របខ័ណ្ឌនៃការគិតនិងការសរសេររបស់ខ្ញុំ ពោលគឺក្របខ័ណ្ឌ “អធិប្បាយដោយឥតលំអៀង – វិភាគរកហេតុផល – ព្យាករណ៍អនាគតដែលទំនងអាចកើតមាន” ។ ខ្ញុំចៀសវាងបក្សពួកនិងបុគ្គលនិយមហើយតែងរំលឹកលោកអ្នកអានអត្ថបទរបស់ខ្ញុំកុំឲ្យ “ផ្កាប់មុខ” ចំពោះបុគ្គលដែលនឹងគេចពីការស្លាប់មិនបាន តែឲ្យផ្តេកផ្តួលទៅលើឧត្តមគតិ គោលការណ៍ និងគុណធម៌វិញដែលជាពន្លឺណែនាំផ្លូវយើងលុះអវសាន ។

“គំនិត” តម្រូវឲ្យខួរក្បាលធ្វើសកម្មភាពច្រើនប្រភេទដូចខ្ញុំធ្លាប់បានសរសេរជាច្រើងដងមកហើយ ។ “យោបល់” អាចកែប្រែផ្លាស់ប្តូរឆាប់រហ័ស ។ គំនិតវែកញែកពិចារណាជាវិធីមួយដើម្បីវាយតម្លៃតើទង្វើឬដំណើរការដែលកំពង់ប្រព្រឹត្តបានផ្តល់កម្មផលយ៉ាងណាដើម្បីយើងរកផ្លូវធ្វើឲ្យកាន់តែប្រសើរនិងចម្រុងចម្រើនជាងមុន ។ ព្រះពុទ្ធបង្រៀនមនុស្សជាង ២៥០០ ឆ្នាំមកហើយឲ្យប្រើសទ្ធានិងគំនិតបញ្ញាត្រិះរិះពិចារណារកហេតុផល បើឃើញថាជាកម្មកុសលវាប្រសើរលោកថាឲ្យធ្វើតាម បើឃើញថាជាអកុសលខុសគន្លងធម៌លោកថាឲ្យលះបង់ ។

ការដឹងយល់អំពីការរស់នៅនិងរបៀបរបបគ្រប់គ្រងរបស់សង្គមដទៃជួយយើងឲ្យស្គាល់ខ្លួនយើងផង និងមើលឃើញវែងឆ្ងាយនូវវិធីផ្សេងៗដើម្បីគាំពារខ្លួនយើងផង ព្រមទាំងចៀសវាងផលវិបាកដែលសង្គមដទៃបានជួបប្រទះ ។ អត្ថបទជាច្រើនដែលខ្ញុំសរសេរនិងចុះផ្សាយក្នុងគេហទំព័រ “គំនិតខ្មែរ” គឺមានគោលបំណងដូចការពណ៌នាខាងលើនេះ ។ មានពាក្យស្លោកមួយនិយាយថា គេអាចដឹកសត្វសេះឲ្យចុះទៅផឹកទឹក ក៏ប៉ុន្តែគេមិនអាចបង្ខំសេះឲ្យផឹកទឹកទេ ។

ខ្ញុំសូមជូនស្ថិតិ “ព័ត៌មានប៊្លូមប៊ើរ៍គ” Bloomberg News ចុះថ្ងៃទី ២៨ ឧសភាអំពីល្បឿនដ៏ អស្ចារ្យនៃការរីករាលដាលនៃមេរោគកូវិដ-១៩ នៅក្នុងប្រទេសនិងដែនដីជាង ២០០ នៅក្នុងពិភពលោក ៖ នៅម៉ោង ៩:៣២ ព្រឹក កូវិដ-១៩ បានឆ្លងដល់មនុស្សជាង ៥ លាន ៧ សែន នាក់ និងធ្វើឲ្យស្លាប់ជាង ៣ សែន ៥ ម៉ឺននាក់ នៅក្នុងចំនួនមនុស្សក្នុងពិភពលោកទាំងអស់ជិត ៨ ពាន់លាននាក់ ។ នៅម៉ោង ៧:៣២ យប់ កូវិដ-១៩ បានឆ្លងដល់មនុស្សជាង ៥ លាន ៨  សែននាក់ ពោលគឺជាង ៨ ម៉ឺន ៥ រយនាក់បន្ថែមទៀត និងបានធ្វើឲ្យស្លាប់មនុស្សជាង ៣ សែន ៥ ម៉ឺននាក់ ពោលគឺជាង ៣ ពាន់ ៥ រយនាក់បន្ថែមទៀត ។ នៅសហរដ្ឋអាមេរិកដែលមានពលរដ្ឋជិត ៣៣០ លាននាក់ នៅម៉ោង ៩:៣២ ព្រឹក កូវិដ-១៩ បានឆ្លងដល់ពលរដ្ឋជាង ១ លាន ៧ សែននាក់ និងធ្វើឲ្យស្លាប់ជាង ១ សែន ៤ រយនាក់ ហើយនៅម៉ោង ៧:៣២ យប់ បានឆ្លងដល់ពលរដ្ឋជាង ១ លាន ៧ សែននាក់ ពោលគឺជាង ២ ម៉ឺន ២ រយនាក់បន្ថែមទៀត និងបានធ្វើឲ្យស្លាប់ជាង ១ សែន ១ ពាន់នាក់ ពោលគឺជាង ១ ពាន់ ១ រយនាក់បន្ថែមទៀត ។ ស្ថិតិគ្រាន់តែជាតួលេខ ។ នៅពីក្រោយតួលេខគឺអ្នករងគ្រោះដូចលោកអ្នកនិងដូចខ្ញុំ ។                   

នៅប្រទេសកម្ពុជាដែលមានប្រជាពលរដ្ឋជាង ១៦ លាននាក់ ក្រសួងសុខាភិបាលបានបញ្ជាក់ករណីទី ១ នៃមេរោគកូវិដ-១៩ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ។ ចាប់ពីថ្ងៃនោះមក មេរោគកូវិដ-១៩ បានរីករាលដាលនៅក្នុងខេត្តកម្ពុជាចំនួន ១៣ និងនៅក្នុងរាជធានី ភ្នំពេញ ។ តាមស្ថិតិចុះផ្សាយក្នុងកាសែត “ខ្មែរថែមស៍” Khmer Times ចាប់ពីថ្ងៃទី ២៧ ខែមេសារហូតមកដល់ថ្ងៃទី ៣០ ខែឧសភា មេរោគកូវិដ-១៩ បានឆ្លងដល់មនុស្ស ១២៥ នាក់នៅកម្ពុជាតែមិនបានធ្វើឲ្យមានមរណភាពទេ ។ នៅក្នុងចំណោមអ្នករងគ្រោះ ១២៥ នាក់នោះ មនុស្ស ១២៣ នាក់ដែលត្រូវបានព្យាបាលមេរោគឆ្លងបានជាអស់ហើយ ។ នៅថ្ងៃទី ៣០ ឧសភា កម្ពុជាមានអ្នករងគ្រោះរោគឆ្លងតែ ២ នាក់ទេ ។

                      

គួរកត់សំគាល់ថានៅថ្ងៃទី ១២ ខែមេសា ប្រទេសកម្ពុជាមានករណី ១២២ នៃកូវិដ-១៩ និងមានអ្នករងគ្រោះចំនួន ៧៧ រូបដែលបានជាពីជំងឺរោគឆ្លង — នៅសល់ ៤៥ នាក់ទៀតដែលនៅកំពង់ទទួលការថែទាំ ។ នៅក្នុងចំនួនអ្នករងគ្រោះរោគឆ្លង ១២២ រូបនោះ មានខ្មែរចំនួន ៥១ នាក់ បារំាង ៤០ នាក់ ម៉ាឡេ ១៣ នាក់ អង់គ្លេស ៥ នាក់ ឥណ្ឌូនេស៊ី ២ នាក់ អាមេរិកាំង ២ នាក់ កាណាដា ២ នាក់ ចិន ៣ នាក់ បែលហ្ស៊ីក ១ នាក់ និង យួន ៣ នាក់ ។ ម្យ៉ាងទៀត “ខ្មែរថែមស៍” បានកត់សំគាល់ថានៅថ្ងៃទី ៩ មេសាមានបុរសខ្មែរម្នាក់អាយុ ៤០ ឆ្នាំដែលធ្លាប់មានរោគឆ្លងក្នុងខ្លួនតែមានទទួលការថែទាំនិងបានជាពីរោគរួចហើយតែត្រូវបានកូវិដ-១៩ឆ្លងដល់ខ្លួនជាថ្មីទៀត ។ “ខ្មែរថែមស៍” មានចុះផ្សាយបញ្ជីរាយលេខអ្នកជំងឺ ថ្ងៃរោគឆ្លង សញ្ជាតិអ្នករងគ្រោះ ភេទ អាយុ ទីកន្លែងរោគឆ្លង និងរបៀបចម្លង (ក្នុងស្រុកឬពីបរទេស ) ។

                     

ថ្ងៃទី ១២ មេសាជាថ្ងៃចុងក្រោយនៃការរកឃើញមេរោគកូវិដ-១៩នៅក្នុងរាជធានីភ្នំពេញនៅលើបុរសម្នាក់អាយុ ៥០ ឆ្នាំជាជានជាតិកាណាដា និងស្ត្រីម្នាក់អាយុ ២៤ ឆ្នាំជាជនជាតិយៀកណាម ។

ពីថ្ងៃទី ១៣ មេសារហូតមកដល់ថ្ងៃទី ១៥ ឧសភា — ដែលស្ត្រីខ្មែរម្នាក់អាយុ ៣៦ ឆ្នាំជាពលរដ្ឋខេត្តបន្ទាយមានជ័យនិងជាអ្នកឆ្លងជំងឺកូវិដ-១៩ ចុងក្រោយបង្អស់ត្រូវបានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតព្យាបាលជាសះស្បើយនិងអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ — គឺរយៈពេល ៣៣ ថ្ងៃជាប់គ្នា ប្រទេសកម្ពុជាឥតមានករណីថ្មីនៃកូវិដ-១៩ ទេ ។

កូវិដ-១៩ ជាជំងឺមេរោគឆ្លងផ្លូវដង្ហើម ។ កូវិដ-១៩ កើតចេញពីមីក្រុបហៅថាមេរោគកូរ៉ូណាប្រភេទថ្មី novel coronavirus (2019-nCoV ឬ SARS-CoV-2) ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើមនៅពេលអ្នកមានមេរោគក្អកឬកណ្តាស់ឬនិយាយស្តីដោយប្រើសម្លេងខ្លំាងៗឬស្រែកច្រៀង ។ លំអងសំណើមដែលមាននៅក្នុងខ្លួនអ្នកផ្ទុកមេរោគក៏រសាត់ចូលទៅក្នុងមាត់ឬច្រមុះអ្នកនៅជិតខាងហើយក៏បង្កឲ្យមានជំងឺដម្កាត់កើតឡើង ។ ដូច្នេះមនុស្សត្រូវរក្សាគម្លាតពីគ្នាយ៉ាងហោច ៦ ហ្វីត ឬ ១.៨ ម៉ែត្រ និងពាក់ម៉ាសបិទបំាងមាត់ច្រមុះ ។ ប៉ុន្តែមេរោគកូវិដ-១៩ អាចឆ្លងតាមរយៈវត្ថុដែលមនុស្សបានប៉ះពាល់ដូចជាក្រដាស ក្រដាសលុយ ក្រដាសកាតុង ឈើ កញ្ចក់ ស្ពាន់ ដែក ផងដែរ ។

ជាធម្មតាអ្នកជំងឺរោគឆ្លងមានរោគសញ្ញាដូចជាឈឺក្បាល ឈឺបំពង់ក ហៀរសំបោរ ឈឺខ្លួន គ្រុន រាគ ។ល។ ប្រមាណជា ៥ ថ្ងៃក្រោយមេរោគឆ្លងដល់ ។ អ្នកជំងឺត្រូវនៅឃ្លាតពីអ្នកដទៃពី ១៤ ថ្ងៃដល់ ៣ សប្តាហ៍ ។

ប៉ុន្តែមនុស្សដែលមានកូវិដ-១៩នៅក្នុងខ្លួន មិនមែនសុទ្ធតែមានរោគសញ្ញាគ្រប់រូបទេ ។ ជំនាញជំងឺរោគឆ្លងបានឲ្យដឹងថាមនុស្សចំនួន ២៥% ដល់ ៥០% ដែលមានកូវិដ-១៩នៅក្នុងខ្លួនឥតបង្ហាញរោគសញ្ញាទេ ។ កងទ័ពជើងទឹកអាមេរិកបានធ្វើតេស្តនាវិកនៃនាវាចម្បំាងអាមេរិក USS Theodore Roosevelt ឃើញមាននាវិកប្រមាណជា ៦០% មានរោគនៅក្នុងខ្លួនតែឥតបង្ហាញរោគសញ្ញា ។ ម្យ៉ាងវិញទៀត មាននាវិកដែលបានទទួលការថែទាំម៉ឺងម៉ាត់និងបានជាសះស្បើយពីកូវិដ-១៩ តែបានត្រូវមេរោគកូវិដ-១៩ ឆ្លងដល់ខ្លួនម្តងទៀត ។ ទាំងនេះជាព័ត៌មានសំខាន់សម្រាប់កម្ពុជាប្រឈមជំងឺឆ្លង ។  

អ្នកជំនាញជំងឺឆ្លង លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅជី Anthony Fauci បានបញ្ជាក់អំពី “ការចាំបាច់ធ្វើតេស្តមនុស្សឲ្យបានច្រើននិងឲ្យបានទូទៅពាសពេញប្រទេស” ដើម្បីបំបែកអ្នកដែលផ្ទុកមេរោគឆ្លងក្នុងខ្លួនពីអ្នកដែលមិនទាន់មានរោគឆ្លង និងអំពីការចំាបាច់ “តាមដានមនុស្ស” ដែលបានស្ថិតនៅក្បែរអ្នកមានរោគ ។ ពាក្យ ៣ ម៉ាត់របស់លោក ហ្វៅជី គឺ “testing, tracing, isolating” ។ លោក ហ្វៅជី អះអាងថានៅ “ទីបំផុតមានតែវ៉ាក់សាំងទេដែលការពារមនុស្សពីជំងឺរោគឆ្លងបាន” ។

ខ្ញុំសូមលើកទឹកចិត្តលោកអ្នកសូមអានអត្ថបទ “កម្ម-ផលនៃនយោបាយូបនីយកម្មកូវិដ-១៩” ចុះថ្ងៃទី ៧ ឧសភាដូចមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ អំពីផែនការទប់ស្កាត់មេរោគកូវិដ-១៩ ដែលលោកវេជ្ជបណ្ឌិត ថូម៉ាស ហ្វ៊ី្រឌិន Dr. Thomas Frieden អតីតអ្នកមើលខុសត្រូវមជ្ឈមណ្ឌលគ្រប់គ្រងបង្ការជំងឺ Centers for Disease Control and Prevention (CDC) បានអំពាវនាវដល់ពលរដ្ឋឲ្យអនុវត្តតាមឲ្យបានឆាប់រហ័សជាទីបំផុត ។ ជាខ្លីផែនការរបស់លោក ហ្វ៊ី្រឌិន មាន ១. ធ្វើតេស្តមនុស្សឲ្យបានច្រើននិងឲ្យបានទូទៅ ២. បំបែកអ្នកមានមេរោគគ្រប់រូបពីអ្នកមិនទាន់មានមេរោគ ៣. តាមដានអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកមានរោគ ៤. ទុកអ្នកដែលបានប៉ះពាល់នឹងអ្នកមានរោគឲ្យនៅឃ្លាតពីអ្នកដទៃចំនួន ១៤ ថ្ងៃ ។

ប្រទេសកម្ពុជាបានធ្វើតេស្តមនុស្សជាង ១ ម៉ឺន កន្លះនាក់ តែធ្វើតេស្តតែមនុស្សដែលមានរោគសញ្ញា ។ យ៉ាងដូច្នេះគេមិនដឹងបានថាតើនៅក្នុងចំនួនពលរដ្ឋជាង ១៦ លាននាក់មានអ្នកមានរោគនិងអ្នកគ្មានរោគប៉ុន្មាននាក់ ។ ជាការប្រសើរណាស់ដែលកម្ពុជាគ្មានករណីថ្មីនៃកូវិដ-១៩ រយៈជាង ១ ខែ ។ តើរយៈស្ងប់ស្ងាត់ជាង ១ ខែជារយៈមុនពេលព្យុះឬអ្វី ?

សូមចាំថានៅថ្ងៃទី ២០ មេសា អគ្គនាយកអង្គការ W.H.O. លោក ថេឌ្រោស អាដាណុំ ហ្គេប៊្រៃយ៉េស៊ូស Tedros Adhanom Ghebreyesus បានអះអាងថា “សូមជឿយើងចុះ សភាពធ្ងន់ធ្ងរបំផុតគឺស្ថិតនៅខាងមុខយើងនៅឡើយទេ” ។ នៅកម្ពុជា អ្នកតំណាងអង្គការ W.H.O. ក៏មិនបាននៅស្ងៀមដែរ គឺខំរំលឹកដល់ពលរដ្ឋខ្មែរជាបន្តបន្ទាប់ដូចមានខាងក្រោមនេះអំពី “ដំណាក់កាលលើកទី ២” នៃកុវិដ-១៩ នៅថ្ងៃខាងមុខ ។

នៅថ្ងៃទី ១៣ ឧសភា លោក ម៉ែរ៍កុល រ៉ាយ៉ាន់ Michael Ryan នាយកគ្រាអាសន្ននៃអង្គការ W.H.O. បានថ្លែងថាជំងឺរោគឆ្លងកូវិដ-១៩ “នឹងមិនរលត់បាត់” ពីភពផែនដីទេ ដូច្នេះពលរដ្ឋទាំងអស់នៅក្នុងពិភពលោកត្រូវរៀនរស់ជាមួយមេរោគនេះ ពីព្រោះដំណើរទៅកាន់ “ភាព ធម្មតា” វានៅ “ឆ្ងាយសែនឆ្ងាយ” ។

នៅកម្ពុជា នៅថ្ងៃទី ២០ ឧសភា បុរសខ្មែរម្នាក់អាយុ ២៦ ឆ្នាំជាពលរដ្ឋខេត្តកំពត បានត្រឡប់មកកម្ពុជាវិញពីប្រទេសហ្វីលីពីនតាមរយៈផ្លូវប្រទេសកូរ៉េខាងត្បូង និងបានចូលថែទាំរោគនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅថ្ងៃទី ២១ ។ នៅថ្ងៃទី ២២ ឧសភា ស្ត្រីខ្មែរម្នាក់អាយុ ៣៩ ឆ្នាំ ជាអ្នកទីក្រុងភ្នំពេញដែលបានត្រឡប់ពីសហរដ្ឋអាមេរិកវិញក៏ត្រូវបានចូលមន្ទីរពេទ្យដើម្បីថែទាំជំងឺដែរ ។ នៅថ្ងៃទី ២៨ ឧសភាបុរសខ្មែរអាយុ ២៦ ឆ្នាំមកពីប្រទេសថៃត្រូវបានចូលថែទាំមេរោគឆ្លងនៅមន្ទីរពេទ្យមិត្តភាពខ្មែរជប៉ុននៅខេត្តបន្ទាយមានជ័យ ។ យ៉ាងដូច្នេះចំនួនមនុស្សដែលត្រូវបានមេរោគកូវិដ-១៩ ឆ្លងដល់បានឡើងពី ១២២ នាក់ដល់ ១២៥ នាក់ ។ ប៉ុន្តែស្ត្រីខ្មែរមកពីអាមេរិកបានជាសះស្បើយហើយ ។                          

នៅថ្ងៃទី ២៧ មេសា លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន Dr. Li Ailan តំណាង W.H.O. នៅកម្ពុជាបានបញ្ជាក់ថាកម្ពុជាកំពុងស្ថិតនៅក្នុង “ដំណាក់ការដំបូង” នៃជំងឺរោគកូវិដ-១៩ នៅឡើយទេ ។ លោកស្រីបានអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យរៀបចំខ្លួនប្រឈម “ការប្រយុទ្ធរយៈវែងមួយ” ពីព្រោះកូវិដ-១៩ នឹងមិនរលត់បាត់នៅពេលឆាប់នេះទេ ។

មន្ត្រីក្រសួងសុខាភិបាលកម្ពុជាក៏បានប្រាប់ពលរដ្ឋខ្មែរដែរកុំឲ្យយល់ច្រឡំថាកម្ពុជានឹងគ្មានមេរោគកូវិដ-១៩ ទៀតទេ ពីព្រោះ “យើងកំពុងស្ថិតនៅក្នុងភាពប្រកាសអាសន្ននៅឡើយ” ។ អ្នកត្រួតពិនិត្យស្ថាប័នបាស្ទ័រនៅកម្ពុជា លោកវេជ្ជបណ្ឌិត ឡូរ៉ង់ស៍ បារីល Laurence Baril បានថ្លែងថាយើងមិនអាច “វិលត្រឡប់ទៅកាន់ភាពធម្មតាដូចដើមទេ . . . ពលរដ្ឋខ្មែរត្រូវរៀនរស់នៅក្នុងភាពធម្មតាថ្មី” ។

បន្ទាប់ពីករណីថ្មី ២ នៃកូវិដ-១៩ បានកើតឡើង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់បានអួតអាងថាទាល់តែសេះដុះស្នែងរួចប្រតិទិនមានចុះថ្ងៃទី ៣១ កុម្ភៈទើបមេរោគឆ្លងកូរ៉ូណាអាចមកជាន់ទឹកដីប្រទេសកម្ពុជាបាន បានសរសេរម្តងជាពីរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យនៅឲ្យឆ្ងាយពីទីកន្លែងមានមនុស្សច្រើន រក្សាអនាម័យផ្ទាល់ខ្លួន លាងដៃនិងពាក់ម៉ាស  ។  

 

ក៏ប៉ុន្តែកាសែត “ខ្មែរថែមស៍” ចុះថ្ងៃទី ២៩ ឧសភាបានផ្សាយអត្ថបទមួយសរសេរថាសេចក្តីអំពាវនាវរបស់លោក ហ៊ុន សែន ឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ននឹងដំណាក់កាលទី ២ នៃការរីករាលដាលនៃមេរោគកូវិដ-១៩ ហាក់ដូចជាចូលពីត្រចៀកម្ខាងនិងចេញតាមត្រចៀកម្ខាងទៀតព្រោះបណ្តារាស្ត្របានវិលត្រឡប់ទៅកាន់ទម្លាប់ចាស់អ៊ូអរនៅតាមផ្សារនិងទីកន្លែងសាធារណៈដោយឥតមានគិតដល់គម្លាតពីគ្នាឡើយ ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។