យុទ្ធសាស្ត្រកំប្រុក

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៨ ខែ កញ្ញា ឆ្នាំ ២០២០

បរមគ្រុ ខុង ជឺ ជាបុគ្គលម្នាក់សំខាន់និងមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្ស ។ ពាក្យពេចន៍របស់លោកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សនៅជុំវិញពិភពលោកតាំងពីមុនគ្រិស្តសករាជម្ល៉េះហើយនៅតែមានឥទ្ធិពលរហូតមកដល់សព្វថ្ងៃនេះ ។

ភ្នាក់ងារសង្គមូបនីយកម្ម មានគ្រួសារសាលារៀនប្រព័ន្ធផ្សព្វផ្សាយជាពិសេសជាប្រភពផ្តើមបណ្តុះបណ្តាលចំណាប់អារម្មណ៍គុណតម្លៃជំនឿនិងមតិនានារបស់ខ្ញុំ និងជម្រុញខ្ញុំឲ្យឱបក្រសោបការប្រៀនប្រដៅរបស់ទស្សនវិទូដ៏ឆ្នើមដូចជាបរមគ្រូ ខុង ជឺ និងមនុស្សមានឈ្មោះល្បីដូចជាលោក មហាត្មៈ គន្ធី ជាដើម ។ គំនិតរបស់ខ្ញុំដុះចេញពីគំនិតរបស់អ្នកដទៃ ។ ខ្ញុំរៀនសូត្រអំពីដំណើរជីវិតនៃអ្នកដទៃ ។ ខ្ញុំរៀនដើរតាមគន្លងដំណើររបស់គេ ។ ខ្ញុំយកតម្រាប់តាមអ្វីដែលខ្ញុំអាចធ្វើបាន ។

ខ្ញុំចូលចិត្តអាននិងត្រិះរិះពិចារណានូវពាក្យទូន្មានរបស់មនុស្សដែលពោរពេញដោយគុណតម្លៃនិងបទពិសោធន៍ដែលមនុស្សធម្មតាដូចខ្ញុំគ្មានសង្ឃឹមថាអាចជួបប្រទះបាននៅក្នុងផ្លូវជីវិតឡើយ ។ ខ្ញុំចូលចិត្តដកស្រង់យកពាក្យពេចន៍ដែលធ្វើឲ្យអារម្មណ៍ភ្ញាក់កន្ទ្រាក់ ពីព្រោះវាជាពាក្យពេចន៍ដែលបំផុសចិត្តគំនិតស្មារតីខ្ញុំឲ្យប្រាថ្នានិងជឿថាគ្មានឧបសគ្គណាដែលមនុស្សមិនអាចជម្នះបានទេឲ្យតែយើងចេះស្រមើស្រមៃច្នៃប្រឌិត ។

ខ្ញុំចូលចិត្តសរសេរឡើងវិញនូវអ្វីដែលខ្ញុំយល់ថាមានសារៈសំខាន់ដែលត្រូវតែចែករំលែកពីព្រោះខ្ញុំគិតថាបើលោកអ្នកអានបានស្តាប់សារសំខាន់ជារឿយៗ អត្ថន័យសំខាន់នឹងបង្កើតជាពន្លឺជ្រាបចូលទៅបណ្តុះវិញ្ញាណយល់ដឹង ។ បរមគ្រូ ខុង ជឺ ទូន្មានថាគ្មាននរណាបើកសៀវភៅហើយមិនបានរៀនអ្វីសោះនោះទេ ហើយលោកក៏ប្រដៅមនុស្សថាទោះបីជារវល់យ៉ាងណាក៏ត្រូវតែឆ្លៀតពេលរៀនសូត្របើមិនដូច្នេះទេយើងនឹងក្លាយខ្លួនទៅជាទាសករនៃ ភាពល្ងង់ខ្លៅ ។

នៅសម័យកាលស្របាលគ្នានោះ ទស្សនវិទូដ៏ឆ្នើមម្នាក់ទៀតគឺព្រះសម្មាសម្ពុទ្ធ (៥៦៣មគស-៤៨៣មគស ) បានប្រដៅមនុស្សថាអវិជ្ជាគឺជាបាបកម្ម ។ លោកទូន្មានយើងឲ្យប្រើខួរក្បាលត្រិះរិះពិចារណារកហេតុរកផលឲ្យឃើញសឃើញខ្មៅមុននឹងប្រព្រឹត្តអ្វីដែលយើងបានពិនិត្យឃើញថាជាកុសលកម្ម ។ លោកប្រដៅថាគ្មានទេវតាពីឋានណាមកជួយយើងបាននោះទេ មានតែយើងទេដែលអាចជួយខ្លួនយើង ហើយគឺខ្លួនយើងនេះឯងដែលទទួលខុសត្រូវលើអ្វីៗដែលបានឬមិនបានកើតមានឡើង ។ លោកបានទុករូបមន្ត “គិត-កម្ម-ផល” ឲ្យមនុស្សអនុវត្ត ។ បរមគ្រូ ខុង ជឺ និងព្រះពុទ្ធជាមនុស្សប្រើប្រាស់គំនិតដើម្បីស្វែងរកសុខុមាលភាព ។

បុរាណចារ្យខ្មែរបានយល់តម្លៃនៃគំនិតជាយូរអង្វែងមកហើយដោយទូន្មានកូនចៅឲ្យ “គិតហើយសឹមគូរ” និងរំលឹកយើងថា “ទាល់ដប់ឬទាល់ម្ភៃតែកុំទាល់គំនិត” និងថា “ក្រអ្វីក៏ក្រចុះតែកុំក្រគំនិត” ។ កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ស្តាប់វិទ្យុជាតិផ្សាយពាក្យប្រៀនប្រដៅរបស់សម្តេចសង្ឃ ជួន ណាត ស្តីអំពីការចាំបាច់កុំឲ្យខ្វះខាតគំនិតឲ្យសោះ ។ កាលខ្ញុំនៅក្នុងជួរចលនារណសិរ្សជាតិនៅជាយដែនកម្ពុជា-ថៃនាឆ្នាំ ១៩៨០-១៩៨៩ គឺគំនិតស្រមើស្រមៃច្នៃប្រឌិតរបស់ខ្ញុំដែលត្រូវបានគេដកស្រង់យកទៅសរសេរនៅក្នុងសៀវភៅ The Cambodian Wars ចុះផ្សាយនៅអាមេរិកនាឆ្នាំ ២០១៣ ។

នៅពិភពលោកខាងលិចទស្សនវិទូជាតិក្រិកម្នាក់ឈ្មោះសូក្រាត (៤៧០មគស-៣៩៩មគស ) ត្រូវបានគេទទួលស្គាល់ថាជាបិតានៃការប្រើគំនិតត្រិះរិះពិចារណានៅក្នុងការ “ស្វែងរកការពិត” the search for truth ដែលជាគោលដៅនៃជីវិត ។

សូក្រាត (ដែលមានវ័យក្មេងជាងបរមគ្រូ ខុង ជឺ និងព្រះពុទ្ធ ) បានទូន្មានមនុស្សថាឥតមានចម្លើយណាមួយដែលគេអាចគូសបន្ទាត់បញ្ចប់ការសាកសួរតទៅមុខទៀតបានទេ ម្ល៉ោះហើយយើងត្រូវតែសាកសួររកចម្លើយដោយឥតឈប់ឈរ ។ ពោលគឺទោះបីមានចម្លើយដែលពិនិត្យមើលទៅឃើញថាត្រឹមត្រូវណាស់ហើយក្តីក៏គេត្រូវតែបន្តការសាកសួររកចម្លើយថែមទៀត ពីព្រោះចម្លើយដែលមានច្រើនគឺអនុញ្ញាតឲ្យមនុស្សអាចជ្រើសរើសយកចម្លើយដែលត្រឹមត្រូវជាងគេបំផុត ។ (វិចារណញ្ញាណបែបនេះនាំខ្ញុំឲ្យនឹកដល់ការប្រៀនប្រដៅរបស់ព្រះពុទ្ធថាអ្វីក៏ដោយតែងតែប្រែប្រួលជានិច្ច ។ )

សូក្រាត មានកូនសិស្សម្នាក់ឈ្មោះ ប្លា តុង (៤២៩មគស-៣៤៨មគស) និងកូនសិស្សរបស់ប្លា តុង ម្នាក់ឈ្មោះ អារីស្តូត (៣៨៤មគស-៣២២មគស ) ។ សាវ័កទាំងពីររូបនេះបានបន្តការបង្ហាត់បង្រៀនទំនៀមទម្លាប់ទស្សនៈ “ស្វែងរកការពិត” ដោយសាកសួររកចម្លើយមិន ឈប់ឈររហូតក្លាយជាទម្លាប់នៅបស្ចឹមប្រទេសមកដល់បច្ចុប្បន្ន — ដែលមិនខុសគ្នាពីការប្រៀនប្រដៅរបស់ព្រះពុទ្ធនិងបរមគ្រូ ខុង ជឺ ឡើយ ។

ខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំលើកមុនថា “វិញ្ញាណយល់ដឹង” perception ជាកត្តាបំផុសមនុស្សឲ្យធ្វើសកម្មភាពឬឲ្យនៅអកម្មនៅចំពោះមុខបញ្ហាឬព្រឹត្តិការណ៍ណាមួយ ។ គឺព័ត៌មានសន្ធឹកសន្ធាប់ដែលយើងបានប្រមូលផ្តុំនៅក្នុងដំណើរជីវិតនិងចំណេះដឹងនិងការយល់ដឹងតាមរយៈសកម្មភាពផ្លូវគំនិតដោយញាណ sensory និងដោយអង្គហេតុ factual ដែលបូករួមជាមួយបទពិសោធន៍ផ្ទាល់ខ្លួននិងតាមប្រវត្តិសាស្ត្រជាតិ បណ្តុះ “វិញ្ញាណយល់ដឹង” និងជម្រុញយើងឲ្យធ្វើសកម្មភាព ។ គុណតម្លៃនិងជំនឿវិជ្ជមានផ្តល់ឥទ្ធិពលខ្លាំងក្លាក្នុងដំណើរឆ្ពោះទៅកាន់ភាពប្រសើរ ។

ផ្ទុយទៅវិញ ឥទ្ធិពលដែលមានកម្រិតខ្សោយនៃភ្នាក់ងារសង្គមូបនីយកម្មបង្កើតជាអ័ព្ទនៃ “វិញ្ញាណយល់ដឹង” ។ ការខ្វះខាតគុណតម្លៃជំនឿចំណាប់អារម្មណ៍និងមតិជាវិជ្ជមានដែលជាវិភាគនៃវិញ្ញាណយល់ដឹងបង្កើតជាអ័ព្ទដែលបន្ទច់ដំណើរសកម្មភាព ។ ភ្នែកដែលនៅភ្លឺបែរជាមើលឃើញភាពស្រពិល ត្រចៀកដែលមិនថ្លង់បែរជាឮតែស្នូរស្តាប់សម្លេងមិនច្បាស់ ។

សង្គមូបនីយកម្មនយោបាយមានសារៈសំខាន់ក្រៃលែងក្នុងការកសាងអភិវឌ្ឍន៍ វឌ្ឍនភាព និងភាពប្រសើរ ។ អត្ថបទខ្ញុំភាគច្រើនសរសេរក្នុងគោលដៅបណ្តុះបណ្តាលឥទ្ធិពលសង្គមូបនីយកម្មនយោបាយដើម្បីសង្គ្រោះបម្រើការពារសិទ្ធិសេរីភាពយុត្តិធម៌និងនីតិរដ្ធ និងប្រឆាំងនឹងរបបអត្តាធិបតេយ្យនិងនីតិមាត់ ។ អត្តាធិបតេយ្យមិនមែនជារបបមួយដែលលេចធ្លោដូចជាផ្ទាំងគំនូរនៃឆាកល្ខោននោះទេ ។ វាដុះពន្លកនិងរីករាលដាលដូចផ្សិតនិងបន្លំទ្រង់ទ្រាយល្មមបញ្ឆោតវិញ្ញាណយល់ដឹងរបស់យើងបាន ។ ប្រវត្តិសាស្ត្របានបង្ហាញអំពីជនអត្តាធិបតីកំចាត់អ្នកតស៊ូម្នាក់ម្តងៗដូចគេដកស្លាបមាន់មួយម្តងៗដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល ។ ជនអត្តាធិបតីឃុំឃាំងពលរដ្ឋក្នុងគុកសង្គមដូចគេចាប់កង្កែបដាក់ក្នុងឆ្នាំងទឹកហើយលួចដុតភ្លើងពីក្រោមឆ្នាំង។ គេដាក់អាហារបន្តិចបន្តួចឲ្យស៊ីទៀត ។ ល្មមដឹងខ្លួន ទឹកក្នុងឆ្នាំងក៏ពុះកញ្ជ្រោលសម្លាប់កង្កែបស្លាប់អស់ទៅ ។

ខ្ញុំបានសរសេរក្នុងអត្ថបទលើកមុនថា ឥទ្ធិពលនៃភ្នាក់ងារនីមួយៗនៃសង្គមូបនីយកម្មមិនមានកម្រិតស្មើគ្នាទៅលើមនុស្សទេ ហើយមនុស្សម្នាក់ៗក៏មិនផ្តល់សារៈសំខាន់ស្មើគ្នាដល់ភ្នាក់ងារនីមួយៗដែរ ។ ពោលគឺខណៈដែលមនុស្សត្រូវធ្វើប្រតិកម្មទប់ទល់នឹងបញ្ហាឬព្រឹត្តិការណ៍នៅចំពោះមុខ អ័ព្ទនៃ “វិញ្ញាណយល់ដឹង” រារាំងការធ្វើសកម្មភាព ។

តទៅនេះជាឧទាហរណ៍អ័ព្ទនៃ “វិញ្ញាណយល់ដឹង” ៖ ជំនឿខ្វាក់ឬផ្កាប់មុខជាឃាតករសម្លាប់ការស្រមើស្រមៃច្នៃប្រឌិត ។ វប្បធម៌នយោបាយជាតិបង្រៀនខ្មែររាប់រយឆ្នាំហើយឲ្យ “គោរព-កោតខ្លាច-បម្រើ-ការពារ-ស្មោះត្រង់” នឹងមេដឹកនាំជាកត្តាពង្រឹងឃាតកម្មនោះ ។

ទោះម្តេចក្តី “វិញ្ញាណយល់ដឹង” មិននៅជាអកម្មទេ ។ វិញ្ញាណយល់ដឹងប្រែសាជាថ្មីជាដរាប ដូចជាការប្រៀនប្រដៅរបស់ព្រះពុទ្ធថាអ្វីដែលនៅជាអចិន្ត្រៃយ៍បានគឺការប្រែប្រួលផ្លាស់ប្តូរ។

អាស្រ័យយ៉ាងដូច្នេះ របបផ្តាច់ការក៏មិនអាចនៅជាអចិន្ត្រៃយ៍បានដែរ ។ យើងមិនត្រូវភ័យខ្លាចរបបផ្តាច់ការឡើយ ជាពិសេសអ្នកដែលមានគំនិតចេះស្រមើស្រមៃច្នៃប្រឌិត ។ ចូរចាំថា ទោះបីរបបផ្តាច់ការមានឫសចាក់ជម្រៅណាក៏ដោយ ក៏របបផ្តាច់ការត្រូវតែរលំរលាយប្រៀបដូចផ្លែឈើទុំស្អុយ ។ វាត្រូវតែផុតរលត់មិនខុសអំពីសច្ចធម៌ កើត ចាស់ ឈឺ ស្លាប់នោះឡើយ ។ បើមិនស្លាប់ដោយធម្មជាតិក៏ស្លាប់ស្របតាមពាក្យស្លោកថា “រស់នឹងដាវស្លាប់ដោយដាវ” ។ លោក ហ៊ុន សែន ដែលអំនួតត្រួតត្រាកម្ពុជារយៈរយឆ្នាំទៀត គឺគាត់មិនត្រឹមតែយល់សប្តិ
កណ្តាលថ្ងៃត្រង់ទេ គាត់កំពុងភាន់ច្រឡំអំពីចំនួនកូនមាន់របស់គាត់នៅមុនពេលដែលពង
ញាស់ ។ នេះគឺជាអ័ព្ទនៃវិញ្ញាណយល់ដឹងរបស់គាត់ ។

នៅក្នុងអត្ថបទនៅថ្ងៃនេះ ខ្ញុំសូមចែករំលែកនូវរូបថតមួយចំនួនក្នុងគោលដៅបំផុសចិត្តគំនិតស្មារតីខ្មែរតស៊ូប្រឆាំងនឹងរបបផ្តាច់ការ ។

ខ្ញុំចូលចិត្តអង្គុយកំសាន្តនៅក្នុងសួនច្បារនៅខាងក្រោយផ្ទះខ្ញុំ ។ ខ្ញុំចូលចិត្តថតរូបភាពដែរ ។

មានថ្ងៃមួយនាឆ្នាំ ២០១១ ខ្ញុំអង្គុយនៅក្នុងសួនច្បារមើលបក្សាបក្សីរោមចឹកស៊ីគ្រាប់ធញ្ញជាតិដែលខ្ញុំស្តុកក្នុងប្រអប់ចំណីបក្សីព្រៃ ។ នៅថ្ងៃនោះ កំប្រុកមួយចំនួនប្រដេញគ្នាឆ្មក់ធញ្ញជាតិដែលសត្វបក្សីធ្វើ៎ឲ្យធ្លាក់មកដីទៅស៊ី ។ ចម្លែកតែកំប្រុកមួយអង្គុយឯកឯងនៅលើមែកឈើនៅក្បែរនោះមិនចូលប្រឡូកដណ្តើមគ្រាប់ធញ្ញជាតិនឹងគេទេ ។ ខ្ញុំឃើញវាហាក់ដូចជាមានការគិតវែងឆ្ងាយ ។ ខ្ញុំក៍ថតរូបភាពកំប្រុកនោះ ។ នៅជំនាន់ដែលគេនៅប្រើហ្វីលកូដាក់នៅឡើយខ្ញុំថតរូបសកម្មភាពកំប្រុកនោះទាល់តែអស់ហ្វីល ។ រួចខ្ញុំយកហ្វីលទៅឲ្យហាងថតរូបពង្រីកជារូបភាព ។ អ្វីដែលខ្ញុំឃើញគឺរូបភាពសកម្មភាពកំប្រុកដែលផ្តល់ជាមេរៀនមួយដ៏មានតម្លៃ ។

តម្រៀបរូបភាពកំប្រុកចាប់ពីពេលវានៅអង្គុយនៅលើមែកឈើដែលបង្ហាញថាវាជាកំប្រុកមិនដូចកំប្រុកឯទៀត ។ នៅពេលហ្វូងកំប្រុកបានបំបែកហ្វូងហើយ តួឯកកំប្រុកបានមកដល់បង្គោលដែកដែលទ្រឧបករណ៍ដាក់គ្រាប់ធញ្ញជាតិ ។ វាហាក់ដូចមិនចាប់អារម្មណ៍សោះនឹងគ្រាប់ធញ្ញជាតិដែលជ្រុះនៅលើដី ។ ខ្ញុំថតរូបភាពវាផ្គុំដៃនៅលើទ្រូង ងាកមើលឆ្វេងស្តាំ រួចវាងើយក្បាលមើលទៅឧបករណ៍នៅខាងលើ ។ ខ្ញុំថតសកម្មភាពវាឥតឈប់ ។

បន្ទាប់មក កំប្រុកនោះវារឡើងលើតាមបង្គោលដែកឆ្ពោះទៅកាន់ឧបករណ៍គ្រាប់ធញ្ញជាតិ ។ ដោយហេតុខ្ញុំបានដាក់ខ្លាញ់នៅលើបង្គោលដែកដើម្បីកុំឲ្យកំប្រុកឡើងទៅស៊ីគ្រាប់ធញ្ញជាតិ ដែលស្តុកសម្រាប់សត្វបក្សី កំប្រុកនោះឡើងបានបន្តិចក៏រអិលធ្លាក់ចុះ រួចវារឡើងម្តងទៀតហើយរអិលធ្លាក់ចុះម្តងទៀត ជាច្រើនលើកច្រើនសា ។ តែកំប្រុកនោះមិនព្រមឈប់ឡើយ ។ វាវារឡើងធ្លាក់ចុះៗ រហូតដល់ខ្លាញ់ចាប់ផ្តើមស្ងួតធាតុរអិលបន្តិចម្តងៗ ។ នៅទីបញ្ចប់ កំប្រុកនោះក៏បានឡើងដល់លើចុងដែកដោយជោគជ័យ ។ វាឈប់នៅស្ងៀមមួយភ្លែត ហើយក៏យកជើងក្រោយទាំងពីរព្យួរបន្តោងលើដែក សម្រូតខ្លួនដាំក្បាលចុះទៅកាន់ឧបករណ៍ ឆ្កឹះគ្រាប់ធញ្ញជាតិស៊ីម្តងមួយគ្រាប់ៗដោយរីករាយ ។

អ្វីដែលពិបាកជឿគឺថាបន្ទាប់ពីវាបានស៊ីមួយឆ្អែតមក កំប្រុកនេះសម្រូតខ្លួនចុះទៅកាន់របងឈើហើយវាដេកសំដិលប្រកបដោយផាសុខភាព ។

ម៉ាស៊ីនថតរបស់ខ្ញុំក៏អស់ហ្វីលនៅពេលនោះដែរ ។

គេថាសត្វប្រើសភាវគតិខណៈមនុស្សប្រើបញ្ញា ។ តែកំប្រុកដែលសង្កេតនោះហាក់ដូចជាមានបញ្ញាមិនចាញ់មនុស្សឡើយ ។ ខ្ញុំតម្រៀបរូបថតមួយចំនួនធ្វើជាវិដេអូ “យុទ្ធសាស្ត្រកំប្រុក” ដែលខ្ញុំបានចុះផ្សាយនៅក្រោមចំណងជើង “Don’t Quit” ក្នុងបណ្តាញយូធូបដែលមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ពីរឆ្នាំក្រោយមក គឺនៅឆ្នាំ ២០១៣ អត្ថបទខ្ញុំមួយចុះផ្សាយនៅក្នុងទស្សនាវដ្តីគណៈកម្មការសិទ្ធិមនុស្សបានអះអាងថាមិនបាច់ស្វែងរកព្រះបាទធម្មិកទេពីព្រោះយើងម្នាក់ៗក៏អាចមានលទ្ធភាពក្លាយទៅជាធម្មិកបានដែរ ។

ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយរំលឹកលោកអ្នកអាននិងស្តាប់អំពីអត្ថបទខ្ញុំនៅក្រោមចំណងជើងថា “អត្តសម្មាបណិធិ” ចុះថ្ងៃទី ២៨ សីហា អំពីលទ្ធភាពរបស់បុគ្គលធ្វើជា
“ធម្មិក” ។ ខ្ញុំក៏បានសរសេរច្រើនណាស់ដែរអំពីការបណ្តុះភាពជាអ្នកដឹកនាំ ។ ម្យ៉ាងទៀត លោក មហាត្មៈ គន្ធី ក៏បានថ្លែងរួចមកហើយថាគឺរូបលោកអ្នកអាននិងស្តាប់រាល់គ្នានេះហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរ ។ រីឯបរមគ្រូ ខុង ជឺ ក៏បានអះអាងដែរថាលោកគ្រូឥសីនឹងបញ្ចេញខ្លួនមកបង្ហាត់បង្រៀននៅពេលដែលកូនសិស្សបានត្រៀមខ្លួននៅក្នុងថ្នាក់រៀនរួចរាល់ហើយ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។