មេរៀនពីអាមេរិក

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៩ ធ្នូ ឆ្នាំ ២០២០

ខ្ញុំបានសរសេររួចមកហើយថាខ្ញុំជាសិស្សរៀនប្រចាំជីវិតអំពីជីវិតនិងរបៀបគ្របគ្រងនៃប្រទេសនានានៅក្នុងពិភពលោក ។ ចំណេះដឹងជួយខ្ញុំឲ្យចេះប្រៀបធៀបនូវអ្វីដែលខ្ញុំបានរៀនអំពីពួកគេជាមួយនឹងជីវិតរស់នៅនិងរបៀបគ្របគ្រងនៅកម្ពុជាដែលជាប្រទេសកំណើតរបស់ខ្ញុំ ។ ការប្រៀបធៀបជួយយើងឲ្យស្គាល់ខ្លួនយើងផង ឲ្យចៀសវាងបញ្ហាដែលពលរដ្ឋគេនិងប្រទេសគេបានជួបប្រទះផង និងផ្តល់នូវគំនិតថ្មីៗដែលយើងគប្បីអនុវត្តនៅក្នុងដំណើរឆ្ពោះទៅកាន់វឌ្ឍនភាពនិងអភិវឌ្ឍន៍ ។

ទស្សនវិទូបូព៌ានិងបស្ចិមប្រទេសតាំងពីមុនគ្រិស្តសករាជរហូតដល់បច្ចុប្បន្នទូន្មានមនុស្សឲ្យបើកសៀវភៅអាន អានហើយអានទៀតគ្មានទីបញ្ចប់ ពីព្រោះបើយើងមិនអានទេ យើងនឹងស្ថិតនៅក្នុងការល្ងង់ខ្លៅដែលបិទទ្វារមិនឲ្យមនុស្សដើរទៅរកភាពរុងរឿងបានឡើយ ។

នៅក្នុងឱកាសឆ្លងឆ្នាំ ២០២០ ទៅកាន់ឆ្នាំ ២០២១ ខ្ញុំសូមជូនអត្ថបទមួយស្តីអំពីព្រឹត្តិការណ៍ធំៗ ២ នៅសហរដ្ឋអាមេរិកដែលបង្ហាញផ្លូវឆ្ពោះទៅកាន់អនាគតមួយ — ដំណើរដែលអាចទាញអាមេរិកឲ្យចាកចេញពីកលិយុគដ៏សោកសៅ តែជាដំណើរដែលត្រូវពឹងផ្អែកទៅលើកម្រិតគុណសម្បត្តិបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំ ។

ព្រឹត្តិការណ៍ធំៗទាំង ២ បានកើតឡើងនៅក្នុងថ្ងៃតែមួយ គឺថ្ងៃចន្ទទី ១៤ ធ្នូ ២០២០ ។

ព្រឹត្តិការណ៍ធំទី ១ បង្ហាញនូវសកម្មភាពជាក់ស្តែងរបស់វិទ្យាសាស្ត្រនិងអ្នកជំនាញផ្នែកជម្ងឺរោគឆ្លងក្នុងការប្រឈមនឹងការរីករាលដាលនៃមេរោគឆ្លងកូវិដ-១៩ ហើយនិងនិន្នាការមើលងាយជម្ងឺរាតត្បាតដែលនៅក្នុងរយៈពេលតែ ១ ឆ្នាំ បានធ្វើឲ្យពលរដ្ឋអាមេរិកជាង ១៧ លាននាក់ធ្លាក់ខ្លួនឈឺនិងជាង ៣ សែននាក់ស្លាប់ ។ ព្រឹត្តិការណ៍ធំទី ២ បង្ហាញជាសាធារណៈនូវការប្រយុទ្ធរវាង “នីតិរដ្ឋ” rule of law ដែលឱបក្រសោបគោលការណ៍រដ្ឋធម្មនុញ្ញ និង “នីតិមាត់” rule of men ដែលផ្អឹបចោលគោលការណ៍ច្បាប់ដើម្បីប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ។ ព្រឹត្តិការណ៍ធំៗទាំង ២ នេះបានបង្កើតឲ្យមានព្រឹត្តិការណ៍តូចៗជាច្រើនទៀតដែលខ្ញុំសូមទុកដោយឡែកមួយអន្លើសិន ។

ព្រឹត្តការណ៍ធំ ទី ១ ៖ នៅថ្ងៃទី ២០ ធ្នូដែលខ្ញុំផ្គុំឯកសារហើយនិពន្ធអត្ថបទសម្រាប់ថ្ងៃនេះ គឺ រយៈពេល ១១ ខែក្រោយពីកូវិដ-១៩ បានឆ្លងពីប្រទេសចិននាថ្ងៃទី ២០ មករា ២០២០ មកដល់ត្រើយខាងលិចប្រទេសអាមេរិក ពលរដ្ឋអាមេរិកចំនួនជាង ១៧ លាន ៨ សែននាក់រងផលប៉ះពាល់ ។ ប្រមាណជា ១០ ខែក្រោយពីពេលពលរដ្ឋអាមេរិកទី ១ ស្លាប់ដោយសារកូវិដ-១៩ នាថ្ងៃទី ២៩ កុម្ភៈ ពលរដ្ឋអាមេរិកចំនួនជាង ៣ សែន ១ ម៉ឺននាក់បានត្រូវស្លាប់ ដូចមាននៅក្នុងស្ថិតិ “ព័ត៌មានប៊្លូមប៊ឺរ៍គ” ខាងក្រោមនេះ ។

បច្ចុប្បន្ន ក្នុងមួយថ្ងៃៗមានពលរដ្ឋអាមេរិកចំនួនជាង ២ សែននាក់ជាមធ្យមត្រូវធ្លាក់ខ្លួនឈឺដោយសារកូវិដ-១៩ ។ ពលរដ្ឋអាមេរិកដែលស្លាប់ដោយសារកូវិដ-១៩ ក្នុងមួយថ្ងៃមានចំនួនពី ៣ ពាន់ ទៅ ៣ ពាន់ ៥ រយនាក់ ។ នៅពេលខ្ញុំនិពន្ធអត្ថបទនេះ នៅរាល់ ៣៣ វិនាទី កូវិដ-១៩ បានធ្វើឲ្យពលរដ្ឋអាមេរិកម្នាក់ស្លាប់ ។ ក្នុងរយៈពេល ១ អាទិត្យនេះ អ្នកមានជម្ងឺរោគកូវិដ-១៩ ចំនួនជាង ២ សែន ១ ម៉ឺននាក់នៅថែទាំជម្ងឺនៅក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃៗ ខណៈដែលបន្ទប់ ICU សម្រាប់ថែទាំរោគមានកម្រិតខ្លំាងមិនមាននៅសល់ទេ ។ អ្វីដែលគួរឲ្យអស្ចារ្យគឺនៅក្នុងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ៨ ធ្នូ ដល់ថ្ងៃទី ១២ ធ្នូ ២០២០ ពលរដ្ឋអាមេរិកចំនួន ១ លាននាក់បានត្រូវធ្លាក់ខ្លួនឈឺ គឺឡើងពីចំនួនជាង ១៥ លាននាក់ដល់ជាង ១៦ លាននាក់ ហើយ ។ នៅក្នុងរយៈពេល ៥ ថ្ងៃបន្ទាប់មកទៀត ពីថ្ងៃ ១៣ ធ្នូ ដល់ថ្ងៃទី ១៧ ធ្នូ ពលរដ្ឋចំនួនជាង ១ លាននាក់ទៀតត្រូវធ្លាក់ខ្លួនឈឺ គឺឡើងពីចំនួនជាង ១៦ លាននាក់នៅថ្ងៃទី ១២ ដល់ជាង ១៧ លាននាក់នៅថ្ងៃទី ១៧ ធ្នូ ២០២០ ដូចសម្រង់តារាងស្ថិតិ “ព័ត៌មានប៊្លូមប៊ឺរ៍គ” បង្ហាញនៅខាងក្រោមនេះ ។

យ៉ាងដូច្នេះ សហរដ្ឋអាមេរិកដែលមានមនុស្សជាច្រើននៅក្នុងពិភពលោកទទួលស្គាល់ថាជាប្រទេសជឿនលឿនគ្រប់ផ្នែកបានក្លាយទៅជាប្រទេសនាំមុខគេក្នុងចំនួនករណីកូវិដ-១៩ និងក្នុងចំនួនពលរដ្ឋស្លាប់ ។

អ្នកជំនាញជម្ងឺរោគឆ្លងបានសម្តែងការព្រួយបារម្ភថា ខណៈចំនួនករណីនិងចំនួនពលរដ្ឋស្លាប់ដោយសារមេរោគកូវិដ-១៩ នៅឱកាសបុណ្យ Thanksgiving នាខែវិច្ឆិកានៅបន្តកំណើនមិនទាន់ចប់ផង ឥឡូវដល់ពេលធ្វើបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មី ២០២១ ដែលមានអំឡុងវែងជាងបុណ្យ Thanksgiving ទៅទៀត ។ អ្នកជំនាញព្រួយថា ដោយហេតុពលរដ្ឋរាប់លាននាក់មិនរក្សាគម្លាតនៅក្នុងការធ្វើដំណើរហើយពូនផ្តុំគ្នាធ្វើបុណ្យ ចំនួនករណីនិងចំនួនមនុស្សស្លាប់នៅក្នុងខែមករា-កុម្ភៈ ២០២១ នេះនឹងកើនទ្វេដង ។

ប៉ុន្តែលោកប្រធានាធិបតី ត្រាំ បានថ្លែងថាវាជារឿងល្អ “it’s terrific” ដែលពលរដ្ឋអាមេរិកចំនួន “១៥%” បានធ្លាក់ឈឺដោយសារកូវិដ-១៩ ។ លោកថាចំនួនពលរដ្ឋជាច្រើនធ្លាក់ខ្លួនឈឺនិងស្លាប់សម្តែងឲ្យឃើញថាអាមេរិកកំពុងឈានជើងយ៉ាងប្រសិទ្ធភាពឆ្ពោះទៅកាន់ “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” herd immunity ។ នៅក្នុងទ្រឹស្តី “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” បើមនុស្សចំនួន “៧០-៧៥%” (បច្ចុប្បន្នគេថា “៧០-៩០% ) បានត្រូវកូវិដ-១៩ ឆ្លងដល់ នឹងមិនមានសល់មនុស្សឲ្យកូវិដ-១៩ ឈ្លានពានទេ ។ បើដូច្នេះ បើយោងតាមតួលេខ (“៧០-៧៥%” ) ដើម្បីឲ្យពលរដ្ឋអាមេរិកដែលមានចំនួនជាង ៣៣០ លាននាក់បានសម្រេច “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” ត្រូវតែមានពលរដ្ឋប្រមាណជា ២៣០ លាន ទៅជិត ២៥០ លាននាក់ធ្លាក់ខ្លួនឈឺ ។ បើដូច្នេះទៀត តើពលរដ្ឋចំនួនប៉ុន្មានលាននាក់ដែលត្រូវស្លាប់ ?

នៅថ្ងៃទី ១៦ ធ្នូ កាសែតនិងទូរទស្សន៍អាមេរិកបានផ្សព្វផ្សាយសម្រង់អ៊ីម៉ែលមួយចំនួនរបស់លោក ប៉ូល អាឡិចហ្សាន់ឌឺរ៍ Paul Alexander ដែលលោក ត្រាំ បានតែងតាំងនាខែមេសាជាទីប្រឹក្សាក្រសួងសុខាភិបាល Health and Human Resources (HHS) ។ តាមសម្រង់អ៊ីម៉ែលដែលគេចុះផ្សាយ លោក អាឡិចហ្សាន់ឌឺរ៍បានប្រាប់ទៅអ្នកគ្របគ្រងក្រសួង HHS ថា “យើងចង់ឲ្យមេរោគកូវិដ-១៩ ឆ្លងដល់ កូនក្មេងតូចតាច កុមារ មនុស្សវ័យក្មេងនិងវ័យកណ្តាល” [“Infants, kids, teens, young people, young adults, middle aged”] ឲ្យបានរាប់លាននាក់ ពីព្រោះថា “ឥតមានវិធីផ្សេង” ទៀតទេដែលអាចបណ្តុះ “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” បាន ។ នេះមានន័យថា លោកទីប្រឹក្សាក្រសួង HHS ចង់ជម្រុញឲ្យពលរដ្ឋអាមេរិកច្រើនលាននាក់ធ្លាក់ខ្លួនឈឺនិងស្លាប់ដើម្បីប្រឈមនឹងកូវិដ-១៩ ។ អ៊ីម៉ែលរបស់លោក អាឡិចហ្សាន់ឌឺរ៍ បញ្ជាក់ថានេះគឺជាគោលការណ៍នយោបាយនៃរបបគ្របគ្រងអាមេរិក ។ តើមានអ្វីត្រូវឆ្ងល់ទេបើមិនដែលឃើញមានសកម្មភាពហ្មឺងម៉ាត់ប្រឈមនឹងកូវិដ-១៩ ក្រៅពីសម្រែកថា ជម្ងឺរាតត្បាតជា “ព័ត៌មានក្លែងក្លាយ” Fake News និងជា “ការលេងសើច” a hoax ? ។

នៅក្នុងវេជ្ជសាស្ត្រ “ភាពសុំានឹងមេរោគឆ្លងដូចហ្វូងគោ” គឺសំដៅទៅលើការចាក់ “វ៉ាក់សាំង” ដល់មនុស្សឲ្យបានច្រើនជាទីបំផុត (ឥឡូវគេថាឲ្យបាន ៩០% ) នៅក្នុងគោលដៅបំបែកខ្សែសង្វាក់បាក់តេរីដែលចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ “វ៉ាក់សាំង” មិនមែនជាថ្នាំបំបាត់រោគរាតត្បាតទេ ។ “វ៉ាក់សាំង” ជាថ្នាំទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង ។

ថ្ងៃចន្ទទី ១៤ ធ្នូ ២០២០ ជាថ្ងៃប្រវត្តិសាស្ត្រសំខាន់ណាស់របស់សហរដ្ឋអាមេរិក ។ គឺជាថ្ងៃដែលវិទ្យាសាស្ត្រនិងអ្នកជំនាញផ្នែកជម្ងឺរោគឆ្លងអនុវត្តកម្មវិធីជាក់លាក់ (គឺផ្តើមចាក់វ៉ាក់សាំង ) ទប់ទល់នឹងរោគរាតត្បាត ។ គឺជាជ័យជំនះទៅលើអ្នកដែលយកមេរោគកូវិដ-១៩ មកធ្វើនយោបាយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

នៅព្រឹកថ្ងៃនោះនៅទីក្រុងញូវយ៉ក នាង សាន់ដ្រ៉ា លិនដ៍ស៊ី Sandra Lindsay ដែលមានដើមកំណើតនៅកោះ ហ្សាម៉ាអ៊ីក និងជាគិលានុដ្ឋាយិកាផ្នែកថែទាំប្រពលលក្ខណៈកម្រិតខ្លាំង ICU នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រជ្វីហ្វនៅតំបន់ គ្វីនស៍ Queens ជាមនុស្សទី ១ នៅអាមេរិកដែលបានទទួលវ៉ាក់សាំង Pfizer ដូសទី ១ ពីលោកស្រីវេជ្ជបណ្ឌិត ម៉ីហ្សែល ចេសស្តឿរ៍ Dr. Michelle Chester នៃសេវាកម្មសុខភាព Northwell Health ។ នាង សាន់ដ៉្រា លិនដ៍ស៊ី នឹងត្រូវបានទទួលវ៉ាក់សាំង Pfizer ដូសទី ២ នៅក្នុងរយៈពេល ២១ ថ្ងៃខាងមុខនេះទៀត ។

ខណៈដែលបុគ្គលិកថែទាំសុខភាព healthcare workers កំពុងទទួលវ៉ាក់សាំង Pfizer មានព្រឹត្តិការណ៍មួយកើតឡើង ៖ អភិបាលរដ្ឋជាង ២០ បានថ្លែងថារដ្ឋរបស់ពួកគេមិនបានទទួលដូសវ៉ាក់សំាង Pfizer គ្រប់ចំនួន ។ ព័ត៌មាននាថ្ងៃទី ១៧ ធ្នូ អំពី “ការកាត់បន្ថយចំនួនដូសវ៉ាក់សាំង” បានបង្កើតឲ្យមានការច្រួលច្របល់ជាច្រើន ។ រឿងដែលមិនត្រូវឲ្យលេចឮ បែរជាធ្វើឲ្យសាធារណៈពេបជ្រាយដល់រដ្ឋាភិបាលទៅវិញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល HHS លោក អាឡិច អេហ្សារ៍ Alex Azar ស្តីបន្ទោសក្រុមហ៊ុន Pfizer ថាបានកាត់បន្ថយចំនួនដូស ។ តែ Pfizer ឆ្លើយវិញភ្លាមថារឿងមិនដូច្នោះទេ គេបានចែកវ៉ាក់សំាងចំនួន ២ លាន ៩ សែនដូសទៅឲ្យរាល់ទីកន្លែងដែលរដ្ឋាភិបាលបានប្រាប់គេ ហើយគេនៅសល់វ៉ាក់សំាងចំនួនរាប់លានដូសទៀតនៅក្នុងឈ្លាំង រង់ចាំតែរដ្ឋាភិបាលបង្គាប់គេឲ្យធ្វើយ៉ាងដូចម្តេចទៀត ។ នៅថ្ងៃទី ១៩ ធ្នូ នាយទាហានទទួលបន្ទុកកម្មវិធី Operation Warp Speed ម្នាក់បានថ្លែងប្រាប់សន្និសីទកាសែតថាលោកជាអ្នកបានអនុវត្តផែនការដែលបង្កើតឲ្យមានការច្របូកច្របល់នោះ លោកសូមទទួលកំហុស ហើយលោកក៏បានកែកំហុសនោះរួចជាស្រេចហើយ ។

ដំណឹងល្អគឺនៅថ្ងៃទី ១៨ ធ្នូ “រដ្ឋបាលចំណីអាហារនិងឱសថ” Food and Drug Administration (FDA) បានផ្តល់ “សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្ន” Emergency Use Authorization (EUA) ដល់ក្រុមហ៊ុន Moderna ដែលនឹងបញ្ជូនវ៉ាក់សាំង Moderna ចំនួន ៥ លាន ៩ សែនដូសទៅឲ្យទីដៅជាង ៣ ពាន់ ៧ រយកន្លែងនាថ្ងៃទី ២១ ធ្នូ ។ លោករដ្ឋមន្ត្រី អេហ្សារ៍ បញ្ជាក់ថាមានវ៉ាក់សាំង Pfizer និង Moderna គ្រប់គ្រាន់សម្រាប់ចាក់ឲ្យពលរដ្ឋចំនួន ២០ លាននាក់នៅចុងឆ្នាំ ២០២០ (ក៏ប៉ុន្តែ តាមព័ត៌មាន រដ្ឋាភិបាលមិនអាចចាក់វ៉ាក់សាំងឲ្យបានទាន់ចុងឆ្នាំនេះទេ គេថាចាក់វ៉ាក់សាំងដល់មនុស្ស ២០ លានបាននៅក្នុងខែមករាដូចជាត្រូវជាង ) ។ លោកវេជ្ជបណ្ឌិត រ៉េដហ្វៀល នាយក CDC ថ្លែងថាសាធារណជននឹងអាចទទួលវ៉ាក់សំាងកូវិដ-១៩ នៅ “ចុងត្រីមាសទី ២ ឬនៅត្រីមាសទី ៣” ឆ្នាំ ២០២១ គឺខែមេសា-ឧសភា-មិថុនា (តែបើយើងកុំប្រាកដប្រជាពេកអំពីរយៈពេលនិងអំពីចំនួន ដូចជាប្រសើរជាងឬ ? )។

ទោះមានវ៉ាក់សាំងក្តី កម្មវិធីរក្សាគម្លាតពីគ្នា ចៀសវាងការប្រមូលផ្តុំ ពាក់ម៉ាស់ និងលាងដៃឲ្យបានញឹកញាប់ នៅតែជាវិធីចាំបាច់ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវិដ-១៩ ។

ព្រឹត្តិការណ៍ធំទី ២ ៖ ជាដំបូង ខ្ញុំសូមជូនបុព្វយោគស្តីអំពីប្រព័ន្ធបោះឆ្នោតប្រធានាធិបតី ។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី ៣ វិច្ឆិកា ២០២០ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតចំនួនជាង ៦៦% បានផ្តល់សន្លឹកឆ្នោតចំនួនជាង ៨១ លាន ២ សែន ឬ ៥១.៣% ដល់លោក ហ្ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យ និងជាង ៧៤ លាន ២ សែន ឬ ៤៦.៩% ដល់លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ ។

នៅក្នុងប្រព័ន្ធបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ប្រធានាធិបតីមិនត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋទេ តែដោយ “មន្ត្រីជ្រើសរើសប្រធានាធិបតី” ហៅថា Electors (ដែលជាសមាជិកស្ថាប័នហៅថា Electoral College ឬក្រុមអ្នកមានភារកិច្ចដែលចែងដោយរដ្ឋធម្មនុញ្ញឲ្យបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីនៅរាល់ពេល ៤ ឆ្នាំ ) ។ គោលដៅតែមួយរបស់ “មន្ត្រីជ្រើសរើស” ឬ Electors គឺបោះឆ្នោតជាផ្លូវការដើម្បីជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតី ។ ដើម្បីឈ្នះឆ្នោតជាប្រធានាធិបតី បេក្ខជនត្រូវទទួល “សន្លឹកឆ្នោត” ឬ ក្រដាស់បញ្ជាក់ certificates របស់មន្ត្រីជ្រើសរើស ចំនួន ២៧០ សន្លឹក ។

ស្របតាមនីតិប្បញ្ញត្តិរបស់ខ្លួន រដ្ឋនិមួយៗតែងតាំង “មន្ត្រីជ្រើសរើស” ឬ Electors ដែលមានចំនួនស្មើនឹងចំនួនព្រឹទ្ធសមាជិកនិងតំណាងរាស្ត្ររបស់ខ្លួន ។ សភាអាមេរិកមានព្រឹទ្ធសមាជិក ១០០ នាក់ និងតំណាងរាស្ត្រ ៤៣៥ នាក់ រួមទាំងអស់ ៥៣៥ នាក់ ។ វិសោធនកម្មទី ២៣ នៃរដ្ឋធម្មនុញ្ញបានផ្តល់ចំនួន “មន្ត្រីជ្រើសរើស” ឬ Electors ៣ រូប ដល់រដ្ឋធានីវ៉ាស៊ិនតោន ឌីស៊ី ។ យ៉ាងនេះចំនួន Electors ទាំងអស់មាន ៥៣៥ + ៣ = ៥៣៨ នាក់ ។

ខ្ញុំបានថតរូបភាពទី ២ នៅស្តាំដៃខាងលើចេញពីទូរទស្សន៍ MSNBC Live ។ ប្រអប់តូចនៅឆ្វេងដៃនៃរូបភាពទី ២ នោះ បង្ហាញម៉ោង ២ និង ៣១ នាទីល្ងាច (2:31PM )នៅសាក្រាម៉ាន់តូ Sacramento រដ្ឋកាលីហ្វួរន្យាដែល “មន្ត្រីជ្រើសរើស” ជួបប្រជុំនៅថ្ងៃទី ១៤ ធ្នូ ។ គឺជាម៉ោងពេលដែលមន្ត្រីជ្រើសរើសនៅរដ្ឋកាលីហ្វួរន្យាបានផ្តល់ “សន្លឹកឆ្នោត” ឬក្រដាស់បញ្ជាក់ certificates ចំនួន ៥៥ ជូនលោក បៃ ដិន ។ នៅម៉ោងនោះ ចំនួនសន្លឹកឆ្នោតជ្រើសរើសលោក បៃ ដិន electoral votes បានឡើងលើសពី ២៧០ សន្លឹក គឺម៉ោងពេល Electoral College បានផ្តល់សន្លឹកឆ្នោតលើស ២៧០ សន្លឹក ជា “ប្រធានាធិបតីជាប់ឆ្នោត” ឬ President-Elect ។

ក៏ប៉ុន្តែរឿងបោះឆ្នោតនៅមិនទាន់ចប់ត្រឹមនោះទេ ។ មាត្រាទី ២ ផ្នែកទី ១ នៃរដ្ឋធម្មនុញ្ញចែងថា “ប្រធានព្រឹទ្ធសភាត្រូវបើក (ស្រោមសំបុត្រ ) និងរាប់ចំនួនក្រដាស់ថ្លែងបញ្ជាក់ (certificates ឬ “សន្លឹកឆ្នោត” ) លទ្ធផលនៃការបោះឆ្នោតជ្រើសរើសនៅចំពោះមុខសមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រទាំងអស់” ។

ដូច្នេះ នៅថ្ងៃទី ៦ មករា ឆ្នាំ ២០២១ ព្រឹទ្ធសមាជិក Senators និងតំណាងរាស្ត្រ Representatives នឹងជួបប្រជុំគ្នានៅសភាអាមេរិកដើម្បីពិនិត្យនិងរាប់ចំនួនសន្លឹកឆ្នោត (គឺក្រដាស់ថ្លែងបញ្ជាក់ certificates ) របស់មន្ត្រីជ្រើសរើស Electors ។ នៅក្នុងដំណើរការនេះ “អ្នកតំណាង” ព្រឹទ្ធសមាជិកនិងតំណាងរាស្ត្រហៅថា “tellers” ដកក្រដាស់បញ្ជាក់ certificates (ឬ “សន្លឹកឆ្នោត” ) ចេញពីស្រោមសំបុត្រម្តងមួយៗមកពិនិត្យថាជាក្រដាស់ត្រឹមត្រូវឥតក្លែងក្លាយ ។ អ្នកតំណាងអាននិងរាប់ក្រដាស់បញ្ជាក់ certificates ឬ “សន្លឹកឆ្នោត” របស់ Electors ជាផ្លូវការ ។ រួចគេប្រគល់ក្រដាស់បញ្ជាក់ទាំងនោះទៅជូនប្រធានព្រឹទ្ធសភា គឺលោក ម៉ែក ផឹនស៍ អនុប្រធានាធិបតីរបស់លោក ត្រាំ ឲ្យត្រួតពិនិត្យនិងអនុម័ត ។ ភារៈលោក ម៉ែក ផឹនស៍ គឺអានក្រដាស់បញ្ជាក់និងចំនួនសន្លឹកឆ្នោតរបស់ Electoral College ដែលអ្នកតំណាងផ្តល់មកលោក ។

គួរកត់សម្គាល់ថា ជាទម្លាប់ពិធីជួបជុំនៅសភាអាមេរិកនាថ្ងៃទី ៦ មករា ជាពិធីសាមញ្ញមួយដើម្បីពិនិត្យនិងរាប់បញ្ជាក់ជាផ្លូវការអំពីភាពត្រឹមត្រូវនៃក្រដាស់បញ្ជាក់ certificates ឬ “សន្លឹកឆ្នោត” របស់ស្ថាប័ន Electoral College តែប៉ុណ្ណោះ ។ ប៉ុន្តែ ឆ្នាំ ២០២០ មិនមែនជាឆ្នាំធម្មតា ។ គឺជាឆ្នាំដែលលោក ត្រាំ និងអ្នកគាំទ្រលោកបានគំរាមកំហែងថានឹងកែប្រែពិធីសាមញ្ញនិងធម្មតាឲ្យទៅជាការប្រយុទ្ធរញ៉េរញ៉ៃចុងក្រោយនៅក្នុងការជំទាស់នឹងលទ្ធផលសន្លឹកឆ្នោតចំនួន ៣០៦ ដល់លោក បៃ ដិន ទល់នឹង ២៣២ ដល់លោក ត្រាំ ។

ការជំទាស់នឹងលទ្ធផលនៃ Electoral College អាចធ្វើបាននៅថ្ងៃទី ៦ មករា ដោយតំណាងរាស្ត្រម្នាក់រួមនិងព្រឹទ្ធសមាជិកម្នាក់ ។ ក្នុងករណីនេះ សភាត្រូវបញ្ឈប់ការប្រជុំ ហើយព្រឹទ្ធសមាជិកនិងតំណាងរាស្ត្រត្រូវវិលទៅកាន់ទីកន្លែងរបស់គេរៀងខ្លួនដើម្បីពិគ្រោះគ្នាចំនួន រយៈពេល ២ ម៉ោង អំពីការជំទាស់នោះ ។ បន្ទាប់មក សភាទាំងពីរត្រូវបោះឆ្នោតរួមគ្នាសម្រេចថាតើត្រូវធ្វើតាមការជំទាស់ឬទេ ។

រហូតមកដល់ថ្ងៃខ្ញុំនិពន្ធអត្ថបទនេះ មានតំណាងរាស្ត្រនិងព្រឹទ្ធសមាជិកដែលជាអ្នកគាំទ្រលោក ត្រាំ បានឲ្យដឹងថាគេនឹងធ្វើការជំទាស់នឹង “សន្លឹកឆ្នោត” របស់ស្ថាប័ន Electoral College ។

ប៉ុន្តែមេដឹកនាំព្រឹទ្ធសមាជិកចំនួនច្រើនគឺលោក ម៉ីច ម៉ាក់ខនណិល Mitch McConnell នៃគណបក្សសាធារណរដ្ឋយល់ឃើញថាការជំទាស់នឹងលទ្ធផលសន្លឹកឆ្នោត Electoral College នាថ្ងៃទី ៦ មករា នឹងធ្វើឲ្យខូចខាតប្រយោជន៍របស់គណបក្សសាធារណរដ្ឋ (GOP) ។ នាថ្ងៃទី ១៥ ធ្នូ លោក ម៉ាក់ខនណិលបានថ្លែងសុន្ទរកថានៅព្រឹទ្ធសភាអបអរសាទរនឹងលោក បៃ ដិន និងលោកស្រី កាម៉ាឡា ហារីស ជាប្រធានាធិបតីជាប់ឆ្នោត President-Elect និងជាអនុប្រធានាធិបតីជាប់ឆ្នោត Vice President-Elect — សុន្ទរកថាដែលធ្វើឲ្យលោក ត្រាំ មិនសប្បាយចិត្ត ។ លោក ម៉ាក់ខនណិលបានហាមព្រឹទ្ធសមាជិកចូលរួមជាមួយលោក ត្រាំ វាយប្រហារទៅលើលទ្ធផលសន្លឹកឆ្នោត Electoral College ។

លោកប្រធានាធិបតី ត្រាំ បានថ្លែងជាឧឡារិករហូតមកដល់សព្វថ្ងៃថាលោកមិនបារាជ័យនៅក្នុងការបោះឆ្នោតទេ ។ លោកចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបានប្លន់យកជ័យជំនះក្នុងការបោះឆ្នោតពីលោក ថាការបោះឆ្នោតជាការគៃបន្លំ ។ នៅក្នុងគោលដៅលប់ចោលលទ្ធផលនៃការបោះឆ្នោត លោក ត្រាំ និងអ្នកគាំទ្រលោក បានដាក់ពាក្យបណ្តឹងជាង ៥០ ដល់តុលាការតវ៉ាអំពីដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងដំណើរការវិញ្ញាបនប័ត្របោះឆ្នោតនៅក្នុងរដ្ឋនានា ។ តែបណ្តឹងស្ទើរតែទាំងអស់ត្រូវបានតុលាកាច្រានចេញមកវិញឬត្រូវបានបោះបង់ចោលដោយសារខ្វះភ័ស្តុតាង ។ នៅស្រុក ម៉ីលវ៉គឺ រដ្ឋវ៉ីសកនស៊ិន (Milwaukee, Wisconsin) លោក ត្រាំ ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ហើយលោកបានចំណាយប្រាក់ ៣ លានដុល្លារដើម្បីរាប់សន្លឹកឆ្នោត ៤ សែន ៥ ម៉ឺន ។ លទ្ធផលគឺបែរជាឃើញលោក បៃ ដិន ចំណេញសន្លឹកឆ្នោត ១៣២ សន្លឹកទៅវិញ ។ ចៅក្រម មេធាវី និង អ្នកសង្កេតការណ៍បានពណ៌នាបណ្តឹងនានារបស់លោក ត្រាំ និងអ្នកគាំទ្រថា “ឥតខ្លឹមសារ” frivolous និង “គ្មានគុណសម្បត្តិ” without merit ។ តុលាការកំពូលសហរដ្ឋអាមេរិកដែលមានចៅក្រមភាគច្រើនជាចៅក្រមមកពីគណបក្សសាធារណរដ្ឋ ក៏បានច្រានចេញនូវបណ្តឹងរបស់រដ្ឋតិចសាស់ដែលជម្រុញដោយលោក ត្រាំ ក្នុងគោលដៅលប់ចោលលទ្ធផលនៃការបោះឆ្នោតរបស់រដ្ឋមួយចំនួន ថាជាបណ្តឹងដែល “គ្មានជំហរស្របច្បាប់” ។

ទោះម្តេចក្តី នៅថ្ងៃទី ១៩ ដែលខ្ញុំនៅនិពន្ធអត្ថបទសម្រាប់ថ្ងៃនេះ លោកប្រធានាធិបតី ត្រាំ បានអំពាវនាវដល់អ្នកគាំទ្រលោកឲ្យបញ្ចេញខ្លួនប្រមូលផ្តុំធ្វើបាតុកម្មមានភាពកាចសាហាវមួយនៅទីក្រុងវ៉ាស៊ិនតោនដើម្បីបំបែកពិធីប្រជុំនៅសភាអាមេរិកនាថ្ងៃទី ៦ មករា ។

នៅថ្ងៃទី ១៨ កាសែតនិងទូរទស្សន៍បានផ្សព្វផ្សាយដំណឹងថាមានការឈ្លោះប្រកែកស្រែកដាក់គ្នានៅសេតវិមានរវាងជំនួយការប្រធានាធិបតីនៅជុំវិញរឿងលប់ចោលលទ្ធផលនៃការបោះឆ្នោត ការប្រកាសច្បាប់អាជ្ញាសឹក ការតែងតាំងទីប្រឹក្សាពិសេសដើម្បីស៊ើបអង្កេតការចោទប្រកាន់អំពីការគៃបន្លំសន្លឹកឆ្នាត ។ តាមព័ត៌មាន លោក ត្រាំ បានហៅលោក ម៉ែក ហ្វ្លិន Mike Flynn លោកស្រី ស៊ីដនីយ៍ ផៅវិល Sidney Powell និងលោក រូឌី ហ្ជូលីយ៉ានី Rudy Giulliani ឲ្យមកប្រជុំនៅសេតវិមាននៅថ្ងៃទី ១៨ ធ្នូ ។ លោក ហ្វ្លិន អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ បានថ្លែងប្រាប់បណ្តាញទូរទស្សន៍ ញូស៍ម៉ាក់ស៍ Newsmax ថាលោក ត្រាំ ត្រូវតែ “ព្យួររដ្ឋធម្មនុញ្ញ ប្រកាសច្បាប់អាជ្ញាសឹក និងប្រើយោធាដើម្បីរៀបចំការបោះឆ្នោតជាតិជាថ្មីឡើងវិញ” ។ ដំណឹងស្តីពីការប្រកាស់ច្បាប់អាជ្ញាសឹកនិងប្រើយោធាឲ្យរៀបចំបោះឆ្នោតជាតិឡើងវិញបានជម្រុញមន្ត្រីកងទ័ពជើងគោក លោក រ៉ាយ៉ាន់ ម៉ាក់ការ៍ស៊ី Ryan McCarthy និងមេសេនាធិការកងទ័ព លោក ឧត្តមសេនីយ៍ ហ្ចេមស៍ ម៉ាក់ខនវីល Gen. James McConville ឲ្យចេញសេចក្តីថ្លែងការណ៍រួមមួយថា “យោធាសហរដ្ឋអាមរិកគ្មានតួនាទីអ្វីឡើយនៅក្នុងការសម្រេចលទ្ធផលការបោះឆ្នោតអាមេរិក” ។

រឿងការបោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០ នៅមានវែងនៅឡើយ ទម្រាំដល់ពេលធ្វើពិធីសម្ពោធន៍ប្រធានាធិបតីនាថ្ងៃទី ២០ មករា ២០២១ ។ ខណៈពិធីសម្ពោធន៍លោក បៃ ដិន និងលោកស្រី កាម៉ាឡា ហារីស គ្រោងធ្វើឡើងនៅថ្ងៃនោះ ក្រុមអ្នកគាំទ្រលោក ត្រាំ បានថ្លែងថាពួកគេរៀបចំពិធីនិម្មិតតាមហ្វេសប៊ុកហៅ “ពិធីសម្ពោធន៍លើកទី ២ របស់លោក ដូណាល់ ហ្ចេ ត្រាំ” ដោយមានមនុស្សជាង ៣ សែននាក់ចូលរួមតាមបណ្តាញអ៊ិនធឺណិតនៅថ្ងៃទី ២០ មករា ដែរ ។

ទោះយ៉ាងណាក្តី ថ្ងៃទី ១៤ ធ្នូ ២០២០ ជាថ្ងៃប្រវត្តិសាស្ត្រសំខាន់ណាស់របស់សហរដ្ឋអាមេរិក ។ គឺជាថ្ងៃដែលបានកត់ត្រាថា នៅក្នុងការប្រឈមនឹងការលំបាកក្រៃលែងដោយការរំលោភអំណាចរបស់របបគ្របគ្រង គឺ “នីតិរដ្ឋ” the rule of law “រដ្ឋធម្មនុញ្ញ” the constitution និង “ឆន្ទៈប្រជាពលរដ្ឋ” the will of the people ដែលបានទទួលជោគជ័យតាមរយៈការបោះឆ្នោតរបស់ Electors គឺអ្នកជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីនៃស្ថាប័ន Electoral College ចែងដោយរដ្ឋធម្មនុញ្ញអាមេរិក ។

ខ្ញុំសូមបញ្ចប់អត្ថបទនេះដោយជូនពរដល់លោកអ្នកនាងដែលអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំឲ្យបានជួបតែនឹងសេចក្តីសុខចម្រើនគ្រប់បែបយ៉ាង ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកនាងឲ្យជឿថាគំនិតត្រិះរិះស៊ីជម្រៅនិងច្នៃប្រឌិតនឹងណែនាំលោកអ្នកនាងឲ្យជួយកម្ពុជាយើងឲ្យដើរឆ្ពោះទៅកាន់អនាគតរុងរឿងបាន ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។