មិនទាន់ចប់ទេ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩

“អ័ព្ទនៃសង្គ្រាម” ដែលឧត្តមសេនីយ៍ទោជាតិព្រុស្ស៊ី លោក ខារ៍ល វ៉ន ក្លោសឺវិតស៍ Carl von Clausewitz ហៅជាភាសាអាល្លឺម៉ង់នៅក្នុងសតវត្សទី១៩ ថា ណេបែល ដេស ហ្គ្រីហ្គឺស Nebel des Krieges រួមជាមួយនឹងកត្តារំខាននានា (សូមអានអត្ថបទខ្ញុំក្រោមចំណងជើងថា “អថិរអន្តរាគមន៍” ចុះថ្ងៃទី ៥ ខែកញ្ញា ២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” )បានរំលឹកខ្ញុំឲ្យចៀសវាងការវិនិច្ឆ័យមុនកាលៈទេសៈក្នុងការប្រកាសបញ្ចប់រឿងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។ នៅក្នុងជីវិតគ្មានដែលមិនប្រែប្រួលឡើយ ។ នៅក្នុងនយោបាយក៏មិនមានអ្វីដែលទៀងទាត់ដែរ ។

ថ្ងៃទី ៩ ខែ វិច្ឆិកា ២០១៩ ជាថ្ងៃដែលខ្មែរនៅក្នុងប្រទេសនិងនៅក្រៅប្រទេសហើយនិងមនុស្សក្នុងលោកដែលចាប់អារម្មណ៍អំពីបញ្ហាកម្ពុជាបានទប់ដង្ហើមរង់ចាំមើលការវិវត្តន៍នៃព្រឹត្តិការណ៍មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មេគណបក្សសង្គ្រោះជាតិដែលបានប្រកាសជាឧឡារិកតាំងពីខែសីហានៅប្រទេសអូស្ត្រាលីថា ថ្ងៃទី៩ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រកម្ពុជា ។ ជាថ្ងៃដែលលោកនឹងដឹកនាំពលករចំណាកស្រុកកម្ពុជារាប់លាននាក់ពីបរទេសចូលទៅកម្ពុជានៅក្នុង “ចលនាពលរដ្ឋ” a people movement មួយដែលប្រើ “អំណាចពលរដ្ឋ” people power ប្រឆំាងនិងចាប់ជនផ្តាច់ការ ហ៊ុន សែន មកកាត់ទោស ។

រឿងដែលត្រូវចងចាំគឺថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិគ្មានទ័ពគ្មានអាវុធនៅក្នុងការតស៊ូនេះឡើយ ។ ពួកគេមានតែបាតដៃទទេនិងប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់ពាក់កណ្តាលនគរដែលមានភ្នែកមានត្រចៀកនិងម្នាក់ៗមានខួរក្បាលមួយគីឡូក្រាមដូចគ្នា ។ ទាំងអស់នេះគឺជា “កម្លាំងពល” របស់ខ្មែរដែលស្អប់អំណាចផ្តាច់ការ ។ ខ្មែរទាំងអស់គួរយល់ដឹងដែរថា លោក ហ៊ុន សែន ក្តាប់អំណាចរដ្ឋទំាងអស់គឺ ធ្វើជាប៉ូលីសចាប់ចងផង ធ្វើជាអ្នកបង្កើតច្បាប់ចាប់ចងផង និងជាចៅក្រមកាត់សេចក្តីផង ។ តែជនផ្តាច់ការរូបនេះភ័យស្លន់ខ្លាច “ចលនាពលរដ្ឋ” ប្រើ “អំណាចពលរដ្ឋ” មកចាប់យកទៅថ្កោលទោសក៏ខំពង្រាយកងទ័ពគ្រប់ទិសទី ខំស្រែកដង្ហោយហៅរដ្ឋាភិបាលជិតឆ្ងាយឲ្យគេជួយផង ព្រមទាំងសុំនាយករដ្ឋមន្ត្រីថៃធ្វើអន្តរាគមកុំឲ្យយន្តហោះថៃដឹកលោក សម រង្សី និងសហការីមកកាន់ទីក្រុងបាងកកដែលស្ថិតនៅមិនឆ្ងាយពីព្រំដែនកម្ពុជាប៉ុន្មានឡើយ ។

នៅថ្ងៃទី៧វិច្ឆិកាដែលលោក សម រង្ស៊ី បានត្រូវក្រុមអាកាសយាន្ត Thai Airways បដិសេធឡើងជើងយន្តហោះពីប៉ារីសទៅកាន់ទីក្រុងបាងកក អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថាអាជ្ញាធរហ៊ុនសែនបានចាប់ឃុំឃាំងសកម្មជនគណបក្សសង្គ្រោះជាតិដែលគេសង្ស័យចំនួន៩២នាក់និងសកម្មជនផ្សេងទៀតពីបទចូលរួមផែនការរំលំរដ្ឋាភិបាលភ្នំពេញ ។ លោក សេបាស់ចៀន ស្ត្រាង់ហ្គីយោ Sebastian Strangio អ្នកនិពន្ធសៀវភៅ “ប្រទេសកម្ពុជារបស់ហ៊ុនសែន” បានមានប្រសាសន៍ថា “ពិតណាស់ថាគណបក្សប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំងហើយ . . . ព្រួយបារម្ភខ្លាចព្រឹត្តិការណ៍ដែលបានកើតឡើងមុនពេលបោះឆ្នោតឆ្នាំ២០១៣ ខណៈដែលលោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្ររាប់សែននាក់មកទទួលលោកពេលលោកវិលមកកម្ពុជាវិញ . . . ខ្លាចរដ្ឋាភិបាលអាមេរិកនិងបស្ចឹមប្រទេសប្រើស្នៀត វ៉េណេហ្ស៊ូអេឡាបោះការគាំទ្ររបស់ខ្លួនពីក្រោយក្រុមប្រឆាំងក្នុងករណីមានការបះបោរមានទ្រង់ទ្រាយធំ” ។ មើលចុះ សូម្បីតែសាច់ញាតិនិងសហការីរបស់សម្តេចអគ្គមហាសេនាបតីក៏បានស្វះស្វែងទិញដីទិញផ្ទះទិញលិខិតឆ្លងដែនពីប្រទេសស៊ីប Cyprus ដែលជាកោះធំមួយស្ថិតនៅខាងកើត សមុទ្រមេឌីទែរ៉ាណេ ។  (សូម Google និងអានរបាយការណ៍ពិសេសរបស់ទីភ្នាក់ងារកាសែត រ៉យទ័រស៍ Reuters ក្រោមចំណងជើងថា “How relatives and allies of Cambodia’s leader amassed wealth overseas” ) ។

គឺជាសំណាងល្អរបស់លោក ហ៊ុន សែន និងជាអកុសលរបស់ខ្មែរប្រឆាំងនឹងរបបផ្តាច់ការដែលនៅថ្ងៃទី៩វិច្ឆិកាកន្លងទៅនេះ លោក សម រង្ស៊ី មិនបានសម្រេចបំណងទៅកាន់ទីក្រុងបាងកកតែបានទៅទីក្រុងកូឡាឡុមពួរប្រទេសម៉ាឡេស៊ីដែលស្ថិតនៅខាងត្បូងទីក្រុងបាងកកនៅថ្ងៃទី៩វិច្ឆិកានោះ ។

ខ្ញុំធ្លាប់បានសរសេរម្តងហើយម្តងទៀតអំពីលោក សម រង្ស៊ី មាត់រអិលនិងនិយមវោហារសាស្ត្រដែលមិនមែនជាគុណសម្បត្តិសម្រាប់មេដឹកនាំខ្មែរ ។ អ្នកដែលធ្លាប់ធ្វើការជិតស្និទ្ធជាមួយលោកបានអះអាងប្រាប់ខ្ញុំថាលោកមិនសូវស្តាប់និងពិគ្រោះជាមួយអ្នកដទៃទេ ។ ខ្ញុំឃើញលោកហាក់ដូចជាលំអៀងច្រើនទៅលើការវាយតម្លៃឲ្យខ្លួនឯងខ្ពស់និងអ្នកផ្សេងទាបជាងការគួរ ។ អារម្មណ៍ខ្ញុំមិនស្ងប់ស្ងៀមនៅពេលលោកនិយាយអំពី “ការសន្ទនា” ព្រោះលោកធ្លាប់លោតទាំងភ្នែនទៅចូលភ្លើងការសន្ទនាជាមួយលោក ហ៊ុន សែន ។ ប្រហែលជាដូច្នេះហើយមើលទៅ បានជាសកម្មភាពខ្លះរបស់លោកធ្វើឡើងហាក់ដូចជាគ្មានយុទ្ធសាស្ត្រនិងកលយុទ្ធជាក់លាក់ ។

យ៉ាងណាក៏ដោយ ទោះបីជាចូលចិត្តឬមិនចូលចិត្តយុទ្ធសាស្ត្ររបស់លោកក្តី ការពិតដែលមិនអាចប្រកែកបានគឺនៅក្នុងពេលនេះ ទេសកាលនេះ លោក សម រង្ស៊ី គឺជាមេដឹកនាំខ្មែរប្រឆាំងតែម្នាក់គត់នៅលើឆាកអន្តរជាតិដែលបរទេសគេទទួលស្គាល់ថាជាកម្លាំងខ្មែរមួយដែលគេមិនអាចមើលរំលង ។

នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា “ឱ កាមីលីយ៉ន់” O Chameleon ចុះថ្ងៃទី២៧កញ្ញាដូចមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ខ្ញុំបានលើកយកពាក្យស្លោក “Lead, Follow, or Get Out of the Way” ឬ “ដឹកនាំ ដើរតាម ឬកុំឈរពាំងផ្លូវ” ហើយនិងពាក្យស្លោកខ្មែរមួយដែលចែងថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក” ។ ខ្ញុំក៏បានរំលឹកដែរអំពីការព្រមានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា Garment Manufacturers Association in Cambodia ឬGMAC ថា ការដកសិទ្ធពាណិជ្ជកម្មកម្ពុជាដោយសហភាពអឺរ៉ុបនៅក្នុងគម្រោង អ៊ីប៊ីអេ EBA ឬ Everything But Arms នឹងបង្កគ្រោះថ្នាក់ដល់កម្មករកម្ពុជាចំនួន ៧ សែនកន្លះនាក់ និងគ្រួសារខ្មែរចំនួនជិត ៤ លានគ្រួសារ ។ សហភាពអឺរ៉ុបគេនឹងធ្វើការសម្រេចនៅថ្ងៃស្អែកៗនេះហើយ ។ តើលោកអ្នកអាននិងអ្នកស្តាប់ការផ្សាយអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សឬគ្រួសារដែលប្រឈមគ្រោះថ្នាក់នេះដែរឬទេ ?

ខ្ញុំសូមសរសេរជាថ្មីអំពីខ្មែរដែលសុខចិត្តបំរើជនផ្តាច់ការដែលសហគមន៍អន្តរជាតិបានចោទប្រកាន់និងផ្តន្ទាទោសអំពីបទជាន់ឈ្លីសិទ្ធិសេរីភាពនិងយុត្តិធម៌ តើខ្មែរទាំងនោះមានមនសិការយល់ដឹងដែរឬទេថា ដែលខ្លួនសុខចិត្តនៅបំរើជនផ្តាច់ការនេះគឺខ្លួនបានសម្រេចចិត្តធ្វើជាមនុស្សដែលកាលពីសម័យសង្គ្រាមលោកលើកទី២ គេហៅថាជា “ពេជ្ឈឃាតស្ម័គ្រចិត្ត” ។ សម័យនោះ ពួកណាត់ស៊ីអាល្លឺម៉ង់ដែលដឹកនាំដោយ អាដុលហ្វ៍ ហ៊ីតត្លើរ៍ Adolph Hitler បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ លាននាក់ និងបានសម្លាប់រង្គាលប្រជាពលរដ្ឋអម្បូរ យូដា ប្រមាណជាប្រាំមួយលាននាក់ ។

ខ្ញុំសូមបញ្ចប់អត្ថបទនៅថ្ងៃនេះដោយជូននូវពាក្យពេជន៍របស់លោក សម រង្ស៊ី ថា “ជោគវាសនារបស់មេដឹកនាំនយោបាយកម្ពុជាមានតែបីទេ ៖ ឬមួយត្រូវបានគេសម្លាប់ចោល ឬមួយត្រូវបានគេចាប់ខ្លួននិងដាក់គុក ឬមួយត្រូវបានគេបង្ខំឲ្យនិរទេសខ្លួន” ។ លោកបានថ្លែងថានៅគ្រានេះវាហួសពីគ្រប់គ្រាន់ណាស់ទៅហើយ ។ ហើយជីវិតលោកក៏មិននៅមានពេលវែងឆ្ងាយទៅមុខទៀតដែរ ។ ថ្ងៃទី៩វិច្ឆិកាមិនមែនជាថ្ងៃចុងក្រោយនៃការតស៊ូនោះទេ “ជាការពិតណាស់ថាខ្ញុំនឹងត្រឡប់ទៅផ្ទះខ្ញុំវិញ វាជាសិទ្ធិរបស់ខ្ញុំ ហើយវាក៏ជាកាតព្វកិច្ចរបស់ខ្ញុំដែរ” ។ សូមអញ្ជើញលោកអ្នករង់ចាំអត្ថបទខ្ញុំលើកក្រោយទៀត ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com