មានចម្លើយអ្វីដល់ពលរដ្ឋដែលធ្វើពលិកម្ម

មានចម្លើយអ្វីដល់ពលរដ្ឋដែលធ្វើពលិកម្ម ?

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

បច្ចុប្បន្ន រដ្ឋាភិបាលលោកហ៊ុនសែនកំពុងប្រើយុទ្ធសាស្ត្រវាយប្រហារតាមផ្លូវច្បាប់ទៅលើពលរដ្ឋខ្មែរដែលប្រឆំាងនឹងរបបគ្របគ្រងផ្តាច់ការរបស់លោក ។ ចាប់ពីពេលអតីតមេបញ្ជាការខ្មែរក្រហមរូបនេះបានត្រូវកងទ័ពយួនបន្តុបជានាយករដ្ឋមន្ត្រីនាឆ្នាំ ១៩៨៥ មកលោកវង្វេងនឹងអំណាចហើយព្យាយាមរក្សានិងពង្រីកអំណាចត្រួតត្រាប្រទេស ។

លោកហ៊ុនសែនបានទទួលបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ នៅក្រោមការរៀបចំនិងត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ ។ នៅគ្រានោះលោកគំរាមកំហែងថានឹងបន្ត សង្គ្រាមបើមិនឲ្យលោកកាន់អំណាចនាយករដ្ឋមន្ត្រី ។ សម្តេច សីហនុ ដែលជាប្រមុខរដ្ឋ ទ្រង់ស្នើបង្កើតមុខតំណែងនាយករដ្ឋមន្ត្រីទី ២ ជូនទៅលោក ។ តែដោយលោកហ៊ុនសែនជាមនុស្សល្មោភអំណាច នៅឆ្នាំ ១៩៩៧ លោកប្រើកងទ័ពធ្វើរដ្ឋប្រហារដេញនាយករដ្ឋមន្ត្រីស្របច្បាប់ចេញពីតំណែងទៅ ។

លោកហ៊ុនសែនដឹងច្បាស់ថាពលរដ្ឋខ្មែរមិនចូលចិត្តនឹងរបបគ្របគ្រងរបស់លោកទេ ។ ឧទាហរណ៍ជាក់ស្តែងគឺទោះបីលោកនៅកាន់ក្តោបអំណាចយ៉ាងណែនក្តីក៏នៅក្នុងការបោះឆ្នោតសកលថ្ងៃទី ២៨ កក្កដា ២០១៣ ពលរដ្ឋខ្មែរបានបោះឆ្នោតកាត់បន្ថយអាសនៈរបស់គណបក្សប្រជាជនឲ្យចុះពីចំនួន ៩០ មក ៦៨ ហើយបន្ថែមអាសនៈចំនួន ២៦ ដល់គណបក្សសង្គ្រោះជាតិ គឺតម្លើងចំនួនអាសនៈពី ២៩ ដល់ ៥៥ ។

ចាប់ពីឆ្នាំ ២០១៣ មក លោកហ៊ុនសែនជឿជាក់ថាមានតែគណបក្សសង្គ្រោះជាតិតែមួយទេដែលមានប្រជាប្រិយនិងប្រសិទ្ធភាពដណ្តើមសន្លឹកឆ្នោតពីពលរដ្ឋខ្មែរដើម្បីគ្របគ្រងប្រទេសស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានិងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ។ លោកក៏អនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្របំភិតបំភ័យ គំរាមកំហែង បំបែកបំបាក់ ចោទប្រកាន់ បំបាត់ខ្លួនខ្មែរជំទាស់ ។ល។

នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣ កញ្ញា ២០១៧ ប៉ូលីសលោកហ៊ុនសែនមួយក្រុមបានចូលទៅក្នុងផ្ទះលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយចាប់លោកដាក់ខ្នោះ បណ្តើរយកទៅឃុំឃាំងដោយចោទប្រកាន់លោកអំពីបទ “ក្បត់ជាតិនិងចារកម្ម” ឃុបឃិតជាមួយរដ្ឋាភិបាលអាមេរិកដើម្បីរំលំរដ្ឋាភិបាលភ្នំពេញ ។ តាមការចោទប្រកាន់នេះ លោក កឹម សុខា ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ ។

លោក កឹម សុខា ជាប់ឃុំឃាំងរហូតដល់ថ្ងៃទី ១៥ មករា ២០២០ ទើបតុលាការក្រុងភ្នំពេញបើកការជំនុំជម្រះ ។ ក៏ប៉ុន្តែនៅថ្ងៃទី ២៤ មីនា ២០២០ ឆ្នាំ តុលាការបញ្ឈប់ការជំនុំជម្រះក្តី ដោយយកលេសថាចៀសវាងការរាលដាលមេរោគឆ្លង កូវិដ-១៩ ។

បីខែក្រោយមក នៅខែ មិថុនា ២០២០ មេធាវីរបស់លោក កឹម សុខា ស្នើសុំតុលាការឲ្យបើកការជំនុំជម្រះក្តីឡើងវិញពីព្រោះនីតិរដ្ឋមិនអនុញ្ញាតឲ្យចាប់ឃុំឃាំងពលរដ្ឋដោយឥតមានការជំនុំជម្រះកាត់ទោសនោះទេ ។ តែតុលាការក្រុងភ្នំពេញបដិសេធសំណើនោះ ។ ពីពេលនោះមក តុលាការមិនបានឲ្យដឹងថាតើនឹងបើកការជំនុំជម្រះក្តីឡើងវិញនៅពេលណាឡើយ ។ យ៉ាងនេះ លោក កឹម សុខា ជាពលរដ្ឋខ្មែរម្នាក់ជាប់ឃុំឃាំងដោយឥតមានការជំនុំជម្រះកាត់ក្តី ។

នៅថ្ងៃទី ៥ ខែ តុលា ២០២០ មេធាវីលោក កឹម សុខា បានស្នើតុលាការជាលើកទី ២ សុំឲ្យបើកការជំនុំជម្រះក្តីលោក កឹម សុខា ពីព្រោះថាគ្រោះថ្នាក់នៃមេរោគកូវិដ-១៩ មិនបានធ្វើឲ្យតុលាការក្រុងភ្នំពេញឈប់ផ្អាកការជំនុំជម្រះក្តីឯទៀតៗដែរ ។ លោក កឹម សុខា នៅរក្សាជំហរដដែលថាលោកគ្មានកំហុស ។ រដ្ឋាភិបាលអាមេរិកក៏នៅប្រកាន់ជំហរថាអាមេរិកឥតមានលូកលាន់រករំលំរដ្ឋាភិបាលដូចភ្នំពេញបានចោទប្រកាន់ដែរ ។ មតិនៅក្នុងកម្ពុជានិងនៅក្នុងសហគមន៍អន្តរជាតិបញ្ចេញនូវការមិនពេញចិត្តនឹងរដ្ឋាភិបាលភ្នំពេញដែលឃុំឃំាងពលរដ្ឋដោយឥតមានការជំនុំជម្រះថាជាការរំលោភសិទ្ធិមនុស្ស ។ មតិទួទៅយល់ថាការចោទប្រកាន់លោក កឹម សុខា គឺជាការប្រឌិតដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ រដ្ឋាភិបាល ហើយការមិនព្រមជំនុំជម្រះក្តីលោក កឹម សុខា គឺព្យាយាមបំបែកបំបាក់ឯកភាពរវាងលោក កឹម សុខា និង លោក សម រង្ស៊ី ព្រោះលោកហ៊ុនសែនខ្លាចចាញ់ក្នុងការបោះឆ្នោត ។

នៅថ្ងៃទី ៥ តុលា ២០២០ កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយព័ត៌មានស្តីពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកម្ពុជានាខែសីហាមុននេះថាករណីជំនុំជម្រះក្តីលោក កឹម សុខា អាចនឹងត្រូវបន្តរហូតដល់ក្រោយពេលបោះឆ្នោតឆ្នាំ ២០២៣ ពោលគឺអាចពន្យារពេលរហូតដល់ឆ្នាំ ២០២៤ ឯណោះ ។ យ៉ាងនេះ តុលាការក្រុងភ្នំពេញមិនមែនជាស្ថាប័នឯករាជ្យទេ គឺជំហរលោកនាយករដ្ឋមន្ត្រីដែលជានីតិមាត់គ្របគ្រងកម្ពុជា ។

ម្ភៃប្រាំបីថ្ងៃក្រោយមកគឺនាថ្ងៃទី ៣ ខែវិច្ឆិកា រាជអាជ្ញារងតុលាការក្រុងភ្នំពេញបានបិទដីកាកោះហៅមួយនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ។ ដីកានោះកោះហៅមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១៣ នាក់ — មានលោក សម រង្សីនិងភរិយា ព្រមទាំងអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស — និងសមាជិកគណបក្ស ៤៦ នាក់ទៀតដែលនៅនិរទេសខ្លួនឯបរទេសឲ្យមកបង្ហាញខ្លួននៅមុខតុលាការក្រុងភ្នំពេញនៅចុងខែវិច្ឆិកា ២០២០ អំពីបទចោទប្រកាន់ថា “ក្បត់ជាតិនិងញុះញង់” ។

ស្របនឹងយុទ្ធសាស្ត្រកាន់ក្តោបអំណាច នៅពេលពីរខែក្រោយពេលប៉ូលីសហ៊ុនសែនចាប់លោក កឹម សុខា ទៅឃុំឃាំង លោកហ៊ុនសែនបញ្ជាតុលាការកំពូលដែលមានសមាជិកគណកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនម្នាក់ជាចៅក្រម ឲ្យរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ និងដាក់បម្រាមសមាជិកគណក្សសង្គ្រោះជាតិចំនួន ១១៨ នាក់ធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ។ គឺព្រឹត្តិការណ៍ទាំងនេះដែលជម្រុញឥស្សរជនមានឈ្មោះនៅក្នុងដីកាកោះហៅឲ្យនិរទេសខ្លួនទៅរស់នៅបរទេសទម្រាំដល់ឱកាសវិលចូលកម្ពុជាវិញ ។ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ គឺជាថ្ងៃដែលខ្មែរនិរទេសទាំងនោះគ្រោងចូលកម្ពុជា ។ តែមាតុភូមិនិវត្តន៍មិនបានជោគជ័យ ។

ខ្ញុំបានសរសេរជាច្រើនអំពីមាតុភូមិនិវត្តន៍ និងបរាជ័យនៃមាតុភូមិនិវត្តន៍នោះ ។ ខ្ញុំបានកំណត់ជាមូលហេតុនៃបរាជ័យគឺគំនិតមិនស៊ីជម្រៅនៅក្នុងគម្រោងមាតុភូមិនិវត្តន៍ ។ ដោយខ្លី មាតុភូមិនិវត្តន៍ដែលគេហៅថាទឹក “រលកយក្សស៊ូណាម៉ី” ដង្ហែរក្បួនពលករចំណាកស្រុក“លាន” នាក់ដើរតាមថ្នល់ពីតំបន់អារញ្ញនៅប្រទេសថៃចូលទៅប៉ោយប៉ែតកម្ពុជានិងឆ្ពោះទៅកាន់រាជធានីភ្នំពេញទៅចាប់នាយករដ្ឋមន្ត្រីហ៊ុនសែនមកថ្កោលទោស ជាគំនិតរវើរវាយដ៏គ្រោះថ្នាក់មួយ ។ សូមលោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ក្រោមចំណងជើងថា “ចន្លោះប្រហោងនៃការគិត” ចុះថ្ងៃទី ២២ វិច្ឆិកាឆ្នាំ២០១៩។

ខ្ញុំមិនភ្ញាក់ផ្អើលទេអំពីការខ្វះខាតក្នុងការគិត ។ តែបរាជ័យនៃមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ធ្វើឲ្យខ្ញុំសោកស្តាយ ។ ខ្ញុំស្រណោះពាក្យចាស់ទុំខ្មែរដែលទូន្មានឲ្យខ្មែរ “គិតហើយសឹមគូរ” “ទាល់ដប់ទាល់ម្ភៃតែកុំទាល់គំនិត” ។ ពីព្រោះគំនិតជាបុព្វបុរសនៃសកម្មភាព ។

លោក សម រង្ស៊ី ជាមនុស្សមិនព្រមចាញ់គំនិត ។ លោកបង្ហើរពាក្យថាលោកនឹងចូលកម្ពុជាវិញជាប្រាកដណាស់ ។ លោកអំពាវនាវដល់ពលរដ្ឋខ្មែរឲ្យត្រៀមខ្លួនរួមកម្លាំងនៅឱកាសលោកចូលកម្ពុជាវិញ ។ ខ្ញុំជឿថាលោកមានចិត្តស្មោះនិងមានចិត្តមានះវិលចូលកម្ពុជា ហើយខ្ញុំសង្ឃឹមថាលោកដកស្រង់មេរៀនផ្សេងៗពីគម្រោង ៩ វិច្ឆិកា ២០១៩ ដែលមិនសម្រេច មកធ្វើជាមូលដ្ឋានក្នុងការរៀបចំគម្រោងថ្មី ។

បញ្ហាសំខាន់មួយដែលលោកត្រូវដោះស្រាយគឺមានពលរដ្ឋខ្មែរនៅក្នុងនិងនៅក្រៅកម្ពុជាដែលមិនជឿថាលោកនឹងចូលកម្ពុជាវិញទេហើយនឹងពុះពាររហូតមានការផ្លាស់ប្តូរនៅកម្ពុជាដោយមិនគេចទៅបរទេសដូចបានធ្វើពីមុនដែរ ។

ខ្ញុំបានរំលឹកដល់សកម្មជនខ្មែរឲ្យឆ្លុះកញ្ចក់ ។ អ្នកដែលសម្លឹងចេញពីក្នុងកញ្ចក់មកវិញគឺជាអ្នកដឹកនាំរបស់យើង ។ មានពាក្យទូន្មានរបស់ប្រធានាធិបតីអាមេរិកទី ២៦ ពីឆ្នាំ ១៩០១ ដល់ ១៩០៩ គឺលោក ធីអូឌ័រ រ៉ូហ្សឺវែល Theodore Roosevelt ថា “ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយប្រើអ្វីដែលអ្នកមាននៅក្នុងដៃ ទោះបីអ្នកមានវត្តមាននៅទីកន្លែងណាក៏ដោយ” ។ ហើយក៏មានយុទ្ធសាស្ត្រចិនបុរាណដែរដែលបង្រៀនថាអ្នកតស៊ូដែលប្រឈមនឹងបរាជ័យមានជម្រើស ៣ យ៉ាង ៖ លើកទង់សចុះចាញ់ដែលជាបរាជ័យទាំងស្រុង ឬចរចាផ្អាកប្រយុទ្ធដែលជាបរាជ័យពាក់កណ្តាល ឬរត់គេចខ្លួនដែលមិនមែនជាបរាជ័យទេតែផ្តល់ឱកាសឲ្យតតាំងនៅពេលក្រោយ ។ យុទ្ធសាស្ត្រចិនបុរាណបង្រៀនថា “នៅក្នុងចំណោមយុទ្ធសាស្ត្រទាំង៣៦ ការរត់គេចខ្លួនជាជម្រើសដ៏ល្អបំផុត” ពីព្រោះអ្នករត់គេចខ្លួននៅមិនទាន់ចាញ់ប្រយុទ្ធតែមានឱកាសប្រយុទ្ធនៅថ្ងៃស្អែកទៀត ។

ប៉ុន្តែមានពលរដ្ឋខ្មែរជាច្រើនដែរដែលជឿថាមេដឹកនាំការតស៊ូត្រូវតែហ៊ានប្តូរជីវិតស្លាប់ ខណៈលោក សម រង្ស៊ី រត់ចោលគេ ។ នេះជាបញ្ហាដែលអាចកើតមកពីការមិនយល់ជម្រៅនៃរឿងហេតុដែលបង្កបង្កើតជាបញ្ហាទំនុកទុកចិត្តមកលើលោក សម រង្ស៊ី ។

ទោះម្តេចក្តី លុះត្រាណាតែពលរដ្ឋមានជំនឿទើបយើងអាចរំពឹងលើពលិកម្មញើស ទឹកភ្នែក និងតំណក់ឈាមរបស់ពួកគេនៅចំពោះមុខមនុស្សដែលឃុបឃិតជាមួយរបបផ្តាច់ការនិងនៅចំពោះមុខពេជ្ឃឃាតស្ម័គ្រចិត្តដែលឥតញញើតនឹងធ្វើបាបកម្មទៅលើពលរដ្ឋក្នុងការបម្រើរបបផ្តាច់ការ ។ ខ្ញុំជឿថាពលរដ្ឋខ្មែរមិនមែនមិនដឹងមិនយល់អំពីអ្វីជាលទ្ធិប្រជាធិបតេយ្យនិងអ្វីជារបបជិះជាន់នោះទេ ។ ដូចជាពលរដ្ឋនៅក្នុងប្រទេសសេរីនិងប្រជាធិបតេយ្យដែរពលរដ្ឋខ្មែរចង់បានសិទ្ធិសេរីភាពនិងយុត្តិធម៌ ។

ជាធម្មតា មានលក្ខណៈ ៣ ដែលនាំមនុស្សទួទៅឲ្យអាចរស់នៅស្ងប់ចិត្តបានគឺ មានសុខុមាលភាពគ្រប់គ្រាន់ (មិនរស់នៅក្នុងភាពជម្ងឺឈឺថ្កាត់ដោយខ្វះថ្នាំពេទ្យគ្រប់យ៉ាង ) មានសុភមង្គលសមល្មម (មិនរស់នៅក្នុងភាពភ័យព្រួយគ្រប់បែបនិងគ្រប់ពេលវេលា ) និងមានស្ថានភាពសេដ្ឋកិច្ចដែលអាចឧបត្ថម្ភសុខុមាលភាពគ្រប់គ្រាន់ (សមល្មមចៀសផុតពីជីវិតមនុស្សទុគ៌ត ) ។ បើពលរដ្ឋជឿថាគេអាចរស់នៅក្នុងភាពប្រសើរជាងលក្ខណៈទាំង ៣ ខាងលើនេះ ពលរដ្ឋនឹងធ្វើពលិកម្មរួមជាមួយនឹងអ្នកតស៊ូហើយ ។

ដូច្នេះ ជាការចាំបាច់ដែលលោក សម រង្ស៊ី និងឥស្សរជនសង្គ្រោះជាតិលាតត្រដាងឲ្យពលរដ្ឋដឹងថាអ្វីខ្លះមាននៅក្នុងគម្រោងផែនការនិងគោលការណ៍ច្បាស់លាស់ដែលត្រូវអនុវត្តដើម្បីវឌ្ឍនភាព ។ ពាក្យវោហារសាស្ត្រមិនគ្រប់គ្រាន់ឲ្យពលរដ្ឋជឿបានទេ ។

នៅសហរដ្ឋអាមេរិក បន្ថែមទៅលើ “សិទ្ធិដែលមិនអាចបំពានបាន” ចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកឆ្នាំ ១៧៧៦ ពោលគឺ “ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ប្រធានាធិបតីអាមេរិកទី ៣២ ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ លោក ហ្វ្រំាងក្លិន រ៉ូហ្សឺវែល Franklin Roosevelt បានប្រកាសសេរីភាព ៤ យ៉ាងសម្រាប់ពលរដ្ឋអាមេរិក (សេរីភាពក្នុងការនិយាយស្តី សេរីភាពក្នុងជំនឿ សេរីភាពពីការអត់ឃ្លាន សេរីភាពពីការភ័យខ្លាច ) ដែលគេបានចារឹកនៅលើថ្មតម្កល់នៅក្នុងសារមន្ទីរនៅរដ្ឋធានីវ៉ាស៊ិនតោនដូចមានរូបភាពខាងក្រោមនេះ ។

បកមករឿងដីកាកោះហៅនាថ្ងៃទី ៣ វិច្ឆិកា លោក សម រង្ស៊ី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៦ ថាលោកត្រៀមត្រឡប់ចូលកម្ពុជាជាដរាប ។ លោកថា លោកនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនឹងទៅបង្ហាញខ្លួននៅចំពោះមុខតុលាការនៅក្នុងការជំនុំជម្រះក្តីពីបទចោទប្រកាន់ថា “ក្បត់ជាតិនិងញុះញង់” នោះ ។

លោកថា “ដោយសារតុលាការបានចេញដីកាកោះហៅយើងខ្ញុំយ៉ាងដូច្នេះ រដ្ឋាភិបាលក៏គប្បីអនុញ្ញាតឲ្យយើងខ្ញុំចូលទៅបង្ហាញខ្លួននៅកម្ពុជាដែរ ។ យើងបានសម្រេចចូលបង្ហាញខ្លួនយើង ។ ខ្ញុំស្ម័គ្រចិត្តចូលកម្ពុជា ។ បើរបបគ្របគ្រងចង់ចាប់យើងខ្ញុំក៏សូមអញ្ជើញចាប់យើងខ្ញុំទៅចុះ” ។ លោកបានបន្ថែមទៀតថាដោយហេតុលោកហ៊ុនសែនភ័យខ្លាចគណបក្ស សង្គ្រោះជាតិដែលរស់រវើកនៅក្នុងបេះដូងខ្មែររាប់លាននាក់ លោកហ៊ុនសែនប្រហែលជាមិនហ៊ានអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញទេ ។

ចាប់ពីពេលលោក ហ៊ុន សែន ធ្វើរដ្ឋប្រហារដណ្តើមអំណាចមក លោកបានជាន់ឈ្លីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ។ បច្ចុប្បន្ន កម្ពុជាជារដ្ឋឯកបក្សមួយដែលប្រើយុទ្ធសាស្ត្រដូចបាននិយាយខាងលើ ។ ការចោទប្រកាន់និងប្រើប៉ូលីសទាហាននិងពេជ្ឃឃាតស្ម័គ្រចិត្តចាប់ចងធ្វើបាបពលរដ្ឋខ្មែរជំទាស់មានជាស្វ័យប្រវត្តិ ។

នៅថ្ងៃទី ១៣ វិច្ឆិកានេះ ទីភ្នាក់ងារព័ត៌មាន Associated Press បានផ្សាយព័ត៌មានអំពីដីកាកោះហៅពលរដ្ឋខ្មែរប្រមាណជា ៥០ នាក់ អំពីបទចោទប្រកាន់ថា “ក្បត់ជាតិ” ដោយបានធ្វើសកម្មភាពអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលហ៊ុនសែននៅក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ នៅក្នុងអត្ថបទ “កម្ពុជារៀបចំការជំនុំជម្រះក្តីអ្នកជំទាស់នយោបាយពីបទក្បត់ជាតិ” AP សរសេរអំពីដីកាកោះហៅ នាង សេង ធារី មេធាវីអាមេរិកមានដើមកំណើតជាខ្មែរឲ្យមកបង្ហាញខ្លួននៅមុខតុលាការក្រុងភ្នំពេញនៅថ្ងៃទី ២៦ វិច្ឆិកាពីបទចោទប្រកាន់ថា “ឃុបឃិតប្រព្រឹត្តបទក្បត់ជាតិនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ” ដែលអាចត្រូវកាត់ទោសជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ។ នាង សេង ធារី បានប្រាប់ AP តាមអ៊ីម៉ែលអំពី “ការប្រឌិតរបស់របបហ៊ុនសែនដើម្បីបំភិតបំភ័យនិងបំបាត់សម្លេងខ្ញុំ” ថា “គឺជាការពិតប្រាកដណាស់ថាខ្ញុំនឹងទៅបង្ហាញខ្លួនខ្ញុំនៅមុខតុលាការនៅថ្ងៃព្រហស្បតិ៍ទី ២៦ វិច្ឆិកា ២០២០ នេះ” ។

ខ្ញុំបានសរសេរអំពី “ទឹករលកតូចមួយ . . . ពីរ . . . បី . . .” ។ ខ្ញុំជឿថាអ្នកតស៊ូនឹងបង្កើតឲ្យមាន “ទឹករលកតូចមួយ . . . ពីរ . . . បី . . .” ដែលនឹងបង្ហាញទ្រង់ទ្រាយជាយថាហេតុ ។ ចាស់ទុំខ្មែរ ទូន្មានឲ្យ “យកឈើវៀចមកធ្វើកង់ ឈើត្រង់មកធ្វើកាំ ឈើសុំាញុំាមកធ្វើឧសដុត” ពោលគឺខ្មែរមួយរូបៗមានសារសំខាន់ណាស់នៅក្នុងការតស៊ូប្រឆាំងនឹងរបបផ្តាច់ការ ៖ អ្នកធ្វើម្ហូបអាហារ អ្នកបោសជូត ប្លង់តុងរត់សំបុត្រ អ្នកវាយម៉ាស៊ីនអង្គុលីលេខ អ្នកបើកបររថយន្ត ។ល។ និង ។ល។ មានឧបករណ៍ច្រើនលើសលប់ដែលអាចយកមកប្រើដើម្បីផលប្រយោជន៍សំខាន់ៗ ។ ខ្ញុំតែងទូន្មានអ្នករៀនក្មេងចាស់ឲ្យប្រើខួរក្បាលស្រមើស្រមៃច្នៃប្រឌិត និងយក បរិស្ថាននៅជុំវិញខ្លួនមកប្រើប្រាស់ ។

“ទឹករលកយក្សស៊ូណាម៉ី” នឹងកើតឡើងនៅឱកាសពលរដ្ឋឮអំពីវត្តមានលោក សម រង្ស៊ី នៅក្នុងកម្ពុជា ។ ដូច្នេះ លោកត្រូវមានគម្រោងច្បាស់លាស់ថានៅពេលពលរដ្ឋដែលលែងដេកចាំមាតុភូមិនិវត្តន៍អ្នកធម្មិកនិងចាប់អនុវត្តការប្រៀនប្រដៅរបស់លោក ធីអូឌ័រ រ៉ូហ្សឺវែល តើលោកនិងឥស្សរជនគណបក្សសង្គ្រោះជាតិមានចម្លើយអ្វីហើយឬនៅចំពោះពលរដ្ឋ ហើយនឹងធ្វើយ៉ាងណានៅពេលពលរដ្ឋធ្វើពលិកម្មដោយញើស ទឹកភ្នែក និង តំណក់ឈាមរបស់ពួកគេប្រឆំាងនឹងរបបផ្តាច់ការនោះ ? ។

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។