«ពេជ្ឃឃាតស្ម័គ្រចិត្ត »  

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័១ ខែមីនា ឆ្នាំ២០២០

មាត្រា ១៥០ ថ្មី (មាត្រា ១៣១ ចាស់ ) នៃ “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” បានចែងថារដ្ឋធម្មនុញ្ញនេះជា “ច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់និងសេចក្តីចម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត” ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ រដ្ឋធម្មនុញ្ញនេះ មាន ១៥៨ មាត្រា និងត្រូវបានបែងចែកជា ១៦ ជំពូកស្តីអំពីអធិបតេយ្យ អំពីព្រះមហាក្សត្រ អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ អំពីរបបនយោបាយ ។ល។

រដ្ឋធម្មនុញ្ញនេះបង្គាប់រដ្ឋាភិបាលកម្ពុជាឲ្យឈរលើគោលការណ៍ “ច្បាប់” ។ ពោលគឺរដ្ឋាភិបាលកម្ពុជាគោរព “នីតិរដ្ឋ” ដែលតម្រូវឲ្យមនុស្សនិងស្ថាប័នទាំងអស់នៅក្នុងប្រទេសគោរពនិងទទួលខុសត្រូវចំពោះមុខច្បាប់ដែលត្រូវអនុវត្តដោយត្រឹមត្រូវនិងដោយស្មើភាព ។ “នីតិរដ្ឋ” មានន័យថាច្បាប់ខ្ពស់ជាងបុគ្គលនិងស្ថាប័នទាំងអស់ ។ គ្មានបុគ្គលណាឬរដ្ឋាភិបាលណានៅពីលើច្បាប់ឡើយ ។ អត្ថបទរបស់ខ្ញុំនៅថ្ងៃនេះបង្ហាញអំពីគោលការណ៍និងគោលគំនិតនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលលើកប្រជាពលរដ្ឋខ្មែរជាធំ ជាម្ចាស់អំណាច និងជាម្ចាស់វាសនានៃប្រទេសជាតិខ្មែរ ។

ពលរដ្ឋខ្មែរភាគច្រើនជាពុទ្ធបរិស័ទ ។ ពុទ្ធបរិស័ទរមែងចងចាំនូវការប្រៀនប្រដៅរបស់ព្រះពុទ្ធថាយើងជាអ្នកទទួលខុសត្រូវលើអ្វីៗទាំងអស់ដែលកើតឡើងនៅជុំវិញខ្លួនយើង ។

មនុស្សណាដែលគិតនិងជឿថាខ្លួនមានសមត្ថភាពគឺពិតជាមានសមត្ថភាព ដែលអាចយកមកអនុវត្តដើម្បីសម្រេចគោលបំណងអ្វីមួយស្របតាមរូបមន្ត “គិត-កម្ម-ផល” ។

រដ្ឋធម្មនុញ្ញកម្ពុជាជាឯកសារចាំបាច់មួយដែលជនជាតិខ្មែរត្រូវអាននិងពិចារណា ។ ពាក្យពេចន៍និងទ្រង់ទ្រាយនៃរដ្ឋធម្មនុញ្ញបង្ហាញថាពលរដ្ឋខ្មែរជាព្រលឹងរបស់ជាតិខ្មែរ ។

យោងតាមការសង្កេតរបស់ខ្ញុំ ខ្មែរជាច្រើននៅក្នុងនិងនៅក្រៅប្រទេសកម្ពុជាហាក់ដូចជាមិនសូវអើពើអំពីខ្លឹមសារនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាទេ ។ ពួកគេនៅស្រែកដង្ហោយមិនឈប់ឈរសុំបរទេសឲ្យជួយពង្រស់ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១” ដើម្បីអនាគតភ្លឺស្វាងរបស់ខ្មែរ ។ ព្រះពុទ្ធមិនបានបង្រៀនពុទ្ធបរិស័ទឲ្យរំពឹងលើអ្នកដទៃទេ ។

រដ្ឋធម្មនុញ្ញមានតម្លៃឬសារប្រយោជន៍តែនៅពេលណាពាក្យពេចន៍ដែលមានចារនៅលើទំព័ររដ្ឋធម្មនុញ្ញត្រូវបានយកមកអនុវត្តដោយត្រឹមត្រូវនិងដោយស្មើភាព ។ បើមិនដូច្នោះទេពាក្យពេចន៍នៅក្នុងរដ្ឋធម្មនុញ្ញជាពាក្យពេចន៍ឥតន័យ។ ព្រះពុទ្ធបានទូន្មានថា ទោះបីយើងបានអាននិងសូត្រពាក្យពិសិដ្ឋជាអលជ្ជីក៏ដោយក៏វាឥតមានប្រយោជន៍អ្វីទេបើយើងមិនអនុវត្តតាមពាក្យពិសិដ្ឋទាំងឡាយនោះ ។ នៅពេលយើងដឹងយល់អំពីរដ្ឋធម្មនុញ្ញរបស់យើងហើយយើងអាចយករដ្ឋធម្មនុញ្ញនេះមកធ្វើជាយានដើម្បីសម្រេចគោលដៅរបស់សង្គមយើង ។

នៅក្នុងបុព្វកថារដ្ឋធម្មនុញ្ញកម្ពុជា “យើង ប្រជារាស្ត្រខ្មែរ” បានរំលឹកអំពី “អារ្យធម៌ឧត្តុង្គឧត្តម” របស់ប្រទេសកម្ពុជា និងការ “ធ្លាក់ខ្លួនដ៏សែនរន្ធត់ . . . ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្តាយ” រួចហើយបានសម្តែងការ “ភ្ញាក់រលឹក . . . ចងបាច់ឆន្ទៈមោះមុត . . . សរសេរចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា . . .” ។

នៅក្នុងចំណោមមាត្រាទាំង ១៥៨ ដែលមាន ១៦ ជំពូក នៃរដ្ឋធម្មនុញ្ញកម្ពុជា ខ្ញុំសូមដកស្រង់យកមាត្រាសំខាន់ខ្លះមកធ្វើអត្ថាធិប្បាយជូនលោកអ្នកអាននិងស្តាប់ស្របតាមក្របខ័ណ្ឌ “relevant-necessary-indispensable” ឬ “ពាក់ព័ន្ធ-ចាំបាច់-មិនអាចខ្វះបាន” នៅក្នុងការសិក្សាព្រឹត្តិការណ៍និងវិវត្តន៍នយោបាយប្រទេសកម្ពុជា ។ ពោលគឺបញ្ហាសិទ្ធិមនុស្សនិងបញ្ហា “នីតិរដ្ឋ” ។  ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាស្តី “អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ” មានមាត្រា ៣១ ដល់មាត្រា ៥០ ។

មាត្រា ៣១ ជាគ្រឹះនៃសិទ្ធិពលរដ្ឋខ្មែរ ។ មាត្រានេះបង្ហាញរូបភាពប្រទេសកម្ពុជាជា ប្រទេស “ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស” ដូចមានចែងក្នុងធម្មនុញ្ញនិងសេចក្តីប្រកាសសកលស្តីអំពីសិទ្ធិមនុស្ស ។

បែកចេញពីគំនិតទូទៅអំពីសិទ្ធមនុស្សគឺមាត្រា ៣២ ស្តីពី “សិទ្ធិ” របស់ខ្មែរគ្រប់រូបដែលឲ្យអាទិភាពលើការ  “រស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន” ។ មាត្រា ៣៨ ចែងអំពី “ច្បាប់” ហាមរំលោភបំពានលើរូបកាយ” ពលរដ្ឋ និង “ច្បាប់ការពារជីវិត កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ” ។

ជំពូកទី ៤ ស្តី “អំពីរបបនយោបាយ” កម្ពុជា មាត្រា ៥១ ថ្មី ចែងអំពី “នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស” របស់ប្រទេសកម្ពុជា a policy of liberal multi-party democracy និងថ្លែងប្រកាស ៣ ចំណុចអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ ។ ពលរដ្ឋខ្មែរជាអ្នកគ្រប់គ្រងប្រទេស ជាអ្នកកាន់ “អំណាចទាំងអស់” នៅក្នុងដៃ និងប្រើអំណាចទាំងនោះតាមរយៈស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល និងសាលាជំរះក្តី ដែលមាន “អំណាចបែងចែកដាច់គ្នា” ។ មាត្រា ៥២ អះអាងថា “ជីវភាពរស់នៅ និងសុខុមាលភាព” របស់ពលរដ្ឋ ជាការ “យកចិត្តទុកដាក់ជាអាទិភាព” របស់រដ្ឋាភិបាល ។

សរុបសេចក្តីទៅ “ប្រជារាស្ត្រខ្មែរ” ដែលសម្តែង “ឆន្ទៈមោះមុត” កសាងកម្ពុជាថ្មីបន្ទាប់ពីសារភាពថាបាន “ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ” បានបង្កើតរដ្ឋធម្មនុញ្ញមួយដែលមានបញ្ចូលមាត្រាល្អៗដែលគួរឲ្យខ្មែរនិងសហគមន៍អន្តរជាតិមានក្តីសង្ឃឹមថានឹងអាចដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការ “រីកចម្រើនលូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍” ។

លោក ហ៊ុន សែន មេដឹកនាំកម្ពុជាតាំងតែពីលោកត្រូវបានកងទ័ពយួនឈ្លានពានបន្តុបជានាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៨៥ គឺ ៣៥ ឆ្នាំមកហើយ បានទាញកម្ពុជាឲ្យឃ្លាតចេញពី “ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់” ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឲ្យក្លាយទៅជារដ្ឋឯកបក្សនៅក្រោម “នីតិមាត់” ដែលជាច្បាប់ផុសចេញពីមាត់និងពីអំពើទុច្ចរិតរបស់អ្នកដឹកនាំដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ។

មាត្រានានាស្តីអំពីសិទ្ធិនិងអំណាចរបស់ពលរដ្ឋខ្មែរត្រូវបានបំពានទាំងកម្រោលដូចរូបភាពខាងក្រោមនេះបង្ហាញចេញមក ។

ខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលបានឃើញនូវរូបភាពព្រះសង្ឃត្រូវបានប៉ូលិសយោធាធាក់និងដេញវាយដោយដំបង ។ រូបភាពព្រះសង្ឃយកដៃទំាងពីរការពារក្បាលខណៈស្បែកជើងទាហានធាក់ពីក្រោយបង្ហាញឲ្យឃើញថាសង្គមខ្មែរបានក្លាយទៅសង្គមព្រៃផ្សៃដូចសម័យ ប៉ុលពត ។ រូបភាពក្មេងម្នាក់ឱបកយាយជាប់នឹងដើមទ្រូងខណៈប៉ូលិសយោធាកាន់ដំបងគំរាមកំហែងនៅជុំវិញធ្វើឲ្យខ្ញុំអួលដើមកព្រោះម្តាយគេយាយគេ ក៏ដូចជាម្តាយខ្ញុំយាយខ្ញុំ ។ យើងជាមនុស្សមានការភ័យព្រួយតក់ស្លុតដូចគ្នា ។ រូបភាពប៉ូលិសយោធាវាយសំពងទាត់ធាក់ និង ងស្លាបសេកពលរដ្ឋស៊ីវិលឲ្យដេកផ្កាប់មុខនៅលើដីបញ្ជាក់ថាមាត្រានៅក្នុងរដ្ឋធម្មនុញ្ញដែលធានាមិនឲ្យមានការរំលោភបំពានលើរូបកាយនិងការពារជីវិតកិត្តិយសនិងសេចក្តីថ្លៃថ្នូរមាននៅតែលើក្រដាសប៉ុណ្ណោះ ។ នេះហើយជា “នីតិមាត់” ។

នៅក្នុងរូបភាពទាំងអស់ ខ្ញុំសង្កេតឃើញបុគ្គលិកប៉ូលិសនិងកងប្រដាប់អាវុធធ្វើសកម្មភាពហាក់ដូចជាគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចសោះឡើយ ។ ពួកគេហាក់ដូចជាពោរពេញទៅដោយកំហឹងនិងប្រព្រឹត្តិទង្វើរបស់ខ្លួនដោយគ្មានមេត្តា ។ សកម្មភាពវាយដំទៅលើអ្នករងគ្រោះគឺពោរពេញដោយភាពសាហាវយង់ឃ្នង ។ វាមានសភាពផ្ទុយស្រឡះពីមាត្រានៅក្នុងរដ្ឋធម្មនុញ្ញ ។ តើភ្នាក់ងារប៉ូលិសយោធាទាំងនេះមិនមែនជាពលរដ្ឋទេឬបានជាស្ម័គ្រចិត្តធ្វើបាបកម្មលើសាច់ឈាមឯងនិងសង្គមឯងដូច្នេះ ។

ខាងក្រោមនេះគឺរូបភាពនៃកងកម្លាំងប្រដាប់អាវុធដែលបម្រើរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ ។ អ្នកទាំងនេះត្រូវបានបញ្ជូនឲ្យទៅបង្ក្រាបអ្វីដែលគំរាមកំហែងរបបគ្រប់គ្រងនិងអ្វីដែលប្រឈមនឹងផលប្រយោជន៍របស់អ្នកដឹកនាំ ។ ទោះយ៉ាងណាក្តី ជាការពិតមួយថាបុគ្គលម្នាក់ៗនៅក្នុងចំណោមអ្នកទាំងនេះមិនមែនជាមនុស្សល្ងង់ខ្លៅនិងខ្វាក់រហូតដល់មិនដឹងថាអំពើអ្វីដែលខុសនិងអំពើអ្វីដែលត្រូវ ។

បរមគ្រូ ខុង ជឺ (៥៥១មគស-៤៧៩មគស) បាននិយាយថាបើដឹងថាមានអ្វីត្រឹមត្រូវដែលត្រូវធ្វើតែមិនព្រមធ្វើ នេះគឺមកពីខ្វះចំណង់ធ្វើ អ្នកដែលខ្វះចំណង់ធ្វើមកពីខ្វះការក្លាហាន អ្នកដែលខ្វះការក្លាហានធ្វើអ្វីដែលត្រឹមត្រូវជាមនុស្សកំសាកដល់កម្រិត ។ នៅក្នុងសម័យកាលនោះដែរ ព្រះពុទ្ធ (៥៦៣មគស-៤៨៣មគស) បានបញ្ចេញពុទ្ធលទ្ធិដឹកនាំមនុស្សឲ្យខំកសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។

គេថាច្បាប់ទាហានគឺត្រូវតែគោរពនិងធ្វើតាមបញ្ជា ។ តែរឿងទាហានដែលប្រព្រឹត្តអំពើឃោរឃៅអមនុស្សធម៌និងខុសច្បាប់ទម្លាប់ជារឿងសាលាក្តីយោធានៅក្នុងប្រទេសនិងតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ក្តីផ្តន្ទាទោសរហូតមកដល់បច្ចុប្បន្ននេះ ។

យ៉ាងដូច្នេះ ភ្នាក់ងារប៉ូលិសយោធានិងបុគ្គលិករដ្ឋាភិបាលត្រូវដឹងយល់អំពីអ្វីដែលត្រឹមត្រូវនិងត្រូវធ្វើ និងអ្វីដែលមិនត្រឹមត្រូវនិងមិនត្រូវធ្វើ ។

តាំងពីសម័យមុនគ្រិស្តសករាជរហូតមកដល់ឆ្នាំ ២០២០ មានទស្សនៈមួយដែលនិយាយប្រហាក់ប្រហែលគ្នាថា ទោះបីមានផែនការធំមួយក្តីមេបញ្ជាការឲ្យតម្លៃលើស្ថានការណ៍ផ្ទាល់លើសមរភូមិរួចចាត់វិធានការណ៍ដោយមិនចាំបាច់ធ្វើតាមបញ្ជាឬតាមផែនការធំទេ ។

លោក ឧត្តមសេនីយ៍ ស៊ុន ត៍ស៊ឺ Sun Tzu (៥៤៤មគស-៤៩៦មគស) អ្នកយុទ្ធសាស្ត្រនិងមេទ័ពដ៏ចំណាននៃប្រទេសចិនបុរាណក្នុងសម័យកាលព្រះពុទ្ធ (៥៦៣មគស-៤៨៣មគស) និងបរមគ្រូ ខុង ជឺ (៥៥១មគស-៤៧៩មគស) បានផ្តល់ជាមេរៀនថាមេបញ្ជាការត្រូវ ”ដឹងថាពេលណាត្រូវប្រយុទ្ធនិងពេលណាមិនត្រូវប្រយុទ្ធ” ហើយ “ពេលណាអ្នកមើលឃើញថាវាជាផ្លូវត្រូវល្អហើយ អ្នកកុំចាំបាច់រង់ចាំបញ្ជា . . . អ្នកត្រូវពឹងផ្អែកលើសមត្ថភាពរបស់អ្នក . . . ” ។ លោក ឧត្តមសេនីយ៍ ខារ៍ល វ៉ុន ខ្លូហ្សឺវិតហ្ស៍ Carl von Clausewitz (១៧៨០-១៨៣១) មេទ័ពនិងយុទ្ធវិទូយោធាប្រទេសព្រុស្ស បានបង្រៀនថាដោយហេតុមាន “អ័ព្ទនៃសង្គ្រាម” Nebel des Krieges (អានថា “នេបិល ដេស ហ្គ្រីហ្គឺស” ) មេបញ្ជាការត្រូវវែកញែកមើលឲ្យឃើញច្បាស់ថាអ្វីជាសញ្ញា signal និងអ្វីជាសម្លេងរំខាន noise រួចចាត់វិធានការ ។ លោក ឧត្តមសេនីយ៍ផ្កាយប្រាំ ដ្វែក ឥស៊ិនហៅវឿរ៍ Dwight Eisenhower (ប្រធានាធិបតីអាមេរិកទី ៣៤ នាឆ្នំា ១៩៥៣ ដល់ ១៩៦១) បាននិយាយថា វាជាការចំាបាច់ក្នុងការមានផែនការ ។ ក៏ប៉ុន្តែនៅក្នុងជីវិតរបស់លោក លោកមិនដែលឃើញមានផែនការណាដែលបានត្រូវយកមកអនុវត្តទេគឺមេបញ្ជាការត្រូវសង្កេត សម្រេច និងចាត់ការ ។ លោក ឧត្តមសេនីយ៍ផ្កាយបួន ហ្ចន ខិលលី John Kelly (មេការិយាល័យសេតវិមានអាមេរិកនាឆ្នំា ២០១៧ ដល់ ២០១៩ ) បានថ្លែងថាកងទ័ពអាមេរិកបង្រៀនមេបញ្ជាការចាប់ពី “ថ្ងៃដំបូងរហូតដល់អវសាននៃជីវិត”ថា “កុំឲ្យធ្វើតាមបញ្ជាដែលខុសច្បាប់” ។

នៅក្នុងអត្ថបទ “កង្កែបនៅក្នុងឆ្នាំងទឹកក្តៅ” ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ មានរឿងបីដែល ខ្ញុំចង់រំលឹក ៖ ១. ពីឆ្នាំ ១៩៣៣ ដល់ ១៩៤៥ របបផ្តាច់ការហ្វាស់ស៊ីសរបស់ អាដុលហ្វ៍ ហ៊ីតត្លើរ៍ Adolph Hitler បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ លាននាក់និងបានសម្លាប់រង្គាលពលរដ្ឋពូជសាសន៍ យូដា ប្រមាណជា ៦ លាននាក់ ។ ២.លោក ម៉ារ៍ទីន នីម៉ុលឡឺរ៍ Martin Niemöller (១៩៣២-១៩៨៤ ) អតីតអ្នកគាំទ្ររបបណាតស៊ីអាល្លឺម៉ង់ បានសរសេរកំណាព្យមួយអំពីភាពកំសាកនៃបញ្ញវន្តអាល្លឺម៉ង់ដែលផ្សំគំនិតឃុបឃិតជាមួយពួកណាតស៊ីដោយរក្សាភាពស្ងាត់ស្ងៀមនៅពេលពួកណាតស៊ីកាប់សម្លាប់មនុស្សរាប់លាននាក់ ។ ៣. ជនជាតិអាល្លឺម៉ង់ដែលបានសម្របសម្រួលយកសុខជាមួយពួកណាតស៊ីនៅពេលពួកនេះបានដុតមនុស្សបូជា holocaust បានត្រូវគេហៅនៅក្នុងសៀវភៅប្រវត្តិសាស្ត្រថាជា “ពេជ្ឃឃាតស្ម័គ្រចិត្តរបស់លោក ហ៊ីតត្លើរ៍” Hitler’s Willing Executioners ។

ខ្មែរដែលសម្ងំខ្លួនយកសុខនៅឱកាសជនផ្តាច់ការបំផ្លាញរដ្ឋធម្មនុញ្ញកម្ពុជាចោលគួរនឹកដល់ថ្ងៃអង្សាដែលរង់ចាំរបបផ្តាច់ការ និងទំព័រប្រវត្តិសាស្ត្រកម្ពុជាដែលនឹងចុះឈ្មោះ “ពេជ្ឃឃាតស្ម័គ្រចិត្ត” ខ្មែរ à la នីម៉ុលឡឺរ៍ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។