ពិភាក្សាអំពីជនអត្តាធិបតីបំផ្លាញជាតិ

​ ពិភាក្សាអំពីជនអត្តាធិបតីបំផ្លាញជាតិ

និពន្ធដោយ បណ្ទិត ហ្គាហ្វារ ពាងម៉េត
ខែ កញ្ញា ឆ្នាំ ២០២០

ខណៈរបបអត្តាធិបតេយ្យបានដុះដាលនៅជុំវិញពិភពលោក លទ្ធិប្រជាធិបតេយ្យហាក់ធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។ អ្នកប្រជាធិបតេយ្យព្រមានថានេះគឺជាស្ថានភាពការមួយដែលគំរាមកំហែងដល់អត្ថិភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងលោក ។

លទ្ធិប្រជាធិបតេយ្យជាទស្សនវិស័យសេរីនិយមឈរលើមូលដ្ឋានពហុមតិ ដែលផ្អែកលើការពិភាក្សា និងការជជែកវែកញែកទូលំទូលាយ ។ កត្តានេះបានធ្វើឲ្យអ្នកអនុវត្តិលទ្ធិប្រជាធិបតេយ្យហាក់ដូចជារញ៉េរញ៉ៃ ជាពិសេសនៅពេលណាឥទ្ធិពលអត្តទត្ថនិយមជ្រៀតជ្រែកចូលទៅក្នុងការពិភាក្សានិងជជែកវែកញែករកដំណោះស្រាយផ្សេងៗ ។ ពុទ្ធលទ្ធិ សាសនាយេស៊ូ សាសនាឥស្លាម សុទ្ធតែបានបង្រៀនមនុស្សជាតិឲ្យប្រកាន់គុណធម៌ ឲ្យគោរពគ្នាទៅវិញទៅមកនិងឲ្យប្រកាន់ភាពរាបសារដែលជាមូលដ្ឋាននៃគុណធម៌ទាំងអស់ ។

ខ្ញុំបានសរសេរផ្សាយជាញឹកញាប់មកហើយថាគំនិតគិតគូរហ្មត់ចត់មិនមែនជាការងាយស្រួលទេ ។ ពលរដ្ឋខ្មែរដែលអនុវត្តិពុទ្ធលទ្ធិរមែងយល់នូវពុទ្ធោវាទថាលទ្ធផលនានាកើតមានឡើងដោយសារមនុស្សយកគំនិតមកគិតគូរ រួចធ្វើសកម្មភាពស្របតាមការគិតនោះ — “គិត + កម្ម = ផល” ។ គំនិតគិតគូរហ្មត់ចត់តម្រូវឲ្យមនុស្សធ្វើសកម្មភាពខួរក្បាលដែលមានច្រើនបែប មានការសង្កេត ការសាកសួរ ការស្រាវជ្រាវ ការប្រៀបធៀប ការវាយតម្លៃ ការបកស្រាយ ការគណនា ការវិនិច្ឆ័យ ។ល។ និង ។ល។ ខ្ញុំក៏បានជូនក្របខ័ណ្ខ “ពិពណ៌នា – វិភាគ – ព្យាករណ៏” ដែលខ្ញុំបានឆ្នៃប្រឌិតជាវិធីសាស្ត្រនៅក្នុងការប្រើខួរក្បាលធ្វើសកម្មភាពដើម្បីគិតគូរឲ្យបានមធ្យ័ត ស្របនឹងក្របខ័ណ្ខព្រះពុទ្ធ “គិត-កម្ម-ផល”។ ប្រការតែមួយគត់ដែលយើងអាចធ្វើដូច្នេះបាន គឺត្រូវមានសេរីភាពពេញលេញ ។

មិត្តអ្នកអានខ្លះដែលបានសុំខ្ញុំកុំឲ្យខ្ញុំ “រិះគន់” របបក្រុងភ្នំពេញនិងជនក្តោបអំណាចផ្តាច់ការហាក់ដូចជាមិនទាន់យល់ច្បាស់លាស់នូវពាក្យបរទេសមួយថា “គ្រីទីគ” critique ។ ពាក្យ “គ្រីទីគ” critique នេះ គឺសំដៅទៅលើវិធីសាស្ត្រវាយតម្លៃនៅក្នុងគំនិតគិតគូរហ្មត់ចត់រកចម្លើយថាតើយើងសម្រេចបានលទ្ធផលត្រឹមណាដែរនៅក្នុងគោលដៅ ឬគោលការណ៏របស់យើង ។ ជួបការបរាជ័យត្រង់ចំណុចណាមួយ តើមានមូលហេតុអ្វីខ្លះដែលជាឧបស័គ្គ ។ Critique គឺជាវិធីសាស្ត្ររកផ្លូវបោះជំហានទៅមុខទៀតដើម្បីសម្រេចគោលបំណងរបស់យើង ។ ខណៈព្រះពុទ្ធផ្តល់ជាក្របខ័ណ្ខ “គិត-កម្ម-ផល” បរមគ្រូ ខុង ជឺ បង្រៀនមនុស្សរាប់ពាន់ឆ្នាំមកហើយថាបើយើងឈោងចាប់គោលដៅមិនបានទេ ចូរយើងកុំកែប្រែគោលដៅតែគួរគិតគូរឡើងវិញអំពីរបៀបធ្វើដំណើរ ឬក៏វិធីសាស្ត្រឆ្ពោះទៅកាន់គោលដៅនោះ ។ Critique មិនមែនជាការហែកហួរគ្នាទេ ។

អត្តាធិបតេយ្យមិនមែនជាទស្សនៈដូចលទ្ធិប្រជាធិបតេយ្យទេ ។ វាជាយន្តការរបស់ជនអត្តាធិបតីឬរបបឯកបក្សនៅក្នុងការដណ្តើមយកអំណាចមកក្តោបក្តាប់ដើម្បីត្រួតត្រា ។ អត្តាធិបតេយ្យជាយន្តការប្រមូលផ្តុំអំណាចឲ្យនៅក្នុងកណ្តាប់ដៃបុគ្គលផ្តាច់ការម្នាក់ឬឯកបក្សផ្តាច់ការមួយ ។ យន្តការនេះបានបង្កើតឡើងដោយលោក លេនីន នៅប្រទេសរុស្សីកាលពីឆ្នាំ ១៩១៧ នៅក្នុងបដិវត្តន៏ Bolshevik ដ៏ឃោរឃៅនាអំឡុងឆ្នាំ ១៩១៧-១៩២៣ ។ យន្តការនេះគ្មានលំហសេរីភាពទូលំទូលាយសម្រាប់ការគិតគូរ ឬពិភាក្សាវែកញែកដូចមាននៅក្នុងលទ្ធិប្រជាធិបតេយ្យឡើយ ។

ខណៈលទ្ធិប្រជាធិបតេយ្យស្វាគមន៏គំនិតផ្សេងៗឲ្យដុះលូតលាស់ដូចបុប្ផាក្នុងសួន ស្វាគមន៏មនុស្សនានាឲ្យចូលប្រកួតប្រជែងដោយមានសិទ្ធិ មានឱកាស និងមានការទទួលស្គាល់ស្មើៗគ្នាដើម្បីបង្ហាញស្នាដៃនិងសមត្ថភាពសម្តែងគុណវុឌ្ឍិបុគ្គល របបអត្តាធិបតេយ្យឥតមានទីកន្លែងសម្រាប់ផ្តល់ឱកាសឲ្យមនុស្សបង្ហាញគុណវុឌ្ឍិទេ ។ បដិវត្តន៏ Bolshevik កំទេចចោលរបបមុនដូចជារបបខ្មែរក្រហម ប៉ុល ពត កំទេចចោលរបបចាស់ក្នុងជំនាន់ ១៩៧៥-១៩៧៩ ដែរ ។

ជនអត្តាធិបតីឬរបបឯកបក្សត្រូវការមនុស្សក្នុងសង្គមដែលចេះត្រឹមតែការលត់ក្រាបនិងសម្តែងភាពស្មោះត្រង់ឥតខ្ចោះចំពោះបុគ្គលដែលកាន់អំណាច ។ របបអត្តាធិបតេយ្យមានវរជន អ្នកចេះដឹង អ្នកក្របខ័ណ្ឌ ដូចរបបលទ្ធិប្រជាធិបតេយ្យដែរ ខុសគ្នាត្រង់ថាជនអត្តាធិបតី ជនឯកបក្ស មិនអនុញ្ញាតឲ្យគុណវុឌ្ឍិ និងគំនិតគិតគូរហ្មត់ចត់ មានវត្តមាននៅក្នុងសង្គមទេ ។ ខ្សែវីដេអូមួយចំនួននៅក្នុងគេហទំព័រ “គំនិតខ្មែរ” បង្ហាញនូវរូបភាពនៃព្រះសង្ឃខ្មែរ ពលរដ្ឋខ្មែរ សកម្មជនខ្មែរដែលត្រូវបានទាសករអត្តាធិបតេយ្យវាយដំច្រំធាក់គួរឲ្យសង្វេគ ។

ជនអត្តាធិបតីនិងរបបឯកបក្សនៅក្នុងលោកមិនអនុញ្ញាតឲ្យមនុស្សដែលមានគំនិតមិនដូចគំនិតពួកគេ ឬឲ្យសកម្មភាពដែលមិនស្របតាមគំនិតគេ មានវត្តមាននៅក្នុងសង្គមឡើយ ។ ពួកគេត្រួតត្រាសង្គមដោយប្រើយន្តការកំចាត់ចោលភាពស្មុគស្មាញដែលបង្កើតឡើងដោយសិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងការទទួលស្គាល់ដូចគ្នា និងប្រើយន្តការវាយដំពត់បត់បែនសតិពលរដ្ឋឲ្យគោរព បំរើ ការពារ ស្មោះត្រង់ដោយឥតមន្ទិល និងឲ្យទទួលយកនូវអ្វីដែលសាមញ្ញបំផុត ៖ បើរបបបញ្ជាឲ្យលោត ពលរដ្ឋត្រូវសួរតបថាតើបញ្ជាឲ្យលោតកំពស់ណា ។ យន្តការអត្តាធិបតេយ្យគឺកែប្រែសភាវមនុស្សនៅក្នុងសង្គមឲ្យទៅជាមនុស្សយន្ត robot ។

អ្វីដែលគួរឲ្យសង្វេគនោះគឺថា មនុស្សដែលរបបផ្តាច់ការបានធ្វើឲ្យក្លាយជាទម្លាប់មួយថ្ងៃហើយមួយថ្ងៃទៀតឲ្យទៅជាមនុស្សយន្ត នៅទីបំផុតក៏នឿយណាយចិត្តគំនិត ។ តើខំប្រឹងយកខួរក្បាលដែលម្នាក់ៗមាន ១ គីឡូក្រាមមកប្រើ “គិត + កម្ម = ផល” តាមព្រះពុទ្ធបង្រៀនមានប្រយាជន៏អ្វី ? របបអត្តាធិបតីក្រុងភ្នំពេញបានបង្កើតសង្គមខ្មែរមួយដែលពលរដ្ឋមិនបាច់គិតគូរដល់បញ្ហាដែលស្មុគស្មាញ ព្រោះពួកគេបានកែប្រែអ្វីៗឲ្យនៅជាសាមញ្ញបំផុតរួចមកហើយ ៖ មានផ្ទះហើយ មានឡានជិះហើយ ទៅរអ៊ូរទាំធ្វើអ្វីទៀត បើរកស៊ីមានបានហើយក៏ទុកទៅ ស៊ីទៅ ។ ទៅចាំបាច់គិតអំពុលទុក្ខធ្វើអ្វី ? បង្ហាញសមត្ថភាពធ្វើអ្វី បើលុតក្រាបសម្តែងការស្មោះត្រង់អស់ពីចិត្តទៅនឹងបានចូលទទួលការអប់រំវិជ្ជាជាន់ខ្ពស់ ឬចូលធ្វើការជាក្របខ័ណ្ខរដ្ឋដោយស្រួល ។ មនុស្សដែលមានសមត្ថភាព មានការចេះដឹង ដែលអាចជម្រុញសង្គមឆ្ពោះទៅកាន់ការអភិវឌ្ឍន៏និងវឌ្ឍនភាពបានត្រូវរបបអត្តាធិបតេយ្យបញ្ឈរជើងចោល ។ ពួកគេមិនត្រូវការទុកវរជន អ្នកចេះដឹង និងក្របខ័ណ្ខមានថ្វីដៃនិងមានសមត្ថភាពនៃរបបចាស់ទេ ដូចជាលេនីននិងប៉ុលពត គេត្រូវការវរជនថ្មី អ្នកចេះដឹងថ្មី និងក្របខ័ណ្ខថ្មីដែលពូកែផ្នែកលះបង់ដើម្បីបម្រើរបបថ្មីរបស់ពួកគេជាខ្ញុំកញ្ជះដាច់ថ្លៃ ។

បើយើងយល់ថាប្រទេសកម្ពុជាបច្ចុប្បន្នជាប្រទេសប្រតិបត្តិ “រដ្ឋធម្មនុញ្ញ” ដែលអនុម័តដោយសភាធម្មនុញ្ញនាខែកញ្ញា ឆ្នាំ ១៩៩៣ មែននោះ យើងអាចសន្មតថាប្រទេសកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែរូបភាពជាក់ស្តែងគឺមិនដូច្នោះឡើយ ។ អ្វីៗត្រូវជនអត្តាធិបតីជាន់ឈ្លីខ្ទេចខ្ទីអស់ ។

មាត្រា ៣១ នៃ “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ដែលជាច្បាប់កំពូលនៃប្រជាជាតិខ្មែរ ចែង “ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្កីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធកុមារ ។”

មាត្រា ៣១ ចែងទៀតថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៏ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។”

តើមានអ្វីទៀតប្រសើរជាងបញ្ញតិ្តចែងនៅក្នុងមាត្រា ៣១ ដែលខ្មែរនៅក្នុងប្រទេសនិងនៅក្រៅប្រទេសចង់បាន ?

ជាអកុសល ជនអត្តាធិបតីក្រុងភ្នំពេញបានបំពានលើគោលការណ៏ដែលអន្តរជាតិខំប្រឹងរៀបចំដើម្បីអនុវត្តនៅប្រទេសកម្ពុជាតាំងតែពីមុនពេលសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសបានចូលជាធរមាននៅឆ្នាំ ១៩៩១ ម្ល៉េះ ។ នៅទីបញ្ចប់ នៅក្នុងខែកក្កដាដល់ខែកញ្ញាឆ្នាំ ១៩៩៧ លោក ហ៊ុន សែន បានបញ្ជាយោធាប្រដាប់អាវុធនៃគណបក្សប្រជាជនកម្ពុជាឲ្យដេញចាប់ព្រះអង្គម្ចាស់ រណឫទ្ធិ នាយករដ្ឋមន្ត្រីឈ្នះសន្លឹកឆ្នោតនៅប្រទេសកម្ពុជាឲ្យរត់ចោលស្រុក ។ តាំងពីពេលនោះមក លោក ហ៊ុន សែន បាននៅក្តោបអំណាចរដ្ឋជាជនអតា្តធិបតីពេញលេញ ។

បើជនអត្តាធិបតីត្រួតត្រាប្រទេសកម្ពុជាបច្ចុប្បន្ននៅមិនព្រមប្រតិបត្តិតាម “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ដែលជាច្បាប់កំពូលនៃប្រជាជាតិខ្មែរទេ យើងមិនអាចហៅមេដឹកនាំផ្តាច់ការក្រុងភ្នំពេញថាជាអ្វីក្រៅពីអ្នកបំផ្លាញជាតិឡើយ ។
 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។