ពន្លាត់ស្បែកឆ្មា  

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័១ ខែមីនា ឆ្នាំ២០២០

នៅក្នុងអត្ថបទខ្ញុំលើកមុនស្តីពីរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ខ្ញុំបានលើកមាត្រាមួយចំនួនមកធ្វើអត្ថាធិប្បាយ ។ មាត្រា ១៥០ ថ្មី ចែងថា “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ជា “ច្បាប់កំពូល” នៃប្រទេសខ្មែរ ។ មាត្រា ៥១ ថ្មី ចែងថា “ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនា” នៃកម្ពុជា និង “អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ” ។ រូបថតមួយចំនួនដែលខ្ញុំបានចុះផ្សាយបង្ហាញថាមាត្រានានានៃរដ្ឋធម្មនុញ្ញត្រូវបានបំពានទាំងកម្រោល ដោយភ្នាក់ងារប៉ូលីសយោធាតាមបង្គាប់បញ្ជារបស់របបគ្រប់គ្រងដឹកនាំដោយលោក ហ៊ុន សែន ។

សង្គ្រាមលោកលើកទី ២ នាឆ្នាំ ១៩៣៩-១៩៤៥ បានធ្វើឲ្យមនុស្សប្រមាណជាចំនួន ៧០-៨៥ លាននាក់ស្លាប់ ។ របបណាតស៊ីអាល្លឺម៉ង់នៅក្រោមលោក អាដុលហ្វ៍ ហ៊ីតត្លើរ៍ Adolf Hitler បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ លាននាក់ និងបានសម្លាប់រង្គាលពលរដ្ឋពូជសាសន៍ យូដា ប្រមាណជាជាង ៦ លាននាក់ ទៀត ។ របបណាតស៊ីបានដឹកជញ្ជូនពលរដ្ឋពូជសាសន៍ យូដា ពីជំរំប្រមូលផ្តុំជាច្រើនយកទៅដុតទាំងរស់នៅក្នុងមន្ទីរពិឃាតមួយចំនួន ។ នៅចំពោះមុខ holocaust នេះ មានជនជាតិអាល្លឺម៉ង់មួយចំនួនដែលរួមទំាងពួកបញ្ញវន្តផងដែរបានលាក់ខ្លួនពួនមុខសម្ងំសុខ ។ គឺពួកបញ្ញវន្តទាំងនេះហើយដែលទំព័រប្រវត្តិសាស្ត្របានដាក់ឈ្មោះថាជា “ពេជ្ឃឃាតស្ម័គ្រចិត្ត” របស់លោក ហ៊ីត ត្លើរ៍ ។ ការដែលហួសនិយាយគឺនៅប្រទេសកម្ពុជា ឧត្តមសេនីយ៍ឯកខ្មែរលោក សៅ សុខា នៃកងរាជអាវុធហត្ថបានថ្លែងការកោតសរសើរលោក ហ៊ីត ត្លើរ៍ និងបានអួតអាងថាខ្លួនលោកបានរៀនសូត្រចេះច្រើនណាស់ពីមេឃាតកណាតស៊ីរូបនេះ ។

ខ្ញុំបានភ្ជាប់ពាក្យ “ពេជ្ឃឃាតស្ម័គ្រចិត្ត” ទៅនឹងភ្នាក់ងារប៉ូលីសយោធានៅក្នុងរូបភាពដែលខ្ញុំបានចុះផ្សាយ ។ ខ្ញុំគិតថាភ្នាក់ងារទាំងនេះមិនមែនល្ងង់ខ្លៅរហូតដល់មិនដឹងខុសមិនដឹងត្រូវទេ ប៉ុន្តែពួកគេបានអនុវត្តបទបញ្ជារបស់ជនផ្តាច់ការទាំងផ្កាប់មុខដោយធ្វើសកម្មភាពដ៏ពោរពេញទៅដោយកំហឹងនិងភាពសាហាវយង់ឃ្នងធ្វើបាបកម្មលើជនជាតិដែលចេញពីឈាមឯងនិងសង្គមឯងមិនខុសពីអំពើព្រៃផ្សៃសម័យប៉ុលពតឡើយ ។ អំពើទាំងនេះបញ្ជាក់ថាពួកគេជា “ពេជ្ឃឃាតស្ម័គ្រចិត្ត” ។ ពួកគេបានផ្សំគំនិតឃុបឃិតដោយចេតនាបំផ្លិចបំផ្លាញ “ច្បាប់កំពូល” របស់ប្រទេសជាតិ និងបានជាន់ឈ្លីពុទ្ធលទ្ធិដែលបានបង្កើតឡើងជាង ២៥០០ ឆ្នាំមកហើយក្នុងគោលដៅដឹកនាំមនុស្សឲ្យខំសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។

“ពេជ្ឃឃាតស្ម័គ្រចិត្ត” មិនគ្រាន់តែសំដៅទៅលើភ្នាក់ងារដៃឆៅប៉ុណ្ណោះទេ ។ បុគ្គលនៅក្នុងអង្គការក្រៅរដ្ឋាភិបាលព្រមទាំងបុគ្គលិកតូចធំចាប់ពីប្លង់តុងនិង “សេក្រេទែរ៍”រហូតដល់មន្ត្រីខ្ពស់ទាបក្នុងជួររដ្ឋាភិបាលដែលបានឃើញខុសតែមិនហ៊ានជំទាស់និងសុខចិត្តនៅសម្ងំធ្វើមិនដឹងមិនឮបន្តបម្រើរបបផ្តាច់ការគឺជាអ្នករួមដៃដោយសកម្មក្នុងការធ្វើឲ្យវិនាសអន្តរាយរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ។ អ្នកទាំងនេះជា “ពេជ្ឃឃាតស្ម័គ្រចិត្ត” ដែរ ទោះបីពួកគេអាចមានការធុញថប់យ៉ាងណាក្តី ពីព្រោះខណៈដែលពួកគេមិនលើកដៃជំទាស់ដោយរបៀបយ៉ាងណាមួយដោយមើលរំលងអំពើអសីលធម៌និងការរំលោភនីតិរដ្ឋជាការបើកផ្លូវសម្រួលនិងជាការជួយជ្រោមជ្រែងជនផ្តាច់ការនៅក្នុងការបំផ្លិចបំផ្លាញជាតិ ។

មធ្យោបាយប្រឈមឬបន្ទច់ដំណើរអំពើយង់ឃ្នងរបស់របបផ្តាច់ការមានច្រើនសណ្ឋាន ។ នៅសហរដ្ឋអាមេរិកមានគ្រាមភាសាមួយនិយាយថា៖ មានពិធីច្រើនបែបដើម្បីពន្លាត់ស្បែកឆ្មា ។ មានន័យថា យើងអាចធ្វើកិច្ចការដ៏លំបាកបានប្រសិនបើយើងចេះឆ្នៃប្រឌិត ។ ប្លង់តុង ឬ ”សេក្រេទែរ៍” សុទ្ធតែជាមនុស្សមានតម្លៃក្នុងការបន្ទច់ដំណើររបបផ្តាច់ការកុំឲ្យជិះសេះលែងដៃសង្កត់សង្កិនពលរដ្ឋ ។

ខណៈព្រះពុទ្ធបានបង្រៀនថាយើងជាលទ្ធផលនៃការគិតរបស់យើង ទស្សនវិទូអាមេរិក លោក រ៉ាល់ហ្វ វ៉ល់ដូ អេម៉ឺរ៍សុន Ralph Waldo Emerson បានសរសេរនៅក្នុងសតវត្សទី ១៩ ថា “គំនិតជាបុព្វបុរសរបស់រាល់សកម្មភាព” ។

ព្រះពុទ្ធបានប្រដៅមនុស្សថា “បើអ្នកគិតថាអ្នកមានសមត្ថភាពគឺអ្នកប្រាកដជាមានសមត្ថភាព” ។ ព្រះអង្គបានផ្តល់រូបមន្ត “គិត-កម្ម-ផល” ដែលប្រដៅយើងថាគឺយើងទាំងអស់គ្នាជាអ្នកទទួលខុសត្រូវលើអ្វីដែលបានកើតឬដែលមិនបានកើតឡើង ។ នៅក្នុងសតវត្សទី២០ លោក ធីអូដ័រ រ៉ូហ្សឺវែល Theodore Roosevelt ប្រធានាធិបតីអាមេរិកទី ២៦ នាឆ្នាំ ១៩០១ ដល់ ១៩០៩ បានទូន្មានតាមគន្លងព្រះពុទ្ធថា “បើអ្នកជឿថាអ្នកអាចធ្វើកើតគឺអ្នកបានឈានទៅដល់ពាក់កណ្តាលផ្លូវស្រេចទៅហើយ” ។ លោកថា “ធនធាន” ដែលមនុស្សត្រូវការដើម្បីធ្វើសកម្មភាពឆ្ពោះទៅកាន់គោលដៅគឺមានជាស្រេចហើយនៅក្នុងចិត្តគំនិតខ្លួន ដូច្នេះ “ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបានដោយប្រើអ្វីដែលអ្នកមាននៅក្នុងដៃ ទោះបីអ្នកមានវត្តមាននៅទីកន្លែងណាក៏ដោយ” ។ សកម្មជនមិនត្រូវនៅរ៉េរ៉ស្ទាក់ស្ទើរទេ ។ ពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទ គួរតែចងចាំការប្រៀនប្រដៅរបស់ព្រះពុទ្ធថា ជីវិតដែលរំពឹងលើព្រេងវាសនាជាជីវិតខ្លីឥតន័យ ។ ជីវិតរបស់មនុស្សសកម្មនាំឆ្ពោះទៅរកការចម្រុងចម្រើន ។

នៅក្នុងអត្ថបទ “សុភាវធម៌ក្លាហាន” ចុះថ្ងៃទី ២៩ មករា ២០២០ ខ្ញុំបានណែនាំលោកអ្នកអាននិងស្តាប់ឲ្យយកទស្សនៈដ៏មានសារៈសំខាន់មួយរបស់លោក អេម៉ឺរ៍សុន ទៅពិចារណា ។ លោកថាមនុស្សបែកបាក់រកសាមគ្គីគ្នាមិនបានគឺមកពីបុគ្គលម្នាក់ៗខ្វះឯកភាពជាមួយខ្លួនឯង ពោលគឺម្នាក់ៗមានការប្រេះស្រាំជាមួយខ្លួនឯង ។ ដូច្នេះបើម្នាក់ៗជួសជុលការប្រេះស្រាំនៅក្នុងខ្លួន គេនឹងមានឯកភាពជាមួយខ្លួនឯង ។ នេះជាស្ពានឲ្យយើងអាចសាមគ្គីគ្នាបាន ។ គុណតម្លៃ values ជំនឿ beliefs និងគោលការណ៍ឧត្តម high principles ជាធាតុចាំបាច់ដែលភ្ជាប់បុគ្គលម្នាក់ទៅនឹងបុគ្គលម្នាក់ទៀត ។ សុភាវធម៌ឧត្តមនេះបំភ្លឺនិងតម្រង់ផ្លូវឲ្យមនុស្សដើរឆ្ពោះទៅកាន់វឌ្ឍនភាព ។ អាស្រ័យហេតុថាពលរដ្ឋខ្មែរជាអ្នកកាន់ពុទ្ធសាសនា ការគោរពអនុវត្តពុទ្ធលទ្ធិនិងទ្រឹស្តីព្រះពុទ្ធនឹងភ្ជាប់ខ្មែរនិងខ្មែរឲ្យសាមគ្គីគ្នាបាន ។

ខ្ញុំដឹងដែរថាខ្មែរមួយចំនួនមិនចូលចិត្តអំពីរឿងជំនឿសាសនាទេ ខណៈដែលជំនឿនិងសាសនាជាភ្នាក់ងារសំខាន់នៃសង្គមូបនីយកម្មដែលពត់បត់បែនឥរិយាបថនយោបាយរបស់មនុស្ស ។ ព្រះពុទ្ធជាទស្សនវិទូ ចិត្តវិទូ សកម្មជន និងជាគ្រូបង្រៀនយ៉ាងឆ្នើម ។ ពុទ្ធសាសនាមានបរិស័ទតែប្រមាណជា ៥០០ លាននាក់ទេ តែមានមនុស្សច្រើននៅក្នុងពិភពលោកដែលមានមនុស្សប្រមាណជាជិត ៨ ពាន់លាននាក់បានរៀនសូត្រអំពីពុទ្ធលទ្ធិនិងទ្រឹស្តីព្រះពុទ្ធដែលពួកគេបានយកទៅអនុវត្តនៅក្នុងជីវិតទៀតផង ។

ខ្ញុំមិនមែនជាអ្នកកាន់ពុទ្ធសាសនា និងមិនអះអាងថាមានសមត្ថភាពដឹងយល់ច្បាស់អំពីពុទ្ធសាសនាដែរ ។ ក៏ប៉ុន្តែខ្ញុំជាសិស្សប្រចាំជីវិត ។ ខ្ញុំបានរៀនពុទ្ធលទ្ធិតាំងពីខ្ញុំនៅវ័យកុមារនៅភូមិឫស្សីកែវ ។ កាលខ្ញុំនៅរៀនឯសកលវិទ្យាល័យអាមេរិក ខ្ញុំបានបង្កើតក្របខ័ណ្ឌ “យោង-ព្យួរ-ត-ភ្ជាប់” ក្នុងការគិតនិងសរសេរដោយប្រើរូបមន្ត “អធិប្បាយ-វិភាគ-ព្យាករ” ពោលគឺអធិប្បាយឥតលំអៀង វិភាគរកហេតុផល និងព្យាករអំពីអ្វីដែលទំនងកើតឬមិនកើតឡើង ។ ខ្ញុំផ្អែកលើគោល “ពាក់ព័ន្ធ-ចាំបាច់-ខ្វះមិនបាន” ។ យ៉ាងដូច្នេះខ្ញុំសូមសរសេរជាសម្រាយនូវចំណុចសំខាន់ក្នុងពុទ្ធសាសនាដែលជាធាតុចាំបាច់ភ្ជាប់ខ្មែរដែលប្រឆាំងនឹងជនផ្តាច់ការឲ្យសាមគ្គីគ្នាបាននៅក្នុងសកម្មភាពឆ្ពោះទៅកាន់ប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋ ។

ការអប់រំអំពីអ្វីត្រឹមត្រូវដែលត្រូវធ្វើ និងអំពីអ្វីមិនត្រឹមត្រូវដែលត្រូវចៀសវាងបានកើតឡើងតាំងពីសម័យមុនគ្រិស្តសករាជម្លេះ ។ នៅក្នុងសតវត្សទី ៥-៦ មុនគ្រិស្តសករាជ ព្រះពុទ្ធ (៥៦៣មគស-៤៨៣មគស) បានបញ្ចេញពុទ្ធលទ្ធិដើម្បីដឹកនាំមនុស្សឲ្យកសាងអំពើល្អនិងឲ្យចៀសវាងអំពើអាក្រក់ ។ នៅក្នុងសម័យកាលនោះដែរ បរមគ្រូ ខុង ជឺ (៥៥១មគស-៤៧៩មគស ) បានប្រដៅថាបើយើងដឹងថាអ្វីត្រឹមត្រូវ រួចបែរជាមិនព្រមធ្វើតាមសោះ នេះគឺមកពីយើងខ្វះភាពក្លាហានក្នុងការធ្វើអ្វីដែលត្រឹមត្រូវ និងមកពីយើងជាមនុស្សកំសាក ។ លោក ខុង ជឺ បានប្រដៅថា “ភាពអោនលំទោនជាគ្រឹះនៃគុណធម៌ទាំងអស់” Humility is the foundation of all virtues និងបានទូន្មានកុំឲ្យប្រព្រឹត្តទៅលើគេនូវអ្វីដែលមិនចង់ឲ្យគេប្រព្រឹត្តមកលើខ្លួន ។

ការដឹកនាំមនុស្សឲ្យខំសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ជាកម្មវិធីមួយដែលមនុស្សនៅក្នុងពិភពលោកឱបក្រសោប ។ ពុទ្ធលទ្ធិបង្រៀនអំពីកម្មផលនិងហេតុផលនៃទុក្ខព្រួយនៅក្នុងជីវិតមនុស្ស ។ ចតុរារិយសច្ចៈ ឬ The 4 Noble Truths បង្រៀនថា មនុស្សមាន “ទុក្ខ” ប្រចាំកាយដែលនាំឲ្យយើងជួបប្រទះនឹងការពិបាកតាមផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត និងផ្លូវសម្ភារៈ ។ បុព្វហេតុនៃទុក្ខគឺតណ្ហាដែលមានដើមហេតុមកពីការចង់បានហួសហេតុឬលោភៈ – ពីកំហឹងឬទោសៈ – ពីការវង្វេងភ័ន្តស្មារតីមិនស្គាល់ខុសត្រូវឬមោហៈ – និងពីតម្រេកត្រេកត្រអាលឬរាគៈ ។ នេះមិនមែនជារឿងជំនឿសាសនាទេ នេះជាទស្សនៈមួយ ។ ពុទ្ធលទ្ធិជាមូលដ្ឋានឲ្យពុទ្ធបរិស័ទស្គាល់ខ្លួនឯងនិងមនុស្សនៅជុំវិញ ។ ទំនាក់ទំនងរវាងទុក្ខនិងតណ្ហាអាចសង្ខេបឲ្យបានខ្លីដូចតទៅ ។ តើតណ្ហានៅក្នុងរង្វង់របបផ្តាច់ការមានកំពស់កម្រិតណាដែរ ?

ទំនាក់ទំនងរវាងអាយតនៈឬឥន្ទ្រិយ sense (គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង ចិត្ត ) ជាមួយនឹងលោកខាងក្រៅ external environment ធ្វើឲ្យអារម្មណ៍រំភើបនិងចិត្តរំជួលងប់ ដែលនាំមនុស្សឲ្យសាងកម្មគឺប្រព្រឹត្តអំពើល្អឬអាក្រក់ ។ នេះគឺការកសាងរបស់មនុស្ស ឬសង្ខារដែលមានប្រភពពីកម្ម ។ សង្ខារនាំមនុស្សឲ្យវេទនា ។

ការអប់រំរំលត់ទុក្ខហៅថា “និរោធ” គឺការបំបាត់ចោលនូវលោភៈ ទោសៈ មោហៈ និង រាគៈ ដែលចងមនុស្សភ្ជាប់ទៅនឹងទុក្ខ ។ ពុទ្ធលទ្ធិបង្ហាញនូវមាគ៌ាប្រាំបីប្រការហៅ “អដ្ឋង្គិកមគ្គ” ដែលនាំទៅកាន់ការរំលត់ទុក្ខ គឺ ៖ ការយល់ឃើញក្នុងផ្លូវត្រូវ – ការពិចារណាក្នុងផ្លូវត្រូវ – ការនិយាយក្នុងផ្លូវត្រូវ – ការប្រកបកិច្ចការងារក្នុងផ្លូវត្រូវ – ការរកស៊ីចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ – ការព្យាយាមក្នុងផ្លូវត្រូវ – ការភ្ញាក់រលឹកក្នុងផ្លូវត្រូវ – ការតម្កល់ចិត្តធ្វើសមាធិក្នុងផ្លូវត្រូវ ។ ការសម្រេចអដ្ឋង្គិកបានទាំងស្រុងឬបានខ្លះ គឺនាំមនុស្សឲ្យឈានឆ្ពោះទៅរកបរមសុខ ។

បុគ្គលដែលបានឈានដល់ដំណាក់បរមសុខគឺបានជួសជុលការប្រេះស្រាំនៅក្នុងខ្លួននិងមានឯកភាពជាមួយខ្លួនគេ ។ កង្វះនៃឯកភាពរវាងបុគ្គលនិងខ្លួនឯងដែលធ្វើឲ្យអ្នកនិពន្ធជាតិរុស្ស៊ី លោក ឡេវ តូលស្តយ Leo Tolstoy (១៨២៨-១៩១០) ត្អូញត្អែរថា “មនុស្សគ្រប់រូបរវល់គិតតែអំពីការកែប្រែផ្លាស់ប្តូរពិភពលោក គ្មាននរណាគិតអំពីការកែប្រែផ្លាស់ប្តូរខ្លួនឯងសោះ” ។ តែព្រះពុទ្ធបានប្រដៅមនុស្សថាខ្លួនត្រូវទីពឹងខ្លួន ។ ពុទ្ធលទ្ធិដឹកនាំមនុស្សឆ្ពោះទៅរកសុខដោយសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។ អដ្ឋង្គិកមគ្គគឺជាអ្វីដែលលោក ឡេវ តូលស្តយ ចង់ឃើញនោះ ។

សម្តេច ដាឡៃ ឡាម៉ា ទី១៤ បានប្រកាសថា “សន្តិភាពពិតប្រាកដត្រូវតែចេញពីសន្តិភាពផ្ទៃក្នុងរបស់មនុស្ស” ពោលគឺទាល់តែបុគ្គលសាងសុខឲ្យខ្លួនឯងបានហើយទើបមនុស្សជាតិស្គាល់ “សន្តិភាពពិតប្រាកដ” ។ ទស្សនវិទូនៅក្នុងពិភពលោកបានខំណែនាំមនុស្សឲ្យបង្កើតសន្តិភាពនៅក្នុងខ្លួនឯងឲ្យមានអារម្មណ៍ស្ងប់និងស្កប់ស្កល់ដោយគ្មានទំនាស់អារម្មណ៍នៅក្នុងខ្លួន ។ ពោលគឺត្រូវព្យាបាលការប្រេះស្រាំនៅក្នុងខ្លួនដែលចាំបាច់បង្កើតសាមគ្គីភាពនិង បណ្តុះសុភាវធម៌ឧត្តមប្រឆាំងនឹងរបបផ្តាច់ការ ។ ខ្ញុំបានថតចម្លាក់ខាងក្រោមនេះនៅសារមន្ទីរសង្គ្រាមនៅប្រទេសកូរ៉េស្ថិតនៅទីក្រុងវ៉ាស៊ិនតោនដែលរំលឹកថាសេរីភាពតម្រូវឲ្យមានការតស៊ូស្វិតស្វាញណាស់គឺមិនមែនធ្លាក់ពីលើមេឃមកទេ ។

ខ្ញុំសូមលោកអ្នកអាននិងស្តាប់ចងចាំនូវពាក្យពេចន៍របស់ទស្សនវិទូជាតិអៀរ៍ឡង់ លោក អិដម៉ុន ប៊ឺរ៍គ Edmund Burke (១៧២៩-១៧៩៣) ដែលគេបានយកមកផ្សព្វផ្សាយនិងសូត្រតៗគ្នានៅគ្រប់តំបន់នៅក្នុងពិភពលោក ដូចខ្ញុំចុះផ្សាយក្នុងប្រអប់ខាងក្រោមនេះ ។ ខណៈលោក ប៊ឺរ៍គ ថ្លែងអំពីការស្ងប់ស្ងាត់របស់មនុស្សល្អដែលធ្វើឲ្យមនុស្សឃោរឃៅមានជ័យជំនះ នៅអាមេរិកបិតាស្ថាបនិកសហរដ្ឋអាមេរិកលោក បិនហ្ចាមិន ហ្វ្រាំងក្លិន Benjamin Franklin (១៧០៥-១៧៩០) បានទូន្មានថា “យើងទាំងអស់គ្នាត្រូវតែកៀកកគ្នាប្រយុទ្ធជាធ្លុងមួយ បើមិនដូច្នោះទេយើងទាំងអស់គ្នាប្រាកដជាត្រូវគេព្យួរកម្នាក់ម្តងៗជាមិនខាន” ។

កាលពីសតវត្សទី១៥ លោក នីកូឡូ ម៉ាគីអាវែលលី Niccolò Machiavelli (១៤៦៩-១៥២៧) ជាមន្ត្រីជាន់ខ្ពស់នៃសាធារណរដ្ឋហ្វឡូរិនថែន Florentine ដែលត្រូវបានគេទទួលស្គាល់ថាជាបិតានៃទស្សនវិជ្ជានយោបាយទំនើប បានត្អូញត្អែរអំពីការលំបាកក្នុងការផ្តួចផ្តើមបង្កើតរបៀបរបបថ្មីមួយ ពីព្រោះអ្នកដែលធ្លាប់បានទទួលលាភផលពីរបៀបរបបចាស់មិនហ៊ានចេញមុខការពារកំណែទម្រង់ថ្មី ហើយអ្នកដែលគាំទ្រកំណែទម្រង់ថ្មីក៏មិនហ៊ានចេញមុខការពារដោយក្លាហានដែរ ព្រោះនៅខ្លាចសត្រូវផងនិងនៅមិនទុកចិត្តលើអ្វីថ្មីដែលមិនធ្លាប់មានបទពិសោធផង ។

ឈ្មោះលោក Machiavelli បានរំលឹកដល់អ្នកនយោបាយឥតសុភាវធម៌ដែលលោកបានសរសេរនៅក្នុងសៀវភៅដ៏ល្បីឈ្មោះ The Prince ឬ អ្នកអង្គម្ចាស់ និពន្ធក្នុងទសវត្សរ៍ឆ្នាំ ១៥០០ ។ លោកបានសរសេរថាអាកប្បកិរិយាអសីលធម៌ដូចជាការបោកបញ្ឆោតនិងការសម្លាប់មនុស្សស្លូតត្រង់គឺជារឿងធម្មតានិងមានប្រសិទ្ធភាពនៅក្នុងរឿងនយោបាយ ។ សៀវភៅនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ថាលោកបង្រៀនជនផ្តាច់ការឲ្យរក្សាអំណាចដោយប្រើមធ្យោបាយអាក្រក់ ។

ប៉ុន្តែយើងគួរកត់សំគាល់ថាទស្សនៈអំពីមធ្យោបាយបោកបញ្ឆោតឬធ្វើឃាតកម្មមានតាំងពីសម័យមុនលោក ម៉ាគីអាវែលលី ម្ល៉េះ ដូចជាគំនិតនិងយុទ្ធសាស្ត្ររបស់លោកឧត្តមសេនីយ៍ ស៊ុន ត៍ស៊ូ Sun Tzu ក្នុងសតវត្សទី ៥-៦ មុនគ្រិស្តសករាជ និងយុទ្ធសាស្ត្រ ៣៦ របស់ចិនបុរាណក្នុងសតវត្សទី ៥-៧ មគស ដូចមានចុះផ្សាយក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។

ទោះជាយ៉ាងណាក៏ដោយ នៅសតវត្សទី២០ លោក រ៉ូប៊ឺរ៍ត កេណ្ណឺឌី Robert F. Kennedy (កើតឆ្នាំ ១៩២៥ ស្លាប់ឆ្នាំ ១៩៦៨ ដោយសារគេធ្វើឃាត) ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក និងជាសមាជិកព្រឹទ្ធសភាពីឆ្នាំ ១៩៦៥ រហូតដល់ពេលលោកស្លាប់ បានថ្លែងនៅក្នុងសុន្ទរកថាមួយប្រាប់សកម្មជនប្រឆាំងនឹងរបបប្រកាន់ពូជសាសន៍ apartheid នៅប្រទេសអាហ្វ្រីកខាងត្បូងនៅឆ្នាំ ១៩៦៦ ថាកុំឲ្យអស់សង្ឃឹមពីព្រោះ “មានចលនាផ្នែកគំនិតនិងផ្នែកសកម្មភាពជាច្រើននៅក្នុងពិភពលោកដែលបានកើតឡើងដោយសារតែកិច្ចការរបស់មនុស្សតែម្នាក់គត់” ។

លោកបានសារភាពថាមានមនុស្សចំនួនតិចតួចណាស់ដែលមានសមត្ថភាពបង្វែរទិសដៅប្រវត្តិសាស្ត្រ “ក៏ប៉ុន្តែយើងម្នាក់ៗអាចធ្វើសកម្មភាពកែប្រែព្រឹត្តិការណ៍បានមួយផ្នែកតូច ហើយបើយើងបូកសរុបសកម្មភាពតូចៗទាំងអស់យើងនឹងឃើញទំព័រប្រវត្តិសាស្ត្រដែលកត់ត្រាអំពីមនុស្សនៅជំនាន់នេះ” ។ “គឺភាពក្លាហាននិងជំនឿស៊ប់រាប់មិនអស់ដែលបង្កើតទ្រង់ទ្រាយប្រវត្តិសាស្ត្រ ។ នៅរាល់ពេលដែលបុគ្គលម្នាក់ក្រោកឈរការពារឧត្តមគតិមួយ ឬធ្វើសកម្មភាពកែលំអវាសនារបស់អ្នកដទៃ ឬធ្វើសកម្មភាពប្រយុទ្ធនឹងអយុត្តិធម៌ គឺបុគ្គលរូបនេះហើយដែលបង្កើតឲ្យមានទឹករលកតូចមួយនៃសេចក្តីសង្ឃឹម ។ គឺទឹករលកតូចៗដែលហូរផុសចេញពីមជ្ឃមណ្ឌលថាមពលនៅរាប់លានកន្លែងដែលបង្កើតជាចរន្តមួយដែលអាចរំលើងចោលបាននូវរបបគាបសង្កត់ដ៏រឹងមាំបំផុត” (សូមអានអត្ថបទ “ទឹករលកតូចមួយ…ពីរ… បី…ហូរចូលគ្នា” ចុះថ្ងៃទី ២៦ មករា ២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។

លោក កេណ្ណឺឌី បានថ្លែងប្រាប់ពលរដ្ឋអាហ្វ្រីកខាងត្បូងថា “មានមនុស្សតិចតួចណាស់ដែលមានសេចក្តីក្លាហានប្រឈមនឹងការមិនពេញចិត្តពីមិត្តភ័ក្ត ការស្តីបន្ទោសពីសហការី និងកំហឹងរបស់សង្គម ។ សុភាវធម៌ក្លាហានគឺជារបស់កម្រជាងសេចក្តីក្លាហាននៅលើសមរភូមិ ឬជាងភាពវៃឆ្លាតទៅទៀត ។ សុភាវធម៌ក្លាហានគឺជាគុណភាពចាំបាច់និងមានសារៈសំខាន់សម្រាប់អ្នកដែលព្យាយាមកែប្រែផ្លាស់ប្តូរពិភពលោកមួយដែលសុខចិត្តកែប្រែផ្លាស់ប្តូរយ៉ាងឈឺចាប់ជាទីបំផុត” ។

សូមសកម្មជនខ្មែរដែលប្រឆាំងនឹងជនផ្តាច់ការក្រោកឈរឡើង ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com