ប្រជាជាតិអន្តោប្រវេសន៍នៅក្នុងកលិយុគ

ប្រជាជាតិអន្តោប្រវេសន៍នៅក្នុងកលិយុគ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៥ ខែ សីហា ឆ្នាំ ២០២០

មនុស្សធ្វើចំណាកស្រុកដោយបុព្វហេតុផ្សេងៗ ។ គោលបំណងគឺស្វែងរកភាពប្រសើរនៅទីកន្លែងថ្មី ។ ជាងមួយម៉ឺនឆ្នាំមកហើយដែលមនុស្សចំណាកស្រុកពីទ្វីបអាស៊ីបានធ្វើដំណើរកាត់ឆ្លងតំបន់នានាឆ្ពោះទៅកាន់ទ្វីបអាមេរិក ។ អ្នកដែលបានតាំងទីលំនៅនៅទ្វីបអាមេរិកខាងជើងជាជនជាតិដើមអាមេរិកហៅថា Native Americans ។ ពួកគេទាំងនោះជា “ម្ចាស់ដើម” នៃទឹកដីបច្ចុប្បន្នសហរដ្ឋអាមេរិក ។

ជនជាតិដើមអាមេរិកនៃកុលសម្ព័ន្ធ Powhatan (“ផៅហាថាន់”) ចំនួនជាង ១ ម៉ឺននាក់បានរស់នៅក្នុងភូមិភាគខាងកើតនៃរដ្ឋវៀរ៍ហ្ស៊ីន្យារួចស្រេចទៅហើយនៅពេលដែលជនជាតិអង់គ្លេសប្រមាណជា ១០០ នាក់មកកសាងអាណានិគមហៅ ហ្ចេមស៍ថោន Jamestown ដែលស្ថិតប្របនឹងមាត់ទន្លេអង់គ្លេសហៅថា “ហ្ចេមស៍” James នាឆ្នាំ ១៦០៧ ។ ជនជាតិដើមអាមេរិកហៅទន្លេនេះថាទន្លេ “ផៅហាថាន់” Powhatan នៅប្រមាណជា ៤ គីឡូម៉ែត្រពី វីល្លីយាំស្ប៊ើគ Williamburg រដ្ឋ វៀរ៍ហ្ស៊ីន្យា ។

មួយឆ្នាំបន្ទាប់មក ជនជាតិ ប៉ូឡូញ និង អាល្លឺម៉ង់ ៨ នាក់ ព្រមទាំងស្ត្រីជាតិអឺរ៉ុប ២ នាក់ទៀតបានចូលមករស់នៅក្នុងសហគម ហ្ចេមស៍ថោន ដែលបានក្លាយទៅជារដ្ឋធានីនៃអាណានិគមរបស់ចក្រភពអង់គ្លេសនៅអាមេរិកពីឆ្នាំ ១៦១៦ ដល់ ១៦៩៩ ។ នៅឆ្នាំ ១៦១៩ សំពៅមួយបើកបរនៅក្រោមទង់ជាតិហូឡង់បានដឹកជនជាតិស្បែកខ្មៅមកពីទ្វីបអាហ្វ្រិកខាងលិចចំនួន ២០ នាក់មកលក់ជាទាសករនៅហ្ចេមស៍ថោន ។ មួយឆ្នាំក្រោយមកទៀត មានសំពៅអង់គ្លេសឈ្មោះ “មេហ្វ្លៅវឺរ” Mayflower បានដឹកជនជាតិអង់គ្លេសកាន់សាសនាប្រូតេសស្តង់ចំនួន ១០២ នាក់ដែលគេហៅថា Pilgrims មកចុះនៅ Cape Cod រដ្ឋម៉ាសាឈូសិតស៍ ។ ពួក Pilgrims បានបង្កើតអាណានិគមមួយនៅ “ភ្លីម៉ុត” Plymouth ។ Pilgrims អះអាងថាពួកគេមកអាមេរិកដើម្បីស្វែងរកសេរីភាពសាសនា ។

ផ្អែកលើរូបភាពនេះ សហរដ្ឋអាមេរិកចាប់ផ្តើមឡើងជាទឹកដីរបស់ជនជាតិដើមដែលចំនួនម៉ឺនឆ្នាំមុនជាជនចំណាកស្រុកមកពីទ្វីបអាស៊ី ។ នៅឆ្នាំ ១៦០៧ ចក្រភពអង់គ្លេសបានមកសាងសង់អាណានិគមនៅ ហ្ចេមស៍ថោន ។ អត្ថបទខ្ញុំក្រោមចំណងជើងថា “ការវិវត្តនៃភាពជាអ្នកដឹកនាំអាមេរិក” ចុះថ្ងៃទី ១៨ កក្កដា ២០២០ បានលើកព្រឹត្តិការណ៍ ២ នៅ ហ្ចេមស៍ថោន នាឆ្នាំ ១៦១៩ ដែលបានកំណត់ជោគវាសនាសហរដ្ឋអាមេរិកចាប់ពីពេលនោះមក ។

ជាការចំអកមួយរបស់ប្រវត្តិសាស្ត្រដែលអាណានិគមរបស់ចក្រភពអង់គ្លេសនៅអាមេរិកបើកផ្លូវបង្ហាញជនអន្តោប្រវេសន៍ដែលជាពលរដ្ឋអាណានិគម ហ្ចេមស៍ថោន ឲ្យស្គាល់អំពីប្រព័ន្ធ “រដ្ឋាភិបាលតំណាងរាស្ត្រ” និងបំផុលគំនិតស្មារតីមនុស្សចំណាកស្រុកដែលនៅទីបញ្ចប់នាំពួកគេឲ្យធ្វើប្រតិកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសនិងឲ្យសច្ចា “បូជាជីវិត ជោគវាសនា និងកត្តិយសដ៏ពិសិដ្ឋ” ទាមទារ “សិទ្ធិបំពានមិនបាន គឺជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។ គឺគំនិតស្មារតីធ្វើប្រតិកម្មប្រឆាំងនឹងការប្រើអំណាចសង្កត់សង្កិនតាំងពីសម័យអាណានិគមនោះហើយដែលនៅមានបន្តនៅលើទឹកដីអាមេរិកសព្វថ្ងៃនេះ ។

សូមកត់សំគាល់ថាជីទួតរបស់បិតាស្ថាបនិកអាមេរិកឈ្មោះហ្ចរ៍ច វ៉ាស៊ិនតោន George Washington ជាជនចំណាកស្រុកជាតិអង់គ្លេសម្នាក់ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាណានិគមអង់គ្លេសនៅរដ្ឋវៀរ៍ហ្ស៊ីន្យានៅឆ្នាំ ១៦៥៦ ។ ចៅប្រុសរបស់លោកគឺកុមារ ហ្ចរច៍ វ៉ាស៊ិនតោន ដែលកើតនៅលើដីវៀរ៍ហ្ស៊ីន្យាអាមេរិកនាឆ្នាំ ១៧៣២ និងបានឡើងជាប្រធានាធិបតីទី ១ នៃសហរដ្ឋអាមេរិកនាឆ្នាំ ១៧៨៩-១៧៩៧ ។ ដូចគ្នាដែរ ជីដូនជីតារបស់បិតាស្ថាបនិកសហរដ្ឋអាមេរិកឯទៀតមានជាអាទិ៍គឺជីដូនជីតារបស់ លោក បិនហ្ចាម៉ិន ហ្វ្រាំងក្លិន Benjamin Franklin ជាជនអន្តោប្រវេសន៍ជាតិអង់គ្លេស ហើយជីដូនជីតារបស់លោក ហ្ចន ហ្ចេយ៍ John Jay ក៏ជាជនអន្តោប្រវេសន៍ពូជសាសន៍បារំាងលាយហូឡង់ ។ល។

យោងតាមសៀវភៅប្រជុំវិជ្ជា Wikipedia នៅចន្លោះឆ្នាំ ១៦០០-១៧៩៩ មានជនអន្តោប្រវេសន៍ពីទ្វីបអឺរ៉ុបជិត ១ លាននាក់បានមកតាំងទីលំនៅនៅអាមេរិក ។ ពីឆ្នំា ១៧០០ ដល់ ១៧៧៥ មានជនជាតិអង់គ្លេសចំនួនជាង ៥ ម៉ឺននាក់ ជនជាតិស្កត់ អៀរ៍ឡង់ អាល្លឺម៉ង់ ស្វីស បារាំងជិត ៥ សែននាក់ បានមករស់នៅអាមេរិក រួមទាំងជនជាតិអាហ្វ្រិកជាង ៣ សែននាក់ដែលត្រូវបានដឹកជញ្ជូនដោយបង្ខំ ។ ពីឆ្នាំ ១៨៣៦ ដល់ឆ្នាំ ១៩១៤ ជនជាតិអឺរ៉ុបជាង ៣០ លាននាក់បានធ្វើអន្តោប្រវេសន៍មកកាន់អាមេរិក ។

និយាយរួម ជនចំណាកស្រុកបានធ្វើអន្តោប្រវេសន៍មកកាន់អាមេរិកដើម្បីគេចពីការសង្កត់សង្កិននៃរបបផ្តាច់ការ ភាពក្រីក្រ កង្វះដីធ្លីនិងការងារ ទុរ្ភិក្ស អសន្តិសុខ និងអំពើអយុត្តិធម៌នានា ។

ប៉ុន្តែមានបុព្វហេតុធំមួយដែលទាញជនអន្តោប្រវេសន៍មកកាន់អាមេរិកគឺជំនឿទៅលើ American Dream ដែលអះអាងថាមនុស្សណាក៏ដោយឲ្យតែមានឆន្ទៈតស៊ូនឹងឧបសគ្គគឺអាចបង្កើតជីវិតថ្មីនិងប្រសើរមួយដែលផ្តល់នូវភាពរុងរឿងនិងនូវសេរីភាពក្នុងការជ្រើសរើសដូចជាសមភាព លទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ វឌ្ឍនភាព ។

ខណៈជនអន្តោប្រវេសន៍ពីទ្វីបអឺរ៉ុបភាគច្រើនបានមកកាន់អាមេរិកដោយចូលតាមតំបន់កោះអេលីស Ellis Island ដែលមានរូបសំណាកទេពធីតា Libertas ស្ថិតនៅរដ្ឋញូវយ៉កលើកចន្លុះភ្លើងចាំទទួល ជនអន្តោប្រវេសន៍ជាតិចិនចំនួនប្រមាណជា ៣ សែននាក់ចូលមកអាមេរិកតាមតំបន់កោះអេងហ្ចិល Angel Island នៅរដ្ឋកាលីហ្វួរន្យានៅចុងទសវត្សឆ្នាំ ១៨៨០ ។

នៅក្នុងទសវត្សឆ្នាំ ១៩០០ មនុស្សចំណាកស្រុកចំនួនជាង ៨ លាននាក់បានធ្វើអន្តោប្រវេសន៍មកកាន់អាមេរិក ។ ចំនួនជនអន្តោប្រវេសន៍ដែលមានច្បាប់ចូលត្រឹមត្រូវមានចំនួនពី ១០ ទៅ ១១ លាននាក់នៅឆ្នាំ ១៩៩១ ដល់ ២០០០ ។ ចាប់ពីឆ្នាំ ២០០០ មក អាមេរិកបានទទួលជនអន្តោប្រវេសន៍ចំនួនប្រមាណជា ១ លាននាក់ក្នុងមួយឆ្នាំៗ ។ នៅឆ្នាំ ២០០៨ ជនអន្តោប្រវេសន៍ជាង ១ លាននាក់បានទទួលសញ្ជាតិអាមេរិក ។ ប៉ុន្តែរបាយការណ៍អន្តោប្រវេស៍ឆ្នាំ ២០០៥-២០០៦ មនុស្សចំណាកស្រុកចំនួនពី ៧ សែនដល់ ១ លានកន្លះ បានចូលមកអាមេរិកដោយឥតមានច្បាប់ត្រឹមត្រូវ ។

ទោះជាយ៉ាងណាក៏ដោយ គិតពីដើមទសវត្ស ១៩៩០ ដល់ឆ្នាំ ២០១៥ អាមេរិកបានទទួលជនអន្តោប្រវេសន៍ស្របច្បាប់ចំនួន ៤៧ លាននាក់ — ដែលជាចំនួនច្រើនលើសប្រទេសឯទៀតនៅក្នុងពិភពលោក ។

សៀវភៅប្រជុំវិជ្ជា Wikipedia សរសេរថាគេឥតមានដាក់ដែនកំណត់ច្បាស់លាស់ទេអំពីចំនួនជនអន្តោប្រវេសន៍ដែលអនុញ្ញាតឲ្យចូលមកកាន់សហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ។ តាមស្ថិតិ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ មានជនអន្តោប្រវេសន៍ពីប្រទេសចំនួន ១០ ដែលបានចូលមកអាមេរិកមានចំនួនសរុបជាង ១ លាននាក់ក្នុងមួយឆ្នំាៗ ។ ប្រទេសម៉ិចស៊ីកូ ជាប្រទេសទី ១ ដែលមានជនអន្តោប្រវេស៍ចំនួនច្រើនជាងគេគឺជាង ១ សែននាក់ក្នុងមួយឆ្នាំ ។ ប្រទេសទី ២ គុយបា ៥ ម៉ឺននាក់នៅឆ្នាំ ២០១៥ ទៅ ៧ ម៉ឺននាក់នៅឆ្នាំ ១០១៨ ប្រទេសទី ៣ គឺចិន ទី ៤ ឥណ្ឌា . . . និងប្រទេសទី ១០ ហ្ចាមៃកា Jamaica ពី ១ ម៉ឺន ៧ ពាន់ដល់ជាង ២ ម៉ឺននាក់ ។

គ្មានអ្វីឲ្យភ្ញាក់ផ្អើលទេថាបន្ទាប់ពីអាមេរិកបានផ្ទេរអំណាចគ្រប់គ្រងពីគណបក្សប្រជាធិបតេយ្យទៅគណបក្សសាធារណដ្ឋក្រោយការបោះឆ្នោតសកលនាឆ្នាំ ២០១៦ របបគ្រប់គ្រងថ្មីបានកែទម្រង់ដំណើរការអន្តោប្រវេសន៍អាមេរិក ។ នៅខែមករា ២០១៧ រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្ត “បញ្ជាប្រតិបត្តិ” Executive Order ផ្អាកដំណើរចូលអាមេរិកដោយពលរដ្ឋមកពី ៧ ប្រទេសដែលមានពលរដ្ឋភាគច្រើនកាន់សាសនាឥស្លាម និង “បញ្ជាប្រតិបត្តិ” មួយទៀតឲ្យសាងសង់កំផែងព្រំដែនរវាងអាមេរិកនិងម៉ិចស៊ីកូ ។ ការកែទម្រង់ឬអនុវត្តនយោបាយថ្មីជាការធម្មតានៅក្នុងការគ្រប់គ្រងប្រទេស ។ បើបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំជាកត្តាសំខាន់ដែលអាចបង្រួបបង្រួញឬបង្កើនការប្រេះស្រាំនៅក្នុងសង្គម បុគ្គលិកលក្ខណៈនៃអ្នកជឿនិងអ្នកដើរតាមក៏ជាកត្តាសំខាន់ដែលអាចបន្ធូរបន្ថយភាពតឹងតែងបានដែរ ។

នៅអាមេរិក នយោបាយ “គ្មានការលើកលែង” “zero tolerance” policy ដែលបានប្រកាសឡើងនិងបានអនុវត្តនៅឆ្នាំ ២០១៨ អនុញ្ញាតឲ្យភ្នាក់ងារ ICE (Immigration & Customs Enforcement) បំបែកកូនក្មេងចេញពីគ្រួសារដែលធ្វើអន្តោប្រវេសន៍ចូលអាមេរិកដោយឥតមានច្បាប់ត្រឹមត្រូវ បានបង្កើតការរំជើបរំជួលនៅក្នុងប្រទេស បង្កើនភាពតានតឹងរវាងអ្នកជឿអ្នកដើរតាមគណបក្សគ្រប់គ្រង និងអ្នកមិនយល់ស្រប ។ អង្គការសហប្រជាជាតិបានប្រកាសថារោងឃុំឃាំងជនអន្តោប្រវេសន៍និងការបំបែកកូនក្មេងពីគ្រួសារជាការរំលោភបទដ្ឋាននិងគោលការណ៍សិទ្ធិមនុស្ស ។

ខ្ញុំបានមើលស៊េរីខ្សែភាពយន្តឯកសារនៅក្រោមចំណងជើងថា Immigration Nation ឬ “ប្រជាជាតិអន្តោប្រវេសន៍” ដែលសេវាកម្ម Netflix បានផ្សាយនៅថ្ងៃទី ៣ សីហា ។ ស៊េរីខ្សែភាពយន្តមាន ៦ ភាគ មួយភាគៗមានប្រវែងជាងមួយម៉ោង ដែលត្រូវបានថតនៅចន្លោះខែកុម្ភៈ ២០១៧ ដល់ខែកុម្ភៈ ២០២០ ដោយមានសេចក្តីអនុញ្ញាតពីអាជ្ញាធរឲ្យអ្នកថតនិងអ្នកយកព័ត៌មានធ្វើដំណើរជាមួយភ្នាក់ងារអន្តោប្រវេសន៍និងគយ Immigration and Customs Enforcement (ICE) នៃក្រសួងសន្តិសុខជាតិ Homeland Security ។ អ្នកផលិតខ្សែភាពយន្តទុកឲ្យខ្សែភាពយន្តបង្ហាញព្រឹត្តិការណ៍ដោយឥតធ្វើអត្ថាធិប្បាយ និងរក្សា សម្លេងដើមរបស់ភ្នាក់ងារ ICE និងជនអន្តោប្រវេសន៍នៅក្នុងភាពយន្ត ។ ទីភ្នាក់ងារ ICE បានព្យាយាមរារាំង Netflix មិនឲ្យផ្សាយខ្សែភាពយន្តនៅមុនពេលបោះឆ្នោតសកល
អាមេរិកនៅខែវិច្ឆិកានេះ ក៏ប៉ុន្តែរារាំងមិនបានជោគជ័យ ។ ខណៈអ្នកនាំពាក្យរបស់ ICE សំដែងការភ្ញាក់ផ្អើលថាខ្សែភាពយន្តមិនបានបង្ហាញភាពជាក់ស្តែង អ្នកផលិតថ្លែងថាឥតមានការកាត់កង់បន្ថែមបន្ថយអ្វីនៅក្នុងខ្សែភាពយន្តទេ ។

ខ្ញុំឃើញខ្សែភាពយន្តឯកសារនេះបង្ហាញអំពីលក្ខណៈភាពនៃអន្តោប្រវេសន៍អាមេរិកតាម រយៈភ្នែករបស់ភ្នាក់ងារ ICE និងជនអន្តោប្រវេសន៍ដែលជាតារាសំដែងក្នុងភាពយន្ត ។

ទោះបីអ្នកមើលមានទស្សនៈយ៉ាងណាក្តីអំពីអន្តោប្រវេសន៍អាមេរិក ខ្សែភាពយន្តនេះផ្តល់ព័ត៌មានរស់រវើកដែលធ្វើឲ្យសតិអារម្មណ៍អ្នកមើលរំជើបខ្លាំងថែមទៀត ។

អ្នកត្រួតពិនិត្យខ្សែភាពយន្តឯកសារនេះភាគច្រើនយល់ស្របគ្នាថាខ្សែភាពយន្តបានបង្ហាញឲ្យឃើញអំពី “លទ្ធផលនៃការប្រើប្រាស់អំណាចដោយគ្មានដែនកំណត់” និងអំពី “ការចោទប្រកាន់គួរឲ្យព្រួយបារម្ភទៅលើស្ថានភាពនៃអន្តោប្រវេសន៍អាមេរិក” ។ អ្នកត្រួតពិនិត្យម្នាក់បានព្រមានថារូបភាពរស់រវើកនៅក្នុងខ្សែភាពយន្ត “មិនមែនងាយស្រួលសំរាប់អារម្មណ៍អ្នកមើលទេ តែអ្នកដែលចង់ដឹងអំពីស្ថានភាពអន្តោប្រវេសន៍អាមេរិកត្រូវតែមើលខ្សែភាពយន្តនេះ” ។

មានមេរៀនពីរដែលខ្ញុំបានដកចេញពីខ្សែភាពយន្តនេះ ។ ទីមួយ ខណៈដែលមានភ្នាក់ងារ ICE បញ្ចេញការពិបាកចិត្តពីព្រោះគេយល់ថាជាកាតព្វកិច្ចរបស់ភ្នាក់ងារត្រូវបំពេញតួនាទីអនុវត្តគោលនយោបាយ zero tolerance ដែលជាបញ្ជាពីលើ ក៏ខ្ញុំឃើញមានភ្នាក់ងារ ICE ខ្លះនៅក្នុងខ្សែភាពយន្តដែលហាក់ដូចជាសប្បាយក្នុងការដំឡើងការភ័យខ្លាចដល់និងការចាប់ចងជនអន្តោប្រវេសន៍ — នេះធ្វើឲ្យខ្ញុំនឹកដល់ពាក្យ “ពេជ្ឃឃាតស្ម័គ្រចិត្ត” ។ ដោយហេតុតែបញ្ជានយោបាយ “គ្មានការលើកលែង” សកម្មភាពភ្នាក់ងារ ICE ស៊ើបអង្កេតនិងចាប់ចងជនចំណាកស្រុកដែលមិនស្របច្បាប់ បានក្លាយទៅជាការប្រើអំណាចឥតព្រំដែនជាស្វ័យប្រវត្តដែលរំលោភទៅលើសិទ្ធិរបស់ជនអន្តោប្រវេសន៍ ។

មេរៀនទីពីរគឺការឈឺចាប់របស់ជនអន្តោប្រវេសន៍ជាការឈឺចាប់ដែលមនុស្សធម្មតាមិនអាចយល់បានដោយងាយទេ ដូចជាមនុស្សដែលរត់ចាកពីទុរ្ភិក្ស រត់គេចអសន្តិសុខដល់ជីវិត ដែលចូលអាមេរិកដោយល្មើសច្បាប់និងបានត្រូវចាប់ចងឃុំឃាំង ។ កូនក្មេងដែលបានត្រូវបំបែកពីដើមទ្រូងឪពុកម្តាយ ។ ជនរងគ្រោះដែលត្រូវបានបញ្ជូនត្រឡប់ទៅស្រុកដើមវិញ
ខណៈដែលពួកគេអាចប្រឈមនឹងសេចក្តីស្លាប់ ។

ព្រោះតែភ័យខ្លាចការស្លាប់បានជាស៊ូដើររាប់រយរាប់ពាន់គីឡូម៉ែត្រមកកាន់ព្រំដែនអាមេរិក ។ ព្រោះតែចង់ធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ (ដូចភ្នាក់ងារ ICE នៅក្នុងខ្សែភាពយន្តបានបង្គាប់បញ្ជា ) បានជាសណ្តោងគ្នានិងដេកននៀលនៅតាមច្រកចូលព្រំដែនស្វែងរកនិងរង់ចំាសិទ្ធិជ្រកកោននយោបាយ ។ (ជនអន្តោប្រវេសន៍មួយចំនួននៅក្នុងខ្សែភាពយន្តបានសំដែងជំនឿទៅលើ American Dream អំពីឱកាសកសាងអនាគតថ្មី ) ។

មានបញ្ហាក្តៅមួយនៅក្នុងរឿងអន្តោប្រវេសន៍អាមេរិកដែលកើតមានជាយូរមកហើយគឺបញ្ហាជនអន្តោប្រវេសន៍ដែលចូលអាមេរិកដោយមិនស្របច្បាប់ក៏ប៉ុន្តែពួកគេបានចូលបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ។ ទោះបីពួកគេបានប្រថុយជីវិតកាន់អាវុធការពារប្រទេសដូចជាពលរដ្ឋអាមេរិកឯទៀត ពួកគេឈឺចាប់នឹងស្តង់ដារទ្វេ double standard ដែលទាហានគ្មានឯកសារត្រឹមត្រូវនៅក្នុងជួរកងទ័ពបានជួបប្រទះ ។ ខ្សែភាពយន្ត Immigration Nation បានបង្ហាញទាហានម៉ារីនអាមេរិកម្នាក់ឈ្មោះ សេសារ៍ ឡូប៉េស៍ Cesar Lopez ដែលបានចូលមប្រើកងទ័ពពីឆ្នាំ ១៩៩៣ ដល់ ១៩៩៥ ។

សេសារ៍ ឡូប៉េស៍ ត្រូវបានឪពុកម្តាយយកពីប្រទេសម៉ិចស៊ីកូមករស់នៅក្រុង ឡូសអង់ហ្សើឡេស កាលីហ្វួរន្យា តាំងតែពីអាយុ ៤ ឆ្នាំ ។ បន្ទាប់ពីបានរៀនចប់វិទ្យាល័យ សេសារ៍ ឡួប៉េស៍ ក៏ចូលធ្វើទាហានម៉ារីន ។ នៅឆ្នាំ ២០០០ អាជ្ញាធរបានចាប់ សេសារ៍ ឡូប៉េស៍ បន្ទាប់ពីបានឆែកឡានគាត់នៅ ញូវម៉ិចស៊ីកូ ឃើញមានគ្រឿងកញ្ឆា ២០ ផោន ។ ការចោទប្រកាន់អំពីគ្រឿងកញ្ឆាក៏បានជាប់នៅក្នុងបញ្ជីឈ្មោះគាត់ពីពេលនោះមក ។ ក្រោយមកទៀតគាត់បានទៅធ្វើការនៅប្រទេស កូស្តារីកា Costa Rica ។ តែនៅពេលគាត់វិលមកអាមេរិកវិញ អាជ្ញាធរក៏បានចាប់គាត់ដោយហេតុ “បទល្មើសព្រហ្មទណ្ឌ” ។ អាជ្ញាធរនិរទេសគាត់ទៅម៉ិចស៊ីកូដែលជាស្រុកគាត់មិនដែលស្គាល់តាំងតែពីអាយុ ៤ ឆ្នាំ ។

ខ្សែភាពយន្តឯកសាររបស់ Netflix បានតម្រង់ខ្ញុំទៅកាន់រូបត្លុកដែលខ្ញុំសូមដកស្រង់ពីបណ្តាញអ៊ិនធឺណិតដូចខាងក្រោមនេះ ។ បើលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំអាមេរិកមិនបានបញ្ជៀសសហរដ្ឋអាមេរិកឲ្យឆ្លងផុតពីកលិយុគដែលបង្កើតទុក្ខទោស វិបត្តិ វិបរិត និងអស្ថិរភាពដូចដែលខ្ញុំបានសរសេរនៅក្នុងអត្ថបទលើកមុន គឺបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំអាមេរិកនាបច្ចុប្បន្នដែលបានកែប្រែគំនិត melting pot និងបាវចនា E Pluribus Unum របស់បិតាស្ថាបនិកសហរដ្ឋអាមេរិកដែរ ។ យ៉ាងដូច្នេះ “ប្រជាជាតិអន្តោប្រវេសន៍” ដែលជានិមិត្តរូបនៃសហរដ្ឋអាមេរិកក៏នៅកំពុងជាប់ក្នុងកលិយុគដ៏គួរឲ្យសង្វេក ។

ជាការចំអកមួយដែរដែលពុទ្ធលទ្ធិកើតមានជាង ២៥០០ ឆ្នាំមកហើយដែលដឹកនាំមនុស្សឲ្យសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។ ពុទ្ធលទ្ធិជាគ្រឹះបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំនៅក្នុងលោក ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។