បំផ្លាញជាតិឯង

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៣ មករា ឆ្នាំ ២០២១

ខ្ញុំបាននិពន្ធអត្ថបទផ្សាយនៅថ្ងៃនេះនាថ្ងៃពុធទី ១៣ មករា ។ ខណៈនោះសភាតំណាងរាស្ត្រអនុម័តសេចក្តីសម្រេចចិត្តចោទប្រកាន់លោកប្រធានាធិបតី ត្រាំ ពី “បទឧក្រិដ្ឋនិងមជ្ឈិមកម្រិតខ្ពស់” ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅអគារ កាពីតូល ដែលជាមន្ទីរសភាអាមេរិកនៅថ្ងៃទី ៦ មករា ដែលបានធ្វើឲ្យមនុស្យស្លាប់ ៥ នាក់ និងរបួសជាច្រើននាក់ ខូចខាតទ្រព្យសម្បត្តិយ៉ាងដំណំ ។ ក្រសួងស៊ើបការសំងាត់ FBI ក៏បានចេញសេចក្តីថ្លែងការណ៍ស្តីអំពីក្រុមជ្រុលនិយមកំពុងរៀបចំធ្វើបាតុកម្មដោយសព្វាវុធនៅអគារ កាពីតូល នៅរដ្ឋធានីវ៉ាស៊ិនតោន និង នៅក្នុងរដ្ឋទាំង ៥០ នៃសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៧ មករា រហូតដល់ទី ២០ មករាដែលជាថ្ងៃសម្ពោធឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ។ ខ្ញុំសម្រេចពន្យាពេលចេញផ្សាយអត្ថបទចុះថ្ងៃទី ១៣ រហូតមកដល់ថ្ងៃនេះ ។

នៅក្នុងអត្ថបទខ្ញុំលើកមុនក្រោមចំណងជើងថា “មេរៀនពីអាមេរិក” ខ្ញុំបាននិយាយអំពីព្រឹត្តិការណ៍ធំៗ ២ ដែលកើតមាននៅអាមេរិកនៅថ្ងៃទី ១៤ ធ្នូ ដែលខ្ញុំបានហៅថាជាថ្ងៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ពីព្រោះព្រឹត្តិការណ៍ទំាង ២ ជាសោរបើកទ្វារឲ្យមហាអំណាចនេះដើរឆ្ពោះទៅកាន់អនាគតមួយរុងរឿងឬអាប់ឱន ដោយពឹងផ្អែកទៅលើកម្រិតគុណសម្បត្តិបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំអាមេរិក ។ សូមរំលឹកថាចំណេះដឹងអំពីព្រឹត្តិការណ៍និងរបៀបរបបរបស់គេជួយយើងឲ្យស្គាល់ខ្លួនយើងនិងចៀសវាងបញ្ហាដែលគេបានជួបប្រទះ ។

នៅថ្ងៃប្រវត្តិសាស្ត្រទី ១៤ ធ្នូ ពលរដ្ឋអាមេរិកទី ១ បានទទួលវ៉ាក់សាំងចាក់ដូសទី ១ [ក្នុងចំនួន ២ ដូសសម្រាប់ម្នាក់ៗ ] ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរោគឆ្លងកូវិដ-១៩ ។

នៅថ្ងៃទី ១៤ ធ្នូ “ព័ត៌មានប៊្លូមប៊ឺរ៍គ” បានចុះផ្សាយស្ថិតិបង្ហាញថាមានពលរដ្ឋអាមេរិកចំនួនជាង ១៦ លាន ៥ សែននាក់បានធ្លាក់ខ្លួនឈឺដោយសារកូវិដ-១៩ និងចំនួនជាង ៣ សែននាក់បានស្លាប់ ។ មានពលរដ្ឋអាមេរិកចំនួនជាង ១ លាននាក់នៅរដ្ឋកាលីហ្វួរន្យា ជាង ១ លាននាក់នៅរដ្ឋតិចសាសនិងជាង ១ លាននាក់ទៀតនៅរដ្ឋហ្វ្ល័រីដា បានឆ្លងជំងឺកូវិដ-១៩ ។ អាមេរិកមានពលរដ្ឋទាំងអស់ជាង ៣៣០ លាននាក់ ពលរដ្ឋមានដើមកំណើតជាខ្មែរមានជាង ២ សែន ៨ ម៉ឺននាក់ ។ ពិភពលោកដែលមានមនុស្សចំនួន ៧,៨ ពាន់លាននាក់ មានជាង ៧២ លាន ៧ សែននាក់បានឆ្លងជំងឺកូវិដ-១៩ និងជាង ១ លាន ៦ សែននាក់បានស្លាប់ដោយសារកូវិដ-១៩ ។

នៅថ្ងៃទី ១៣ មករាដែលខ្ញុំកំពុងនិពន្ធអត្ថបទសម្រាប់ថ្ងៃនេះ “ព័ត៌មានប៊្លូមប៊ឺរ៍គ” បានចុះផ្សាយស្ថិតិបញ្ជាក់ថាមានពលរដ្ឋអាមេរិកចំនួនជាង ២៣ លាននាក់បានធ្លាក់ខ្លួនឈឺដោយសារកូវិដ-១៩ និងជាង ៣ សែន ៨ ម៉ឺននាក់បានស្លាប់ ។ ពោលគឺមនុស្សធ្លាក់ខ្លួនឈឺបានកើនឡើងជាង ២ សែន ៣ ម៉ឺននាក់ និងចំនួនមនុស្សស្លាប់មានចំនួនជាង ៤ ពាន់នាក់ រៀងរាល់ថ្ងៃ ។

តួលេខស្ថិតិ “ព័ត៌មានប៊្លូមប៊ឺរ៍គ” ក្នុងខែ មករា ២០២១ គួរឲ្យអាមេរិកព្រួយបារម្ភ ៖ នៅក្នុង
រយៈពេល ៥ ថ្ងៃ គឺពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ពលរដ្ឋអាមេរិកចំនួន ១ លាននាក់បានធ្លាក់ខ្លួនឈឺ និងជិត ១ ម៉ឺននាក់បានស្លាប់ ។ ក្នុងរយៈ ៤ ថ្ងៃទៀត គឺពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ពលរដ្ឋ ១ លាននាក់ទៀតបានធ្លាក់ខ្លួនឈឺ និងជាង ១ ម៉ឺន ៤ ពាន់នាក់ទៀតបានស្លាប់ ។ ហើយនៅក្នុងរយៈពេល ៤ ថ្ងៃបន្ទាប់ទៀត គឺពីថ្ងៃទី ១០ ដល់យប់ថ្ងៃទី ១៣ មករា ពលរដ្ឋអាមេរិក ១ លាននាក់ទៀតបានធ្លាក់ខ្លួនឈឺ និងជាង ១ ម៉ឺន ២ ពាន់នាក់ទៀតបានត្រូវស្លាប់ ។ នៅជុំវិញពិភពលោក មនុស្សជាង ៩២ លាននាក់បានធ្លាក់ខ្លួនឈឺ និងជិតដល់ ២ លាននាក់បានស្លាប់ ។

ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថានឹងចាក់វ៉ាក់សំាងឲ្យពលរដ្ឋចំនួន ២០ លាននាក់ឲ្យបានមុនដាច់ឆ្នាំ ២០២០ នៅថ្ងៃទី ១១ មករា ទីភ្នាក់ងារសារព័ត៌មាន “រ៉យតឺរស៍” Reuters បានចុះផ្សាយសេចក្តីថ្លែងការណ៍របស់មជ្ឃមណ្ឌលគ្របគ្រងនិងបង្ការជំងឺ CDC ថា មានពលរដ្ឋអាមេរិកចំនួនជាង ៨ លាន ៩ សែននាក់ប៉ុណ្ណោះដែលបានទទួលវ៉ាក់សំាងដូស ទី ១ ។ ក្រុមហ៊ុនវ៉ាក់សំាងបានបញ្ជូនវ៉ាក់សំាងជាង ៣០ លានដូសទៅឲ្យរដ្ឋនានារួចហើយ តែនៅថ្ងៃទី ១៣ មករា មានពលរដ្ឋជាង ១១ លាននាក់ទេដែលបានទទួលវ៉ាក់សាំងដូសទី ១ ។

ជាជាងចង្អុលម្រាមដៃដាក់គ្នាថាតើនរណាជាអ្នកទទួលខុសត្រូវ កត្តានៅចំពោះមុខគឺថា
រដ្ឋាភិបាលបានបង្កបរាជ័យក្នុងការរៀបចំផែនការ ការសម្របសម្រួល និងទំនាក់ទំនងសាធារណៈ ។

ពលរដ្ឋជាព្រលឹងនិងជាស្នូលរបស់ប្រទេសជាតិ ។ រដ្ឋាភិបាលអាមេរិកមិនអាចបណ្តោយឲ្យពលរដ្ឋធ្លាក់ខ្លួនឈឺចំនួន ១ លាននាក់ក្នុងរយៈពេល ៤-៥ ថ្ងៃ និងស្លាប់ចំនួន ៣-៤ ពាន់នាក់ក្នុងពេលមួយថ្ងៃៗនោះឡើយ ។

ព្រឹត្តិការណ៍ធំទី ២ នាថ្ងៃទី ១៤ ធ្នូ គឺ “នីតិរដ្ឋ” បានបញ្ចេញអំណាចរបស់ខ្លួនមិនព្រមទទួលការចោទប្រកាន់ឥតមូលដ្ឋានថាមានការគៃបន្លំសន្លឹកឆ្នោតឡើយ ។ រដ្ឋធម្មនុញ្ញបានកម្រិតអំណាចរដ្ឋាភិបាលឲ្យមានកំណត់ បំបែកអំណាចត្រួតត្រាជាបី និងបង្កើតតុល្យភាពអំណាច ។ យ៉ាងដូច្នេះហើយបានជាទោះបីមេដឹកនាំអំណាចប្រតិបត្តិបានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ហើយទោះបីមានពាក្យបណ្តឹងប្រមាណជា ៦០ ទៅតុលាការតវ៉ាអំពីដំណើរការបោះឆ្នោត ដំណើរការវិញ្ញាបនប័ត្របោះឆ្នោតនៅក្នុងរដ្ឋនានា ការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវក៏ដោយ ក៏តុលាការនៅតែប្រកាន់អំណាចខ្លួនជាឯករាជហើយច្រានចោលបណ្តឹងដែលតុលាការឆ្លើយថា “ឥតខ្លឹមសារ” frivolous និង “គ្មានមូលដ្ឋាន” meritless ។

ម្យ៉ាងវិញទៀត នៅថ្ងៃ ១៤ ធ្នូនោះ “មន្ត្រីជ្រើសរើសប្រធានាធិបតី” ហៅថា Electors ចំនួន ៥៣៨ នាក់ដែលមានភារកិច្ចចែងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកឲ្យជ្រើសរើសប្រធានាធិបតីនិងអនុប្រធានាធិបតីរាល់ពេល ៤ ឆ្នាំ បានជួបប្រជុំនៅទីកន្លែងរបស់គេនៅក្នុងរដ្ឋទាំង ៥០ និងនៅក្នុងរដ្ឋធានីវ៉ាស៊ិនតោនឌីស៊ី ហើយបានបោះសន្លឹកឆ្នោតបញ្ជាក់ certificates ជាផ្លូវការ ដាក់ចូលទៅក្នុងហឹបឆ្នោតបញ្ជាក់អំពីបេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតីដែលបានទទួលសន្លឹកឆ្នោតពីពលរដ្ឋរបស់គេ ។ គឺជាថ្ងៃដែល “មន្ត្រីជ្រើសរើសប្រធានាធិបតី” ឬ Electors បានសម្រេចយកនីតិរដ្ឋនិងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ។

ខណៈដែលពលរដ្ឋអាមេរិកផ្តល់សន្លឹកឆ្នោតចំនួនជាង ៨១ លាន ២ សែន ឬ ៥១,៣% ជូនលោក ហ្ចូ បៃដិន នៃគណបក្សប្រជាធិបតេយ្យ និង ជាង ៧៤ លាន ២ សែន ឬ ៤៦,៩% ជូនលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ មន្ត្រី Electors ទាំង ៥៣៨ នាក់បានជួបប្រជុំស្របតាមរដ្ឋធម្មនុញ្ញហើយបានផ្តល់សន្លឹកឆ្នោតបញ្ជាក់ certificates ដែលគេហៅថា electoral votes ចំនួន ៣០៦ សន្លឹកដល់លោក បៃដិន និង ២៣២ សន្លឹកដល់លោក ត្រាំ ។

យ៉ាងដូច្នេះ ស្ថាប័ន Electoral College បានបញ្ជាក់ថាលោក បៃដិន ឈ្នះឆ្នោតជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក — សេចក្តីបញ្ជាក់ដែលលោកប្រធានាធិបតី ត្រាំ បានបដិសេធចោល ។ ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាអាមេរិកត្រូវជួបប្រជុំរួមគ្នានាថ្ងៃទី ៦ មករា ២០២១ ដើម្បីពិនិត្យបញ្ជាក់អំពីភាពត្រឹមត្រូវនិងច្បាស់លាស់នៃសន្លឹកឆ្នោតរបស់ Electoral College ។

នៅថ្ងៃទី ១៩ ធ្នូ លោក ត្រាំ បានអំពាវនាវដល់អ្នកដែលគាំទ្រលោកឲ្យមកប្រមូលផ្តុំធ្វើ “បាតុកម្មធំមួយនៅរដ្ឋធានីវ៉ាស៊ិនតោននៅថ្ងៃទី ៦ មករា” ។ លោកបានអញ្ជើញអ្នកគាំទ្រលោកឲ្យចូលរួមក្នុងពិធីនេះដែលលោកអះអាងថានឹងមាន “ភាពកាចសាហាវ !” “Be there, will be wild!” ។ លោកបានទ្វីតសេចក្តីអំពាវនាវនេះឡើងវិញនៅថ្ងៃទី ២៧ និង ៣០ ធ្នូ ២០២០ ហើយនិងនៅថ្ងៃទី ១ មករា ២០២១ ។ គោលបំណងនៃ “បាតុកម្មដ៏ធំ” នេះ គឺដើម្បីរុកគួនពិធីប្រជុំរួមសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាអាមេរិកកុំឲ្យធ្វើការបញ្ជាក់អំពីភាពត្រឹមត្រូវនៃលទ្ធផលសន្លឹកឆ្នោតបញ្ជាក់ certificates របស់មន្ត្រីជ្រើសរើសប្រធានាធិបតីដែលបានផ្តល់ជ័យជំនះទៅលោក បៃដិន ។

នៅព្រលឹមថ្ងៃទី ៦ មករា លោកប្រធានាធិបតី ត្រាំ បានផ្ញើសារទ្វីតថ្លែងថាដោយសារមានការគៃបន្លំសន្លឹកឆ្នោត រដ្ឋនានាចង់កែប្រែសន្លឹកឆ្នោត certificates ឡើងវិញ ។ ឲ្យតែលោកអនុប្រធានាធិបតី ម៉ែក ផឹនស៍ បញ្ជូនសន្លឹកឆ្នោតបញ្ជាក់ទៅឲ្យរដ្ឋនានាវិញទៅគឺ “យើងឈ្នះហើយ នេះជាវេលាដែលលោកម៉ែកផឹនស៍ ត្រូវមានសេចក្តីក្លាហានខ្ពង់ខ្ពស់” ។ ចាប់ពីម៉ោង ៩ ព្រឹក អ្នកគាំទ្រលោក ត្រាំ បានផ្តើមមកដល់ឧទ្យានមួយដែលមានទំហំដី ៥២ ហិចតាហៅថា “អេលិបស៍” Ellipse នៅខាងត្បូងសេតវិមាន ។ នៅម៉ោង ១១ ព្រឹក ឧទ្យានអេលិបស៍ បានក្លាយទៅជាទីលានបាតុកម្មហៅថា “រក្សាទុកប្រទេសអាមរិក” “Save America” ដែលជាផ្នែកមួយនៃចលនា “បញ្ឈប់ការលួច” “Stop the Steal” movement ។

មុននឹងលោក ត្រាំ ឡើងថ្លែងសុន្ទរកថាអស់រយៈពេលជាង ១ ម៉ាង វាគ្មិនមួយចំនួនបានបំផុលសតិអារម្មណ៍របស់បាតុករដែលលោក ត្រាំ បានប៉ាន់ស្មានថាអាចមានចំនួនជាង ២ សែននាក់ ។ លោក រូដល់ហ្វ៍ ហ្ជូលីយ៉ានី Rudolph Giuliani មេធាវីផ្ទាល់របស់លោក ត្រាំ បានបំផុលអារម្មណ៍បាតុករថាឲ្យ “កាត់ក្តីតាមរយៈការវាយប្រយុទ្ធ” “trial by combat” ប្រឆាំងនឹងពួកគណបក្សប្រជាធិបតេយ្យ ។ លោក ដូណាល់ ត្រាំ ហ្ជូន័្យរ៍ Donald Trump Jr. ជាកូនប្រុសច្បងរបស់លោកប្រធានាធិបតី បានព្រមានសមាជិកគណបក្សសាធារណនៅរដ្ឋសភាដែលមិនគាំទ្រកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ថា “យើងមករកអ្នកហើយ” “we’re coming for you” ។

លោក ត្រាំ មិនអានសុន្ទរកថាដែលគេសរសេរជាប្រតិចារិកជូនលោកទេ ។ លោកថ្លែងប្រាប់បាតុករថាកុំឲ្យជឿលោក បៃដិន បានទទួលឆ្នោត ៨០ លានសន្លឹកឲ្យសោះ គឺពួកគណបក្សប្រជាធិបតេយ្យដែលបានឆក់ “លួច” ជ័យជំនះក្នុងការបោះឆ្នោតពីលោក ។ លោកថាលោក ម៉ែក ផឹនស៍មានលទ្ធភាពលប់ចោលលទ្ធផលនៃការបោះឆ្នោតដោយបញ្ជូនសន្លឹកឆ្នោតបញ្ជាក់ទៅឲ្យរដ្ឋនានាវិញ យ៉ាងដូច្នេះ “លោកអ្នកទាំងអស់នឹងទៅជាមនុស្សសប្បាយចិត្តជាទីបំផុត” ។

តទៅនេះគឺសម្រង់ពាក្យសម្តីរបស់លោក ត្រាំ ៖ “យើងត្រូវតែបញ្ឈប់ការលួច [សន្លឹកឆ្នោត ]” “យើងនឹងមិនបោះបង់ចោល [គោលដៅ] ទេ យើងនឹងមិនចុះចាញ់ឡើយ” “យើងមិនអាចចុះចាញ់នៅពេលគេលួច” “យើងត្រូវតែប្រយុទ្ធ [ដោយឥតខ្លាចស្លាប់ ]” “បន្ទាប់ពីនេះ យើងនឹងនាំគ្នាដើរទៅកាន់អគារ កាពីតូល ហើយខ្ញុំនឹងទៅទីនោះជាមួយលោកអ្នកដែរ យើងនឹងស្រែកលើកទឹកចិត្តព្រឹទ្ធសមាជិកនិងតំណាងរាស្ត្រដ៏ក្លាហានរបស់យើង ។ អ្នកមិនអាចទាញយកប្រទេសមកវិញបានទេដោយនៅក្នុងភាពទន់ខ្សោយ ។ អ្នកត្រូវតែបញ្ចេញកម្លាំង អ្នកត្រូវតែខ្លាំងក្លា” “កុំយល់ច្រឡំឲ្យសោះថាគេមិនបានលួចសន្លឹកឆ្នោតពីអ្នក ពីខ្ញុំ និងពីប្រទេសរបស់យើង” ។ បន្ទាប់ពីបានធ្វើសុន្ទរកថាចប់លោកក៏វិលត្រឡប់ទៅទីកន្លែងលោកនៅសេតវិមានវិញ ។

បាតុករក្លាយជាកុបករ នាំគ្នាដើរទៅកាន់អគារ កាពីតូល ។ ពួកគេបានស្រែកអឹងកងថា “យើងត្រូវបានលោកប្រធានាធិបតីសហរដ្ឋអាមេរិកអញ្ជើញឲ្យមកទីនេះ” ។ នៅពេលកុបករបានទម្លាយខ្សែការពាររបស់ប៉ូលីសនៅខាងលិចអគារ លោក ម៉ែកផឹនស៍ ក៏បានមកដល់សាលតំណាងរាស្ត្រដែរ ។ លោកបង្ហាញសំបុត្រថ្លែងការណ៍មួយថារដ្ឋធម្មនុញ្ញមិនអនុញ្ញាតឲ្យលោកជ្រៀតជ្រែកទៅក្នុងលទ្ធផលសន្លឹកឆ្នោត Electoral College ទេ ។ នៅពេលលោក ត្រាំ ថ្លែងសុន្ទរកថានៅឧទ្យានអេលិបស៍ សភាតំណាងរាស្ត្របានបើកអង្គប្រជុំ ហើយព្រឹទ្ធសភាបើកអង្គប្រជុំកន្លះម៉ោងក្រោយមកទៀត ។ នៅពេលនោះ កុបករបានសង្គ្របកម្លាំងខ្លួនទៅលើប៉ូលីសការពារ កាពីតូល ។

នៅម៉ោង ២ រសៀល កុបករបានវាយបំបែកកញ្ចក់បង្អួចអគារនៅពាយព្យ ។ កុបករទី ១ ចូលអគារតាមប្រហោងកញ្ចក់បែក រួចបើកទ្វារឲ្យកុបករឯទៀតចូល ។ ភ្នាក់ងារសេវាសំងាត់ Secret Service ក៏ប្រញាប់ប្រញ៉ាល់នាំលោក ម៉ែកផិនស៍ ចេញពីសាលប្រជុំព្រឹទ្ធសភាទៅពួននៅក្នុងបន្ទប់មួយទៀត ។ នៅសាលសភាតំណាងរាស្ត្រ ភ្នាក់ងារការពារលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាតំណាងរាស្ត្រក៏ឆក់ទាញលោកស្រីទៅលាក់ខ្លួននៅទីកន្លែងមួយទៀតដែរ ។

ខណៈដែលតំណាងរាស្ត្រនិងព្រឹទ្ធសមាជិកផងទាំងឡាយទៅពួនខ្លួន កុបករបានដើរចុះឡើងស្រែកថាឲ្យ “ព្យួរកលោក ម៉ែក ផិនស៍” Hang Mike Pence និងស្រែកសួរថាតើលោកស្រី ប៉េឡូស៊ី នៅទីកន្លែងណា ។ នៅពេលនោះ លោក ត្រាំ ផ្ញើសារទ្វីតមួយស្តីបន្ទោសលោក ផិនស៍ ថាគ្មានសេចក្តីក្លាហានការពារប្រទេសជាតិ ។ ខាងក្រោមនេះគឺរូបភាពកុបករទម្លាយចូលអគារ កាពីតូល កុបករកាន់ខ្យែចំណង លិខិតគំរាមកំហែងរបស់កុបករដាក់នៅលើតុលោក ម៉ែកផិនស៍ និងបុគ្គលិកសេវាសំងាត់មួយចំនួនភ្ជង់កាំភ្លើងចំចន្លោះភ្នែកកុបករម្នាក់ ។

រូបបន្ទាប់ទៀតបង្ហាញភាពច្របូកច្របល់នៅក្នុងសាលសភានៅពេលសមាជិកសភាគេចខ្លួនពីកុបករ និងរូបភាពកុបករម្នាក់អង្គុយលើកៅអីលោកស្រីប៉េឡូស៊ី ។ ទស្សនាវដ្តី ញូវយ៉កគឺរ៍ បានផ្សាយរូបភាពសំណង់ឈើសម្រាប់ព្យួរកមនុស្សនៅលើទីលាន កាពីតូល ។

នៅពេលរសៀល ភ្នាក់ងារប៉ូលីសពីរដ្ឋវៀរហ្ស៊ីន្យានិងរដ្ឋម៉ែរីឡិនបានមកដល់អគារកាពីតូល ។ ក្រោយមកទៀត កងកម្លាំងរក្សាស្រុកក៏បានមកដល់ដែរ ។ គេបានរុញច្រានកុបករចេញពីអគារ កាពីតូល ។ រដ្ឋធានីវ៉ាស៊ិនតោនបានត្រូវដាក់នៅក្រោមបំរាមគោចរនៅម៉ោង ៦ ល្ងាច ។ លោក ត្រំា បានផ្ញើសារទ្វីតមួយថ្លែងថាព្រឹត្តិការណ៍ដែលបានកើតមានឡើងគឺដោយសារតែមានការបំបាត់ចោលយ៉ាងអយុត្តិធម៌នូវជ័យជំនះធំធេងក្នុងការបោះឆ្នោតរបស់អ្នកស្នេហាជាតិដែលបានត្រូវគេធ្វើបាបយ៉ាងធ្ងន់ធ្ងរជាយូរមកហើយ ។

នៅម៉ោង ៨ យប់ ប៉ូលីស កាពីតូល បានប្រកាសថាមន្ទីរសភាមានសុវត្ថិភាពវិញហើយ ។ ព្រឹទ្ធសភាក៏បានបើកអង្គប្រជុំឡើងវិញ ។ មួយម៉ោងបន្ទាប់មក សភាតំណាងរាស្ត្រក៏បើកអង្គប្រជុំឡើងវិញដែរ ។ ពួកគេបានជជែកពិភាក្សាគ្នារហូតដល់ជាងម៉ោង ៣ ភ្លឺនៅថ្ងៃបន្ទាប់ ។

នៅម៉ោង ៣ ម្ភៃបួននាទីព្រឹកថ្ងៃទី ៧ មករា ទើបសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាបានធ្វើការប្រជុំរួមគ្នាពិនិត្យសន្លឹកឆ្នោត Electoral votes ។ សភាទាំងពីរបានថ្លែងប្រកាសលទ្ធផលសន្លឹកឆ្នោត Electoral votes ចំនួន ៣០៦ ជូនទៅលោក បៃដិន និងចំនួន ២៣២ ជូនទៅលោក ត្រាំ ។ លោកអនុប្រធានាធិបតី ម៉ែក ផិនស៍ បានប្រកាសថាចំនួនសន្លឹកឆ្នោតគឺត្រឹមត្រូវ និងប្រកាសជាផ្លូវការថាលោក បៃដិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។

មួយថ្ងៃបន្ទាប់មក នៅថ្ងៃទី ៨ មករា លោក ត្រាំ ផ្ញើសារទ្វីតមួយថ្លែងថា “អ្នកសេ្នហាជាតិ ៧៥ លាននាក់ដែលបានបោះឆ្នោតឲ្យខ្ញុំ ឲ្យ “អាមេរិកមុនគេ” America First និងឲ្យ “អាមេរិកកើតជាអស្ចារ្យជាថ្មី” Make America Great Again នឹងនៅតែមានសម្លេងឮខ្លំាងយ៉ាងយូរទៅមុខទៀត ។ គ្មាននរណាអាចមកមើលងាយឬរាប់រកអ្នកដោយអយុត្តិធ៌មបានទេ ទោះតាមរបៀបណាឬទម្រង់ណាក៏ដោយ” ។ បន្តិចមកទៀត លោកផ្ញើសារទ្វីតមួយទៀតថ្លែងថា “ចំពោះអ្នកដែលបានសួរ ខ្ញុំសូមប្រាប់ថាខ្ញុំនឹងមិនទៅចូលរួមក្នុងពិធីសម្ភោធនៅថ្ងៃទី ២០ មករាឡើយ” ។

នៅថ្ងៃទី ៨ នោះ ក្រុមហ៊ុនសេវាបណ្តាញសង្គម “ទ្វីត” បានធ្វើសេចក្តីសម្រេចមួយដោយយោងទៅលើកសារទ្វីតទាំងពីររបស់លោក ត្រាំ ដែលគេថាជាការបំផុលមនុស្សឲ្យបន្តអំពើហិង្សាដូចនៅ កាពីតូល នាថ្ងៃទី ៦ មករាទៅទីកន្លែងផ្សេងទៀត និងជាសញ្ញាថាមិនត្រូវទទួលស្គាល់លោក បៃដិន ទេហើយទីលានសម្ភោធលោក បៃដិន ក៏នឹងគ្មានលោក ត្រំា នៅដែរ ពោលគឺចង់ធ្វើអីធ្វើទៅ ។ ក្រុមហ៊ុន “ទ្វីត” លើកគោលការណ៍នយោបាយរបស់គេមិនលើកតម្កើងអំពើហិង្សា ហើយសម្រេច “ព្យួរជា
អចិន្ត្រៃយ៍” permanent suspension នូវគណនីទ្វីតរបស់លោក ត្រាំ ។ នៅថ្ងៃទី ៧ នាយកប្រតិបត្តិ
បណ្តាញសង្គមហ្វេសប៊ុក និងអ្នកត្រួតត្រាបណ្តាញសង្គម Instagram បានថ្លែងថាគេហាមលោក ត្រាំ ប្រើវេទិការបស់គេដោយគ្មានកំណត់ indefinitely ដោយហេតុថាមកពីមានការបះបោរនៅ កាពីតូល ។

នៅថ្ងៃទី ១១ មករា ក្រសួងស៊ើបការសំងាត់ FBI បានចេញព្រឹត្តប័ត្រមួយព្រមានថាក្រុមស្តំានិយមនៅកំពុងរៀបចំផែនការធ្វើបាតុកម្មដោយប្រដាប់អាវុធនៅអគារ កាពីតូល នៅរដ្ឋធានីវ៉ាស៊ិនតោនឌីស៊ី និងនៅអគារ កាពីតូល នៅក្នុងរដ្ឋទាំង ៥០ នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៧ មករា រហូតដល់ថ្ងៃទី ២០ ឆ្នាំ ២០២១ ។

នៅថ្ងៃពុធទី ១៣ មករា ២០២១ សភាតំណាងរាស្ត្រអាមេរិកបានបោះឆ្នោត ២៣២ សម្លេង [តំណាងរាស្ត្រសាធារណរដ្ឋ ១០ នាក់បានចូលរួមជាមួយតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ ២២២ នាក់ ]ទល់នឹង ១៩៧ សម្លេង [តំណាងរាស្ត្រសាធារណរដ្ឋ ៤ នាក់មិនបានបោះឆ្នោតទេ ] អនុម័ត “សេចក្តីសម្រេចចិត្ត” របស់សភាទី ១៧ ដែលមានមាត្រាតែមួយចោទប្រកាន់លោកប្រធានាធិបតី ត្រាំ អំពីបទ “ញុះញង់ឲ្យធ្វើការបះបោរ” “incitement of insurrection” ។

“សេចក្តីសម្រេចចិត្ត” ចោទប្រកាន់លោក ត្រាំ ថាបានប្រព្រឹត្ត“បទឧក្រិដ្ឋនិងមជ្ឈិមកម្រិតខ្ពស់” ដោយញុះញង់អំពើហិង្សាប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ហើយបានរៀបរាប់ជាត្រួសៗអំពីសកម្មភាពនានារបស់លោក ត្រំា រហូតដល់សុន្ទរកថារបស់លោកនៅឧទ្យានអេលិបស៍ និងការបះបោរនៅអគារ
កាពីតូល ។

“សេចក្តីសម្រេចចិត្ត” ចោទថាការប្រព្រឹត្តរបស់លោក ត្រាំ បានបង្ហាញថាលោក ត្រាំ នឹងនៅតែ ”គំរាមកំហែងសន្តិសុខជាតិ លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ” ។

ខ្ញុំសូមបញ្ចប់អត្ថបទដែលវែងបន្តិចត្រឹមនេះចុះ ។ តាមព័ត៌មានផ្សេងៗដែលគួរយកជាការបាន “បាតុកម្ម” ឬ “ការបះបោរ” នៅមន្ទីរសភា កាពីតូល ជារឿងមួយវែងឆ្ងាយណាស់ ហើយអាជ្ញាធរអាមេរិកនៅមានការព្រួយបារម្ភច្រើនអំពីចលាចលដែលអាចកើតមានឡើងនៅក្រោយថ្ងៃទី ២០ មករា ២០២១ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។