បុគ្គលិកលក្ខណៈអ្នកដឹកនាំនិងកម្មផល

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១០ ខែ តុលា ឆ្នាំ ២០២០

ខ្ញុំបានសរសេរជាបន្តបន្ទាប់អំពីបញ្ហាស្មុគ្រស្មាញ ៣ ដែលរារំាងសហរដ្ឋអាមេរិកមិនឲ្យចេញផុតពីកលិយុគនិងអស្ថិរភាពបាន ។ ពោលគឺបញ្ហាការរីករាលដាលនៃការរើសអើងជាតិសាសន៍ពណ៌សម្បុរ បញ្ហាការរីករាលដាលនៃអត្តាធិបតេយ្យពង្រីកអំណាច និងបញ្ហាការរីករាលដាលនៃជំងឺរាតត្បាតកូវិដ-១៩ ។

នៅក្នុងអត្ថបទខ្ញុំលើកមុន ខ្ញុំបានលើកយកមកអធិប្បាយនូវអត្ថបទមួយរបស់សាស្ត្រាចារ្យនយោបាយអន្តរជាតិជប៉ុនឈ្មោះ ខូបាយ៉ាហ្ស៊ី ខយជឹ Kobayashi Koichi ដែលបានសរសេរអំពីបញ្ហាទាំង ៣ នោះដែរ ។ ទស្សនៈរបស់លោកនិងទស្សនៈខ្ញុំស្របគ្នាច្រើន ខុសគ្នាត្រង់លោកមិនរួញរាបញ្ជេញមតិនិងប្រើពាក្យសំដីធ្ងន់ធ្ងរជាងខ្ញុំ ។ នៅក្នុងបញ្ហាអយុត្តិធម៌ពូជសាសន៍ លោកសង្កត់លើបញ្ហាការរីកដុះដាលនៃ “ក្រុមមនុស្សរ៉ាឌីកាល់ស្បែកស” ដែល “កាចសាហាវ” និងប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិដើរតាមផ្លូវថ្នល់បញ្ជេញភាពក្រអឺត
ក្រអោងដោយសារមានសកម្មភាពញុះញង់ដោយប្រយោលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនិង “កុបកម្មពូជសាសន៍” ដែលផ្ទុះឡើង ។

លោក ខយ ជឹ សម្តែងការព្រួយបារម្ភថា “សង្គ្រាមស៊ីវិល (អាមេរិក) អាចនឹងផ្ទុះឡើងជាយថាហេតុ” ។ ការសិក្សារបស់លោកអំពីការកែប្រែសមាសភាពពលរដ្ឋអាមេរិកនៅអនាគតដែលនឹងមានពលរដ្ឋ “ស្បែកមិនស” ច្រើនជាងពលរដ្ឋ “ស្បែកស” ជម្រុញលោកឲ្យមើលឃើញថាគឺការកែប្រែនេះហើយដែលបណ្តាលឲ្យមាន “ការភ័យរន្ធត់នៃជនស្បែកស” និងការលេចធ្លោឡើងនៃលោក ត្រាំ ។ លោក ខយ ជឹ សន្និដ្ឋានថាបើស្ថានភាពនយោបាយដូចបច្ចុប្បន្ននៅតែមានបន្ត ប្រមាណជា ១០ ឆ្នាំទៀតសហរដ្ឋអាមេរិកអាចនឹងត្រូវ “ពុះច្រៀកនិងដួលរលំ” (“split and collapse”) ដូចជាអតីតសហភាពសូវៀតនាឆ្នាំ ១៩៩១ ។

ទោះបីខ្ញុំមិនមានសុទិដ្ឋិអំពីរបៀបរដ្ឋាភិបាលអាមេរិកដោះស្រាយបញ្ហាប្រឈមនាគ្រាបច្ចុប្បន្ន ខ្ញុំនៅមានទស្សនៈថាគឺបញ្ហាស្មុគ្រស្មាញទាំងនេះហើយដែលជាឱកាសមួយសម្រាប់ពលរដ្ឋអាមេរិកស្វែងរកវិធីធ្វើដំណើរឆ្ពោះទៅរកភាពប្រសើរមួយ ។ ការស្រមើស្រមៃដល់ភាពឧត្តុង្គឧត្តមនិងការប្រើគំនិតច្នៃប្រឌិតជាវិធីដោះស្រាយបញ្ហានិងជម្នះឧបសគ្គនានា ។

ខ្ញុំបានសរសេរជាច្រើនដងមកហើយថា លក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំជាកត្តាតម្រង់ទិសប្រទេសឲ្យឆ្ពោះទៅកាន់វឌ្ឍភាព ឬក៏ឆ្ពោះទៅកាន់ភាពចុះខ្សោយនិងយ៉ាប់យ៉ឺន និង បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំមានសារៈសំខាន់ណាស់ក្នុងការបំផុសមនុស្សឲ្យរួមកម្លាំងដើម្បីធ្វើឬមិនធ្វើសកម្មភាពបែបណាមួយ ។ ពោលគឺលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំអាមេរិក និងបុគ្គលិកលក្ខណៈនៃអ្នកដឹកនាំអាមេរិក ដែលតម្រង់ទិសសហរដ្ឋអាមេរិកឲ្យអាចឬមិនអាចចេញផុតពីកលិយុគនិងអស្ថិរភាពនាពេលបច្ចុប្បន្ន ។

មនុស្សយើងមិនមែនមានលក្ខណៈគុណសម្បត្តិជាអ្នកដឹកនាំពីកំណើតទេ ។ អ្វីៗគឺស្ថិតនៅលើការរៀនសូត្រនិងបណ្តុះបណ្តាល ។ ចេញពីលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ គឺបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំរបស់យើង ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកអាននិងស្តាប់អត្ថបទខ្ញុំជាច្រើននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ចាប់ពីសង្គមូបនីយកម្មរហូតដល់ការប្រៀនប្រដៅក្នុងពុទ្ធលទ្ធិដែលជាវិភាគទានក្នុងការបណ្តុះភាពជាអ្នកដឹកនាំ ។

នៅថ្ងៃនេះខ្ញុំសូមណែនាំលោកអ្នកឲ្យចាប់អារម្មណ៍ទៅលើសម្រង់នៃចំណងជើងអត្ថបទខ្លះដូចខាងក្រោមនេះដែលបង្ហាញអំពីស្ថានភាពវឹកវរនៅសហរដ្ឋអាមេរិក ។ សូមកត់សម្គាល់ថាព្រឹត្តិការណ៍ដែលកើតមាននៅទីដទៃនៅក្នុងពិភពលោកនឹងប៉ះពាល់ដល់ជោគវាសនាខ្មែរយើងគេចមិនផុតឡើយ ។

សម្រង់ចំណងជើងអត្ថបទនានាខាងលើនេះមានភាគបែងរួមដែលបង្ហាញថាមេរោគឆ្លង
កូវិដ-១៩ ជាមូលហេតុធំបំផុតក្នុងការបង្កភាពវឹកវរដែលគំរាមកំហែងអាយុជីវិតសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកទី ៤៥ ។

នៅក្រោមចំណងជើងថា “កូវិដ-១៩ បានធ្វើឲ្យ ស.រ.អា ក្លាយជាប្រជាជាតិឆ្អេះឆ្អើមមួយ”
កាសែតអង់គ្លេស The Guardian សរសេរអំពីរដ្ឋាភិបាលមួយចំនួនបានហាមអ្នកដំណើរកាន់លិខិតឆ្លងដែនស.រ.អាចូលប្រទេសគេពីព្រោះគេខ្លាចអ្នកដំណើរអាមេរិកនាំគ្រោះអាសន្ន
រោគកូវិដ-១៩ មកជាមួយ ។ សហរដ្ឋអាមេរិកជាប្រទេសមានករណីកូវិដ-១៩ និងមរណភាពដោយកូវិដ-១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ។ (នៅរាត្រីថ្ងៃទី ៩ ដែលខ្ញុំសរសេរអត្ថបទនេះ ស្ថិតិ “ព័ត៌មានប៊្លូមប៊ឺរ៍គ” Bloomberg News ផ្សាយថាពលរដ្ឋអាមេរិកចំនួនជាង ៧ លាន ៦ សែននាក់បានត្រូវមេរោគកូវិដ-១៩ឆ្លងដល់ និងចំនួនជាង ២ សែន ១ ម៉ឺននាក់បានត្រូវស្លាប់ ខណៈដែលពលរដ្ឋទូទៅនៅក្នុពិភពលោកចំនួនជាង ៣៦ លាន ៨ សែននាក់បានត្រូវកូវិដ-១៩ឆ្លងដល់ និងជាង ១ លាន ៦ ពាន់នាក់បានត្រូវស្លាប់ ។ )

ការទូន្មានរបស់អ្នកជំនាញមេរោគឆ្លងឲ្យមនុស្សរក្សាគម្លាតពីគ្នា ចៀសវាងទីកន្លែងមានមនុស្សច្រើនអ៊ូអរ ពាក់ម៉ាសគ្របមាត់ច្រមុះ ដើម្បីការពារមេរោគកូវិដ-១៩ និងការអំពាវនាវឲ្យធ្វើតេស្ត ឲ្យបំបែកអ្នកជំងឺចេញពីអ្នកមិនទាន់ធ្លាក់ឈឺ ឲ្យតាមដានរកមនុស្សដែលមានទំនាក់ទំនងនឹងមនុស្សដែលកូវិដ-១៩បានឆ្លងដល់ និងឲ្យទុកមនុស្សមានរោគឆ្លងឲ្យនៅឃ្លាតពីអ្នកដទៃចំនួន ១៤ ថ្ងៃ មនុស្សឈឺធ្ងន់ឲ្យនៅឃ្លាតពីអ្នកដទៃចំនួន ២០ ថ្ងៃ បានក្លាយទៅជាទំនាស់ដ៏ប្រេះឆារវាងអ្នកដែលជឿថាកូវិដ-១៩ ជារឿងកំប្លែងឥតមានការពិត និងអ្នកជំនាញវេជ្ជសាស្ត្រដែលទាមទារការគ្រប់គ្រងកូវិដ-១៩កុំឲ្យឆ្លងនិងសម្លាប់មនុស្សថែមទៀត ។ នយោបាយូបនីយកម្មកូវិដ-១៩បានបញ្ចេញរូបភាពបក្សសម្ព័ន្ធមនុស្សពាក់ម៉ាសគ្របមាត់ច្រមុះរក្សាគម្លាត និងបក្សសម្ព័ន្ធមនុស្សមិនពាក់ម៉ាសប្រមូលផ្តុំអ៊ូអរនៅកន្លែងសាធារណៈ ។

នៅរំលងអធ្រាត្រថ្ងៃទី ១ ខែតុលា នាម៉ោង ១២:៥៤ ដែលត្រូវជាថ្ងៃទី ២ តុលា សារទ្វីតមួយពីលោកប្រធានាធិបតីត្រាំថ្លែងថាលោកនិងលោកជំទាវបានត្រូវមេរោគកូវិដ-១៩ឆ្លងដល់ហើយ ហើយលោកទាំងពីរនឹងចាប់ផ្តើមដំណើរការថែរក្សាជំងឺភ្លាម ។ នៅល្ងាចថ្ងៃទី ២ ឧទ្ធម្ភាគចក្រយោធា Marine One បានចុះនៅសេតវិមានហើយដឹកលោកត្រាំទៅមន្ទីរពេទ្យយោធា វ៉ល់តឿរ៍ រីដ Walter Reed ។ លោកជំទាវមិនបានទៅជាមួយទេ លោកនៅសម្រាកឯសេតវិមានវិញ ។ ស្ថិតិរបស់ “ព័ត៌មានប៊្លូមប៊ឺរ៍គ” នៅក្នុងរាត្រីថ្ងៃទី ២ ផ្សាយថាពលរដ្ឋអាមេរិកចំនួនជាង ៧ លាន ៣ សែននាក់បានត្រូវកូវិដ-១៩ ឆ្លងដល់ និងចំនួនជាង ២ សែន ៨ ពាន់នាក់ត្រូវបានបាត់បង់ជីវិតដោយសារកូវិដ-១៩ ។

ការចូលព្យាបាលជំងឺកូវិដ-១៩ របស់លោកត្រាំនៅមន្ទីរពេទ្យយោធាបានបង្កើតមតិមួយថាលោកប្រធានាធិបតីប្រហែលជាទទួលស្គាល់ការទូន្មានរបស់ជំនាញវេជ្ជសាស្ត្រអំពីគ្រោះកំណាចនៃមេរោគឆ្លងហើយ ។ ប៉ុន្តែមតិនោះរលាយខ្សុលនៅល្ងាចថ្ងៃទី ៤ តុលា នៅពេលក្បួនរថយន្តមួយបើកចេញពីមន្ទីរពេទ្យហែលោកត្រាំតាមផ្លូវថ្នល់នៅមុខមន្ទីរពេទ្យដើម្បីឲ្យលោកអង្គុយក្នុងឡានជាមួយភ្នាក់ងារសម្ងាត់ ២ នាក់ បក់ដៃទៅកាន់អ្នកគាំទ្រឈរនៅតាមចិញ្ចើមថ្នល់អបអរនឹងលោក ។ ការរឹះគន់ដល់លោកថាមិនរក្សាគម្លាតនិងមិនគិតអំពីការចម្លងរោគដល់ភ្នាក់ងារសម្ងាត់ដែលក្នុងរថយន្តបិទកញ្ចក់ជិតស្លុងនៅជាមួយលោកបានបង្កើតសំនួរយ៉ាងទទូចមួយដែលគ្មានចម្លើយ ៖ តើនៅថ្ងៃណាដែលលោកត្រាំបានធ្វើតេស្តឃើញថាលោកគ្មានផ្ទុករោគឆ្លងនោះបានជាលោកមិនរក្សាគម្លាត ?
សំនួរនិងចម្ងល់នេះបានក្លាយទៅជាភាពឥតន័យនៅពេលលោកត្រាំបានផ្ញើសារទ្វីតពីមន្ទីរពេទ្យនៅមុនលោកចេញតាមឧទ្ធម្ភាគចក្រមកកាន់សេតវិមានវិញនៅល្ងាចថ្ងៃទី ៥ តុលា ថា “ចូរកុំខ្លាចកូវិដ” “ចូរកុំឲ្យវាគ្រប់គ្រងជីវិតអ្នកបាន ។ នៅក្រោមរដ្ឋាភិបាលត្រាំ យើងបានបង្កើតថ្នាំពេទ្យនិងចំណេះដឹងយ៉ាងអស្ចារ្យ” ។ បន្ទាប់ពីលោកបានមកដល់សេតវិមានវិញប៉ុន្មានម៉ោងក្រោយមក មានវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍បង្ហាញលោកឡើងជណ្តើររួចខំប្រឹងដកខ្យល់តាមមាត់និងបានដោះម៉ាសដែលគ្របមាត់ច្រមុះលោកចេញមុននឹងជួបអ្នកពាក់ម៉ាសឯទៀតនៅក្នុងសេតវិមាន ។

នៅយប់ថ្ងៃទី ៥ នោះ ស្ថិតិ “ព័ត៌មានប៊្លូមប៊ឺរ៍គ” ផ្សាយថាពលរដ្ឋដែលកូវិដ-១៩ឆ្លងដល់មានចំនួនជាង ៧ លាន ៤ សែននាក់ ឬជាង ១ សែន ២ ម៉ឺននាក់លើសពីថ្ងៃទី២ដែលលោកត្រាំបានទៅដល់មន្ទីរពេទ្យ (គឺ ៣ ថ្ងៃមុន ) ហើយពលរដ្ឋដែលត្រូវបានស្លាប់មានចំនួនជាង ២ សែន ១ ម៉ឺននាក់ ឬជាង ១ ពាន់ ៤ រយនាក់ច្រើនជាង ៣ ថ្ងៃមុន ។

ថ្ងៃទី ១០ ជាថ្ងៃលោកប្រធានាធិបតីត្រាំបើកឆាកយុទ្ធនាការបោះឆ្នោត ។ នៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់អ្នកគាំទ្រលោកចំនួនប៉ុន្មានរយនាក់ដែលប្រមូលផ្តុំគ្នានៅទីវាលខាងត្បូងនៃសេតវិមាន លោកថ្លែងថាលោកបានធ្វើតេស្តហើយឥតឃើញមានមេរោគទេ លោកប្រកាសថាមេរោគឆ្លងកូវិដ-១៩នឹងរលាយបាត់ឆាប់ៗនេះ ។ នៅរាត្រីថ្ងៃទី ១០ នោះ ពលរដ្ឋចំនួនជាង ៧ លាន ៧ សែននាក់បានត្រូវកូវិដ-១៩ឆ្លងដល់និងជាង ២ សែន ១ ម៉ឺននាក់ត្រូវបាត់បង់ជីវិត ។

តាមគំរោង លោកនឹងធ្វើសកម្មភាពយុទ្ធនាការបោះឆ្នោតនៅរដ្ឋហ្វ្ល័រីដា ប៉ិនស៊ីលវេន្យា អាយោវ៉ា ការ៉ូលីណាខាងជើង ជាបន្តបន្ទាប់គ្នា ។

វិលបកមកសម្រង់ចំណងជើងអត្ថបទវិញ មានចំណងជើងស្តីអំពីមរណភាពនៃលទ្ធិប្រជាធិបតេយ្យអាមេរិកគួរឲ្យចាប់អារម្មណ៍ អំពីបុគ្គលិកសេតវិមាននិងក្រសួងភ្នាក់ងារសម្ងាត់ភ័យខ្លាចនិងខឹងនឹងសភាពមេរោគឆ្លង អំពីក្រុមមេបញ្ជាការយោធាអាមេរិកបានត្រូវរស់នៅឃ្លាតពីអ្នកដទៃ អំពីមន្ត្រី ៣៤ នាក់បានត្រូវមេរោគឆ្លងដល់ អំពីរដ្ឋចំនួន ៣៩ ឥឡូវមានករណីកូវិដ-១៩ កើនឡើងហើយ ។

ខ្ញុំបានបញ្ចូលចំណងជើង ៣ អត្ថបទដើម្បីទាញអារម្មណ៍លោកអ្នកភ្ជាប់នឹងការព្រួយបារម្ភរបស់សាស្ត្រាចារ្យជប៉ុន លោក ខយ ជឹ អំពីស្ថានភាពសង្គ្រាមស៊ីវិលអាមេរិកដែល “នឹងអាចកើតឡើងជាយថាហេតុ” ។ ចំណងជើងអត្ថបទកាសែត USA Today ថ្លែងអំពីការស្ទង់មតិអាមេរិកដែលព្រមានអំពី “សង្គ្រាមស៊ីវិល” និង “អំពើហិង្សា” កើតមកពីហេតុបក្សព័ន្ធបែកបាក់កម្រិតជ្រៅនៅក្នុងការបោះឆ្នោតជាតិខែវិច្ឆិកានេះ ហើយនិងចំណងជើងអត្ថបទកាសែត ឡូស៍អង់ហ្សឺឡេសថែមស៍ អំពីការភ័យខ្លាចដល់ក្រុមរ៉ាឌីកាល់ជ្រុលនិយមបន្ទាប់ពីក្រសួងស៊ើបការសហព័ន្ធ FBI បានចាប់មនុស្ស ១៣ នាក់ដែលគេចោទថារួមគំនិតចាប់ពង្រាត់អភិបាលរដ្ឋម៉ីហ្ស៊ីហ្គិន លោកស្រី ហ្គ្រឹតចិន វឹទម៉ឺរ៍ Gretchen Whitmer នៃគណបក្សប្រជាធិបតេយ្យយកទៅសម្លាប់ចោល ។ ខ្ញុំនឹងស្រង់ព័ត៌មានខ្លីៗពីបណ្តាញព័ត៌មានផ្សេងៗដែលមានសារៈសំខាន់មកចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។

ទាំងអស់ខាងលើនេះបញ្ជាក់អំពីសហរដ្ឋអាមេរិកដែលរកផ្លូវចេញពីកលិយុគនិងអស្ថិរភាពមិនឃើញ ខណៈណាបុគ្គលិកលក្ខណៈនៃអ្នកដឹកនាំប្រទេសមិនប្រកបដោយលក្ខណៈគុណសម្បត្តិប្រសើរ ។ កម្មផលដែលកើតចេញមកគឺនៅត្រង់នេះឯង ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។