បណ្តាសាចិន៖ «រស់ក្នុងគ្រាគួរឲ្យចាប់អារម្មណ៍ »

បណ្តាសាចិន៖ «រស់ក្នុងគ្រាគួរឲ្យចាប់អារម្មណ៍»

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០

សៀវភៅប្រជុំវិជ្ជា Wikipedia សរសេរអំពីពាក្យអង់គ្លេស “Chinese curse” ឬ “បណ្តាសាចិន” ថាសំដៅទៅឃ្លាចិនបុរាណ 寧爲太平犬, 莫做亂離人 ដែលជាទូទៅត្រូវបានបកប្រែថា “May you live in interesting times” ឬ “សូមឲ្យអ្នករស់រានក្នុងគ្រាដែលគួរឲ្យចាប់អារម្មណ៍” ។ បើស្តាប់ឮភ្លាមៗ ឃ្លានេះហាក់ដូចជាពាក្យពេចន៍ជូនពរជ័យ ប៉ុន្តែឃ្លានេះជាឃ្លាចំអកមួយ ។

តាម Wikipedia ពាក្យចិនបុរាណមួយឃ្លានេះត្រូវបានគេបកប្រែនិងផ្តល់ន័យជាក់លាក់មួយថា “Better to be a dog in a peaceful time, than to be a human in a chaotic (warring) period” ឬ “រស់ជាឆ្កែក្នុងគ្រាសន្តិភាពវាប្រសើរជាងរស់ជាមនុស្សក្នុងគ្រា (សង្គ្រាម ) វឹកវរ” ។ ពាក្យថា “interesting times” ឬ “គ្រាដែលគួរឲ្យចាប់អារម្មណ៍” គឺសំដៅទៅគ្រាច្របូកច្របល់ដែលប្រកបដោយភយន្តរាយ ។ ផ្ទុយទៅវិញ ពាក្យថា “un-interesting times” ឬ “គ្រាដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍” គឺជាគ្រាមានសន្តិភាពនិងការស្ងៀមស្ងាត់ដែលជាភាពឥតមានអ្វីគួរឲ្យបារម្ភ ។ ក៏ប៉ុន្តែ “interesting times” ឬ “គ្រាដែលគួរឲ្យចាប់អារម្មណ៍” ផ្តល់ឱកាសល្អក្រៃលែងដល់មនុស្ស ។ គ្រាដែលមានការវឹកវរបើកឱកាសឲ្យមនុស្សធ្វើសកម្មភាពនិងរចនាច្នៃប្រឌិតដើម្បីរកផ្លូវរីកចម្រើន ។ គេមិនដឹងច្បាស់ថាតើ “បណ្តាសាចិន” នេះបានកើតចេញពីប្រភពណាឡើយ ។

ការរៀនសូត្រអំពីជីវិតរស់នៅនិងរបៀបគ្រប់គ្រងរបស់ប្រទេសដទៃជួយយើងឲ្យស្គាល់ខ្លួនយើង ។ លុះយើងបានដឹងយល់អំពីពួកគេនិងស្គាល់ខ្លួនយើងហើយ យើងអាចរកមធ្យោបាយដើម្បីកសាងខ្លួនយើងឲ្យបានប្រសើរនិងចម្រុងចម្រើនជាងមុន ។ នៅក្នុងការសិក្សាប្រៀបធៀប ខ្ញុំតែងយករូបមន្ត “យោង-ព្យួរ-ត-ភ្ជាប់“ និង ដំណើរការ “អធិប្បាយ-វិភាគ-ព្យាករណ៍” មកអនុវត្ត ។

“បណ្តាសាចិន” បង្ហាញឲ្យឃើញថាអាមេរិកក៏ដូចជាកម្ពុជាកំពុង “រស់នៅក្នុងគ្រាដែលគួរឲ្យចាប់អារម្មណ៍” ៖ អត្តាធិបតេយ្យកំពុងខាំករកេរឫសកែវ “នីតិរដ្ឋ” នៅក្នុងប្រទេសទាំងពីរ ។ នៅកម្ពុជា របបផ្តាច់ការបានចាប់ឃុំឃាំងខ្មែរដែលមានគំនិតមិនដូចខ្លួន ដូចពួកគេកំពុងប្រព្រឹត្តទៅលើលោក កឹម សុខា សព្វថ្ងៃនេះ ។ ជនផ្តាច់ការគាស់រំលើងគល់ “នីតិរដ្ឋ” បណ្តុះបណ្តាលនិងពង្រឹង “នីតិមាត់” ដែលគាត់ឱបក្រសោបដោយដាក់អមាត្យដែលលោភលន់ឲ្យកាន់អំណាចនីតិប្រតបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ ដើម្បីការពាររបបគាត់ ។ ទាំងមេកន្ទ្រញទាំងអមាត្យបំពានរដ្ឋធម្មនុញ្ញដើម្បីចម្រាញ់យកផលប្រយោជន៍ផ្ទាល់ខ្លួន ។ នៅអាមេរិក អត្តាធិបតេយ្យកំពុងគំរាមកំហែង “នីតិរដ្ឋ” បង្កើតបរិស្ថានបែប “កាហ្វកា-អែស” Kafka-esque បណ្តុះនិងលើកទឹកចិត្តអត្តាធិបតេយ្យឲ្យមាននៅក្នុងរបបគ្រប់គ្រងដែលប្រើវិធីកំញើញនិងបំភិតបំភ័យដើម្បីគ្រប់គ្រង ។

ក៏ប៉ុន្តែ “គ្រាដែលគួរឲ្យចាប់អារម្មណ៍” នៅកម្ពុជាគឺជាគ្រាដែលខ្មែរមិនហ៊ានស្រែក “អ៊ឹះ!” ។ នៅអាមេរិក ជនជាតិអាមេរិកាំងដែលនៅក្រោកឈរនិងដាក់ដៃស្តាំនៅលើបេះដូងហើយសូត្រព្រមគ្នាថា “សូមសច្ចាការពារទង់ជាតិនៃសហរដ្ឋអាមេរិកដែលជានិមិត្តរូបនៃសាធារណរដ្ឋ មានប្រជាជាតិតែមួយនៅក្រោមបារមីអាទិទេពដែលគ្មាននរណាអាចបំបែកបាន ដោយមានសេរីភាពនិងយុត្តិធម៌ជាមូលដ្ឋាន” នៅតែជឿប្តូរផ្តាច់នឹងពាក្យពេចន៍នៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកនៅឆ្នាំ ១៧៧៦ អំពី “សច្ចៈដាច់ខាត” ឬ self-evident truths ដែលមាន “សិទ្ធដែលមិនអាចបំពានបាន គឺជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។

អត្ថបទខ្ញុំនៅថ្ងៃនេះជាវិចារណកថាអំពីជនជាតិអាមេរិកាំង ។ ខ្ញុំជឿថាលោកអ្នកនាងដែលអាននិងស្តាប់វិចារណកថារបស់ខ្ញុំនៅថ្ងៃនេះអាចទាញយកគោលគំនិតខ្លះៗមកប្រើការដើម្បីស្ថាបនាអនាគតមួយដែលប្រសើរនិងចម្រុងចម្រើន ។ គំនិតជាបុព្វហេតុនៃទង្វើ ។ សកម្មភាពដែលមានគំនិតជាមូលដ្ឋាននឹងនាំមកនូវជោគជ័យ ។ តែត្រូវចងចាំថា គំនិតវានៅត្រឹមតែជាគំនិតប៉ុណ្ណោះប្រសិនបើយើងមិនយកវាទៅអនុវត្ត ។ ព្រះពុទ្ធបានផ្តល់រូបមន្តមួយថា “គិត-កម្ម-ផល” ។

ការរីករាលនៃអត្តាធិបតេយ្យបានជម្រុញសភាតំណាងរាស្ត្រអាមេរិកឲ្យអនុវត្តនាខែធ្នូឆ្នាំ២០១៩ នូវមាត្រា១ ផ្នែកទី២ នៃរដ្ឋធម្មនុញ្ញអាមេរិក “ចោទប្រកាន់កាត់ទោស” impeach លោកប្រធានាធិបតីបច្ចុប្បន្នពីបទ “រំលោភអំណាច” និង “រារាំងការស៊ើបអង្កេតរបស់សភា” ។ មាត្រា១ ផ្នែកទី៣ ផ្តល់សិទ្ធអំណាចដល់ព្រឹទ្ធសភាឲ្យជុំនំជំរះក្តី ។

តាំងតែពីរដ្ឋធម្មនុញ្ញអាមេរិកបានផ្តល់សច្ចាប័ននៅឆ្នាំ ១៧៨៩ មកមានប្រធានាធិបតីតែ ២ រូបប៉ុណ្ណោះដែលត្រូវបានរដ្ឋសភាចោទប្រកាន់កាត់ទោស គឺលោក អាន់ឌ្រូវ ហ្ចនសុន Andrew Johnson ប្រធានាធិបតីទី១៧ នៅឆ្នាំ ១៨៦៨ និងលោក ប៉ីល ក្លិន តុន Bill Clinton ប្រធានាធិបតីទី៤២ នៅឆ្នាំ ១៩៩៨ ។ នៅខែធ្នូ ឆ្នំា ២០១៩ លោកប្រធានាធិបតីទី៤៥ ដូណាល់ ត្រាំ ជាប្រធានាធិបតីលើកទី៣ ដែលបានត្រូវសភាចោទប្រកាន់កាត់ទោស ។

សូមកត់សំគាល់ថា លោក រិចឈឺត និចសុន ប្រធានាធិបតីទី៣៧ បានគេចខ្លួនផុតពីការជំនុំជំរះកាត់ក្តីនៅព្រឹទ្ធសភាដោយលោកបានលាលែងពីតំណែងជាមុននៅឆ្នាំ ១៩៧៤ ។

ខណៈដែលលោក និចសុន បានថ្លែងនៅទសវត្សរ៍ ១៩៧០ ថាលោកបាន “ធ្វើខុស” ដោយមិនបានធ្វើសកម្មភាពឲ្យបានម៉ឺងម៉ាត់និងត្រឹមត្រូវនៅក្នុងរឿងអាស្រូវនយោបាយ លោក ក្លិនតុន បានថ្លែងការណ៍នៅទសវត្សរ៍ ១៩៩០ ទៅកាន់ពលរដ្ឋអាមេរិកាំងពីសួនច្បារកូឡាប Rose Garden នៃសេតវិមានថា “ឥឡូវព្រឹទ្ធសភាបានបំពេញមុខនាទីស្របតាមរដ្ឋធម្មនុញ្ញ ខ្ញុំចង់ថ្លែងជាថ្មីមកកាន់ពលរដ្ឋអាមេរិកថាខ្ញុំមានសេចក្តីសោកស្តាយយ៉ាងខ្លំាងចំពោះអ្វីដែលខ្ញុំបាននិយាយនិងបានធ្វើ” ។ លោក ដូណាល់ ត្រាំ បានប្រកាន់ជំហរតាំងតែពីដំបូងមកថាលោក “ឥតបានធ្វើអ្វីខុសសោះឡើយ” ។ ការអង្កេតរបស់រដ្ឋសភាជាទង្វើគ្មានមូលដ្ឋាន ។ ព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយជាព័ត៌មានក្លែងក្លាយ ។ ការជំនុំជំរះក្តីនៅសភាជាការេ “ប្រមាញ់អាបធ្មប់” ដែលរុញលោកឲ្យ “ឆ្លងកាត់នរកដោយអយុត្តិធម៌” ។

នៅថ្ងៃទី៦កុម្ភៈ នៅពិធីអធិដ្ឋានអាហារពេលព្រឹក prayer breakfast នៅសេតវិមានដែលតាមទំនៀមទម្លាប់ជាឱកាសធ្វើការផ្សះផ្សាសម្របសម្រួល លោក ត្រាំ បានប្រើឱកាសនេះធ្វើការតិះដៀលចំឈ្មោះអ្នកដែលលោកមិនចូលចិត្ត មានប្រធានរដ្ឋសភា លោកស្រី ប៉េឡូស៊ី និងព្រឹទ្ធសមាជិក លោក ម៉ិត រ៉មនីយ៍ ។ល។ ដែលនៅអង្គុយតុអាហារក្នុងបន្ទប់ជាមួយគ្នា ។

នៅថ្ងៃដដែល នៅសាល East Room នៃសេតវិមានដែលពោរពេញទៅដោយសមាជិកគណបក្សសាធារណរដ្ឋ GOP ដែលសម្តែងការគោរពកោតខ្លាចដល់លោក លោក ត្រាំ បានធ្វើសុន្ទរកថារយៈពេល ៦២ នាទី កោតសរសើរជោគជ័យរបស់ខ្លួនលោកនិងបញ្ចេញកំហឹងដោយជេរតេះដៀលអ្នកដែលបានប្រកួតប្រជែងនិងរិះគន់លោក ។ និយាយយ៉ាងខ្លី អាកប្បកិរិយារបស់លោកគឺបង្កជម្លោះនិងសងសឹក ។ នៅក្នុងអត្ថបទក្រោមចំណងជើងថា “Trump unbound” ឬ “លោកត្រាំដាច់កន្លុះ” ទស្សនាវដ្តីអង់គ្លេសឈ្មោះ The Economist បានសរសេរថា “មិនដែលឃើញលោកត្រាំគំរាមកំហែងលទ្ធិប្រជាធិបតេយ្យអាមេរិកដូចសព្វថ្ងៃឡើយ” ហើយក៏ “មិនដែលឃើញព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋងាយរងគ្រោះដូចសព្វថ្ងៃដែរ” ។ បន្ទាប់ពីព្រឹទ្ធសភាសម្រេចមិនបន្តការចោទប្រកាន់លើរូបលោក លោក ត្រាំ បានឡើងចាងហាក់ដូចសេះដាច់បង្ហៀរ ។

ខ្ញុំបានចំណាយពេលជាច្រើនម៉ោងច្រើនថ្ងៃ អង្គុយស្តាប់និងមើលទូរទស្សន៍ផ្សាយផ្ទាល់នូវសវនាការសភានិងសក្ខីកម្មរបស់មន្ត្រីអាមេរិកាំងនិងសាស្ត្រាចារ្យច្បាប់រដ្ឋធម្មនុញ្ញព្រមទាំងអានអត្ថបទក្នុងទំព័រកាសែតនិងទស្សនាវដ្តីនានា ។ ខ្ញុំបានសរសេរផ្សាយអត្ថបទមួយចំនួនដែលមានចុះផ្សាយក្នុងគេហទំព័រ “គំនិតខ្មែរ” ។

ខ្ញុំបានឃើញនីតិរដ្ឋរបស់សហរដ្ឋអាមេរិកក្រឡាប់ចក្រនៅយប់ថ្ងៃអង្គារទី៤កុម្ភៈនៅពេលលោកប្រធានាធិបតី ត្រាំ បានថ្លែងសុន្ទរកថាប្រចាំឆ្នាំយ៉ាងវែងមួយនៅសាលរដ្ឋសភាអំពីសុខភាពសហរដ្ឋអាមេរិក ។ ខណៈដែលសុន្ទរកថានេះត្រូវបានគេរិះគន់ថាឃ្លាតចាកឆ្ងាយពីការពិតច្រើន (សូមចុច https://www.factcheck.org/2020/02/factchecking-the-state-of-the-union-3/ ) លោក ត្រាំ ក៏ទទួលរងនូវការរិះគន់ជាច្រើនពីប្រការយកឱកាសថ្លែងសុន្ទរកសមាជជាតិទៅធ្វើយុទ្ធនាការឃោសនានយោបាយទៅវិញ ។ នៅពេលលោកបានបញ្ចប់សុន្ទរកថារយៈពេល ៧៨ នាទី នៅឈរពីក្រោយលោកគឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាដែលក្រោកពីកៅអីហើយហែកក្រដាស់សុន្ទរកថាលោក ត្រាំ ដោយសម្តែងការមិនពេញចិត្តជាសាធារណៈ https://www.factcheck.org/2020/02/pelosi-a-ripped-speech-and-the-records-debate/

លោកស្រី ប៉េឡូស៊ី មេដឹកនាំសហរដ្ឋអាមេរិកលំដាប់ទី៣ បន្ទាប់ពីប្រធានាធិបតីនិងអនុប្រធានាធិបតី ផ្តើមការស៊ើបអង្កេតចោទប្រកាន់កាត់ទោសលោក ដូណាល់ ត្រាំ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោយពីបានទទួលបណ្តឹងរបស់អ្នកទម្លាយរឿងអាស្រូវម្នាក់ a whistleblower អំពីព័ត៌មានពីមន្ត្រីច្រើនរូបឲ្យគាត់ដឹងថាអាចមានការ “រំលោភអំណាច” ដោយលោក ត្រាំ ដែលគេចោទថាបានសុំលោក ហ្សេឡិនស្គី Zelensky ប្រធានាធិបតីថ្មីនៃប្រទេស យូក្រេណ ឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនៅឆ្នាំ ២០២០ និងបានដាក់សម្ពាធលើលោក ហ្សេឡិនស្គី ឲ្យស៊ើបអង្កេតគូប្រជែងនយោបាយម្នាក់ ។ (លោកអ្នកនាងដែលចង់អានបណ្តឹងទាំងស្រុងសូមចុចតំណនេះ https://www.factcheck.org/2019/09/the-whistleblower-complaint-timeline/ )

ឯកសារបែកធ្លាយនោះបង្ហាញឈ្មោះមេធាវីលោកប្រធានាធិបតីគឺលោក រ៉ូដុលហ្វ ជូលីយ៉ានី Rudolph Giuliani និងមេធាវីកំពូល Attorney General វិល្យាំ បារ៍ ពាក់ព័ន្ធក្នុងរឿងនេះដែរ ។ សៀវភៅរបស់លោក ហ្ចន បូលតុន John Bolton អតីតទីប្រឹក្សាសន្តិសុខជាតិក៏មានបញ្ចេញឈ្មោះមន្ត្រីរបស់លោក ត្រាំ ដូចគ្នា ។

នៅខែតុលា គណៈកម្មាធិការសភា ៣ គឺ ស៊ើបអង្កេត ត្រួតពិនិត្យ និងកិច្ចការបរទេស បានស្តាប់សក្ខីកម្មរបស់មន្ត្រីទូត ការពារប្រទេស និងអតីតមន្ត្រីសេតវិមាន ស្តីអំពីលោក ត្រាំ ចង់ឲ្យលោក ហ្សេឡិនស្គី ប្រកាសអំពីការស៊ើបអង្កេតលោក បែដិន និងក្រុមហ៊ុនឧស្ម័នធម្មជាតិ យូក្រេណ ប៊ឿរីស្មា Burisma ។

លោកប្រធានាធិបតី ត្រាំ ចោទអ្នកទម្លាយរឿងអាស្រូវនេះថាជា “ជនក្បត់ជាតិ” ដែលត្រូវទទួលទោស “ក្បត់ជាតិ” ។ សមាជិកព្រឹទ្ធសភា GOP ជាច្រើនរូបបានទាមទារឲ្យអ្នកទម្លាយរឿងអាស្រូវនេះចូលមកធ្វើជាសាក្សីនៅក្នុងការជំនុំជំរះក្តី ។ ពួកប្រជាធិបតេយ្យបានឆ្លើយវិញថាសហរដ្ឋអាមេរិកមានច្បាប់សហព័ន្ធមួយក្រោមឈ្មោះថា Whistleblower Protection Act ឬ “ច្បាប់ការពារអ្នកបញ្ចេញពត៌មានអាស្រូវ” ដើម្បីការពារបុគ្គលិករដ្ឋាភិបាលដែលរាយការណ៍អំពីអត្ថិភាពនៃសកម្មភាពបំពានច្បាប់ ឬបទបញ្ញត្តិ ឬការគ្រប់គ្រងមិនត្រឹមត្រូវ ឬការរំលោភបំពានសិទ្ធិអំណាច ។ល។

ព្រះពុទ្ធបានបង្រៀនជាង ២៥០០ ឆ្នាំមកហើយថាគេមិនអាចបិទបាំងព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈបានទេ ។ ទោះបីអាជ្ញារដ្ឋសភាត្អូញត្អែរអំពីលោក ត្រាំ ហាមមន្ត្រីផ្តល់សក្ខីកម្ម និងហាមផ្តល់ឯកសារដូចដែលរដ្ឋសភាបានសុំ ក៏នៅមានមន្ត្រីដែលជឿលើរដ្ឋធម្មនុញ្ញជាងបំរាមសុខចិត្តបង្ហាញខ្លួនផ្តល់សក្ខីកម្មនៅក្នុងគណៈកម្មាធិការរដ្ឋសភា ។ យ៉ាងដូច្នេះ “ការពិត” បានបង្ហាញខ្លួនម្តងមួយៗ ឯណេះបន្តិចឯណោះបន្តិច ។

សក្ខីកម្មរបស់មន្ត្រី បណ្តឹងរបស់អ្នកបញ្ចេញពត៌មានអាស្រូវ ការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និង លោក ហ្សេឡិនស្គី នៅថ្ងៃទី២៥ ខែកក្កដា ២០១៩ បានត្រូវអាជ្ញាសភា “យោង-ព្យួរ-ត-ភ្ជាប់” ចេញជារូបរាងប្រទាក់គ្នាដូចសម្លរកំពឹស ។ លទ្ធផលគឺការចោទប្រកាន់កាត់ទោសលោក ត្រាំ ពីបទ “រំលោភអំណាច” ប្រធានាធិបតី ។

អាជ្ញារដ្ឋសភាចោទថាដើម្បីយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ លោក ត្រាំ បាន “រំលោភអំណាច” ដោយបង្អាក់ជំនួយចំនួន ៣៩១ លានដុល្លារដែលសភាបានផ្តល់ឲ្យ យូក្រេណ ដើម្បីទប់ទល់នឹងកងទ័ពលុកលុយឈ្លានពានរុស្សី ដោយដាក់សម្ពាធលើលោក ហ្សេឡិនស្គី Zelensky ឲ្យស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក ត្រាំ គឺអតីតអនុប្រធានាធិបតី ហ្ចូ បែដិន Joe Biden បេក្ខជនប្រជាធិបតេយ្យ និងជាឪពុករបស់លោក ហន់តឿរ៍ បែដិន Hunter Biden សមាជិកទីប្រឹក្សាក្រុមហ៊ុនឧស្ម័ន ប៊ឿរីស្មា ។

អាជ្ញារដ្ឋសភាចោទលោក ត្រាំ ថាបានដាក់ល័ក្ខខ័ណ្ខឲ្យលោក ហ្សេឡិនស្គី ស៊ើបអង្កេតលោក បែដិន និង លោក ហន់តឿរ៍ បែដិន ទើបជំនួយធ្លាក់មក យូក្រេណ ។ ហើយលោក ត្រាំ នឹងទទួលលោក ហ្សេឡិនស្គី នៅសេតវិមានបន្ទាប់ពីកិច្ចការនេះត្រូវបានប្រកាស ។ នេះជា quid pro quo ភាសាឡាតាំងបកប្រែថា “something for something” ឬ “ធ្វើអានេះដើម្បីទទួលអានោះ” ។ មេធាវីការពារលោក ត្រាំ ប្រកាន់ជំហរថាគ្មាន quid pro quo ទេ គ្មានការស៊ើបអង្កេតទេ ហើយ យូក្រេណ បានទទួលជំនួយអាមេរិកមុនពេលលោក ហ្សេឡិនស្គី និងលោក ត្រាំ បានជួបមុខគ្នានៅអង្គការសហប្រជាជាតិទៅទៀត ។

លោក ត្រាំ ថ្លែងជាសាធារណៈថាការសន្ទនារបស់លោកជាមួយលោក ហ្សេឡិនស្គី “was perfect” ឬ “ល្អឥតខ្ចោះ” ដូចមានសរសេរក្នុង “transcript” ឬ “ប្រតិចារិក” ។ នៅក្នុង “អនុស្សរណៈការសន្ទនាតាមទូរស័ព្ទ” MEMORANDUM OF TELEPHONE CONVERSATION ឬ TELCON ដែលលោក ត្រាំ និងសមាជិក GOP ទទូចហៅថា “transcript” ឬ “ប្រតិចារិក” យើងអាចអានពាក្យថា CAUTION ឬ “ប្រយ័ត្ន” ដែលបញ្ជាក់ថា TELCON មិនមែនជា “verbatim transcript” ឬ កំណត់ពាក្យគ្រប់ម៉ាត់ដែលបាននិយាយទេ TELCON គឺជាកំណត់ពាក្យនិយាយដែលគេនៅចាំបាន ។ លោកអ្នកនាងដែលចង់អានអនុស្សរណៈនេះ សូមចុច https://www.nytimes.com/interactive/2019/09/25/us/politics/trump-ukraine-transcript.html?module=inline ឬ សូម Google Search “Full Document: Trump’s Call With the Ukrainian President” នៅក្នុងទំព័រកាសែត “នូវយ៉កថែមស៍” ។

“សច្ចៈ” ដែលមិនអាចបិទបាំងជិតបានបញ្ចេញរូបភាពបន្ថែមនៅថ្ងៃទី ២៦ មករា ២០២០ ។ កាសែត នូវយ៉កថែមស៍ បានចុះផ្សាយអត្ថបទស្តីអំពីសៀវភៅរបស់លោក ហ្ចន បូលតុន John Bolton ដែលសរសេរថាលោក ត្រាំ បានប្រាប់លោក (បូលតុន) តាំងតែពីខែសីហាឆ្នាំ២០១៩មកម្ល៉េះថាគាត់ (លោក ត្រាំ ) ចង់បន្តបង្កកជំនួយ ៣៩១ លានដុល្លាររហូតដល់ពេលមន្ត្រី យូក្រេណ ធ្វើការស៊ើបអង្កេតលោក បែដិន និងលោក ហន់តឿរ៍ បែដិន ។ កាសែត នូវយ៉កថែមស៍ សរសេរអំពីការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី២៥កក្កដាថា លោក បូលតុន បានសម្តែងការចាប់អារម្មណ៍របស់លោកជូនមេធាវីកំពូល លោក វីល្យាំ បារ៍ អំពីលោក ហ្ចូលីយ៉ានី ដែលអនុវត្ត “គោលនយោបាយស្រមោល” សម្រាប់ប្រទេសយូក្រេណ a shadow Ukraine policy ដែលលោក ត្រាំ លើកទឹកចិត្តឲ្យធ្វើ ។ល។ និង ។ល។

អ្នកទម្លាយពត៌មានអាចមិនយល់ស្របនឹងទង្វើលោក ត្រាំ តែនៅថ្ងៃពុធទី ២៩ មករា លោក ប៉ាទ្រីក ហ្វីលបិន Patrick Philbin មេធាវីលោក ត្រាំ បានបញ្ជាក់ថាមានតែប្រធានាធិបតីទេដែលកំណត់បន្ទាត់នយោបាយការបរទេស ដូច្នេះ “បើបុគ្គលិកណាម្នាក់មិនយល់ស្របជាមួយប្រធានាធិបតី មិនមែនបានសេចក្តីថាប្រធានាធិបតីធ្វើអ្វីខុសឡើយ” ។ លោក ហ្វីលបិន រចនាទ្រឹស្តីថ្មីមួយអំពីស្តង់ដារនៃព័ស្តុតាង “beyond reasonable doubt” ឬ “ដោយគ្មានមន្ទិល” ដើម្បីចោទប្រកាន់កាត់ទោសលោក ត្រាំ ។

ក៏ប៉ុន្តែគឺសេចក្តីថ្លែងការណ៍របស់លោក អាឡាន់ ឌឿរ៍ហ្សោវិទស៍ Alan Dershowitz មេធាវីរបស់លោក ត្រាំ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ។ ជាអតីតសាស្ត្រចារ្យច្បាប់រដ្ឋធម្មនុញ្ញនៅ Harvard Law School លោក Dershowitz បានថ្លែងដាច់ណាត់ថា “បើលោកប្រធានាធិបតីធ្វើអ្វីមួយដែលលោកយល់ថានឹងជួយលោកឲ្យបានឈ្នះសន្លឹកឆ្នោតនិងនៅក្នុងផលប្រយោជន៍សាធារណៈ គឺនេះមិនមែនជា quid pro quo ដែលត្រូវទទួលផលកាត់ទោសឡើយ” ។ ពោលគឺ ទោះបីការចោទប្រកាន់របស់ពួកដេម៉ូក្រាតវាត្រឹមត្រូវក៏ដោយក៍គេមិនអាចយកទៅធ្វើជាមូលដ្ឋានដើម្បីកាត់ទោសប្រធានាធិបតីបានដែរ ។ មនុស្សជាច្រើនបានចោទលោក Dershowitz ថាការពារលោក ត្រាំ ឲ្យទៅជាបុគ្គលខ្ពស់ជាងច្បាប់ ។

នៅថ្ងៃទី៣១មករា ២០២០ កាសែត នូវយ៉កថែមស៍ បានចេញអត្ថបទមួយទៀតថា ”នៅជាងពីរខែមុន” នឹងលោក ត្រាំ បានគាបសង្កត់លោក ហ្សេឡិនស្គី (នៅខែកក្កដា) ឲ្យ “ស៊ើបអង្កេតគូប្រជែងនយោបាយ” លោក ត្រាំ បានបង្គាប់លោក បូលតុន នៅខែឧសភា ២០១៩ នៅក្នុងការិយាល័យ Oval Office ដែលមានវត្តមានលោក នីក ម៉ុលវេនី Nick Mulvaney ប្រធានបុគ្គលិកសេតវិមាន លោក រ៉ូដុលហ្វ ហ្ជូលីយ៉ានី Rudolph Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក ត្រាំ និងលោក ផាត់ ស៊ីប៉ូឡូនី Pat Cipollone ប្រធាមេធាវីការពារលោក ត្រាំ នៅព្រឹទ្ធសភា ឲ្យជួយធ្វើយុទ្ធនាការដាក់សម្ពាធមន្ត្រី យូក្រេណ ឲ្យ “បញ្ចេញព័ត៌មានបំផ្លិចបំផ្លាញពួកដេម៉ូក្រាត” ។ សូមរំលឹកថាលោកមេធាវី ផាត់ ស៊ីប៉ូឡូនី បានថ្លែងជាសាធារណៈថាលោកឥតបានដឹងអ្វីឡើយអំពីយុទ្ធនាការដាក់សម្ពាធនេះ ។ ពួកដេម៉ូក្រាតឆ្លើយវិញថា ប្រសិនបើលោក ស៊ីប៉ូឡូនី មិនដឹងរឿងទេ តែលោក បូលតុន បានសរសេរក្នុងសៀវភៅថាលោក ស៊ីប៉ូឡូនី ជាមនុស្សនៅក្នុងចំណោមអ្នកដែលបានទទួលបង្គាប់ពីលោក ត្រាំ ដែរ ហេតុអ្វីបានជាមិនព្រមឲ្យលោក បូលតុន មកស្បថធ្វើជាសាក្សីនៅចំពោះមុខព្រឹទ្ធសភាដើម្បីបញ្ចប់បញ្ហា ។ ឬមួយក៏ភាគីពាក់ព័ន្ធមានអ្វីដែលមិនចង់បញ្ចេញឲ្យពលរដ្ឋដឹង ?

ស្របពេលជាមួយនេះដែរ សកលវិទ្យាល័យ គ្វិននីព្យាក់ Quinnipiac University បានផ្សាយលទ្ធផលនៃការស្ទង់មតិថ្នាក់ជាតិមួយដែលបញ្ជាក់ថាពលរដ្ឋអាមេរិកំាងដែលចុះឈ្មោះបោះឆ្នោតជាតិឆ្នាំ២០២០នេះ ចំនួន ៣ ភាគ ៤ ឬ ៧៥% បានសម្តែងថាពួកគេចង់ឲ្យលោក បូលតុន បង្ហាញខ្លួនជាកសិណសាក្សីនៅក្នុងការជំនុំជំរះនៅព្រឹទ្ធសភា ។ លោក បូលតុន ខ្លួនឯងក៏បានឲ្យដឹងដែរថាលោកត្រៀមខ្លួនធ្វើជាកសិណសាក្សីបើព្រឹទ្ធសភាកោះហៅលោក ។

ក៏ប៉ុន្តែព្រឹទ្ធសមាជិករបស់គណបក្សសាធារណរដ្ឋ បានប្រកាន់ជំហរថាមិនបាច់មានកសិណសាក្សីទេ ។ ហើយក៏មិនបាច់មានព័ស្តុតាងឯកសារថែមទៀតដែរ ។

គួរកត់សម្គាល់ថាព្រឹទ្ធសភាចាំបាច់មាន ៥១ សម្លេងគាំទ្រទើបកោះហៅកសិណសាក្សីបាន។ សមាសភាពព្រឹទ្ធសភាទាំងអស់មានព្រឹទ្ធសមាជិក GOP ចំនួន ៥៣ រូប ព្រឹទ្ធសមាជិកប្រជាធិបតេយ្យ Dems មាន ៤៥ រូប និងព្រឹទ្ធសមាជិកឯករាជ្យមាន ២ រូប (ដែលច្រើនរួមកម្លាំងជាមួយពួក Dems ) បូករួមទាំងអស់ព្រឹទ្ធសភាមានសមាជិក ១០០ នាក់ ។ ដើម្បីដកប្រធានាធិបតីពីមុខតំណែង ព្រឹទ្ធសភាចាំបាច់មាន ២ ភាគ ៣ ឬ ៦៧ សម្លេង ។ យោងតាមសមាសភាពព្រឹទ្ធសភាគឺគ្មានផ្លូវថាលោក ត្រាំ នឹងអាចត្រូវបានហូតពីតំណែងឡើយ ។

នៅយប់ថ្ងៃសុក្រទី៣១ ខែមករា ២០២០ ព្រឹទ្ធសភាបានបោះឆ្នោត ៥១ ទល់ ៤៩ សម្លេង បដិសេធកសិណសាក្សីនិងព័ស្តុតាងបន្ថែមនៅក្នុងការជំនុំជំរះ ។ សេចក្តីសម្រេចនេះបានដាស់ស្មារតីខ្ញុំពីខាងក្រៅរហូតដល់ស្នូលក្នុងពីព្រោះខ្ញុំមិនដែលនឹកស្មានថាសហរដ្ឋអាមេរិកដែលពិភពលោកធ្លាប់បានទទួលស្គាល់ថាជាមគ្គុទេ្ទសក៍ “ប្រជាធិបតេយ្យ” និង “នីតិរដ្ឋ” បានត្រូវព្រឹទ្ធសភាសម្រេចជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនថាមិនត្រូវការកសិណសាក្សីនិងព័ស្តុតាងថ្មីនៅក្នុងការជំនុំជំរះក្តី ។ យ៉ាងនេះ អាមេរិកបានជ្រើសផ្លូវបត់បង្កើត “ភាពប្រក្រតីថ្មី” មួយ a new normal ដែលត្រូវតែប៉ះពាល់ដល់ទំនៀមទម្លាប់ “នីតិរដ្ឋ” ដែលពិភពលោកធ្លាប់បានស្គាល់ ។ “ភាពប្រក្រតីថ្មី” គឺមិនបាច់ចង់ដឹងអ្វីថ្មីឡើយ ។ ខ្ញុំនឹកអាសូរដល់លោក សូក្រាត បិតាស្ថាបនិកម្នាក់នៃអរិយធម៌ពិភពលោកខាងលិចដែលបានផ្តើមគំនិតត្រិះរិះពិចារណានិងការស្វែងរកការពិត the search for truth ដែលតម្រូវឲ្យមានការសាកសួររកចម្លើយឥតឈប់ឈរ ទោះបីមានចម្លើយហើយក៏មិនត្រូវឈប់ទៀត ។ តែនៅយប់ថ្ងៃសុក្រទី៣១មករា២០២០ ព្រឹទ្ធសភាអាមេរិកបានសម្រេចថាឲ្យឈប់ ។

ធម្មតា សមាជិកគណបក្សបោះឆ្នោតតាមខ្សែបន្ទាត់គណបក្សរបស់គេ គឺ ព្រឹទ្ធសមាជិក GOP ៥៣ រូបទល់នឹងព្រទ្ធសមាជិក Dems ៤៥ រូប បូកនិងព្រឹទ្ធសមាជិកឯករាជ្យ ២ រូប ឬ ៥៣ ទល់ ៤៧ ។ ក៏ប៉ុន្តែនៅក្នុងការសម្រេចលើកសិណសាក្សីនិងព័ស្តុតាងថ្មី ព្រឹទ្ធសមាជិក GOP ២ រូបគឺលោក ម៉ិត រ៉មនីយ៍ Mitt Romney នៃរដ្ឋ យូ ថ Utah និងលោកស្រី ស៊ូហ្សាន់ ខលិនស៍ Susan Collins នៃរដ្ឋ ម៉េន Maine បានបែកជួរពីគណបក្ស GOP ហើយបោះឆ្នោតយល់ស្របជាមួយពួក Dems ថាត្រូវតែមានកសិណសាក្សីនិងមានព័ស្តុតាងបន្ថែមទៀត ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានព្រឹទ្ធសមាជិក GOP មួយចំនួនបានទទួលស្គាល់ថាអាជ្ញារដ្ឋសភាបានផ្តល់ព័ស្តុតាងដែលមិនអាចប្រកែកបានថាលោក ត្រាំ បានប្រព្រឹត្តកំហុស ។ ជាឧទាហរណ៍លោក ឡាមារ៍ អាឡិចហ្សាន់ឌឿរ៍ Lamar Alexander នៃរដ្ឋ តិនណេសស៊ី Tennessee បានថ្លែងថា “មិនចាំបាច់មានព័ស្តុតាងបន្ថែមដើម្បីបញ្ជាក់អំពីអ្វីដែលបានបង្ហាញជាព័ស្តុតាងរួចអស់ហើយទេ” ។

នៅព្រឹកថ្ងៃចន្ទទី៣កុម្ភៈ អាជ្ញារដ្ឋសភានិងមេធាវីការពារលោក ត្រាំ ចំណាយពេល ២ ម៉ោងរៀងខ្លួនដើម្បីបញ្ចេញមតិនិងជំហរចុងក្រោយមុននឹងបោះឆ្នោតលើការចោទប្រកាន់កាត់ទោសលោក ត្រាំ ដែលបានគ្រោងសម្រាប់ល្ងាចថ្ងៃពុធទី៥ ខែកុម្ភៈ ។

អ្នកដឹកនាំអាជ្ញារដ្ឋសភា លោក Adam Schiff បានធ្វើសេចក្តីថ្លែងការណ៍ដ៏ក្តុកក្តួលមួយក្នុងគោលបំណងបញ្ចុះបញ្ចូលព្រឹទ្ធសមាជិក GOP ខ្លះឲ្យមានសេចក្តីក្លាហានបំបែកជួរពីលោក ត្រាំ ហើយបោះឆ្នោតដកលោក ត្រាំ ពីតំណែងជាប្រធានាធិបតី ពីព្រោះមានព័ស្តុតាងច្រើនក្រៃលែងដែលបញ្ជាក់ថាលោក ត្រាំ រំលោភអំណាច ។ លោក Schiff បានថ្លែងថាគ្រោះថ្នាក់ធំបំផុតក្នុងការមិនដកលោក ត្រាំ ពីតំណែងគឺថាលោក ត្រាំ នឹងបន្តប្រព្រឹត្តបទល្មើសដដែលទៀត ៖ លោក ត្រាំ “បានបំផ្លាញសន្តិសុខជាតិហើយលោកនឹងបំផ្លាញជាថ្មីទៀត ។ លោកបានធ្វើឲ្យខូចកិត្តិយសការបោះឆ្នោតជាតិហើយលោកនឹងធ្វើឲ្យខូចជាថ្មីទៀត ។ លោកអ្នកមិនអាចកែលោក ត្រាំ បានទេ មិនអាចបង្ខិតបង្ខំបានទៀត ។ គាត់ជាលោក ត្រាំ ។” លោក Schiff សង្កត់បញ្ចប់ថា “សច្ចៈសំខាន់ណាស់សម្រាប់លោកអ្នក ។ សិទ្ធិក៏សំខាន់ណាស់ទៀតសម្រាប់លោកអ្នក ។ លោកអ្នកជាមនុស្សសមរម្យល្អ ។ លោក ត្រាំ មិនមែនដូចលោកអ្នកទេ” ។

លោក ផាត់ ស៊ីប៉ូឡូនី Pat Cipollone មេធាវីនាំមុខការពារលោក ត្រាំ ដែលបានប្រកែកប្រឆាំងនឹងព័ស្តុតាងដែលអាជ្ញារដ្ឋសភាបានលាតត្រដាង បានប្រើយុទ្ធសាស្ត្រសម្តែងថា “ត្រូវតែគោរពនិងការពារសិទ្ធិពិសិដ្ឋរបស់ពលរដ្ឋអាមេរិកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន” ។ លោក ស៊ីប៉ូឡូនី បានប្រើពាក្យ ៤ ម៉ាត់ថា “let the voters decide” ឬ “សូមទុកឲ្យអ្នកបោះឆ្នោតសម្រេច” ។ លោកថ្លែងថា “ការលុបចោលលទ្ធផលនៃការបោះឆ្នោតកន្លងទៅនិងការជ្រៀតជ្រែកក្នុងការបោះឆ្នោតប៉ុន្មានខែខាងមុខនឹងបង្កើតឲ្យមានការខូចខាតធ្ងន់ធ្ងរនិងយូរអង្វែង” ។

នៅថ្ងៃអង្គារទី៤កុម្ភៈ ព្រឹទ្ធសមាជិកម្នាក់ៗឡើងថ្លែងការណ៍ប្រាប់ជំហររបស់ខ្លួន ។

នៅយប់ថ្ងៃពុធទី៥ កុម្ភៈ ២០២០ ព្រឹទ្ធសភាបោះឆ្នោតបដិសេធអត្ថបទទាំងពីរប្រការគឺ “រំលោភអំណាច” និង “រារាំងការស៊ើបអង្កេតរបស់សភា” ។ ព្រឹទ្ធសភាបោះឆ្នោត ៥២ ទល់ ៤៨ សម្លេង បដិសេធការប្រកាន់កាត់ទោសលោក ដូណាល់ ត្រាំ ពីបទ “រំលោភអំណាច” ។ លោក ម៉ិត រ៉មនីយ៍ ព្រឹទ្ធសមាជិកនៃគណបក្ស GOP តំណាងរដ្ឋ យូ ថ បានបោះឆ្នោតគាំទ្រការចោទប្រកាន់កាត់ទោសលោក ត្រាំ ក្នុងបទ “រំលោភអំណាច” ។ លោកបានថ្លែងថា “ខ្ញុំបានស្បថនៅចំពោះមុខព្រះជាម្ចាស់ថាខ្ញុំនឹងផ្តល់យុត្តិធម៌ឥតលំអៀង . . . អ្វីដែលលោក ត្រាំ បានប្រព្រឹត្តគឺជាការវាយប្រហារជាក់ស្តែងទៅលើសិទ្ធិបោះឆ្នោតរបស់យើង ផលប្រយោជន៍សន្តិសុខជាតិ និងមូលដ្ឋានគុណតម្លៃរបស់យើង” ។ ព្រឹទ្ធសភាបោះឆ្នោត ៥៣ ទល់ ៤៧ សម្លេង ស្របតាមបន្ទាត់នយោបាយគណបក្ស បដិសេធអត្ថបទ “រារាំងការស៊ើបអង្កេតរបស់សភា” ។ យ៉ាងនេះ ព្រឹទ្ធសភាអាមេរិកមិនបានដកតំណែងលោក ត្រំា តែសម្រេចទុកលោក ជាប្រធានាធិបតីសហរដ្ឋអាមេរិក ។

លោកស្រី ស៊ូហ្សាន់ ខលិនស៍ នៃរដ្ឋម៉េន ដែលបានបោះឆ្នោតគាំទ្រឲ្យមានកសិណសាក្សីបន្ថែម ពន្យល់ថាលោក ត្រាំ បានរៀន “មេរៀន” មួយហើយ ។ លោកស្រី លីសា ម៊ឿរ៍កូវស្គី Lisa Murkowski នៃរដ្ឋអាឡាស់ស្កា ហៅការប្រព្រឹត្តរបស់លោក ត្រាំ ថា “អាម៉ាស់និងខុស” តែលោកស្រី “មិនអាច” បោះឆ្នោតផ្តន្ទាទោសទេព្រោះមានពលរដ្ឋ ៦៣ លាននាក់ផងដែរដែលបានបោះឆ្នោតឲ្យលោកធ្វើជាប្រធានាធិបតី ។ អ្នករិះគន់លោកស្រី ម៊ឿរ៍កូវស្គី រំលឹកវិញថាលោក ត្រាំ ចាញ់ឆ្នោតលោកស្រី ហីលឡារី ក្លិនតុន ជិតទៅ ៣ លានសន្លឹក គឺលោកស្រីបានទទួល ៦៥.៨ លានសន្លឹកខណៈលោក ត្រាំ បានទទួល ៦២.៩ លានសន្លឹក ។

មិនដូចការចាប់អារម្មណ៍ ឥតមានព្រឹទ្ធសមាជិក Dems បែកពីជួរគណបក្សប្រជាធិបតេយ្យទៅបោះឆ្នោតជាមួយព្រឹទ្ធសមាជិក GOP ទេ ។ ព្រឹទ្ធសមាជិកប្រជាធិបតេយ្យ ៣ នាក់ដែលអាចត្រូវបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០នេះព្រោះពួកគេស្ថិតនៅក្នុងរដ្ឋដែលគ្រប់គ្រងដោយគណបក្ស GOP គឺលោក ដឹក ហ្ចូនស៍ Doug Jones នៃរដ្ឋអាឡាបាម៉ា Alabama លោកស្រី គឿរ៍ស្ទិន ស៊ីនេម៉ា Kyrsten Sinema នៃរដ្ឋ អារីហ្សូណា Arizona និងលោក ហ្ចូ ម៉ាន់ជិន Joe Manchin នៃរដ្ឋ វែស វឿរ៍ហ្ចីនីយ៉ា West Virginia បានបោះឆ្នោតគាំទ្រអត្ថបទចោទប្រកាន់កាត់ទោសលោក ត្រាំ ។

នៅក្នុងអត្ថបទចុះផ្សាយនៅថ្ងៃទី៥កុម្ភៈនៅក្នុងកាសែត នូវយ៉កថែមស៍ ក្រោមចំណងជើងថា “In Private, Republicans Admit They Acquitted Trump Out of Fear” ឬ “ដោយស្ងាត់ សមាជិកសាធារណរដ្ឋទទួលស្គាល់ថាពួកគេបានបោះឆ្នោតដោះលែងលោក ត្រាំ គឺដោយសារការភ័យខ្លាច” លោក ហ្សឿរ៉ត ប្រោណ Sherrod Brown ព្រឹទ្ធសមាជិកប្រជាធិបតេយ្យបានសរសេរវិចារណកថាមួយអំពីកត្តាភ័យខ្លាចរបស់ព្រឹទ្ធសមាជិក GOP ។ លោក ប្រោណ សរសេរអំពីប្រតិកម្មក្រេវក្រោធភ្លាមៗរបស់អ្នក GOP នៅពេលអាជ្ញារដ្ឋសភាថ្លែងអំពីទូរទស្សន៍ ស៊ីប៊ីអែស CBS ផ្សាយព័ត៌មានថា “អ្នកទំនុកចិត្តម្នាក់របស់លោក ត្រាំ បាននិយាយថាព្រឹទ្ធសមាជិកសាធារណរដ្ឋបានទទួលការព្រមានមួយថា បើហ៊ានបោះឆ្នោតប្រឆាំងនឹងលោកប្រធានាធិបតី ក្បាលអ្នកនឹងត្រូវបានដោតលើបង្គោលមួយ “your head will be on a pike” ។ លោក ប្រោណ សរសេរថា “ពួកគេភ័យខ្លាចលោក ត្រាំ ដាក់ឈ្មោះឲ្យគេដូចជា Lyin’ Ted ឬ ទ្វីត tweet អំពីការមិនស្មោះត្រង់ ឬ លោកមកកាន់រដ្ឋរបស់គេដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងគេ . . . ” ។ លោក ប្រោណ សរសេរថា “ដោយស្ងាត់ៗ សហការី GOP របស់ខ្ញុំយល់ស្របថាលោកប្រធានាធិបតីជាមនុស្សឥតខ្មាស់អៀននិងមិនសមរម្យ ។ ពួកគេសារភាពអំពីការភូតភររបស់លោក ទទួលស្គាល់ថាទង្វើលោកគឺខុស ព័ស្តុតាងជាច្រើនទៀតនឹងលេចចេញ” ។

ចំហាយកំហឹងនិងសងសឹកដែលលោក ត្រំា បានបញ្ចេញនៅថ្ងៃទី៦កុម្ភៈ ជាការព្រមានថានឹងគ្មានអ្វីអាចទប់លោកបានឡើយ ។

នៅថ្ងៃទី៧ ខែកុម្ភៈ លោកវរសេនីយទោ អាឡិចហ្សាន់ដឺរ៍ វិណម៉ាន់ Alexander Vindman នាយការិយាល័យកិច្ចការអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខជាតិបានត្រូវដកហូតពីតំណែងនៅសេតវិមានដោយហេតុថាបន្ទាប់ពីលោកបានស្តាប់ការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ហ្សេឡិនស្គី លោកបានលើកការចាប់អារម្មណ៍ទៅជំរាបលោកមេធាវីនាំមុខនៃក្រុមប្រឹក្សាសន្តិសុខជាតិ ។ លោក វិណម៉ាន់ ជាកសិណសាក្សីផ្តល់សក្ខីកម្មដល់សវនាការរដ្ឋសភាស្របតាមដីកាកោះហៅ ។

លោក វិណម៉ាន់ កើតនៅប្រទេស យូក្រេណ និងបានមករស់នៅទីក្រុង នូវយ៉ក នៅឆ្នាំ ១៩៧៩ ។ លោកបានចូលរួមក្នុងកម្មវិធី ROTC និងបានទទួលឋានន្តរស័ក្ខិជានាយទាហានថ្មើរជើងនៅឆ្នាំ ១៩៩៩ ។ លោកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសកលវិទ្យាល័យ Harvard ។ នៅឆ្នាំ ២០០៤ លោកបានទទួលមេដាយ Purple Heart នៅក្នុងសង្គ្រាមប្រទេស អ៊ីរ៉ាក់ ។ លោកទទួលតំណែងជានាយការិយាល័យកិច្ចការអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខជាតិនៅឆ្នាំ ២០១៨ ។

នៅថ្ងៃទី ១២ កម្ភៈ លោកឧត្តមសេនីយ ហ្ចន ខិលលី John Kelly ដែលមានឪពុកមកពីប្រទេសអៀរ៍ឡង់និងម្តាយមកពីប្រទេសអ៊ីតាលី និងជាអតីតនាយការិយាល័យសេតវិមានលោក ត្រាំ នាឆ្នាំ ២០១៧ ដល់ ២០១៩ បានប្រកាសថាលោក វិណម៉ាន់ “បានអនុវត្តអ្វីដែលយើងបានបង្រៀនគាត់ឲ្យធ្វើចាប់តាំងពីនៅលើគ្រែកូនង៉ែតរហូតដល់ចូលផ្នូរខ្មោច . . . លោក[វិណម៉ាន់] បានរាយការណ៍ប្រាប់ចៅហ្វាយនាយអំពីអ្វីដែលគាត់ទើបបានឮ” ។ លោកឧត្តមសេនីយបានបញ្ជាក់ថា “យើងបានបង្រៀនថា “កុំធ្វើតាមបញ្ជាដែលខុសច្បាប់ បើអ្នកបានទទួលបញ្ជាមួយដែលខុសច្បាប់ អ្នកត្រូវលើកបញ្ហានេះមកនិយាយនឹងអ្នកដែលផ្តល់បញ្ជានេះដល់អ្នក រួចអ្នកត្រូវរាយការណ៍ប្រាប់ចៅហ្វាយនាយរបស់អ្នក” ។ លោក ត្រាំ បានឮដូច្នេះក៏ទ្វីតទៅប្រាប់លោកឧត្តមសេនីយថាលោក ត្រាំ ស្តាយដោយមិនបានបញ្ចប់មុខនាទីលោក ខិលលី ឲ្យបានឆាប់ទាន់ចិត្ត ហើយលោក ខិលលី “មិនចេះបិទមាត់ឲ្យជិតសោះ” ។

បន្ទាប់ពីដកតំណែងលោក វិណម៉ាន់ ក៏ដល់ពេលដកតំណែង លោក ហ្គ័រដុន សនឡាន់ Gordon Sondland ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហភាពអឺរ៉ុប ។ និងដកការតែងតាំងអតីតមេធាវីសហរដ្ឋអាមេរិក លោកស្រី ហ្សែស៊ី លូ Jessie Liu ពីមុខតំណែងជាន់ខ្ពស់មួយនៅក្រសួងរតនាគារ ។ ធ្វើការរិះគន់ចៅក្រមសហព័ន្ធលោកស្រី អេម៉ី ប៊ឿរ៍ម៉ាន់ ហ្ចាក់សុន Amy Berman Jackson ព្រោះមិនសម្រុះសម្រួលក្នុងរឿងពាក់ព័ន្ធនឹងមិត្តភ័ក្តិលោកគឺលោក Roger Stone ។ល។ និង ។ល។ ពោលឲ្យខ្លីគឺ កប៉ាល់ “Trump unbound” បានចេញដំណើរឆ្ងាយទៅៗហើយ ។ លទ្ធផលនៃការបោះឆ្នោតបដិសេធការចោទប្រកាន់កាត់ទោសលោក ត្រាំ ក៏នៅឥតចប់ដែរ ។ ពីព្រោះការជំនុំជំរះក្តីដែលមិនអនុញ្ញាតឲ្យតុលាការស្តាប់កសិណសាក្សីនិងសិក្សាព័ស្តុតាងថ្មីមិនមែនជាការជំនុំជំរះត្រឹមត្រូវនិងដោយយុត្តិធម៌ឡើយ ។ បើគ្មានកសិណសាក្សីនិងព័ស្តុតាង តើតុលាការសម្រេចថាតើអ្នកជាប់ចោទមានកំហុស guilty ឬ អត់កំហុស not guilty ដូចម្តេចទៅ ? តើនេះមិនជា ឪតុលាការ កាំងហ្គារូ ទេឬ ?

ម៉្យាងទៀត ពាក្យ “ACQUITTED” ដែលកាសែតបានប្រើនិងផ្សាយព្រោងព្រាត ជាពាក្យមិនគួរប្រើ ។ ពាក្យ “Acquitted” បានសេចក្តីថា មនុស្សដែលជាប់ចោទត្រូវបានរកឃើញថាគ្មានទោស ។ នៅក្នុងរឿងលោក ត្រាំ ព្រឹទ្ធសភាមិនបានរកឃើញថាគ្មានទោសទេ ។ បើចង់ប្រើក៍ចេះតែបានហើយ តែវាឥតមានតម្លៃឡើយ ។

នៅថ្ងៃទី៦ ខែកម្ភៈ ២០២០ បណ្តាញព័ត៌មាន រ៉យតឿរស៍ Reuters បានចុះផ្សាយលទ្ធផលនៃការស្ទង់មតិពលរដ្ឋអាមេរិកដោយអង្គការ “រ៉យតឿរស៍/អ៊ីបសូស” Reuters/Ipsos ថាខណៈដែលមានពលរដ្ឋ ៤៨ ភាគរយជឿថាលោក ត្រាំ “ប្រហែលជាមានកំហុសដូចបានចោទប្រកាន់កាត់ទោស តែព្រឹទ្ធសភាការពារលោក” មានពលរដ្ឋ ៣៩ ភាគរយជឿថាលោក ត្រាំ “ប្រហែលជាគ្មានទោសដូចបានចោទប្រកាន់កាត់ទោសទេ ហើយព្រឹទ្ធសភាបានសម្រេចត្រឹមត្រូវក្នុងការមិនកាត់ទោសលោក ត្រាំ” ។

ប្រទេសអាមេរិកកំពុង “រស់នៅក្នុងគ្រាដែលគួរឲ្យចាប់អារម្មណ៍” ។

ខ្ញុំសូមឧទ្ទិសអត្ថបទនេះជូនពលរដ្ឋខ្មែរ ដើម្បីយកទៅគិតពិចារណាដកស្រង់អ្វីដែលផ្តល់ផលប្រយោជន៍នៅក្នុងការប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការនិងកិច្ចប្រឹងប្រែងគ្មានទីបញ្ចប់ ដើម្បីភាពប្រសើរនិងចម្រុងចម្រើន ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។