បង្កើតមហិច្ឆិតាប្រឆាំងនឹងមហិច្ឆិតា

បង្កើតមហិច្ឆិតាប្រឆាំងនឹងមហិច្ឆិតា

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០

សួស្តីឆ្នាំថ្មីដល់លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំនៅក្នុងនិងនៅក្រៅប្រទេស
កម្ពុជា ។ ឆ្នាំ ២០១៩ បានកន្លងផុតទៅហើយ ។ អ្វីៗដែលបានកើតឡើងហើយមិនអាចលុបចេញបានទេ ។ អត្ថបទខ្ញុំដែលបញ្ចប់ឆ្នាំ ២០១៩ និងស្វាគមន៍ឆ្នាំ ២០២០ បានរំលឹកដល់លោកអ្នកឲ្យសញ្ជឹងគិតអំពីដំបូន្មានជាអនន្តរបស់ព្រះពុទ្ធថា ៖ “កុំរស់នៅក្នុងអតីតកាល កុំសុបិនអំពីអនាគត គួរផ្តោតគំនិតទៅលើបច្ចុប្បន្នកាល” ។

ព្រះពុទ្ធមិនបានទូន្មានឲ្យបំភ្លេចចោលអតីតកាលទេ ។ ព្រះអង្គដាស់តឿនមនុស្សកុំឲ្យវក់វីនៅក្នុងរឿងអតីតកាលខ្លាំងពេក ។ យើងត្រូវចងចាំនិងដកយកមេរៀនអំពីអតីតកាលដើម្បីចៀសវាងការបន្តគំនិតនិងទង្វើដែលមិនបានផ្តល់ផលប្រយោជន៍ ។ មនុស្សជាសត្វលោកដែលមានទម្លាប់គិតបន្តជំនាន់និងធ្វើប្រតិកម្មដោយស្វ័យប្រវត្តិ ។ ទម្លាប់នេះប្រៀបបាននឹងសំណៅឆ្អឹងហ្វូស៊ីលដែលជាប់ទៅនឹងដុំថ្ម ឬដុំថ្មដែលត្រូវបានទឹកភ្លៀងស្រក់លើមួយតក់ម្តងៗធ្លុះដល់បាត ។ គឺជាទម្លាប់ដែលលំបាកនឹងកែតម្រូវ ។ គំនិតនិងទង្វើបន្តជំនាន់គួរបោះបង់ចោលព្រោះវាសម្លាប់ការច្នៃប្រឌិតដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍ស្វែងរកភាពចម្រុងចម្រើន ។ យើងត្រូវផ្តើមគិតនិងអនុវត្ត “គំនិតថ្មី” និងគិតក្រៅទម្លាប់ ។ តែកុំភ្លេចថាអ្វីៗដែលចាំបាច់ត្រូវធ្វើនៅថ្ងៃនេះ – គឺថានៅពេលឥឡូវនេះ Now! – នឹងកំណត់ជោគវាសនារបស់យើងនៅថ្ងៃស្អែក ។

ខណៈថ្ងៃស្អែកជាអនាគតនៃថ្ងៃនេះ ថ្ងៃនេះក៏ជាអនាគតនៃថ្ងៃម្សិលដែរ ។ ដូច្នេះអ្វីដែលយើងដឹងកើតឡើងនាថ្ងៃម្សិលគឺវាបានជះឥទ្ធិពលមកលើជោគវាសនាយើងនៅថ្ងៃនេះ ។ ដូច្នេះ អ្វីៗដែលកំពុងកើតឡើងនៅថ្ងៃនេះនឹងជះឥទ្ធិពលទៅលើជោគវាសនាយើងនៅថ្ងៃស្អែកទៀត ។

ការអនុវត្តន៍ឲ្យបានស័ក្តិសិទ្ធិនូវរូបមន្តនៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ “គំនិត + ទង្វើ = លទ្ធផល” ឬ “គិត-កម្ម-ផល” តម្រូវឲ្យយើងប្រើខួរក្បាលធ្វើសកម្មភាពគិត ។ ខ្ញុំបានរៀបរាប់ជា រឿយៗអំពីអ្វីខ្លះដែលជាធាតុនៃការគិត ។ ដោយហេតុថារបៀបយើងគិត “how” we think ជាជាងអ្វីដែលយើងដឹង “what” we know កំណត់អនាគតរបស់យើង ខ្ញុំសូមសរសេរជាថ្មីម្តងទៀតថានៅក្នុងរបៀបយើងគិតឬសកម្មភាពប្រើខួរក្បាលដើម្បីគិត មានជាអាទិ៍ សង្កេតពិនិត្យ observing – កត់សម្គាល់ identifying – ចងចាំ remembering – នឹកឆ្ងល់ wondering – ស្រមើស្រមៃ imagining – ស៊ើបសួរ inquiring – ស្រាវជ្រាវ researching – គណនាបូកសងគុណចែក calculating – ប៉ាន់ស្មាន supposing – ប្រៀបធៀប comparing – បកស្រាយ interpreting – វិភាគ analyzing – វាយតម្លៃ evaluating – វិនិច្ឆ័យ judging – តុបតែងសេចក្តី composing ។ ដោយហេតុថាការគិតឲ្យបានល្អិតល្អន់និងស៊ីជំរៅជាការលំបាក មនុស្សភាគច្រើនមិនសូវសកម្មក្នុងការគិតទេ ។

ខ្ញុំនឹកគិតថាលោកអ្នកដែលបានចុចតំណចូលមើលគេហទំព័រ “គំនិតខ្មែរ” គឺទំនងមកពីមានការចាប់អារម្មណ៍អំពីគេហទំព័រនេះ ។ លោកអ្នកដែលបានអាននិងស្តាប់ការផ្សាយសំណេររបស់ខ្ញុំមិនលែងនឹងជ្រួតជ្រាបនូវអ្វីសំខាន់ដែលអាចជាប្រយោជន៍ ។ បរមគ្រូ ខុង ជឺ បានថ្លែងថាលោកអ្នកមិនអាចបើកសៀវភៅហើយមិនបានរៀនអ្វីបន្តិចបន្តួចសោះនោះទេ ។

នៅពេលនេះខ្ញុំសូមផ្ញើជូននូវកម្រងរូបមន្តមួយស្តីពីដំណើរនៃការគិតគឺ ៖ ពណ៌នា-វិភាគ-ព្យាករណ៍ ឬ describe-analyze-forecast ។ វាមានទំនាក់ទំនងគ្នាដូចតទៅ ៖ ខួរក្បាលយើងបធ្វើសកម្មភាពគិតរួច គឺតម្រូវឲ្យមានការតុបតែងសេចក្តីពិពណ៌នាឲ្យឃើញដូចជានៅច្បាស់នឹងភ្នែកអំពីប្រធានបទដែលសិក្សា ។ ការបង្ហាញជាតារាងឬផ្ទាំងគំនូរដោយអព្យាក្រឹតនិងឥតលំអៀងគឺដើម្បីឲ្យយើងធ្វើវិភាគរកហេតុផលដោយប្រសិទ្ធិភាព ។ ការធ្វើវិភាគរកហេតុផលគឺជាការពន្យល់អំពីអ្វីដែលយើងសិក្សាពិនិត្យ ។ រួចមកទៀត គឺយើងបានមកដល់ដំណាក់ព្យាករណ៍អនាគត ។ នៅពេលយើងបានមើលឃើញទ្រង់ទ្រាយនៃអនាគតកាលហើយ យើងត្រូវគិតគូរអំពីរបៀបប្រឈមមុខនឹងអនាគតនោះ ។

នៅក្នុងរឿងនយោបាយ គ្មាននរណាជាគ្រូទាយអនាគតឲ្យឆុតបានទេ ពីព្រោះអ្វីៗមិនទៀងទាត់ ។ ធម្មជាតិអ័ព្ទនយោបាយមិនអនុញ្ញាតឲ្យយើងអាចមើលឃើញកត្តារំខាន រីឯការប្រែប្រួលមានច្រើនហួសស្មាន ។ ប៉ុន្តែយើងនៅតែអាចសិក្សាអំពីគន្លងផ្លូវនៃព្រឹត្តិការណ៍ ។ យើងអាចធ្វើការគណនានិងវិនិច្ឆ័យអំពីទ្រង់ទ្រាយនៃអនាគតបាន ។ ចាស់ទុំខ្មែរបានប្រដៅកូនចៅថា “គិតហើយសឹមគូរ” ។ តែកូនចៅខ្មែរចូលចិត្តគូរដោយឥតគិត ។

ខ្ញុំមិនដឹងថាអ្នកដឹកនាំខ្មែរប្រើ “ការគិត” ជំរៅណាទេបានជាពួកគេចូលចិត្ត “ភ្នាល់” គ្នាជារឿយៗ និងចូលចិត្តធ្វើសកម្មភាព “រាំវង់នយោបាយ” ដែលនៅទីបញ្ចប់អ្នករាំនៅតែនឹងកន្លែងដដែល ។ ចាំឬទេអំពីគំនិត “នៅផ្ទះឈ្នះឯង” ? ប្រសិនបើទាំងអស់នេះគឺជាយុទ្ធសាស្ត្រ ខ្ញុំមើលមិនឃើញយុទ្ធសាស្ត្រទាំងនេះកើតចេញពីដំណើរនៃការគិតទេ ។

ជាមួយគ្នានឹងគំនិតនិងទង្វើរបស់មេដឹកនាំគឺមនុស្សគាំទ្រផ្កាប់មុខដែលផ្ទុយនឹងតក្កវិជ្ជា និងមនុស្សជំនាញជេរបញ្ចោរបោះបោកពាក្យមានពិសដែលព្រះពុទ្ធបានហាមប្រព្រឹត្ត ៖ “អំពើអាក្រក់នៃអណ្តាតដែលកើតចេញពីការភូតកុហក បង្កាច់បង្ខូច រំលោភបំពាន និងការនិយាយស្តីឥតមានមូលដ្ឋាន” ។

ដោយខ្ញុំឃើញចន្លោះប្រហោងក្នុងការគិតនៅក្នុងចំណោមអ្នកដឹកនាំខ្មែរនិងក្នុងចំណោមអ្នកគាំទ្រផ្កាប់មុខជាទូទៅ ខ្ញុំបានផ្សាយអត្ថបទមួយក្រោមចំណងជើងថា “ថ្ងៃអង្សាមកជួបនរណាមុន?” ចុះថ្ងៃទី៩ឧសភា២០១៩ ។ នៅឆ្នាំថ្មី២០២០ នេះ ខ្ញុំសូមរំលែកគំនិតយល់ដឹងរបស់ខ្ញុំថាប្រទេសកម្ពុជានឹងមិនស្ថិតនៅក្នុងសភាពការណ៍ដូចកាលៈទេសៈសព្វថ្ងៃនេះទេ ។ ការប្រែប្រួលនៅកម្ពុជាគឺចៀសមិនផុតឡើយ ។ តើកម្ពុជានឹងប្រែប្រួលទៅជាយ៉ាងណាវាអាស្រ័យលើការប្រើគំនិតនេះឯង ។ អនាគតខ្មែរកាន់អំណាចផ្តាច់ការនឹងមិនមានរស្មីចិញ្ចែងចិញ្ចាចដូចពួកគេចង់បានទេ ពីព្រោះវាជាធម្មជាតិរបស់មនុស្សក្នុងការតស៊ូស្វែងរកសេរីភាពនិងយុត្តិធម៌ ។ មានកត្តាល្អខ្លះៗដែលអាចជួយក្រុមខ្មែរដែលប្រឆំាងនឹងរបបផ្តាច់ការ ។ តែពួកគេត្រូវដោះស្រាយបញ្ហាបែកបាក់ផ្ទៃក្នុងជាមុនសិន ។ គ្រាន់តែថ្លែងដូចលោក សម រង្ស៊ី បានធ្វើកាលពីថ្ងៃទី ៣០ វិច្ឆិកា២០១៩ ថា “ទាំង កឹម សុខា ទាំង សម រង្ស៊ី … នៅតែរួមកម្លាំងគ្នាជានិច្ច” មិនទាន់គ្រប់គ្រាន់ទេ ។

កវីអាមេរិកាំង Ralph Waldo Emerson បានសរសេរថា “មូលហេតុដែលមនុស្សខ្វះឯកភាពនិងបែកបាក់ដូចជាគំនរដុំឥដ្ឋធ្លាក់រាយលើដីគឺមកពីបុគ្គលម្នាក់ៗបែកបាក់ជាមួយខ្លួនឯង” ។ អ្នកនិពន្ធរុស្សី លោក ឡេវ តូលស្តយ Leo Tolstoy (១៨២៨-១៩១០) បានសរសេរថា “មនុស្សគ្រប់រូបគិតតែអំពីការផ្លាស់ប្តូរពិភពលោក គ្មាននរណាគិតអំពីការផ្លាស់ប្តូរខ្លួនឯងសោះ” ។

ឆ្នាំថ្មី ២០២០ បើកទ្វាររយៈពេល ៣៦៥ ថ្ងៃឲ្យយើងអនុវត្តការទូន្មានរបស់ព្រះពុទ្ធគឺ “គិត-កម្ម-ផល” ។ លោក ធីអូដ័រ រ៉ូហ្សើវែល Theodore Roosevelt (១៨៥៨ – ១៩១៩ ) ប្រធានាធិបតីអាមេរិកំាងទី ២៦ បានថ្លែងថា ៖ “ធនធានទាំងឡាយដែលយើងត្រូវការគឺមាននៅក្នុងចិត្តគំនិតយើងជាស្រេចហើយ” ។ លោកបានទូន្មានថា ៖ “ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយប្រើអ្វីដែលអ្នកមាននៅក្នុងដៃ ទោះបីអ្នកនៅទីណាក៏ដោយ” ។

នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យចាប់អារម្មណ៍ថាប្រសិនបើលោកអ្នកចង់ទៅដល់ទីដៅនៃការកែប្រែផ្លាស់ប្តូរដើម្បីការរីកចម្រើន លោកអ្នកចាំបាច់ប្តេជ្ញាចិតម៉ឺងម៉ាត់ថាលោកអ្នកមិនព្រមនៅទើរនឹងទីកន្លែងលោកអ្នកកំពុងតែស្ថិតនៅទេ ។ លោក ធីអូដ័រ រ៉ូហ្សើវែល បានថ្លែងថា “ជីវិតគឺការផ្លាស់ប្តូរ កន្លែងណាដែលគ្មានការផ្លាស់ប្តូរគឺដល់ពេលមរណាហើយ” ។

លោក ម៉ារ៍ទិន លូធឺរ៍ ឃីង Martin Luther King, Jr. មេដឹកនាំចលនាសិទ្ធិមនុស្សជាតិអាមេរិកាំងបានស្រែកប្រាប់ពលរដ្ឋស្បែកខ្មៅរបស់លោកថាឲ្យពត់ខ្នងដែលកោងឲ្យបានត្រង់ឡើងពីព្រោះ “គ្មាននរណាអាចជិះខ្នងអ្នកបានទេលុះណាតែខ្នងអ្នកនៅតែកោងដដែល” ។

លោកដង្ហោយហៅពលរដ្ឋរបស់លោកឲ្យធ្វើដំណើរទៅមុខជាដរាប ៖ “ប្រសិនបើអ្នកមិនអាចហោះហើរបានទេអ្នកត្រូវរត់ បើអ្នកមិនអាចរត់បានទេអ្នកត្រូវដើរ ប្រសិនបើអ្នកមិនអាចដើរបានទេអ្នកត្រូវវារ ទោះបីយ៉ាងណាក៏ដោយអ្នកត្រូវតែបន្តការធ្វើដំណើរទៅមុខទៀត” ។

ជាង ២៥០០ ឆ្នាំមុន បរមគ្រូ ខុង ជឺ បានឲ្យដំបូន្មានថា “វាឥតមានអ្វីសំខាន់នឹងការដែលអ្នកដើរយឺតនោះទេដរាបណាអ្នកដើរមិនឈប់” ។

នៅក្នុងអត្ថបទខ្ញុំក្រោមចំណងជើងថា “សច្ចាធិដ្ឋាន៖រដ្ឋធម្មនុញ្ញ” ចុះថ្ងៃទី១១ធ្នូឆ្នាំ២០១៩ ខ្ញុំបានសរសេរថាការសិក្សាប្រៀបធៀបជាមធ្យោបាយជួយយើងឲ្យស្គាល់ខ្លួនយើងរឹតតែច្បាស់ផងនិងជួយយើងឲ្យមានជម្រើសដើម្បីការរីកចម្រើនផង ។

ខ្ញុំបានយកវប្បធម៌ខ្មែររាប់រយឆ្នាំដែលពត់បត់បែនឫកពានិងឥរិយាបថនយោបាយរបស់ពលរដ្ឋខ្មែរឲ្យ “គោរព កោតខ្លាច បម្រើ ការពារ” បុគ្គលជាអ្នកដឹកនាំមកប្រៀបធៀបជាមួយនឹងវប្បធម៌ “សច្ចៈដាច់ខាត self-evident truths” ដែលមាននៅក្នុងការថ្លែងប្រកាសឯករាជ្យប្រទេសអាមេរិករំដោះខ្លួនពី “ស្តេចជិះជាន់គាបសង្កត់ម្នាក់ . . . ដែលមិនព្រមគោរពច្បាប់ទម្លាប់ត្រឹមត្រូវ” ។ “សច្ចៈដាច់ខាត” បានពត់បត់បែនឫកពានិងឥរិយាបថនយោបាយរបស់ពលរដ្ឋអាមេរិកាំងទាំងក្មេងទាំងចាស់ឲ្យគោរពការពារ “សិទ្ធិស្មើគ្នា” និង “សិទ្ធិដែលមិនអាចបំពានបាន គឺជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។

“សច្ចៈដាច់ខាត” ជាមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យប្រទេសអាមេរិកនាឆ្នាំ១៧៧៦ ដែលនិពន្ធដោយគណៈកម្មាធិការ ៥ រូប (លោក ហ្ចន អាដាំ John Adams ១៧៣៥-១៨២៦ ដែលបានទៅជាប្រធានាធិបតីទី ២ នាឆ្នាំ១៧៩៧ ដល់ ១៨០១, លោក ថូម៉ាស ហ្ចេហ្វឺសុន Thomas Jefferson ១៧៤៣-១៨២៦ ដែលបានទៅជាប្រធានាធិបតីទី ៣ នាឆ្នាំ ១៨០១ ដល់ ១៨០៩, លោក បិនហ្ចាមិន ហ្វ្រាំងក្លិន Benjamin Franklin ១៧០៦-១៧៩០ ជារដ្ឋបុរសល្បីឈ្មោះ ។ សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យអាមេរិកាំងជាមូលដ្ឋាននៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនាឆ្នាំ ១៧៨៨ ។

គឺ “សច្ចៈដាច់ខាត” នៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យនិងគោលការណ៍នៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកាំងដែលសភាតំណាងរាស្ត្រទី ១១៦ នៃសហរដ្ឋអាមេរិកយកជាសម្អាងក្នុងការចោទប្រកាន់កាត់ទោសប្រធានាធិបតីអាមេរិកាំងទី ៤៥ លោក ដូណាល់ ត្រាំ ពីបទ “រំលោភអំណាច” និងបទ “រារាំងការស៊ើបអង្កេតរបស់សភា” អាមេរិកាំង នៅក្នុងដំណោះស្រាយ H. RES. ចុះថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០១៩ ។ ទោះបីលោក ដូណាល់ ត្រាំ អាចគេចផុតពីការដកហូតពីតំណែងក្តី កេរ្តិ៍ឈ្មោះលោកនឹងជាប់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកថាជាប្រធានាធិបតីដែលជាប់ឈ្មោះជាមួយនឹងលោកប្រធានាធិបតី Andrew Johnson ប្រធានាធិបតីទី ១៧ និង Bill Clinton ប្រធានាធិបតីទី ៤២ ដែលត្រូវបានសភាតំណាងរាស្ត្រផ្តន្ទាទោស ។ លោកប្រធានាធិបតី Richard Nixon ប្រធានាធិបតីទី ៣៧ បានរួចខ្លួនពីការផ្តន្ទាទោសដោយបានសុំលាលែងពីតំណែងមុនការកាត់ទោស ។

ស្ថាបនិកសហរដ្ឋអាមេរិក ៧ រូប ជាអ្នករៀបចំបង្កើតរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ៖ លោក ហ្ចន អាដាំ, លោក បិនហ្ចាមិន ហ្វ្រាំងក្លិន, លោក អាឡិចហ្សាន់ដឿរ៍ ហាម៉ីលតុន Alexander Hamilton ១៧៥៥-១៨២៩ ជារដ្ឋមន្ត្រីក្រសួងរតនាគារនាឆ្នាំ ១៧៨៩ ដល់ ១៧៩៥, លោក ហ្ចន ហ្ចេ John Jay ១៧៤៥-១៨២៩ ដែលជាចៅក្រមទីមួយនៃតុលាការកំពូលនាឆ្នាំ ១៧៨៩ ដល់ ១៧៩៩, លោក ថូម៉ាស ហ្ចេហ្វឺសុន, លោក ហ្ចេមស៍ ម៉ាឌីសុន James Madison ១៧៥១-១៨៣៦ ដែលជាប្រធានាធិបតីទី៤ នាឆ្នាំ ១៨០៩ ដល់ ១៨១៧ និង លោក ហ្ច័រហ្ច វ៉ាស៊ិនតោន George Washington ១៧៣២-១៧៩៩ ដែលជាប្រធានាធិបតីទី ១ សហរដ្ឋអាមេរិកនាឆ្នាំ ១៧៨៩ ដល់ ១៧៩២ ។

ស្ថាបនិកទាំងនេះជាមនុស្សដែលបានឃើញដោយផ្ទាល់នូវការរំលោភអំណាចដោយស្តេចអង់គ្លេសឈ្មោះ ហ្ច័រហ្ច ទី ៣ King George III និងទេសាភិបាលរបស់ព្រះអង្គ ។ ស្ថាបនិកទាំងនោះស្អប់ការរំលោភសង្កត់សង្កិនឃោរឃៅដែលពួកគេហៅថាទៀរ៉ានី tyranny ហើយនិង “ជនផ្តាច់ការដែលត្រូវបានតែងតាំង” ដោយនីតិប្បញ្ញត្តិរបស់រដ្ឋ ឬ “elected despotism” ។

នៅក្នុងចំណោមស្ថាបនិកទាំង ៧ រូបដែលរៀបចំបង្កើតរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ស្ថាបនិក ៣ រូប (លោក ហ្ចេមស៍ ម៉ាឌីសុន, លោក អាឡិចហ្សាន់ដឿរ៍ ហាម៉ីលតុន, លោក ហ្ចន ហ្ចេ ) បានប្រើឈ្មោះក្លែងក្លាយជា Publius (អានថា “ពូប្ល៊ីយ៉ូស” ) និពន្ធនិងបោះពុម្ភផ្សាយឯកសារប្រវត្តិសាស្ត្រប្រទេសអាមេរិកហៅថា “ឯកសារសហព័ន្ធ” the Federalist Papers ចំនួន ៨៥ អត្ថបទពីឆ្នាំ ១៧៨៧ ដល់ឆ្នាំ ១៧៨៨ នៅក្នុងគោលបំណងបញ្ចុះបញ្ចូលឲ្យគាំទ្ររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលពួកគេកំពុងរៀបចំ ។ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៧៨៨ រដ្ឋធម្មនុញ្ញនេះក៏ត្រូវបានផ្តល់សច្ចានុម័តនិងចូលជាធរមាន ។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រជាជាតិ ។

“ស្តេចជិះជាន់” ដែលស្ថាបនិកសហរដ្ឋអាមេរិកចាត់ទុកថាជា “មេដឹកនាំចង្រៃនិងពុករលួយ” គឺជាប្រធានបទនៃ “ឯកសារសហព័ន្ធ” លេខ ៤៧ Federalist Paper No. 47 និពន្ធដោយលោក ហ្ចេមស៍ ម៉ាឌីសុន នៅក្រោមប៉ាកកាឈ្មោះ Publius ពូប៊ី្លយ៉ូស ៖ “ការកាន់ក្តោបអំណាចទាំងអស់ ទាំងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ទោះបីជានៅក្នុងកណ្តាប់ដៃមនុស្សតែម្នាក់ ឬពីរបីនាក់ ឬច្រើននាក់ ហើយទោះបីដោយតំណមរតក hereditary ឬដោយតែងតាំងខ្លួនឯង self-appointed ឬដោយគេជ្រើសតាំង elective ទាំងអស់នេះហៅថា ទៀរ៉ានី tyranny ឬអំណាចផ្តាច់ការ” ។

ស្ថាបនិកសហរដ្ឋអាមេរិក សុទ្ធតែជាអ្នកធ្លាប់សិក្សាការវិភាគរបស់ទស្សនវិទូជាតិអង់គ្លេស លោក ហ្ចន ឡក់ John Locke (១៦៣២-១៧០៤) និងយុត្តិវិទូនិងទស្សនវិទូជាតិបារាំង លោកឆារ៍ល ដឺម៉ុងតេសគ្យើ Charles de Montesquieu (១៦៨៩-១៧៥៥ ) ដែលបានសរសេរផ្តោតលើការបែងចែកអំណាច ការត្រួតពិនិត្យនិងតុល្យភាពអំណាច និងការគ្រប់គ្រងរដ្ឋាភិបាលដោយប្រជាពលរដ្ឋ ។

នៅរដូវប្រាំងឆ្នាំ ១៧៨៧ នាទីក្រុងហ្វីឡាដិលហ្វ្យ៉ា ស្ថាបនិកសហរដ្ឋអាមេរិកបានបង្កើតប្រព័ន្ធនយោបាយដូចមានសព្វថ្ងៃនេះ ដោយបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនូវគោលការណ៍គ្រឹះដែលកម្រិតអំណាចរដ្ឋាភិបាលឲ្យមានកំណត់ limited government បំបែកអំណាចត្រួតត្រា separation of powers ត្រួតពិនិត្យនិងបង្កើតតុល្យភាពអំណាច checks and balances ហើយនិងសហព័ន្ធនិយម federalism ។ ស្ថាបនិកទាំងនោះគិតថាអ្នកដែលកាន់អំណាចរមែងចង់ពង្រីកអំណាចរបស់ខ្លួនឲ្យបានទូលំទូលាយតាមតែអាចធ្វើទៅបាន ដូច្នេះគេត្រូវវាយបំបែកឯកាធិភាពអំណាចផ្តាច់មុខដោយបំបែកអំណាចគ្រប់គ្រងឲ្យទៅជាបី គឺ រដ្ឋសភាកាន់អំណាចនីតិប្បញ្ញត្តិបង្កើតច្បាប់ រដ្ឋាភិបាលកាន់អំណាចនីតិប្រតិបត្តិអនុវត្តិច្បាប់ និងតុលាការកាន់អំណាចបកស្រាយច្បាប់ដោយត្រឹមត្រូវឥតលំអៀង ។

ទាំងនេះមិនមែនបានសេចក្តីថាស្ថាបនិកសហរដ្ឋអាមេរិកចង់បង្កើតប្រព័ន្ធនយោបាយដែលមានស្ថាប័ននិមួយៗបំពេញមុខងារដាច់ដោយឡែកពីគ្នាទេ ។ ថ្វីបើពួកគេបានបង្កើតប្រព័ន្ធនយោបាយដែលមានស្ថាប័នបីនៅដាច់ដោយឡែកពីគ្នា ក៏ប៉ុន្តែស្ថាប័ននិមួយៗត្រូវចែករំលែកមុខងារជាមួយស្ថាប័នពីរទៀត ។ គឺថាស្ថាប័ននិមួយៗមានតួនាទីនៅក្នុងស្ថាប័នពីរទៀត ។ អំណាចនៃស្ថាប័នទាំងបីវាត្រួតលើគ្នានិងតភ្ជាប់ជាមួយគ្នាដោយប្រព័ន្ធត្រួតពិនិត្យនិងប្រព័ន្ធតុល្យភាពអំណាច ។ ស្ថាបនិកបានកម្រិតព្រំដែនអំណាចមិនឲ្យមានស្ថាប័នណាមួយពង្រីកអំណាចរបស់ខ្លួនជ្រៀតចូលទៅក្នុងមុខងាររបស់ស្ថាប័នពីរទៀតទេ ។

នៅក្នុង “ឯកសារសហព័ន្ធ” លេខ ៥១ Federalist Paper No. 51 លោក ហ្ចេមស៍ ម៉ាឌីសុន បានសរសេរអំពីការបង្កើត “សន្តិសុខ” ដើម្បីទប់ទល់នឹងការ “ប្រមូលផ្តុំអំណាចម្តងបន្តិចៗ” ដោយស្ថាប័នណាមួយ ។ លោកថាត្រូវតែផ្តល់មធ្យោបាយទប់ទល់តាមរយៈរដ្ឋធម្មនុញ្ញ ។
ពាក្យដ៏ល្បីល្បាញមួយឃ្លាដែលនៅប្រើរហូតមកដល់សព្វថ្ងៃនេះបានណែនាំឲ្យ “បង្កើតមហិច្ឆិតាប្រឆាំងនឹងមហិច្ឆិតា” “ambition must be made to counteract ambition” ។ នេះបានន័យថា ស្ថាប័នត្រូវបង្កើត “មហិច្ឆិតា” ដើម្បីការពារអំណាចរបស់ខ្លួននិងទប់ទល់កុំឲ្យស្ថាប័នពីរទៀតប្រើ “មហិច្ឆិតា” ពង្រីកអំណាចបាន ។ លោក ម៉ាឌីសុន សរសេរថា “ប្រសិនបើមនុស្សជាទេវតា គេមិនចាំបាច់មានរដ្ឋាភិបាលទេ ។ ប្រសិនបើទេវតាជាអ្នកគ្រប់គ្រងមនុស្ស ក៏គេមិនចាំបាច់រកអភិបាលដ្ឋានផ្ទៃក្នុងឬមកពីក្រៅដើម្បីត្រួតពិនិត្យរដ្ឋាភិបាលដែរ” ។ លោកបន្តទៀតថា “នៅក្នុងការបង្កើតរដ្ឋាភិបាលដែលដាក់មនុស្សឲ្យត្រួតពិនិត្យមនុស្ស . . . គឺវាច្បាស់ណាស់ថាត្រូវតែពឹងផ្អែកទៅលើប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងបឋមទៅលើរដ្ឋាភិបាល ។ តែការពិសោធន៍បានបង្រៀនមនុស្សជាតិអំពីភាពចាំបាច់ឲ្យមានការប្រុងប្រយ័ត្នត្រូវរកជំនួយគាំពារ” ឬ “auxiliary precautions” ។ ពាក្យថា “ប្រុងប្រយ័ត្នត្រូវរកជំនួយគាំពារ” គឺសំដៅទៅលើគោលការណ៍គ្រឹះដែលកម្រិតអំណាចរដ្ឋាភិបាលដូចខ្ញុំបានសរសេរនៅខាងលើនេះ ។

ការសិក្សាអំពីព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ននៃប្រទេសអាមេរិកត្រូវធ្វើតាមរយៈទស្សនៈ “សច្ចៈដាច់ខាត” នៅក្នុងសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យប្រទេសអាមេរិកនិងតាមរយៈគោលការណ៍គ្រឹះកម្រិតអំណាចរដ្ឋាភិបាលដែលមាននៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ អ្វីដែលខ្ញុំសរសេរនៅក្នុងអត្ថបទនៅថ្ងៃនេះជាគំនិតដែលលោកអ្នកគួរយកទៅជញ្ជឹងគិត មិនមែនសរសេរក្នុងគោលឲ្យខ្មែរចម្លងយកទៅធ្វើតាមទេ ។ ប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញមួយដែរដែលជាច្បាប់កំពូលរបស់ខ្មែរយើង ។ ខ្ញុំនឹងជូនអត្ថាធិប្បាយរបស់ខ្ញុំអំពី “នីតិរដ្ឋ” rule of law និង “នីតិមាត់” rule of men នៅលើកក្រោយ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាម រយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com