​បកស្បែករបបផ្តាច់ការ

និពន្ធដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ខែ វិច្ឆិកា ឆ្នាំ ២០២២

អត្ថបទនេះមិនមែនសរសេរក្នុងន័យបង្អាប់បន្ថោករដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឡើយ ។ ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ប្រកាន់លទ្ធិប្រជាធិបតេយ្យដែលមានសិទ្ធិសេរីភាពរបស់មនុស្សជាស្នូលនៅក្នុងសង្គមក្រោមគោលការណ៏យុត្តិធម៌ ។ លទ្ធិប្រជាធិបតេយ្យលើកតម្កើងប្រជាពលរដ្ឋជាធំ ។

រដ្ឋាភិបាលនៅក្នុងលោកគឺជាកម្លាំងរៀបចំមួយដែលមានរចនាសម្ព័ន្ធនយោបាយ សេដ្ឋកិច្ច និង យោធា ។ គោលដៅរបស់រដ្ឋាភិបាលប្រជាធិបតេយ្យគឺធានាឯករាជ្យភាពនិងបូរណភាពទឹកដី ផ្តល់នូវសន្តិភាពស្ងប់ស្ងាត់នៅក្នុងប្រទេស និងយុត្តិធម៌ដល់ប្រជាពលរដ្ឋ ។ រដ្ឋាភិបាលប្រជាធិបតេយ្យត្រូវលើកកម្ពស់សុខុមាលភាពបុគ្គលដោយផ្អែកលើផាសុខភាព សុភមង្គល និងភាពចម្រុងចម្រើន ។ រដ្ឋាភិបាលត្រូវបង្កើតសមត្ថភាពផ្សះផ្សាប្រយោជន៏រវាងក្រុមនិងក្រុម និងរវាងក្រុមនិងសង្គម ។ រដ្ឋាភិបាលត្រូវលើកតម្កើងចរិយាធម៌ និងដាក់ទោសបទឧក្រិដ្ឋ ។ លទ្ធិប្រជាធិបតេយ្យបែងចែកអំណាចរដ្ឋជាអំណាចប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការគឺនៅក្នុងគោលដៅគាំពារ សិទ្ធិ សេរីភាព យុត្តិធម៌ បម្រើប្រជាពលរដ្ឋ និងផ្តល់សុខុមាលភាពសេដ្ឋកិច្ចនិងសង្គមដល់ប្រជាពលរដ្ឋ ។ អំណាចទាំង ៣ ជាអង្គភាពឯករាជ តែត្រូវធ្វើការរួមគ្នា ហើយត្រួតពិនិត្យនិងថែរក្សាតុល្យភាពអំណាចនិមួយៗមិនអនុញ្ញាតិឲ្យអង្គភាពមួយមានឥទ្ធិពលលើអង្គភាពមួយទៀតបានឡើយ ។

អ្នកកាន់លទ្ធិប្រជាធិបតេយ្យបារម្ភអំពីវត្តមាននៃបុគ្គលមួយរូប ឬមនុស្សមួយក្រុម ឬមនុស្សប្រជាភិថុតិដែលត្រូវបានជ្រើសរើសធ្វើជាអ្នកដឹកនាំ ប្រមូលយកអំណាចទាំងបីមកផ្តុំនៅក្នុងកណ្តាប់ដៃរបស់ខ្លួន រំលោភសិទ្ធិសេរីភាពពលរដ្ឋនិងយុត្តិធម៌នៅក្នុងសង្គម ។ បុគ្គលដែលប្រមូលអំណាចទាំងបីមកកាន់កាប់គឺជាជនអត្តាធិបតី ឬជនផ្តាច់ការ ឬជនឯកបក្ស ។ របបក្រុងភ្នំពេញគឺជារបបផ្តាច់ការ របបអត្តាធិបតេយ្យ ឬរបបឯកបក្ស ។

បុព្វហេតុមួយដែលជួយរបបនេះឲ្យអាចដំណើរការបានគឺមកពីមានពលរដ្ឋខ្មែរច្រើនណាស់ដែលរស់នៅក្នុងទ្រុងទាសភាពនៃវប្បធម៌ពាន់ឆ្នាំដែលបង្រៀនមនុស្សឲ្យបម្រើនិងឲ្យស្មោះត្រង់ចំពោះបុគ្គល ។ នៅក្រោមរបបក្រុងភ្នំពេញដែលប្រើវិធីសាស្ត្រគំរាមកំហែងនិងចាប់ចង ទាំងអ្នកចេះដឹងនិងទាំងអ្នកមិនសូវយល់ដឹងសម្រេចនៅសម្ងំស្ងៀមដោយភ័យខ្លាចមានបញ្ហា ។ ពួកគេខំពន្យល់ប្រាប់ខ្លួនឯងឲ្យជឿដូចរបបបានប្រាប់ពីលើមកថាទ្រុងទាសភាពនេះជាសន្តិភាពនៅក្នុងសង្គម ។ រីឯខ្មែរជាច្រើននៅក្រៅប្រទេសក៏មិនហានហារមាត់បញ្ចេញយោបល់ពិតៗព្រោះបារម្ភខ្លាចរបបអត្តាធិបតេយ្យមិនឲ្យទៅលេងស្រុកទេសរបស់ខ្លួន ។ បុព្វហេតុមួយទៀតគឺមានមនុស្សដែលមើលឃើញប្រយោជន៏ផ្ទាល់ខ្លួនហើយស្ម័គ្រចិត្តបម្រើនៅក្នុងការិយាធិបតេយ្យនៃរបបផ្តាច់ការនេះ មានតាំងពីប្លង់តុងរហូតដល់ថីថុងចាប់ពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់មានអ្នកចេះដឹងមិនតិច មានទាំងប៉ូលីសនិងទាហានផង ។ ដែលគួរឲ្យស្តាយនោះគឺថាពួកគេសុខចិត្តលះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួនដើម្បីស័ក្តិយសឥតន័យខ្លឹមសារ ទោះបីតាមការពិតគឺថាបុគ្គលដែលស្ម័គ្រចិត្តបម្រើជនផ្តាច់ការគ្រប់រូបមានសមត្ថភាពនិងលទ្ធភាពអាចកែប្រែស្ថានការណ៏ឲ្យប្រែប្រួលបានក្តី ។

កត្តាមួយផ្សេងទៀតដែលជាជំនួយដល់អាយុជីវិតរបបផ្តាច់ការក្រុងភ្នំពេញដែលជនអត្តាធិបតីឆ្លៀតចំរាញ់យកប្រយោជន៏សំរាប់គេគឺភាពរញ៉េរញ៉ៃនិងខ្វះសាមគ្គីនិងការបែកបាក់គ្នាក្នុងចំណោមអ្នកដែលស្អប់ខ្ពើមរបបនេះ ។ ទិដ្ឋិមួយបានប្រៀបធៀបសភាពការណ៏នេះទៅនឹងគំនរដុំឥដ្ឋដែលបែកបាក់ជ្រុះធ្លាក់ពីផ្ទាំងកំពែងមកពូនផ្តុំនៅលើដីព្រោះធាតុភ្ជាប់ដែលមានខ្សាច់ស៊ីម៉ង់មានគុណសម្បត្តិខ្សត់ខ្សោយដោយជាងសង់មិនបានលាយគ្រឿងផ្សំផ្សេងៗឲ្យតាមរបៀបត្រឹមត្រូវ ។ ដុំឥដ្ឋក៏នៅភ្ជាប់ជាមួយគ្នាជាផ្ទាំងមិនបានយូរដែរ ។ គេថាអ្នកស្អប់របបផ្តាច់ការដែលបែកបាក់គ្នាក៏ដោយសារខ្វះធាតុចាំបាច់ភ្ជាប់សកម្មជនទាំងឡាយឲ្យនៅជាប់គ្នាជាចង្កោមបានយូរដែរ ។ តាមគំនិតនេះ បញ្ហាចំបងដែលធ្វើឲ្យមនុស្សបែកបាក់គ្នាទោះនៅក្នុងគ្រួសារ នៅទីកន្លែងធ្វើការ នៅក្នុងសហគមន៏ ឬ ក្នុងសង្គម គឺមកពីបុគ្គលនិមួយៗមានការបែកបាក់ជាមួយខ្លួនឯង ដោយសារតែមានកង្វះតម្លៃគុណធម៌នៅក្នុងខ្លួន ។

គុណធម៌ជួយបុគ្គលម្នាក់ៗឲ្យរកភាពស្ងប់ក្នុងខ្លួនបានដោយសម្របសម្រួលគំនិត អារម្មណ៏ និងសកម្មភាព ពោលគឺជួយឲ្យបុគ្គលបណ្តុះសន្តិភាពនៅក្នុងខ្លួន ។ គុណធម៌ជាធាតុជំនួយភ្ជាប់មនុស្សឲ្យរួមសុខជាមួយគ្នានៅក្នុងលោកនេះដែរ ។ យើងអាចរៀនអំពីតម្លៃគុណធម៌នៅក្នុងពុទ្ធលទ្ធិ ឬសាសនាព្រះយេស៊ូ ឬសាសនាឥស្លាម ហើយយកគុណធម៌ទាំងនោះមកប្រតិបត្តិ។

ដោយខ្មែរជាទូទៅជាអ្នកកាន់ពុទ្ធលទ្ធិ ខ្ញុំសូមលើកយកការប្រៀនប្រដៅរបស់ព្រះពុទ្ធមកជូនពិចារណាជាគំនិតឲ្យបុគ្គលបញ្ចប់ការបែកបាក់ជាមួយខ្លួនឯងផង និងលើកទឹកចិត្តអ្នកប្រជាធិបតេយ្យឲ្យសាមគ្គីគ្នាផង ។ គុណធម៌ក៏ជាផ្លូវមួយសំខាន់តតាំងនឹងរបបផ្តាច់ការដែរ ។

ព្រះពុទ្ធបានបង្រៀនមនុស្សជាតិថា “នៅក្នុងភាពចម្រូងចម្រាសមួយ នៅពេលដែលយើងចាប់ផ្តើមមានកំហឹង គឺនៅពេលនោះហើយដែលយើងឈប់ស្វែងរកសច្ចធម៌ហើយចាប់ផ្តើមគិតតែអំពីខ្លួនឯង” ។ នេះហើយគឺគំនិត ”អាត្មានិយម” ។ ព្រះពុទ្ធលោកប្រដៅថា “ចូរកុំយកចិត្តទុកដាក់នឹងកំហុសអ្នកដទៃ ឬអំពីអ្វីដែលអ្នកដទៃបានធ្វើ ឬមិនទាន់បានធ្វើនៅឡើយ ។ ចូរពិចារណាតែអំពីអ្វីដែលខ្លួនយើងម្នាក់ៗបានធ្វើ ឬមិនទាន់បានធ្វើ” ។ លោកប្រដៅមនុស្សឲ្យ “ពឹងផ្អែកទៅលើសារៈសំខាន់នៃគំនិតបញ្ញាដ៏បរិសុទ្ធរបស់យើង មិនមែនទៅលើការវិនិច្ឆ័យថ្កោលទោសទេ ” ។ លោកទូន្មានថា “បន្ទាប់ពីបានធ្វើការអង្កេតនិងធ្វើការវិភាគហ្មត់ចត់ហើយ បើអ្នករកឃើញថាអ្វីទាំងអស់បានស្របជាមួយនឹងហេតុផល ហើយបានជាអំណោយផលដល់ការល្អនិងប្រយោជន៏ល្អសម្រាប់មនុស្សម្នាក់ឬមនុស្សទូទៅ ចូរអ្នកទទួលយកវាហើយរស់តាមវាទៅ ” ។

ព្រះពុទ្ធបានបង្រៀនមនុស្សជាតិថា “ទី ១ ឲ្យពឹងផ្អែកទៅលើគំនិតស្មារតីនិងអត្ថន័យនៃសេចក្តីបង្រៀន មិនមែនទៅលើពាក្យបង្រៀនទេ ។ ទី ២ ឲ្យពឹងផ្អែកទៅលើសេចក្តីបង្រៀន មិនមែនទៅលើបុគ្គលិកលក្ខណៈរបស់អ្នកបង្រៀនទេ ។ ទី ៣ ឲ្យពឹងផ្អែកទៅលើបញ្ហាពិតប្រាកដ មិនមែនទៅលើការបកស្រាយសើៗទេ ។ ទី ៤ ឲ្យពឹងផ្អែកទៅលើសារៈសំខាន់នៃគំនិតបញ្ញាដ៏បរិសុទ្ធរបស់អ្នក មិនមែនទៅលើទស្សនៈថ្កោលទោសទេ ” ។

ពុទ្ធលទ្ធិបានបន្សល់នូវដំបូន្មាន “កុំ ១០ ប្រការ” ដើម្បីឲ្យមនុស្សយកមកត្រិះរិះពិចារណា ៖ ១. កុំជឿនិងកុំសំអាងលើព័ត៌មានដែលឮតៗគ្នា ។ ២. កុំជឿនិងកុំសំអាងលើទម្លាប់ ។ ៣. កុំជឿនិងកុំសំអាងលើអ្វីដែលគេនិយាយតៗគ្នា ។ ៤. កុំជឿនិងកុំសំអាងលើក្បួនតម្រា ។ ៥. កុំជឿនិងកុំសំអាងលើតក្កវិជ្ជាតាមខ្លួនឯងយល់ ។ ៦. កុំជឿនិងកុំសំអាងលើអ្វីដែលផ្សែផ្សំឲ្យបានប្រហែលគ្នា ។ ៧. កុំជឿនិងកុំសំអាងលើអ្វីដែលខ្លួនពេញចិត្ត ។ ៨. កុំជឿនិងកុំសំអាងលើអ្វីដែលត្រូវនឹងគំនិតខ្លួន ។ ៩. កុំជឿនិងកុំសំអាងលើពាក្យអ្នកប្រសប់និយាយពិរោះស្តាប់ ។ ១០. កុំជឿនិងកុំសំអាងលើលទ្ធិគ្រូដោយហេតុតែជាគ្រូរបស់ខ្លួន ។

ពោលគឺពុទ្ធលទ្ធិហាមការជឿនិងសំអាងដោយមិនបានពិចារណាឲ្យហ្មត់ចត់ ។ យ៉ាងដូច្នេះពុទ្ធលទ្ធិផ្តល់សេរីភាពដល់មនុស្សទូទៅឲ្យប្រើខួរក្បាលត្រិះរិះពិចារណារកហេតុផលឲ្យឃើញសឃើញខ្មៅមុននឹងប្រព្រឹត្តអ្វីដែលជាកុសល ។

គំនិតស្តីអំពីបុគ្គលម្នាក់ៗបង្កើតចរន្តរលកថាមពលរួមជាមួយបុគ្គលឯទៀតបង្កើតចរន្តរលកថាមពលឲ្យរត់ត្របាញ់ចេញពីគ្រប់ទិសទីចូលរួមគ្នាជាចរន្តរលកស៊ូណាម៉ីយក្សវាយកំទេចរបបផ្តាច់ការគឺជាគំនិតច្នៃប្រឌិតដែលមានជាមូលដ្ឋានក្នុងការប្រៀនប្រដៅដ៏ស័ក្តិសិទ្ធិរបស់ពុទ្ធលទ្ធិដូចដែលបានអធិប្បាយនៅខាងលើនេះ ។ ខណៈពុទ្ធលិទ្ធិបង្រៀនមនុស្សឲ្យអាចទៅជាអ្នកដឹកនាំចំណាន និងបង្រៀនសកម្មជនលទ្ធិប្រជាធិបតេយ្យឲ្យចេះតតាំងនឹងរបបអត្តាធិបតេយ្យ ពុទ្ធលទ្ធិក៏ជាអាវុធសំខាន់មួយអាចជួយរំដោះពលរដ្ឋឲ្យចេញពីទ្រុងទាសភាពបាន ដែរ ។ ព្រះពុទ្ធបានប្រៀនប្រដៅមនុស្សជាតិថា យើងជាមនុស្សត្រូវកសាងខ្លួនយើងដោយខ្លួនឯង ឬ “អត្តសម្មាបណិធិ” ។

ប្រការដែលគួរឲ្យសង្វេគមួយគឺថា នៅក្នុងសង្គមខ្មែរ ទាំងអ្នកដឹកនាំ ទាំងសកម្មជននយោបាយ និងទាំងពលរដ្ឋសាមញ្ញនិយមយកពុទ្ធលទ្ធិមកសូត្រនៅជាប់លើបបូរមាត់តែមិនអនុវត្តឲ្យដូចព្រះពុទ្ធបានប្រៀនប្រដៅទេ ។ ពាក្យពេចន៏របស់អតីតព្រះសង្ឃមួយអង្គឈ្មោះ ហេង មណីចិន្តា ដែលធ្លាប់បានសហការជាមួយខ្ញុំកាលពីខ្ញុំនៅបម្រើក្នុងជួររណសិរ្សជាតិនៅជាយដែនខ្មែរ-ថៃបានថ្លែងថា “គឺការមិនអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ហិនហោចដូចសព្វថ្ងៃ ” ។

មុននឹងបញ្ចប់ ខ្ញុំសូមលើកយកពាក្យគ្រាមភាសាឬភាសិតមួយឃ្លាមកធ្វើជាការវិចារណា ៖ គេអាចបកស្បែកខ្លាដោយវិធីច្រើនយ៉ាង ។
 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។