នីតិរដ្ឋ និង នីតិមាត់

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០

ការរៀនអំពីរបៀបរស់របស់មនុស្ស ព្រឹត្តិការណ៍ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសនានាក្នុងពិភពលោកផ្តល់នូវចំណេះដឹង និងបង្ហាញឲ្យយើងយល់ដឹងអំពីរបៀបរស់នៅរបស់យើង ព្រឹត្តិការណ៍ និងប្រព័ន្ធនយោបាយនៅក្នុងប្រទេសយើងផងដែរ ។ ការរៀនអំពីអ្នកដទៃជួយយើងឲ្យយល់និងស្គាល់អំពីខ្លួនយើង ។ ចំណេះដឹងទាំងនេះផ្តល់នូវជម្រើសនិងរបៀបរបបដែលអាចជួយយើងឲ្យដើរឆ្ពោះទៅកាន់វឌ្ឍនភាព ។

អត្ថបទរបស់ខ្ញុំក្រោមចំណងជើងថា “បង្កើតមហិច្ឆតាប្រឆាំងនឹងមហិច្ឆតា” ស្តីអំពីព្រឹត្តិការណ៍នយោបាយបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកតាមរយៈការប្រកាសឯករាជ្យបង្កើតសហរដ្ឋអាមេរិកនាឆ្នាំ១៧៧៦ និងតាមរយៈគោលការណ៍គ្រឹះតុល្យភាពអំណាចរដ្ឋាភិបាលនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកនាឆ្នាំ១៧៨៨ ។ អត្ថបទនោះបានបង្ហាញនូវទស្សនវិស័យ
របស់ស្ថាបនិកសហរដ្ឋអាមេរិកអំពី “សច្ចៈដាច់ខាត” និងអំពីអំណាចផ្តាច់ការដែលគំរាមកំហែង “សច្ចៈដាច់ខាត” ព្រមទាំងគោលការណ៍បង្ការអំណាចផ្តាច់ការកុំឲ្យរីកលូតលាស់ ។

ខ្ញុំបានលើកទឹកចិត្តលោកអ្នកអានឲ្យយកទស្សនវិស័យរបស់ស្ថាបនិកប្រទេសមហាអំណាចមួយទៅជញ្ជឹងគិត ។ ខ្ញុំមិនមានគោលបំណងឲ្យខ្មែរចម្លងគោលគំនិតយកទៅអនុវត្តទេ ។
យើងរៀនអំពីគំនិតនិងវិធីដែលគេអនុវត្តនៅក្នុងការប្រឆាំងនិងលុបបំបាត់អំណាចផ្តាច់ការ ។ តើមានអ្វីដែលពួកគេបានគិតនិងអនុវត្ត តាំងតែពីពេលតស៊ូរំដោះប្រទេសអាមេរិកចេញពីការត្រួតត្រារបស់ប្រទេសអង់គ្លេសរហូតមកដល់បច្ចុប្បន្ន ដែលអាចជាប្រយោជន៍សម្រាប់យើងយកមកកែច្នៃដើម្បីរំដោះខ្លួនចេញពីកណ្តាប់ដៃនៃជនផ្តាច់ការ ? ប្រទេសកម្ពុជាមានរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់ពលរដ្ឋ ។ សព្វថ្ងៃយើងកំពុងប្រឈមនឹងការពង្រីកអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគំរាមកំហែងសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរដូចមានចែងនៅក្នុង “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ។

ខ្ញុំមិនភ្ញាក់ផ្អើលទេដែលមានមិត្តអ្នកអានមួយចំនួនសរសេរសារមកប្រាប់ខ្ញុំថាពួកគេសប្បាយចិត្តដោយបានអាននូវគំនិតល្អៗជាច្រើននៅក្នុងអត្ថបទរបស់ខ្ញុំ ។ អ្នកអានខ្លះសុំឲ្យខ្ញុំសរសេរពិស្តារអំពីរបៀបដោះស្រាយបញ្ហាកម្ពុជាមួយជំហានម្តងៗ ដើម្បីអាចយកទៅអនុវត្តជាក់ស្តែង ។ ទាំងនេះធ្វើឲ្យខ្ញុំនឹកដល់ពាក្យសំដីរបស់កវីអាមេរិកាំង រ៉ាល់ហ្វ វ៉ល់ដូ អេម៉ឺរ៍សុន ថា “គំនិតជាបុព្វបុរសរបស់រាល់សកម្មភាព” ពោលគឺទង្វើកើតចេញពីគំនិត ។ រូបមន្ត “គិត + កម្ម = លទ្ធផល” របស់ព្រះពុទ្ធមានន័យថា គំនិតដែលយកមកអនុវត្តបង្កើតឲ្យមានលទ្ធផលមួយ ។ ដោយហេតុថាការគិតឲ្យហ្មត់ចត់សិនសឹមធ្វើសកម្មភាពជាការលំបាកបានជាលោក ម៉ារ៍ទិន លូធឺរ៍ ឃីង ថ្លែងថា “គ្មានអ្វីធ្វើឲ្យមនុស្សខ្លះឈឺចាប់ជាងការតម្រូវឲ្យគិតនោះទេ” ។

ខ្ញុំជាអ្នកសិក្សាប្រចាំជីវិត ។ ទស្សនៈរបស់ខ្ញុំគឺថាអ្នកសិក្សាមានកាតព្វកិច្ចដេញដោលសួរនាំអំពីសភាពការនៅចំពោះមុខ និងស្វែងយល់ថាតើមានមធ្យោបាយណាផ្សេងទៀតដែលប្រសើរជាងមធ្យោបាយដែលយើងកំពុងអនុវត្តនៅក្នុងដំណើរទៅមុខរបស់យើង ។ នៅក្នុងអត្ថបទជាច្រើន ខ្ញុំបានណែនាំអ្នកអានឲ្យរៀនត្រិះរិះស្វែងរកមធ្យោបាយផ្សេងៗនៅក្នុងដំណើរដោះស្រាយបញ្ហាជាតិក៏ដូចជាបញ្ហាផ្ទាល់ខ្លួន ។ អ្វីដែលជាកត្តាអកុសលសម្រាប់ខ្មែរយើងគឺយើងមានទម្លាប់គិតបន្តជំនាន់ ។ ខ្មែរខ្លះមានជំនឿលើព្រះបាទធម្មិកក្នុងការដោះស្រាយបញ្ហារបស់ខ្លួនដែលផ្ទុយនឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធថាយើងទាំងអស់គ្នាជាលទ្ធផលនៃការគិតរបស់យើង ។ បើយើងប្រើខួរក្បាលគិតនិងធ្វើសកម្មភាពវិជ្ជមាន ស្រមើស្រមៃ ច្នៃប្រឌិត ខ្ជាប់ខ្ជួន យើងអាចបង្កើតពិភពមួយដែលយើងចង់បាន ។

លោក អេប្រាហំា លីងកិន Abraham Lincoln ប្រធានាធិបតីសហរដ្ឋអាមេរិកទី ១៦ នាឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ ដែលបានរក្សាគង់វង្សនូវសហព័ន្ធនៃរដ្ឋអាមេរិកាំងនៅអំឡុងសង្គ្រាមស៊ីវិល បានថ្លែងថា “យើងមិនអាចជួយមនុស្សជាអចិន្រ្តៃយ៍ដោយបំពេញឲ្យពួកគេនូវអ្វីដែលពួកគេអាចធ្វើបានសម្រាប់ខ្លួនឯង” ។ ពាក្យពេចន៍ទាំងនេះមិនខុសពីការប្រៀនប្រដៅរបស់ព្រះពុទ្ធជាង ២៥០០ ឆ្នាំមុនថា គ្មាននរណាមកជួយយើងក្រៅពីយើងជួយខ្លួនយើងទេ ។ បច្ចុប្បន្នមានពាក្យស្លោកមួយនិយាយថា អ្នកអាចដឹកសត្វសេះឲ្យចុះទៅផឹកទឹក ប៉ុន្តែអ្នកមិនអាចបង្ខំសេះនោះឲ្យផឹកទឹកបានឡើយ ។

ស្រដៀងគ្នានឹងផលវិបាកក្នុងការដឹកសេះឲ្យចុះផឹកទឹក ខ្ញុំស្តាយណាស់ដោយមិនអាចបំពេញបំណងរបស់មិត្តអ្នកអានខ្លះដែលស្នើឲ្យខ្ញុំចងក្រងក្បួនតម្រាបង្ហាញកម្មវិធីជាក់ស្តែងជាជំហានៗដើម្បីកំទេចចោលរបបគ្រប់គ្រងរបស់ជនផ្តាច់ការដែលគាបសង្កត់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋខ្មែរ ។ សំណូមពរនេះហាក់ដូចជាខ្ពស់បន្តិចសម្រាប់ខ្ញុំ ត្បិតជនផ្តាច់ការក៏មានយុទ្ធសាស្ត្រការពារខ្លួនគេដែរ ។ ចង់រំលាយរបបផ្តាច់ការវាងាយទេ ។ គឺយើងត្រូវរួបរួមគ្នា ។

គំនិតរបស់ខ្ញុំក្នុងការតស៊ូតតាំងនឹងជនផ្តាច់ការមានមិនខ្វះទេ ។ តែគំនិតអាចមានសារប្រយោជន៍ទៅបានលុះត្រាណាតែមនុស្សយកទៅអនុវត្ត ។ ខ្ញុំបានសរសេរនៅក្នុងអត្ថបទ “អុំទូកបញ្ច្រាស់ទឹក” ចុះថ្ងៃទី២០ ខែធ្នូ អំពីការវិវដ្តនៃគំនិតខ្ញុំតាំងពីខ្ញុំនៅវ័យក្មេងដើរជើងទទេទៅរៀននៅសាលាប្រក់ស្លឹកភូមិឫស្សីកែវ រហូតទីបញ្ចប់បានរៀនចប់វិជ្ជាជាន់ខ្ពស់នៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ។

ខ្ញុំបានលាតត្រដាងការអនុវត្តគំនិតខ្ញុំនៅក្នុងសកម្មភាពនាឆ្នាំ១៩៧០នៅពេលសង្គ្រាមផ្ទុះនៅកម្ពុជាដោយសារកិច្ចព្រមព្រៀងរវាងកម្ពុជានិងចិនប៉េកាំងនាឆ្នាំ១៩៦៥អនុញ្ញាតឲ្យយួនកុម្មុយនិស្តបង្កើតទីតាំងទ័ពនៅលើដីខ្មែរដើម្បីច្បាំងនឹងអាមេរិកាំងនៅក្នុងសង្គ្រាមយៀកណាម (សូមអាន “កុំឲ្យប្រវត្តិសាស្ត្រផ្តន្ទាទោសយើងជាថ្មី” ចុះថ្ងៃទី១៥ មករា ២០១៩ )។

 

បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុលពតរំលំរបបសាធារណរដ្ឋខ្មែរនាឆ្នាំ១៩៧៥ ខ្ញុំបានរួមកម្លាំងជាមួយអាណិកជនខ្មែរនៅសហរដ្ឋអាមេរិកធ្វើសកម្មភាពថ្កោលទោសការសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាលដែលប្រព្រឹត្តដោយពួកខ្មែរក្រហម ។ បន្ទាប់ពីកងទ័ពយួនហាណូយបានកាន់កាប់ទីក្រុងភ្នំពេញនៅខែមករាឆ្នាំ១៩៧៩ ខ្ញុំបានទៅដល់ទីស្នាក់ការសម្ងាត់របស់កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅបាងកកនៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ១៩៨០ ។ គំនិតប្រាជ្ញារបស់ខ្ញុំដែលផ្អែកលើរូបមន្ត “គិត-កម្ម-ផល” និងរូបមន្ត “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំបានយកទៅអនុវត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពយួនឈ្លានពាននៅគ្រានោះ ។ វាជាគំនិតមួយដែលគួបផ្សំជាមួយនឹងគំនិតខ្មែរដទៃជួយបណ្តេញកងទ័ពយួនឲ្យចាកចេញពីប្រទេសកម្ពុជា ។

ឥឡូវនេះខ្ញុំនៅសល់ខួរក្បាលទម្ងន់មួយគីឡូក្រាមដែលខ្ញុំអាចប្រើបាន ខ្ញុំនៅមិនទាន់ឈប់សម្រាកពីការតស៊ូទេ ។ ដូចខ្ញុំបាននិយាយរួចមកហើយ ខ្ញុំបានបំពេញភារកិច្ចបម្រើផលប្រយោជន៍ជាតិខ្មែរ ។ នៅក្នុងគំនិត Lead, Follow, or Get out of the way “ដឹកនាំ ដើរតាម ឬ ចៀសឲ្យផុតពីផ្លូវគេដើរ” ខ្ញុំសម្រេចមិនដើរនាំមុខ ឬដើរតាមក្រោយទេ តែដើរទន្ទឹមនឹងខ្មែរដទៃដែលប្រឆំាងនឹងជនផ្តាច់ការ ហ៊ុន សែន ហើយអំពាវនាវដល់ខ្មែរទាំងអស់កុំឲ្យយកជើងរាទឹក ។

យើងត្រូវអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធថា “គ្មានអ្វីនៅជាអចិន្ត្រៃយ៍ទេ អ្វីៗត្រូវតែប្រែប្រួល អ្នកដែលប្រើគំនិតនិងជឿខ្លួនឯងថាមានសមត្ថភាពនឹងក្លាយទៅជាអ្នកមានសមត្ថភាព” ។ យើងត្រូវបោះចោលនូវគំនិតនិងទង្វើបន្តជំនាន់ និងកសាងមូលដ្ឋានគ្រឹះលើជំនឿថា “ការកែប្រែជាកិច្ចការមួយដែលយើងអាចធ្វើកើតនិងអាចសម្រេចបាន” ។

លោកប្រធានាធិបតីអាមេរិកាំងទី ២៦ ធីអូដ័រ រ៉ូហ្សើវែល Theodore Roosevelt បានថ្លែងថា “បើអ្នកជឿថាអ្នកអាចធ្វើកើត គឺអ្នកបានឈានទៅដល់ពាក់កណ្តាលផ្លូវហើយ” ។ ពាក្យពេចន៍បីម៉ាត់របស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកាំងទី ៤៤ នាឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧ ថា “Yes, we can” “យើងអាចធ្វើកើត!” បានបញ្ចេញលទ្ធផលឲ្យឃើញជាលើកដំបូងនូវជនជាតិអាមេរិកាំងស្បែកខ្មៅឡើងកាន់ដំណែងជាប្រធានាធិបតីប្រទេសមហាអំណាចដ៏ខ្លំាងក្លានៅក្នុងពិភពលោក ។

ប្រាកដណាស់ ! បើគេធ្វើកើត គ្មានរឿងអី្វដែលខ្មែរយើងធ្វើមិនកើតនោះទេ ។ តែដើម្បីធ្វើកើតយើងចំាបាច់ត្រូវបោះបង់ចោលវប្បធម៌រាប់រយឆ្នាំដែលជម្រុញឲ្យយើងផ្តេកផ្តួលខ្លួនទៅលើអ្នកដទៃ ។ យើងចាំបាច់ត្រូវរៀននិងអនុវត្ត “គំនិតថ្មី” និងការគិតក្រៅទម្លាប់ ។ ឧទាហរណ៍មួយនៃគំនិតគិតបន្តជំនាន់គឺការផ្តេកផ្តួលខ្លួនទាំងស្រុងទៅលើ “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១” ។ មកដល់ថ្ងៃនេះគឺជិត ៣ ទសវត្សរ៍ហើយដែលខ្មែរប្រឆាំងនឹងរបបផ្តាច់ការមានលោក សម រង្ស៊ី ជាបថម និងអស់លោកអ្នកអានមួយចំនួនធំនៅខំព្យាយាមអង្វរករប្រទេសហត្ថលេខីនិងសហគមន៍អន្តរជាតិឲ្យមកជួយស្តារកិច្ចព្រមព្រៀងសន្តិភាពនេះ ។ ខ្ញុំសូមសួរថាមកដល់ថ្ងៃនេះមានរដ្ឋាភិបាលប្រទេសហត្ថលេខីចំនួនប៉ុន្មានដែរដែលចេញមុខមក “ពង្រស់” សន្ធិសញ្ញានេះ ?

ចាប់ពីខែតុលា ១៩៩១ រហូតមកដល់ថ្ងៃនេះ ការរំលោភលើសន្ធិសញ្ញាដោយជនផ្តាច់ការ ហ៊ុន សែន និងក្រុមអាមាត្យតូចធំ ជារឿងមួយដូចជាព្រះអាទិត្យនិងព្រះចន្ទដែលមិនអាចបិទបាំងបានទេ ៖ ខ្មែរយើងមើលឃើញទាំងអស់ បរទេសក៏មើលឃើញដែរ ។

អ្វីដែលខ្ញុំស្រណោះជាទីបំផុតគឺរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាដែលជាច្បាប់កំពូលរបស់ប្រជាជាតិខ្មែរដែលជនផ្តាច់ការយកមកទ្រាប់គូទអង្គុយនៅក្រោមកែវភ្នែករបស់សហគមន៍អន្តរជាតិដែលខ្មែរប្រឆាំងអំណាចផ្តាច់ការបានអង្វរករឲ្យមកជួយផង ។ ខ្ញុំស្រណោះដែលខ្មែរគ្រប់ស្រទាប់នយោបាយបានបណ្តោយឲ្យឱកាសល្អៗរបូតផុតដោយឥតបានធ្វើអ្វី ។ តើគំនិតឈើវៀច ឈើត្រង់ ឈើសាំរញុំា វាជ្រុះបាត់ទៅណាអស់ទៅ ?

ខ្ញុំធ្លាប់បានសរសេរអំពីទឹករលកតូចៗដែលផុសចេញពីប្រភពផ្សេងៗពីគ្នាតែរត់ត្របាញ់ចូលគ្នាបង្កើតជាចរន្តទឹកមួយដែលអាចវាយបំបាក់រំលើងឫសគល់នៃរបបផ្តាច់ការដ៏កាចសាហាវមួយបាន (សូមអាន “ទឹករលកតូចមួយ…ពីរ…បី…ហូរចូលគ្នា” ចុះថ្ងៃទី ២៦ មករា ២០១៩)។ ពោលគឺ ស៊េរីនៃការផ្លាស់ប្តូរតូចៗឬឧប្បត្តិហេតុផ្សេងៗអាចបណ្តាលឲ្យមានការផ្លាស់ប្តូរធំនិងសំខាន់មួយ ។ បើភាពនៃកម្លាំងជម្រុញវាត្រូវតាមប្រភេទ ទោះបីរុញច្រានតែបន្តិចតែត្រូវចំចំណុច កម្លាំងនេះនឹងវាយបោករំលើងឫសនៃគ្រប់ឧបសគ្គ ។ គ្មានរបបផ្តាច់ការណាអាចធន់ទ្រាំនឹងកម្លាំងនេះបានទេ ជាពិសេសរបបចាបតេតរបស់ជនផ្តាច់ការសព្វថ្ងៃនេះ ។ ខ្មែរដែលប្រឆំាងនឹងជនផ្តាច់ការមានសក្តានុពលច្រើនតែខ្សោយខាងគំនិតដែលជាកំណត់នៃជ័យជំនះ ។

បុព្វបុរសខ្មែរបានទូន្មានកូនចៅយូរយារមកហើយថាឲ្យប្រមូលផ្តុំបង្កើតកម្លាំងដោយយកឈើវៀចធ្វើកង់ឈើត្រង់ធ្វើកាំឈើសាំរញុំាធ្វើអុសដុត ។ ខ្ញុំសារភាពថាខ្ញុំខកចិត្តនិងធុញទ្រាន់ដោយមិនបានឃើញខ្មែរដែលប្រឆាំងនឹងជនផ្តាច់ការ ហ៊ុន សែន ប្រមូលផ្តុំឈើវៀចឈើត្រង់ ឈើរញ៉ិមរញុំារសេមរសាម មកធ្វើជាកម្លាំង ។ ខ្ញុំឃើញមានការប្រទូស្តប្រទាំងរវាងគ្នានិងគ្នាដូចជាពាក្យរបស់កវីអាមេរិកាំង លោក រ៉ាល់ហ្វ វ៉ល់ដូ អេមឺរ៍សុន បានសរសេរអំពីការ “បែកបាក់ដូចជាគំនរដុំឥដ្ឋធ្លាក់រាយលើដី” ពីព្រោះគ្មានធាតុគ្មានខ្សាច់គ្មានស៊ីម៉ង់គ្មានទឹកលាយតម្រូវតាមកម្រិតចាំបាច់បន្តភ្ជាប់ដុំឥដ្ឋពីដុំមួយទៅដុំមួយបាន — នេះជាប្រធានបទមួយផ្សេងទៀតដែលខ្ញុំនិងលើកយកមកធ្វើអត្ថាធិប្បាយនៅថ្ងៃក្រោយ ។

ស្ថាបនិកសហរដ្ឋអាមេរិក លោក បិនហ្ចាមិន ហ្វ្រាំងក្លិន បានថ្លែងនៅក្នុងសម័យកាលតស៊ូប្រកាសឯករាជ្យប្រទេសអាមេរិកថា “យើងទាំងអស់គ្នាត្រូវតែកៀកកគ្នាប្រយុទ្ធជាធ្លុងមួយ
បើមិនដូច្នោះទេ យើងទាំងអស់គ្នាប្រាកដជាត្រូវគេព្យួរកម្នាក់ម្តងៗជាមិនខាន” ។

ខ្ញុំមិនរិះគន់ខ្មែរដែលប្រឆំាងនឹងជនផ្តាច់ការថាមិនស្វែងរកឯកភាពនិងសាមគ្គីភាពឡើយ ។ មេដឹកនាំខ្មែរម្នាក់ៗតែងប្រកាសចង់បានឯកភាពនិងសាមគ្គីភាព ។ ប៉ុន្តែបើពិនិត្យឲ្យច្បាស់ទៅឃើញថាពួកគេចង់បានឯកភាពនិងសាមគ្គីភាពនៅក្រោមក្រុមគេឬនៅក្រោមគណបក្សរបស់ពួកគេ ។ នេះគឺជាគំនិត “អញនិយម” ដែលធ្វើឲ្យដុំឥដ្ឋធ្លាក់រាយជាគំនរនៅលើដីដូចលោក អេម៉ឺរ៍សុន បាននិយាយនោះ ។

ក្នុងរដ្ឋធម្មនុញ្ញខ្មែរ ប្រទេសកម្ពុជាជាប្រទេសគ្រប់គ្រងដោយ “នីតិរដ្ឋ” ។ តែនៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្យប្រជាជន ប្រទេសកម្ពុជាជាប្រទេសគ្រប់គ្រងដោយ “នីតិមាត់” ។

ពាក្យថា “នីតិរដ្ឋ” rule of law គឺសំដៅទៅច្បាប់ដែលមានកំណត់ច្បាស់លាស់និងដែលដាក់លក្ខខ័ណ្ឌលើការប្រើអំណាចតាមអំពើចិត្ត ។ “នីតិរដ្ឋ” ឈរលើគោលការណ៍ថា មនុស្សនិងស្ថាប័នទាំងអស់ត្រូវគោរពនិងទទួលខុសត្រូវចំពោះមុខច្បាប់ដែលត្រូវអនុវត្តដោយត្រឹមត្រូវនិងដោយស្មើភាព ។ “នីតិរដ្ឋ” ក្លាយចេញពីពាក្យបារាំងថា le principe de légalité ដែលសំដៅទៅលើរដ្ឋាភិបាលដែលផ្អែកទៅលើគោលការណ៍ “ច្បាប់” មិនមែនលើគោលការណ៍ “មនុស្ស” ទេ ។ “នីតិរដ្ឋ” មានន័យថាច្បាប់ខ្ពស់ជាងគេនិងខ្ពស់ជាងបុគ្គលទាំងអស់ គឺគ្មានបុគ្គលឬរដ្ឋាភិបាលណានៅពីលើច្បាប់ឡើយ ។

“រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ជាច្បាប់កំពូលរបស់ប្រជាជាតិខ្មែរដែលមាន ១៥៨ មាត្រា ។ រដ្ឋធម្មនុញ្ញនេះត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ ១៩៩៣ ។ មាត្រាទាំងអស់មិនមែនល្អឥតខ្ចោះទេ ។ នៅក្រោមរដ្ឋធម្មនុញ្ញនេះ ប្រទេសកម្ពុជាជាប្រទេសគោរព “នីតិរដ្ឋ” ។

ពាក្យថា rule of men គឺផ្ទុយស្រឡះពីពាក្យ rule of law “នីតិរដ្ឋ” ។ Rule of men បកប្រែជាខ្មែរថា “ច្បាប់មនុស្សា” ឬ ច្បាប់នៅនឹងមាត់អាជ្ញាធរ ។ និយាយឲ្យងាយយល់ rule of men មានន័យថា ការគ្រប់គ្រងសង្គមដោយធ្វើតាមអំពើចិត្តរបស់អ្នកដឹកនាំ ។ ពោលគឺគេបង្កើតច្បាប់ដើម្បីបំពេញគោលបំណងដែលគេចង់បាន ។ ច្បាប់គឺសម្តីដែលចេញពីមាត់គេ ។ យ៉ាងដូច្នេះ rule of men គឺ “នីតិមាត់” ។ “នីតិមាត់” គឺអវត្តមាននៃ “នីតិរដ្ឋ” ។ គឺការគ្រប់គ្រងសង្គមទៅតាមច្បាប់ដែលផ្លាស់ប្តូរពីអ្នកគ្រប់គ្រងមួយទៅអ្នកគ្រប់គ្រងមួយទៀត ។ ស្ថាបនិកសហរដ្ឋអាមេរិកហៅស្តេចអង់គ្លេសឈ្មាះ ហ្ច័រ៍ហ្ច ទី ៣ ឬ King George III ថាជាស្តេចជិះជាន់គាបសង្កត់និងពុករលួយដែលប្រើអំណាចដាច់ខាតក្នុងការគ្រប់គ្រង ។ ពាក្យសម្តីស្តេចនេះគឺជាច្បាប់ ។ ប្រទេសកម្ពុជានៅក្រោមការត្រួតត្រារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រទេសគ្រប់គ្រងដោយ “នីតិមាត់” ដែលទុកជនផ្តាច់ការនៅខ្ពស់ជាង “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ។

របបគ្រប់គ្រង “នីតិមាត់” របស់លោក ហ៊ុន សែន ជារបបគាបសង្កត់ជាន់ឈ្លីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ បើតែយ៉ាងនេះ របប “នីតិមាត់” នឹងធ្វើឲ្យប្រជាជាតិខ្មែររលត់រលាយ ។ ការងើបប្រឆាំងនឹងរបបផ្តាច់ការនេះជាការចាំបាច់ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។