ទស្សនះនយោបាយ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧

ខ្ញុំក៏មានចំណង់ចំណូលចិត្តនយោបាយរបស់ខ្ញុំដែរ
ចាស់ទុំខ្មែរប្រដៅថា «ចេះមកពីរៀន» «គិតហើយសឹមគូរ»

សំណេរដ៏ពិសិដ្ឋ ៣:១-៨ ក្នុងគម្ពីរព្រះគ្រឹស្ទបានចែងថា៖ «នៅក្រោមស្ថានសួគ៌នេះ អ្វីៗទាំងអស់តែងមានរដូវរបស់វា គ្រប់បញ្ហាក៏តែងមានពេលវេលាវាដែរ» — រដូវនិងពេលវេលា សំរាប់កើត-ស្លាប់ យំ-សើច ស្រឡាញ់-ស្អប់ ស្ងៀម-ស្តី សម្លាប់-ជាស្បើយ ចម្បាំង-សន្តិភាព ។ល។ និង ។ល។ ប្រទេសខ្មែរដែលបានចាប់កំណើតមកជាង ២០០០ ឆ្នាំមកហើយ បានហែលឆ្លងរដូវច្រើនប្រភេទនិងបានពិសោធស្ទើរគ្រប់បញ្ហាដែរ ។

នៅក្នុងរដូវនិងពេលវេលាសព្វថ្ងៃនេះ ប្រទេសខ្មែរបានធ្លាក់ចុះពីសម្រស់ញញឺមដោយសង្ឃឹមលើ «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» ឆ្នាំ១៩៩១ មកចូលក្នុងភាពរំជើបរំជួល ៖ លោកហ៊ុនសែននិងអាជ្ញាធរលោកនៅប្រឈមមុខនឹងពលរដ្ឋខ្មែរយ៉ាងតិចជាងកន្លះនគរដែលមិនបានបោះឆ្នោតជូនលោក ហើយអាជ្ញាធរលោកបានប្រកាសសេចក្តីប្តេជ្ញាចិត្តលុះស្លាប់ខ្លួន «គោរព» «កោតខ្លាច» «ស្មោះត្រង់» «បំរើ» «ការពារ» លោកហ៊ុនសែន ជាអតីតមេបញ្ជាការយោធាខ្មែរក្រហមដែលបានគេចរត់ពីប៉ុលពតក្នុងរដូវជម្រះលាងសំអាតក្នុងឆ្នាំ១៩៧៧ ទៅចូលកងទ័ពយួនកុម្មុយនិស្តន៍ ។

នៅចុងខែធ្នូ ១៩៧៨ កងទ័ពរៀបរយហាណូយបានឆ្លងកាត់ព្រំប្រទល់ខ្មែរ ។ នៅថ្ងៃទី ៧ មករា ១៩៧៩ កងទ័ពយួនកុម្មុយនិស្តន៍បានកាន់កាប់ត្រួតត្រាទីក្រុងភ្នំពេញដោយនាំទាំងលោកហ៊ុនសែនមកជាមួយផង ។ នៅឆ្នាំ ១៩៨៥ កងទ័ពហាណូយក៏បានលើកបន្តុបមេខ្មែរក្រហមហ៊ុនសែនឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីប្រទេសខ្មែរ ។ ចាប់ពីពេលនោះរហូតមកដល់រដូវនិងពេលវេលានេះ លោកហ៊ុនសែន ដែលបានតម្រូវឱ្យគេហៅលោកថាជា «សម្តេចអគ្គមហាសេនាបតីតេជោ» បានកាន់ក្តោបអំណាចរដ្ឋកម្ពុជាចំនួន ៣២ ឆ្នាំហើយ ។

ស្របតាមបដិញ្ញាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញប្រទេសខ្មែរឆ្នាំ១៩៩៣ ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវដើម្បីជ្រើសរើសមេដឹកនាំប្រទេសខ្មែរត្រូវធ្វើឡើងក្នុងវេលាប្រាំឆ្នាំម្តង គឺនៅខែកក្កដាឆ្នាំ ២០១៨ នេះ ។ ក៏ប៉ុន្តែ «សម្តេចតេជោ» ហ៊ុនសែនបានប្រកាសជាឱឡារឹកនៅថ្ងៃទី ៦ ខែកញ្ញា ថាលោកនឹងនៅកាន់អំណាចយ៉ាងហោចណាស់ ១០ ឆ្នាំទៀត ។ នេះមានន័យថាសម្តេចតេជោបានសំរេចជាឯកតោទាត់ចោលសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសកម្ពុជាខ្លួនឯងជាហត្ថលេខី និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេសខ្មែរ ។

អតីតមេបញ្ជាការយោធាខ្មែរក្រហមហ៊ុនសែននិងគណៈបក្សប្រជាជនបានដឹងច្បាស់ប្រាកដណាស់ទៅហើយថា ប្រសិនណាបើមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ លោកនិងគណៈបក្សលោកនឹងមិនអាចសង្ឃឹមបានទទួលសន្លឹកឆ្នោតបន្តអំណាចរដ្ឋតទៅមុខបានទៀតឡើយ ។ យើងគ្រាន់តែមើលលំនាំភាពគន្លងផ្លូវនៃការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ — ដែលជាការបោះឆ្នោតដោយ «សេរីនិងត្រឹមត្រូវ» (free and fair) លើកទី១និងតែមួយដងគត់នៅក្រោមការរៀបចំនិងត្រួតពិនិត្យដោយអង្គការ «អ៊ុនតាក់» របស់សហគមន៍អន្តរជាតិ — រហូតមកដល់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧កន្លងមកនេះ យើងក៏អាចឃើញយ៉ាងច្បាស់ថាតើហេតុអ្វីបានជាសម្តេចតេជោភ័យព្រួយនឹងការបោះឆ្នោតម្ល៉េះ? ។

យើងមើលថយក្រោយបន្តិច ទោះបីគណៈបក្សប្រជាជនគ្រប់គ្រងកម្ពុជាតាំងពីខែមករាឆ្នាំ ១៩៧៩ មក ហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាន់ក្តោបអំណាចរដ្ឋទាំងស្រុងតាំងពីឆ្នាំ ១៩៨៥ ក្តី ក៏លោកហ៊ុនសែនបានទទួលបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ ដោយប្រជាពលរដ្ឋខ្មែរប្រគល់សន្លឹកឆ្នោតថ្វាយព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ នៃគណៈបក្សរាជានិយម «ហ្វុនស៊ិនប៉ិច» ឱ្យដឹកនាំប្រទេសជាតិ ។ ពោរពេញដោយភ្លើងកំហឹងរាលដាលពេញខ្លួន លោកហ៊ុនសែនកំញើញប្រជាជាតិខ្មែរថានឹងមានសង្គ្រាមក្នុងស្រុកបើមិនឱ្យលោកកាន់អំណាចរដ្ឋទេ ។

គួររំឮកថា នៅក្នុងរាជ អ៊ុនតាក់ — ដែលបានបង្កើតឡើងនៅខែកុម្ភះ១៩៩២ គឺបួនខែបន្ទាប់ពីអ្នកតំណាងប្រទេស ១៩ ប្រទេសរួមទាំងប្រទេសខ្មែរផងបាន «ស៊ីញ៉េ» «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស» ដែលគេហៅថា «កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូលាយនៃវិវាទនៅកម្ពុជា» នៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ — គេបានកត់សម្គាល់ឃើញមានទាហាន ប៉ូលិស និងក្រុមមន្ត្រីកិច្ចការរដ្ឋបាលដែលមកពីប្រមាណ១០០ប្រទេស មានចំនួនជាងពីរម៉ឺននាក់បំពេញបេសកកម្មនៅក្នុងប្រទេសខ្មែរចំនួន២០ខែ អស់ទឹកប្រាក់ជិតពីរពាន់លានដុល្លារអាមេរិកាំង ។ ខ្ញុំសូមទុករឿងសន្ធិសញ្ញាទីក្រុងប៉ារីសនិងអ៊ុនតាក់សំរាប់អត្ថបទមួយផ្សេងទៀត ។

នៅពេលលោកហ៊ុនសែនព្រមានបន្តសង្គ្រាម អ៊ុនតាក់ ឬ United Nations Transitional Authority in Cambodia (រដ្ឋាភិបាលបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា) មិនបានបញ្ចេញប្រតិកម្មធ្វីអ្វីទេ គឺព្រះមហាក្សត្រព្រះបាទនរោត្តមស៊ីហនុដែលមានព្រះទ័យមិនចង់ឃើញសង្គ្រាមបង្ហូរឈាមកើតឡើងសាជាថ្មីនោះ ព្រះអង្គបានបញ្ចេញរូបមន្តមួយបង្កើតរដ្ឋាភិបាលខ្មែរមានក្បាលម៉ាស៊ីនដឹកនាំពីរ – ដាក់អ្នកឈ្នះនិងអ្នកចាញ់សន្លឹកឆ្នោតឱ្យមានមុខងារស្មើរគ្នា គឺព្រះអង្គម្ចាស់ នរោត្តមរណប្ញទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទី២ ។ ធ្វើយ៉ាងនេះគ្មាននរណាបាក់មុខទេ ហើយថែមទាំងមានសន្តិភាពទៀតផង ។

នេះជាវិធីសាស្រ្តជួសជុលដោយប្រើគ្រឿងសំអាងដែលមិនអាចជាប់លាប់បានយូរ ។ សៀវភៅ         «ចរិតខ្មែរ» និពន្ធដោយអតីតអ្នកទោសនយោបាយខ្មែរជំនាន់បារាំងត្រួតត្រា លោក ប៊ុណ្ណចន្ទ ម៉ុល បង្ហាញឱ្យឃើញថា ចរិតខ្មែរមិនអាចកែប្រែផ្លាស់ប្តូរដោយប្រើម្សៅលាបមុខឡើយ ។ ដំណោះស្រាយ «សហនាយករដ្ឋមន្ត្រី» ជាដំណោះស្រាយដោះកុនមួយរដូវតែប៉ុណ្ណោះ ។

ចូលថ្ងៃទី ៥ ខែកក្កដាឆ្នាំ១៩៩៧ កងទ័ពស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រីទី២បានចាប់ផ្តើមវាយប្រហារទៅលើកងទ័ពរាជានិយមព្រមទាំងបើកការបាញ់ប្រយុទ្ធគ្នានៅចំកណ្តាលទីក្រុងភ្នំពេញ ។ រវៃខ្សែភាពយន្តឱ្យលឿនបន្តិច ព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីទី១បានត្រូវគេពង្រត់ឱ្យភៀសខ្លួនចេញទៅរកសន្តិសុខនៅប្រទេសថៃ ។ ក្រុមនាយទាហាននិងក្រុមមន្ត្រីរាជានិយមមួយចំនួនធំបានត្រូវកងទ័ពស្មោះស្ម័គ្រនឹងលោកនាយករដ្ឋមន្ត្រីទី២សម្លាប់ចោលយ៉ាងឃោរឃៅ ហើយលោកនាយករដ្ឋមន្ត្រីទី២ក៏ក្តោបកាន់អំណាចទាំងស្រុង ។ គេបានហៅព្រឹត្តិការណ៍នោះថាជា «រដ្ឋប្រហារ» របស់លោកហ៊ុនសែន ។

នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណៈបក្សលោកហ៊ុនសែនបានបាត់កៅអីក្នុងរដ្ឋសភាចំនួន ២២ អាសនៈ គឺធ្លាក់ចុះពី ៩០ ទៅ ៦៨ ។ រីឯអាសនៈរបស់គណៈបក្សជំទាស់វិញបានកើនពី ២៩ ទៅ ៥៥ ។

នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ បួនខែមុននេះ គណៈបក្សសង្គ្រោះជាតិបានទទួលសន្លឹកឆ្នោតសម្លេងប្រជាប្រិយចំនួន ៤៦ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ពោលគឺកើនឡើងពី៣០ ភាគរយក្នុងឆ្នាំ ២០១២ ប្រាំឆ្នាំមុន និងបានឈ្នះក្រុមប្រឹក្សាឃុំសង្កាត់ចំនួនជាង ៥ ពាន់នាក់ក្នុងចំណោមជាងមួយម៉ឺននាក់ ។ រីឯគណៈបក្សលោកហ៊ុនសែន បានទទួលតែ ៥១ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ គឺធ្លាក់ចុះពី ៦០ ភាគរយក្នុងឆ្នាំ ២០១២ ។

យោងតាមលំនាំភាពគន្លងផ្លូវនៃការបោះឆ្នោតរៀបរាប់ជាយ៉ៗខាងលើនេះ យើងមិនត្រូវមានអ្វីឆ្ងល់ទេដែលសម្តេចតេជោភ័យព្រួយនឹងការបាត់បង់អំណាចព្រោះពលរដ្ឋមានលំនងនឹងមិនផ្តល់សន្លឹកឆ្នោតជូនលោកនិងគណៈបក្សលោកនៅខែកក្កដាឆ្នាំ២០១៨ខាងមុខនេះទេ ។ យ៉ាងនេះហើយបានជាលោកខំប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីរក្សាទុកអំណាច ។

ជាសង្ខេប បន្ទាប់ពីបានចាត់វិធានការទុកលោកសមរង្ស៊ី — ដែលជាមេគណៈបក្សជំទាស់ធំតែមួយគត់ ដែលអាចយកជ័យជំនះក្នុងការបោះឆ្នោតលើលោកហ៊ុនសែននិងគណៈបក្សលោកបាន — ឱ្យនៅនិរទេសដោយចោទប្រកាន់ថាលោកសមរង្ស៊ីជាឱក្រិដ្ឋជន រួចចូលខែកក្កដាលោកហ៊ុនសែនក៏រុញបង្កើតច្បាប់ថ្មីឱ្យរំលាយគណៈបក្សនយោបាយដែលមានទាក់ទិននឹងឱក្រិដ្ឋជន ។ នៅខែសីហា តុលាការយមបាលលោកហ៊ុនសែនបានថ្កោលទោសអ្នកយកពត៌មានកាសែត «ខាំបូឌីយ៉ា ដេល្លី» ពីបទ «ញុះញង់» ហើយបានបិទស្ថានីយវិទ្យុឯករាជចំនួន ២០ មានទាំងវិទ្យុអាស៊ីសេរីផង និងបិទការិយាល័យអង្គការនៅក្រៅរដ្ឋភិបាលអាមេរិកាំងឈ្មោះ «វិជ្ជាឋានប្រជាធិបតេយ្យជាតិ» (NDI) ។ នៅថ្ងៃទី៣ខែកញ្ញាលោកហ៊ុនសែនបានបញ្ជាចាប់ចងនិងចោទប្រកាន់លោកកឹមសុខានៃគណៈបក្សសង្គ្រោះជាតិថា «ក្បត់ជាតិ» ព្រមទាំងបានព្រមានថានឹងមានការចាប់ចងសមាជិកនានាបន្តទៀត ។ កាសែត «ខាំបូឌីយ៉ា ដេល្លី» ក៏បានទទួលបញ្ជាបិទ ដោយជាប់ចោទថាមិនបានបង់តាក់ស៍រដ្ឋចំនួន ៦ លានដុល្លារ ។

ចូលខែតុលា ក្រុមមន្ត្រីថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិជាង ២០ នាក់បានគេចខលួនរត់ចេញពីប្រទេសខ្មែរទៅរកសន្តិសុខនៅប្រទេសក្រៅដោយសារទទួលការគាបសង្កត់របស់លោកហ៊ុនសែនហែរហមដោយសមាជិកក្រុមគ្រួសារនិងវរជនរួមប្រយោជន៍មួយកណ្តាប់ដៃ ។ នៅថ្ងៃទី ៦ ខែដដែលក្រសួងមហាផ្ទៃហ៊ុនសែនបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលហ៊ុនសែនឱ្យរំលាយគណៈបក្សសង្គ្រោះជាតិចោល ។

ក្នុងបំណងទាញយកសន្លឹកឆ្នោតសំរាប់ឆ្នាំ ២០១៨ នៅថ្ងៃទី ១៦ តុលា លោកហ៊ុនសែនបានបង្កើតច្បាប់ថ្មីមួយទៀតឱ្យរឹបអូសអាសនៈទាំង ៥៥ របស់គណៈបក្សសង្គ្រោះជាតិដែលបានទទួលពីពលរដ្ឋខ្មែរអ្នកបោះឆ្នោតឱ្យចំនួនបីលាននាក់នៅក្នុងឆ្នាំ២០១៣ យកទៅចែកចាយដល់គណៈបក្សតូចៗប្រាំផ្សេងទៀត មានរួមទាំងគណៈបក្សរាជានិយម «ហ្វុនស៊ិនប៉ិច» ដែលអរណាស់ហើយស្វាគមទទួលអំណោយអាសនៈរឹបអូសពីគេ ។

លោកហ៊ុនសែនក៏បានរុញឱ្យមានតម្លើងប្រាក់ខែសំរាប់មន្ត្រីរាជការតូចធំ និងសន្យាដល់កម្មករកាត់ដេរថានឹងតម្លើងប្រាក់ខែ ១១ ភាគរយក្នុងមួយខែចាប់ពីឆ្នាំក្រោយទៅ ។

គឺនេះហើយជារដូវនិងពេលវេលាដែលប្រទេសខ្មែរកំពុងជួបប្រទះ ។ ព្រឹត្តិការណ៍ផងទាំងឡាយនោះជាព្រឹត្តិការណ៍ដែលវាប្រុងតែកើតមានហើយដែលគេអាចមើលឃើញជាមុន ។

ជាច្រើនសតវត្សមកហើយ សង្គមខ្មែរនិងវប្បធម៌ខ្មែរមានជាមូលដ្ឋាន ស្តេច បរិវារ ទាសៈទាសី និងជំនឿនានា ហើយសង្គមខ្មែររហូតបច្ចុប្បន្នកាលជាសង្គមមានវណ្ណៈ មានជាន់មានថ្នាក់ មានស័ក្តិមានយស មាននាម៉ឺនមន្ត្រីតូចធំ មានចៅហ្វាយនាយ មានខ្ញុំកំដរបាវព្រាវ មានប្រពៃណីទំនៀមទម្លាប់រយឆ្នាំតម្រូវមនុស្សឱ្យ «គោរព» «កោតខ្លាច» «ស្មោះត្រង់» «បំរើ» «ការពារ» បុគ្គលមនុស្សជាអ្នកដឹកនាំលុះស្លាប់ខ្លួន ។ល។ និង ។ល។ សង្គមខ្មែរជាសង្គមមានសារជាតិ «បុគ្គលនិយម»ជាមូលដ្ឋាន ពោលគឺអ្វីៗដែលដុះចេញពីសង្គមពឹងផ្អែកទាំងស្រុងទៅលើបុគ្គលភាព ។

កត្តាទាំងឡាយនេះបានបង្កើតជាវប្បធម៌សង្គមខ្មែររាប់រយឆ្នាំ បណ្តុះបណ្តាលគុណសម្បត្តិ ឥរិយាបទ និងរបៀបគិតគូររបស់ខ្មែរយើងដែលយកបុគ្គលមនុស្សជាធំ ។ ភាសាអង់គ្លេសថា strongman ខ្មែរយើងបកប្រែជា «បុរសខ្លាំង» គឺបង្ហាញនូវវប្បធម៌សង្គមខ្មែរដែលមានប្រពៃណីទំនៀមទម្លាប់រយឆ្នាំចាក់ប្ញសកែវជ្រៅជាឱបសគ្គដល់ការដុះដាលនៃលិទ្ធិប្រជាធិបតេយ្យ ។

ការកែប្រែផ្លាស់ប្តូរវប្បធម៌ «បុរសខ្លាំង» មិនអាចធ្វើទៅបានដោយអ៊ុនតាក់ឬប្រទេសណានៅក្នុងសហគមន៍អន្តរជាតិទេ មានតែខ្មែរខ្លួនឯងទេដែលអាចកែប្រែផ្លាស់ប្តូរបង្កើតឱ្យមានគុណសម្បត្តិ ឥរិយាបទ វប្បធម៌ និងរបៀបគិតបង្កើនផលិត ការស្រមើលស្រមៃច្នៃប្រឌិត ឱ្យខ្មែរបានចេញផុតពីវប្បធម៌ចាស់ដែលបន្តពូជច្រំដែលៗ ។ កង្វះរបស់ខ្មែរដ៏ធំគឺ បង្វែរវប្បធម៌ «គោរព» «កោតខ្លាច» «ស្មោះត្រង់» «បំរើ» «ការពារ» ឱ្យចេញផុតពីបុគ្គលមនុស្សទៅបង្កើតស្ថាប័នសង្គមដែលមានឱត្តមគតិនិងគោលការណ៍ជាតិជាមូលដ្ឋាន ។

លោក ហ្សង់ម៉ុណ្ណេ (១៨៨៨-១៩៧៩) ដែលគេបានចាត់ទុកជាបិតាម្នាក់ក្នុងចំណោមបិតាស្ថាបនិកសហភាពអឺរ៉ុប បាននិយាយថា៖ «ប្រជាជនទទួលយកការកែប្រែផ្លាស់ប្តូរតែនៅពេលណាគេប្រឈមមុខនឹងភាពចាំបាច់ ហើយគេទទួលស្គាល់ភាពចាំបាច់តែនៅពេលណាដែលមានវិបត្តិ» ។ លោកបានផ្តល់នូវទស្សនៈមួយថា៖ «គ្មានអ្វីអាចធ្វើទៅកើតបានទេប្រសិនណាបើគ្មានបុគ្គលមនុស្ស ហើយក៏គ្មានអ្វីអាចនៅគង់វង្សយូរអង្វែងបានដែរប្រសិនណាបើគ្មានស្ថាប័នទេ» ។

ប្រទេសខ្មែរ ត្រូវចាំបាច់មានស្ថាប័នវប្បធម៌សង្គមខ្មែរថ្មីបង្កើតដោយខ្មែរខ្លួនឯងដើម្បីឱ្យអ្វីៗអាចនៅគង់វង្សយូរអង្វែងបាន ។

ខ្ញុំសូមជូនសំរាប់ជាម្ហូបគំនិតនូវពាក្យពេជន៍របស់លោក ណាប៉ូឡេអុង បូណាប៉ាត (១៧៦៩-១៨២១) ដែលជាអតីតអធិរាជបារាំង ដែលបានកសាងចក្រភពដ៏ធំមួយដែលគ្រប់គ្រងលើទ្វីបអឺរ៉ុប ៖ «មនុស្សដែលបានកែប្រែផ្លាស់ប្តូរសាកលលោក មិនដែលបានជោគជ័យដោយផ្លាស់ប្តូររដ្ឋមន្ត្រីទេ គេបានជោគជ័យដោយបានបំផុសគំនិតមហាជន» ។​

 

លោក ធីអូដ័រ រ៉ូហ្សឺវែល ៖

អតីតប្រធានាធិបតីអាមេរិកាំងទី២៦ (១៩០១-១៩០៩ )

“ចូរអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបាន ជាមួយអ្វីដែលអ្នកមាននៅក្នុងដៃអ្នក

នៅគ្រប់ទីកន្លែងដែលអ្នកមានវត្តមាន “

———-
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន១៣ឆ្នាំ នៅសាកលវិទ្យាល័យកោះ Guam (ឆ្នាំ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្ននេះរស់នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡិចត្រូណិច (e-mail) peangmeth@gmail.com