ចន្លោះប្រហោងក្នុងការគិត

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩

ក្នុងរយៈពេល ៣-៤ ថ្ងៃនេះ ខ្ញុំបានអង្គុយមើលទូរទស្សន៍និងស្តាប់ការផ្សាយផ្ទាល់នូវសក្ខីកម្មនៃមន្ត្រីជាន់ខ្ពស់អាមេរិកំាងដែលគណៈកម្មាធិការស៊ើបអង្កេតការណ៍សម្ងាត់របស់រដ្ឋសភាអាមេរិកកោះហៅជាកសិណសាក្សីនៅក្នុងសវនាការចោទប្រកាន់លោកប្រធានាធិបតីដូណាល់ត្រំា ។ នៅយប់ថ្ងៃទី ២០ វិច្ឆិកា ខ្ញុំមើលទូរទស្សន៍និងស្តាប់ការពិភាក្សាតតាំងគ្នារវាងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យអាមេរិករហូតដល់ពាក់កណ្តាលអាធ្រាត្រ ។ ព័ត៌មានជាវត្ថុធាតុនៃការគិត ។ របៀបយើងគិតជាកំណត់នៃអនាគតរបស់យើង ។ ព័ត៌មាននិងព្រឹត្តិការណ៍បំផុសនិងបណ្តុះថាមពលក្នុងខួរក្បាលខ្ញុំ ។ ទំាងនេះជាកត្តាជម្រុញទឹកចិត្តឲ្យធ្វើ ឬមិនធ្វើ សកម្មភាព ។ អំឡុងពេលជាមួយគ្នានេះ មុនចូលដំណេកខ្ញុំក៏បានបើកកុំព្យូទ័រស្វែងរកអានព័ត៌មានស្តីអំពីព្រឹត្តិការណ៍នានានៅកម្ពុជាផងដែរ ។ ជាធម្មតា ខ្ញុំយកអ្វីដែលមានសារៈសំខាន់ចេញពីការផ្សាយនៅក្នុងទូរទស្សន៍ស្តីអំពីព្រឹត្តិការណ៍និងនយោបាយអាមេរិកាំងមកធ្វើការ យោង ព្យួរ ត ភ្ជាប់ ជាមួយនឹងអ្វីដែលជាព្រឹត្តិការណ៍និងនយោបាយនៅកម្ពុជា ។

ព័ត៌មានដែលខ្ញុំបានអានស្តីអំពីកម្ពុជាបានជម្រុញអារម្មណ៍ខ្ញុំឲ្យនឹកទៅដល់ការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិនៅខែកញ្ញាឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ។ អ្នកឃ្លាំមើលនយោបាយកម្ពុជាបានថ្លែងជាយូរមកហើយថាការចោទប្រកាន់នានាជាការប្រឌិតដើម្បីបម្រើហេតុផលនយោបាយរបស់អ្នកចោទ ។ ពីរខែក្រោយពីការចាប់ឃុំឃំាង លោក កឹម សុខា តុលាការកាំងហ្គារូ kangaroo របស់លោក ហ៊ុន សែន បានរំលាយចោលគណបក្សសង្គ្រោះជាតិនៅខែវិច្ឆិកា ឆ្នាំ ២០១៧ មុននឹងរបបផ្តាច់ការរឹបអូសអាសនៈរដ្ឋសភាទាំង៥៥របស់គណបក្សសង្គ្រោះជាតិ និងបំពានយកទំាងកម្រោលនូវតួនាទីរបស់មេឃុំនិងចៅ សង្កាត់ចំនួន៤៨៩ឃុំសង្កាត់ ព្រមទាំងមុខនាទីរបស់ក្រុមប្រឹក្សាចំនួន ៥០០៧នាក់ទៀត ដែលគណបក្សសង្គ្រោះជាតិបានឈ្នះនៅក្នុងការបោះឆ្នោតនៅឆ្នាំ ២០១៧ ។ លើសពីនេះទៅទៀត របបផ្តាច់ការ ហ៊ុន សែន ដាក់បម្រាមមិនឲ្យសមាជិកគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ ។ នេះជាការប្លន់យកអំណាចដោយអយុត្តិធម៌ ។

រយៈពេល ៣-៤ យប់កន្លងទៅនេះ ខ្ញុំបានសរសេរលុប សរសេរលុបនូវកថាខ័ណ្ឌមួយចំនួនដែលខ្ញុំព្យាយាមចងក្រងជាអត្ថបទដើម្បីចុះផ្សាយក្នុងវិទ្យុខ្មែរពិភពលោកនិងក្នុងគេហទំព័រ “គំនិតខ្មែរ” ។

នៅយប់ទី២២នេះ ខ្ញុំបានលុបចោលអត្ថបទដែលខ្ញុំបានសរសេរចប់ហើយ ព្រោះខ្ញុំមើលឃើញថាសំណេររបស់ខ្ញុំបានធ្វើឡើងនៅឱកាសចិត្តរំជួលខណៈខ្ញុំត្រូវការភាពស្ងប់ស្ងាត់ដើម្បីរក្សាលំនឹងអត្ថបទរបស់ខ្ញុំកុំឲ្យលំអៀងនៅក្នុងការធ្វើវិភាគហេតុផលនឹងព្យាករណ៍ព្រឹត្តិការណ៍អនាគត ។ ការសរសេរអំពីព្រឹត្តិការណ៍ដែលស្ថិតក្រោមអារម្មណ៍រំជើបរំជួល វាពិបាករក្សាគំនិតអព្យាក្រឹត ។ យ៉ាងណាមិញខ្ញុំគេចមិនផុតពីការនឹកដល់ពេលដែលគណបក្សសង្គ្រោះជាតិបានបណ្តោយឲ្យឱកាសឆ្លងផុត ដោយមិនហ៊ានគូសបន្ទាត់តតាំងនៅពេលសមាជិកក្រុមប្រឹក្សាឃុំសង្កាត់រាប់ពាន់នាក់ដែលឈ្នះឆ្នោតនៅឆ្នំា ២០១៧ បានត្រូវជនផ្តាច់ការដកហូតតួនាទីទាំងកម្រោលនិងដោយអយុត្តិធម៌ ។ ពួកគេជាពលរដ្ឋសាមញ្ញដែលបានឈ្នះឆ្នោតនិងទទួលតួនាទីជាអ្នកដឹកនាំនៅតាមមូលដ្ឋាន ។ ពួកគេមិនមែនជាអ្នកនយោបាយស្វែងរកសន្លឹកឆ្នោតដើម្បីផ្លាស់ប្តូររដ្ឋាភិបាលទេ ។

មកដល់ឆ្នាំ ២០១៨ ខណៈដែលគោលការណ៍សំខាន់បំផុតនៅក្នុងលទ្ធិប្រជាធិបតេយ្យតម្រូវឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដើម្បីឲ្យប្រជាពលរដ្ឋអាចបោះឆ្នោតដោយសម្ងាត់ក្នុងការជ្រើសរើសមេដឹកនាំ គណបក្សសង្គ្រោះជាតិបែរជាស្រែកឃោសនាបំផុសពលរដ្ឋអ្នកបោះឆ្នោតកុំឲ្យទៅចូលរួមបោះឆ្នោតទៅវិញ ។ ពាក្យស្លោកមួយដែលពួកគេបានបំផុសគឺ ៖ “នៅផ្ទះឈ្នះឯង!” ។ គេថាដោយហេតុរបបផ្តាច់ការមិនអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ពលរដ្ឋមិនត្រូវទៅបោះឆ្នោតធ្វើធម្មានុរូបកម្មរបបនោះឡើយ ។ ជនផ្តាច់ការនិងគណបក្សប្រជាជនក៏នំាគ្នាសប្បាយអបអរសាទរនឹងរង្វាន់ដែលនឹងធ្លាក់មកដល់ដៃគេដោយងាយនិងដោយឯកឯង ។ ដើម្បីបង្គ្រប់កិច្ច គណបក្សប្រជាជននិងរបបផ្តាច់ការភ្នំពេញបានស្វាគមន៍លើកទឹកចិត្តនិងលួចបង្កើតគណបក្សនយោបាយតូចៗឲ្យចូលរួមបោះឆ្នោតពីព្រោះគេត្រូវការឃោសនាថារបបរបស់គេប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញកម្ពុជានិងតាមសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ។ គឺនៅក្នុងកាលៈទេសៈនេះហើយដែលជនផ្តាច់ការបានកើបយកអាសនៈសភាជាតិទំាង ១២៥ សម្រាប់ខ្លួនគេ ។ ឱកាស “យ៉េសណែវ” សម្រាប់ជនផ្តាច់ការនេះមានការផ្សំគំនិតដោយអចេតនាពីអ្នកដឹកនាំខ្មែរប្រឆំាងជនផ្តាច់ការ ហ៊ុន សែន ។

ខ្ញុំធ្លាប់ជាគ្រូបង្រៀនសកលវិទ្យាល័យដែលបំផុសនិស្សិតឲ្យឱបក្រសោប “ការគិត” និងរូបមន្ត “Think-Act-Become” ឬ “គិត-កម្ម-លទ្ធផល” ។ ពាក្យស្លោក “នៅផ្ទះឈ្នះឯង” បានជម្រុញខ្ញុំឲ្យជឿស៊ុបថាបើសកម្មជននយោបាយខ្មែរមិនយកចិត្តទុកដាក់ឲ្យមែនទែនអំពីការចាំបាច់នៃការប្រើខួរក្បាលដើម្បីគិតឲ្យបានហ្មត់ចត់និងស៊ីជំរៅទេ ពលរដ្ឋខ្មែរច្បាស់ជាធ្លាក់ចូលទៅក្នុង រណ្តៅស្វ័យប្រវត្តិធ្វើអ្វីដដែលៗដូចជាម៉ាស៊ីនស្វ័យគម រ៉ូបូ robot ជាមិនខាន ។

ខ្ញុំធ្លាប់បានសរសេរជារឿយៗថា ការគិតឲ្យបានល្អិតល្អន់និងស៊ីជំរៅតម្រូវឲ្យអ្នកគិតប្រើខួរក្បាលធ្វើសកម្មភាពសង្កេត កត់សម្គាល់ នឹកឆ្ងល់ ស្រមើស្រមៃ សាកសួរ ស្រាវជ្រាវ គណនាបូកសងគុណចែក វាយស្មាន ប្រៀបធៀប បកស្រាយ វិភាគ វាយតម្លៃ វិនិច្ឆ័យ តែងសេចក្តី ។ ត្រូវចងចាំថា ខណៈមនុស្សណាក៏ចេះគិតដែរ តែការគិតមិនមានគុណភាពស្មើគ្នាទេ ។ ជាធម្មតាមនុស្សប្រើខួរក្បាលធ្វើសកម្មភាពតែមួយទេនៅក្នុងចំណោមសកម្មភាពបីគឺ ៖ គេបង្វែរការគិតចេញផុតពីប្រធានបទ ឬគេធ្វើប្រតិកម្មតប ឬគេធ្វើតាមលំនាំនិងទំនៀមទម្លាប់ ។ ដូច្នេះរបៀបយើងគិតមានសារៈសំខាន់ណាស់នៅក្នុងជីវិត ។

នៅខែកក្កដា២០១៨ ខ្ញុំបាននិពន្ធអត្ថបទមួយជាមួយលោក ឆៃ ចិន្តា អ្នកស្រុកត្បូងឃ្មុំដែលធ្លាប់ជ្រកកោននៅជំរំសាយធូឆ្នាំ ១៩៨៥-១៩៨៩ នៅក្រោមការគ្រប់គ្រងរបស់រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដែលខ្ញុំបម្រើ ។


បណ្ឌិត ហ្គាហ្វារ ពាងម៉េត និង លោក ឆៃ ចិន្តា ឈរនៅមុខរូបសំណាក
លោក Albert Einstein នៅរដ្ឋធានី វ៉ាស៊ិនតោន ឌីស៊ី

នៅក្នុងអត្ថបទក្រោមចំណងជើងថា “កាតព្វកិច្ចពលរដ្ឋខ្មែរក្នុងការបោះឆ្នោតឆ្នាំ ២០១៨” ចុះថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ ដែលមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ យើងបានរំលឹកដល់ពលរដ្ឋខ្មែរថា “វាជាកិត្តិយសនិងជាកាតព្វកិច្ច . . . ចូលរួមក្នុងកិច្ចការរដ្ឋដើម្បីអភិវឌ្ឍន៍និងវឌ្ឍនភាពសង្គមជាតិ” ។ យើងបានអំពាវនាវថា “ពលរដ្ឋខ្មែរមិនត្រូវឲ្យឱកាសបោះឆ្នោតជាតិនៅថ្ងៃទី ២៩ នេះរបូតបាត់ឡើយ . . . (ត្រូវ ) ប្រមូលគ្នាប្តូរយុទ្ធនាការពី “ដេកផ្ទះឈ្នះឯង” . . . ទៅធ្វើសកម្មភាព “បាតុកម្មសន្លឹកឆ្នោត” ឬ protest vote . . . ” ។ យើងបានជូនជាផ្លូវគំនិតដល់ខ្មែរអ្នកបោះឆ្នោតតើគប្បីគូសលើក្រដាស់សន្លឹកឆ្នោតយ៉ាងដូចម្តេចខ្លះ ។ បើសន្លឹកឆ្នោតដែលអាជ្ញាធរនឹងច្បាស់ជាសម្រេចថាជា “សន្លឹកឆ្នោតមិនបានការ” មានចំនួន វាល់ “ម៉ឺន សែន លានសន្លឹក” វានឹង “បង្ហាញឲ្យពលរដ្ឋក្នុងលោកទាំងអស់បានដឹងឮអំពីបាតុកម្មតាមរយៈក្រដាស់សន្លឹកឆ្នោត (រាប់ម៉ឺន សែន លាន) ថាមាន “ពលរដ្ឋខ្មែរបដិសេធរបបផ្តាច់ការដោយសកម្មភាពអហឹង្សា . . . ។”

គណកម្មការជាតិរៀបចំការបោះឆ្នោត NEC បានផ្សាយជាផ្លូវការថាមាន “សន្លឹកឆ្នោតមិនបានការ” ជាងកន្លះលានសន្លឹក ឬ ជាង ៨% នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ។ ខ្ញុំចង់ដឹងដែរថាតើនៅក្រៅផ្លូវការអាចមានប៉ុន្មានសន្លឹកទៅ ?

គួរកត់សម្គាល់ថា ទីភ្នាក់ងារសារព័ត៌មាននានាបានបកស្រាយនិងផ្សាយថាខណៈនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៣ មាន “សន្លឹកឆ្នោតមិនបានការ” ១ សែនសន្លឹក តែនៅឆ្នាំ ២០១៨ ពលរដ្ឋជាងកន្លះលាននាក់បានបញ្ចេញសម្លេងតាមរយៈ “សន្លឹកឆ្នោតមិនបានការ” ដែលឲ្យន័យថាការបោះឆ្នោតឆ្នាំ២០១៨ជាការបោះឆ្នោតក្លែងក្លាយ “sham elections ” ។ សន្លឹកឆ្នោតដែលគេថា “មិនបានការ” គឺជាសន្លឹកឆ្នោត “បដិសេធ” របបរបស់លោក ហ៊ុន សែន ។ ខ្ញុំនឹកគិតថាប្រសិនបើមាន “សន្លឹកឆ្នោតមិនបានការ” ចំនួនវាល់លានសន្លឹក ហើយប្រសិនបើខ្មែរប្រឆំាងទាំងនៅក្នុងស្រុកនិងទាំងនៅក្រៅប្រទេសស្រែកគាំទ្រ “សន្លឹកឆ្នោតមិនបានការ” នោះ ទៀត សហគមន៍អន្តរជាតិនឹងប្រតិកម្មភ្លាមៗ មិនមែនរង់ចាំរហូតមកដល់ថ្ងៃនេះឡើយ ។

ឥឡូវនេះយើងបានមកដល់រឿងថ្មីមួយ គឺរឿងថ្ងៃទី៩ ខែវិច្ឆិកា ។ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដ៏ធំនិងមានប្រជាប្រិយភាពជាងគេនៅកម្ពុជា បានថ្លែងប្រកាសជាឧឡារិកនៅខែសីហានៅប្រទេសអូស្ត្រាលី និងបានបញ្ជាក់នៅរាល់ឱកាសថាថ្ងៃទី៩វិច្ឆិកា២០១៩នេះគឺជាថ្ងៃប្រវត្តិសាស្ត្រខ្មែរ ។ ជាថ្ងៃដែលលោកនិងមន្ត្រីគណបក្សសង្គ្រោះជាតិនៅនិរទេសអមដោយឥស្សរជនបរទេសមួយចំនួននឹងធ្វើមាតុភូមិនិវត្តន៍ដោយដឹកនាំពលករចំណាកស្រុកកម្ពុជាចំនួនរាប់លាននាក់នៅក្នុងដំណើរមានលក្ខណៈជា “រលកយក្សស៊ូណាម៉ី” តាមផ្លូវគោកឆ្លងកាត់ព្រំប្រទល់ថៃ-កម្ពុជាពីតំបន់ អារញ្ញ នៅប្រទេសថៃ ចូលទៅ ប៉ោយប៉ែត នៅប្រទេសកម្ពុជាហើយដង្ហែគ្នាតាមថ្នល់ឆ្ពោះទៅកាន់រាជធានីភ្នំពេញទៅចាប់លោកនាយករដ្ឋមន្ត្រីផ្តាច់ការកម្ពុជា ហ៊ុន សែន មកថ្កោលទោស ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យងើបឡើងចូលរួមជាមួយលោក និងអំពាវនាវដល់ទាហានក្នុងជួរកងទ័ពកុំឲ្យបាញ់មកលើប្រជាពលរដ្ឋតែឲ្យបំបែរកាំភ្លើងទៅកាន់ជនផ្តាច់ការវិញ ។ លោកបានថ្លែងនូវជំនឿរបស់លោកថាពលរដ្ឋខ្មែរនឹងងើបចូលរួមជាមួយលោកនៅក្នុង “ចលនាពលរដ្ឋ” និង “អំណាចពលរដ្ឋ” ហើយទាហានក្នុងជួរកងទ័ពនឹងបំបែរកាំភ្លើងតម្រង់ឆ្ពោះទៅកាន់ជនផ្តាច់ការ ។

លោកអ្នកអាននិងលោកអ្នកស្តាប់ការផ្សាយតាមវិទ្យុខ្មែរពិភពលោកជ្រាបហើយថា ខ្ញុំ ហ្គាហ្វារ ពាងម៉េត អ្នកនិពន្ធអត្ថបទនេះ មិនមែនជាសមាជិកនៃគណបក្សនយោបាយកម្ពុជា ណាមួយឡើយ ។ តែខ្ញុំជាខ្មែរប្រឆាំងនឹងរបបផ្តាច់ការម្នាក់ដែរ ។ ខ្ញុំជឿថាខ្មែរដែលស្អប់របប ផ្តាច់ការមិនអាចជំទាស់នឹងចិត្តចេតនារបស់លោក សម រង្ស៊ី ឡើយព្រោះយើងរាល់គ្នាក៏ចង់ឃើញការថ្កោលទោសជនផ្តាច់ការ ហ៊ុន សែន ដែរ ។ ប្រសិនបើលោក សម រង្ស៊ី សម្រេចបាននូវអ្វីដែលលោកសន្យាថានឹងធ្វើនៅថ្ងៃទី៩វិច្ឆិកានោះ លោកនឹងត្រូវបានខ្មែរមួយនគរ លើកតម្កើងជាវីរបុរសម្នាក់ពិតប្រាកដណាស់ ។

ក៏ប៉ុន្តែពពក “អ័ព្ទនៃសង្គ្រាម” ដែលធ្លាក់ចុះក្រាស់ក្រែលនៅលើឆាកនយោបាយកម្ពុជាធ្វើឲ្យមានការលំបាកមើលឃើញច្បាស់ បានរំសាយចេញល្មមឲ្យមើលឃើញព្រឹត្តិការណ៍រំខានដល់គម្រោងលោក សម រង្ស៊ី ។ នៅថ្ងៃទី៧ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways នៅអាកាសយានដ្ឋាន ឆារ៍លស៍ ដឺ ហ្គោល នៅទីក្រុងប៉ារីសបានបដិសេធមិនឲ្យលោកឡើងជិះជើងយន្តហោះពីប៉ារីសទៅបាងកកចម្ងាយជាង៩ពាន់គីឡូម៉ែត្រពីគ្នាតាមផ្លូវអាកាស ។ ក្រុមហ៊ុននោះប្រាប់លោកថាគេបានទទួលការបង្គាប់ពី “ថ្នាក់លើ” នៃរដ្ឋាភិបាលថៃ ។ នៅបាងកក លោកនាយករដ្ឋមន្ត្រីថៃបានថ្លែងប្រាប់អ្នកកាសែតថាប្រទេសថៃត្រូវគោរពគោលការណ៍សមាគមអាស៊ានមិនជ្រៀកជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរវាងសមាជិក ។ នៅភ្នំពេញ របបផ្តាច់ការហ៊ុនសែនបានព្រមានរាល់ក្រុមហ៊ុនអាកាសចរណ៍បរទេសកុំឲ្យដឹកលោក សម រង្ស៊ី ដែលគេចោទថាជាឧក្រិដ្ឋជន ។ យ៉ាងដូច្នេះ គេមិនត្រូវមានការសង្ស័យទៀតទេថាកត្តារំខានចិត្តចេតនាលោក សម រង្ស៊ី ដង្ហែក្បួនដើរ “រលកយក្សស៊ូណាម៉ី” បានបិទដំណើរលោកហើយ ទោះបីលោកប្តេជ្ញាចិត្តមិនបោះបង់គម្រោងថ្ងៃទី៩ក្តី ។

នៅថ្ងៃទី៩វិច្ឆិកា លោក សម រង្ស៊ី បានមកទើរឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡុមពួរ ចម្ងាយជាង ១២០០ គីឡូម៉ែត្រតាមផ្លូវអាកាសពីទីក្រុងបាងកក ។ ទោះម្តេចក្តី លោកនៅតែអះអាងនិយាយថាលោកនឹងវិលទៅកម្ពុជាវិញព្រោះវាជាកាតព្វកិច្ចរបស់លោក ។ នៅ គូឡាឡុមពួរលោកបានប្រកាសប្រាប់អ្នកគាំទ្រលោកឲ្យ “រក្សាសេចក្តីសង្ឈឹម ។ យើងនៅលើផ្លូវត្រូវហើយ” ។ ពីគូឡាឡុមពួរ លោកធ្វើដំណើរទៅទីក្រុងហ្សាការតាចម្ងាយជាង ១ ពាន់គីឡូតាមផ្លូវអាកាស មុននឹងលោកបន្តទៅប្រទេស សិង្ហបុរី ទៀត ។

លោកបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីអំពី “ជោគជ័យនយោបាយធំណាស់” ដោយប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ីបានផ្តល់កិត្តិយសដល់លោកនិងសហការីឲ្យបានជួបនឹងសមាជិកសភារបស់គេ ខណៈដែលរបប ហ៊ុន សែន ទទូចសុំគេឲ្យចាប់បញ្ជូនលោកនិងសហការីទៅឲ្យកាត់សេចក្តីនៅភ្នំពេញ ។ លោកឆ្លៀតថ្លែងថា ទង្វើរបស់គូឡាឡុមពួរនិងហ្សាការតា “ហាក់ដូចជាទះកំផ្លៀងហ៊ុនសែន” អញ្ចឹង ។

ដំណឹងព្រោងព្រាតនៅក្នុងតំបន់និងក្នុងពិភពលោកបានបញ្ជាក់ថាសហភាពអឺរ៉ុបនឹងសម្រេចរបាយការណ៍នៅថ្ងៃទី ១២ វិច្ឆិកាអំពីសិទ្ធិពាណិជ្ជកម្មកម្ពុជានៅក្រោមគម្រោងអនុគ្រោះពន្ធ អ៊ីប៊ីអេ EBA ។ លោក ហ៊ុន សែន ធ្លាប់បានថ្លែងដោយព្រហើនថាទោះបីមានឬគ្មាន អ៊ីប៊ីអេ ប្រទេសកម្ពុជានឹងមិនស្លាប់ទេ ខណៈដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានព្រមានថាបើអត់ អ៊ីប៊ីអេ កម្មករខ្មែរចំនួន ៧ សែនកន្លះនាក់ហើយនិងគ្រួសារខ្មែរចំនួនជិត ៤ លានគ្រួសារនឹងជួបការគ្រោះថ្នាក់ ។ នៅថ្ងៃទី១០វិច្ឆិកា ជនផ្តាច់ការបានបញ្ជាតុលាការកំាងហ្គារូឲ្យដោះលែងលោក កឹម សុខា ពីការឃុំឃាំងនៅក្នុងផ្ទះ តែលោកនៅត្រូវបានហាមឃាត់ចេញក្រៅប្រទេសនិងចូលរួមក្នុងសកម្មភាពនយោបាយ ។ ស្របនឹងគោលការណ៍វាយបំបែកដើម្បីត្រួតត្រា កាសែត “ខ្មែរថែមស៍” Khmer Times ដែលជាកាសែតនាំពាក្យរបស់របបផ្តាច់ការ ហ៊ុន សែន បានសរសេរវិចារណកថាក្រោមចំណងជើងថា “Kem Sokha’s faction has brighter future” ឬ “ក្រុម កឹម សុខា មានអនាគតត្រចះត្រចង់” ។

នៅថ្ងៃទី១២វិច្ឆិកា សហភាពអឺរ៉ុបបានបញ្ជូនរបាយការណ៍បឋមមានប្រវែង ៧០ សន្លឹក ព្រមានរដ្ឋាភិបាលហ៊ុនសែនថាកម្ពុជាមិនទាន់បានចាត់វិធានការណ៍ “គ្រប់គ្រាន់” ក្នុងការកែប្រែបទរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ។ សហភាពអឺរ៉ុបនឹងសម្រេចនៅខែកុម្ភៈខាងមុខនេះអំពីការដកហូតការអនុគ្រោះពន្ធពាណិជ្ជកម្មកម្ពុជានៅក្រោមគម្រោង អ៊ីប៊ីអេ EBA ដែលអនុញ្ញាតឲ្យកម្ពុជាដឹកទំនិញទៅលក់នៅទីផ្សារសហភាពអឺរ៉ុប – ដែលនៅក្នុងឆ្នាំ ២០១៨ មានតម្លៃសរុបដល់ទៅ ៥,៣ ពាន់លានអឺរ៉ូ ឬ ៥,៨ ពាន់លានដុល្លារ ។ ចូលថ្ងៃទី១៤វិច្ឆិកា លោក ហ៊ុន សែន បង្គាប់ឲ្យ “ដោះលែងបងប្អូនជាង ៧០ នាក់ឲ្យនៅក្រៅឃុំ” ។ ឱ! ចេះនឹកគិតដល់ “បងប្អូន” ដែលជាប់ក្នុងឃុំផង ?

នៅថ្ងៃទី១៥វិច្ឆិកា លោក សម រង្ស៊ី បានផ្ញើសារខ្លីមួយជូនចំពោះប្រជាពលរដ្ឋខ្មែរអំពាវនាវ “សុំឲ្យអត់ធ្មត់និងតស៊ូពីព្រោះយើងកំពុងឈានទៅកាន់ជ័យជំនះហើយ” ។ លោកនិយាយថា “ខ្ញុំ សម រង្ស៊ី គ្មានផែនការបង្កើតទ័ពមកតទល់នឹង ហ៊ុន សែន ទេ” ។ លោកថា “ខ្ញុំមិនអាចឆ្លងកាត់ទឹកដីថៃបានពីព្រោះរដ្ឋាភិបាលថៃបដិសេធមិនឲ្យខ្ញុំចូលប្រទេសគេដែលជាជំហានចាំបាច់មុនពេលខ្ញុំអាចទៅដល់កម្ពុជាតាមផ្លូវគោកដូចបានគ្រោងទុកសម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក ខ្ញុំបានប្រឹងប្រែងតាមរយៈផ្លូវទូតដើម្បីរកច្រកមួយទៀតសម្រាប់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលត្រឡប់មកប្រទេសកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខដោយសន្តិវិធីនិងអហឹង្សា” ។

ឯកសាររបស់លោក សម រង្ស៊ី ជាភាសាអង់គ្លេសចុះថ្ងៃទី១៨វិច្ឆិកាដែលអ្នកគាំទ្រលោកនៅអឺរ៉ុបបានបង្ហោះតាមបណ្តាញអ៊ិនធឺណិតជាចម្លើយរបស់លោកទៅនឹងសំនួរអំពីហេតុដែលលោកមិនបានចូលកម្ពុជាវិញនៅថ្ងៃទី៩ និងអំពីការចោទប្រកាន់ថាមាតុភូមិនិវត្តន៍របស់លោកជាផែនការធ្វើរដ្ឋប្រហារ ។

ជាធម្មតាមានសកម្មជនខ្មែរចងកំហឹងនឹងលោក សម រង្ស៊ី និងមានបរទេសចំអកដាក់លោកដែលពួកគេបានហៅថាជាមនុស្សប្រព្រឹត្តអំពើលលាទឹកមាត់ស្រែកអឺងអាប់ដែលមិនចាញ់រោគរាករបស់លោក ហ៊ុន សែន ប៉ុន្មានឡើយ ។ ពួកគេចោទថាកិច្ចសន្យាធ្វើមាតុភូមិនិវត្តន៍ដើម្បីទៅចាប់លោក ហ៊ុន សែន និង ស្តារលទ្ធិប្រជាធិបតេយ្យជាការលេងល្ខោននយោបាយមួយដែលជម្រុញមនុស្សឲ្យសង្ឃឹមខុស និងជម្រុញអ្នកគាំទ្រលោកមួយចំនួនឲ្យរបបផ្តាច់ការចាប់ឃុំឃាំងនិងចោទប្រកាន់អំពីបទធ្វើរដ្ឋប្រហារ ។ ក៏ប៉ុន្តែមានខ្មែរជាច្រើនដែលនៅគាំទ្រលោក ។ កាសែត អាល់ហ្សាហ្ស៊ីរ៉ា Aljazeera បានចុះផ្សាយសម្ភាសន៍ជាមួយអ្នកគាំទ្រលោក សម រង្ស៊ី ដែលត្រូវបានដោះលែងពីការចាប់ឃុំឃំាង ។ ពួកគេថ្លែងថាមិនខឹងនឹងលោកទេដែលមិនបានវិលត្រឡប់មកកាន់កម្ពុជាវិញ ពីព្រោះនៅក្នុងឆាកនយោបាយវាតែងមានក្តៅមានត្រជាក់ចៀសមិនផុតឡើយ ។

អត្ថបទខ្ញុំនៅថ្ងៃនេះបានសង្កត់ការផ្តោតទៅលើការគិតដែលខ្ញុំឃើញមានការខ្វះខាតសម្បើមណាស់ក្នុងចំណោមខ្មែរយើង ។ គេថាការគិតជាបុព្វបុរសរបស់រាល់សកម្មភាព ។ ចាស់ទុំខ្មែរក៏បានបង្រៀនកូនចៅដែរថា “គិតហើយសឹមគូរ” ។

នៅក្នុងអត្ថបទខ្ញុំចុះថ្ងៃទី២៣តុលាក្រោមចំណងជើងថា “បណ្តុះភាពជាអ្នកដឹកនាំ” ដូចមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ខ្ញុំបានសរសេរអំពីទេពកោសល្យរបស់អ្នកដឹកនាំដែលមាននីតិសម្បទា ability ក្នុងការរៀបចំផែនការនិងការរៀបចំចាត់ចែង ។ សកម្មភាពរបស់លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិក្នុងគម្រោងមាតុភូមិនិវត្តន៍ហាក់ដូចជាមិនបានបង្ហាញនូវការរៀបចំផែនការនិងការចាត់ចែងហ្មត់ចត់ និងការគិតគូរឲ្យបានល្អិតល្អន់និងស៊ីជំរៅដូចខ្ញុំបានសរសេរខាងលើ ។ គ្មានអ្វីគួរភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនអាកាសចរណ៍ថៃមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងយន្តហោះ ។ ហើយក៏គ្មានអ្វីត្រូវភ្ញាក់ផ្អើលដែរដែលនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់-អូចា មិនឲ្យលោកចូលប្រទេសថៃ ។ នៅក្នុងអត្ថបទ “មិនទាន់ចប់ទេ!” ចុះថ្ងៃទី ១១ វិច្ឆិកា ខ្ញុំបានសរសេរបញ្ឆៀងថា “សកម្មភាពខ្លះរបស់លោក (សម រង្ស៊ី ) ធ្វើឡើងហាក់ដូចជាគ្មានយុទ្ធសាស្ត្រនិងកលយុទ្ធជាក់លាក់” ។ ដូច្នេះហើយបានជាមានខ្មែរនិងបរទេសមួយចំនួនគិតថាប្រហែលលោក សម រង្ស៊ី គ្មានចេតនាចូលកម្ពុជាវិញទេបានជាទូងស្គរប្រកាសក្បួន “រលកយក្ស” កាត់តាមទឹកដីគេ ? តើចូលដោយស្ងាត់ៗនិងប្រើសិល្បៈអាថ៌កំបាំងខ្លាចគេមិនដឹងឬ ?

ខ្ញុំសូមបញ្ចប់ដោយរំលឹកថា បរមគ្រូ ខុង ជឺ (៥៥១មគស -៤៧៩មគស ) បានប្រដៅមនុស្សថា “នៅពេលដែលច្បាស់ថាមិនអាចសម្រេចគោលដៅបានទេ កុំកែតម្រូវគោលដៅ ចូរកែប្រែវិធីសាស្ត្រវិញ” ។ ហើយខ្ញុំសូមបញ្ជាក់ទៀតដែរថា អត្ថបទនេះមានគោលណែនាំឲ្យត្រិះរិះអំពីវិធីសាស្ត្រដែលបានធ្វើរួចមកហើយ តើវាបានដឹកនាំយើងឲ្យបានដល់ត្រើយដែលចង់បានឬទេ ។ ការតស៊ូរបស់ខ្មែរប្រឆាំងនឹងរបបផ្តាច់ការនៅបន្តដដែល មិនទាន់អេវាំងនៅឡើយទេ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com