គ្រោះថ្នាក់នៅចំពោះមុខ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ២២ កុម្ភៈ ឆ្នាំ ២០២១

ជាបឋម ខ្ញុំសូមជំរាបលោកអ្នកអានថាខ្ញុំសុខទុក្ខជាធម្មតាទេ ។ ខ្ញុំស្តាយយឺតយ៉ាវក្នុងការសរសេរផ្សាយអត្ថបទនាថ្ងៃនេះដោយសារបញ្ហាកុំព្យូទ័រ ។ មានព្រឹត្តិការណ៍សំខាន់នៅកម្ពុជានិងនៅសហរដ្ឋអាមេរិកដែលត្រូវយកមកពិភាក្សានៅក្នុងគោលដៅបង្កើនចំណេះដឹងជូនលោកអ្នកអាន ។ ធម្មជាតិមនុស្សនៅក្នុងសកលលោកប្រាថ្នាសិទ្ធិសេរីភាពយុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃជីវិត ។ មានមនុស្សដែលតស៊ូគ្មានទីបញ្ចប់ទោះបីមានការលំបាកដូចម្តេចក្តីពីព្រោះជីវិតដែលខ្វះសិទ្ធិសេរីភាពយុត្តិធម៌ជាជីវិតខ្វះសេចក្តីថ្លៃថ្នូរ ។ ព្រះពុទ្ធបានបង្រៀនមនុស្សជាតិតាំងតែពីមុនគ្រិស្តសករាជថាមនុស្សទទួលខុសត្រូវចំពោះជោគវាសនារបស់ខ្លួនដែលកើតមានឡើងដោយសារគំនិតនិងសកម្មភាព ឬការខ្វះគំនិតនិងសកម្មភាព ស្របនឹងរូបមន្ត “គិត-កម្ម-ផល” ។

នៅថ្ងៃនេះខ្ញុំសូមជូនអត្ថបទអំពីព្រឹត្តិការណ៍នៅសហរដ្ឋអាមេរិកបន្តពីអត្ថបទខ្ញុំលើកមុនដែលមាននៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។

សហរដ្ឋអាមេរិកកំពុងនៅជាប់កុនជាមួយនឹងជំងឺឆ្លងកូវិដ-១៩ នៅឡើយ និងនៅជាប្រទេសរងគ្រោះខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ។ អាមេរិកជាប្រទេសមួយជឿនលឿនជាងគេនៅស្ទើរគ្រប់វិស័យ មានពលរដ្ឋតែ ៥% នៃមនុស្សទាំងអស់ក្នុងសកលលោក ក៏ប៉ុន្តែនៅក្នុងចំណោមមនុស្ស ៥ នាក់ក្នុងលោកដែលស្លាប់ដោយសារកូវិដ-១៩ មានពលរដ្ឋអាមេរិកម្នាក់ ។  ពោលគឺក្នុងចំណោមមនុស្សទាំងអស់ដែលស្លាប់ដោយសារជំងឺកូវិដ-១៩ ម្ភៃភាគរយជាជនជាតិអាមេរិកាំង ។

នៅថ្ងៃទី ២២ កុម្ភៈដែលខ្ញុំកំពុងនិពន្ធអត្ថបទសម្រាប់ថ្ងៃនេះ គឺនៅមិនទាន់គ្រប់មួយឆ្នាំផងដែលពលរដ្ឋអាមេរិកទី ១ បានស្លាប់ដោយសារកូវិដ-១៩ នៅរដ្ឋវ៉ាស៊ិនតោននាថ្ងែទី ២៩ កុម្ភៈឆ្នាំ ២០២០ សហរដ្ឋអាមេរិកមានមនុស្សស្លាប់ដោយសារកូវិដ-១៩ លើសពី ៥ សែននិងមានមនុស្សលើសពី ២៨ លាននាក់បានធ្លាក់ខ្លួនឈឺ ។

នៅចំពោះមុខជំងឺរាតត្បាតដ៏កាចសាហាវ អ្នកដឹកនាំអាមេរិកដែលណែនាំពលរដ្ឋឲ្យជឿថាជំងឺឆ្លងកូវិដ-១៩ ជារឿងប្រឌិតសម្រាប់លេងសើច បានបំបែកសង្គមអាមេរិកឲ្យទៅជាបក្សនយោបាយនៃមនុស្សដែលពាក់ម៉ាសរក្សាគម្លាតពីគ្នាតាមការណែនាំរបស់ជំនាញមេរោគឆ្លង និងបក្សនៃមនុស្សដែលចាត់ទុកការពាក់ម៉ាសនិងរក្សាគម្លាតថាជាការរំលោភលើសិទ្ធិមនុស្ស ។ ទាំងនេះគឺជាបុព្វហេតុដែលបណ្តាលឲ្យពលរដ្ឋអាមេរិកចំនួនជាង ៥ សែននាក់ស្លាប់ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ។

នៅក្នុងពេលពីរអាទិត្យនេះ ចំនួនពលរដ្ឋដែលធ្លាក់ខ្លួនឈឺដោយសារកូវិដ-១៩ បានចុះថយខណៈចំនួនមនុស្សដែលស្លាប់នៅមិនទាន់ចុះថយនៅឡើយ ។ ដែលគួរឲ្យកត់សំគាល់គឺពលរដ្ឋសព្វថ្ងៃបាននាំគ្នាពាក់ម៉ាសរក្សាគម្លាតពីគ្នាដូចជំនាញជំងឺឆ្លងបានណែនាំ ខណៈពលរដ្ឋជិត ១៣% ហើយបានទទួលថ្នាំវ៉ាក់សាំង និងចំនួន ១ លាន ៨ សែននាក់បានទទួលថ្នាំវ៉ាក់សំាងនៅថ្ងៃនេះ ។ តែសហរដ្ឋអាមេរិកនៅមិនទាន់ចេញផុតពីហានីភ័យនៃកូវិដ-១៩ នៅឡើយទេ ។

អ្វីដែលជាកត្តាគួរឲ្យព្រួយបារណ៍គឺការបែកបាក់គ្នារវាងពលរដ្ឋអាមេរិក ។ តាំងពីសហរដ្ឋអាមេរិកចាប់កំណើតមក បិតាស្ថាបនិកអាមេរិកបានឱបក្រសោបគោលគំនិត គោលការណ៍ ឧត្តមគតិ នីតិរដ្ឋ ដែលពួកគេយកមកកសាងប្រទេស ។ បច្ចុប្បន្នខ្ញុំសង្កេតឃើញសហរដ្ឋអាមេរិកហាក់ដូចជាបានក្លាយទៅជាប្រទេសដែលពលរដ្ឋស្រឡាញ់ឬស្អប់បុគ្គលអ្នកដឹកនាំរហូតដល់មានការឱបក្រសោបជំនឿ “គោរពបូជាបុគ្គល” ។ ចរន្តទាំងពីរហាក់កំពុងទង្គិចគ្នាខ្លាំងណាស់ ។

អត្ថបទខ្ញុំលើកមុនបានថ្លែងអំពីព្រឹត្តិការណ៍នាថ្ងៃទី ១៣ មករាដែលសភាតំណាងរាស្ត្រអាមេរិកបោះឆ្នោត ២៣២ សម្លេង [តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យចំនួន ២២២ រូប រួមដោយតំណាងរាស្ត្រគណបក្សសាធារណរដ្ឋចំនួន ១០ រូប ] ទល់នឹង ១៩៧ សម្លេង [ដោយមានតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ ៤ នាក់មិនបានបង្ហាញខ្លួនបោះឆ្នោតទេ ] អនុម័ត “សេចក្តីសម្រេចចិត្ត ២៤” ចោទប្រកាន់ប្រធានាធិបតីអាមេរិកទី ៤៥ លោក ដូណាល់ ត្រាំ អំពីបទ “ញុះញង់ឲ្យមានការបះបោរ” លុកលុយមន្ទីរ កាពីតូល ដែលសភាតំណាងរាស្ត្រចោទថាជា “បទឧក្រិដ្ឋនិងមជ្ឈិមជាន់ខ្ពស់” ។ សូមមេត្តាមើលអត្ថបទខ្ញុំក្រោមចំណងជើងថា “បំផ្លាញជាតិឯង” ។

នៅថ្ងៃទី ១៣ មករានោះ មេដឹកនាំតំណាងរាស្ត្រសម្លេងភាគច្រើនគឺ លោក ស្តេនី ហូយឿរ៍ Steny Hoyer បានថ្លែងថាលោកចង់ឲ្យសភាតំណាងរាស្ត្របញ្ជូន “សេចក្តីសម្រេចចិត្ត ២៤” ទៅជូនព្រឹទ្ធសភាភ្លាមទាន់លោក ត្រាំ នៅកាន់តំណែងជាប្រធានាធិបតីនៅឡើយ ។ ទោះបីព្រឹទ្ធសភាបានបិទសម័យប្រជុំហើយក្តី ឲ្យតែមេដឹកនាំព្រឹទ្ធសមាជិកសម្លេងភាគច្រើនគឺលោក ម៉ិជ ម៉ាក់ខណិល Mitch McConnell នៃគណបក្សសាធារណរដ្ឋ និងមេដឹកនាំព្រឹទ្ធសមាជិកសម្លងភាគតិចគឺលោក ឆឹក ហ៊្សូមឿរ៍ Chuck Schumer នៃគណបក្សប្រជាធិបតេយ្យស្រុះស្រួលគ្នា គេអាចបើកសម័យប្រជុំព្រឹទ្ធសភាឡើងវិញបានហើយ ។ ក៏ប៉ុន្តែខណៈដែលលោក ម៉ាក់ខណិល ថាលោកមិនជំទាស់នឹងសភាតំណាងរាស្ត្រចោទប្រកាន់លោកប្រធានាធិបតីទេ លោកក៏បានថ្លែងច្បាស់លាស់ថាលោកមិនចង់ឲ្យព្រឹទ្ធសភាបើកប្រជុំជំនុំជម្រះក្តីលោក ត្រាំ នៅមុនពេលលោក ហ្ចូ បៃដិន Joe Biden បានធ្វើសម្បថក្នុងពិធីសម្ពោធប្រធានាធិបតីឡើយ [គឺនៅថ្ងៃទី ២០ មករា ] ។

យ៉ាងនេះបានជាដល់ថ្ងៃទី ២៥ មករា ទើបអ្នកគ្រប់គ្រងការចោទប្រកាន់លោក ត្រាំ ចំនួន ៩ នាក់ កាន់ “សេចក្តីសម្រេចចិត្ត ២៤” របស់សភាតំណាងរាស្ត្រទៅជូនព្រឹទ្ធសភា ។ គេក៏បានសម្រេចថាព្រឹទ្ធសភានឹងបើកសម័យប្រជុំនៅថ្ងៃទី ៩ កុម្ភៈ ។

នៅថ្ងៃនោះ ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋម្នាក់តំណាង រដ្ឋខិនតឹកគី Kentucky ឈ្មោះលោក រ៉ាន ផល Rand Paul បានដាក់ញត្តិសុំព្រឹទ្ធសភាបដិសេធការចោទប្រកាន់លោក ត្រំា ដោយលើកយកហេតុថាការកាត់ក្តីប្រធានាធិបតីដែលបានចេញពីតំណែងទៅហើយវាមិនស្របតាមរដ្ឋធម្មនុញ្ញទេ ។

ក៏ប៉ុន្តែញត្តិរបស់លោក រ៉ាន ផល ត្រូវបានព្រឹទ្ធសភាអាមេរិកបដិសេធដោយសម្លេងចំនួន ៥៦ ជំទាស់ [ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ ៤៨ រូប រួមដោយព្រឹទ្ធសមាជិកឯករាជ្យ ២ រូប និងព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ  ៦ រូប — មានលោក Cassidy តំណាងរដ្ឋ Louisiana, លោកស្រី Collins តំណាងរដ្ឋ Maine,  លោកស្រី Murkowski តំណាងរដ្ឋ Alaska, លោក Romney តំណាងរដ្ឋ Utah, លោក Sasse តំណាងរដ្ឋ Nebraska, និងលោក Toomey តំណាងរដ្ឋ Pennsylvania ]ទល់នឹងសម្លេងចំនួន ៤៤ គាំទ្រញត្តិ ។ ដូច្នេះ ព្រឹទ្ធសភាសម្រេចនៅថ្ងៃទី ៩ កុម្ភៈ ដោយសម្លេង ៥៦ ទល់ ៤៤ ថាការប្រជុំជំនុំជម្រះក្តីលោក ត្រាំ ស្របតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។

នៅក្នុងការជំនុំជម្រះក្តីលោក ត្រាំ អ្នកគ្រប់គ្រងការចោទប្រកាន់បានបញ្ចំាង វីដេអូ មួយប្រវែង ១៣ នាទី និង ១៨ វិនាទី បង្ហាញអំពីព្រឹត្តិការណ៍នាថ្ងៃទី  ៦ មករា — ចាប់ពីពេលលោក ត្រាំ ធ្វើសុន្ទរកថានៅឧទ្យាន “អេលិបស៍” Ellipseនៅក្បែរសេតវិមាន រហូតដល់បាតុករដែលក្លាយជាកុបករធ្វើដំណើរទៅកាន់អគារ កាពីតូល និងចូលលុកលុយអគារ ។ វីដេអូនោះជាចំណែកមួយនៃភ័ស្តុតាងក្នុងការចោទប្រកាន់លោក ត្រាំ ។

ខ្ញុំសូមជូនតំណកាសែតអង់គ្លេស The Guardian ដល់លោកអ្នកអានដើម្បីមើលវីដេអូ ៖

https://www.theguardian.com/us-news/video/2021/feb/09/democrats-play-montage-of-footage-from-capitol-siege-during-trump-impeachment-hearing-video

ខ្ញុំបានមើល វីដេអូ ដោយយកចិត្តទុកដាក់ និងបានស្តាប់ការជជែកវែកញែករបស់ព្រឹទ្ធសមាជិកនៃគណបក្សទាំងពីរចំនួន ៥ ថ្ងៃ ពីថ្ងៃទី ៩ ដល់ ១៣ កម្ភៈ ។

វីដេអូ ដែលអ្នកគ្រប់គ្រងការចោទប្រកាន់បានយកមកបញ្ចំាងគឺបង្ហាញនូវរូបភាពជាក់ស្តែងនិងសម្លេងដែលបុគ្គលនិងអង្គការព័ត៌មានឯកជនបានថតដោយប្រើផលិត ឌីហ្ជីថល ឬ ខ្សែវីដេអូ នៅឱកាសដែលព្រឹត្តិការណ៍នាថ្ងៃទី ៦ មករាបានកើតឡើង ។ អ្នកគ្រប់គ្រងការចោទប្រកាន់បានយករូបភាពនិងសម្លេងទាំងនោះមកភ្ជាប់បន្តជាខ្សែវីដេអូមួយទុកជាឯកសារប្រវត្តិសាស្ត្រនិងយកមកបញ្ចាំងអំពីបុព្វហេតុនិងកម្មផលនៃបាតុកម្មក្លាយទៅជាកុបកម្មនាថ្ងៃទី ៦ មករា ដែលបានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោច ៧ នាក់ របួសភ្នាក់ងាររក្សាសន្តិសុខជាង ១៤០ នាក់ ។

អ្នកយកព័ត៌ឯករាជ្យម្នាក់បានអំពាវនាវដល់សាធារណជនចំណាយពេល ១៣ នាទីមើលខ្សែវីដេអូនោះ ។ អ្នកយកព័ត៌មានម្នាក់ទៀតសរសេរថាគាត់ឥតសង្ស័យទេថាសភាពការណ៍នាថ្ងៃនោះប្រាកដជាក្រឡាប់ចក្រប្រសិនបើបាតុករក្លាយទៅជាកុបករបានជួបប្រទះនឹងលោក ម៉ែក ផិនស៍ ឬ សមាជិកសភានៅក្នុងអគារ កាពីតូល នាថ្ងៃទី ៦ មករានោះ ។

 

នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំសូមយកចំណុចធំៗខ្លះមកធ្វើអត្ថាធិប្បាយជូនជាទិដ្ឋភាពទូទៅនៃការជុំនំជម្រះក្តីលោក ត្រាំ ។  

លោក ហ្ចេម៉ី រ៉ាស់ស្គិន Jamie Raskin មេដឹកនាំអ្នកគ្រប់គ្រងការចោទប្រកាន់បានសរុបជូនព្រឹទ្ធសភាថា សកម្មភាពដែលលោក ត្រាំ បានធ្វើនៅក្នុងថានៈលោកជាប្រធានាធិបតី ជា  “បទឧក្រិដ្ឋនិងមជ្ឈិមកម្រិតខ្ពស់” ហើយបើគេមិនចាត់ទុកសកម្មភាពទាំងនោះថាជាបទល្មើសដែលត្រូវផ្តន្ទាទោសទេ គឺមិនមានបទល្មើសឯណាទៀតដែលត្រូវផ្តន្ទាទោសបានឡើយ ។ លោក រ៉ាស់ស្គិន និយាថាលោក ត្រំា មិនអាចប្រព្រឹត្តបទល្មើសក្នុងរយៈប៉ុន្មានអាទិត្យមុនចប់អាណត្តិជាប្រធានាធិបតីដោយគ្មានទោសនោះទេ ៖ បទល្មើសដែលត្រូវផ្តន្ទាទោសមិនមែន “លើកលែងតែនៅក្នុងខែមករា” នោះឡើយ ។

ក៏ប៉ុន្តែមេធាវីការពារលោក ត្រាំ និងព្រឹទ្ធសមាជិកភាគច្រើននៃគណបក្សសាធារណរដ្ឋ បានទទូចថាការជំនុំជម្រះក្តីលោក ត្រាំ ដែលបានចេញចាកពីតំណែងជាប្រធានាធិបតីមកនៅជាពលរដ្ឋសាមញ្ញរួចទៅហើយមិនស្របតាមរដ្ឋធម្មនុញ្ញទេ (យ៉ាងដូច្នេះ ពួកគេផាត់ចោលជាឥតបានការនូវសេចក្តីសម្រេចសម្លេង ៥៦ ទល់ ៤៤ របស់ព្រឹទ្ធសភានាថ្ងៃទី ៩ កុម្ភៈ) ។ ពួកគេបានទទូចទៀតថា ពាក្យពេជន៍ដែលលោក ត្រាំ បានថ្លែង គឺជាពាក្យពេជន៍ដែលការពារដោយវិសោធនកម្មទី ១ នៃរដ្ឋធម្មនុញ្ញអាមេរិក ។ លោក ត្រាំ មិនទទួលខុសត្រូវអំពីបាតុករដែលលុកលុយអគារ កាពីតូល ឡើយ ពីព្រោះលោកមិនបានបញ្ជាយ៉ាងដូច្នេះ ។

នៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក វិសោធនកម្មទី ១ ការពារសេរីភាពប្រាំយ៉ាងគឺ សេរីភាពក្នុងការនិយាយស្តី ជំនឿសាសនា សារព័ត៌មាន សិទ្ធិពលរដ្ឋក្នុងការជួបជុំដោយសន្តិភាព  និងសិទ្ធិពលរដ្ឋធ្វើញត្តិប្តឹងរដ្ឋាភិបាលឲ្យដោះស្រាយបញ្ហា ។ ក៏ប៉ុន្តែសេរីភាពក្នុងការនិយាយស្តីមិនមែនជាសេរីភាពដាច់ខាតចង់និយាយស្តីថាអ្វីស្រេចតែចិត្តនោះទេ ។ តុលាការកំពូលនិងតុលាការលំដាប់ទាបអាមេរិកបានកំណត់អត្តសញ្ញាណនៃការនិយាយស្តីចំនួន ៩ ប្រភេទដែលវិសោធនកម្មទី ១ មិនអនុញ្ញាត ។ នៅក្នុងចំណោមទាំង ៩ ប្រភេទនោះ មានការនិយាយស្តីយ៉ាងតិច ៤ ប្រភេទរបស់លោក ត្រំា ដែលវិសោធនកម្មទី ១ មិនអាចការពារបានគឺ ពាក្យសម្តីប្រយុទ្ធគ្នា; ពាក្យសម្តីញុះញង់ឲ្យធ្វើសកម្មភាពមិនស្របច្បាប់; សម្តីគំរាមកំហែងពិតៗ; ពាក្យសម្តីណែនាំ ឬសុំឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ។

លោក ត្រាំ បានអំពាវនាវដល់អ្នកគាំទ្រលោកតាំងតែពីថ្ងៃទី ១៩ ធ្នូ ២០២០ ឲ្យមកប្រមូលផ្តុំធ្វើ “បាតុកម្មធំ” ដែល “will be wild” ឬ ដែលមានភាព “សាហាវ” នៅថ្ងៃទី ៦ មករា (ដែលជាថ្ងៃសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាត្រូវប្រជុំរួមដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃសន្លឹកឆ្នោតរបស់ electoral college បញ្ជាក់បេក្ខជនឈ្នះសន្លឹកឆ្នោតជាប្រធានាធិបតី )។ លោកត្រាំជឿថាថ្ងៃទី ៦ មករាជាថ្ងៃចុងក្រោយបង្អស់ដែលលោកអាចទុកតំណែងលោកនៅជាប្រធានាធិបតីដោយដាក់សម្ពាធលើលោក ម៉ែក ផឹនស៍ ឲ្យបដិសេធការបញ្ជាក់របស់ស្ថាប័នជ្រើសរើសប្រធានាធិបតី ។ 

លោក ត្រាំ បានថ្លែងប្រាប់បាតុករនៅទីលាន “អេលិបស៍” ថា “យើងនឹងនាំគ្នាដើរទៅកាន់អគារ កាពីតូល ហើយខ្ញុំនឹងទៅជាមួយនឹងលោកអ្នកដែរ” “យើងត្រូវតែបញ្ឈប់ការលួច [សន្លឹកឆ្នោត ]” “យើងមិនអាចចុះចាញ់ទេនៅពេលដែលគេ [កំពុង ] តែលួច” “យើងត្រូវតែប្រយុទ្ធ [ដោយឥតខ្លាចស្លាប់ ]” ។

អ្នកគ្រប់គ្រងការចោទប្រកាន់ដឹងដែរថាពួកគេមិនអាចប្រមូលសម្លេង ២ ភាគ ៣ នៅក្នុងព្រឹទ្ធសភាដើម្បីផ្តន្ទាទោសលោក ត្រាំ បានទេ ពោលគឺមិនងាយនឹងទាញព្រឹទ្ធសមាជិកសាធារណរដ្ឋចំនួន ១៧ នាក់ឲ្យយល់ស្របនឹងការចោទប្រកាន់លោក ត្រាំ ។

ប៉ុន្តែអ្នកគ្រប់គ្រងការចោទប្រកាន់ចង់បង្ហាញឲ្យពលរដ្ឋឃើញថាលោក ត្រាំ បានប្រព្រឹត្តបទល្មើសមែន ថាព្រឹទ្ធសមាជិកដែលមិនគាំទ្រការចោទប្រកាន់គឺជាអ្នកគាំទ្របទល្មើស ។ អ្នកគ្រប់គ្រងការចោទប្រកាន់បានចោទថាលោក ត្រាំ មានផែនការបដិសេធលទ្ធផលនៃការបោះឆ្នោតជាតិនិងការបោះឆ្នោតរបស់ electoral college បានជាលោកផ្សព្វផ្សាយទ្រឹស្តីឃុបឃិត និងដុតកំហឹងអ្នកគាំទ្រអំពី “ការបោះឆ្នោតបន្លំសន្លឹកឆ្នោត” “បញ្ឈប់ការលួច” ។ល។ តាំងពីមុនការបោះឆ្នោតម្ល៉េះ ។ ភ្លើងដែលលោក ត្រាំ បានបង្កាត់ក៏ឆេះជាអណ្តាតភ្លើងនៅថ្ងៃទី ៦ មករា នោះ ។

កាលលោក អូលីវឺរ៍ វិនឌែល ហូមស៍ Oliver Wendell Holmes នៅជាប្រធានតុលាការកំពូល Chief Justice (១៩០២ ដល់ ១៩៣២) លោកព្រមានឲ្យប្រយ័ត្នអំពីការប្រើសិទ្ធិសេរីភាពដែលបង្កើតឲ្យមាន “គ្រោះថ្នាក់ជាក់ស្តែងនិងនៅចំពោះមុខ” (“clear and present danger” ) និង

ផ្តល់នូវ “អំពើអាក្រក់ធំដុំ” (“substantive evils” ) ដល់ប្រទេសជាតិ ។ នៅឆ្នាំ ១៩៥១ ប្រធានតុលាការកំពូល លោក ហ្វ្រេដ វិនសុន Fred Vinson បានចែងថា “គឺវត្តមាននៃការឃុបឃិត  មិនមែនវត្តមានឬអវត្តមាននៃសកម្មភាពជាក់ស្តែងទេ ដែលបង្កើតឲ្យមានគ្រោះថ្នាក់” ។

នៅថ្ងៃសៅរ៍ទី ១៣ កម្ភៈ ព្រឹទ្ធសមាជិកបានបោះឆ្នោតមានសម្លេងចំនួន ៥៧ គាំទ្រការចោទប្រកាន់លោក ត្រាំ ទល់នឹងសម្លេងចំនួន ៤៣ មិនគាំទ្រ ។ ខណៈព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋចំនួន ៦ រូបបានបោះឆ្នោតនាថ្ងៃទី ៩ ថាការជំនុំជម្រះក្តីលោក ត្រាំ ស្របតាមរដ្ឋធម្មនុញ្ញ នៅថ្ងៃទី ១៣ លោក រ៉ិចឆារ៍ត ប៊ឺរ Richard Burr នៃរដ្ឋ North Carolina ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋដែលមិនបានបោះឆ្នោតគាំទ្រការជំនុំជម្រះក្តីស្របតាមរដ្ឋធម្មនុញ្ញបានចូលរួមជាមួយព្រឹទ្ធសមាជិក ៦ រូបនោះចោទប្រកាន់លោក ត្រាំ ពីបទញុះញង់ ។ ដើម្បីផ្តន្ទាទោសបានត្រូវមានសម្លេងព្រឹទ្ធសមាជិកសាធារណរដ្ឋចំនួន ១០ ទៀត ។

លោក រ៉ិចឆារ៍ត ប៊ឺរ បានថ្លែងថាលោកបានស្តាប់សេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរលោកឃើញច្បាស់ថាលោក ត្រាំ បានរំលោភសម្បថ “រក្សានិងការពាររដ្ឋធម្មនុញ្ញ” ។

ការបោះឆ្នោតបដិសេធការចោទប្រកាន់លោក ត្រាំ គឺជាការបោះឆ្នោតមិនព្រមផ្តន្ធាទោសលោក ត្រាំ ។ លោក ម៉ិជ ម៉ាក់ខណិល នៃគណបក្សសាធារណរដ្ឋដែលឥឡូវជាមេដឹកនាំព្រឹទ្ធសមាជិកសម្លេងភាគតិច បានពន្យល់ថាលោកមិនបោះឆ្នោតគាំទ្រការជំនុំជម្រះក្តីថាស្របនឹងរដ្ឋធម្មនុញ្ញពីព្រោះលោក ត្រាំ បានចាកចេញពីតំណែងទៅហើយ ។ ក៏ប៉ុន្តែលោក ម៉ាក់ ខណិលបានធ្វើសុន្ទរកថាមួយនៅក្នុងសាលព្រឹទ្ធសភាថ្លែងថា ៖ “គ្មានអ្វីគួរសួរទៀតទេថាលោកប្រធានាធិបតី ត្រាំ ត្រូវទទួលខុសត្រូវទាំងផ្លូវប្រតិបត្តិនិងទាំងផ្លូវសីលធម៌ក្នុងការបង្កហេតុបង្កើតព្រឹត្តិការណ៍ [នាថ្ងៃទី ៦ មករា ]” ។

លោក ម៉ាក់ខណិល ដែលត្រូវបានគេនាំរត់គេចពីកុបករនៅ កាពីតូល ជាមួយនឹងលោក ម៉ែក ផិនស៍ និងសមាជិកសភាឯទៀត បានហៅកុបករថាជា “ឧក្រិដ្ឋជនសែងបដាលោកត្រាំ លើកទង់ជ័យលោកត្រាំ ស្រែកសម្តែងការស្មោះត្រង់ចំពោះលោកត្រាំ វាយតប់និងបង្ហូរឈាមភ្នាក់ងារប៉ូលីស លុកលុយសាលព្រឹទ្ធសភា ព្យាយាមស្វែងរកប្រធានរដ្ឋសភា សង់កន្លែងព្យួរកមួយនិងស្រែកឲ្យធ្វើឃាតលោកអនុប្រធានាធិបតី ។ ពួកនេះធ្វើអញ្ជឹងមកពីមានមនុស្សម្នាក់ខ្លាំងជាងគេនៅលើផែនដីបានផ្តល់ព័ត៌មានមិនពិតនិងសាហាវពីព្រោះតែខ្លួនចាញ់សន្លឹកឆ្នោត ។ សកម្មភាពរបស់អតីតប្រធានាធិបតី ត្រាំ ជាបរាជ័យមួយដ៏អាម៉ាស់ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន” ។

លោក ម៉ាក់ខណិល បានព្រមានថាលោកត្រាំ “នៅតែត្រូវទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាងដែលខ្លួនបានប្រព្រឹត្តនៅពេលកាន់តំណែងជាប្រធានាធិបតី ។ លោកត្រាំនៅមិនទាន់រួចខ្លួននៅឡើយទេ ។ យើងមានប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅសហរដ្ឋអាមេរិក។ យើងមានបណ្តឹងរដ្ឋប្បវេណី ។”

លោក ត្រាំ តបវិញដោយហៅលោក ម៉ាក់ខណិល ថាជា “មនុស្សចចេះមុខរឹង” ជា “ការីនយោបាយមុខជូរដែលចេះតែពីការកាប់ជញ្ជ្រាំ” ។ល។ លោក ត្រាំ បានប្តេជ្ញាថានឹងដឹកនាំចលនា “ម៉ាហ្គ៉ា” Make America Great Againទៅមុខទៀត “ខ្ញុំទន្ទឹងរង់ចាំបន្តដំណើរមួយដែលមិនគួរឲ្យជឿបានជាមួយលោកអ្នក” ។

កាសែត ញូយ៉កថែមស៍ ចុះថ្ងៃទី ១០ កុម្ភៈបានចុះផ្សាយវិភាគនយោបាយមួយយោងតាមបញ្ជីអ្នកចុះឈ្មោះបោះឆ្នោតនៅសហរដ្ឋអាមេរិក ថ្លែងថាបន្ទាប់ពីកុបកម្មនៅ កាពីតូល ទិន្នន័យបានបង្ហាញថាមានសមាជិកគណបក្សសាធារណរដ្ឋចំនួនជាង ១ សែនកន្លះនៅក្នុងរដ្ឋចំនួន ២៥ បានដកខ្លួនចេញពីគណបក្សសាធារណរដ្ឋហើយ ។

នៅថ្ងៃទី ២២ កុម្ភៈ កាសែត USA Today បានសរសេរថា “សង្គ្រាមផ្ទៃក្នុងមួយកំពុងកើតមាននៅក្នុងគណបក្សសាធារណេដ្ឋ” ។ កាសែតបានផ្សាយលទ្ធផលនៃការស្ទង់មតិមួយបង្ហាញថាអ្នកគាំទ្រលោក ត្រាំ ចំនួន ៤៦% ថ្លែងថាពួកគេនឹងបោះបង់ចោលគណបក្សសាធារណរដ្ឋហើយចូលរួមនៅក្នុងគណបក្សលោក ត្រាំ ; អ្នកគាំទ្រចំនួន ២៧% ថាពួកគេមិនចូលរួមជាមួយគណបក្សលោក ត្រាំ ទេ; រីឯអ្នកឯទៀតថ្លែងថានៅមិនទាន់សម្រេចចិត្តនៅឡើយ ។

ខណៈលោក ត្រាំ ទទួលសេចក្តីអញ្ជើញឲ្យធ្វើសុន្ទរកថានៅសន្និសីទ CPAC នៅ អ័រឡាន់ដូ រដ្ឋហ្វ្ល័រីដា នៅថ្ងៃអាទិត្យទី ២៨ កុម្ភៈនេះ ដើម្បីបង្ហាញថាលោកនៅតែជាអ្នកគ្រប់គ្រងគណបក្សសាធារណរដ្ឋ លោក ម៉ែក ផិនស៍ បានបដិសេធចូលរួមក្នុងសន្និសីទនោះ ។

លោក ឡូរ៉ន់ស៍ ត្រែប Laurence Tribe អ្នកជំនាញច្បាប់រដ្ឋធម្មនុញ្ញអាមេរិកបានថ្លែងនៅក្នុងសម្ភាសន៍មួយថាលោក ត្រំា “ស្ថិតនៅក្រោមបណ្តឹងព្រហ្មទណ្ឌនិងរដ្ឋប្បវេណីរដ្ឋនិងសហព័ន្ធទូទាំងប្រទេសដែលតម្រូវឲ្យលោកជាប់រវល់ការពារខ្លួនលោកជាប់មួយជីវិត” ។

នៅថ្ងៃទី ២២ កម្ភៈនេះ តុលាការកំពូលអាមេរិកបានសរសេរតែមួយបន្ទាត់បដិសេធសំណើលោក ត្រាំ សុំឲ្យរារាំងដីការបស់ព្រះរាជអាជ្ញា ញូវយ៉ក ដែលទាមទារកំណត់ត្រាហិរញ្ញវត្ថុពីគណនីនិងធនាគាររបស់លោក ត្រាំ ចំនួន ៨ ឆ្នាំ នៅក្នុងការស៊ើបអង្កេតអំពីការក្លែងបន្លំព្រហ្មទណ្ឌនិងការបង់ពន្ធដែលពាក់ព័ន្ធនឹងលោក និងអង្គការអាជីវកម្មរបស់លោក ត្រាំ ។ លោក ត្រាំ បានចោទថា “តុលាការកំពូលមិនគួរអនុញ្ញាតឲ្យមាន ‘បេសកកម្មនេសាទ’ បែបនេះទេដែលជម្រុញដោយពួកដេម៉ូក្រាដនៅតំបន់ដេម៉ូក្រាដនៅទីក្រុងនិងរដ្ឋញូវយ៉កនោះ” ។

ប្រសិនបើការប្រមើលមើលរបស់លោក ម៉ៃកុល កូហិន Michael Cohen អតីតមេធាវីលោក ត្រាំ ដែលថាបញ្ជារបស់តុលាការកំពូលឲ្យលោក ត្រាំ បញ្ជូនកំណត់ត្រាប្រាក់បង់ពន្ធទៅឲ្យព្រះរាជអាជ្ញា ញូវយ៉ក គឺជាដំណើរមួយទៅកាន់ពន្ធនាគារ ខ្ញុំគិតថាព្រឹត្តិការណ៍បែបថ្ងៃទី ៦ មករាអាចនឹងកើតម្តងទៀតក្រោមរូបរាងនិងទម្រង់មួយផ្សេង ។

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។