គេចមិនផុតពីការផ្លាស់ប្តូរទេ

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ២៩ ខែ មិថុនា ឆ្នាំ ២០២០

អំនួតជាជំហានមួយឆ្ពោះទៅកាន់ការរលំដួល ។ ការប្រមាថជោគវាសនាបង្ហាញឲ្យឃើញចន្លោះប្រហោងនៃការគិត ។ គំនិតគឺខុសគ្នាពីមតិឬយោបល់ដែលកែប្រែឆាប់រហ័សខណៈការគិតតម្រូវឲ្យប្រើខួរក្បាលធ្វើសកម្មភាពច្រើនប្រភេទនិងយូរផង ។ អ្នកដែលមើលស្រាលគូប្រជែងច្រើនតែជាមនុស្សមិនស្គាល់គូប្រជែងនិងមិនស្គាល់ខ្លួនឯង ។

បរមគ្រូ ខុង ជឺ អប់រំថា ៖ “ភាពអោនលំទោនជាគ្រឹះនៃគុណធម៌ទាំងអស់” ។ នៅក្នុងស្ថានភាពតឹងតែង ភាពអោនលំទោនជាជំនួយបញ្ចៀសជម្លោះ ការខ្វះភាពអោនលំទោនបង្កើន
ឱកាសឲ្យមានការប៉ះទង្គិច ។ លោកឧត្តមសេនីយ៍ ស៊ុន ស៊ឺ Sun Tzu អ្នកយុទ្ធសាស្ត្រនិងជាមេទ័ពដ៏ចំណាននៃប្រទេសចិនបុរាណបានបង្រៀនថា ៖ “បើអ្នកស្គាល់សត្រូវហើយស្គាល់ខ្លួនឯង អ្នកមិនចាំបាច់ព្រួយខ្លាចអំពីលទ្ធផលនៃការប្រយុទ្ធចំនួនរាប់រយដងនៅលើសមរភូមិទេ” ។

មានពាក្យស្លោកមួយនិយាយថា ៖ “មនុស្សមិនឆ្លាតតែងនិយាយប្រាប់គេអំពីអ្វីដែលគាត់ប្រុងធ្វើ ។ អ្នកអួតនិយាយពីអ្វីដែលគាត់បានធ្វើ ។ អ្នកមានប្រាជ្ញាធ្វើហើយនៅស្ងៀមមិននិយាយអ្វីទាំងអស់” ។

លោក ហ៊ុន សែន ជាមនុស្សមានអំនួត ។ លោកមើលងាយគូប្រកួតព្រោះលោកនឹកថាគ្មាននរណាទៀតមានឥទ្ធិពលខ្លាំងឬមានភាពឈ្លាសវៃជាងលោកទេ ។ លោកអួតព្រោះលោកត្រូវការឲ្យគេកោតខ្លាចនិងសរសើរ ។ នេះមកពីលោកខ្វះសន្តិសុខក្នុងខ្លួន ។ លោកអួតព្រោះលោកព្រួយខ្លាចបាត់បង់អំណាច ។

សត្វតោមិនដែលមានអារម្មណ៍ចាំបាច់សម្តែងឬទ្ធិទេ ។

នៅដើមសតវត្សទី ២០ វេជ្ជបណ្ឌិតផ្នែកវេជ្ជវិទ្យាខាងវិកលចរិតជាតិអូទ្រិសម្នាក់ឈ្មោះលោក អាល់ហ្វ្រេដ អាឌ្លឿរ៍ Alfred Adler បានបញ្ចេញប្រព័ន្ធទ្រឹស្តីចិត្តវិជ្ជាថាបុគ្គលដែលខំបញ្ចេញឧត្តមភាពខ្លួនតាមរយៈអំនួតនិងការដៀមដាមអ្នកដទៃ ច្រើនតែជាបុគ្គលមាន “អារម្មណ៍តូចទាបជាង” មនុស្សដទៃ a feeling of inferiority ។ នៅក្នុងដំណោះស្រាយបញ្ហាខ្វះសន្តិសុខនៅក្នុងខ្លួន បុគ្គលសម្តែងថាខ្លួនមិនមែនតូចទាបទេដោយគោះទ្រូងអួតអាង មិនទទួលខុសត្រូវ និងមើលងាយអ្នកដទៃ ។ នៅក្នុងសង្គមខ្មែរ មានពាក្យស្លោកមួយពោលថា “អង្គុយលើចង្អេរលើកខ្លួនឯង” ពោលគឺបុគ្គលរំងាប់ “អារម្មណ៍តូចទាបជាង” អ្នកដទៃដោយប្រើសម្តីអួតអាងលើកតម្កើងខ្លួនឯង ។

កាលពីថ្ងៃចន្ទទី ២២ ខែមិថុនា លោក ហ៊ុន សែន — ដែលបានត្រូវកងទ័ពយួនហាណូយបន្តុបឲ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជានាឆ្នាំ ១៩៨៥ និងដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ ១៩៩៧ ព្រមទាំងបានតម្រូវឲ្យគេហៅខ្លួនថាជា “សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន” — បានថ្លែងលើកតម្កើងខ្លួនឯងថាជា “មេដឹកនាំឆ្នើម” ដែលបានគ្រប់គ្រងកម្ពុជារយៈ ៣ ទសវត្សហើយនឹងនៅគ្រប់គ្រងយ៉ាងតិច ១០ ឆ្នាំទៀត ។ លោកបានចំអកដាក់ខ្មែរដែលប្រឆាំងអំណាចផ្តាច់ការថាដរាបណាហ៊ុនសែននិងគណបក្សសេប៉េប៉េនៅមានវត្តមាន ពួកអ្នកប្រឆំាងនឹងលោកត្រូវ “រង់ចាំទម្រំាដល់ជាតិក្រោយបើចង់ផ្លាស់ហ៊ុនសែន” ពីព្រោះគណបក្សសេប៉េប៉េរបស់លោកនឹងនៅត្រួតត្រាកម្ពុជារយៈ ១០០ ឆ្នាំទៅមុខទៀត ។ នៅគ្រាដែលពលរដ្ឋធ្លាក់ក្រីក្រ រោងចក្ររាប់រយបានត្រូវបិទ លោកហ៊ុនសែនចង្អុលទៅអគារថ្មីនៃទីស្នាក់ការគណបក្សសេប៉េប៉េនៅភ្នំពេញដែលមានតម្លៃ ៣០ លានដុល្លារអាមេរិកាំងថាជាសក្ខីកម្មនៃសេប៉េប៉េគ្រប់គ្រងកម្ពុជាយូរអង្វែងទៀត មិនមែន ២-៣ ឆ្នាំទេ ។

អើ! នៅក្នុងល្បែងនយោបាយ អ្នកនយោបាយរមែងគោះទ្រូងអួតសម្ញែងឫកឲ្យមនុស្សកោតខ្លាចនិងបម្រើខ្លួន ។ នៅក្នុងវប្បធម៌ខ្មែរដែលបង្រៀនពលរដ្ឋតាំងតែពីបរមបុរាណមកឲ្យគោរពបម្រើកោតខ្លាចអាជ្ញាធរ តែងតែមានអ្នកស្តាប់ហើយគោរពបម្រើកោតស្ញប់ស្ញែងគេជាប្រចាំ ។

ខ្ញុំមើលឃើញការឌឺដងរបស់លោក ហ៊ុន សែន ជាការប្រមាថមេរៀនរបស់ព្រះពុទ្ធអំពីរូបមន្ត “គិត-កម្ម-ផល” — ដែលប្រដៅមនុស្សថាបើអ្នកដែលប្រើខួរក្បាលគិតនិងធ្វើសកម្មភាពអ្នកនឹងបានទទួលលទ្ធផលស្របតាមគំនិតនិងទង្វើនោះ ។ ដើម្បីសម្តែងថាលោក “ខ្លាំងដូចតោ” លោកសួរដៀមដាមថាតើមានខ្មែរជំទាស់រូបណាម្នាក់ដែលមានសមត្ថភាពមកផ្លាស់ ហ៊ុន សែន ឬទេ ? លោកឆ្លើយដោយខ្លួនឯងថា “ទេ! គឺគ្មានទាល់តែសោះ” ។ ពលរដ្ឋខ្លះឮដូច្នេះក៏លាន់មាត់កោតសរសើរបញ្ចេញសម្លេងថា “យ៉េសណែវ” ទៅ ។

 

ជាង ២៥០០ ឆ្នាំមកហើយដែលព្រះពុទ្ធបានបង្រៀនមនុស្សថាគេមិនអាចបិទបាំងព្រះអាទិត្យ ព្រះចន្ទ និងសច្ចះបានទេ ។ លោកហ៊ុនសែននឹកថាអំនួតនិងការប្រមាថរបស់លោកអាចបិទបាំងការពិតបាន ។ យ៉ាងនេះលោកជាមនុស្សមានចន្លោះប្រហោងក្នុងការគិត ។

លោកកាន់អំណាចពេញដៃតាំងតែពីឆ្នាំ ១៩៨៥ តែលោកភ័យព្រួយខ្លាចបាត់បង់អំណាច ។ ដើម្បីការពារអំណាច នៅខែវិច្ឆិកាឆ្នាំ ២០១៧ លោកបញ្ជាតុលាការកំពូលរបស់លោកឲ្យរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយដ៏ធំនិងមានប្រជាប្រិយមួយនៅក្នុងប្រទេសកម្ពុជាមិនឲ្យចូលរួមក្នុងការបោះឆ្នោតជាតិនៅខែ កក្កដា ឆ្នាំ ២០១៨ ព្រោះលោកដឹងថាបើឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតជាតិ ពលរដ្ឋនឹងមិនបោះឆ្នោតឲ្យលោកនិងគណបក្សសេប៉េប៉េទេ ។ សភាពការសព្វថ្ងៃមិនប្លែកពីសភាពការក្នុងឆ្នាំ ២០១៧-២០១៨ ដែរ ។ ការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌នៅក្រោមការត្រួតពិនិត្យរបស់អន្តរជាតិនឹងបង្ហាញខ្លួនបុគ្គលដែលពលរដ្ឋនឹងរើសយកមកជំនួសលោក ។ បើលោក ហ៊ុន សែន ជឿច្បាស់ថាលោកនិងសេប៉េប៉េនឹងឈ្នេះឆ្នោតម្តេចក៏មិនស្វាគមន៍ការបោះឆ្នោតដោយសេរីនិងដោយយុត្តិធម៌ ? មិនបាច់ “ភ្នាល់គ្នា” របៀបកូនក្មេងទេ ។ បោះឆ្នោតទៅនឹងឃើញបន្លាស់លោកហ៊ុនសែនដែលលោកចង់ឃើញនោះលេចចេញធ្លោមកជាមិនខាន ។

ថ្ងៃទី ២២ មិថុនាបានបង្ហាញនូវគម្រោងលោកហ៊ុនសែនកសាងសន្តតិវង្យរបស់លោកនៅប្រទេសកម្ពុជា ។ លោកថ្លែងថាក្នុងឋានៈជាឪពុក លោក “ត្រូវតែគំាទ្រនិងបណ្តុះបណ្តាល ហ៊ុន ម៉ាណែត (ដែល ) ជាកូនប្រុស (របស់គាត់ ) ឲ្យមានសមត្ថភាពកាន់ការជានាយករដ្ឋមន្ត្រីកម្ពុជា បើមិនបានខ្ញង់ដូចឪពុកទេក៏យ៉ាងហោចណាស់បាន ៨០ ឬ ៩០ ភាគរយប្រហែលនឹងឪដែរ” ។

សូមបើកវង់ក្រចក (លោក ហ៊ុន សែន ថាលោកគាំទ្រនិងបណ្តុះលោក ហ៊ុន ម៉ាណែត ផ្កាយ ៤ ឲ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងរយៈ ១០ ឆ្នាំទៀត — ចុះលោក ហ៊ុន ម៉ាណិត ផ្កាយ ១ ជាមេ
ខាងចារកម្ម និងលោក ហ៊ុន ម៉ានី សមាជិកសភាជាតិ ដែលជាកូនប្រុសពីរនាក់ទៀតនោះ តើត្រូវធ្វើអ្វីដែរ ? បិទវង់ក្រចក ) ។ លោក ហ៊ុន សែន បានអះអាងថាលោកមានគម្រោងទិញរថយន្តយោធាចិនប៉េកាំងបន្ថែមទៅលើរថយន្តយោធាចំនួន ២៩០ គ្រឿងដែលបានទិញពីប្រទេសចិនរួចមកហើយ ។ ខ្មែរដែលប្រឆំាងនឹងរបបផ្តាច់ការមានការព្រួយបារម្ភថាលោក ហ៊ុន សែន យកប្រាក់រដ្ឋប្រមាណជា ២០ លានដុល្លារអាមេរិកំាងទៅទិញរថយន្តយោធាចិនចំនួន ២៩០ គ្រឿងនោះក្នុងគោលដៅដឹកពលទាហាន — និងពេជ្ឃឃាតស្ម័គ្រចិត្ត — ទៅបង្ក្រាបពលរដ្ឋខ្មែរ ។

មានយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់នៅរាជធានីភ្នំពេញបានសរសេរសម្តែងការខកចិត្តនៅក្នុងទំនាក់ទំនងមួយ ។ លោកបានថ្លែងការសោកស្តាយចំពោះកាលៈទេសៈដ៏ល្អនាបច្ចុប្បន្នដែលគណបក្សសង្គ្រោះជាតិអាចធ្វើសកម្មភាពជាក់លាក់ដើម្បីកែប្រែស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាឲ្យមានភាពប្រសើរឡើង បានត្រូវរបូតផុតព្រោះតែមេដឹកនាំគណបក្សសង្គ្រោះជាតិខ្វះសេចក្តីក្លាហានប្រឈមហានិភ័យ ។ យុវជនរូបនេះបានអះអាងថានៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃមានពលរដ្ឋខ្មែរក្មេងៗច្រើនណាស់ដែលមានចិត្តក្លាហានធ្វើពលីកម្មដើម្បីបុព្វហេតុជាតិតែពួកគេរកមេដឹកនាំម្នាក់ដែលក្លាហាននៅកម្ពុជាមិនបាន ។ យុវជននោះសារភាពថានឹងទៅបន្ទោសអំនួតនិងការប្រមាថរបស់លោក ហ៊ុន សែន ក៏ដូចជាមិនសម ។

ខណៈខ្ញុំយល់នូវចិត្តថ្លើមរបស់យុវជនរូបនេះពីព្រោះខ្ញុំក៏សោកស្តាយដែរអំពីកាលៈទេសៈនិងឱកាសល្អដែលចេះតែរបូតផុតទៅ ។ រីឯកង្កែបនៅក្នុងឆ្នាំងទឹកក្តៅក៏កំពុងស៊ាំខ្លួននឹងកំដៅទឹកដែលកើនឡើងបន្តិចម្តងៗ ។ តែខ្ញុំក៏មើលឃើញចន្លោះប្រហោងក្នុងការគិតរបស់យុវជននេះដែរ ។ វិលចុះវិលឡើងមកធ្លាក់ដល់កន្លែងបន្ទោសថារកមេដឹកនាំក្លាហានម្នាក់នៅក្នុងប្រទេសមិនបាន ។ នេះជាគ្រោះថ្នាក់មួយនៅក្នុងការតស៊ូយូរអង្វែង ។ ព្រះពុទ្ធបានប្រដៅឲ្យយើងទីពឹងខ្លួនយើង កុំគិតអំពីនរណាបានធ្វើឬមិនបានធ្វើអ្វីខ្លះ គិតតែពីខ្លួនយើងបានធ្វើឬមិនបានធ្វើអ្វីខ្លះដោយប្រើរូបមន្ត “គិត-កម្ម-ផល” ។ កុំដើរទូងស្គររកមេដឹកនាំ អ្នកដែលដឹកនាំបានគឺបុគ្គលដែលសម្លឹងមករកអ្នកនៅពេលអ្នកឈរឆ្លុះកញ្ចក់នៅពីមុខអ្នក។

 

ខ្ញុំបានសរសេរច្រើនដងហើយថានៅទីណាមានមនុស្សគឺគ្មានអ្វីដែលមនុស្សមិនអាចធ្វើឲ្យកើតឡើងបានទេ ។ ជាជាងខ្ញុំសរសេរដដែលៗឡើងវិញ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកអានចូលមើលគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com ដើម្បីអានឬស្តាប់អត្ថបទផ្សេងៗដែលមានចុះផ្សាយក្នុងនោះស្រាប់ ។ ក្នុងចំណោមអត្ថបទជាច្រើន សូមលោកអ្នកអានឆ្លៀតអានអត្ថបទ “បណ្តុះភាពជាអ្នកដឹកនាំ” ចុះថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩ និងអត្ថបទ “ពន្លាត់ស្បែកឆ្មា” ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ ។

ខ្ញុំសូមបញ្ចប់អត្ថបទខ្ញុំនៅថ្ងៃនេះដោយជូនសេចក្តីសរុបនៃគំនិតខ្ញុំអំពីការតស៊ូតាមរយៈ ប័ណ្ណប្រកាសខាងក្រោមនេះ ។ ព្រះពុទ្ធបានប្រដៅមនុស្សថាគ្មានអ្វីនៅគង់វង្សជាអចិន្ត្រៃយ ឡើយ ។ ពោលគឺទោះបីលោកហ៊ុនសែននិងគណបក្សសេប៉េប៉េអាចនៅកំពុងក្តោបអំណាចគ្រប់គ្រងយ៉ាងណែនដៃដូចសព្វថ្ងៃក្តី ចំណងជើងនៃអត្ថបទចែង គឺ “គេចមិនផុតពីការផ្លាស់ប្តូរទេ” ។

ពាក្យស្លោកនៅក្នុងប័ណ្ណប្រកាសនិយាយថា “ទោះបីស្ថានភាពវាល្អឬវាអាក្រក់យ៉ាងណាក្តី វានឹងកែប្រែផ្លាស់ប្តូរជាមិនខាន” ។ រូបភាពបន្ទាប់មកបង្ហាញរូបត្រីមួយដេញត្របាក់ត្រីមួយហ្វូងដែលហែលរត់ប្រាសអាយុ ។ រូបភាពបន្ទាប់មកទៀតបង្ហាញរូបត្រីមួយហ្វូងមានតូចមានធំតម្រៀបគ្នាជាក្បួនបង្កើតរូបភាពត្រីដ៏ធំមួយដែលដេញត្របាក់ត្រីដែលហែលរត់ ។ នៅពីក្រោមរូបភាពនេះមានអក្សរសរសេរថា Organize! ឬ រៀបចំ ! ។ នៅខាងក្រោមមានសរសេរថា “ចូលរួមគ្នាឡើង . . . ពិភពលោកនេះត្រូវបានគ្រប់គ្រងឡើងដោយមនុស្សដែលមកបង្ហាញខ្លួន ។”

នេះហើយដែលព្រះពុទ្ធបានបង្រៀនតាមរូបមន្ត “គិត-កម្ម-ផល” ។

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។