«គិត + កម្ម = ផល» 

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៦ ខែ មេសា ឆ្នាំ២០២០

ជាបឋមខ្ញុំសូមជូនពរដល់បងប្អូនខ្មែរនៅក្នុងនិងក្រៅប្រទេសកម្ពុជាសូមឲ្យបានជួបសេចក្តីសុខនិងចៀសផុតពីទុក្ខព្រួយនៅពេលជំងឺឆ្លងរោគកូរ៉ូណា ឬ កូវិដ-១៩ កំពុងរាតត្បាតពិភពលោក ។

មួយអាទិត្យកន្លងទៅនេះ ខ្ញុំស្រាវជ្រាវសរសេរអត្ថបទមួយដាក់ចំណងជើងថា “កូវិដ-១៩” ។ ខ្ញុំតាមដានអភិវឌ្ឍន៍នៃជំងឺមេរោគកូរ៉ូណារៀងរាល់ថ្ងៃ ព្រឹកម្តង យប់ម្តង ។ នៅព្រឹកថ្ងៃទី ១ មេសាខ្ញុំចម្លងស្ថិតិផ្សាយដោយ “ព័ត៌មានប៊្លូមប៊ើរ៍គ” Bloomberg News ថាមេរោគកូរ៉ូណា ឬ “កូវិដ-១៩” បានចម្លងជំងឺដល់មនុស្សនៅក្នុងពិភពលោកចំនួនជាង ៨ សែន ៨ ម៉ឺននាក់និងបានធ្វើឲ្យមនុស្សចំនួនជាង ៤ ម៉ឺន ៤ ពាន់នាក់ទៀតស្លាប់ ។ អ្នករងគ្រោះទាំងនោះរស់នៅក្នុងប្រទេសនិងនៅលើទឹកដីចំនួន ១៦៨ ។ ស្ថិតិបង្ហាញទៀតថានៅអាមេរិកដែលជាមហាអំណាចនិងមានភាពជឿនលឿននៅក្នុងពិភពលោក មេរោគបានឆ្លងដល់ពលរដ្ឋចំនួនជាង ១ សែន ៨ ម៉ឺននាក់ និងបានធ្វើឲ្យមានមនុស្សស្លាប់ជាង ៣ ពាន់ ៨ រយនាក់ ។ ខ្ញុំបានចាប់អារម្មណ៍អំពីចំនួនមនុស្សរងគ្រោះដែលចេះតែកើនឡើងតំាងពីពេលប្រទេសចិនបានប្រាប់ទៅអង្គការសុខភាពពិភពលោក World Health Organization (WHO) អំពីជំងឺចម្លងមេរោគចំនួន ២៧ ករណីនៅទីក្រុងវូហាននៃខេត្ត ហ៊ូបី Hubei ប្រទេសចិននៅថ្ងែទី ៣១ ធ្នូ ២០១៩ ។ យ៉ាងដូច្នេះ ខ្ញុំភ្ញាក់ផ្អើលដែរដោយចំនួនមនុស្សរងគ្រោះកើនឡើងរហ័សពេក ។

នៅថ្ងៃទី ៣១ ធ្នូ ២០១៩ មន្ត្រីសុខាភិបាលនៅទីក្រុងវូហានបានថ្លែងការបញ្ជាក់អំពីការរីករាលដាលជំងឺមេរោគចម្លែកចំនួន ២៧ ករណី នៅទីកន្លែងជាប់នឹងទីផ្សារហៅថា wet market ដែលលក់សាច់សត្វស្រុកនិងសត្វព្រៃ សត្វរស់ និង ត្រីសមុទ្រនៅទីក្រុងវូហាន ។ នៅថ្ងៃដដែលនោះ រដ្ឋាភិបាលប្រទេសចិនក៏បានបញ្ជូនព័ត៌មានទាំងនោះទៅអង្គការ WHO ដែរ ។

តែអ្វីដែលខ្ញុំចាប់អារម្មណ៍បានក្លាយទៅជាការភ្ញាក់ផ្អើលដោយសារការស្រាវជ្រាវដើម្បីនិពន្ធអត្ថបទអំពី “កូវិដ-១៩” ។ ក្របខ័ណ្ឌ “យោង-ព្យួរ-ត-ភ្ជាប់” ដែលខ្ញុំបានចងក្រងនៅពេលខ្ញុំនៅរៀនឯសកលវិទ្យាល័យបានអង្រួនស្មារតីខ្ញុំឲ្យនឹកដល់ចាស់ទុំខ្មែរដែលទូន្មានថា “គិតហើយសឹមគូរ” និង “ក្រអ្វីក្រចុះតែកុំក្រគំនិត” ។ រហូតខ្ញុំនឹកដល់ការប្រៀនប្រដៅរបស់ព្រះពុទ្ធរាប់ពាន់ឆ្នាំមកហើយថាគឺយើងជាអ្នកទទួលខុសត្រូវលើអ្វីៗដែលបានកើតឬមិនបានកើតឡើងនៅជុំវិញខ្លួនយើងស្របនឹងរូបមន្ត “គិត + កម្ម = ផល” ។

នៅយប់ថ្ងៃទី ២ មេសា នៅពេលខ្ញុំសរសេរបញ្ចប់អត្ថបទ ខ្ញុំបានឆែកមើលស្ថិតិប៊្លូមប៊ើរ៍គជាថ្មី ។ ស្ថិតិដែលខ្ញុំបានឃើញ ជម្រុញខ្ញុំឲ្យផ្លាស់ចំណងជើងអត្ថបទទៅជា “គិត + កម្ម = ផល” ។ តើហេតុអ្វីបានជាគេបានដឹងដែរអំពីការរីករាលដាលជំងឺឆ្លងនៅវូហានដែលមានទម្រង់ប្រហែលនឹងរោគ SARS (Severe Acute Respiratory Syndrome) នៅប្រទេសចិនឆ្នាំ២០០២ និងរោគ MERS (Middle East Respiratory Syndrome) នៅប្រទេស អារ៉ាប៊ី សេអ៊ូឌីត ឆ្នាំ ២០១២ ប៉ុន្តែធ្វើព្រងើយកន្តើយមិនចាត់វិធានការទប់ស្កាត់ឲ្យបានរហ័សរហួន ?

នៅយប់ថ្ងៃទី ២ មេសា ស្ថិតិប៊្លូមប៊ើរ៍គបង្ហាញថាមេរោគកូរ៉ូណាបានឆ្លងដល់មនុស្សក្នុងពិភពលោកចំនួនជាង ១ លាន ១ ម៉ឺននាក់និងបានធ្វើឲ្យមនុស្សក្នុងលោកស្លាប់ជាង ៥ ម៉ឺន ២ ពាន់នាក់ ។ ខ្ញុំធ្វើបញ្ជីលេខទៅឃើញថាពីព្រឹកថ្ងៃទី ១ មេសាដល់យប់ថ្ងៃទី ២ មេសា គឺរយៈពេល ១ យប់និង ២ ថ្ងៃ កូរ៉ូណាបានចម្លងរោគដល់មនុស្សជាង ១ សែន ៣ ម៉ឺននាក់ថែមទៀត និងបានធ្វើឲ្យមនុស្សស្លាប់ជាង ៨ ពាន់ ៨ រយនាក់ ។ នៅរយៈ ១ យប់និង ២ ថ្ងៃនោះ គឺពីព្រឹកថ្ងៃទី ១ មេសា ដល់យប់ថ្ងៃទី ២ មេសា មេរោគកូរ៉ូណាបានឆ្លងដល់ពលរដ្ឋអាមេរិកាំងចំនួនជាង ២ សែន ៤ ម៉ឺននាក់ ពោលគឺជាង ៥ ម៉ឺន ៥ ពាន់នាក់ និងបានធ្វើឲ្យស្លាប់ចំនួនជិត ៦ ពាន់នាក់ ពោលគឺជាង ២ ពាន់នាក់បន្ថែមទៀត ។
ខ្ញុំជូនស្ថិតិប៊្លូមប៊ើរ៍គនៅព្រឹកថ្ងៃទី ១ មេសា និងនៅយប់ថ្ងៃទី ២ មេសា ដើម្បីបង្ហាញនូវកំណាចសាហាវនិងកម្រិតល្បឿននៃមេរោគកូរ៉ូណា ។

យោងតាមស្ថិតិខាងលើ ខ្ញុំសន្និដ្ឋានថាស្ថិតិចំនួនមនុស្សដែលនឹងត្រូវមេរោគកូរ៉ូណាធ្វើឲ្យស្លាប់ទាំងនៅក្នុងពិភពលោកនិងនៅប្រទេសអាមេរិកនឹងកើនឡើងថែមទៀតពីព្រោះមកដល់ថ្ងៃនេះនៅមិនទាន់មានវ៉ាក់សុំាងការពារនៅឡើយទេ ។ ដូច្នេះស្ថិតិខាងលើនឹងដូរតួលេខមនុស្សឆ្លងរោគកូរ៉ូណានិងមនុស្សស្លាប់ដោយកូរ៉ូណា ។

ខាងក្រោមនេះគឺស្ថិតិប៊្លូមប៊ើរ៍គបង្ហាញលទ្ធផលនៃល្បឿនការឆ្លងរោគកូរ៉ូណាចាប់ពីយប់ថ្ងៃទី ២ មេសាដល់ព្រឹកថ្ងៃទី ៥ មេសា ឬ រយៈ ៣ យប់និង ២ ថ្ងៃ ។ មេរោគកូរ៉ូណាបានឆ្លងដល់មនុស្សជាង ២ សែន ១ ម៉ឺននាក់ថែមទៀតនៅក្នុងពិភពលោក និងបានធ្វើឲ្យមនុស្សជាង ១ ម៉ឺន ៣ ពាន់នាក់ស្លាប់ ។ នៅប្រទេសអាមេរិក រោគកូរ៉ូណាបានឆ្លងដល់ពលរដ្ឋជាង ៦ ម៉ឺន ៧ ពាន់នាក់ថែមទៀត និងធ្វើឲ្យស្លាប់ជាង ២ ពាន់ ៥ រយនាក់ ។

អ្វីដែលត្រូវចាប់អារម្មណ៍គឺរបាយការណ៍សង្ខេបសម្រាប់អ្នកកាសែតធ្វើឡើងដោយក្រុមការងារជំងឺមេរោគកូរ៉ូណានៅសេតវិមានអាមេរិកនាថ្ងៃចន្ទទី ៣០ ខែ មីនា ។ របាយការណ៍សង្ខេបនៅថ្ងៃនោះបានបង្ហាញនូវការអាប់អួរជាពន់ពេក ។

គេបានដឹងថាអ្នកជំនាញផ្នែកជំងឺឆ្លងនៃសេតវិមានអាមេរិកដែលមានលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅជី Dr. Anthony Fauci ជាអ្នកត្រួតពិនិត្យវិទ្យាស្ថានជាតិ “អាឡែរហ្សី” និងជំងឺឆ្លងតាំងពីឆ្នាំ ១៩៨៤ មក និងលោកស្រីវេជ្ជបណ្ឌិត ដេបូរ៉ា ប៊ើរ៍គស៍ Deborah Birx ជំនាញផ្នែកជំងឺឆ្លង និង ជាអ្នកសម្របសម្រួលបញ្ហាមេរោគកូរ៉ូណានៃសេតវិមាន មានទស្សនៈមិនសូវស៊ី
សង្វាក់ជាមួយចៅហ្វាយនាយគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ទេ ។

ខណៈលោក ត្រាំ មើលស្រាលជំងឺឆ្លង វេជ្ជបណ្ឌិត ហ្វៅជី បានផ្តោតលើការផ្តល់ការពិតអំពីល្បឿននិងលទ្ធភាពនៃការរីករាលដាលរបស់មេរោគកូរ៉ូណានិងអំពីវិធីប្រឈមនឹងមេរោគនេះ ។ លោកស្រីបណ្ឌិត ប៊ើរ៍គស៍ ផ្តោតទៅលើការផ្តល់ការពិតផងនិងប្រើការប៉ិនប្រសប់ផ្នែកការទូតជាមួយលោក ត្រាំ ផង ។ អ្នកជំនាញទាំងពីររូបប្រើវិធីលេបថ្មលេបក្រួសជាមួយចៅហ្វាយនាយ ។

នាពេលធ្វើរបាយការណ៍សង្ខេបថ្ងៃទី ៣០ មីនា ក្រុមការងារនៃសេតវិមានបានឲ្យដឹងថាដំណើរអភិវឌ្ឍន៍នៃជំងឺមេរោគកូរ៉ូណានៅប្រទេសអាមេរិកនឹងបណ្តាលឲ្យពលរដ្ឋអាមេរិកាំងចំនួនពី ១ លាន ៦ សែននាក់ដល់ ២ លាន ២ សែននាក់ស្លាប់ ។ នេះគឺជាព័ត៌មានអាប់អួរនិងគួរឲ្យតក់ស្លុត ។ ក្រុមការងារពន្យល់អំពីសារៈសំខាន់នៃការចៀសវាងជួបជុំគ្នាលើសពី ១០ នាក់ ។ ការចៀសវាងចាប់ដៃគួរសមគ្នា ។ ការរក្សាគម្លាតអំពីគ្នានៅក្នុងទីសាធារណៈ ឬបរិវេណលក់ដូរដែលគេហៅថា social distancing នៅក្នុងគោលដៅទប់មេរោគកុំឲ្យឆ្លងពីមនុស្សទៅមនុស្សបានស្រួលពេក ។

លោកស្រីបណ្ឌិត ប៊ើរ៍គស៍ បានថ្លែងអំពី “សេណារីយ៉ូករណីដ៏ល្អបំផុត” best case scenario ក្នុងការប្រឈមជំងឺកូរ៉ូណាថាទោះបីបើពលរដ្ឋអាមេរិកាំង “គ្រប់រូប” បំពេញករណីយកិច្ចបានល្អ “១០០%” តាម “គោលការណ៍ណែនាំ” Guidelines ដូចជារក្សាចម្ងាយពីគ្នាចំនួន ៦ ហ្វីត ឬ ១ ម៉ែត្រ ៨២ លាងដៃនឹងសាប៊ូប្រើទឹកក្តៅឲ្យបានញឹកញាប់ ចៀសវាងយកដៃពាល់មុខ ភ្នែក ច្រមុះ ចៀសវាងក្អកឬកណ្តាស់ ។ល។ ក៏នៅតែមានពលរដ្ឋអាមេរិកំាងចំនួនពី ១ សែន ទៅជាង ២ សែននាក់ដែលនឹងត្រូវស្លាប់ដោយជំងឺរាតត្បាតនេះ ។ “គោលការណ៍ណែនាំ” គឺគ្រាន់តែជាវិធីកាត់បន្ថយចំនួនមនុស្សស្លាប់ដែលពឹងផ្អែកទៅលើទង្វើរបស់ពលរដ្ឋ ។

ខ្ញុំសូមណែនាំបងប្អូនអានអត្ថបទមួយចេញផ្សាយនៅថ្ងៃទី ៣១ មីនា ក្រោមចំណងជើងថា “Trump says ‘nobody’ could’ve predicted a pandemic like coronavirus. Here are all the times he was warned about it and refused to take action” បកប្រែថា “លោក ត្រាំ និយាយថា “គ្មាននរណាម្នាក់” អាចទាយបានអំពីជំងឺរាតត្បាតដូចជាមេរោគកូរ៉ណា ។ ដំណាក់កាលនេះអ្នកជំនាញបានព្រមានលោកជាច្រើនលើកច្រើនសាអំពីរឿងនេះ ប៉ុន្តែលោកមិនព្រមចាត់ការអ្វីមួយសោះ” ។

ទោះបីលោក ដូណាល់ ត្រាំ ដែលបានហៅជំងឺឆ្លងមេរោគថាជា “ការបំភៃលេងសើច” a hoax និងបានអះអាងនៅថ្ងៃទី ៥ មករា ២០២០ ថា “យើងបានគ្រប់គ្រងជំងឺឆ្លងបានទាំងស្រុងហើយ” តែនៅថ្ងៃទី ២១ មករា រដ្ឋវ៉ាស៊ិនតោននៃប្រទេសអាមេរិកបានបញ្ជាក់ថាមេរោគកូរ៉ូណាបានឆ្លងមកដល់រដ្ឋរបស់គេហើយក្តី នៅថ្ងៃទី ១០ កុម្ភៈលោក ត្រាំ បានបញ្ចេញទ្រឹស្តីលោកថានៅពេលធាតុអាកាសប្រែជាក្តៅមេរោគកូរ៉ូណាក៏នឹងរលាយបាត់ជាមិនខាន ។ ទោះបីអង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ១១ មីនាថាជំងឺរោគឆ្លងកូរ៉ូណាជា “ជំងឺរាតត្បាត” a pandemic ដែលរីករាយដាលទូទាំងពិភពលោក ហើយលោក ត្រាំ បានប្រកាស “ភាពអាសន្នថ្នាក់ជាតិ” national emergency នៅថ្ងៃទី ១៣ មីនា ហើយរដ្ឋនានាមួយចំនួននៃសហរដ្ឋអាមេរិកចាប់ផ្តើមចេញបញ្ជានៅខែមីនាឲ្យពលរដ្ឋនៅផ្ទះនិងបិទទីកន្លែងដែលមានប្រជុំមនុស្សច្រើនដោយរដ្ឋខ្លះបញ្ជាឲ្យបិទថ្នាក់រៀនទៀតផង លោក ត្រាំ ឲ្យដឹងថាលោកចង់ឲ្យប្រទេសអាមេរិកបើកទ្វារធ្វើការជាធម្មតានៅថ្ងៃបុណ្យ Easter ទី ១២ មេសា ។

យ៉ាងដូច្នេះ ការប្រជុំក្រុមការងារមេរោគកូរ៉ូណានិងរបាយការណ៍សង្ខេបនៃសេតវិមានរបស់លោក ត្រាំ ដូចនិយាយត្រួសៗខាងលើជាការប្រជុំសំខាន់ណាស់ ពីព្រោះអ្វីៗដែលក្រុមការងារបានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី ៣០ មីនាអាចប្រៀបធៀបបានទៅនឹងដុំថ្មដុំក្រួសដែលលោក ត្រាំ ត្រូវលេបវិញម្តង ។

ដំណើររបស់លោក ត្រាំ ចាប់ពីបញ្ហាមេរោគឆ្លងគឺជាការបំភៃលេងសើច និងពីសេចក្តីថ្លែងការរបស់លោក ត្រាំ ថា “យើងបានគ្រប់គ្រងជំងឺឆ្លងបានទាំងស្រុងហើយ” មកដល់ពេលសន្និសីទផ្តល់របាយការណ៍សង្ខេបនាថ្ងៃទី ៣០ មីនាដែលលោកបានទទួលស្គាល់អំពី “ការស្លាប់រស់” ដោយសារមេរោគឆ្លងគឺជាដំណើរមួយវែងហួសប្រមាណសម្រាប់លោក ។

ឥឡូវនេះលោកបានប្រកាសថាប្រសិនបើមានពលរដ្ឋតែ ១ សែន ឬ ២ សែននាក់ត្រូវស្លាប់ដោយមេរោគកូរ៉ូណា “នេះគឺជាជោគជ័យសំខាន់ណាស់” របស់រដ្ឋាភិបាលរបស់លោក ។

សេតវិមានអាមេរិកបានព្រមានពលរដ្ឋអំពីរយៈប្រមាណជា “៣០ ថ្ងៃ” ទៅមុខទៀតថាជា រយៈដ៏ចុកចាប់បំផុតសម្រាប់ពលរដ្ឋដែលមានចំនួនច្រើននឹងត្រូវស្លាប់ ។ នៅថ្ងៃទី ៤ មេសា លោក ត្រាំ បំភ្លេចចោលអស់នូវពាក្យពេចន៍របស់លោកចោទប្រកាន់អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យនិងអ្នកកាសែតថាយករឿងមេរោគឆ្លងមកធ្វើជាលេសដើម្បីកុំឲ្យលោកជាប់ឆ្នោតជាប្រធានាធិបតីនៅខែវិច្ឆិកានេះ ដោយរំលឹកអ្នកកាសែតថាមនុស្សដែលត្រូវស្លាប់នឹងកើនចំនួននៅក្នុងពេល “១ អាទិត្យទៅ ២ អាទិត្យ” នៅខាងមុខនេះ ។

នៅថ្ងៃទី ៥ លោកស្រី ប៊ើរ៍គស៍ បានទូន្មានថា “២ សប្តាហ៍ខាងមុខនេះមានសារៈសំខាន់ហួសពីធម្មតា ដូច្នេះពលរដ្ឋមិនត្រូវចេញទៅផ្សារទិញគ្រឿងអាហារឬទៅឱសថស្ថានឡើយ” ។

លោក ហ្ចេរ៉ូម អាដាំស៍ Jerome Adams ជាមេដឹកនាំកំពូលផ្នែករោគឆ្លង Surgeon General បានថ្លែងប្រាប់ទូរទស្សន៍ Fox News ថាសប្តាហ៍ខាងមុខនេះគឺជា “វេលា Pearl Harbor វេលា 9/11 របស់យើង” និងជា “វេលាដ៏លំបាកបំផុតនៅក្នុងជីវិតពលរដ្ឋអាមរិកាំងច្រើននាក់” ។

គេថាមេរោគកូរ៉ូណានឹងធ្វើការញុំាញី ៧៥% នៃស្រុក counties ទាំងអស់នៅអាមេរិក ។

ខ្ញុំក៏ជាពលរដ្ឋអាមេរិកាំងម្នាក់ដែរ ។ តាមស្ថិតិជំរឿនឆ្នាំ ២០១០ ពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតជាខ្មែរមានចំនួនជាង ២ សែន ៧ ម៉ឺននាក់ដែលភាគច្រើនរស់នៅក្នុងរដ្ឋ កាលីហ្វួរនី រដ្ឋ ប៉ិនស៊ីលហ្វេនី និង រដ្ឋ ម៉ាសាឈូសិតស៍ ។

ខ្ញុំសូមបញ្ចប់អត្ថបទនេះត្រឹមនេះសិននិងសូមជូនពរម្តងទៀតដល់បងប្អូនខ្មែរនៅក្នុងនិងក្រៅប្រទេសកម្ពុជាសូមឲ្យបានជួបសេចក្តីសុខនិងចៀសផុតពីទុក្ខព្រួយនៅពេលជំងឺចម្លងមេរោគកូរ៉ូណា ឬ កូវិដ-១៩ ។ សូមលោកអ្នករង់ចាំអានអត្ថបទអំពីរឿងមេរោគកូរ៉ូណានៅលើកក្រោយទៀត ។

ស្ថិតិប្លូមប៊ើរ៍គ ចុងក្រោយ
១២ មេសា ២០២០

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។