កូវិដ-១៩ ៖ ការពិតនិងនយោបាយូបនីយកម្ម

«កូវិដ-១៩ ៖ ការពិតនិងនយោបាយូបនីយកម្ម» 

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៦ ខែ មេសា ឆ្នាំ២០២០

ចំណេះដឹងគឺជាអំណាច ។ យើងយកចំណេះដឹងមកគំាពារខ្លួនយើងផងនិងរៀបចំដំណើរជីវិតឆ្ពោះទៅកាន់អនាគតចម្រុងចម្រើនផង ។ តែចំណេះដឹងមានប្រយោជន៍តែនៅពេលយើងយកវាមកប្រើការតាមសម្មាទិដ្ឋិ ។ បើមិនដូច្នោះទេ ចំណេះដឹងប្រៀបបានទៅនឹងសំបកលៀសសមុទ្រដែលមនុស្សរើសយកមកទុកក្នុងប្រអប់មួយដាក់នៅកៀនជញ្ជំាង ។ ព្រះពុទ្ធបានបង្រៀនមនុស្សជាង ២៥០០ ឆ្នាំមកហើយថាមនុស្សយើងជាអ្នកបង្កើតពិភពមួយដែលយើងចង់បានស្របទៅតាមគំនិតរបស់យើង ។ បើយើងប្រើគំនិតស្រមើស្រមៃនិងប្រើចំណេះដឹងមករចនាច្នៃប្រឌិតអ្វីដែលយើងចង់បាន តើមានអ្វីដែលយើងមិនអាចបង្កើតបាន ? កង្វះនៃការព្យាយាមបានទប់មនុស្សដែលគ្មានឆន្ទៈមិនឲ្យដើរឆ្ពោះទៅកាន់វឌ្ឍនភាព ។ ព្រះពុទ្ធបានបង្រៀនថាមនុស្សដែលចង់នៅទំនេរមានជីវិតខ្លី មនុស្សដែលឧស្សាហ៍មានជីវិតវែងនិងមានប្រយោជន៍ មនុស្សល្ងង់ចង់នៅទំនេរ មនុស្សឧស្សាហ៍ចង់ចេះដឹង ។

ខ្ញុំបានសរសេរជារឿយៗអំពីសង្គមូបនីយកម្ម socialization ដែលជាដំណើរការវែងមួយនៅក្នុងជីវិតមនុស្សចាប់ពីវ័យកុមាររហូតដល់វ័យចាស់ ។ ដំណើរការនេះចប់នៅពេលមនុស្សស្លាប់ ។ នៅក្នុងដំណើរការនេះ ភ្នាក់ងារសង្គមូបនីយកម្ម socialization agents ចំនួន ៧ ជះឥទ្ធិពលរបស់ខ្លួនមកលើដំណើរជីវិតដែលជួបពិសោធនឹងវប្បធ៌មសង្គម បណ្តុះបង្កើតនូវគុណតម្លៃ values និងជំនឿ beliefs ។ គឺទំនាក់ទំនងវប្បធម៌សង្គមនិងគុណតម្លៃនិងជំនឿរបស់មនុស្សនេះហើយដែលវេញត្បាញបង្កើតឥរិយាបថ attitude នៃវិចារណញ្ញាណ ។

ដំណើរការនេះគឺជាសង្គមូបនីយកម្មនយោបាយ political socialization ដែលជម្រុញមនុស្សឲ្យមានវិញ្ញាណដឹងយល់អំពីអ្វីៗនៅជុំវិញខ្លួន ។ វិញ្ញាណដឹងយល់នេះជះឥទ្ធិពលតម្រង់មនុស្សឆ្ពោះទៅធ្វើសកម្មភាព action ឬមិនធ្វើសកម្មភាព inaction ។ លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំអាចអានអត្ថបទខ្ញុំស្តីអំពីសង្គមូបនីយកម្មនយោបាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។

បរមគ្រូ ខុង ជឺ បានទូន្មានមនុស្សតាំងពីសម័យមុនគ្រិស្តសករាជថា “អ្នកមិនអាចបើកសៀវភៅហើយមិនបានរៀនអ្វីសោះនោះទេ” ។ ព្រះពុទ្ធក៏បានផ្តល់រូបមន្ត “គិត-កម្ម-ផល” ផងដែរ ។

នៅថ្ងៃនេះខ្ញុំសូមបន្តអត្ថបទអំពីមេរោគកូរ៉ូណា ។ នៅថ្ងៃទី ១២ ខែមេសា២០២០ ប្រេសិតម្នាក់នៃ “អង្គការសុខភាពពិភពលោក” World Health Organization (W.H.O.) គឺលោក ដេវិឌ ណាបារោ David Nabarro បានថ្លែងប្រាប់បណ្តាញទូរទស្សន៍ អ៊ិនប៊ីស៊ី NBC ថា “មេរោគឆ្លងកូរ៉ូណានឹងនៅញំាញីពូជមនុស្សជាយូរអង្វែងទៅមុខទៀតរហូតដល់ពេលយើងម្នាក់ៗអាចមានវ៉ាក់សំាងការពារខ្លួនយើងបាន” ។

យ៉ាងដូច្នេះ វិធីរក្សាគម្លាតពីគ្នាហៅថា social distancing និងការរក្សាអនាម័យផ្ទាល់ខ្លួនមិនបំបាត់មេរោគឆ្លងនេះបានទេ តែជាវិធីទប់ស្កាត់មេរោគឆ្លងដោយបន្ថយចំនួនមនុស្សដែលត្រូវជំងឺមេរោគកូរ៉ូណាឆ្លងដល់និងដែលត្រូវស្លាប់ ។ ទោះបីមានក្រុមហ៊ុនមួយចំនួនកំពុងព្យាយាមបង្កើតវ៉ាក់សំាងយ៉ាងញាប់ដៃក្តី អ្នកជំនាញជំងឺមេរោគកូវិដ-១៩ ព្រមានថាទាល់តែដល់ ១២ ទៅ ១៨ ខែទៀតទើបអាចបង្កើតវ៉ាក់សំាងនេះបាន និងអ្នកជំនាញខ្លះទៀតរំលឹកថា ១២ ទៅ ១៨ ខែទៀតដូចជាសុទិដ្ឋិពេកហើយ ។

ការពិតគេមិនដឹងច្បាស់ទេថាមេរោគកូរ៉ូណានេះមកពីណា ក្រៅពីថាមីក្រុបដែលបង្កើតមេរោគឆ្លងកូវិដ-១៩ ជាមេរោគកូរ៉ូណាប្រភេទថ្មី novel coronavirus ឬ 2019-nCoV ដែលមានទម្រង់ប្រហែលនឹងរោគ SARS (Severe Acute Respiratory Syndrome) នៅប្រទេសចិនឆ្នាំកាលពី ២០០២ ដែលនាំឲ្យគេហៅជំងឺផ្លូវដង្ហើមចម្លងដោយមេរោគកូរ៉ូណាប្រភេទថ្មីថា SARS-CoV-2 និងមានទម្រង់ប្រហែលនឹង MERS (Middle East Respiratory Syndrome) នៅប្រទេសអារ៉ាប៊ីសេអ៊ូឌីតឆ្នាំ ២០១២ ។ អាសន្នរោគទាំងពីរនេះកើតមកពីមេរោគបេតាកូរ៉ូណា Betacoronavirus ឬ β-Coronavirus ដែលឆ្លងចេញពីសត្វប្រចៀវ bats ថនិកសត្វហោះចម្លងរោគទៅសត្វពង្រូល pangolin និងសត្វសំពោច civet cat ដែលចម្លងរោគដល់មនុស្ស ។ បន្ទាប់មក មេរោគនេះក៏ឆ្លងដល់មនុស្សតាមរយៈផស្ស ។ នៅស្រុកអារ៉ាប់ សត្វប្រជៀវចម្លងរោគទៅសត្វអូដ្ឋដែលចម្លងរោគបន្តទៅមនុស្ស ។ បច្ចុប្បន្ននេះគឺមនុស្សចម្លងមេរោគ កូវិដ-១៩ ទៅមនុស្សផ្សេងទៀត ។

រោគសញ្ញានៃមេរោគកូរ៉ូណាប្រភេទថ្មីបានបង្ហាញខ្លួននៅទីក្រុងវ៉ូហាន Wuhan ខេត្ត ហ៊ូបី Hubei ប្រទេសចិនតាំងតែពីដើមខែធ្នូ ឆ្នាំ២០១៩ ។ នៅថ្ងៃទី ១០ ធ្នូ លោក វៃ ហ្គីហ្សៀន Wei Guixian បានធ្លាក់ឈឺដោយមានមេរោគឆ្លងចូលក្នុងសួតទាំងពីររបស់លោក ។ ប្រំាមួយថ្ងៃក្រោយមកលោកបានចូលមន្ទីរពេទ្យ Wuhan Central Hospital ។ គេដឹងថាអ្នកជំងឺនេះជាអ្នកចេញចូលទីផ្សារលក់អាហារសមុទ្រ លក់សាច់សត្វព្រៃនិងសត្វស្រុក និងលក់សត្វរស់ ។ គេហៅទីផ្សារនេះថា wet market ។ នៅក្នុងចំណោមអ្នកជំងឺ ៤១ នាក់នៅវូហាន មានអ្នកជំងឺ ២៧ នាក់ ឬ ៦៦% រួមទាំងលោក វៃ ហ្គីហ្សៀន ដែលបានចេញចូលទិញដូរនៅទីផ្សារ wet market នោះ ។

នៅថ្ងៃទី ៣១ ធ្នូ ២០១៩ មន្ត្រីសុខាភិបាលទីក្រុងវូហានបានថ្លែងថាមេរោគឆ្លងដែលស្រដៀងនឹងមេរោគ SARS បានឆ្លងដល់មនុស្ស ២៧ នាក់នៅវូហាន ហើយរដ្ឋាភិបាលចិនក៏ប្រាប់ទៅអង្គការសុខភាពពិភពលោក World Health Organization (W.H.O.) អំពីករណីទាំង ២៧ នោះ ។ នៅថ្ងៃទី ១ មករា ២០២០ គេបានបិទទីផ្សារ wet market នៅ វូហាន ។ នៅថ្ងៃទី ៤ អង្គការ W.H.O. បានឲ្យដឹងថាគេកំពុងតាមដានព្រឹត្តការណ៍នេះដោយយកចិត្តទុកដាក់ ។ ខណៈនៅអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំបានប្រកាសនៅថ្ងៃទី ៥ មករាថាកុំឲ្យពលរដ្ឋភ័យព្រួយពីព្រោះ “យើងគ្រប់គ្រងជំងឺនេះបានទាំងស្រុងហើយ” នៅថ្ងៃទី ៨ “មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺ” Centers for Disease control and prevention (CDC) បានព្រមានថាមានរោគសួតម្យ៉ាង pneumonia-like ដែលគេនៅមិនទាន់ស្គាល់បុព្វហេតុបានកើតមាននៅប្រទេសចិនហើយ ។ បីថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី ១១ មករាអ្នកជំងឺចិនម្នាក់អាយុ ៦១ ឆ្នាំដែលធ្លាប់ចេញចូល wet market បានទទួលមរណភាពដោយសារមេរោគនេះ ។ នៅថ្ងៃទី ១៣ អាសន្នរោគនេះបានឆ្លងមកដល់ប្រទេសថៃ ថ្ងៃទី ១៦ ដល់ប្រទេសជប៉ុន ថ្ងៃទី ២០ ដល់ប្រទេសកូរ៉េខាងត្បូង ។

នៅថ្ងៃទី ២០ មករា ជំនាញចិនផ្នែកជំងឺឆ្លង គឺលោក ហ្សុង ណាន់ហ្សាន់ Zhong Nanshan បានថ្លែងបញ្ជាក់តាមទូរទស្សន៍របស់រដ្ឋថាមេរោគឆ្លងថ្មីនេះជាមេរោគដែល “រីករាលដាលពីមនុស្សមួយទៅមនុស្សមួយ” ។ នៅថ្ងៃទី ២៣ មករា រដ្ឋាភិបាលចិនកាត់ផ្តាច់ចរាចរចេញចូលទីក្រុងវូហានដែលមានពលរដ្ឋជាង ១១ លាននាក់រស់នៅ ហើយនៅទីបញ្ចប់បានកាត់ផ្តាច់ខេត្ត ហ៊ូបី ដែលមានពលរដ្ឋចំនួន ៦០ លាននាក់ពីពិភពក្រៅ a lockdown ។ ប្រជាពលរដ្ឋចិនទាំងមូលមានចំនួន ១.៣ កោដិនាក់ ។

នៅថ្ងៃទី ២០ មករានោះ CDC ថ្លែងបញ្ជាក់អំពីករណីទី១ នៃមេរោគឆ្លងនៅស្រុកស្ណូហូម៉ីហ្ស Snohomish នៃរដ្ឋវ៉ាស៊ិនតោន Washington State សហរដ្ឋអាមេរិក ដោយពលរដ្ឋម្នាក់អាយុ ៣៥ ឆ្នាំទើបតែត្រឡប់ពីទីក្រុងវូហាននៅ ៥ ថ្ងៃមុន ។ សូមកត់សំគាល់ថាពីរថ្ងៃបន្ទាប់មកគឺនៅថ្ងៃទី ២២ មករា អង្គការ W.H.O. បានចេញប្រកាសនៅក្រោមឈ្មោះ “ការព្រួយបារម្ភអន្តរជាតិអំពីភាពអាសន្ននៃសុខភាពសាធារណៈ” Public Health Emergency of International Concern (PHEIC) ថាមានភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់អំពីមេរោគថ្មីនេះឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតនៅទីក្រុងវូហាន ។ នៅថ្ងៃទី ២៤ មករា លោក ត្រាំ បានថ្លែងថា “អ្វីៗនឹងដំណើរការល្អទេ” – “it will work out well” ។ នៅថ្ងៃទី ៣១ មករាលោកត្រំាបញ្ជាហាមអ្នកដំណើរពីប្រទេសចិនចូលអាមេរិក ។

ប៉ុន្តែកាសែតនូវយ៉កថែមស៍បានផ្សាយថាតាមស្ថិតិដែលគេបានមកពីក្រសួងអន្តោប្រវេសន៍គេឃើញថានៅបន្ទាប់ពីចិនបានបញ្ជាក់នៅថ្ងៃទី ៣១ ធ្នូ ២០១៩ អំពីមេរោគចម្លែកនៅទីក្រុង វូហាន អ្នកដំណើរយ៉ាងតិច ៤៣០ ពាន់នាក់បានចូលមកសហរដ្ឋអាមេរិកតាមយន្តហោះពីប្រទេសចិន ។ នៅក្នុងចំនួននោះ មានអ្នកដំណើរជិត ៤ ម៉ឺននាក់បានចូលមកអាមេរិកក្នុង រយៈពីរខែក្រោយពីលោកត្រាំបានបញ្ជាហាមចូលអាមេរិកមក គឺក្នុងខែមករានិងកុម្ភៈ ។

ខណៈរដ្ឋវ៉ាស៊ិនតោន Washington State ប្រកាសថាមានពលរដ្ឋគេម្នាក់អាយុប្រមាណជា ៥០ ឆ្នាំបានស្លាប់នៅថ្ងៃទី ២៩ កុម្ភៈដោយមេរោគកូរ៉ូណា ដំណឹងថ្មីៗនេះបានឲ្យដឹងថាមរណភាពពលរដ្ឋអាមេរិកកើតមាននៅមុនថ្ងៃទី២៩ ទៅទៀត គឺមានពលរដ្ឋពីរនាក់បានស្លាប់ដោយមេរោគកូរ៉ូណានៅស្រុក សាន់តា ក្លែរ៉ា Santa Clara រដ្ឋកាលីហ្វួរន្យា ម្នាក់នៅថ្ងៃទី ៦ និងម្នាក់ទៀតនៅថ្ងៃទី ១៧ ខែកុម្ភៈ ។ ចាប់ពីថ្ងៃទី ១០ កុម្ភៈតមក លោកត្រាំបានថ្លែងរំលឹកជាញឹកញាប់ថា “តាមទ្រឹស្តី តែកាលណាធាតុអាកាសឡើងក្តៅបន្តិចមេរោគឆ្លងនឹងរលាយខ្សុលបាត់” និងថា “ស្ថិតិនឹងបង្ហាញតួលេខរឹតតែល្អជាងសព្វថ្ងៃទៅទៀត” ។ល។ ក៏ប៉ុន្តែប្រទេសបារំាងបញ្ជាក់ថាមេរោគបានផ្តាច់ជីវិតទី ១ របស់ពលរដ្ឋបារាំង ប្រទេសអ៊ីតាលីបញ្ជាក់ថាមេរោគបានឆ្លងដល់ពលរដ្ឋគេចំនួន ១៣២ នាក់ហើយ ។

នៅថ្ងៃទី ១១ មីនា ២០២០ អង្គការ W.H.O. ប្រកាសជំងឺរោគឆ្លងកូវិដ-១៩ ថាជា “ជំងឺឆ្លងរាលដាលពេញពិភពលោក” a pandemic ឬ ជំងឺរាត្បាត ។ លោកត្រាំប្រកាស “ភាពអាសន្នជាតិ” national emergency នៅថ្ងៃទី ១៣ មីនា ។ នៅថ្ងៃទី ១៦ មីនា “មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ” CDC បានបញ្ចេញនូវ “ផែនការណ៍ណែនាំ” មួយក្នុងគោលទប់ស្កាត់មេរោគឆ្លងកូវិដ-១៩ ខណៈដែលនៅមិនទាន់មានវ៉ាក់សំាងការពារខ្លួននៅឡើយ ។

ខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំលើកមុនណែនាំលោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំដោយវិទ្យុខ្មែរពិភពលោកឲ្យចាប់អារម្មណ៍អំពីសន្និសីទនៅសេតវិមាននាថ្ងៃទី ៣០ មីនា ២០២០ ដែលលោកប្រធានាធិបតីត្រាំបានបញ្ចេញជំហរនិងគំនិតដែលឃ្លាតចាកពីការថ្លែងរបស់លោកជាប្រចាំថាជំងឺឆ្លងមេរោគកូរ៉ូណាជា “ការបំភៃលេងសើច” a hoax ។ នៅថ្ងៃនោះលោកចូលថ្លែងការរួមជាមួយក្រុមការងារមេរោគកូរ៉ូណា Task Force — ដែលមានជំនាញជំងឺឆ្លង គឺលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅជី Anthony Fauci អ្នកត្រួតពិនិត្យវិទ្យាស្ថានជាតិ “អាឡែរហ្សី” និងជំងឺឆ្លងចំនួន ៣៦ ឆ្នំាមកហើយ និងលោកស្រីវេជ្ជបណ្ឌិត ដេបូរ៉ា ប៊ើរ៍គស៍ Deborah Birx ដែលធ្លាប់បំរើកងទ័ពជើងគោកសហរដ្ឋអាមេរិកពីឆ្នាំ ១៩៩៤ ដល់ ២០០៨ និងមានឋានន្តរសក្តិជាវរសេនីយឯកនិងជាអ្នកសម្របសម្រួលបញ្ហាជំងឺមេរោគឆ្លងនៃសេតវិមាន — ជម្រុញឲ្យមានការគាំទ្រដល់ “ផែនការណ៍ណែនាំ” ទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណា ។

នៅក្នុងសន្និសីទសេតវិមាននៅថ្ងៃទី ៣០ មីនានោះ លោកប្រធានាធិបតី ត្រាំ ថ្លែងរួមជាមួយក្រុមការងារជំងឺឆ្លងថាមេរោគកូរ៉ូណានឹងធ្វើឲ្យពលរដ្ឋចំនួនពី ១ លាន ៦ សែននាក់ដល់ ២ លាន ២ សែននាក់ស្លាប់ ។ “ផែនការណ៍ណែនាំ” Guidelines របស់មជ្ឈមណ្ឌល CDC បានទៅជា “ផែនការណ៍ណែនាំអំពីមេរោគកូរ៉ូណារបស់លោកប្រធានាធិបតីត្រាំសម្រាប់ប្រទេសអាមេរិក” និងផ្តល់អនុសាសន៍ឲ្យពលរដ្ឋធ្វើតាមរយៈ “៣០” ថ្ងៃទៅមុខទៀត គឺរហូតដល់ដាច់ខែមេសា ។ លោកត្រាំនិងក្រុមការងារជំងឺឆ្លងរួមសំដីគ្នាប្រកូកប្រាប់ពលរដ្ឋអំពីការចាំបាច់ធ្វើតាម “ផែនការណ៍ណែនាំ” ដែលផ្តោតខ្លាំងទៅលើគម្លាតពីគ្នានិងការរក្សាអនាម័យផ្ទាល់ខ្លួន ។ មានអ្នកកាសែតខ្លះបានលាន់មាត់ថាលោក ត្រាំ ហាក់ដូចជាបានស្តាប់ឮការទូន្មានណែនាំរបស់អ្នកជំនាញជំងឺរោគឆ្លងហើយ ។ ប៉ុន្តែមានអ្នកកាសែតខ្លះទៀតថាកុំឲ្យសន្មត់ដូច្នេះរហ័សពេក ពីព្រោះការពិតអំពីកូវិដ-១៩ជារឿងមួយ ការយកកូវិដ-១៩មកធ្វើនយោបាយូបនីយកម្មជារឿងផ្សេងមួយទៀត ។ អ្នកសង្កេតការណ៍កម្ពុជាជជែកគ្នាមកដល់សព្វថ្ងៃអំពីរបៀបលោកត្រាំប្រឈមជំងឺរោគឆ្លង ។ ស្ថិតិមិនភភូតទេ វាបង្ហាញចំនួនមនុស្សដែលរងគ្រោះដោយសារកូវិដ-១៩ និងចំនួនមនុស្សដែលបានស្លាប់ដោយសារមេរោគនេះ ។

ខ្ញុំសូមបើកវង់ក្រចករំលឹកថា ទោះបីលោកត្រាំបានរួមជាមួយនឹងក្រុមការងារប្រកាសអំពីចំនួនមនុស្សដែលនឹងត្រូវស្លាប់ក្នុងរយៈ “២” សប្តាហ៍ ទៅ “៣០” ថ្ងៃទៀត នៅមួយអាទិត្យមុនសន្និសីទ គឺនៅថ្ងៃទី ២៤ ខែមីនា លោកត្រាំបានប្រាប់ឲ្យដឹងថាលោកចង់ឲ្យអាមេរិកបើកទ្វារធ្វើការជាធម្មតាវិញនៅថ្ងៃទី ១២ មេសាដែលត្រូវចំនឹងបុណ្យ Easter ទោះបីអ្នកជំនាញផ្នែកខាងជំងឺឆ្លងបានប្រាប់លោកថាមិនអាចបើកទ្វារបាននៅឡើយក្តី ។ នៅក្នុងអត្ថបទខ្ញុំលើកមុនខ្ញុំបានចុះផ្សាយស្ថិតិប៊្លូមប៊ើរ៍គដែលផ្សាយថានៅថ្ងៃទី ១២ មេសា មេរោគកូរ៉ូណាបានឆ្លងដល់ពលរដ្ឋអាមេរិកចំនួនជាង ៥ សែន ២ ម៉ឺននាក់ និងបានធ្វើឲ្យស្លាប់ជាង ២ ម៉ឺន ៧ រយនាក់ ។ បិទវង់ក្រចក ។

នៅព្រឹកថ្ងៃអាទិត្យទី ២៦ មេសា ខ្ញុំបានស្តាប់វិចារណកថាប្រចាំថ្ងៃអាទិត្យរបស់លោក ហ្វារីដ ហ្សាក់ការីយ៉ា Fareed Zakaria អ្នករៀបចំកម្មវិធី GPS (Global Public Square ឬ ទីលានសាធារណៈសកល) របស់បណ្តាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន CNN ។ GPS ផ្តោតការពិភាក្សាទៅលើកិច្ចការក្រៅប្រទេសនិងព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ជីវិតមនុស្ស ។ លោក Zakaria បាននិយាយអំពីយុទ្ធសាស្ត្រ “ពន្លាត់ក្នុងចេញក្រៅ” ក្នុងការប្រកួតរបស់លោកត្រំាដើម្បីឈ្នះការបោះឆ្នោត “inside-out reelection strategy” ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមធ្វើជាអ្នកដឹកនាំប្រទេសផងនិងធ្វើជាអ្នកនៅក្រៅសៃវៀននយោបាយវាយប្រហារមេដឹកនាំផងនៅក្នុងកម្មវិធីប្រឈមមេរោគកូវិដ-១៩ ។ លោក Zakaria កត់សំគាល់ថាទោះបីលោកត្រាំបញ្ចេញក្បាច់រំារែកពីរបែបខុសគ្នានៅក្នុងគ្រាតែមួយក្តី តាមការពិតលោកត្រាំចេះរាំតែមួយបែបទេ ។

ខ្ញុំសូមបញ្ចប់អត្ថបទនៅថ្ងៃនេះដោយដកស្រង់ពាក្យសំដីរបស់លោកអគ្គនាយកអង្គការសុខភាពពិភពលោក W.H.O. គឺលោក ថេឌ្រោស អាដេណុំ ហ្គេប៊្រៃយ៉េស៊ូស Tedros Adhanom Ghebreyesus ដែលបានថ្លែងនៅថ្ងៃទី ២០ មេសាអំពីដំណើរមេរោគរាតត្បាតកូរ៉ូណាថា៖ “សូមជឿយើងចុះ សភាពធ្ងន់ធ្ងរបំផុតគឺស្ថិតនៅពេលខាងមុខយើងនៅឡើយ . . . មានមនុស្សច្រើនណាស់នៅមិនទាន់យល់អំពីមេរោគឆ្លងនេះទេ” ។ អំឡុងពេលសេចក្តីផ្លែងការណ៍នេះចេញមក មានប្រទេសមួយចំនួនរួមទាំងអាមេរិកផងកំពុងខ្វល់ខ្វាយបើកទ្វារធ្វើការឡើងវិញទោះបីមានប្រទេសខ្លះដូចជាប្រទេស សិង្ហបុរី ជាដើមបានត្រូវមេរោគកូវិដ-១៩ វិលបកមកញុំាញីសាថ្មីក៏ដោយ ។

នៅថ្ងៃទី ២១ មេសា ស្ថិតិប៊្លូមប៊ើរ៍គ ចុះផ្សាយថា ចំនួនមនុស្សនៅក្នុងពិភពលោកដែលត្រូវមេរោគកូរ៉ូណាឆ្លងដល់មានជាង ២ លាន ៥ សែននាក់និងមនុស្សដែលស្លាប់មានជាង ១ សែន ៧ ម៉ឺននាក់ ។ នៅប្រទេសអាមេរិក មេរោគបានឆ្លងដល់ពលរដ្ឋចំនួនជាង ៧ សែន ៨ ម៉ឺននាក់និងធ្វើឲ្យស្លាប់ជាង ៤ ម៉ឺន ២ ពាន់នាក់ ។

នៅព្រឹកថ្ងៃទី ២៦ មេសាដែលជាថ្ងៃខ្ញុំសរសេរអត្ថបទនេះ ចំនួនមនុស្សនៅក្នុងពិភពលោកដែលមេរោគកូរ៉ូណាបានឆ្លងដល់មានជាង ២ លាន ៩ សែននាក់ គឺបន្ថែមជាង ៤ សែន ២ ម៉ឺននាក់លើសពីថ្ងៃទី ២១ និងមនុស្សដែលស្លាប់មានជាង ២ សែន ៣ ពាន់នាក់ គឺបន្ថែមជាង ៣ ម៉ឺន ១ ពាន់នាក់លើសពីថ្ងៃទី ២១ ។ ចំនួនពលរដ្ឋអាមេរិកដែលត្រូវមេរោគកូរ៉ូណាឆ្លងដល់មានជាង ៩ សែន ៣ ម៉ឺននាក់ គឺបន្ថែមជាង ១ សែន ៥ ម៉ឺននាក់លើសពីថ្ងៃទី ២១ និងពលរដ្ឋដែលស្លាប់មានជាង ៥ ម៉ឺន ៣ ពាន់នាក់ គឺបន្ថែមជាង ១ ម៉ឺន ១ ពាន់នាក់លើសពីថ្ងៃទី ២១ ។

ខ្ញុំសូមជូនពរដល់លោកអ្នកអាននិងស្តាប់ការផ្សាយអត្ថបទខ្ញុំសូមចៀសឲ្យផុតពីជំងឺរោគរាតត្បាតដែលញំាញីមនុស្សនៅគ្រប់ទីកន្លែង ហើយខ្ញុំនឹងវិលមកជួបលោកអ្នកវិញតាមអត្ថបទនៅលើកក្រោយ ។

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។