ការវិវត្តនៃភាពជាអ្នកដឹកនាំអាមេរិក

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១៨ ខែ កក្កដា ឆ្នាំ ២០២០

 

ការធ្វើចំណាកស្រុក migration គឺជាការធ្វើចលនាពីទីកន្លែងមួយទៅទីកន្លែងមួយទៀតក្នុងគោលបំណងរស់នាទីកន្លែងថ្មីមួយរយៈ ឬជារៀងរហូត ។ បុព្វហេតុបរិស្ថាន សេដ្ឋកិច្ច វប្បធម៌ សង្គម ឬ នយោបាយ ជំរុញមនុស្សឲ្យធ្វើចំណាកស្រុក ។ គោលបំណងនៃការធ្វើចំណាកស្រុកគឺស្វែងរកភាពប្រសើរនៅទីកន្លែងថ្មី ។ ការធ្វើចំណាកស្រុកគឺជាអព្ភូតហេតុអចិន្ត្រៃយ៍របស់មនុស្សជាតិ ។

ជនចំណាកស្រុក migrants ជាមនុស្សឆ្លងពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយទៀតដើម្បីស្វែងរកសុខុមាលភាពនិងសភាវៈទ្រទ្រង់ហើយក៏ត្រឡប់ទៅទីកន្លែងដើមវិញបន្ទាប់ពីស្ថានភាពជីវិតគាប់ប្រសើរ ។ ជនចំណាកស្រុកដែលមានបំណងរស់នៅទីកន្លែងថ្មីជាអចិន្ត្រៃយ៍ជាជនអន្តោប្រវេសន៍ immigrants ។

នៅប្រទេសអាមេរិក បុព្វបុរសនៃជនជាតិដើមអាមេរិកហៅថា Native Americans ជាមនុស្ស ចំណាកស្រុក migrants ពីទ្វីបអាស៊ី ។ យ៉ាងហោច ១ ម៉ឺន ៥ ពាន់ឆ្នាំមកហើយដែលពួកគេបានដើរឆ្លងកាត់តំបន់ បែរ៍អ៊ិនហ្ជៀ Beringia ដែលភ្ជាប់ទ្វីបអាស៊ី ពីស៊ីប៊ែរី Siberia ទៅកាន់ទ្វីបអាមេរិក ។ អ្នកខ្លះបញ្ឈប់ដំណើរនៅភូមិភាគអាមេរិកខាងជើងដែលពួកគេហៅថា “កោះអណ្តើក” Turtle Island ។ អ្នកខ្លះទៀតបន្តដំណើររហូតដល់ភូមិភាគអាមេរិកខាងត្បូង ។ អ្នកដែលជ្រើសរើសសាងសង់ទីលំនៅនិងចងក្រងវប្បធម៌របស់ខ្លួននៅទីកន្លែងថ្មីជាជនអន្តោប្រវេសន៍ដែលរៀបចំខ្លួនជាម្ចាស់ទឹកដី ។ នៅអាមេរិកសព្វថ្ងៃមានកុលសម្ព័ន្ធជនជាតិដើមចំនួនជាង ៥០០ ដែលមានឈ្មោះផ្សេងៗដូចជាឈែរ៉ូគី Cherokee ឆៃយ៉ែន Cheyenne ណាវ៉ាហូ Navajo ជាដើម ។ ពួកគេគឺជាជនជាតិដើមអាមេរិក ។

ក៏ប៉ុន្តែមនុស្សចំណាកស្រុកដែលជាជនអន្តោប្រវេសន៍និងជាជនជាតិដើមអាមេរិកត្រូវបានមនុស្សចំណាកស្រុកថ្មីចេញពីនិគមនានានៅទ្វីបអឺរ៉ុបមកកសាងអាណានិគមនៅទ្វីបអាមេរិកបណ្តាលឲ្យជនជាតិដើមបាត់បង់ទឹកដីនិងលំនៅឋានរបស់ខ្លួន ។ ជនចំនូលថ្មីបាននាំមកជាមួយនូវជំងឺដែលបង្កឲ្យជនជាតិដើមស្លាប់ហិនហោចខ្លោចផ្សា ។ ផ្គួបផ្សំនឹងសង្គ្រាម ជនជាតិដើមអាមេរិកត្រូវបានពួកអាណានិគមនិយមមកពីទ្វីបអឺរ៉ុបគាស់រំលើងកំចាត់បង់បន្តិចម្តងៗ ។
មានពាក្យមួយឃ្លានិយាយថាជនជាតិអឺរ៉ុបធ្វើអាណានិគមូប្បនីយកម្មទ្វីបអាមេរិកដើម្បី “God, Gold, Glory” ឬផ្សព្វផ្សាយសាសនា ស្វែងរកមាសនិងភាពរុងរឿងឆព្វណ្ណរង្សី អាណានិគមនិយមជាតិអឺរុបមានបំណងប្រមូលធនធានធម្មជាតិបង្កើនទ្រព្យសម្បត្តិនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក ។  ការរុករក “ពិភពថ្មី” ជាការបើកទ្វារឲ្យអាណានិគមូប្បនីយកម្មទ្វីបអាមេរិក ។ នៅក្រោមការឧបត្ថម្ភនៃប្រទេសអេស្ប៉ាញ នៅឆ្នាំ ១៤៩២ អ្នករុករកជាតិអ៊ីតាលីឈ្មោះលោក គ្រីសស្តូហ្វឺរ៍ កូឡុមប៊ើស បានមកចតសំពៅនៅកោះ ការីបប៊ៀន ដែលសព្វថ្ងៃហៅថាកោះ បាហាម៉ាស៍ និងបានឆ្វែលឆ្នេរសមុទ្រភូមិភាគអាមេរិកកណ្តាលនិងអាមេរិកខាងត្បូង តែមិនបានទៅដល់ភូមិភាគអាមេរិកខាងជើងទេ ។ លោកបានប្រកាសថាទ្វីបអាមេរិកជាទ្រព្យសម្បត្តិរបស់ប្រទេសអេស្ប៉ាញ ។ រយៈជាងបីសតវត្សបន្ទាប់មក ចក្រភពអេស្ប៉ាញបានពង្រីកអាណានិគមរបស់ខ្លួននៅលើ “ពិភពថ្មី” ពីកោះការីបប៊ៀនទៅដល់ភូមិភាគអាមេរិកកណ្តាលនិងខាងត្បូងហើយនិងភូមិភាគអាមេរិកខាងជើង (រួមទាំងប្រទេសម៉ិចស៊ិកូនិងហ្វ្ល័រីដា ) ។ ចាប់ពីឆ្នាំ ១៤៩២ មកដល់ទសវត្សរ៍ ឆ្នាំ ១៨០០ មានជនជាតិអេស្បាញប្រមាណជាជិត ២ លាននាក់បានមកតាំងទីលំនៅនៅទ្វីបអាមេរិក ។

នៅឆ្នាំ ១៥៣៤ ព្រះចៅអធិរាជបារំាងបានបញ្ជាឲ្យនាវាចរ លោក ហ្សាក់ស៍ ការទ្យេរ៍ Jacques Cartier ធ្វើការរុករកនៅពិភពថ្មីដើម្បីស្វែងរកមាស គ្រឿងទេស និងទ្រព្យសម្បត្តិផ្សេងៗព្រមទាំងរកផ្លូវថ្មីទៅកាន់ទ្វីបអាស៊ីផង ។ នៅឆ្នាំ ១៥៦២ បារំាងបង្កើតអាណានិគមនៅ ពែរីស អាយឡិន Parris Island ការ៉ូលីណាខាងត្បូង និងសង់បន្ទាយនៅហ្វ្ល័រីដានៅឆ្នាំ ១៥៦៤ ។

ក៍ប៉ុន្តែគឺចក្រភពអង់គ្លេសទេដែលបានធ្វើអាណានិគមូប្បនីយកម្មអាមេរិកដោយជោគជ័យផងនិងទទួលផលដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រផង ។ បន្ទាប់ពីបានស្នើសុំធ្វើដំណើរតាមផ្លូវទឹកទៅកាន់ទីកន្លែងអាថ៌កំបាំងមួយនៅអាមេរិកហៅថា រៀរ៍ហ្ស៊ីន្យា ដើម្បីសាងសង់អាណានិគមមួយជាកិត្តិយសដល់ព្រះមហាក្សត្រីយានី អេលីហ្សាបែត ទី ១ Elizabeth I មនុស្សប្រមាណជា ១០០ នាក់នៃក្រុមហ៊ុនវៀរ៍ហ្ស៊ីន្យានៅទីក្រុងឡុង Virginia Company of London បានសាងសង់អាណានិគមអាចិន្ត្រៃយ៍អង់គ្លេសទី ១ នៅ ហ្ចេមស៍ថោន វៀរ៍ហ្ស៊ីន្យា ទឹកដីអាមេរិកនៅថ្ងៃទី ៤ ឧសភា ឆ្នាំ ១៦០៧ ។ (សូមចាំថាចាប់ពីឆ្នាំ ១៦០៧ ចក្រភពអង់គ្លេសបានសាងសង់អាណានិគមអាចិន្ត្រៃយ៍នៅអាមេរិកចំនួនទាំងអស់ ១៣ ។ អាណានិគមទី ១ គឺ ហ្ចេមស៍ថោន ដូចនិយាយខាងលើ អាណានិគមចុងក្រោយបង្អស់គឺ ហ្ច័រ៍ចហ្ចា Georgia នៅឆ្នាំ ១៧៣២ ។ ដូច្នេះរហូតមកដល់ថ្ងៃទី ៤ កក្កដា ឆ្នាំ ១៧៧៦ អាមេរិកជាទឹកដីអាណានិគមនៅក្រោមការត្រួតត្រារបស់ចក្រភពអង់គ្លេស ។ )

នៅអាណានិគម ហ្ចេមស៍ថោន មានព្រឹត្តិការណ៍ ២ កើតឡើងដែលបានបត់បែនប្រវត្តិសាស្ត្រអាមេរិករហូតមកដល់បច្ចុប្បន្ន ។

ព្រឹត្តិការណ៍ទី ១ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៦១៩ ដែលជាថ្ងៃអាណានិគមអង់គ្លេសបានបង្ហាញរូបភាពប្រព័ន្ធរដ្ឋាភិបាលតំណាងរាស្ត្រ ។ លោកអភិបាលអាណានិគមវៀរ៍ហ្ស៊ីន្យាអាមេរិក Sir George Yeardley (យៀរ៍ដលី ) បានបើកសន្និបាតទូទៅមួយដែលចូលរួមដោយក្រុមប្រឹក្សាអាណានិគមនិងអ្នកស្រុកចំនួន ២២ នាក់ដើម្បីពិភាក្សាអំពីច្បាប់ទម្លាប់សម្រាប់គ្រប់គ្រងអាណានិគម ។ លោកអភិបាល យៀរ៍ដលី បានរៀបចំការបោះឆ្នោតជ្រើសរើសអ្នកស្រុក ២២ នាក់ឲ្យធ្វើជាតំណាងរោបនស្ថាន plantations ចំនួន ១១ នៅក្នុងអាណានិគម ។ គេហៅអ្នកតំណាងរោបនស្ថានថា ប៊ឺរ៍ហ្ចែស៊ឺស Burgesses ដែលមានសិទ្ធពិភាក្សានិងរៀបចំច្បាប់ទម្លាប់គ្រប់គ្រងអាណានិគម ។ សន្និបាតទូទៅនេះគឺជារដ្ឋាភិបាលនីតិប្បញ្ញត្តិនិងជា រដ្ឋាភិបាលតំណាងរាស្ត្រលើកដំបូងបង្អស់នៅលើដីអាមេរិក ។ គឺហ្ចេមស៍ថោននេះហើយ ដែលធាតុសំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យតំណាងពលរដ្ឋ (មានជាអាទិ៍ “រដ្ឋាភិបាលរបស់ពលរដ្ឋនិងសម្រាប់ពលរដ្ឋ” ) របស់សហរដ្ឋអាមេរិកបានប្រសូតឡើង ។

ព្រឹត្តិការណ៍មួយទៀតនៅ ហ្ចេមស៍ថោន កើតមានឡើងនៅខែសីហា ឆ្នាំ ១៦១៩ នៅពេលដែលសំពៅមួយឈ្មោះWhite Lion បើកបរនៅក្រោមទង់ជាតិហូឡង់បានមកចតនៅអាណានិគម  ហ្ចេមស៍ថោន ។ សំពៅនេះបានដឹកទាសករស្បែកខ្មៅជាតិអាហ្វ្រិកចំនួន ២០ នាក់មកពីទ្វីបអាហ្វ្រិកដែលពួក ព័រទុយហ្គេ បានចាប់ពង្រត់ដាក់សំពៅយកមកលក់ជាទាសករ ។ តាមប្រវត្តិសាស្ត្រ ពួក ព័រទុយហ្គេ ជាក្រុមដំបូងគេដែលបើកពាណិជ្ជកម្មទាសករតាមសមុទ្រអាត្លង់ទីកនៅឆ្នាំ ១៥២៦ ។ ពួកគេធ្លាប់បានដឹកទាសករតាមសំពៅទៅលក់នៅប្រទេស ប៊្រេហ្សីល នៅអាមេរិកខាងត្បូង ។

តាមការស្រាវជ្រាវ ទាសករភាគច្រើនមកពីទ្វីបអាហ្វ្រិកជាឈ្លើយសឹកសង្គ្រាម ឬក៏ជាមនុស្សដែលត្រូវបានគេចាប់ពង្រត់ចេញពីភូមិអ្នកស្រុក ។ ឈ្មួញទាសករចាប់ចងនិងឃ្លុំមាត់មនុស្សពេញវ័យ និងចាប់កូនក្មេងច្រកក្នុងបាវ ។

យោងតាមការស្រាវជ្រាវ ពាណិជ្ជកម្មទាសករបានធ្វើឲ្យជនស្បែកខ្មៅជាតិអាហ្វ្រិកចំនួនប្រមាណជាង ១២ លាននាក់ផ្លាស់ទីលំនៅដោយបង្ខំនាសតវត្សទី ១៧ ដល់ ១៩ និងមានទាសករប្រមាណ ១០ លាននាក់ដែលបានគេចផុតពីមរណភាពនៅក្នុងដំណើរឆ្លងកាត់សមុទ្រអាត្លង់ទីក ។ ក្នុងចំនួនទាសករកជិត ៤ សែននាក់ដែលគេដឹកមកអាមេរិក ទាសករជិតពាក់កណ្តាលមកពីតំបន់ដែលបច្ចុប្បន្នជាប្រទេសសេណេហ៉្គាល់ ហ្គំប៊ៀ ហ្គ៊ីនៀប៊ីសៅ និងប្រទេសម៉ាលី និងពីតំបន់អាហ្វ្រីកខាងលិចនិងកណ្តាល ព្រមទាំងពីប្រទេស អង់ហ្គោឡា កុងហ្គោ និងប្រទេសកុងហ្គោ-ហ្កាបុង ។

ទាសភាពគឺជាបុព្វហេតុចម្បងនៃសង្គ្រាមស៊ីវិលអាមេរិកនាឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ ។

នៅឆ្នាំ ១៨៤៥ មានជំនឿវប្បធម៌មួយបានដុះដាលនៅអាមេរិកក្រោមឈ្មោះថា Manifest Destiny ឬ “និវេទន៍ជោគវាសនា” ដែលអះអាងថាព្រះជាម្ចាស់បានផ្តល់ភារៈដល់អាមេរិកឲ្យពង្រីកទឹកដីនិងការត្រួតត្រារបស់ខ្លួននៅទូទាំងអាមេរិកខាងជើងចាប់ពីសមុទ្រអាត្លង់ទីកដល់សមុទ្រប៉ាស៊ីហ្វីក ។ តាមទស្សនៈនេះ អាមេរិកចូលរួមផ្សំគំនិតជាមួយអាណានិគមនិយមអឺរ៉ុបអនុវត្តនយោបាយ “អាណានិគមនិយមកាន់កាប់ដីធ្លី” settler colonialism ។

មកដល់សតវត្សទី ១៩ អាមេរិកបានវាតទីឆ្ពោះទៅទិសខាងលិច — រឹបអូសទឹកដីនៅចំពោះមុខមានតិចសាស់ អ័រឺហ្គុន កាលីហ្វ័រន្យា ញូវមិចស៊ីកូ ហើយបង្កើតចម្បាំងជាមួយស្រុកមិចស៊ីកូ និងធ្វើសង្គ្រាមឥតឈប់ឈរជាមួយកុលសម្ព័ន្ធជនជាតិដើមអាមេរិក ។ ដំណឹងអំពីរ៉ែមាស រ៉ែប្រាក់ និងភាពស្រួលក្នុងការស្វែងរកដីធ្លីចិញ្ចឹមគោក្របីនៅលើវាលល្ហគ្មានព្រំដែន ។ល។ បានធ្វើឲ្យ “និវេទន៍ជោគវាសនា”ពង្រីកនយោបាយចក្រពត្រនិយមនិងវាតទីនិយមអាមេរិកផង និងបង្វែរទាសភាពទៅកាន់ទិសនិរតីដែលជាកត្តាចម្បងនៃសង្គ្រាមស៊ីវិលអាមេរិកនាឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ ផង ។

ភាពផ្ទុយគ្នារវាងនយោបាយអាណានិគមនិយមដែលបានធ្វើឲ្យជនជាតិដើមអាមេរិកទទួលរងទុក្ខវេទនា និងការពិតអំពីអាមេរិកជាប្រទេសជនអន្តោប្រវេសន៍ មិនបានធ្វើឲ្យលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំរបស់បុព្វបុរសអាមេរិករំសាយបង់ទេ ។ គឺលក្ខណៈគុណសម្បត្តិនៃភាពជាអ្នកដឹកនាំរបស់បុព្វបុរសអាមេរិកដែលតម្រង់ផ្លូវឲ្យអាមេរិកសម្រេចបាននូវឯករាជ្យនិងអនុវត្តគោលការណ៍ឧត្តមដើម្បីអភិវឌ្ឍន៍និងវឌ្ឍនភាពនៃប្រទេសជាតិ ។

គួរកត់សម្គាល់ថានៅក្នុងចំណោមមនុស្ស ៥៦ នាក់ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ថ្ងៃទី ៤ កក្កដា ឆ្នាំ ១៧៧៦ ប្រកាសឯករាជ្យអាមេរិកពីអាណានិគមអង់គ្លស មានហត្ថលេខី ៨ នាក់ដែលមានដើមកំណើតនៅប្រទេសអង់គ្លេស ។ នៅក្នុងសង្គ្រាមបដិវត្តន៍អាមេរិកប្រឆាំងនឹងចក្រភពអង់គ្លេសនាឆ្នាំ ១៧៧៥ ដល់ឆ្នាំ ១៧៨៣ គឺបារាំងជាអ្នកគាំទ្រអ្នកតស៊ូអាមេរិកដោយបានផ្តល់ជំនួយជាថវិកា កងទ័ព គ្រឿងសព្វាវុធ ភាពជាអ្នកដឹកនាំយោធា និងបញ្ជូនកងទ័ពជើងទឹកបារំាងមកជួយប្រយុទ្ធនឹងកងទ័ពអង់គ្លេសផងដែរ ។

នៅក្នុងការកសាងប្រទេសអាមេរិកថ្មី បុព្វបុរសអាមេរិកាំងបានចងក្រងទុកជាឯកសារប្រវត្តិសាស្ត្រយ៉ាងសំខាន់ ៣ សម្រាប់កូនចៅជំនាន់ក្រោយ ៖ ១. សេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យឆ្នាំ ១៧៧៦ ដែលសង្កត់ទៅលើ “សមភាព” នៃមនុស្សចាប់ពីកំណើត និង “សច្ចៈដាច់ខាត” នៃសិទ្ធដែលមិនអាចបំពានបានពោលគឺ “ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។ ២. ឯកសារសហព័ន្ធ Federalist Papers មានអត្ថបទចំនួន ៨៥ និពន្ធក្នុងឆ្នាំ ១៧៨៧-៨៨ អំពីការចាំបាច់ប្រយុទ្ធប្រឆំាងនឹងរបបផ្តាច់ការតាមរយៈគោលការណ៍ចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ៣. រដ្ឋធម្មនុញ្ញឆ្នាំ ១៧៨៩ ដែលជាច្បាប់កំពូលរបស់ប្រជាជាតិអាមេរិក ។

ខ្ញុំសូមលើកទឹកចិត្តលោកអ្នកនាង អានអត្ថបទផ្សេងៗរបស់ខ្ញុំដែលមានស្តីអំពីឯកសារទាំង ៣ នេះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com ។ បរមគ្រូ ខុង ជឺ បានអប់រំមនុស្សជាង ២០០០ ឆ្នាំមកហើយថាគេមិនអាចបើកសៀវភៅអានហើយមិនបានរៀនសូត្រអ្វីសោះនោះទេ ។

បន្ទាប់ពីអាមេរិកប្រកាសឯករាជ្យនៅឆ្នំា ១៧៧៦ ចាប់ពីឆ្នាំ ១៧៧៨ អាមេរិកបានស៊ីញ៉េសន្ធិសញ្ញាចំនួនជាង ៥០០ ជាមួយនឹងកុលសម្ព័ន្ធជនជាតិដើមអាមេរិកទោះបីបើមានការរំលោភមិនឈប់ឈរទៅលើកិច្ចព្រមព្រៀងទាំងនោះក្តី ។

ពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ សង្គ្រាមស៊ីវិលអាមេរិករវាងរដ្ឋភាគខាងជើងនៃរបបសហភាព  Union ដែលបដិសេធទាសភាពនៃជនជាតិស្បែកខ្មៅ និងរដ្ឋភាគខាងត្បូងដែលជឿថាជនជាតិស្បែកខ្មៅទាបជាងជនជាតិស្បែកស បានធ្វើឲ្យគូប្រឆំាងទាំងសងខាងបាត់បង់ជីវិតក្នុងសង្គ្រាមជាងកន្លះលាននាក់ ។

នៅពេលសង្គ្រាមស៊ីវិលកំពុងប្រព្រឹត្តឡើង នៅឆ្នាំ ១៨៦២ ប្រធានាធិបតីអាមេរិកទី ១៦ លោក អេប្រាហាំ លីងកិន Abraham Lincoln បានប្រកាសបញ្ចប់ទាសភាពជនជាតិស្បែកខ្មៅចំនួនជាង ៣ លាន ៥ សែននាក់ឲ្យទៅជាមនុស្សសេរី ។ នៅខែមេសា ឆ្នាំ ១៨៦៥ នៅរដ្ឋវៀរ៍ហ្ស៊ីន្យា លោកឧត្តមសេនីយ៍ យូលីសស៊ីស៍ ហ្គ្រ័ន្ទ Ulysses S. Grant នៃកងទ័ពសហភាពបានទទួលលោកឧត្តមសេនីយ៍ រ៉ូប៊ើត អ៊ី លី Robert E. Lee នៃកងទ័ពអបគមន៍ដែលទទួលចុះចាញ់សង្គ្រាមនិងប្រគល់កងទ័ពជូនលោក ហ្គ្រ័ន្ទ ដើម្បីបញ្ចប់សង្គ្រាម ។ ពីឆ្នាំ ១៨៦៥ ដល់ ១៨៧៧ អាមេរិកបានចូលក្នុងដំណាក់កាលនៃការស្ថាបនាប្រទេស ។

អ្នកតាមដានព្រឹត្តិការណ៍នៅក្នុងពិភពលោកបានកត់សំគាល់ព្រឹត្តិការណ៍សំខាន់ៗនៅអាមេរិកតាំងពីជំនាន់អាណានិគមរហូតមក ។

នៅក្នុងឆ្នាំ ១៨៦៥ បញ្ញវន្តជាតិបារាំងឈ្មោះលោក អេឌូអារ៍ ដឺឡេបូឡេ Edouard de Laboulaye បានបញ្ចេញគំនិតសុំបារំាងឲ្យចំណាយថវិកាសាងសង់រូបសំណាកមួយដែលត្រូវស្ថិតនៅលើដីអាមេរិកជានិមិត្តរូបនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យអាមេរិកនិងជាមេរៀនសម្រាប់ពិភពលោក ។ គេផ្តើមសាងសង់រូបសំណាកនៅប្រទេសបារាំងនៅឆ្នាំ ១៨៧៥ និងបានសាងសង់ចប់នៅឆ្នាំ ១៨៨៥ ។ គេដាក់ឈ្មោះរូបសំណាកដែលធ្វើអំពីដែកនិងស្ពាន់ មានកម្ពស់ ៩៣ ម៉ែត្រនិងទម្ងន់ ២២៥ តោន ថា “la liberté éclairant le monde” ឬ “សេរីភាពបំភ្លឺពិភពលោក” ។

គឺជារូបសំណាកទេពធីតារ៉ូម៉ាំងឈ្មោះ Libertas (ឡាយប៊ឺរ៍តេស ) ។ ដៃស្តាំនាងលើកចន្លុះ ខ្ពស់ជាងក្បាល ដៃឆ្វេងនាងកាន់បន្ទះសៀវភៅច្បាប់សរសេរថា JULY IV MDCCLXXVI ឬ ៤ កក្កដា ១៧៧៦ ជាលេខរ៉ូម៉ាំង ដែលកត់ត្រាកាលបរិច្ឆេទនៃសេចក្តីប្រកាសឯករាជ្យអាមេរិក ។ គេរុះរូបសំណាកដាក់ក្នុងប្រអប់ដើម្បីដឹកជញ្ជូនមកអាមេរិក ។

Libertas ជានិមិត្តរូបនៃសេរីភាពអាមេរិក ។ និមិត្តរូបជាតំណាងនៃគំនិតដែលរីករាលដាល។ នៅឆ្នាំ ១៨៨៣ អ្នកកវីនិងជាសកម្មជនឈ្មោះ អែម៉ា ឡាហ្សារ៉ូស Emma Lazarus ដែលរស់នៅទីក្រុងញូវយ៉កសម័យនោះ បាននិពន្ធកំណាព្យមួយហៅទេពធីតា Libertas ថាជា “Mother of Exiles” ឬ “មាតាជននិរទេស” ដែលស្រែកទួញសុំឲ្យ “បញ្ជូនមកខ្ញុំនូវអ្នកដែលហត់នឿយ អ្នកដែលក្រតោកយ៉ាក អ្នកនៅក្នុងហ្វូងមនុស្សដែលខំបញ្ច្រៀតគ្នារកខ្យល់ដកដង្ហើម . . . ខ្ញុំទុកចង្កៀងនៅក្បែរទ្វារមាសស្វាគមន៍អ្នក” ។

នៅក្នុងពិធីឧទ្ទិសរូបសំណាកនៅឆ្នាំ ១៨៨៦ លោកហ្គ្រោវើរ៍ គ្លីវឡិន Grover Cleveland ប្រធានាធិបតីអាមេរិកទី ២២ បានថ្លែងថា “យើងនឹងមិនភ្លេចទេថាទេពធីតាឡាយប៊ឺរ៍តេស  Libertas បានជ្រើសរើសទីនេះមកធ្វើជាលំនៅដ្ឋានរបស់នាងហើយ ។ យើងមិនធ្វេសប្រហែសក្នុងការថែរក្សាអាសនៈរបស់នាងដែរ” ។

ទេពធីតា ឡាយប៊ឺរ៍តេស Libertas ឬ “មាតាជននិរទេស” ឈរនៅលើជើងដំកល់នៅលើកោះ អេលីស Ellis Island ពីឆ្នាំ ១៨៨៦ រហូតមក ។ កំណាព្យរបស់នាង ឡាហ្សារ៉ូស ត្រូវបានផ្តិតទៅលើបន្ទះសំរិទ្ធមួយដែលគេដំឡើងភ្ជាប់នឹងជញ្ជាំងជើងដំកល់រូបសំណាកនោះ ។

សហរដ្ឋអាមេរិកបានទៅជាដែនដីដែលផ្តល់ឱកាសដល់មនុស្សគ្រប់សញ្ជាតិដែលចង់មក កសាងអនាគតថ្មី ។ រូបសំណាកទេពធីតា Libertas ដែលបញ្ចាំងពន្លឺសេរីភាពនិងគោលការណ៍ឧត្តមទៅលើភពផែនដីបានស្វាគមន៍សមត្ថភាពនៃមនុស្សទាំងអស់ ។ សហរដ្ឋអាមេរិកជា “ប្រជាជាតិនៃគំនិត” a nation of ideas ។ នៅឆ្នាំ ១៧៧៦ បុព្វបុរស John Adams, Benjamin Franklin និង Thomas Jefferson បានសុំឲ្យប្រើបាវចនាជាភាសាឡាតំាងថា “អ៊ីភ្លួរីប៊ើសយូណឹម” E Pluribus Unum បកប្រែថា “ភាពទីទៃរបស់យើងបូកបញ្ចូលគ្នាបង្កើតបាន ជាចំនួនមួយ” មកធ្វើជាត្រាសហរដ្ឋអាមេរិក ។ សព្វថ្ងៃអាមេរិកមានប្រជាពលរដ្ឋជិត ៣៣០ លាននាក់ ។ នៅក្នុងចំនួននោះក៏មានពលរដ្ឋដែលមានកំណើតជាខ្មែរចំនួនជាង ២ សែន ៧ ម៉ឺននាក់ដែរ ។

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.comហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com