ការពារនីតិរដ្ឋ ឬ រំលំនីតិមាត់?

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០

នៅថ្ងៃពុធទី ១៥ ខែមករា ឆ្នាំ ២០២០ រដ្ឋសភាអាមេរិកនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ គឺពួកដេម៉ូក្រាត បានបោះឆ្នោត ២២៨ ទល់នឹង ១៩៣ សម្លេងសម្រេចបញ្ជូនទៅព្រឹទ្ធសភានៅក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ គឺពួករ៉េពុយប្លីកាំងនូវអត្ថបទចោទប្រកាន់ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ហ្ចន ត្រាំ Donald John Trump ពីបទ “រំលោភអំណាច” និងបទ “រារាំងការស៊ើបអង្កេតរបស់សភា” (សូមអានសាវតារព័ត៌មាននៅក្នុងអត្ថបទក្រោមចំណងជើងថា “ចន្លោះប្រហោងក្នុងការគិត” ចុះថ្ងៃទី ២២ វិច្ឆិកា ២០១៩ និង “សច្ចាធិដ្ឋាន៖រដ្ឋធម្មនុញ្ញ” ចុះថ្ងៃទី ១១ ធ្នូ ២០១៩ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។

ថ្ងៃ១៥មករាបានត្រូវគេសំគាល់ជាទូទៅថាជាថ្ងៃដ៏ “ឧឡារិក” មួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។ នៅល្ងាចថ្ងៃនោះ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិកនិងជាមេដឹកនាំលំដាប់ទី៣ បន្ទាប់ពីប្រធានាធិបតីនិងអនុប្រធានាធិបតី បានចុះហត្ថលេខានៅលើអត្ថបទចោទប្រកាន់លោក ត្រាំ និងតែងតាំងតំណាងរាស្ត្រ ៧ រូបដែលលោកស្រីបានជ្រើសរើសឲ្យធ្វើជាអាជ្ញារបស់រដ្ឋសភាក្នុងការរៀបចំនិងបង្ហាញរឿងក្តីនៅក្នុង “ករណីកាត់ទោសប្រធានាធិបតីដើម្បីការពាររដ្ឋធម្មនុញ្ញ … និងស្វែងរកការពិត …” ។ បន្ទាប់ពីលោកស្រីបានថ្លែងថា “នៅថ្ងៃនេះយើងបានបង្កើតប្រវត្តិសាស្ត្រមួយ” វរជនតំណាងរដ្ឋសភាទាំង ៧ រូបបានចូលរួមក្នុងពិធីដង្ហែដីកាចោទប្រកាន់ដោយផ្ទាល់ដៃទៅប្រគល់ជូនព្រឹទ្ធសភា ។

លោកស្រីបានថ្លែងសង្កត់យ៉ាងធ្ងន់ថា “ការចោទប្រកាន់នេះមិនមែនជារឿងនយោបាយ រឿងផ្ទាល់ខ្លួន ឬរឿងបក្សពួកនិយមទេ ប៉ុន្តែជារឿងជាតិ” ហើយ “មានតែការបោះឆ្នោតដើម្បីប្រកាសសង្គ្រាមទេដែលអាចមានភាពធ្ងន់ធ្ងរជាងនេះ” ។ ក៏ប៉ុន្តែលោក ត្រាំ បានប្រកាសថាការចោទប្រកាន់របស់រដ្ឋសភាជា “ល្បែងនយោបាយ” a hoax ហើយសេតវិមានបានហៅការចោទប្រកាន់ថា “គ្មានមូលដ្ឋានច្បាប់” ។

លោក ត្រាំ បានអំពាវនាវជាច្រើនដងដល់ព្រឹទ្ធសភាឲ្យទាត់ចោលការចោទប្រកាន់មុននឹងមានការជជែកវែកញែកពិស្តារ តែលោក ម៉ីជ មៈខណិល Mitch McConnell ប្រធានព្រឹទ្ធសភាបានឲ្យដឹងថាព្រឹទ្ធសមាជិក “មិនមានចេតនាបដិសេធការចោទប្រកាន់នេះទេ” ពីព្រោះ “សមាជិករបស់យើងមានកាតព្វកិច្ចស្តាប់ការជជែកវែកញែកនិងដេញដោលពិស្តារ” ។

លោកស្រី ប៉េឡូស៊ី បានថ្លែងថា “នឹងមិនអាចមានការជំនុំជម្រះក្តីដោយពេញលេញត្រឹមត្រូវនិងដោយយុត្តិធម៌នៅក្នុងព្រឹទ្ធសភាបានទេប្រសិនបើព្រឹទ្ធសភាមានចេតនារារាំងកសិណ
សាក្សីចូលរួមសវនាការនិងទទួលបានឯកសារដែលសេតវិមានរារាំងមិនឲ្យបង្ហាញ”។

នៅរសៀលថ្ងៃទី ១៦ មករា លោក ហ្ចន រ៉ូបឺតស៍ John Roberts ប្រធានតុលាការកំពូលសហរដ្ឋអាមេរិក បានធ្វើសម្បថចូលកាន់តំណែងជាចៅក្រមក្នុងការជំនុំជម្រះក្តីនៅព្រឹទ្ធសភា និងធ្វើជាអធិបតីព្រឹទ្ធសមាជិកស្បថថានឹងផ្តល់ “យុត្តិធម៌ដោយមិនលំអៀងស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់” សហរដ្ឋអាមេរិក ។

ការជំនុំជម្រះក្តីលើលោក ដូណាល់ ត្រាំ នឹងផ្តើមធ្វើឡើងនៅថ្ងៃអង្គារទី ២១ មករាដោយមានសេចក្តីថ្លែងការណ៍របស់អាជ្ញារដ្ឋសភាចោទប្រកាន់ និងមេធាវីលោកត្រាំការពារលោក ។

ការផ្តន្ទាទោស ឬលើកលែងទោសលោក ត្រាំ តម្រូវឲ្យមានការព្រមព្រៀង “ពីរភាគបីនៃសមាជិកព្រឹទ្ធសភាដែលមានវត្តមាន” ឬ ៦៧ នាក់ក្នុងចំណោមសមាជិក ១០០ នាក់ ។ បច្ចុប្បន្នព្រឹទ្ធសភាមានសមាជិកប្រជាធិបតេយ្យចំនួន ៤៥ រូប សមាជិកសាធារណរដ្ឋចំនួន ៥៣ រូប និងសមាជិកឯករាជ្យពីររូប ។ ដើម្បីឈានដល់ចំនួន ៦៧ ដែលត្រូវការដើម្បីដកលោកត្រាំ ពួកប្រជាធិបតេយ្យទំាង ៤៥ នាក់ ត្រូវការសមាជិកគណបក្សសាធារណរដ្ឋយ៉ាងហោចណាស់ ២០ នាក់ បូកនឹងសមាជិកឯករាជ្យពីររូប ៤៥ + ២០ + ២ = ៦៧ ដើម្បីដកលោក ត្រាំ ចេញពីតំណែង ។ ដូច្នេះគឺគ្មានទំនងថាលោក ដូណាល់ ត្រាំ នឹងអាចត្រូវបានដកចេញពីតំណែងបានឡើយ ។

ទោះម្តេចក្តីគ្មានអ្វីអាចលុបលាងការចោទប្រកាន់និងផ្តន្ទាទោសរបស់រដ្ឋសភាបានឡើយ ។ ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនឹងចារឈ្មោះលោក ត្រាំ ថាជាប្រធានាធិបតីទី ៣ ដែលត្រូវបានរដ្ឋសភាចោទប្រកាន់និងកាត់ទោស និងត្រូវបានព្រឹទ្ធសភាជំនុំជម្រះក្តី បន្ទាប់ពីលោក អិនឌ្រូ ហ្ចនសុន Andrew Johnson ក្នុងឆ្នាំ ១៨៦៨ និងលោក ប៉ីល ក្លិនតុន Bill Clinton ក្នុងឆ្នាំ ១៩៩៩ ។ លោក ហ្ចនសុន និង លោក ក្លិនតុនមិនបានត្រូវព្រឹទ្ធសភាផ្តន្ទាទោសនិងដកខ្លួនចេញពីតំណែងទេ ។

នៅឯទីក្រុងភ្នំពេញចម្ងាយតាមផ្លូវអាកាសជិត ៩ ពាន់ម៉ាយល៍ ឬ ជាង ១ ម៉ឺន ៤ ពាន់គីឡូពីរដ្ឋធានីវ៉ាស៊ិនតោនឌីស៊ីសហរដ្ឋអាមេរិក សាលាដំបូងទីក្រុងភ្នំពេញបានបើកការជំនុំជម្រះក្តី មេដឹកនាំគណបក្យសង្គ្រោះជាតិ លោក កឹម សុខា ពីបទក្បត់ជាតិ នៅថ្ងៃពុធទី១៥ មករា ។

នៅភ្នំពេញ កងកម្លាំងសន្តិសុខរាប់សិបនាក់ត្រូវបានពង្រាយនៅបរិវេណសាលាដំបូង និងមានទាហានជាច្រើនរយនាក់ទៀតនៅប្រចាំការឯស្តាតអូឡាំពិក ។ ទោះបីនៅក្នុងសាលកាត់ក្តីមានកៅអីអង្គុយសល់ច្រើន តុលាការអនុញ្ញាតឲ្យអ្នកចូលស្តាប់សវនាការមានមន្ត្រីស្ថានទូតបរទេសនិងអ្នកពាក់ព័ន្ធចំនួនតែ ៣០ នាក់ប៉ុណ្ណោះ ។ នៅឈរផ្តុំខាងមុខតុលាការ មន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកកាសែតខ្មែរនិងបរទេសប្រមាណជា ៥០ នាក់បានត្រូវគេហាមចូល ។ ស្ថានទូតអាមេរិកនិងក្រុមសង្គមស៊ីវិលចំនួន ៨២ អង្គការបានដាស់តឿនតុលាការឲ្យបើកទ្វារឲ្យសាធារណជន អ្នកកាសែត និងបុគ្គលិកសង្គមស៊ីវិលចូលស្តាប់សវនាការជំនុំជម្រះផង ។

គួរកត់សំគាល់ដែរថានៅមួយថ្ងៃមុនការបើកការជំនុំជម្រះ គឺនៅថ្ងៃទី១៤ មករា លោក ហ៊ុន សែន ដែលបានក្តោបអំណាចចំនួន ៣៥ មកហើយ គឺចាប់ពីឆ្នាំ១៩៨៥ ដែលកងទ័ពយួនឈ្លានពានបានបន្តុបលោកជានាយករដ្ឋមន្ត្រី បានអះអាងប្រាប់អ្នកកាសែតថាលោកនឹងនៅបន្តអំណាចចំនួន១០ឆ្នាំថែមទៀត ដូច្នេះកូនប្រុសលោកគឺលោក ហ៊ុន ម៉ាណែត ត្រូវនៅរង់ចាំតំណែងនាយករដ្ឋមន្ត្រីដល់ឆ្នាំ ២០២៨-២០៣០ សិន ។

នៅក្នុងការបើកសវនាការនាថ្ងៃទី ១៥ មករា លោក កុយ សៅ ជាចៅក្រមបានថ្លែងចោទប្រកាន់លោក កឹម សុខា អំពីបទ “សន្និដ្ឋិភាព (ឬឃុបឃិត )ជាមួយបរទេស” ដើម្បីផ្តួលរំលំ រដ្ឋាភិបាល ។ វីដេអូឃ្លីបមួយដែលបានថតនៅក្នុងឆ្នាំ២០១៣ ហើយដែលគេបានកាត់ជាកង់មកតភ្ជាប់គ្នារយៈពេលជាង ២ នាទី បានបង្ហាញ លោក កឹម សុខា ថ្លែងអំពីអាមេរិកគាំទ្ររូបលោកតាំងពីឆ្នាំ១៩៩៣ និងផ្តល់ដំបូន្មានអំពីការរៀបចំបង្កើតសង្គមស៊ីវិល វិធីកសាងការគាំទ្រនៅថ្នាក់មូលដ្ឋាន និងគំនិតនយោបាយដែលត្រូវអនុវត្តតាមបែបប្រជាធិបតេយ្យ ។ មេធាវីរដ្ឋាភិបាលបានបង្ហាញរូបថតកូនស្រីរបស់លោកនិងក្រុមគ្រួសារទទួលទានអាហារជាមួយអ្នកកាសែតស្បែកសម្នាក់ថាជាភស្តុតាងនៃការឃុបឃិតរំលំរដ្ឋាភិបាល ។

គឺវីដេអូឃ្លីបនេះហើយដែលអាជ្ញាធរបានប្រើជាភស្តុតាងក្នុងការចូលចាប់ខ្លួនលោក កឹម សុខា នៅកណ្តាលយប់នៅថ្ងៃទី ៣ កញ្ញា ២០១៧ ថ្វីបើលោកនៅមានអភ័យឯកសិទ្ធិសភាក្តី ។

ពីរខែក្រោយចាប់ខ្លួនលោក កឹម សុខា តុលាការកំពូលរបស់ជនផ្តាច់ការ ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិនិងហាមមន្ត្រីគណបក្សចំនួន ១១៨ នាក់ធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ ។ អាជ្ញាធរបានដឹកលោក កឹម សុខា ទៅឃុំខ្លួននៅក្នុងគុកត្រពាំងផ្លុងជិតប្រទេសយៀកណាមជាង ១ ឆ្នាំ និងឃុំខ្លួនលោកនៅក្នុងផ្ទះរបស់លោកជាង ១ ឆ្នាំទៀត ។

លោក កឹម សុខា បានបដិសេធការចោទប្រកាន់ទាំងស្រុងថាសុន្ទរកថារបស់លោកនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៩ វិច្ឆិកា ២០១៣ ដែលបានត្រូវផ្សព្វផ្សាយជាសាធារណៈយូរមកហើយ គឺលោកគ្មានផែនការណាមួយដើម្បីរំលំរដ្ឋាភិបាលទេ និងមិនដែលបានដង្ហោយហៅបរទេសណាឲ្យចូលមកឈ្លានពានដីខ្មែរដែរ ។ លោកបានទាមទារឲ្យតុលាការបញ្ចាំង វីដេអូទាំងស្រុងដែលមានរយៈពេលជាងមួយម៉ោង ។

នៅក្នុងសវនាការជំនុំជម្រះក្តីលើកទី២នៅថ្ងៃទី ១៦ មករា មេធាវីរបស់រដ្ឋាភិបាលបានសួរ ដេញដោលអំពីសកម្មភាពលោក កឹម សុខា ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៧ ទោះបីបើលោកនិងមេធាវីបានឆ្លើយតបរួចអស់ហើយក្តី ។ ប៉ុន្តែអ្វីដែលត្រូវកត់សំគាល់គឺថា លោក គី តិច មេធាវីរបស់រដ្ឋាភិបាល អ្នកដើមបណ្តឹង បានអះអាងថាលោកមានភស្តុតាងចំនួន៣វ៉ាលីធំៗដែលមិនឲ្យលោក កឹម សុខា អាចគេចផុតពី “ទោសទណ្ឌកម្ម” បានទេ ។ ពាក្យសម្តីនេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានសវនាការដោយយុត្តិធម៌ទេ តែវានឹងជះឥទ្ធិពលដល់លទ្ធផលនៃការជំនុំជម្រះរបស់លោកទៀតផង ។ វាបញ្ជាក់ច្បាស់លាស់ណាស់នូវការអនុវត្ត “នីតិមាត់” នៃរបបរបស់ជនផ្តាច់ការ ហ៊ុន សែន ដែលគ្រប់គ្រងសង្គមដោយបង្កើតច្បាប់ទៅតាមអំពើចិត្ត ។ មិនទាន់ទាំងបានធ្វើការជំនុំជម្រះផង មេធាវីរបស់រដ្ឋាភិបាលបានសម្រេចទោសទណ្ឌកម្មស្រេចទៅហើយ ពីព្រោះលោក ហ៊ុន សែន ចង់បានលទ្ធផលដូចអញ្ចឹង ។ ដោយតុលាការកាំងហ្គ៉ារូជាតុលាការគ្រប់គ្រងដោយមនុស្សដាច់ខាតបំរើមេដឹកនាំផ្តាច់ការក្នុងគោលបំណងកាត់ក្តីនរណាម្នាក់ដោយគ្មានភស្តុតាងថាមានពិរុទ្ធពីបទឧក្រិដ្ឋ ។ បើតែយ៉ាងនេះ តុលាការកាំងហ្គ៉ារូរបស់លោក ហ៊ុន សែន អាចសម្រេចកាត់ទោសលោក កឹម សុខា ជាប់ពន្ធនាគាររយៈពេលអតិបរមា ៣០ ឆ្នាំ ។ គេបានឲ្យដឹងថាតុលាការកាំងហ្គ៉ារូគ្រោងរយៈ ៣ ខែក្នុងសវនាការជំនុំជម្រះក្តីលើលោក កឹម សុខា ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សសង្គ្រោះជាតិបានផ្តោតកិច្ចដំណើរការនីតិវិធីរបស់តុលាការថាជា “ល្ខោននយោបាយ” របស់លោក ហ៊ុន សែន ដែលបានព្យាយាមធ្វើធម្មានុរូបការលុបចោលគណបក្សប្រឆាំង ។ សេចក្តីថ្លែងការណ៍សុំតុលាការឲ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក កឹម សុខា និងស្តារសេរីភាពពេញលេញជូនលោកដោយគ្មានល័ក្ខខ័ណ្ឌ ។

នៅថ្ងៃទី១៧មករា អង្គការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានចេញប្រកាសព័ត៌មានមួយនៅក្រោមចំណងជើងថា “កម្ពុជា ៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថាការជំនុំជម្រះ កឹម សុខា គ្មានខ្លឹមសារ” ។ ប្រកាសព័ត៌មានអសប បានសរុបពាក្យពេចន៍អ្នកជំនាញសិទ្ធិមនុស្សអសបថាដំណើរការទាំងមូលនៃការជំនុំជម្រះក្តីចាប់ផ្តើមពីការចោទប្រកាន់រហូតដល់ការប្រតិបត្តិការជំនុំជម្រះក្តីគឺពោរពេញទៅដោយ “ភាពមិនប្រក្រតី” irregularities ។ អ្នកជំនាញសិទ្ធិមនុស្សអសប បាននិយាយថា ៖ “យើងមានហេតុផលច្បាស់លាស់ដែលបង្ហាញថាការចោទប្រកាន់លោក កឹម សុខា ថាក្បត់ជាតិគឺជាហេតុផលនយោបាយនិងជាផ្នែកមួយនៃគម្រោងការអនុវត្តច្បាប់ដោយអយុត្តិធម៌ដើម្បីចោទប្រកាន់គូប្រជែងនយោបាយនិងអ្នករិះគន់រដ្ឋាភិបាល” ។

ពីទីក្រុងប៉ារីសដែលលោករស់នៅជាជននិរទេស លោក សម រង្ស៊ី បានផ្ញើសារផ្ទាល់ខ្លួនមួយតាមរយៈហ្វេសប៊ុកទៅលោក ហ៊ុន សែន ដែលមានបង្ហោះជាវិដេអូជាភាសាខ្មែរ ប្រាប់លោក ហ៊ុន សែន ឲ្យមានចិត្តក្លាហានបញ្ឈប់តុលាការជំនុំជម្រះក្តីលោក កឹម សុខា ថាក្បត់ជាតិ ហើយឲ្យជំនុំជម្រះលោក សម រង្ស៊ី វិញ ពីព្រោះថាគឺខ្លួនលោក សម រង្ស៊ី ទេដែលមានរូបថតមានឯកសារជាច្រើនស្តីអំពីទំនាក់ទំនងជាមួយបរទេសនោះ មិនមែនលោក កឹម សុខា ទេ ហើយលោកនឹងបង្ហាញឬផ្ញើអ្វីទាំងអស់នោះជូនភ្លាមៗ ។ លោកបានសន្យាថាលោកនឹងមកភ្នំពេញបង្ហាញខ្លួនចំពោះមុខតុលាការ ហើយលោកនឹងមិនបំផុសបំផុលប្រជាពលរដ្ឋខ្មែរឲ្យបះបោរឡើយ ។ មានមនុស្សរាប់ម៉ឺននាក់បានឡើងមើលវីដេអូនេះ ។ នៅថ្ងៃទី១៨ គេក៏បានរៀបចំបញ្ចូលចំណងជើងជាភាសាអង់គ្លេសទៀត ។ ខ្ញុំបានមើលវីដេអូនេះ ២-៣ សាដែរ ហើយខ្ញុំសូមអញ្ជើញលោកអ្នកនាងដែលជាអ្នកអានអត្ថបទខ្ញុំចូលមើលវីដេអូតាមតំណ https://www.facebook.com/rainsy.sam.5/videos/158709192093114/ ។ តាមខ្ញុំយល់ លោក ហ៊ុន សែន មិនហ៊ានឲ្យលោក សម រង្ស៊ី មកចូលតុលាការទេ ពីព្រោះលោកដឹងច្បាស់ដែរថា មិនចាំបាច់លោក សម រង្ស៊ី មកបង្អើលមនុស្សទេ បើពលរដ្ឋដឹងថាលោក សម រង្ស៊ី ដាក់ជើងនៅលើដីកម្ពុជាហើយ ពួកគេនឹងក្រោកឡើងដោយឯកឯង ។

ខ្មែរយើងកុំភ័យព្រួយនឹងលោក ហ៊ុន សែន ចោទថាចង់រំលំរដ្ឋាភិបាលរបស់លោក ។ គ្មាននរណាគេចង់ឃុបឃិតធ្វើគូដេតានោះទេ ។ គំនិតនិងភាពជាក់ស្តែងនៃការបោះឆ្នោតគឺថាគណបក្សប្រឆាំងមួយធ្វើការចេញមុខដណ្តើមសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដើម្បីផ្លាស់របបកាន់អំណាចនោះឯង ។ សូមចាំថា “នីតិរដ្ឋ” rule of law ដែលទុកច្បាប់ខ្ពស់ជាងគេនិងខ្ពស់ជាងបុគ្គលទាំងអស់ មិនអាចរួមរស់ជាមួយ “នីតិមាត់” rule of men ដែលគ្រប់គ្រងសង្គមដោយធ្វើតាមអំពើចិត្តរបស់អ្នកដឹកនាំបានទេ ។ “នីតិមាត់” គឺអវត្តមាននៃ “នីតិរដ្ឋ” ។ “នីតិរដ្ឋ” ក៏គឺជាអវត្តមាននៃ “នីតិមាត់” ដែរ ។ ទៅថាដាក់ច្បាប់ជាកំពូលរួចទទួលមនុស្សគ្រប់គ្រងសង្គមឲ្យធ្វើតាមតែអំពើចិត្តយ៉ាងដូចម្តចបាន ?

ខ្ញុំបានសរសេរនៅក្នុងអត្ថបទលើកមុនថា ចង់រំលាយរបបផ្តាច់ការវាងាយទេ គឺយើងត្រូវរួបរួមគ្នាលុបបំបាត់កត្តាធានាដែលជនផ្តាច់ការត្រូវការដើម្បីរក្សាអំណាច ។ នៅក្នុងអត្ថបទក្រោយខ្ញុំនឹងជូនវិចារណកថាមួយថា Yes, we can! យើងអាចធ្វើកើត !

 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។