កាតព្វកិច្ចពលរដ្ឋ
កាតព្វកិច្ចពលរដ្ឋ
និពន្ធដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
ខែ តុលា ឆ្នាំ ២០២២
អាយុជីវិតប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅលើលទ្ធផលនៃការតតាំងរវាងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែលស្រេកឃ្លានសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជនអត្តាធិបតីដែលបានពត់បត់បែនចិត្ត គំនិត ឥរិយាបថ និងរបៀបរបបពលរដ្ឋខ្មែរឲ្យរស់នៅក្នុងទ្រុងទាសភាព ។ ខ្មែរប្រជាធិបតេយ្យខំប្រយុទ្ធបង្កើតឱកាសឲ្យពលរដ្ឋខ្មែរអាចប្រណាំងប្រជែងនិងបង្ហាញគុណវុឌ្ឍិបុគ្គលនៅក្នុងការកសាងមាតុភូមិ ខណៈជនអត្តាធិបតីខំប្រឹងថែរក្សាមុខនាទីទុកឲ្យតែបុគ្គលណាដែលរក្សាភាពស្មោះត្រង់ជាមួយបក្សពួកខ្លួន ។
នេះជាការតតាំងដ៏លំបាកសម្រាប់ខ្មែរប្រជាធិបតេយ្យពីព្រោះជនផ្តាច់ការនៅកាន់ក្តោបរដ្ឋអំណាចទាំងអស់ ។ គេធ្វើច្បាប់ផ្តន្ទាទោសមនុស្សដែលមានគំនិតទូលំទូលាយ ។ គេបញ្ជូនប៉ូលីសទៅចាប់ចងអ្នកដែលគេចោទប្រកាន់ ។ គេឲ្យចៅក្រមកាត់ទោសដាក់គុករាប់សិបឆ្នាំដោយឥតខ្វល់នឹងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រជាជាតិខ្មែរ ។
ក៏ប៉ុន្តែសកម្មជនខ្មែរប្រជាធិបតេយ្យមិនត្រូវអស់សង្ឃឹមឡើយ ។ ខ្ញុំបានសរសេរជាញឹកញាប់ថា ការវាយប្រហារដោយនិរន្តរភាពដោយប្រើគំនិតត្រិះរិះពិចារណាដែលឈរលើភាពវិវេចនាឬការប្រដេញគំនិត និងភាពច្នៃប្រឌិត អាចវាយទម្លុះបញ្ហាតូចធំបាន ។ គ្មានបញ្ហាណាដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ជាង ២៥០០ ឆ្នាំហើយដែលព្រះពុទ្ធប្រដៅមនុស្សជាតិថា “គ្មាននរណាម្នាក់អាចនឹងជួយសង្គ្រោះខ្លួនយើងបានក្រៅពីខ្លួនយើងជួយខ្លួនយើងឡើយ” ។ ពុទ្ធលទ្ធិបង្រៀនមនុស្សជាតិថា គឺមនុស្សលោកដែលជាអ្នកទទួលខុសត្រូវចំពោះអ្វីៗដែលខ្លួនបានឬមិនបានធ្វើ ។ ព្រះពុទ្ធលោកពោលថា លោកមិនមើលឃើញនូវអ្វីដែលមនុស្សបានធ្វើរួចមកហើយទេ តែលោកមើលឃើញតែអ្វីដែលនៅមានដែលមនុស្សត្រូវតែធ្វើ ។ លោកថាគឺអ្វីដែលមនុស្សត្រូវតែធ្វើតែមិនបានធ្វើនោះហើយដែលជាវាសនាមួយធ្លាក់ទៅលើពួកគេព្រោះមិនបានធ្វើសកម្មភាពបង្កើតផលដែលពួកគេចង់បាន ។
ខ្ញុំសូមដកស្រង់សម្តីរបស់រដ្ឋបុរសជាតិអៀរ៏ឡង់ដ៏ល្បីល្បាញម្នាក់ឈ្មោះ អេឌម៉ុនដ៏ ប៊ឿរ៏គ Edmund Burke កើតនៅឆ្នាំ ១៧២៩ និងស្លាប់នៅឆ្នាំ ១៧៩៧ ដែលខ្ញុំបានលើកមកសរសេរជារឿយៗ ហើយដែលគេបានយកមកផ្សព្វផ្សាយនៅជុំវិញពិភពលោករហូតដល់បច្ចុប្បន្ន ។ លោកនិយាយថា ៖ “រឿងតែមួយគត់ដែលចាំបាច់សំរាប់ឲ្យអំពើអាក្រក់មានជ័យជំនះគឺមនុស្សល្អនៅស្ងាត់ស្ងៀមមិនធ្វើអ្វីសោះ ” ។
មានសំនួរមួយដែលមនុស្សជាច្រើនបានលើកឡើងថា តើណែនាំពលរដ្ឋធ្វើសកម្មភាពយ៉ាងណានៅចំពោះមុខជនអត្តាធិបតីដែលកាន់ក្តោបអំណាចទាំងអស់ និងប្រើអំពើឃោរឃៅឥតត្រាប្រណីនោះ ?
បើយកក្របខណ្ឌពុទ្ធលទ្ធិ “គិត + កម្ម = ផល” មកប្រតិបត្តិ គឺយើងត្រូវគិតគូរហ្មត់ចត់អំពីអ្វីដែលយើងចង់បាន ស្របនឹងពុទ្ធោវាទថាពិភពដែលយើងរស់នៅជាពិភពកើតឡើងដោយសារការគិតរបស់យើង ។ យើងគិតឃើញដូចម្តេច យើងធ្វើសកម្មភាពអនុវត្តគំនិតទៅតាមនោះ ។ លទ្ធផលនឹងចេញមកតាមជំរៅគំនិតនិងតាមកម្លាំងសកម្មភាពយើង ។ គ្មាននរណាដឹងជាងខ្លួនយើងថាតើយើងចង់បានអ្វីនោះឡើយនៅក្នុងជីវិតយើង ។ ចាស់ទុំខ្មែរដែលប្រដៅកូនចៅថា “បើនៅទំនេរឲ្យបោចស្មៅព្រៅ ” ក៏បានទុកជាភាសិតមួយឲ្យកូនចៅដែរថា “យកឈើវៀចមកធ្វើកង់ យកឈើត្រង់មកធ្វើកាំ យកឈើសាំរញុំាមកធ្វើឧសដុត” (ដើម្បីដាំម្ហូបឬកំដៅខ្លួននៅរដូវត្រជាក់) ពោលគឺគ្មានវត្ថុអ្វីឬបុគ្គលណាដែលគ្មានប្រយោជន៏ទេ ។ កាលខ្ញុំនៅក្នុងព្រៃក្នុងជួររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ខ្ញុំបិទប្លាកពាក្យទូន្មានមួយនៅលើទ្វារផ្ទះខ្ទមខ្ញុំដែលចែងថា “ដឹកនាំ ឬដើរតាម ឬចៀសចេញពីផ្លូវទុកឲ្យគេដើរ” ។ ខ្ញុំយកពាក្យទូន្មាននេះទៅបង្រៀនក្របខណ័្ឌយុទ្ធជនខ្មែរតស៊ូ ដោយរំលឹកអំពីចាស់ទុំខ្មែរដែលប្រដៅកូនចៅថា “បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក ” ។
អាស្រ័យដូច្នេះ បើខ្មែរប្រជាធិបតេយ្យម្នាក់ៗដែលស្អប់របបអត្តាធិបតេយ្យលាត់ដៃអាវធ្វើសកម្មភាពអ្វីមួយដែលម្នាក់ៗនិយម ទោះបីដោយឯកឯងឬដោយមានមិត្តភក្តិមួយដំបស្វាជួយជ្រោមជ្រែង បង្កើតឲ្យមានជារលកថាមពលមួយ ខណៈខ្មែរប្រជាធិបតេយ្យម្នាក់ទៀតនិងមិត្តភក្តិគេធ្វើសកម្មភាពមួយទៀតបង្កើតជារលកថាមពលមួយទៀត ។ បើបង្កើតឲ្យមានរលកថាមពលចំនួនរាប់រាប់ពាន់រាប់ម៉ឺនធ្លាយចេញជាចរន្តថាមពលដែលហូរចេញពីគ្រប់ទិសគ្រប់ជ្រុងជ្រោយរត់ត្របាញ់ចូលគ្នា ចរន្តរលកថាមពលទាំងពាន់ម៉ឺននោះនឹងបង្កើតជាចរន្តរលកស៊ូណាម៊ីយក្សមួយ ។ បើចរន្តស៊ូណាម៊ីយក្សវាយប្រហារជនអត្តាធិបតីដោយនិរន្តភាព ខ្ញុំហ៊ានអះអាងថាគ្មានព្រៃឈើរបបអត្តាធិបតេយ្យឯណាអាចទប់ទល់នឹងចរន្តនេះបានឡើយ ។
ខ្ញុំជាបញ្ញវន្តនិងជាពលរដ្ឋខ្មែរមានកំណើតនៅភូមិឫស្សីកែវ ។ ខ្ញុំបានក្រេបជញ្ជក់វប្បធម៌ខ្មែរនិងទទួលការអប់រំសិក្សាចាប់ពីថ្នាក់កុមារដ្ឋានរហូតដល់ខ្ញុំបានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិហើយបានទទួលអាហារូបករណ៏មួយទៅបញ្ចប់ការសិក្សាវិទ្យាល័យនៅសហរដ្ឋអាមេរិក ។ បន្ទាប់មកទៀត ខ្ញុំបានបន្តការសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យអាមេរិកាំងផ្សេងៗ រហូតដល់បានទទួលសញ្ញាបត្របណ្ឌិត Ph. D. នៅសាកលវិទ្យាល័យ ម៉ីហ្ស៊ីហ្គិន Michigan នៅទីក្រុង Ann Arbor ។ នៅសាកលវិទ្យាល័យ ខ្ញុំបានច្នៃប្រឌិតហើយប្រើក្របខ័ណ្ឌ “ពិពណ៌នា – វិភាគ -ព្យាករណ៏” — ពោលគឺពិពណ៌នាដោយឥតលំអៀងនូវអ្វីដែលខ្ញុំសិក្សា ស្វែងរកមូលហេតុនិងផលប៉ះពាល់ ហើយព្យាករណ៏អំពីអ្វីដែលអាចកើតមានឡើងនៅអនាគត ។ ខ្ញុំផ្តោតការសិក្សាតែទៅលើកត្តាដែលចាំបាច់ កត្តាដែលពាក់ព័ន្ធ និងកត្តាដែលមិនអាចខ្វះបាន ។ ហើយខ្ញុំប្រើការត្រិះរិះពិចារណាដែលឈរលើភាពវិវេចនា និងភាពច្នៃប្រឌិត ។
នៅក្នុងកម្មវិធីសិក្សា ខ្ញុំបានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីនយោបាយការបរទេសបត់បែននៃប្រទេសកម្ពុជា ដើម្បីសរសេរនិក្ខេបបទបណ្ឌិត ។ លទ្ធផលនៃការស្រាវជ្រាវបានធ្វើឲ្យខ្ញុំព្រួយបារម្ភខ្លាំងអំពីអនាគតប្រទេសកម្ពុជា ។ ព័ត៌មានស្តីពីសភាជាតិដកហូតមុខតំណែងសម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋនៅថ្ងៃទី ១៨ ខែមីនា ១៩៧០ មិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ តែបានបង្កើនការព្រួយបារម្ភខ្ញុំទ្វេឡើងអំពីអស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា និងអស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ដោយសារសង្គ្រាមរវាងយួនខាងជើងនិងយួនខាងត្បូងដែលមានមហាអំណាចកុម្មុយនិស្តនិងប្រទេសអាមេរិកគាំទ្រ ។
នៅក្នុងឆ្នាំ ១៩៧០ សាកលវិទ្យាល័យអនុញ្ញាតឲ្យខ្ញុំដកខ្លួនមួយឆមាសដើម្បីទៅមើលសភាពការពិតនៅលើទឹកដីខ្មែរ ។
អំឡុងពេលទស្សនកិច្ចសិក្សាស្រាវជ្រាវនោះ ខ្ញុំបានជួបពិភាក្សាយ៉ាងជិតស្និតជាមួយនិស្សិតខ្មែរ បញ្ញវន្តខ្មែរ ទាហានខ្មែរ ហើយមេបញ្ជាការកងទ័ពជាតិបានអនុញ្ញាតឲ្យខ្ញុំចូលទៅសង្កេតនៅសមរភូមិ ដូចជាសមរភូមិតាំងគោក ព្រែកតាមាក់ ព្រះប្រសប់ ។ល។ ដែលមានការវាយប្រយុទ្ធគ្នាខ្លាំង ។ នៅលើសមរភូមិខ្លះ មេបញ្ញាការកងទ័ពសម្រួលឲ្យខ្ញុំបានទៅឃើញខ្មោចទាហានយួនបន្ទាប់ពីការប្រយុទ្ធគ្នា ។ អតីតក្របខ័ណ្ឌជាន់ខ្ពស់ម្នាក់នៃ “ចលនាឥស្សរៈរួមខ្មែរបម្រើជាតិ” នៅភ្នំដងរ៉ែក គឺលោក អ៊ុម ស៊ីម សមាជិករដ្ឋាភិបាលលោក នល់ នល់ បានរៀបចំជួយខ្ញុំឲ្យបានជួបពិភាក្សាជាមួយឈ្លើយសង្គ្រាមយួនកុម្មុយនិស្តដែលកងទ័ពជាតិចាប់បាន ។
ខ្ញុំចូលក្រុងភ្នំពេញដើម្បីស្វែងរកចម្លើយសរសេរនិក្ខេបបទបណ្ឌិត ។ ខ្ញុំត្រឡប់មកដល់សហរដ្ឋអាមេរិកវិញ ខ្ញុំបានក្លាយទៅជាអ្នកប្រឆាំងយ៉ាងសកម្មដល់កងទ័ពយួនកុម្មុយនិស្តដែលបានតាំងមូលដ្ឋានសឹកនៅលើដីខ្មែរមានផ្ទៃដីប្រមាណជា ៣៥០០ គីឡូម៉ែត្រក្រឡាពីខេត្តរតនគីរី ទៅខេត្តមណ្ឌលគីរី ក្រចេះ កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត រហូតដល់ឈូងសមុទ្រ ។ សម្រាប់ខ្ញុំ អធិបតេយ្យជាតិនិងបូរណភាពទឹកដីប្រទេសកម្ពុជាមិនអាចយកអ្វីមកធ្វើជាការសម្របសម្រួលបានឡើយ ។
ជាអកុសល ប្រទេសកម្ពុជានៅក្រោមរបបគ្របគ្រងលោក លន់ នល់ ដែលកើតឡើងនៅក្នុងសង្គ្រាមនិងដែលពឹងផ្អែកទៅលើជំនួយបរទេសអាមេរិកាំងមិនអាចបណ្តុះគ្រាប់ពូជលទ្ធិប្រជាធិបតេយ្យដែលខ្មែរស្នេហាជាតិចង់បាននោះទេ ។ ប្រយោជន៏ជាតិសហរដ្ឋអាមេរិកតម្រូវឲ្យឯកអគ្គរដ្ឋទូតអាមេរិកាំងដកស្ថានទូតចេញពីទីក្រុងភ្នំពេញនៅថ្ងៃទី ១២ មេសា ១៩៧៥ ។ នៅថ្ងៃទី ១៧ មេសា ភាគីខ្មែរក្រហម ប៉ុលពត បានចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបញ្ជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យចូលធ្វើការហត្ថកម្មទាំងខ្វះចំណី ខ្វះថ្នាំពេទ្យ នៅក្នុងជំរំការងារខ្មែរក្រហមបណ្តាលឲ្យពលរដ្ឋប្រមាណជា ២ លាននាក់ស្លាប់ ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានម្តាយឪពុកនិងបងស្រីខ្ញុំម្នាក់ផងដែរ ។
នៅសហរដ្ឋអាមេរិក ខ្ញុំចូលរួមជាមួយអាណិកជនខ្មែរនៅតំបន់វ៉ាស៊ិនតោនឌីស៊ី បង្កើតជាគណៈកម្មការនិងបោះពុម្ភផ្សាយព្រឹត្តិបត្រប្រឆាំងនិងរបបប្រល័យពូជសាសន៏រហូតដល់ពេលកងទ័ពយួនកុម្មុយនិស្តឆ្លៀតយកមេបញ្ជាកាខ្មែរក្រហម ហ៊ុន សែន ធ្វើជាលេសដើម្បីចូលវាយប្រហារកងទ័ព ប៉ុល ពត និងកាន់កាប់ទីក្រុងភ្នំពេញនៅខែមករា ឆ្នាំ ១៩៧៩ ។ នៅឆ្នាំ ១៩៨០ ខ្ញុំបានទៅចូលបម្រើ “កងទ័ពជាតិជាតិរំដោះប្រជាពលរដ្ឋខ្មែរ” នៅជាយដែនខ្មែរ-ថៃ រហូតដល់ឆ្នាំ ១៩៨៩ ទើបខ្ញុំវិលមកកាន់សហរដ្ឋអាមេរិកវិញ ។ រហូតមកដល់បច្ចុប្បន្ន ខ្ញុំនៅចំណាយពេលចំណាយគំនិតបណ្តុះលទ្ធិប្រជាធិបតេយ្យនិងជួយកសាងប្រទេសកម្ពុជាសេរី យុត្តិធម៌ និងថ្លៃថ្នូរ ។ វាជាវាសនាតស៊ូដ៏វែងអន្លាយមួយនៅក្នុងជីវិត ។ ថ្វីដ្បិតតែលទ្ធផលមិនទាន់ចេញជារូបរាងគួរឲ្យពេញចិត្តក៏ដោយ ក៏ខ្ញុំនៅតែមានជំនឿលើការតស៊ូនេះដែរ ។ ផុតអំពីខ្ញុំទៅ នៅមានយុទ្ធជនផ្សេងទៀតដែលនឹងបន្តកសាងលទ្ធិប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌ និងភាពថ្លៃថ្នូរ ជូនដល់ពលរដ្ឋប្រទេសកម្ពុជា ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។