កសាងប្រទេសកម្ពុជាឡើងវិញ
កសាងប្រទេសកម្ពុជាឡើងវិញ
និពន្ធដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
ខែ ធ្នូ ឆ្នាំ ២០២២
ថ្ងៃនេះជាអនាគតនៃថ្ងៃម្សិលមិញ ។ ហេតុផលដែលកើតមានឡើងនៅថ្ងៃម្សិលមិញជាមេរៀនសម្រាប់ឲ្យយើងយល់អំពីហេតុផលឬលទ្ធផលដែលកើតមាននៅថ្ងៃនេះ ។ ហេតុផលឬលទ្ធផលដែលកើតមានឡើងនៅថ្ងៃនេះផ្តល់ជាទម្រង់ឲ្យយើងព្យាករណ៏ថាតើអាចនឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ។
ខ្ញុំបានសរសេរជាញឹកញាប់អំពីបែបបទគំនិតមួយដែលចែងថា “គឺរបៀបយើងគិត មិនមែនអ្វីដែលយើងដឹងទេ ដែលកំណត់អនាគតរបស់យើង” ។ នៅក្នុងអត្ថបទនេះខ្ញុំសូមលើកយកគំនិតច្នៃប្រឌិតមួយស្តីអំពីគោលដៅកសាងប្រទេសកម្ពុជាឡើងវិញ មកពិចារណាដោយផ្អែកលើអានុភាពនៃថាមពល ។
ថាមពលជាកម្លាំងចិត្តនិងកម្លាំងកាយដែលញុំាងឲ្យពលរដ្ឋធ្វើសកម្មភាពដើម្បីជះឥទ្ធិពលទៅលើអាកប្បកិរិយាឬឥរិយាបថរបស់ពលរដ្ឋនៃប្រទេសជិតឆ្ងាយក្នុងគោលបំណងបម្រើផលប្រយោជន៍ជាតិរបស់ខ្លួន ។ ខ្មែរជាច្រើននៅក្នុងនិងក្រៅប្រទេសបាននិងកំពុងធ្វើសកម្មភាពអំពាវនាវឥតឈប់ដល់អន្តរជាតិឲ្យជួយ “ប្រស់” សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ព្រោះពួកគេយល់ថាការជាន់ឈ្លីសេចក្តីព្រមព្រៀងអន្តរជាតិដោយរបបផ្តាច់ការក្រុងភ្នំពេញអាចបណ្តាលឲ្យប្រទេសកម្ពុជាហិនហោចនិងរលត់រលាយ ។ ខ្ញុំសូមលើកយកនូវតថភាពពីរមកត្រិះរិះពិចារណា ។
តថភាពទី ១ គឺថា នៅក្នុងពិភពលោកនេះ ប្រទេសនីមួយៗឲ្យអាទិភាពលើគោលការណ៏ “អធិបតេយ្យដាច់ខាត” របស់ខ្លួនដែលខ្លួនលើកតម្កើងជា “គោលការណ៏កំពូល” សម្រាប់ជាតិដែលមិនអាចសម្របសម្រួលបាន ។ តាមការសង្កេត បើមានអ្វីប៉ះទង្គិចនឹង “គោលការណ៏កំពូល” របស់គេ គឺ “គោលការណ៏កំពូល” ត្រូវតែឈ្នះ ។ ច្បាប់អន្តរជាតិដែលពាក់ព័ន្ធនឹង “គោលការណ៏កំពូល” របស់ប្រទេសណាមួយ យើងតែងឃើញថាច្បាប់អន្តរជាតិច្រើនតែឥតមានឥទ្ធិពលទៅលើប្រទេសនោះឡើយ ។ ឥស្សរជននយោបាយមួយរូបបានថ្លែងជាសាធារណៈថា “ច្បាប់អន្តរជាតិជាច្បាប់ដែលប្រទេសខិលខូចមិនគោរព ហើយប្រទេសមានសមត្ថភាពមិនព្រមអនុវត្តិ” ។ តថភាពទី ២ គឺនៅក្នុងនយោបាយអន្តរជាតិ “មិនមានមិត្តឬសត្រូវអចិន្ត្រៃយ៍ទេ មានតែផលប្រយោជន៍អចិន្ត្រៃយ៍” ។
ខ្ញុំបានលើកឡើងជារឿយៗថា ខ្មែរយើងត្រូវតែបម្រើ ជម្រុញ និងការពារ “ផលប្រយោជន៏ជាតិ” របស់ខ្មែរដើម្បីឲ្យប្រទេសជាតិកម្ពុជាបាននៅរស់រានមានជីវិតជាប្រទេសឯករាជនិងថ្លៃថ្នូរ ។ ប៉ុន្តែក៏មានប្រទេសផ្សេងៗទៀតគេនៅបម្រើ ជម្រុញ និងការពារ “ផលប្រយោជន៏ជាតិ” របស់គេដែលអាចផ្ទុយពី “ផលប្រយោជន៏ជាតិ” របស់ខ្មែរ ។ គ្មានប្រទេសណាសុខចិត្តបោះបង់ ឬ សម្របសម្រួល “ផលប្រយោជន៏ជាតិ” របស់គេដើម្បីឲ្យខ្មែរអាចបម្រើ ជម្រុញ និងការពារ “ផលប្រយោជន៏ជាតិ” របស់ប្រទេសកម្ពុជាដែលអាចផ្ទុយពី “ផលប្រយាជន៏ជាតិ” របស់គេនោះទេ ។
ពុទ្ធលទ្ធិបានបង្រៀនមនុស្សជាតិជាង ២ ពាន់ឆ្នាំមកហើយថា “អ្វីៗគ្រប់យ៉ាងត្រូវតែផ្លាស់ប្តូរ” ។ ព្រះពុទ្ធប្រដៅមនុស្សជាតិថា “មានការកែប្រែផ្លាស់ប្តូរខ្លះនឹងធ្វើឲ្យយើងញញឹម ខ្លះទៀតនឹងធ្វើឲ្យយើងចងចិញ្ចើញ ដូច្នេះយើងត្រូវតែស្វែងរកប្រការណាមួយដែលអាចជួយឲ្យយើងជះឥទ្ធិពលយើងទៅលើការកែប្រែផ្លាស់ប្តូរដើម្បីឲ្យវាក្លាយទៅជាអ្វីដែលយើងចង់ឃើញនិងចង់បាន ។ គ្មាននរណាម្នាក់អាចនឹងជួយសង្គ្រោះយើងបានក្រៅពីខ្លួនយើងជួយខ្លួនយើងឡើយ ។”
ព្រះពុទ្ធជាគ្រូបង្រៀននិងជាសកម្មជន ។ លោកបង្រៀនថាពិភពលោកដែលយើងរស់នៅគឺត្រូវបានបង្កើតឡើងដោយសារគំនិតរបស់យើង ។ លោកប្រដៅយើងឲ្យរៀនគិត ឲ្យយកគំនិតទៅសម្រេចអ្វីដែលយើងចង់បាន ។ លោកថា គំនិតមានប្រយោជន៏លុះត្រាណាតែយើងយកវាមកប្រើ ។ លោកទុកក្របខ័ណ្ឌ “គំនិត + សកម្មភាព = លទ្ធផល” ឲ្យយើងអនុវត្ត ។ លោកផ្តល់សេរីភាពឲ្យយើងធ្វើការត្រិះរិះពិចារណា ។ លោកណែនាំយើងឲ្យប្រព្រឹត្តអ្វីដែលជាកុសល ។ ពលរដ្ឋខ្មែរទូទៅជាអ្នកបដិបត្តិពុទ្ធលទ្ធិ ។
គំនិតហ្មត់ចត់ជាកត្តាដែលអាចបង្កើនកម្លាំងឬអានុភាពបង្កើតជាថាមពលមួយឲ្យយើងអាចយកមកបម្រើ ជម្រុញ និងការពារផលប្រយោជន៏ជាតិរបស់យើង ។ ថាមពលដែលពលរដ្ឋនៃប្រទេសនីមួយៗបង្កើតគឺជាកត្តាសម្រេច “ផលប្រយោជន៏ជាតិ” នានា ថាតើប្រទេសណាអាចទទួលចំណែកផលអ្វីខ្លះ ។ ដូច្នេះអ្វីដែលខ្មែរយើងគួរចង់បានគឺធ្វើយ៉ាងណាឲ្យបានចំណេញសំរាប់ជាតិខ្មែរ រួចទុកឲ្យនៅខ្ជាប់សំរាប់ជាតិខ្មែរ និងការពារមិនឲ្យបាត់សំរាប់ជាតិខ្មែរ ។
ថាមពលមានកត្តាកំណត់ច្រើនប្រភេទ ដែលប្រទេសនានាយកមកប្រើ ។ ខ្ញុំសូមផ្តោតទៅលើកត្កាកំណត់ថាមពលមួយហៅថា “សសរគ្រឹះជាតិ” ដែលភាសាអង់គ្លេសហៅថា National Core ។ “សសរគ្រឹះជាតិ” គឺជាកត្តាដែលមានសារៈសំខាន់ជាងកត្តាកំណត់ថាមពលឯទៀតដូចជាសេដ្ឋកិច្ចជាតិ ឬ យោធាជាតិ សម្រាប់ប្រទេសកម្ពុជា ពីព្រោះ “សសរគ្រឹះជាតិ” ការពារអាយុជីវិតរបស់ប្រទេសជាតិមិនឲ្យរង្គោះរង្គើ ។
ធាតុផ្សំសំខាន់ៗនៅក្នុង “សសរគ្រឹះជាតិ” មានលក្ខណៈភូមិសាស្ត្រប្រទេស (ប្រទេសកម្ពុជាស្ថិតនៅកណ្តាលប្រទេសថៃនៅឯលិចនិងវៀតណាមនៅឯកើត ហើយនៅជិតប្រទេសចិនកុម្មុយនិស្តនៅក្នុងតំបន់) ប្រជាពលរដ្ឋ (ចំនួនពលរដ្ឋច្រើនឬតិចអាចជាគុណសម្បត្តិឬគុណវិបត្តិ ។ តាមកម្រិតអន្តរជាតិពលរដ្ឋពីអាយុ ១៦ ដល់ ៦៤ ឆ្នាំជាពលរដ្ឋបង្កើតផលិតភាព) ការសិក្សាអប់រំ (អប់រំមនុស្សឲ្យចេះគិតហ្មត់ចត់និងឲ្យចេះត្រិះរិះពិចារណា និងផ្តល់នូវចំណេះដឹងកម្រិតខ្ពស់ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ ) សុខភាព (របស់ប្រជាពលរដ្ឋទាំងស៊ីវិលទាំងយោធា) កម្លាំងទឹកចិត្ត (របស់ប្រជាពលរដ្ឋទាំងស៊ីវិលទាំងយោធា) ប្រព័ន្ធនយោបាយ (គឺគិតអំពីសមត្ថភាពនិងប្រសិទ្ធភាពក្នុងកិច្ចការរដ្ឋបាលនិងគ្របគ្រង និងគិតអំពីជំនាញក្នុងការដឹកនាំជាជាងអំពីទម្រង់រដ្ឋាភិបាលជាប្រជាធិបតេយ្យឬសង្គមនិយម ) កេរ្តិ៏ឈ្មោះប្រទេសជាតិ (តើប្រទេសឯទៀតឬអង្គការអន្តរជាតិគេមើលឃើញប្រទេសយើងថាមានសមត្ថភាពនិងឆន្ទៈយ៉ាងណានៅក្នុងការធ្វើសកម្មភាពបំពេញគោលបំណងនយោបាយនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ ) ។
ប្រទេសកម្ពុជាបច្ចុប្បន្នស្ថិតនៅក្រោមរបបអត្តាធិបតេយ្យជាប្រទេសដែលមិនមានលទ្ធភាពនឹងពង្រឹង “សសរគ្រឹះជាតិ” ដើម្បីគាំពារអាយុជីវិតប្រទេស ។ ពលរដ្ឋដែលត្រូវបានជនអត្តាធិបតីគំរាមកំហែង ចាប់ចង និងបញ្ជាឲ្យស្មោះត្រង់ឥតងាករេចំពោះរបបផ្តាច់ការ ជាពលរដ្ឋដែលគ្មានទឹកចិត្តគ្មានកម្លាំងកាយនិងគ្មានគំនិតបម្រើ ជម្រុញ និងការពារផលប្រយោជន៏ជាតិខ្មែរទេ ។ ធាតុផ្សំសំខាន់ៗនៅក្នុង “សសរគ្រឹះជាតិ” ត្រូវបានរបបអត្តាធិបតេយ្យបូមស្រូបយកទៅប្រើដើម្បីជនផ្តាច់ការបន្តអំណាច ។ របបក្រុងភ្នំពេញមានមោទនភាពបង្ហាញផ្លូវថ្នល់ អគារខ្ពស់ៗ និងកងទ័ពដែលមានអាវុធយុទ្ធភណ្ឌច្រើន ។ ក៏ប៉ុន្តែអ្វីៗទាំងអស់នេះហាក់
ដូចជាមានតែសំបក មិនមានខ្លឹម គុណតម្លៃធំដុំសម្រាប់ពលរដ្ឋសាមញ្ញឡើយ ។
បើអ្វីដែលយើងឃើញមាននៅថ្ងៃនេះ យើងបានឃើញមាននៅថ្ងៃម្សិលរួចហើយ (ដូចជាលោក ហ៊ុនសែន ស្រែកកោកៗអំពីសិទ្ធិសេរីភាពនិងច្បាប់ទម្លាប់នៅប្រទេសកម្ពុជា ខណៈសមាជិកជាន់ខ្ពស់នៃគណបក្សជំទាស់នៅតែជាប់និរទេសឯបរទេស ហើយខ្មែរប្រជាធិបតេយ្យមានដូចជាសកម្មជនសទ្ធិមនុស្សនាង កញ្ញា សេង ធារី ជាដើមនៅតែជាប់ក្នុងគុកនៅពេលអង្គការអន្តរជាតិស្រែកក្តែងៗថារបបក្រុងភ្នំពេញរំលោភសិទ្ធិមនុស្ស) យើងអាចសន្មត់បានថាយើងនឹងឃើញអ្វីៗទាំងនោះបន្តទៅទៀតនៅថ្ងៃស្អែក ។ ពីព្រោះមនុស្សជាសត្វមានទម្លាប់ គិតអ្វីតាមធ្លាប់គិត ធ្វើអ្វីតាមធ្លាប់ធ្វើ ទម្លាប់ទាំងនេះបានក្លាយទៅជា “គំនិតនិងទង្វើបន្តពូជ” ។
ដើម្បីបង្កើតអនាគតថ្មី យើងត្រូវចេះស្រមើលស្រមៃនូវអ្វីដែលយើងចង់បាន បង្កើតឆន្ទៈឈោងចាប់យកអ្វីដែលយើងចង់បាននោះ ហើយធ្វើសកម្មភាពអនុវត្តឆន្ទៈនោះ ។ អ្នកប្រាជ្ញម្នាក់បានសរសេរថា “ការស្រមើលស្រមៃជាកំណើតនៃគំនិតច្នៃប្រឌិត” ។ ខណៈព្រះពុទ្ធប្រដៅមនុស្សឲ្យប្រើគំនិតដើម្បីកសាងអនាគតមួយ គឺអតីតប្រធានាធិបតីអាមេរិកាំងទី ២៦ នៅឆ្នាំ ១៩០១ ដល់ឆ្នាំ ១៩០៩ លោក Theodore Roosevelt ដែលបានថ្លែងប្រាប់ពលរដ្ឋលោកថា “អ្នកត្រូវធ្វើអ្វីដែលអ្នកអាចធ្វើបាន ដោយប្រើអ្វីដែលអ្នកមានក្នុងដៃ នៅទីកន្លែងដែលអ្នករស់នៅ ។” លោកបានថ្លែងទៀតថា “ធនធានអ្វីដែលអ្នកត្រូវការគឺមាននៅក្នុងគំនិតរបស់អ្នកស្រេចទៅហើយ” ។
ខ្ញុំសូមបញ្ចប់អត្ថបទថ្ងៃនេះដោយសូមជូនពរដល់ពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេសនៅឱកាសបុណ្យដាច់ឆ្នាំសាកល ២០២២ ឲ្យបានជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសូមក្រោកឡើងរួមគ្នាកសាងប្រទេសកម្ពុជាឲ្យនៅគង់វង្សដូចចិត្តប្រាថា្ន ។
ខ្ញុំនឹងវិលត្រឡប់មកជួបមិត្តអ្នកអាននិងអ្នកស្តាប់ទៀតនៅឆ្នាំ ២០២៣ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។