កសាងខ្លួនដោយបញ្ញាខ្លួនឯង

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ១០ ខែ កញ្ញា ឆ្នាំ ២០២០

ជាធម្មតាមនុស្សរមែងធ្វើសកម្មភាពនៅពេលមានបញ្ហាឬព្រឹត្តិការណ៍ប្រឈមណាមួយប៉ះពាល់ដល់សុខុមាលភាពពួកគេ ។ មនុស្សនៅលើភពផែនដីជាទូទៅមិនប្រាថ្នាអ្វីធំដុំក្រៅពី ១. មានសុខភាពល្មមផុតពីជំងឺឈឺថ្កាត់ ២. មានសុវត្ថិភាពល្មមផុតពីការហ្មងសៅ និង ៣. មានទ្រព្យល្មមផុតពីភាពក្រីក្រតោកយ៉ាក ។ បើកត្តាទាំងបីបានមកសណ្ឋិតនៅក្នុងជីវិតហើយ មនុស្សហាក់ដូចជាគ្មានមហិច្ឆតាចង់មានបានឲ្យហួសពីនេះទេ ។ ពួកគេរីករាយនឹងរស់ជាមួយនឹងអ្វីដែលខ្លួនមាន ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនខ្វល់ខ្វាយគិតគូរអំពីរបៀបអនុវត្តចំណេះដឹងក្នុងគោលដៅសម្រេចអភិវឌ្ឍន៍ វឌ្ឍនភាព និងស្វែងរកអនាគតប្រសើរ ។ មនុស្សប្រភេទនេះមើលឃើញផលកម្មនៅជុំវិញខ្លួនហើយមិនព្រមឈប់ចោទសួរថាចុះហេតុដូចម្តេចបានជាមានសភាព “អ៊ីចឹង” ហេតុម្តេចបានជាវាមិនមានសភាព “អ៊ីចុះ” ទៅវិញ? នៅក្នុងអត្ថបទខ្ញុំលើកមុនខ្ញុំបានបង្ហើបទ្វារណែនាំលោកអ្នកអានឆ្ពោះទៅកាន់ចំណេះដឹងមួយផ្នែកស្តីអំពី “វិញ្ញាណយល់ដឹង” ដែលជាកត្តាបំផុសមនុស្សឲ្យធ្វើសកម្មភាពឬឲ្យនៅអកម្ម ។ ជាមនុស្សចូលចិត្តសិក្សាជាប្រចាំ ហើយជឿថាមនុស្សដែលមាន “គំនិត” អាចសម្រេចការពិបាកលើសលប់បានតាមរយៈការស្រមើស្រមៃនិងច្នៃប្រឌិតស្របតាមរូបមន្តព្រះពុទ្ធថា “គិត-កម្ម-ផល” ។

យើងមិនមែនមាន “វិញ្ញាណយល់ដឹង” ពីកំណើតទេ ។ វាជាលទ្ធផលនៃដំណើរការយូរអង្វែងនៃ ១. ឥទ្ធិពលភ្នាក់ងារសង្គមូបនីយកម្មទៅលើមនុស្ស ២. ឥទ្ធិពលនៃវប្បធម៌នយោបាយក្រុម និង ៣. ឥទ្ធិពលនៃវប្បធម៌នយោបាយជាតិ ។

ជាធម្មតាគ្មានវប្បធម៌នយោបាយជាតិនៅប្រទេសណាដែលមានពលរដ្ឋទូទៅឱបក្រសោបឡើយ ។ ខណៈមានវត្តមានវប្បធម៌នយោបាយសង្គមធំនិងជាតិនៅក្នុងប្រទេស ក៏គង់មានពលរដ្ឋដែលឱបក្រសោបវប្បធម៌នយោបាយក្រុមដោយឡែកពីវប្បធម៌នយោបាយជាតិដែរដោយហេតុមានជំនឿសាសនាផ្សេង (ដូចជាសាសនាគ្រិស្តឬឥស្លាម ) មានឫសគល់ពូជសាសន៍ផ្សេង (ដូចជាកូនចៅចិនឬយួន )និងមានអត្តសញ្ញាណលំដាប់ថ្នាក់សង្គមនិងសេដ្ឋកិច្ចផ្សេងដែរ (ដូចជាអភិជន ជនអន្តោប្រវេសន៍ វណ្ណៈកម្មករជាដើម) ។

វប្បធម៌នយោបាយសង្គមនិងជាតិកើតចេញពីប្រភពធំៗ ២ គឺ ប្រព័ន្ធជនឿសង្គម (ដូចជា គោរព បម្រើ ស្មោះត្រង់ ការពារមេដឹកនាំនៅកម្ពុជា ) និងបទពិសោធន៍ប្រវត្តិសាស្ត្រជាតិ (ដូចជាបូជនីយកិច្ចដើម្បីឯករាជ្យប្រទេសកម្ពុជា ថ្ងៃ ១៧ មេសា ថ្ងៃ ៧ មករា ។ល។ ) ។

នៅក្នុងដំណើរជីវិតរបស់យើង “វិញ្ញាណយល់ដឹង” មិននៅជាអកម្មទេ ។ វាត្រូវបានប្រែសាថ្មីជាដរាប ពីព្រោះឥទ្ធិពលនៃភ្នាក់ងារសង្គមូបនីយកម្មតែងតែជះឥទ្ធិពលលើមនុស្សរហូតដល់ថ្ងៃស្លាប់ ។ ចំណែកអន្តរកម្មនៃវប្បធម៌នយោបាយក្រុមនិងវប្បធម៌នយោបាយជាតិបន្តផ្លាស់ប្តូរធាតុនៃវិញ្ញាណយល់ដឹងរបស់មនុស្សដោយផ្តល់ព័ត៌មាននិងការស្គាល់ដឹង គុណតម្លៃ ជំនឿ និងបទពិសោធន៍ឥតឈប់ឈរ ។ គឺជាការមួយអស្ចារ្យដែលព្រះពុទ្ធបានប្រដៅជាង ២៥០០ ឆ្នាំមកហើយថាគ្មានអ្វីនៅជាអចិន្ត្រៃយ៍ឡើយ សូម្បីតែ “វិញ្ញាណយល់ដឹង” របស់មនុស្សក៏មិនអាចនៅដោយឥតមានការកែប្រែដែរ ។

ខ្ញុំសូមជូនការកែសម្រួលនូវគំនូរព្រាងនៃ “សង្គមូបនីយកម្មនយោបាយ” ដែលខ្ញុំបានចុះផ្សាយនៅក្នុងអត្ថបទខ្ញុំលើកមុន ។

សកម្មភាពនៃភ្នាក់ងារសង្គមូបនីយកម្មដែលជះឥទ្ធិពលទៅលើមនុស្សគ្រប់រូប បណ្តុះបង្កើត “ឥរិយាបថ” របស់មនុស្ស ។ ឥរិយាបថមានជាសមាសធាតុ ១. គុណតម្លៃ values (គឺការដាក់តម្លៃស្ថានភាព ព្រឹត្តិការណ៍ បុគ្គល និងវត្ថុនៅជុំវិញថា ល្អ-មិនសូវល្អ-អាក្រក់ ) ២. ចំណាប់អារម្មណ៍ interests (ដែលកើតចេញពីការចាប់អារម្មណ៍ទៅលើឬពីការចង់ដឹងអំពីអ្វីមួយ ) ៣. ជំនឿ beliefs (មានជំនឿខ្វាក់ឬជំនឿផ្កាប់មុខដែលមិនគិតអំពីហេតុផល និងមានជំនឿប្រកបដោយវិចារណញ្ញាណនិងបញ្ញាដែលពិចារណាអំពីហេតុផល ) ៤. មតិ opinions (ដែលកើតចេញពីការចាប់អារម្មណ៍ដោយឥតយកមូលដ្ឋានពិតប្រាកដធ្វើជាឈ្នាន់ ) ។

នៅខាងក្រោមនេះគឺភ្នាក់ងារចំនួន ៧ នៃសង្គមូបនីយកម្ម (គឺគ្រួសារ សាលារៀន ក្លើម្រាក់ ជំនឿសាសនា មុខរបរ ប្រព័ន្ធផ្សព្វផ្សាយ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ) ដែលជះឥទ្ធិពលមកលើមនុស្សចាប់ពីតុមារភាពរហូតដល់ចាស់ស្លាប់ ។

សូមរំលឹកថាឥទ្ធិពលនៃភ្នាក់ងារនិមួយៗនៃសង្គមូបនីយកម្មមិនមានកម្រិតស្មើគ្នាទៅលើមនុស្សទេ ហើយមនុស្យម្នាក់ៗក៏មិនផ្តល់សារៈសំខាន់ស្មើគ្នាដល់ភ្នាក់ងារនិមួយៗដែរ ។

ផ្នែកលើទ្រឹស្តី គ្រួសារជាភ្នាក់ងារសំខាន់បំផុតដែលមានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានមកលើយើងដោយផ្ទាល់ឬដោយប្រយោល និងមានរយៈយូរអង្វែង ។ កូនង៉ែតធ្វើតាមអ្វីដែលកូនបានឃើញនិងបានឮនៅជុំវិញខ្លួន (ទឹកមុខញញឹម ទឹកមុខព្រួយ ទឹកមុខខឹង សម្លេងទន់ភ្លន់ សម្រែកទោមនស្ស ) និងយកតម្រាប់តាមដោយគួបផ្សំឬដោយឱបក្រសោបនិងពង្រឹងឲ្យរឹតតែខ្លាំងថែមទៀត ។ គ្រួសារជាភ្នាក់ងារបណ្តុះឥរិយាបទនយោបាយរបស់សមាជិក ។ គ្រួសារអាចអប់រំក្មេងឲ្យប្រតិបត្តិសីលធម៌ ឲ្យដឹងស្គាល់អំពីគុណតម្លៃនិងជំនឿនៅក្នុងសង្គម ។ សកម្មភាពទាំងនេះបណ្តុះបណ្តាលនូវចំណាប់អារម្មណ៍និងមតិផ្សេងៗរបស់ក្មេង ។

សាលារៀនកម្រិតបឋមសិក្សាផ្តល់ឲ្យកុមារនូវគុណតម្លៃនិងរបៀបរបបក្នុងសង្គម ។ វិទ្យាល័យបង្រៀនសិស្សអំពីមុខវិជ្ជាសិក្សាផ្សេងៗ ។ សកលវិទ្យាល័យបង្រៀនមនុស្សឲ្យចេះត្រិះរិះពិចារណាស៊ីជម្រៅ ។ ចាស់ទុំខ្មែរទូន្មានកូនចៅថា “នៅនឹងគោគោនាំដេក នៅនឹងសេកសេកនាំហើរ” (សូមអញ្ជើញអានអត្ថបទ “បក្សាបក្សីដែលមានពូជដូចគ្នា” ចុះថ្ងៃទី ១០ តុលា ២០១៨ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) ។ យ៉ាងដូច្នេះ ក្លើម្រាក់មានឥទ្ធិពលខ្លាំងមកលើឥរិយាបថ ។ ខណៈដែលសាសនាជាទូទៅបង្គាប់ឲ្យគោរពសិទ្ធាន្តដែលរំលោភមិនបាន ព្រះពុទ្ធប្រដៅមនុស្សឲ្យត្រិះរិះពិចារណារកហេតុផល ។ មុខរបរកត់សំគាល់អត្តសញ្ញាណមនុស្សតាមភេទភិន ។ ឥរិយាបថអ្នកប្រកាន់មុខរបរផ្នែកវិជ្ជាជីវៈវេជ្ជសាស្រ្តគឺថែរក្សាជីវិតអ្នករងគ្រោះជាបឋម ។ ទាហានផ្អែកទៅលើវិន័យនិងភាពក្លាហាន ។ ចៅក្រមកាត់សេចក្តី ។

ប្រដូចនឹងការសេពសមក្លើម្រាក់ដែលបង្រួមមនុស្សដែលគិតនិងប្រព្រឹត្តរបៀបដូចគ្នា ការសេពសមប្រព័ន្ធផ្សព្វផ្សាយក៏នាំមនុស្សឲ្យបណ្តុះបណ្តាលទស្សនៈនៃប្រព័ន្ធផ្សព្វផ្សាយនោះដែរ ។ បទពិសោធន៍ដែលមនុស្សជួបប្រទះទុកស្នាមជាវិជ្ជមានឬអវិជ្ជមាន ដូចជាបទពិសោធន៍ក្រោមរបបខ្មែរក្រហមឬការវាតទីនិយមយួនហាណូយ ។

ខ្ញុំបានលើកយកដំណើរជីវិតរបស់ខ្ញុំមកសរសេរជាឧទាហរណ៍នៅក្នុងអត្ថបទជាច្រើនដូចជាអត្ថបទ “អុំទូកបញ្ច្រាស់ទឹក” ចុះថ្ងៃទី២០ ខែធ្នូឆ្នាំ ២០១៩ ជាដើមដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។
គឺឥទ្ធិពលនៃព័ត៌មាន information យ៉ាងសម្បើមដែលបូករួមនឹងការស្គាល់ដឹង cognition (ដោយញ្ញាណ sensory ឬដោយអង្គហេតុ factual ) និងបទពិសោធន៍ផ្ទាល់ខ្លួន personal experiences ឬតាមប្រវត្តិសាស្ត្រជាតិ national historical experiences ព្រមទាំងគុណតម្លៃ values និងជំនឿ beliefs ដែលឥទ្ធិពលភ្នាក់ងារសង្គមូបនីយកម្មបានជះមកលើយើង ហើយដែលទាំងអស់នេះត្របាញ់ចូលគ្នាបង្កើតជាឥរិយាបថយើងដែលបណ្តុះ “វិញ្ញាណយល់ដឹង” របស់យើង ។

“វិញ្ញាណយល់ដឹង” របស់យើងបំផុសចិត្តគំនិតស្មារតីយើងឲ្យធ្វើសកម្មភាព ។ ការខ្វះខាត “វិញ្ញាណយល់ដឹង” អាចជាកត្តាដែលធ្វើឲ្យមនុស្សនៅអកម្ម ។ ខ្ញុំសូមបញ្ចប់អត្ថបទនៅថ្ងៃនេះដោយរំលឹកការទូន្មានរបស់ព្រះពុទ្ធថា ជីវិតមនុស្សដែលនៅអកម្មជាជីវិតមានអាយុខ្លី ជីវិតមនុស្សសកម្មឧស្សាហ៍ជាជីវិតមានអាយុវែងនិងមានប្រយោជន៍ ។

តើជីវិតរបស់យើងម្នាក់ៗជាជីវិតបែបណាដែរ ?

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។