កសាងកម្ពុជានីតិរដ្ឋ
កសាងកម្ពុជានីតិរដ្ឋ
និពន្ធដោយ បណ្ឌិត ហ្គាហ្វារ ពាងម៉េត
ខែ សីហា ឆ្នាំ ២០២២
ជាបឋម ខ្ញុំសូមជំរាបដល់បងប្អូនអ្នកអាននិងអ្នកស្តាប់នៅជិតឆ្ងាយថា ខ្ញុំនិងគ្រួសារសុខសប្បាយជាធម្មតា ។ ក្នុងរយៈជាងមួយឆ្នាំនេះខ្ញុំមិនបានសរសេរអត្ថបទឡើយ ។ អត្ថបទចុងក្រោយរបស់ខ្ញុំក្រោមចំណងជើងថា “កម្ពុជាក្នុងគ្រាជំងឺរោគឆ្លង” បានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” www.kumnitkhmer.com នាថ្ងៃទី ២៤ ឧសភា ២០២១ ។ ដោយមានការទទូចសុំពីសំណាក់កូននិងចៅខ្ញុំឲ្យខ្ញុំសរសេរអំពីប្រវត្តិរបស់ខ្ញុំពីកុមារភាពរហូតដល់បច្ចុប្បន្នកាលដើម្បីទុកជាកេរដំណែលសម្រាប់ពួកគេ ខ្ញុំក៏បានដកឃ្លាមួយរយៈដើម្បីសរសេរជីវប្រវត្តិរបស់ខ្ញុំ ។
ខ្ញុំរំភើបចិត្តជាខ្លាំងហើយក៏សូមអរគុណប្រិយមិត្តមួយចំនួនដែលបានផ្ញើសារអ៊ីម៉ែលមកសាកសួរអំពីសុខទុក្ខរបស់ខ្ញុំ ថ្លែងអំពីក្តីបារម្ភដល់សុខភាពខ្ញុំ ព្រមទាំងសំដែងការសោកស្តាយដោយខានបានអានអត្ថបទខ្ញុំជាច្រើនខែមកហើយ ។ ក្នុងរយៈជាងមួយឆ្នាំនេះ ខ្ញុំមានក្តីសោមនស្សជាពន្លឹកដោយសង្កេតឃើញមានអ្នកអាននៅក្នុងប្រទេសកម្ពុជានិងនៅក្នុងប្រទេសផ្សេងៗ បានចូលទស្សនាគេហទំព័រ “គំនិតខ្មែរ” និងចំណាយពេលវេលាជាច្រើនដើម្បីអានអត្ថបទអប់រំនិងអត្ថបទគំនិតផ្សេងៗ ព្រមទាំងមើលរូបភាពនិងមើលខ្សែវីដេអូផងដែរ ។ គឺកត្តាទាំងអស់នេះបានជម្រុញឲ្យខ្ញុំខិតខំបន្តបេសកកម្មសរសេរផ្សព្វផ្សាយអត្ថបទឲ្យរឺងរឹតតែទូលំទូលាយ ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចធ្វើកិច្ចការនេះបានច្រើនឆ្នាំតទៅមុខទៀត ។
ដោយបានឃើញថាមានអ្នកអានមួយចំនួនបានចំណាយពេលយូរបង្គួរក្នុងការអាននិងស្តាប់អត្ថបទអប់រំនិងអត្ថបទគំនិតនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ខណៈខ្ញុំបានសរសេរផ្សាយអត្ថបទទាំងនោះស្តីអំពីប្រធានបទផ្សេងៗជាច្រើនរួចមកហើយ ជាពិសេសអំពីមុខនាទីរបស់បុគ្គលម្នាក់ៗនៅក្នុងការជម្រុញការអភិវឌ្ឍន៏នយោបាយនៅប្រទេសកម្ពុជា នៅថ្ងៃនេះខ្ញុំសូមជូនអត្ថបទមួយក្នុងគំនិតដាស់ស្មារតីនិងលើកទឹកចិត្តអ្នកអានឲ្យជឿថាខ្មែរអាចកែប្រែសភាពការណ៏នៅប្រទេសកម្ពុជាបាននៅក្នុងគំនិត “កសាងកម្ពុជានីតិរដ្ឋ” មួយ ។
ប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅក្រោមរបបអត្តាធិបតេយ្យ ដែលជារបបជិះជាន់ផ្តាច់ការរបស់បុគ្គលមួយរូប ។ នៅក្រោមរបបនេះ ពលរដ្ឋខ្មែរគ្មានសិទ្ធិសេរីភាពស្មើគ្នាទេ ហើយក៏គ្មានឱកាសរកទទួលទាននៅក្នុងសភាវស្មើគ្នាដែរនៅក្នុងជីវិតរស់នៅ ។ អ្នកគ្រប់គ្រងអត្តាធិបតីមិនទទួលស្គាល់និងរាប់រកពលរដ្ឋខ្មែរឲ្យបានដូចៗគ្នាឡើយ ។ បើយើងក្រឡេកមើលជុំវិញខ្លួនយើងនឹងឃើញថាអ្នកដឹកនាំរបបអត្តាធិបតេយ្យនៅប្រទេសកម្ពុជាបច្ចុប្បន្នជាមនុស្សជិះជាន់ដែលក្តោបអំណាចទាំង ៣ គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការដែលផ្ទុយពីរបបប្រជាធិបតេយ្យ ។ អំណាចទាំង ៣ អនុញ្ញាតិឲ្យជនអត្តាធិបតីធ្វើជាមេប៉ូលិសចាប់ចងផង ជាអ្នកបង្កើតច្បាប់ផង និងជាអ្នកកាត់ក្តីដាក់ទោសទណ្ឌដល់មនុស្សផងទាំងពួង ។ នេះហើយដែលយើងហៅអ្នកគ្រប់គ្រងរបបអត្តាធិបតេយ្យថាជាជនផ្តាច់ការ ។
ជាឧទាហរណ៏ នៅពេលពួកគេភ័យខ្លាចគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេក៏ចេញច្បាប់រំលាយគណបក្សនោះចោលទៅ ។ បុគ្គលណាមានឥទ្ធិពលនៅក្នុងគណបក្សជំទាស់ក៏ត្រូវបានជាប់ចោទអំពីបទល្មើសតាមតែពួកគេនឹកឃើញ ។ ថ្មីៗនេះ កញ្ញាសេងធារីដែលជាសកម្មជនសិទ្ធិមនុស្សមួយរូប ត្រូវបានទាសករបំរើមេដឹកនាំរំលោភអំណាចនៅភ្នំពេញចាប់យកទៅដាក់គុកតាមតែមេដឹកនាំជិះជាន់គេបញ្ជា ។
មេដឹកនាំផ្តាច់ការដែលអាចបន្តកាន់ក្តោចអំណាចជិះជាន់បានក៏ដោយសារមានអ្នកគាំទ្រមួយចំនួនបានសុខចិត្តលះបង់សិទ្ធសេរីភាពរបស់ខ្លួន លះបង់ឱកាសដែលខ្លួនមានដើម្បីភាពថ្កុំថ្កើងនិងយុត្តិធម៌ហើយទៅស្ម័គ្រចិត្តធ្វើជាខ្ញុំកញ្ជះបំរើជនអត្តាធិបតីដើម្បីជាថ្នូរនឹងមុខនាទីគ្មានខ្លឺមសារ ។ ជាលទ្ធផល មនុស្សទូទាំងនគររស់នៅក្នុងស្ថានភាពជាចំណាប់ខ្មាំងរបស់គេ ។
នៅប៉ុន្មានខែខាងមុខនេះ រដ្ឋាភិបាលអត្តាធិបតេយ្យក្រុងភ្នំពេញនឹងរៀបចំឆាកល្ខោនប្រជាធិបតេយ្យទៅតាមកាលកំណត់ដោយរៀបចំធ្វើការបោះឆ្នោតជាតិដែលមានគណបក្សតូចៗជាច្រើនចូលប្រឡូកផង ។ គណបក្សប្រជាជនកម្ពុជា គេនឹងប្រកាសឈ្នះឆ្នោតពីព្រោះមានគណបក្សតូចៗជាច្រើនចូលរួមប្រកួតប្រជែង ។ ជនផ្តាច់ការអត្តាធិបតីមិនហ៊ានឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតនៅក្នុងការបោះឆ្នោតទេ ។ បន្ទាប់ពីការបោះឆ្នោតរួច ស្ថាប័នរៀបចំការបោះឆ្នោតនឹងប្រកាសថាគណបក្សរបស់ជនអត្តាធិបតីទទួលបានជ័យជម្នះ ។ អង្គការអន្តរជាតិនានានឹងផ្តន្ទាទោសរបបអត្តាធិបតេយ្យក្រុងភ្នំពេញអំពីកង្វះសេរីភាពនិងយុត្តិធម៌នៅក្នុងការបោះឆ្នោត ។ បន្ទាប់ពីសម្តែងល្ខោនបោះឆ្នោតរួច អ្វីៗនឹងដំណើរការដូចប្រក្រតី ។ គ្មានអ្វីប្លែកឬផ្លាស់ប្តូរឡើយ ។
នៅក្នុងអត្ថបទខ្ញុំនៅថ្ងៃនេះ ខ្ញុំចង់រំលឹកពលរដ្ឋខ្មែរថាព្រះពុទ្ធបានបង្រៀនមនុស្សជាតិជាង ២៥០០ ឆ្នាំមកហើយថាគ្មានអ្វីអាចនៅគង់វង្សឥតប្រែប្រួលបានទេ ។ ក៏ប៉ុន្តែការប្រែប្រួលដែលអាចកើតមានទៅរួច លុះត្រាណាតែមនុស្សប្រើគំនិតហើយធ្វើសកម្មភាពកែប្រែ ។ មេដឹកនាំប្រទេសឥណ្ឌា លោក មហាត្មៈ គន្ធី ដែលបានបណ្តេញចក្រពត្តិនិយមអង់គ្លេសចេញពីប្រទេសហើយយកឯករាជ្យមកជូនប្រទេសជាតិវិញ បានថ្លែងថា “គឺតួខ្លួនអ្នកម្នាក់ៗនេះហើយដែលជារូបភាពនៃការប្រែប្រួលដែលអ្នកចង់បាន” ។ អ្នកស្រី ម៉ាហ្គារិទ ម៊ីត Margaret Mead អ្នកវិទ្យាសាស្ត្រវប្បធម៌ជាតិអាមេរិកាំងបានបញ្ជាក់ថា “សូមកុំសង្ស័យថាក្រុមតូចមួយនៃប្រភពពលរដ្ឋដែលមានគំនិតនិងប្តេជ្ញាចិត្តអាចផ្លាស់ប្តូរពិភពលោកបាន ។ ជាការពិតថា វាជារឿងតែមួយគត់ដែលធ្លាប់បានផ្លាស់ប្តូរពិភពលោក ។”
គំនិតវិជ្ជមាននិងគំនិតបង្កបង្កើតឲ្យមានអ្វីដែលមិនធ្លាប់មាន នឹងបើកទ្វារហុចឱកាសផ្សេងៗឲ្យសកម្មជនដែលប្តេជ្ញាចិត្តនាំមកនូវអ្វីដែលពួកគេចង់បាន ។ មេដឹកនាំអត្តាធិបតីខ្មែរបច្ចុប្បន្នមិនមែនជាធម្មិកជើងដីឥដ្ឋគាស់រំលំមិនបាននោះទេ ។ ពួកថីៗទាំងនោះជាមនុស្សចេះភ័យចេះខ្លាចដូចមនុស្សឯទៀតដែរ ។ បើមិនជឿចូរបំភ័យផងបន្លាចផងទៅមើលបើមិនថីៗមេក្រមីស្ម័គ្រចិត្តទាំងហ្វូងរត់ជាន់គ្នារកកន្លែងពួនក្រោមតុជាមិនខាន ។
ខ្ញុំឃើញមានខ្មែរដែលស្អប់របបអត្តាធិបតេយ្យហាក់ដូចជានៅមិនទាន់អស់ចិត្តថាប្រទេសនានាដែលគាំទ្រសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ នៅមានសមានចិត្តចេញខ្លួនមក “ប្រស់” កិច្ចព្រមព្រៀងអន្តរជាតិនេះ ហើយបង្ខំឲ្យរបបជិះជាន់នៅភ្នំពេញគោរពសន្ធិសញ្ញាដែលពួកគេបានយកមកទ្រាប់គូទអង្គុយ ។ ខ្ញុំមិនដែលសុបិនអំពីរឿងនេះទាល់តែសោះ ។ ខ្ញុំបន់សុំឲ្យបានឃើញប្រទេសហត្ថលេខីណាមួយចេញមុខបង្ហាញសាច់ដុំថាគេនឹងចាត់វិធានការឲ្យមានការគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ។ ប៉ុន្តែមកទល់ថ្ងៃនេះ ខ្ញុំហាក់ដូចមិនទាន់ឃើញមានសញ្ញាអ្វីមួយគួរជាទីសង្ឃឹមឡើយ ។
អ្វីដែលធ្វើឲ្យខ្ញុំហ្មងសៅក្រៃលែងគឺ “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា” ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័តនៅខែកញ្ញា ឆ្នាំ ១៩៩៣ ដែលមាន ១៥៨ មាត្រាថាជាច្បាប់កំពូលរបស់ប្រជាជាតិខ្មែរ ត្រូវបានរបបជិះជាន់នៅភ្នំពេញសព្វថ្ងៃយកជាន់ឈ្លី ។ នៅក្រោមរដ្ឋធម្មនុញ្ញនេះ ប្រទេសកម្ពុជាជាប្រទេសគោរពនីតិរដ្ឋ ដែលកំណត់ច្បាស់លាស់និងដាក់លក្ខខ័ណ្ឌលើការប្រើអំណាចនានា ។ នីតិរដ្ឋឈរលើគោលការណ៏ថា មនុស្សនិងស្ថាប័នទាំងអស់នៅក្នុងរដ្ឋត្រូវគោរពនិងទទួលខុសត្រូវនៅចំពោះមុខច្បាប់ដែលត្រូវអនុវត្តដោយត្រឹមត្រូវនិងដោយស្មើភាព ។ នីតិរដ្ឋគឺសំដៅទៅលើរដ្ឋាភិបាលដែលត្រូវផ្អែកលើគោលការណ៏ច្បាប់ មិនមែនលើគោលការណ៏មនុស្សទេ ។ នីតិរដ្ឋមានន័យថាច្បាប់ខ្ពស់ជាងគេនិងខ្ពស់ជាងបុគ្គលទាំងអស់ គឺគ្មានបុគ្គលឬស្ថាប័នរដ្ឋាភិបាលមួយណានៅពីលើច្បាប់ឡើយ ។ អ្វីដែលនៅចំពោះមុខគឹរបបភ្នំពេញមិនឲ្យខ្មែរមានសិទ្ធិស្មើគ្នា មានឱកាសរស់នៅដូចគ្នា និងមានការទទួលស្គាល់និងរាប់អានដូចគ្នានិងស្មើគ្នា ។
គួរកត់សំគាល់ថា ធម្មជាតិរបស់មនុស្សនៅក្នុងសង្គមមិនដែលឈប់ស្រេកឃ្លានសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនទេ ។ ការតស៊ូទាមទារសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សគឺគ្មានទីបញ្ចប់ឡើយ ។ យ៉ាងដូច្នេះយើងមិនត្រូវឆ្ងល់ឬភ្ញាក់ផ្អើលទេបើយូរឬឆាប់នឹងឃើញមានខ្មែរដែលនៅតែស្រេកឃ្លាននិងតស៊ូទាមទារសេរីភាព យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរដោយឥតភ័យខ្លាចអំណាចមេដឹកនាំផ្តាច់ការ ។
សិទ្ធិសេរីភាព និង ឱកាសនានានៅក្នុងការប្រកបកិច្ចការងារ មិនមែនរក្សាទុកសម្រាប់តែគ្រួសារនិងបក្សពួករបស់ជនផ្តាច់ការទេ ។ វាជារបស់យើងគ្រប់គ្នា ។ បើយើងមិនក្រោកឈរឡើងទាមទារឲ្យស្រុះគ្នាទេនោះ សេចក្តីទុក្ខវេទនានឹងតាមចងពៀរយើងតជំនាន់ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។