កម្ម-ផលនៃនយោបាយូបនីយកម្មកូវិដ-១៩

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៧ ខែ ឧសភា ឆ្នាំ២០២០

ការវិវត្តន៍នៃជំងឺមេរោគកូវិដ-១៩ និងការកាយកប់ត្រឡប់ជាន់នៃនយោបាយូបនីយកម្មមេរោគឆ្លងនៅសហរដ្ឋអាមេរិកមានការប្រែប្រួលរាល់ថ្ងៃនិងស្ទើររាល់ម៉ោង ។

“ផែនការណែនាំ” Guidelines របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្កាជំងឺ Centers for Disease control and prevention (CDC) បានក្លាយទៅជា “ផែនស្កររបស់លោកប្រធានាធិបតីត្រាំសម្រាប់សហរដ្ឋអាមេរិក” ។ បន្ទាប់ពីផែនការនេះចេញផ្សាយនៅសន្និសីទសេតវិមាននៅថ្ងៃទី ៣០ មីនា លោកត្រាំបានអំពាវនាវដល់ “កាតព្វកិច្ចសេ្នហាជាតិ” របស់មនុស្សគ្រប់រូបឲ្យធ្វើសកម្មភាពតាម “ផែនការណែនាំ” ដែលផ្តោតទៅលើគម្លាតពីគ្នា social distancing និងការរក្សាអនាម័យផ្ទាល់ខ្លួន hygiene ។

ក៏ប៉ុន្តែ ទាំង “ផែនការណែនាំ” ទាំងភាសា “ស្នេហាជាតិ” បានត្រូវកែប្រែ ១១ ថ្ងៃក្រោយមក ។ លោកត្រាំបានថ្លែងជាផ្លូវការប្រាប់សន្និសីទសេតវិមាននៅថ្ងៃទី ១០ មេសា ថាលោកកំពុងធ្វើ “សេចក្តីសម្រេចធំបំផុតមួយ” ពាក់ព័ន្ធនឹង “ផែនការណែនាំ” ពីព្រោះលោកចង់បើកទ្វារសហរដ្ឋអាមេរិកឲ្យធ្វើការជាធម្មតាឡើងវិញ ។ ការពិត លោកបានថ្លែងតាំងពីថ្ងៃទី ២៤ មីនាថាលោកចង់ឲ្យអាមេរិកបើកទ្វារឲ្យទាន់ថ្ងៃទី ១២ មេសា ដែលចំនឹងថ្ងៃបុណ្យ Easter ។

ស្ថិតិរបស់ “ព័ត៌មានប៊្លូមប៊ើរ៍គ” បានចុះផ្យាយថានៅព្រលប់ថ្ងៃទី ៣០ មីនាដែលលោកត្រាំបានអំពាវនាវឲ្យអនុវត្ត “ផែនការណែនំា” មេរោគកូវិដ-១៩ ដែលឆ្លងពីមនុស្សទៅមនុស្ស បានឆ្លងដល់ពលរដ្ឋអាមេរិកចំនួនជាង ១ សែន ៦ ម៉ឺននាក់និងធ្វើឲ្យស្លាប់ជាង ២ ពាន់ ៩ រយនាក់ ។ នៅព្រឹកថ្ងៃទី ៩ មេសា គឺមួយថ្ងៃមុនលោកត្រាំប្រកាសថាលោកកំពុងរើសថ្ងៃបើកទ្វារអាមេរិក មេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋជាង ៤ សែន ៣ ម៉ឺននាក់ ឬជាង ២ សែន ៧ ម៉ឺននាក់លើសថ្ងៃទី ៣០ មីនា និងធ្វើឲ្យស្លាប់ជាង ១ ម៉ឺន ៤ ពាន់នាក់ ឬជាង ១ ម៉ឺន ១ ពាន់នាក់លើសថ្ងៃទី ៣០ មីនា ។ ស្ថិតិនេះបង្ហាញថាមេរោគកូវិដ-១៩ ធ្វើសកម្មភាពឆ្លងដល់និងសម្លាប់ពលរដ្ឋកាន់តែច្រើននាក់ថែមទៀត ។

ដោយហេតុថាមេរោគកូវិដ-១៩ ជាមេរោគឆ្លងពីមនុស្សទៅមនុស្ស បានជាមានផែនការ ជម្រុញមនុស្សឲ្យរក្សាគម្លាតពីគ្នានិងរក្សាអនាម័យផ្តាល់ខ្លួនទម្រាំបង្កើតវ៉ាក់សំាងការពារខ្លួនបានក្នុងរយៈពី ១២ ទៅ ១៨ ខែទៀត ។ ទម្រាំដល់ពេលបង្កើតវ៉ាក់សំាងដែលមានភាពស័ក្តិសិទ្ធការពារខ្លួនបាន អ្នកជំនាញជំងឺរោគឆ្លងផ្តោតដំណោះស្រាយទៅលើការធ្វើតេស្តមនុស្សដើម្បីបញ្ជាក់ថានរណាមានមេរោគឆ្លងនិងនរណាគ្មាន រួចហើយបំបែកអ្នកមានរោគចេញពីអ្នកគ្មានរោគដើម្បីគ្រប់គ្រងជំងឺរាតត្បាត ។

គោលការណ៍ធ្វើតេស្តជាបញ្ហាដែលបង្កើតភាពមិនចុះសម្រុងគ្នាជាយូរមកហើយ រវាងប្រធានាធិបតីអាមេរិកនិងអ្នកជំនាញជំងឺឆ្លង ។ នៅថ្ងៃពុធទី ៦ ឧសភាគំនិតពិតរបស់លោកត្រំាអំពីការធ្វើតេស្តមនុស្សបានបញ្ចេញតាមពាក្យថ្លែងជាសាធារណៈ ៖ ដោយអួតអាងថារហូតអាមេរិក “ធ្វើតេស្តមនុស្សបានច្រើនជាងបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោកបូករួមគ្នា” — ពាក្យសំដីប៉ាតណាប៉ាតណីនេះបានធ្វើឲ្យមានការចំអកថាកុំទៅយកប្រទេសទាំងអស់មកបូករួមគ្នា យកតែ ៤ ប្រទេស គឺប្រទេសអេស្បាញ អ៊ីតាលី អាល្លឺម៉ង់ និងអង់គ្លេស នឹងឃើញថាពួកគេបានធ្វើតេស្តច្រើនជាងអាមេរិក — លោកត្រាំនិយាយបន្តទៀតថា “ការធ្វើតេស្តមនុស្សច្រើនបង្ហាញឲ្យឃើញថាអាមេរិកមានករណីមេរោគឆ្លងច្រើនពេកដែលជាការមិនល្អមើលទេសម្រាប់យើង” ។ គំនិតលោកបានក្លាយជាប្រធានបទនៃវិចារណកថារបស់អ្នកកាសែតនានា ។

អ្នកវិភាគឈ្មោះ ពីទើរ៍ បេកឺរ៍ Peter Baker បានចុះផ្សាយអត្ថបទវែងមួយនៅក្នុងកាសែតនូវយ៉កថែមស៍នៅក្រោមចំណងជើងថា “នៅក្នុងសន្និសីទផ្សាយព័ត៌មានម៉ារ៉ាតុងរបស់លោកត្រំា ចម្លើយនឹងសាររបស់លោកមានភាពផ្ទុយគ្នាច្រើនណាស់” ។ ឃ្លាមួយបន្ទាត់របស់លោក បេកឺរ៍ សរុបអត្ថន័យនៃអត្ថបទលោកដូចតទៅ ៖ “លោកប្រធានាធិបតីមិនបាច់មានគូប្រឆាំងជំទាស់នឹងលោកទេ ពីព្រោះលោកបានបំពេញកិច្ចនេះដោយខ្លួនលោកជាស្រេចហើយ” ។ ដូចជាវិចារណកថារបស់លោក Fareed Zakaria នាថ្ងៃទី ២៦ មេសាអំពីយុទ្ធសាស្ត្រ “ពន្លាត់ក្នុងចេញក្រៅ” (ដែលខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំលើកមុន) ថាលោកត្រាំព្យាយាមធ្វើជាមេដឹកនាំផងនិងជាអ្នកវាយប្រហារផង តែមែនទែនទៅលោកត្រាំចេះរាំតែមួយបែបទេ ។

មួយថ្ងៃក្រោយពីលោកត្រាំបានថ្លែងអំពីការធ្វើតេស្តមនុស្ស នៅថ្ងៃព្រហស្បត៍ទី ៧ ឧសភាវិទ្យាស្ថានសុខភាពពិភពលោកនៃសកលវិទ្យាល័យ Harvard បានបញ្ចេញការស្រាវជ្រាវថ្មីមួយដែលបង្ហាញថាការធ្វើតេស្តនៅទូទាំងប្រទេសអាមេរិកបានធ្លាក់នៅឆ្ងាយណាស់ពីការចាំបាច់ដើម្បីទប់ស្កាត់ល្បឿនរីករាលដាលនៃមេរោគកូវិដ-១៩ ។ ការស្រាវជ្រាវបង្ហាញថាសព្វថ្ងៃនេះអាមេរិកធ្វើតេស្តមនុស្សបានតែជាង ២ សែន ៤ ម៉ឺននាក់ទេក្នុងមួយថ្ងៃ ខណៈដែលអាមេរិកចាំបាច់ត្រូវធ្វើតេស្តមនុស្សឲ្យបានលើសពី ៩ សែននាក់ក្នុងមួយថ្ងៃប្រសិនបើចង់បើកធ្វើដំណើរការសេដ្ឋកិច្ចឡើងវិញនិងបន្ធូបន្ថយគម្លាតក្នុងការប្រាស្រ័យទាក់ទងគ្នា។ អ្នកជំនាញជំងឺឆ្លង លោកវេជ្ជបណ្ឌិត ហ្វៅជី បាននិយាយថា ៖ “នៅពេលឥឡូវនេះខ្ញុំឥតទុកចិត្តទាល់តែសោះថាយើងមានសមត្ថភាពធ្វើតេស្តមនុស្ស” ។ លោកថា អាមេរិកចាំបាច់ត្រូវធ្វើតេស្តឲ្យបានច្រើននិងឲ្យបានទូទៅ ។ យើងត្រូវតាមដានមនុស្សដែលបានស្ថិតនៅក្បែរអ្នកមានរោគឆ្លង ។ ហើយយើងត្តូវបំបែកមនុស្សមានរោគឆ្លងពីមនុស្សដែលមិនទាន់ធ្លាក់ខ្លួនឈឺ គឺ “testing, tracing, isolating” ។ លោកថា “នៅទីបំផុតគឺវ៉ាក់សំាងទេដែលជាចម្លើយតបទៅជំងឺរោគឆ្លង” ។

លោក ថូម៉ាស ហ្វ្រ៊ីឌិន Thomas Frieden អតីតអ្នកមើលខុសត្រូវមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC បានផ្តល់ផែនការទប់ស្កាត់មេរោគកូវិដ-១៩ ដែលមាន ៤ ចំណុចគឺ ១. ធ្វើតេស្តឲ្យបានច្រើននិងឲ្យបានទូទៅ ២. បំបែកមនុស្សគ្រប់រូបដែលមានជំងឺរោគឆ្លងចេញពីអ្នកមិនទាន់មានរោគ ៣. តាមដានមនុស្សគ្រប់រូបដែលធ្លាប់មានទំនាក់ទំនងផ្ទាល់នឹងអ្នកដែលមានរោគឆ្លង ៤. មនុស្សដែលមានទំនាក់ទំនងនឹងមនុស្សមានរោគឆ្លងត្រូវទុកឲ្យនៅឃ្លាតពីអ្នកដទៃចំនួន ១៤ ថ្ងៃ ។ ខាងក្រោមនេះគឺតារាងរបស់លោក ហ្វ្រ៊ីឌិន ៖

ក៏ប៉ុន្តែលោកត្រាំហាក់ដូចជាមើលស្រាលការស្លាប់របស់មនុស្ស ។ លោកបាននិយាយតាំងពីខែកុម្ភៈថាមេរោគកូវិដ-១៩ នឹង “រលាយខ្សុល” ។ នៅខែមីនាលោកប្រាប់សភាឲ្យរក្សាភាពស្ងប់ស្ងាត់ ។ រហូតមកដល់ថ្ងៃទី ២៨ មេសាលោកនៅតែនិយាយថាមេរោគឆ្លងនេះនឹងរលាយបាត់បង់ទៅវិញ ។ តែនៅរាត្រីថ្ងៃ ២៨ មេសានោះមេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋអាមេរិកជាង ១ លាននាក់និងធ្វើឲ្យស្លាប់ជាង ៥ ម៉ឺន ៨ ពាន់នាក់ ។

ឯកសារផ្ទៃក្នុងចុះថ្ងៃទី ៩ មេសារៀបរៀងដោយក្រសួងសន្តិសុខជាតិ Homeland Security និងក្រសួងសុខាភិបាលHealth and Human Resources នៃរដ្ឋាភិបាលលោកត្រាំ ស្តីអំពីការព្យាករណ៍ទៅថ្ងៃមុខ projections ជាឯកសារដែលយើងត្រូវចាប់អារម្មណ៍ ។

នៅថ្ងៃទី ១០ មេសា កាសែតនូវយ៉កថែមស៍បានចុះផ្សាយឯកសារនោះ ដែលមានផ្តល់ សេណារីយ៉ូចំនួន ៣ គឺ ៖ ១. ខណៈដែលគ្មានសកម្មភាពអ្វីទប់ស្កាត់ជំងឺរោងឆ្លង ។ ២. ខណៈដែលមានសកម្មភាពទប់ស្កាត់ជំងឺរោគឆ្លងដោយបិទសាលារៀន ឲ្យមនុស្សចំនួន ២៥% ធ្វើការពីផ្ទះ ឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម ។ ៣. ខណៈអនុវត្ត “បញ្ជាស្នាក់នៅក្នុងលំនៅដ្ឋាន” shelter-in-place order ចំនួន ៣០ ថ្ងៃ បូកទៅលើសកម្មភាពចែងនៅក្នុងសេណារីយ៉ូ ២ ។ ខាងក្រោមនេះគឺ “ស្ថិតិនិងវិភាគី” ចុះផ្សាយក្នុងកាសែតនូវយ៉កថែមស៍ ៖

យ៉ាងដូច្នេះ ក្រសួងសំខាន់ពីររបស់រដ្ឋាភិបាលបានផ្តល់សេចក្តីសន្និដ្ឋានដូចតទៅ ៖ ១. បើគ្មានសកម្មភាពទប់ស្កាត់ជំងឺរោគឆ្លងទេ ពលរដ្ឋអាមេរិកចំនួន ៣ សែននាក់ត្រូវស្លាប់ ។ ២. បើបញ្ឈប់ “បញ្ជាស្នាក់នៅក្នុងលំនៅដ្ឋាន” ពលរដ្ឋអាមេរិកចំនួន ២ សែននាក់ត្រូវស្លាប់ ។

និយាយរួមខ្លី ក្រសួងសំខាន់ពីរបញ្ជាក់ថា “ផែនការណែនាំ” ជាអន្តរាគមន៍មួយដែលអាចរក្សាជីវិតពលរដ្ឋអាមេរិកំាងពី ២ ទៅ ៣ សែននាក់ ។

ប៉ុន្តែនៅថ្ងៃទី ១០ មេសានោះ លោកត្រាំបានថ្លែងប្រាប់សន្និសីទសេតវិមានថាលោកចង់ឲ្យបញ្ចប់ “ផែនការណែនាំ” ឬ ផែនការទប់ស្កាត់ជំងឺ ដើម្បីបើកទ្វារអាមរិកឲ្យធ្វើការជាធម្មតាឡើងវិញ ។ តែលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅជី បានថ្លែងថាពេលវេលានេះមិនមែនជាពេលដែលប្រទេសអាមេរិកត្រូវ “បង្វិលខ្លួនដើរថយក្រោយសោះឡើយ” ហើយលោកទទូចអំពីការចាំបាច់រក្សារគម្លាតពីគ្នា social distancing ។ លោកស្រីវេជ្ជបណ្ធិត ដេបូរ៉ា ប៊ើរ៍គស៍ បានរំលឹកថា “យើងនៅមិនទាន់បានឡើងដល់កំពូលនៃការរាលដាលធ្លាក់ចុះនៅឡើយទេ” ដូច្នេះយើងត្រូវតែ “បន្តគោលការណ៍ទប់ស្កាត់ជំងឺ” ។

ខ្ញុំបានសរសេរត្រួសៗរួចហើយថា នៅថ្ងៃ ២០ មករា CDC បានប្រកាសអំពីករណីទី ១ នៃមេរោគឆ្លងនៅស្រុក ស្ណូហូម៉ីហ្ស Snohomish នៃរដ្ឋវ៉ាស៊ិនតោន Washington State ។ នៅថ្ងៃទី ២៤ មករា លោកត្រាំថ្លែងថាកុំឲ្យព្រួយបារម្ភពេកព្រោះមានមនុស្សតែម្នាក់ទេមកពីស្រុកចិនដែលនាំរោគឆ្លងនេះមកអាមេរិក “អ្វីៗនឹងដំណើរការល្អទេ” – “it will work out well” ។

ស្ថិតិផ្លូវការនៅអំឡុងពេលនោះបង្ហញពលរដ្ឋអាមេរិកទី ១ បានស្លាប់នៅរដ្ឋវ៉ាស៊ិនតោននៅថ្ងៃទី ២៩ កុម្ភៈដោយរោគឆ្លង តែគេបានដឹងក្រោយមកថាពលរដ្ឋពីរនាក់ផ្សេងទៀតបានស្លាប់នៅស្រុកសាន់តាក្លែរ៉ា Santa Clara រដ្ឋកាលីហ្វួរន្យា ៣ សប្តាហ៍មុននោះទៅទៀត ។

លោកត្រាំបានអំពាវនាវនៅក្នុងសន្និសីទសេតវិមាននាថ្ងៃទី ៣០ មីនា ថាត្រូវតែធ្វើតាម “ផែនការណែនាំ” ដើម្បីចៀសវាងការបាត់បង់ជីវិតពលរដ្ឋចំនួនសែននាក់ ។ នៅល្ងាចថ្ងៃទី ៣០ មីនានោះ មេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋចំនួនជាង ១ សែន ៦ ម៉ឺននាក់និងបានធ្វើឲ្យស្លាប់ជាង ២ ពាន់ ៩ រយនាក់ ។ ដែលខ្ញុំចេះតែរំលឹកអំពីស្ថិតិនៃមនុស្សរងគ្រោះនិងមនុស្សស្លាប់ គឺខ្ញុំចង់ទាញអារម្មណ៍លោកអ្នកថានៅពីក្រោយតួលេខនិមួយៗគឺមានមនុស្សដូចរូបលោកអ្នកនិងរូបខ្ញុំដែលជាអ្នករងគ្រោះនិងស្លាប់ ។ តួលេខបង្ហាញចំនួននេះកើនឡើងរាល់ថ្ងៃ ។

នៅក្នុងខែមីនានោះ មានរដ្ឋចំនួន ៤៤ បានចេញ “បញ្ជាឲ្យពលរដ្ឋស្នាក់នៅក្នុងលំនៅដ្ឋាន” ហើយមានរដ្ឋខ្លះបិទហាងលក់ដូរមិនចាំបាច់ដូចជាភាជនីយដ្ឋាននិងបារ បិទសាលារៀន ។ល។ អភិបាលរដ្ឋ Governors និងអភិបាលក្រុងMayors បានអំពាវនាវដល់ពលរដ្ឋឲ្យរក្សាគម្លាតពីគ្នានិងរក្សាអនាម័យផ្ទាល់ខ្លួន ។ យ៉ាងនេះ អ្វីដែលរដ្ឋមួយចំនួនបានធ្វើគឺស្របគ្នានឹង “ផែនការណែនាំ” របស់ CDC ។

នៅរៀងរាល់ថ្ងៃ កាសែតនានាបានផ្សាយអំពីការទទូចរបស់អភិបាលរដ្ឋនិងអភិបាលក្រុងអំពីការខ្វះខាតសម្ភារៈនិងឧបករណ៍ការពារខ្លួន personal protective equipment (PPE) ចាប់ពីស្រោមដៃ ម៉ាសពាក់មុខ រហូតដល់គ្រែថែរក្សាអ្នកជំងឺ ។ បណ្តាញទួរទស្សន៍បញ្ជាំងផ្សាយសកម្មភាពនៅក្នុងនិងនៅក្រៅមន្ទីរពេទ្យ បង្ហាញគិលានុបដ្ឋាយិកា បុគ្គលិកថែទាំជំងឺ វេជ្ជបណ្ឌិតធ្វើការញាប់ដៃ និងឡានពេទ្យនិងសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺចេញចូលមន្ទីរពេទ្យឥតឈប់ឈរ ។

ជាទូទៅ ទំនាក់ទំនងរវាងលោកត្រាំនិងអភិបាលគ្រប់គ្រងរដ្ឋមកពីគណបក្សប្រជាធិបតេយ្យមិនមានដំណើរល្អទេ ហើយទំនាក់ទំនងរវាងលោកត្រាំនិងពួកអ្នកកាសែតក៏មិនដែលមានភាពល្អដែរ ។ អភិបាលរដ្ឋតែងត្អូញត្អែរអំពីការមិនឆ្លើយតបរបស់លោកត្រាំទៅនឹងសេចក្តីអំពាវនាវរបស់ពួកគេសុំជំនួយដែលត្រូវការប្រញ៉ាប់ដើម្បីប្រយុទ្ធនឹងកូវិដ-១៩ ។

បញ្ហាលោកត្រំាមិនអនុវត្ត “ច្បាប់ផលិតកម្មការពារជាតិ” Defense Production Act (DPA) បានតម្លើងភាពតានតឹងរវាងអភិបាលរដ្ឋនិងអភិបាលក្រុងជាមួយនឹងលោកត្រាំដែលជាប្រធានាធិបតី ។ DPA ផ្តល់អំណាចដល់ប្រធានាធិបតីបញ្ជាក្រុមហ៊ុនឯកជនឲ្យផលិតអ្វីៗតាមសេចក្តីត្រូវការ មានម៉ាសពាក់មុខ ម៉ាស៊ីនវ៉ង់ទីឡាទ័រជាដើម ។ DPA ផ្តល់អំណាចដល់ប្រធានាធិបតី “បែងចែកសម្ភារៈ សេវាកម្ម និងទីកន្លែង” ដើម្បីការពារប្រទេសជាតិ ។ អកម្មភាពលោកត្រាំអនុវត្ត DPA បានបង្ហាញឲ្យឃើញដំណើរលោកក្នុងនយោបាយូបនីយកម្មនៃកូវិដ-១៩ នៅគ្រាដែលពលរដ្ឋកំពុងរងទុក្ខនិងស្លាប់ ។

ម៉្យាងវិញទៀត អ្នករិះគន់បានចោទលោកត្រាំថាមិនបានជម្រុញការអនុវត្ត “ផែនការណែនាំ” ដែលជាផែនការនៅក្រោមឈ្មោះលោកជាផ្លួវការ ។ ផ្ទុយទៅវិញនៅថ្ងៃទី ១០ មេសាសេចក្តីប្រកាសជាផ្លួវការចង់ឲ្យអាមេរិកបើកទ្វារធ្វើការឡើងវិញគឺផ្ទុយអំពី “ផែនការណែនាំ” នោះ។

នៅក្នុងសន្និសីទសេតវិមានដ៏សំខាន់មួយនាថ្ងៃទី ១៣ មេសា លោកត្រាំដែលមិនដែលអនុញ្ញាតនរណាដែលធ្វើឲ្យលោកមិនសប្បាយចិត្តរួចខ្លួន បានបើកសន្និសីទដោយហៅលោក ហ្វៅជី ឲ្យឡើងវេទិកា “និយាយ ២-៣ ម៉ាត់សិន” ។ លោក ហ្វៅជី បានប្រាប់ស៊ីអ៊ិនអ៊ិន ថាលោកនិងជំនាញផ្នែកសុខភាពឯទៀតបានសុំលោកត្រាំនៅចុងសប្តាហ៍ទី ៣ ខែកុម្ភៈឲ្យចាត់វិធានការទប់ស្កាត់មេរោគឆ្លងពីព្រោះការទប់ស្កាត់ឲ្យទាន់ពេលវេលា “អាចសង្គ្រោះជីវិតមនុស្សបានច្រើន” ។ លោក ហ្វៅជី ក៏និយាយដោះសារបង្គ្រប់កិច្ចជូនចៅហ្វាយថាអ្វីដែលលោកបាននិយាយគឺជាចម្លើយទៅសំនួរសម្មតិកម្ម hypothetical ហើយលោកបានប្រើពាក្យមិនសូវពិរោះ ។ នេះមិនមែនជាការសុំទោសចៅហ្វាយនាយទេ — bad boy! ។

បន្ទាប់មកទៀតលោកត្រាំបានប្រើវេទិកានិយាយតែម្នាក់ឯងអស់រយៈ ២ ម៉ោងកន្លះ ។ លោកបានប្រកាសថាលោកជាប្រធានាធិបតី លោកមាន “អំណាចទាំងស្រុង” “total authority” បញ្ជាគ្រប់រដ្ឋឲ្យបញ្ឈប់គម្លាតពីគ្នានិងឲ្យបើកទ្វារធ្វើសេដ្ឋកិច្ចឡើងវិញ ហើយអភិបាលរដ្ឋណាដែលមិនស្តាប់បញ្ជានឹងត្រូវទទួល “ផលវិបាកនយោបាយ” ។

នៅយប់ថ្ងៃនោះ នាង អាហ្ស្លី ប៉ារ៍កឺរ៍ Ashley Parker អ្នកកាសែតឈ្នះពានរង្វាន់ពុល្លីទហ្ស័រ Pulitzer Prize សរសេរវិចារណកក្នុងទំព័រកាសែតនូវយ៉កថែមស៍ក្រោមចំណងជើងថា “The Me President: Trump uses pandemic briefing to focus on himself” ឬ “លោកប្រធានាធិបតី មានតែអញ ៖ លោកត្រាំយកសន្និសីទជំងឺរាតត្បាតមកផ្តោតលើរូបលោកវិញ” ។ យ៉ាងនេះ នាង អាហ្ស្លី ប៉ារ៍កឺរ៍ បានចូលក្នុងក្លឹបជាមួយលោក ពីទឺរ៍ បេកឺរ៍ ដែលខ្ញុំសរសេរខាងលើ ។

បន្ទាប់ពីលោកត្រាំប្រកាស “អំណាចទាំងស្រុង” អភិបាលរដ្ឋ ៦ នាក់នៅតំបន់ខាងកើតនិង ៣ នាក់នៅតំបន់ខាងលិចសហរដ្ឋប្រកាសថាពួកគេនឹងធ្វើការរួមគ្នាបង្កើតផែនការបើកសាលារៀននិងបើកទ្វារធ្វើសេដ្ឋកិច្ចនៅពេលណាពួកគេមើលឃើញថាការរីករាលដាលនៃមេរោគឆ្លងបានត្រូវចុះខ្សោយហើយ ។ ពួកគេថារវាងការបើកទ្វារធ្វើសេដ្ឋកិច្ចនិងការរក្សាសុខភាពពលរដ្ឋពួកគេបានសម្រេចការពារសុខភាពពលរដ្ឋ ។

មួយថ្ងៃក្រោយមកគឺនៅថ្ងៃអង្គារទី ១៤ មេសា លោកត្រាំមិនបាននិយាយទៀតអំពី “អំណាចទាំងស្រុង” ផ្តល់បញ្ជាដល់អភិបាលរដ្ឋ តែបានថ្លែងប្រាប់អ្នកកាសែតថាឥឡូវនេះលោកអនុញ្ញាតឲ្យអភិបាលនៃរដ្ឋនិមួយៗសម្រេចដោយខ្លួនឯងអំពីពេលវេលានិងរបៀបត្រឹមត្រូវក្នុងការបើកទ្វាររដ្ឋធ្វើសេដ្ឋកិច្ចឡើងវិញ ។

ពីរថ្ងៃបន្ទាប់មកគឺនៅថ្ងៃទី ១៦ មេសា លោកបង្ហាញនូវផែនការណែនាំថ្មីមួយនៅក្រោមឈ្មោះថា “បើកទ្វារប្រទេសអាមេរិកជាថ្មី” ដែលមាន ៣ ដំណាក់កាលដើម្បីឲ្យរដ្ឋនៅក្នុងតំបន់ខ្លះបើកទ្វារធ្វើសេដ្ឋកិច្ចឡើងវិញ ។ ជាសង្ខេប ផែនការថ្មីទូន្មានរដ្ឋថានៅក្នុងរយៈ ១៤ ថ្ងៃមុននឹងបើកទ្វាររដ្ឋត្រូវបញ្ជាក់ថាមេរោគឆ្លងបានចុះខ្សោយកម្លាំងហើយ ពលរដ្ឋដែលមេរោគឆ្លងដល់ក៏ចុះចំនួនដែរ រីឯមន្ទីរពេទ្យក៏មានសមត្ថភាពគ្រប់គ្រាន់ធ្វើតេស្តនិងថែរក្សាអ្នកជំងឺ ។ ខ្ញុំប្រៀបផែនការថ្មីនេះទៅនឹងការរុញទូកក្នុងទឹកឲ្យទៅអភិបាលរដ្ឋដែលមានភារៈរកច្រវ៉ាដោយខ្លួនឯងដើម្បីចែវទូក ។ 

ចូលថ្ងៃទី ១៧ មេសា ប៉ុន្មាននាទីក្រោយពីបណ្តាញទូរទស្សន៍ Fox News ផ្សាយវីដេអូបង្ហាញបាតុករប្រមូលផ្តុំស្រែកប្រឆំាងនឹង “បញ្ជាស្នាក់នៅក្នុងលំនៅដ្ឋាន” ប្រឆំាងនឹការរក្សាគម្លាតពីគ្នា លោកត្រាំបានផ្ញើទ្វីតចំនួន ៣ ដោយប្រើជើងអក្សរធំៗទាំងអស់ប្រកាស “រំដោះរដ្ឋ មីណេសូតា!” “LIBERATE MINNESOTA!” នៅម៉ោង ១១:២១ ព្រឹក – “រំដោះរដ្ឋ ម៉ីហស្ស៊ីហ្គិន!” “LIBERATE MICHIGAN!” នៅម៉ោង ១១:២២ ព្រឹក – “រំដោះរដ្ឋ វៀរហ្ស៊ីន្យា!” “LIBERATE VIRGINIA!” នៅម៉ោង ១១-២៥ ព្រឹក ។ នៅក្នុងទ្វីត “រំដោះរដ្ឋ វៀរហ្ស៊ីន្យា!” លោកត្រាំបានបន្ថែមពាក្យថា “ចូរការពារកំណែច្បាប់ទី ២ ដ៏ខ្ពង់ខ្ពស់របស់លោកអ្នកដែលបានត្រូវគេឡោមព័ទ្ធហើយ” ។ រូបភាពខាងក្រោមនេះបង្ហាញទ្វីតទាំង ៣ – រូបភាពបាតុករស្រែកចំទាលនៅក្រោយទ្វារកញ្ចក់ – រូបភាពបាតុករប្រដាប់ដោយអាវុធ ។

 

តាំងពីពេលនោះមក បាតុកម្មប្រឆំាងនឹងបញ្ជាអភិបាលរដ្ឋបានត្រូវរៀបចំឡើងនៅក្នុងរដ្ឋជាច្រើន ។ លោកត្រាំមិនបានស្តីបន្ទោសបាតុករដែលរំលោភ “ផែនការណែនាំ” របស់លោកទេ តែលោកស្រីវេជ្ជបណ្ឌិត ប៊ើរ៍គស៍ បានសម្តែងការសោកស្តាយចំពោះបាតុករប្រមូលផ្តុំឥតគោរពគម្លាតពីគ្នាដែលអាចឲ្យមេរោគឆ្លងដល់ខ្លួនមុននឹងនាំមេរោគបន្តទៅគ្រួសារនៅផ្ទះ ។ កាសែតនានាចោទលោកត្រាំថាជាអ្នកញុះញង់បាតុករឲ្យប្រឆំាងនឹងអភិបាលរដ្ឋដែលមកពីគណបក្សប្រជាធិបតេយ្យ ។

នៅក្នុងសន្និសីទសេតវិមាននាថ្ងៃទី ២៣ លោកត្រាំភ្ជាប់ឈ្មោះប្រធានាធិបតីអាមេរិកទៅក្នុងការសើចចំអកនៅក្នុងនិងក្រៅប្រទេសដោយបានថ្លែងយ៉ាងមធ្យ័តថាគួរតែនាំគ្នាគិតប្រើ “ពន្លឺព្រះអាទិត្យដែលមានឥទ្ធិពលខ្លាំងក្លា”powerful sunlight និងប្រើ “ថ្នាំសម្អាតសម្ភារៈ” disinfectant ចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សឲ្យវា “លាងសួតមនុស្ស” ឲ្យបានស្អាត ។

ក្រុមហ៊ុនផលិតគ្រឿងសម្អាតសម្ភារៈមួយចំនួនបានចេញប្រកាសសុំជាបន្ទាន់សុំកុំឲ្យចាក់បញ្ចូលគ្រឿងទាំងនេះទៅក្នុងខ្លួនឲ្យសោះដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។ ខ្ញុំអង្គុយសម្លឹងមើលទូរទស្សន៍ខ្ញុំឃើញលោកស្រីវេជ្ជបណ្ឌិត ប៊ើរ៍គស៍ មានទឹកមុខដូចទើបតែបរាជ័យនៅក្នុងសឹកសង្គ្រាម ។

ខ្ញុំសូមបង្រួញរឿងមួយពាន់មួយយប់ ។ នៅថ្ងៃទី ២៨ មេសា លោកត្រំាអនុវត្ត DPA បញ្ជាឲ្យរោងសត្តឃាតនៅអាមេរិកបើកទ្វារធ្វើការជាធម្មតាទោះបីមេរោគកូវិដ-១៩ បានឆ្លងដល់កម្មករអារកាត់និងវិចខ្ចប់សាច់ និងបានធ្វើឲ្យកម្មករស្លាប់មួយចំនួនក្តី ។ លោកប្រកាសមណ្ឌល់សត្តឃាតជា “ហេដ្ឋារចនាសម្ព័ន្ធចាំបាច់” ។ សហជីពនៃមណ្ឌល់សត្តឃាតបានចោទថាបញ្ជាឲ្យបន្តដំណើរការសត្តឃាតមិនបានគិតដល់អាយុជីវិតកម្មករឡើយ ។

អ្វីដែលអស្ចារ្យគឺការចូលរួមរបស់លោកត្រំានៅក្នុងកម្មវិធី Fox News town hall ផ្សាយផ្ទាល់តាមទូរទស្សន៍នៅថ្ងៃអាទិត្យទី ៣ ឧសភានៅវិមានអនុស្សាវរីយ៍លោក អេប្រាហាម លីងកិន Abraham Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ិនតោន និងសេចក្តីថ្លែងការរបស់លោកនៅទីក្រុងហ្វីនីក​ Phoenix រដ្ឋអារីហ្សូណា Arizona នៅថ្ងៃទី ៥ ឧសភា ។

នៅក្នុងកម្មវិធីហៅថា “ប្រទេសអាមេរិករួមគ្នា ៖ ការវិលត្រឡប់ទៅធ្វើការវិញ” លោកត្រាំបានត្អូញត្អែរថាគ្មានប្រធានាធិបតីអាមេរិករូបណាដែលត្រូវបានអ្នកកាសែតរាប់រកដោយអរិភាពជាងរូបលោកទេ ។ លោកថាតាមគេនិយាយគ្មាននរណាត្រូវបានគេរាប់រកដោយអរិភាពជាងលោកលីងគិនទេប៉ុន្តែ “ខ្ញុំជឿថាខ្ញុំត្រូវបានគេរាប់រកដោយអរិភាពជាងលោកលីងគិនទៅទៀត” ។ ចំពោះរឿងកម្មករមណ្ឌល់សត្តឃាតដែលទទួលបញ្ជាឲ្យចូលធ្វើការកាត់សាច់សត្វ លោកត្រាំថ្លែងថា “វាគួរឲ្យរន្ធត់ដែលកម្មករត្រូវចូលធ្វើការវិញ ប៉ុន្តែវាកំពុងដំណើរការល្អទេ It’s all working out!” ខណៈលោកពោលថាពលរដ្ឋអាមេរិកប្រហែល ១ សែននាក់នឹងត្រូវស្លាប់ ។

នៅទីក្រុងហ្វីនីក លោកត្រាំបានទៅទស្សនារោងធ្វើម៉ាសពាក់មុខរបស់ក្រុមហ៊ុន Honeywell តែលោកមិនពាក់ម៉ាសទេ លោកពាក់វ៉ែនតាធំ ។ នៅទីនោះលោកបានប្រាប់ពលរដ្ឋថាអាមេរិកបានជួបប្រទះនឹងការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរណាស់ដោយហេតុបិទទ្វារមិនធ្វើការដូច្នេះចូរពលរដ្ឋគិតថាពួកគេសុទ្ធតែជា “អ្នកចម្បាំង” warriors ដែលត្រូវចេញពីផ្ទះទៅធ្វើការឡើងវិញ ។ លោកត្រាំបានទទួលស្គាល់ថាការបើកឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញនឹងធ្វើឲ្យមានការរងទុក្ខកាន់តែច្រើនឡើង ។ លោកថានឹងមានមនុស្សជាច្រើនរងផលប៉ះពាល់“ក៏ប៉ុន្តែយើងត្រូវតែបើកដំណើរការប្រទេសយើងឲ្យបានឆាប់រហ័ស” ។ លោកបានណែនាំរដ្ឋនានាឲ្យបន្ធូបន្ថយវិធានការគម្លាតពីគ្នានឹងអនុញ្ញាតឲ្យពាណិជ្ជកម្មដំណើរការឡើងវិញ ។

លោកបានថ្លែងតាមបណ្តាញ ABC News នៅរាត្រីថ្ងៃទី ៥ ថា ៖​ “នឹងមានមនុស្សស្លាប់ជាច្រើននាក់ថែមទៀត ហើយទោះបីជាមានឬគ្មានវ៉ាក់សំាង មេរោគឆ្លងនឹងសាបរលាប ហើយយើងនឹងវិលត្រឡប់ទៅកាន់ភាពធម្មតាវិញ” ។

អ្នកជំនាញជំងឺឆ្លងបានថ្ងែងជារឿយៗថានឹងគ្មាន “ភាពធម្មតា” ទេដរាបណាគ្មានវ៉ាក់សំាងការពារខ្លួន ។ ប៉ុន្តែលោកត្រាំនិងមន្ត្រីជាន់ខ្ពស់អះអាងថាជីវិតបានមកដល់ “ភាពធម្មតា”ហើយ ។ ពលរដ្ឋនឹងសប្បាយបុណ្យឯករាជជាតិនៅថ្ងែទី ៤ កក្កដា សេដ្ឋកិច្ចនឹងលូតលាស់ អាមេរិកនឹងធ្វើតេស្តមនុស្សចំនួនរាប់លាននាក់ក្នុងមួយថ្ងៃ ។ លោកអនុប្រធានាធិបតី ម៉ែក ផិន Mike Pence ក៏បានថ្លែងថា “ជំងឺរាតត្បាតនឹងរលត់បាត់” នៅពេល Memorial Day ដែលធ្លាក់ចំថ្ងៃចន្ទទី ២៥ ឧសភា ២០២០ ។ លោក ហ្ចារ៉េដ គូហ្សណឺរ៍ Jared Kushner កូន

ប្រសារនិងជាទីប្រឹក្សាជាន់ខ្ពស់លោកត្រាំបានថ្លែងថាតំបន់ភាគច្រើននៃប្រទេសអាមេរិកនឹងឈានដល់​ “ភាពធម្មតា” នៅខែមិថុនានេះ ។  អ្នកកាសែតពីរនាក់របស់ព័ត៌មានប៊្លូមប៊ើរ៍គបានសរសេរអត្ថបទមួយនៅក្រោមចំណងជើងថា ៖ “លោកត្រាំនិយាយថាអាមេរិកត្រូវតែបើកទ្វារឡើងវិញទោះបីពលរដ្ឋច្រើនទៀតត្រូវធ្លាក់ខ្លួនឈឺឬស្លាប់ក៏ដោយ” ។

នៅល្ងាចថ្ងៃទី ៣ ឧសភាដែលលោកត្រាំចូលរួមក្នុងកម្មវិធី Fox News town hall ស្ថិតិ ប៊្លូមប៊ើរ៍គបានផ្សាយថាមេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋអាមេរិកចំនួន ១ លាន ១ សែន ៥ ម៉ឺន ៤ ពាន់ ៦៦៩ នាក់និងបានធ្វើឲ្យស្លាប់ចំនួន ៦ ម៉ឺន ៧ ពាន់ ៥៥៤ នាក់ ។ នៅរាត្រីថ្ងៃទី ៥ ឧសភាដែលលោកត្រាំធ្វើទស្សនកិច្ចនៅរដ្ឋអារីហ្សូណា មេរោគកូវិដ-១៩ បានឆ្លងដល់ពលរដ្ឋអាមេរិកចំនួន ១ លាន ២ សែន ៣ ពាន់ ៧៤០ នាក់ ឬ ៤ ម៉ឺន ៩ ពាន់ ៧១ នាក់លើសពីថ្ងៃទី ៣ និងបានធ្វើឲ្យស្លាប់ចំនួន ៧ ម៉ឺន ១ ពាន់ ៤០ នាក់ ឬ ៣ ពាន់ ៤៨៦ នាក់លើសពីថ្ងៃទី ៣ ។

នៅថ្ងៃទី ៥ ឧសភា ស្ថិតិនៃការស្ទង់មតិធ្វើដោយកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍រួមគ្នានឹងសកលវិទ្យាល័យម៉ារីឡិនWashington Post-University of Maryland poll បានបង្ហាញថាពលរដ្ឋអាមេរិកាំងចំនួន ៥៦% ផ្តល់ពិន្ទុអវិជ្ធមានដល់លោកត្រាំនៅក្នុងការគ្រប់គ្រងមេរោគឆ្លង និងចំនួន ៧៥% ផ្តល់ពិន្ទុវិជ្ជមានដល់អភិបាលរដ្ន ខណៈពលរដ្ឋភាគច្រើនមិនយល់ស្របនឹងការបើកដំណើរការពាណិជ្ជកម្មឡើងវិញនៅពេលនេះទេ ។

នៅចុងខែមេសា ស្ថិតិនៃការស្ទង់មតិរបស់ NPR Poll បានផ្សាយថាពលរដ្ឋចំនួន ៨៥% ប្រឆំាងនឹងការបើកសាលារៀន ភាជនីយដ្ឋានឬការប្រមូលផ្តុំលេងកីឡាធំៗមុននឹងមានការធ្វើ តេស្តមនុស្សឲ្យបានច្រើនជាងសព្វថ្ងៃ និងចំនួន ៦៥% មិនយល់ស្របនឹងការវិលត្រឡប់ទៅធ្វើការវិញដោយគ្មានការធ្វើតេស្តមនុស្សដោយមធ្យ័តនិងជាទូទៅទេ ។  

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។