កម្មផលនៃបុគ្គលជល់នឹងគតិ
កម្មផលនៃបុគ្គលជល់នឹងគតិ
និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី័ ៨ មីនា ឆ្នាំ ២០២១
ខ្ញុំបានសរសេរនៅក្នុងអត្ថបទខ្ញុំលើកមុនអំពីចរន្តនយោបាយពីរដែលកំពុងទង្គិចគ្នានៅសហរដ្ឋអាមេរិកបណ្តាលឲ្យពលរដ្ឋមានការបែកបាក់គ្នាជាខ្លាំង ។ បច្ចុប្បន្នអាមេរិកកំពុងហែលឆ្លងបញ្ហាធំៗពីរដែលខ្ញុំបានសរសេររួចមកហើយថាបានជម្រុញប្រទេសនេះឲ្យជួបនឹង កលយុគដែលពោរពេញទៅដោយវិបត្តិនិងអស្ថិរភាព ។
បញ្ហាទី ១ គឺជំងឺរាតត្បាតកូវិដ-១៩ដែលនៅថ្ងៃទី ៨ មីនាបានធ្វើឲ្យពលរដ្ឋជាង ២៩ លាន ៤ ម៉ឺននាក់ធ្លាក់ខ្លួនឈឺ និងជាង ៥ សែន ២ ម៉ឺននាក់ស្លាប់ ។ បញ្ហាទី ២ គឺ ភាពអធ្យោត្តមពូជសាសន៍ស្បែកសដែលបានចាក់ឫសតាំងតែពីពេលសហរដ្ឋអាមេរិកបានចាប់កំណើតមក រហូតដល់សព្វថ្ងៃនិងបានបង្កអំពើហិង្សានិងភាពវឹកវរជ្រុលនិយមដែលក្រសួងស៊ើបអង្កេត FBI ហៅថា “ភេរវកម្មក្នុងស្រុក” domestic terrorism ។ លោក គ្រីស្តូហ្វើរ រ៉េយ៍ Christopher Wray ចាងហ្វាងក្រសួង FBI បានថ្លែងប្រាប់សភាអាមេរិកនៅថ្ងៃទី ២ មីនាថា “ភេរវកម្មក្នុងស្រុក” បានរីករាលដាលពាសពេញសហរដ្ឋអាមេរិកទៅហើយ ហើយជាការគំរាមកំហែងសន្តិសុខជាតិ ។
ចរន្តនយោបាយទីមួយស្ថិតនៅក្រោមឥទ្ធិពល “គតិ” របស់បិតាស្ថាបនិកអាមេរិក ។ ស្ថាបនិកដែលជាមនុស្សគំនិតបានប្រកាសនាឆ្នាំ ១៧៧៦ ថានឹង “បូជាជីវិត ជោគវាសនា និងកិត្តិយស” ដើម្បីកសាង ប្រទេសនៅលើមូលដ្ឋាន “គោលគំនិត” “គោលការណ៍” “ឧត្តមគតិ” “នីតិរដ្ឋ” និង “រដ្ឋធម្មនុញ្ញ” ដែលមានជាមូលដ្ឋានគ្រឹះ “យើង ប្រជាពលរដ្ឋ” We, The People ។ ២៤៥ ឆ្នាំក្រោយមក ពលរដ្ឋអាមេរិកជាទូទៅ — ជាពិសេសនៅក្នុងគណបក្សប្រជាធិបតេយ្យដែលបានបង្កើតឡើងនៅឆ្នាំ ១៨២៤ នៅក្រោមនិមិត្តសញ្ញាសត្វលា និងពលរដ្ឋនៅក្នុងគណបក្សសាធារណរដ្ឋនៅក្រោមនិមិត្តសញ្ញាសត្វដំរី ដែលបានបង្កើតឡើង ៣០ ឆ្នាំក្រោយមកគឺនាឆ្នាំ ១៨៥៤ — នៅគោរពគាំពារគោលការណ៍រដ្ឋធម្មនុញ្ញនិង “គោលការណ៍គ្រឹះ” របស់បិតាស្ថាបនិកសហរដ្ឋអាមេរិកដែលកម្រិតអំណាចរដ្ឋាភិបាលឲ្យមានកំណត់ បំបែកអំណាចត្រួតត្រារបស់រដ្ឋាភិបាល បង្កើតឲ្យមានការត្រួតពិនិត្យនិងតុល្យភាពអំណាច និងពង្រឹងគោលការណ៍សហព័ន្ធនិយម នៅក្នុងគោលដៅបំបាត់អំណាចផ្តាច់ការអត្តាធិបតេយ្យ ។
ក៏ប៉ុន្តែ បច្ចុប្បន្នគណបក្សនយោបាយទាំងពីរមានមូលដ្ឋានឧត្តមគតិខុសគ្នា ជាពិសេសខាងផ្នែកតួនាទីរដ្ឋាភិបាល (ពោលគឺ ឧត្តមគតិធំនៃគណបក្សប្រជាធិបតេយ្យឈរលើការទទួលខុសត្រូវចំពោះសង្គមនិងលើជំនឿថារដ្ឋាភិបាលមានតួនាទីយ៉ាងសកម្មនៅក្នុងសង្គមនៅក្នុងគោលដៅជួយជីវិតរបស់ពលរដ្ឋឲ្យមានគុណភាពប្រសើរ និងជួយសម្រេចគោលដៅធំៗដូចជាសិទ្ធិ ឱកាសទទួលបានការគាំពារនិងសមធម៌ក្នុងការរស់នៅ ។ល។ រីឯឧត្តមគតិធំនៃគណបក្សសាធារណរដ្ឋគឺឈរលើសិទ្ធិសេរីភាពរបស់បុគ្គលនិងយុត្តិធម៌ និងលើជំនឿថារដ្ឋាភិបាលមិនត្រូវមានទំហំធំពេកទាំងចំនួនបុគ្គលិកនិងទាំងចំនួនតួនាទីហើយនិងមិនជ្រៀតជ្រែកជ្រៅពេកពាក់ព័ន្ធនឹងការរស់នៅរបស់ពលរដ្ឋ ។ល។ )។
បច្ចុប្បន្ន គណបក្សនយោបាយទាំងពីរមានជំហរខុសគ្នានៅក្នុងបញ្ហានយោបាយចម្រូងចម្រាសមួយចំនួន — ដូចជាច្បាប់ត្រួតពិនិត្យកាំភ្លើង (ពួកប្រជាធិបតេយ្យគាំទ្រច្បាប់ត្រួតពិនិត្យកាំភ្លើង ពួកសាធារណរដ្ឋគាំទ្រសិទ្ធិពលរដ្ឋកាន់កាំភ្លើងនិងវិសោធនកម្មទី ២ ) – ការរំលូតកូន (ពួកប្រជាធិបតេយ្យគាំទ្រសិទ្ធិរំលូតកូន សាធារណរដ្ឋប្រឆាំងសិទ្ធិរំលូតកូន ) – ការបង់ពន្ធ (ប្រជាធិបតេយ្យគាំទ្រប្រព័ន្ធតម្រូវឲ្យអ្នកមានប្រាក់ចំណូលខ្ពស់បង់ពន្ធច្រើនជាងអ្នកមានប្រាក់ចំណូលតិច ពួកសាធារណរដ្ឋគាំទ្រការកាត់ពន្ធអ្នកមាននិងអ្នកក្រដូចគ្នា ) – អន្តោប្រវេសន៍ (ជាទូទៅពួកប្រជាធិបតេយ្យមានការអាណិតអាសូរចំពោះបុព្វហេតុនៃជនអន្តោប្រវេសន៍ជាងពួកសាធារណរដ្ឋ ) – ច្បាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោត Voter ID Laws (ពួកសាធារណរដ្ឋជឿថាច្បាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតជាការចាំបាច់ដើម្បីការពារការបន្លំសន្លឹកឆ្នោត ខណៈដែលពួកប្រជាធិបតេយ្យជឿថាច្បាប់នេះបង្កឧបសគ្គដល់ពលរដ្ឋក្នុងការបោះឆ្នោត – សិទ្ធិស៊ីវិល Civil Rights (ពីដំបូង គឺលោក អេប្រាហាំ លិងគឹ ន Abraham Lincoln នៃគណបក្សសាធារណរដ្ឋដែលគាំទ្រសិទ្ធិសេរីភាពបុគ្គលនិងការលុបបំបាត់ទាសភាព យ៉ាងដូច្នេះនៅឆ្នាំ ១៩៦៤ ព្រឹទ្ធសមាជិកសាធារណរដ្ឋចំនួន ៨២% បោះឆ្នោតគាំទ្រ Civil Right Act “ច្បាប់សិទ្ធិស៊ីវិល” ខណៈព្រឹទ្ធសមាជិកប្រជាធិបតេយ្យចំនួនតែ ៦៩% ទេដែលបោះឆ្នោតគាំទ្រ ។ (សូមកត់សម្គាល់ថា Civil Right Act គឺជាច្បាប់ស្តីពីសិទ្ធិស៊ីវិលដំបូងគេនៅអាមេរិក ។ ច្បាប់នេះហាមការរើសអើងដែលឈរលើមូលដ្ឋានពូជសាសន៍ ព័ណ៌សម្បុរ ជំនឿសាសនា ភេទ ឬដើមកំណើតជាតិ ។ ច្បាប់នេះតម្រូវឲ្យមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ទីកន្លែងសាធារណៈនិងចូលធ្វើការងារសាធារណៈ – អនុវត្តការបំបាត់វិយោគកម្មសាលារៀន និងអនុវត្តសិទ្ធិពលរដ្ឋបោះឆ្នាតជ្រើសរើស ។ ) ប៉ុន្តែបន្ទាប់ពីលោកប្រធានាធិបតី លឹនដុន ហ្ចនសុន Lyndon Johnson ចុះហត្ថលេខាអនុវត្តច្បាប់នេះជាធរមាននៅឆ្នាំ ១៩៦៤ មក ពួកសាធារណរដ្ឋបានតែងតាំងលោក ប៊ែរី ហ្គោលវ័រតឿរ៍ Barry Goldwater ដែលបានបោះឆ្នោតប្រឆាំងនឹងសិទ្ធិស៊ីវិល ជាបេក្ខជនសាធារណរដ្ឋក្នុងការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីអាមេរិក ។ ចាប់ពីពេលនោះមក គណបក្សសាធារណរដ្ឋក៏បានប្រែក្លាយពីគណបក្សដែលគាំពារពលរដ្ឋទាំងអស់ដោយមិនរើសអើង ពណ៌សម្បុរទៅជាគណបក្សរបស់ក្រុមមនុស្សជ្រុលនិយមទៅវិញ ។ ពលរដ្ឋអាមេរិកដែលមានដើមកំណើតជាហ៊ីស្បាណីកឬអាហ្វ្រីកភាគច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យ ។ល។ ) ។
ចរន្តនយោបាយទី ២ ជាលទ្ធផលនៃការរីកដាលនៃជំនឿនិងការប្រតិបត្តិ “សក្ការបូជាគារវរូប” ដែលជាបាតុភូតមិនស៊ីចង្វាក់នឹងរបប “គតិ” នៃស្ថាបនិកអាមេរិកនិងអ្នកគាំទ្រ ។ ការរីកដាលនៃបាតុភូត “សក្ការបូជា” ដែលមានប្រជាប្រិយក្នុងចំណោមអ្នកដឹកនាំនិងសមាជិកសាមញ្ញជាច្រើននៅក្នុងគណបក្សសាធារណរដ្ឋ មិនត្រឹមតែពង្រឹងជំហរមិនចុះសម្រុងគ្នាដែលមានរួចមកហើយរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋទេ តែបានជម្រុញសង្គ្រាមវប្បធម៌ទៀត ពោលគឺការប៉ះទង្គិចរវាង “សក្ការបូជាគារវរូប” ដែលច្រើនមាននៅក្នុងគណបក្សសាធារណរដ្ឋ និង “គតិ” “គោលការណ៍” របស់ស្ថាបនិកអាមេរិកដែលច្រើនមាននៅក្នុងគណបក្សប្រជាធិបតេយ្យ ។ នៅក្នុងចរន្តនយោបាយទី ២ នេះ បុគ្គលដឹកនាំមានមន្តស្នេហ៍ charisma ប្រើវិធី “ហ្សាឡឺត័ន” charlatan បំផុលពលរដ្ឋឲ្យជឿនិងផុងខ្លួនសប្បាយនឹងកាន់ទង់ជ័យ កាន់បដា ស្រែក “ជៃយោ” សម្តែងការស្មោះត្រង់ និងធ្វើសក្ការបូជាចំពោះរូបគេជាគារវរូបអាទិទេពនិងជាអាទិទេពបដិមា — សកម្មភាពដែលជះផលកម្មអវិជ្ជមានទៅលើនយោបាយអាមេរិក ។
ប្រសិនបើមេដឹកនាំហ្វាស៊ីសអ៊ីតាលី លោក មូសូលីនី នៅមានជីវិត លោកច្បាស់ជាពន្យល់ថាគេមិនត្រូវឆ្ងល់អំពីភាពពុករលួយនៃលទ្ធិប្រជាធិបតេយ្យទេ — គឺវាបំផុលពលរដ្ឋដែលគេអាចកេងប្រវ័ញ្ចបានឲ្យយកសិទ្ធិសេរីភាពទៅប្រើនៅក្នុងភាពឆោតល្ងង់ ។ ជំនឿនិងការប្រតិបត្តិសក្ការបូជាបានក្លាយជាគ្រោះថ្នាក់ដល់គំនិតស៊ីជម្រៅនិងវិចារណញ្ញាណរបស់ស្ថាបនិកអាមេរិក ។ វាជាដំណើរនាំប្រទេសឆ្ពោះទៅកាន់ការក្រឡាប់ច័ក្រ ។
ជាការពិតណាស់ថាបុគ្គលម្នាក់ឬក្រុមមួយអាចដឹកនាំពលរដ្ឋបានលុះត្រាណាតែពលរដ្ឋអនុញ្ញាត ទោះបីបុគ្គលឬក្រុមនោះមានឬគ្មានធម្មចរិយាឬសីលធម៌ ។ លោក មូសូលីនី បានបង្រៀនថានៅក្នុងការបង្កើតរបបហ្វាស៊ីសនិយម “បើគេដកស្លាបមាន់ម្តងមួយៗ គ្មាននរណាម្នាក់ចាប់អារម្មណ៍ទេ” ម្ល៉ោះហើយមិនមានការឆោឡោឡើយ ។ របបហ្វាស៊ីសមិនមែនធ្លាក់ចុះទាំងផ្ទាំងដូចវាំងននល្ខោនបិទបាំងទេ ។ វាស៊ីឫសលទ្ធិប្រជាធិបតេយ្យឯណេះបន្តិច ចាក់ឫសហ្វាស៊ីសនិយមឯណោះបន្តិច ល្មមមនុស្សចាប់អារម្មណ៍ របបផ្តាច់ការវាគ្របក្តោបមនុស្សនិងសង្គមទាំងមូលរួចស្រេចទៅហើយ ។
ប្រវត្តិសាស្ត្រមិនមែនដូចល្ខោនដែលគេតាក់តែងជារឿងរួចយកមកលេងឲ្យមនុស្សមើលកំសាន្តទេ ។ ខ្ញុំបានសរសេររួចហើយថាឥតមានប្រវត្តិសាស្ត្រទេ មានតែមនុស្សធ្វើសកម្មភាពដែលធ្វើឲ្យព្រឹត្តិការណ៍កើតមានឡើង មានអ្នកកត់ត្រា និងមានអ្នកយកកំណត់ត្រាមកសរសេរជាប្រវត្តិសាស្ត្រ ។ វិធីខ្ញុំសរសេរគឺប្រើក្របខ័ណ្ខ “អធិប្បាយ-វិភាគ-ព្យាករណ៍” describe-analyze-forecast ដែលជាក្របខ័ណ្ខខ្ញុំប្រើតាំងតែពីខ្ញុំបង្រៀននៅសកលវិទ្យាល័យ ហើយដែលខ្ញុំបានចុះផ្សាយជាញឹកញាប់នៅក្នុងអត្ថបទនានារបស់ខ្ញុំ ។
នៅក្នុងអត្ថបទខ្ញុំនៅថ្ងៃនេះខ្ញុំសូមលើកយកបញ្ហាធំទី ១ នៅអាមេរិកមកធ្វើអត្ថាធិប្បាយ ហើយទុកបញ្ហាធំទី ២ ដែលមានវែងឆ្ងាយណាស់សម្រាប់ថ្ងៃក្រោយ ។
ពលរដ្ឋអាមេរិកជាង ៥០០,០០០ នាក់បានត្រូវស្លាប់ដោយសារជំងឺឆ្លងកូវិត-១៩ នៅក្នុង រយៈពេលតិចជាងមួយឆ្នាំ ។ ពលរដ្ឋជាង ២៩ លាននាក់ទៀតបានត្រូវធ្លាក់ខ្លួនឈឺ ។ ទាំងនេះគឺមិនមែនមកពីអ្នកដឹកនាំអាមេរិកមិនចេះមិនដឹងធ្វើម្តេចដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងនោះទេ ។ ខ្ញុំបានរៀបចំស្ថិតិខាងក្រោមនេះជូនលោកអ្នកពិនិត្យចំនួនពលរដ្ឋអាមេរិកធ្លាក់ខ្លួនឈឺនិងស្លាប់នៅថ្ងៃទី ៧ និង ៨ មីនាហើយប្រៀបធៀបទៅនឹងចំនួនពលរដ្ឋនៃប្រទេសផ្សេងៗមួយចំនួនដែលធ្លាក់ខ្លួនឈឺនិងស្លាប់ រួចសួរថាតើពួកគេប្រើកម្មវិធីអ្វីទប់ស្កាត់មេរោគឆ្លងកុំឲ្យឆ្លងខ្លាំងនិងរហ័សពេក ហើយតើអាមេរិកប្រើកម្មវិធីអ្វី ។
ថ្នាំវ៉ាក់សំាងដែលទើបបានបង្កើតនិងយកមកប្រើ មិនអាចលុបបំបាត់ជំងឺឆ្លងកូវិត-១៩ ចេញពីផែនដីទេ វាគ្រាន់តែជាវិធីទប់មនុស្សកុំឲ្យធ្លាក់ខ្លួនឈឺនិងស្លាប់ ។ អ្នកជំនាញខាងរោគឆ្លងមើលឃើញថាមេរោគកូវិត-១៩ អាចនៅជាប់នឹងមនុស្សក្នុងពិភពលោករហូតអវសានកាល ។
ខណៈដែលខ្ញុំមើលឃើញថាចំនួនពលរដ្ឋអាមេរិកធ្លាក់ខ្លួនឈឺនិងស្លាប់ជាលទ្ធផលនៃការគ្រប់គ្រងជំងឺរោគឆ្លងមិនត្រឹមត្រូវ (រដ្ឋាភិបាលដឹងយល់អំពីកម្មវិធីបង្ក្រាបមេរោគឆ្លងតែមិនបានអនុវត្តកម្មវិធីទេ ) ខ្ញុំក៏មើលឃើញទៀតថាគឺឥទ្ធិពលនៃជំនឿនិងការប្រតិបត្តិ “សក្ការបូជាគារវរូប” — ទាំងអ្នកដឹកនាំ (ដែលដឹងអំពីភាពកំណាចនិងល្បឿននៃការរីករាលដាលនៃមេរោគកូរ៉ូណាចាប់តាំងតែពីផ្តើមនៅប្រទេសចិនរហូតដល់សហរដ្ឋអាមេរិកតែអ្នកដឹកនាំអះអាងប្រាប់ពលរដ្ឋថាមេរោគឆ្លងនឹងរលាយបាត់ជាជាងអនុវត្តផែនការណែនំាដើម្បីទប់ស្កាត់មេរោគឆ្លង ) ។ ពលរដ្ឋ (ដែលគោរពបូជាថ្នាក់ដឹកនាំច្រើនជាងកោតខ្លាចមេរោគ ក៍នាំ្នហៃអើតាមពាក្យសម្តីរបស់អ្នកដឹកនាំដែលជាទីសក្ការបូជារបស់ពួកគេ ជាជាងនិយាយអ្វីដែលជាការពិត ។ នេះហើយជាកម្មផលដែលបណ្តាលឲ្យពលរដ្ឋធ្លាក់ខ្លួនឈឺនិងស្លាប់ ។ អ្វីដែលជាការសោកស្តាយបំផុតគឺពលរដ្ឋជឿនិងទុកចិត្តបុគ្គលដែលគិតអំពីប្រយោជន៍ផ្ទាល់ខ្លួននិងប្រយោជន៍បក្សជាងប្រយោជន៍ពលរដ្ឋ ។
ស្ថិតិ ៥០០,០០០ គឺជាតួលេខមែន តែនៅពីក្រោយតួលេខមួយៗ គឺមនុស្សដូចជារូបលោកអ្នកនិងរូបខ្ញុំជាដើម ។ ប្រសិនបើអ្នករងគ្រោះបាត់បង់ជីវិតជាមនុស្សជាទីស្នេហារបស់យើងទុក្ខសោករបស់យើងនឹងមិនអាចថ្លឹងនិងថ្លែងបានទេ តែបើគ្រាន់តែជាតួលេខមនុស្សហាក់ដូចជាមិនសូវសោកសៅខ្លាំង ។ នៅពេលលោកប្រធានាធិបតី ត្រាំ ធ្លាក់ខ្លួនឈឺដោយមេរោគឆ្លង មានឧទ្ធម្ភាគចក្រដឹកលោកទៅមន្ទីរពេទ្យដែលផ្តល់ការថែទាំល្អបំផុតក្នុងលោក ។ នៅពេលពលរដ្ឋសាមញ្ញធ្លាក់ខ្លួនឈឺហើយមន្ទីរពេទ្យគ្មានកន្លែងទទួលថែទាំរោគ គេដឹកអ្នកស្លាប់យកទៅដាក់ទូរទឹកកកកុងទីណើរ៍សម្រាប់ដាក់សព ។ នេះជារឿងពិត ។
ខ្ញុំបានសរសេរជាច្រើនរួចមកហើយអំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅក្នុងការរីករាលដាលនៃជំងឺឆ្លង ។ ជាខ្លី មន្ត្រីសុខាភិបាលចិននៅទីក្រុងវូហានបានបញ្ជាក់នៅថ្ងៃទី ៣១ ធ្នូ ២០១៩ អំពីការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា ហើយចិនក៏បានបញ្ជូនព័ត៌មានទៅជូនអង្គការសុខភាពពិភពលោក World Health Organization (WHO) ដែរ ។ តែនៅថ្ងៃទី ៥ មករា ២០២០ លោក ត្រាំ បានអះអាងប្រាប់ពលរដ្ឋកុំឲ្យព្រួយពីព្រោះរដ្ឋាភិបាលអាមេរិក “បានគ្រប់គ្រងជំងឺឆ្លងបានទាំងស្រុងហើយ” ។
នៅប្រទេសចិន លោក Zhong Nanshan អ្នកជំនាញជំងឺរោគឆ្លងបានថ្លែងប្រាប់ទូរទស្សន៍រដ្ឋនៅថ្ងៃទី ២០ មករាថាមេរោគនៅវូហានជាមេរោគដែល “ឆ្លងពីមនុស្សមួយទៅមនុស្សមួយ” ។ នៅថ្ងៃទី ២៣ មករា ចិនក៏កាត់ផ្តាច់ចរាចរចេញចូលទីក្រុងវូហានដែលមានពលរដ្ឋជាង ១១ លាននាក់ រួចគេក៏កាត់ផ្តាច់ខេត្ត ហ៊ូបី ទាំងមូលដែលមានពលរដ្ឋចំនួន ៦០ លាននាក់ពីពិភពក្រៅទៀត a lockdown ។
មានពាក្យស្លោកមួយនិយាយថា ៖ “ឧទាហរណ៍មកពីខាងលើ” ។ ការបែកបាក់ជាខ្លាំងរវាងពលរដ្ឋដែលធ្វើតាមការណែនាំរបស់ CDC និងពលរដ្ឋដែលអបអរសាទរនិងបន្ទរសេចក្តីថ្លែង
របស់លោក ត្រាំ (ដែលប្រើពាក្យសម្តីតាំងតែពីពេលធ្វើយុទ្ធនាការនយោបាយថា “ខ្ញុំអាចបាញ់មនុស្សចោលនៅកណ្តាលរុក្ខវិថីទី ៥ (នៅ ញូវយ៉ក ) ដោយគ្មានបាត់បង់អ្នកបោះឆ្នោតឲ្យខ្ញុំឡើយ” និងចោទប្រកាន់ពលរដ្ឋអម្បូរមិចស៊ីកថាជា “អ្នកលក់ដូរគ្រឿងញៀន ឧក្រិដ្ឋជន អ្នករំលោភសេពសន្ថវៈ” រហូតដល់ប្រើភាសាប្រកាន់ពូជសាសន៍ហៅមេរោគកូរ៉ូណាថាជា “មេរោគចិន” “មេរោគវូហាន” “មេរោគ ‘គង់ហ្វ្ល៊’” kung flu ដែលបណ្តាលឲ្យឧក្រិដ្ឋកម្ម (រហូតដល់មានស្លាប់ ) ប្រឆាំងនឹងពលរដ្ឋអាមេរិកមានដើមកំណើតនៅទ្វីបអាស៊ីកើតមាននៅពាសពេញសហរដ្ឋអាមេរិក ) បានបែងចែកសង្គមអាមេរិកឲ្យទៅជាក្រុមមនុស្សពាក់ម៉ាសរក្សាគម្លាតពីគ្នា និងក្រុមមនុស្សដែលប្រមូលផ្តុំនិងឥតពាក់ម៉ាស ។ គោលការណ៍នយោបាយរបស់រដ្ឋាភិបាលបានបំបែកពលរដ្ឋពីគ្នាជាអវិជ្ជមាន ។
នៅថ្ងៃទី ២៦ កុម្ភៈ ២០២០ លោក ត្រាំ បានអះអាងថាចំនួនមនុស្សធ្លាក់ឈឺនឹងធ្លាក់ចុះដល់ “ហ្សេរ៉ូ” វិញ ។ ប៉ុន្តែមួយឆ្នាំក្រោយមក គឺនៅថ្ងៃទី ២៦ កុម្ភៈ ២០២១ ចំនួនពលរដ្ឋធ្លាក់ខ្លួនឈឺមិនបានធ្លាក់ចុះដល់ “ហ្សេរ៉ូ” ទេ ។ តែលោក ត្រាំ ប្រាប់អ្នកកាសែតថាលោកមាននិយាយខុសឯណា “ពីព្រោះនៅចុងបញ្ចប់ចំនួនករណីមេរោគកូរ៉ូណានឹងធ្លាក់ចុះទៅ ហ្សេរ៉ូ ” ដូចលោកបានថាអ៊ីចឹង — តែឥឡូវនេះវានៅមិនទាន់ដល់ចុងបញ្ចប់ទេ ។ (គួរចងចាំថានៅពេលដែលគេបានសួរហេតុអ្វីក៏ចំនួនអ្នករងគ្រោះស្លាប់មានច្រើនម្ល៉េះ លោកឆ្លើយវិញថា “It is what it is” “វាអ៊ីចឹងព្រោះហេតុតែវាអ៊ីចឹងឯង” ) ។ នៅថ្ងៃទី ២៣ កុម្ភៈ ២០២១ កាសែត “ដេល្លី ញូវស៍” Daily News នៅទីក្រុងញូវយ៉កយកពាក្យលោក ត្រាំ មកធ្វើជាចំណងជើងថា “SO FAR FROM ZERO” ឬ “សែនឆ្ងាយពីលេខហ្សេរ៉ូ” ។
នៅថ្ងៃទី ១ មីនា ២០២១ មានព័ត៌មានផ្សព្វផ្សាយពាសពេញថា អ្នកជំនិតជាន់ខ្ពស់ម្នាក់របស់លោក ត្រាំ បានឲ្យដឹងថាលោក ត្រាំ និងលោកជំទាវបានលួចចាក់ថ្នាំវ៉ាក់សាំងការពារមេរោគឆ្លងខណៈដែលលោកមិនដែលលើកទឹកចិត្តពលរដ្ឋដែលគាំទ្រលោកឲ្យចាក់វ៉ាក់សាំងការពារខ្លួនផងដែរទេ ។
ព័ត៌មានល្អគឺចំនួនករណីមេរោគឆ្លងបានធ្លាក់ចុះពីជាង ២ សែននាក់ក្នុងមួយថ្ងៃមកខ្ទង់ ៦ ម៉ឺននាក់ក្នុងមួយថ្ងៃ ចំនួនពលរដ្ឋស្លាប់នៅក្នុងខ្ទង់ ១ ពាន់ ៥ រយ ទៅ ២ ពាន់នាក់ក្នុងមួយថ្ងៃ ។ រដ្ឋាភិបាលលោក បៃដិន បានសន្យាថានឹងផ្តល់វ៉ាក់សាំងចំនួន ១០០ លានដូសក្នុង ១០០ ថ្ងៃដំបូងក្នុងថានៈលោកជាប្រធានាធិបតី ។ បច្ចុប្បន្នរដ្ឋាភិបាលបានចាក់វ៉ាក់សាំងចំនួនជិត ៣ លានដូសដល់ពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋចំនួនជាង ៣០ លាននាក់ក៏បានទទួលវ៉ាក់សាំងទាំង ២ ដូសស្រេចហើយ ។ លោកបៃដិន បានថ្លែងថានៅចុងខែឧសភានេះ អាមេរិកនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋពេញវ័យគ្រប់រូបគឺចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ។
ខណៈរដ្ឋាភិបាលអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យនៅពាក់ម៉ាស រក្សាគម្លាត និងលាងដៃឲ្យបានញឹកញាប់ពីព្រោះអាមេរិកនៅមិនទាន់ចេញផុតពីជំងឺរោងឆ្លងនៅឡើយទេ អភិបាលរដ្ឋចំនួន ១៥ (មានរដ្ឋតិចសាសដែលមានករណីជាង ២ លានកន្លះនិងពលរដ្ឋស្លាប់ជាង ៤ ម៉ឺនកន្លះ និងរដ្ឋហ្វ្ល័រីដាដែលមានករណីជិត ២ លាននិងពលរដ្ឋស្លាប់ជាង ៣ ម៉ឺននាក់ ) បានសម្រេចថាពួកគេមិនតម្រូវឲ្យពលរដ្ឋគេពាក់ម៉ាសតទៅទៀតឡើយ (ទោះបីមានហាងលក់ដូរធំៗដូចជាហាង Kroger, Best Buy, Kohl’s, Ultra ជាដើមទទូចតម្រូវអតិថិជនចាំបាច់ពាក់ម៉ាសនៅក្នុងហាងរបស់គេ ហើយមានអភិបាលក្រុងក្នុងរដ្ឋខ្លះបានប្រាប់ពលរដ្ឋគេកុំអើពើនឹងពាក្យសម្តីរបស់អភិបាលរដ្ឋ ) ។
បន្ថែមទៅលើនេះទៀត មេរោគឆ្លងដែលមានទ្រង់ទ្រាយថ្មីទាំង ៥ មកពីប្រទេសអង់គ្លេស ប្រទេសអាហ្វ្រីកខាងត្បូង និងប្រទេសប៊្រេហ្ស៊ីល និងមកពី ញូវយ៉ក និង កាលីហ្វួរន្យាបានបញ្ជេញខ្លួននៅស្ទើរតែគ្រប់រដ្ឋនៅសហរដ្ឋអាមេរិកហើយ ។ ទាំងអស់នេះបានធ្វើឲ្យជំនាញមេរោគឆ្លងមានការព្រួយបារម្ភជាខ្លាំង ។ ជំនាញរោគឆ្លងព្រមានថា មេរោគឆ្លងទ្រង់ទ្រាយ B.1.1.7 មកពីប្រទេសអង់គ្លេសឆ្លងរហ័សណាស់និងបានបញ្ចេញរូបរាង ៤០% នៃមេរោគឆ្លងនៅអាមេរិក ។ មជ្ឈមណ្ឌល CDC បញ្ជាក់ថាមាន B.1.1.7 ចំនួន ៣ ពាន់ករណីនៅក្នុងរដ្ឋចំនួន ៤៧ និងនៅទីក្រុងវ៉ាស៊ិនតោន ឌីស៊ី ។ ចំនួន ១ ភាគ ៤ នៃករណី ៣ ពាន់នោះមាននៅរដ្ឋហ្វ្ល័រីដា ។ ជំនាញរោគឆ្លងអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រយ័ត្នជាពិសេសនៅក្នុងខែមីនានិងខែមេសានេះ ។
ដែលត្រូវចាប់អារម្មណ៍គឺមានអ្នកជំនាញមេរោគឆ្លងព្រមានថានៅមិនយូរខាងមុខនេះមនុស្សម្នាក់ៗអាចនឹងតម្រូវឲ្យមាន Vaccine Passport “លិខិតវ៉ាក់សាំងឆ្លងដែន” បញ្ជាក់ថាបានទទួលថ្នាំចាក់វ៉ាក់សាំងត្រឹមត្រូវហើយទើបគេអនុញ្ញាតឲ្យឆ្លងតំបន់និងឆ្លងប្រទេសបាន ។ បើយ៉ាងនេះ យើងអាចរំពឹងថានឹងអាចមានភាពវិកវរក្នុងការធ្វើដំណើរនៅអនាគត ។
ព្រះពុទ្ធលោកថា “គិត-កម្ម-ផល” ។ អ្នកដឹកនាំអាមេរិកដឹងអំពីមេរោគឆ្លងកូរ៉ូណាតាំងតែពីថ្ងៃទី ៣១ ធ្នូ ២០១៩ ។ ប៉ុន្តែអ្វីដែលគេត្រូវធ្វើគេមិនបានធ្វើទេ អ្វីដែលគេមិនត្រូវធ្វើគឺគេរវល់ធ្វើមិនចប់ ។លទ្ធផលគឺការជាប់វាន់កដូចសព្វថ្ងៃនេះ ។
អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។