​កម្ពុជាក្នុងគ្រាជំងឺរោគឆ្លង

និពន្ធដោយលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១

ខ្ញុំសូមជំរាបមិត្តអ្នកអាននិងស្តាប់ការផ្សាយអត្ថបទរបស់ខ្ញុំតាមរយៈវិទ្យុខ្មែរពិភពលោកដែលមានចុះនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ថាខ្ញុំសុខសប្បាយជាធម្មតាទេ ។ ខ្ញុំសូមអរគុណប្រិយមិត្តមួយចំនួនដែលបានផ្ញើសារមកសួរអំពីសុខុមាលភាពរបស់ខ្ញុំ ។ ខ្ញុំបានចាក់វ៉ាក់សំាងបង្ការជំងឺឆ្លងកូវិដ-១៩ រួចរាល់ហើយ ។ ដោយហេតុនៅមានមនុស្សច្រើននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ខ្ញុំនៅអនុវត្តគម្លាតគ្នា លាងដៃ និងពាក់ម៉ាសដដែល ។

តាមព័ត៌មានប៊្លូមប៊ឺរ៍គ វិទ្យាសាស្ត្របញ្ជាក់ថាថ្នាំវ៉ាក់សាំងកូវិដ-១៩ មានប្រសិទ្ធភាព ៩៧% ប្រឈមនឹងជំងឺដែលបង្ហាញរោគសញ្ញា symptomatic – ៨៦% ប្រឈមនឹងជំងឺដែលមិនបង្ហាញរោគសញ្ញា asymptomatic – និងប្រសិទ្ធភាព ៩៤% ការពារមនុស្សមិនឲ្យធ្លាក់ខ្លួនចូលមន្ទីរពេទ្យ ។ តែអ្នកវិទ្យាសាស្ត្របានបញ្ជាក់អំពីការពិតមួយដែលត្រូវចងចាំគឺគ្មាន
វ៉ាក់សំាង ឬថ្នាំពេទ្យណាមួយដែលមានប្រសិទ្ធភាព ១០០% ទេ ។

ដូច្នេះ អ្នកដែលបានចាក់វ៉ាក់សំាងទាំងពីរដូសហើយក៏អាចគេចមិនផុតពីការធ្លាក់ខ្លួនឈឺ ឬពីការចូលមន្ទីរពេទ្យ ឬពីការស្លាប់ដែរ ។ ដូចជានៅពេលថ្មីៗនេះ ទោះបីពិធីករទូរទស្សន៍ Bill Maher (អានថា “បីលម៉ារ៍” ) និងអ្នកប្រកួតកីឡាមួយចំនួននៃក្រុមបេស្បលញូវយ៉កយ៉ាំងគី New York Yankees baseball team ដែលបានទទួលចាក់វ៉ាក់សំាងទាំងពីរដូសហើយតែធ្វើតេស្តវិជ្ជមានមេរោគឆ្លងកូវិដ-១៩ ។ ព័ត៌មានប៊្លូមប៊ឺរ៍គអះអាងថាករណីដូចខាងលើនេះមិនសូវមានទេ តែគេក៏មិនត្រូវឆ្ងល់ដែរ ។ បុព្វហេតុម្យ៉ាងគឺថាការឆ្លើយតបនៃភាពសុំារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេចំពោះថ្នំាវ៉ាក់សំាងនិងចំពោះមេរោគឆ្លង ។ តែអ្នកជំនាញអះអាងថាអ្នកដែលបានទទួលចាក់វ៉ាក់សំាងទាំងពីរដូស ទោះបីបើត្រូវបានមេរោគឆ្លងដល់ក្តី ក៏មិនធ្លាក់ខ្លួនឈឺធ្ងន់ដូចជាអ្នកដែលមិនបានទទួលចាក់វ៉ាក់សាំងដែរ ។ គេនៅកំពុងធ្វើការសិក្សាករណីនេះតទៅទៀត ។

ខណៈមានការច្របូកច្របល់បន្តិចថាតើដល់ពេលដោះម៉ាសចេញហើយឬនៅ នាថ្ងៃអាទិត្យទី ១៦ ឧសភានេះ លោកស្រីបណ្ឌិត រ៉ូហ្សែល វ៉ាឡិនស្គី Rochelle Walensky នាយកមជ្ឈមណ្ឌលគ្របគ្រងនិងបង្ការជំងឺ CDC បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថានៅមិនទាន់ដល់ពេលមនុស្សទាំងអស់ដោះម៉ាសចេញទេ តែនៅក្នុងស្ថានភាពខ្លះគេអាចដោះម៉ាសចេញបាន ។ លោកស្រីបានបញ្ជាក់ថាតាមរយៈស្ថិតិ មានមនុស្ស ២២០ នាក់ដែលបានទទួលចាក់វ៉ាក់សាំងទាំងពីរដូសហើយតែគេចមិនផុតពីមរណភាពដោយសារកូវិដ-១៩ ។

ជំនាញមេរោគឆ្លងបានពន្យល់អំពី “ភាពស៊ាំហ្វូងគោ” herd immunity ថាជាការកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លងដែលកំពុងកើតមាន ៖ នៅពេលពលរដ្ឋមានចំនួនច្រើន — ប្រមាណជា ៧៥% ដល់ ៨៥% — បានទទួលចាក់វ៉ាក់សំាងទាំងពីរដូសបង្ការជំងឺកូវិដ-១៩ រួចរាល់ហើយ មេរោគឆ្លងនឹងលែងមានប្រសិទ្ធភាពក្នុងការរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ “ភាពសុំាហ្វូងគោ” herd immunity ឬ “ភាពសុំារបស់ពលរដ្ឋ” population immunity នឹងអាចទប់ស្កាត់មេរោគឆ្លងកូវិដ-១៩ មិនឲ្យរាលដាលពាសវាលពាសកាលបានឡើយ ។

តាមស្ថិតិរបស់មជ្ឈមណ្ឌល CDC នាថ្ងៃទី ១៥ ឧសភានេះពលរដ្ឋអាមេរិកជាង ៣៦% ឬជាង ១២១ លាននាក់បានទទួលចាក់វ៉ាក់សំាងទាំងពីរដូសហើយ (ចំនួនដែលនឹងកើនឡើងថែមទៀតនៅថ្ងៃខាងមុខពីព្រោះគេបានចាក់វ៉ាក់សាំងឲ្យពលរដ្ឋរហូតដល់ពីរលានដូសក្នុងមួយថ្ងៃ ) ក្នុងចំណោមពលរដ្ឋទាំងអស់ជាង ៣៣០ លាននាក់នៅសហរដ្ឋអាមេរិក ។ អាស្រ័យហេតុថាមានពលរដ្ឋចំនួនច្រើននាក់ទៀតដែលនៅមិនទាន់បានចាក់វ៉ាក់សំាងនៅឡើយ យើងអាចសន្និដ្ឋានថាសហរដ្ឋអាមេរិកនៅមិនទាន់ចេញផុតពីព្រៃភ្នំជំងឺរាតត្បាតកូវិដ-១៩ នៅឡើយទេ ពីព្រោះដំណើរឆ្ពោះទៅកាន់ “ភាពសុំា” នៅវែងឆ្ងាយនៅឡើយ ។

តាមស្ថិតិព័ត៌មានប៊្លូមប៊ើរ៍គ មកទល់ថ្ងៃទី ១៥ ឧសភា ពលរដ្ឋអាមេរិកចំនួនជិត ៣៣ លាននាក់បានត្រូវធា្លក់ខ្លួនឈឺ (ពោលគឺពលរដ្ឋចំនួនពី ៣ ម៉ឺនទៅ ៥ ម៉ឺននាក់បានត្រូវធ្លាក់ខ្លួនឈឺក្នុងមួយថ្ងៃនាបច្ចុប្បន្ន ) និងពលរដ្ឋជាង ៥ សែន ៨ ម៉ឺននាក់បានត្រូវស្លាប់ (ពោលគឺចំនួនតិចជាង ១ ពាន់នាក់បានត្រូវស្លាប់ក្នុងមួយថ្ងៃនាបច្ចុប្បន្ន ) ដោយសារជំងឺកូវិដ-១៩ ។ សូមអានស្ថិតិនៅក្នុងអត្ថបទខ្ញុំ ជាពិសេសអត្ថបទ “ ‘វិបត្តិសុខភាព ’ នៅអាមេរិក (កាលពី ៦ ) ខែ (មុន )” ចុះថ្ងៃ ៨ ធ្នូ ២០២០ នៅក្នុងគេហទំព័រ “គំនិតខ្មែរ” ។

អ្នកជំនាញផ្នែក “ភាពស៊ាំ” immunologist លោក អាន់ថូនី ហ្វៅជី Anthony Fauci នាយកវិទ្យាស្ថានជាតិ អាឡែរ៍ហ្ស៊ីនិងជំងឺឆ្លង NIAID ធ្លាប់បានថ្លែងថា ដរាបណាពលរដ្ឋធ្លាក់ខ្លួនឈឺនៅមិនទាន់ចុះចំនួនមកដល់ ១ ម៉ឺននាក់ក្នុងមួយថ្ងៃទេ (ពីចំនួនជាង ៣ ម៉ឺនទៅ ៥ ម៉ឺននាក់នាបច្ចុប្បន្ន ) ពលរដ្ឋអាមេរិកមិនត្រូវធ្វេសប្រហែសប្រញ៉ាប់បោះបង់ការរក្សាគម្លាតពីគ្នា រក្សាអនាម័យដោយលាងដៃឲ្យបានញឹកញាប់និងពាក់ម៉ាសនោះទេ ។ នៅអាមេរិកមានពលរដ្ឋដែលមានដើមកំណើតជាខ្មែរចំនួនជាង ៣ សែន ២ ម៉ឺននាក់ដែរ ។

ខ្ញុំតែងនឹកគិតដល់សុខុមាលភាពរបស់ពលរដ្ឋខ្មែរនៅកម្ពុជានៅក្នុងគ្រាជំងឺរោគរាតត្បាតកូវិដ-១៩ កំពុងញាំញី ។ ខ្ញុំចង់រំលឹកឡើងវិញថា មេរោគឆ្លង “កូរ៉ូណា” ប្រភេទថ្មីបានបង្ហាញខ្លួននៅទីក្រុងវ៉ូហាន ខេត្ត ហ៊ូបី ប្រទេសចិននៅដើមខែធ្នូ ២០១៩ ។ នៅថ្ងៃទី ២០ មករា ២០២០ ជំនាញជំងឺឆ្លងជាតិចិន លោក Zhong Nanshan បានថ្លែងព្រមានតាមទូរទស្សន៍រដ្ឋថាមេរោគឆ្លងថ្មីនេះជាមេរោគឆ្លងដែល “រីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត” ។ នៅថ្ងៃទី ២៣ មករា រដ្ឋាភិបាលចិនកាត់ផ្តាច់ចរាចរចេញចូលទីក្រុងវ៉ូហានដែលមានពលរដ្ឋ ១១ លាននាក់ ក្នុងគោលដៅរារាំងមេរោគប្រភេទថ្មីកុំឲ្យរីករាលដាលពេញប្រទេស ។

គឺនៅថ្ងៃទី ២៣ មករានោះឯងដែលមានជនជាតិចិនម្នាក់អាយុ ៦០ ឆ្នាំបាននាំមេរោគឆ្លងកូវិដ-១៩ ពីទីក្រុងវ៉ូហានចូលមកទីក្រុងព្រះសីហនុ ។ មន្ទីរពិសោធន៍កម្ពុជាបានបញ្ជាក់ថានោះគឺជាករណីទី ១ នៃមេរោគឆ្លងដែលបានត្រូវនាំចូលកម្ពុជាពីប្រទេសក្រៅ ។ ករណីទី ២ កើតឡើងនាថ្ងៃទី ៧ មីនា ដោយពលរដ្ឋខ្មែរម្នាក់នៅសៀមរាបអាយុ ៣៨ ឆ្នាំ បានត្រូវជនជាតិជប៉ុនម្នាក់ចម្លងមេរោគដល់គាត់ ។ រហូតមកដល់ចុងខែមីនា កម្ពុជាមានករណីនៃមេរោគឆ្លងកូវិដ-១៩ ចំនួន ១០៩ នាក់ ។ ទោះបីការនាំមេរោគឆ្លងចូលកម្ពុជាពីប្រទេសក្រៅនៅមានជាបន្តឥតឈប់ (ដូចខ្ញុំបានសរសេរនៅក្នុងអត្ថបទនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ) លុះដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ ទើបមានមេរោគឆ្លងនៅក្នុងសហគមន៍កម្ពុជា community transmission ជាលើកទី ១ — ពោលគឺការឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅក្នុងសហគមន៍កម្ពុជា ។

ប្រភពនៃមេរោគឆ្លងនៅក្នុងសហគមន៍គឺភរិយារបស់អគ្គនាយកពន្ធនាគារកម្ពុជា ។ ប៉ុន្តែអ្នកស្រីមិនដែលធ្វើដំណើរទៅបរទេសហើយនាំមេរោគឆ្លងចូលកម្ពុជាទេ ។ គេជឿថាមេរោគកូវិដ-១៩ ប្រហែលជាបានឆ្លងចូលកម្ពុជានៅក្នុងខែ តុលា ២០២០ ហើយបានឆ្លងពីមនុស្សម្នាក់ទៅម្នាក់នៅកម្ពុជាដោយគ្មាននរណាដឹង ។ នៅក្នុងការតាមដានមេរោគឆ្លងនៅក្នុងសហគមន៍នេះ គេរកឃើញថាកូនស្រីរបស់អគ្គនាយកពន្ធនាគាមានបង្ហាញរោគសញ្ញានាខែ តុលា ។ គេជឿថានាងប្រហែលជាបានទទួលរោគឆ្លងពីមនុស្សមកពីក្រៅប្រទេសដែលនាងបានជួប ។ ចាប់ពីថ្ងៃទី ២៨ វិច្ឆិកា ករណីមេរោគឆ្លងនៅក្នុងសហគមន៍បានកើនចំនួនជាលំដាប់ ។

លុះដល់ថ្ងៃទី ២០ កុម្ភៈ ២០២១ មានការផ្ទុះរោគឆ្លងយ៉ាងធំនៅក្នុងសហគមន៍ហៅថា “ឧប្បត្តិហេតុសហគមន៍” ដែលបានទាញកម្ពុជាចូលទៅក្នុងសមរភូមិកូវិដ-១៩ ។ ដើមហេតុគឺ នៅរាត្រីថ្ងៃទី ៨ កុម្ភៈ ស្ត្រីជាតិចិនពីរនាក់ក្នុងចំណោម ៤ នាក់ដែលស្នាក់នៅសណ្ឋាគារ “សុខា” បានរំលោភច្បាប់ quarantine ដែលតម្រូវឲ្យពួកគេនៅឲ្យឆ្ងាយពីទីប្រជុំជន ។ ពួកគេបានសូកប៉ាន់បុគ្គលិកសណ្ឋាគារដើម្បីឲ្យខ្លួនបានចេញទៅដើរលេងសប្បាយនៅក្លឹបរាត្រីនិងនៅផ្ទះកំសាន្តនៅកោះពេជ្រ ។ អ្វីដែលកើតមានជាបន្ទាប់មកគឺការផ្ទុះរាតត្បាតនៃរោគឆ្លងនៅក្នុងសហគមន៍ ។ នាថ្ងៃទី ២០ កុម្ភៈ ករណីមេរោគឆ្លងកូវិដ-១៩ក្នុងសហគមន៍មានចំនួន ៣១ ករណី — ចំនួនដែលកើនរៀងរាល់ថ្ងៃ ចាប់ពីជាង ១០ នាក់ធ្លាក់ខ្លួនឈឺក្នុងមួយថ្ងៃរហូតដល់ចំនួន ៦៤ នាក់ធ្លាក់ខ្លួនឈឺនាថ្ងៃទី ១០ មីនា ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ Xinhua ចុះថ្ងៃទី ៩ មីនា បានផ្សាយសេចក្តីប្រកាសរបស់លោក ហ៊ុនសែន ឲ្យស្ថាប័ននានាកាត់បន្ថយចំនួនបុគ្គលិកធ្វើការក្នុងក្រសួងឲ្យបានយ៉ាងហោច ៩០% ជាចំាបាច់ដើម្បីកុំឲ្យមេរោគឆ្លងពេញក្រសួង និងកុំឲ្យពលរដ្ឋចេញចាកពីទីលំនៅបើមិនចាំបាច់ទេនោះ ។ Xinhua បានផ្សាយថាកម្ពុជាបានបិទសាលារៀន កន្លែងកីឡា សារមន្ទីរ រោងកុន និងទីកន្លែងកំសាន្តនៅក្នុងទីក្រុងនិងនៅខេត្តដែលគេរកឃើញបានមេរោគឆ្លង ។

នៅថ្ងៃទី ១១ មីនា កម្ពុជាកត់ត្រាមនុស្សចំនួន ៣៩ នាក់បានធ្លាក់ខ្លួនឈឺដោយសារមេរោគឆ្លងខណៈករណីមេរោគឆ្លងបានកើនចំនួនដល់ ១ ពាន់ ១៦៣ នាក់ គឺចំនួនច្រើនដងលើសពីខែមុន ។ នៅថ្ងៃទី ១១ នោះ កម្ពុជាកត់ត្រាមរណភាពទី ១ ដោយសារកូវិដ-១៩ ដោយកម្ពុជាម្នាក់អាយុ ៥០ ឆ្នាំ ជាអ្នកបើកបររថយន្តដឹកនិយោជកចិននៅទីក្រុងព្រះសីហនុ ។ និយោជកចិនចម្លងរោគកូវិដ-១៩ ដល់គាត់នៅថ្ងៃទី ២៨ កុម្ភៈ ។ ១១ ថ្ងៃក្រោយមក អ្នកបើកបររថយន្តក៏បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ នៅថ្ងៃនោះ ករណី
កូវិដ-១៩ នៅកម្ពុជាបានកើនចំនួនដល់ ១ ពាន់ ១៦៣ នាក់ហើយ ។

នៅថ្ងៃទី ១១ មីនានោះ ច្បាប់របស់របបផ្តាច់ការហ៊ុនសែនស្តីអំពីវិធានការប្រឈមការរីករាលដាលនៃមេរោគកូវិដ-១៩ ក៏បានចូលជាធរមានដោយដាក់ពិន័យធ្ងន់ធ្ងរនិងមិនសមាមាត្រដល់ជនដែលគេចោទថាបានរំលោភលើច្បាប់រឹតបន្តឹងលើមេរោគកូវិដ-១៩ ដោយដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ២០ លានរៀល ឬ ៥ ពាន់ដុល្លារអាមេរិក និងដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំចំពោះជនដែលមិនគោរពវិធានការរដ្ឋាភិបាលដែលគេឃើញថាប៉ះពាល់ដល់សុខភាពសាធារណៈ ។ ច្បាប់ស្តីពីវិធានការប្រឈមមេរោគឆ្លងបានត្រូវអង្គការអន្តរជាតិរិះគន់ជាខ្លាំង ។
តែចំនួនករណីកូវិដ-១៩ និងចំនួនមរណភាពដោយសារមេរោគនេះចេះតែកើនឡើងឥតឈប់ ។ នៅថ្ងៃទី ១៨ មីនា មនុស្សចំនួន ២ នាក់ទៀតបានស្លាប់ដោយសារកូវិដ-១៩ ។ នៅថ្ងៃទី ២៨ មនុស្សដែលបានស្លាប់កើនចំនួនដល់ ១០ នាក់ ខណៈករណីនៃមេរោគឆ្លងកើនចំនួនដល់ ២ ពាន់ ២៣៣ នាក់ ។ នៅថ្ងៃទី ២៦ មេសា មនុស្សចំនួន ៧៩ នាក់បានស្លាប់ ខណៈករណីមេរោគកូវិដ-១៩ មានចំនួន ១ ម៉ឺន ៥៥៥ នាក់ ។ នៅថ្ងៃទី ១១ ឧសភា មនុស្សស្លាប់មានចំនួន ១៣១ នាក់ ខណៈករណីកូវិដ-១៩ មានចំនួន ២ ម៉ឺន ២២៣ នាក់ ។ នៅថ្ងៃទី ១៦ ឧសភាដែលខ្ញុំកំពុងនិពន្ធអត្ថបទនេះ មនុស្សស្លាប់មានចំនួន ១៤៧ នាក់ ករណីមានចំនួន ២ ម៉ឺន ១ ពាន់ ៨៣៤ នាក់ ។

តាមកាសែត “ខ្មែរថែមស៍” Khmer Times ចុះថ្ងៃទី ១៦ ឧសភា រហូតមកដល់ថ្ងៃទី ១៤ ឧសភា កម្ពុជាបានចាក់វ៉ាក់សុំាងបង្ការជំងឺកូវិដ-១៩ ដល់ពលរដ្ឋខ្មែរចំនួនជាង ២ លាន ៤ ម៉ឺននាក់ ឬ ២០.៤០% នៃចំនួនពលរដ្ឋ ១០ លាននាក់ដែលរដ្ឋមានវិធានការចាក់វ៉ាក់សំាងឲ្យ ។ នៅក្នុងចំនួនជាង ២ លាននាក់នោះ មានពលរដ្ឋជាង ១ លាន ១ សែននាក់ដែលបានទទួលវ៉ាក់ សុំាងទាំងពីរដូសរួចហើយ ។ កម្ពុជាមានពលរដ្ឋទាំងអស់ជាង ១៦ លាននាក់ ។

នៅខាងក្រោមនេះខ្ញុំសូមជូនជំរើសនៃសម្រង់អត្ថបទមួយចំនួនស្តីអំពីស្ថានភាពប្រទេសកម្ពុជានៅក្នុងគ្រាមេរោគឆ្លងកូវិដ-១៩ ញុំាញីតាមទស្សនវិស័យនៃអ្នកយកព័ត៌មាននិងអ្នកវិភាគអន្តរជាតិ ។ កាសែតអង់គ្លេស The Guardian ដាក់ចំណងជើងអត្ថបទគេថា “កម្ពុជាយកកូវិដជាវិធីដើរឆ្ពោះទៅកាន់អំណាចផ្តាច់ការ” ។ បណ្តាញទូរទស្សន៍អង់គ្លេស BBC News ដាក់ចំណងជើងអត្ថបទគេថា “ ‘ខ្ញុំអត់មានម្ហូបអាហារទេ ’៖ តើរស់នៅដូចម្តេចនៅក្នុងតំបន់ព៌ណក្រហមកូវិដនៅប្រទេសកម្ពុជា” ។ អង្គការមនុស្សធម៌ “ឃ្លាំមើលសិទ្ធមនុស្ស” និង “លើកលែងទោសអន្តរជាតិ” សុំឲ្យកម្ពុជាលប់ចោលច្បាប់កូវិដតឹងរ៉ឹងនិងសុំឲ្យផ្តល់ម្ហូបចំណីដល់ពលរដ្ឋផង ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដាក់ចំណងជើងអត្ថបទគេថា “កម្ពុជាបិទផ្សារលក់ដូរដើម្បីរារាំងកូវិដ-១៩ តែអ្នកស្រុករាប់ពាន់នាក់អង្វរសុំចំណីអាហារ” ។ កាសែត វ៉ាស៊ិនតោនប៉ុស្តិ ផ្សាយអំពីស្ថានភាពនៅតំបន់ព៌ណក្រហមដែលគ្មាននរណាអាចចេញពីទីលំនៅហើយភ្នាក់ងារប៉ូលីសដែលដើរល្បាតតាមដងផ្លូវបានប្រើដំបងវាយដំពលរដ្ឋដែលគេចោទថារំលោភច្បាប់ ។ កាសែត Aljazeera ចុះផ្សាយអំពីពលរដ្ឋស្រែករកម្ហូបអាហារខណៈលោកផៃស៊ីផាន់អ្នកនាំពាក្យរដ្ឋាភិបាលចោទអ្នកស្រុកថាសុទ្ធតែជាមនុស្សប្រឌិតរឿង ជាមនុស្សភូតភរ ។ល។ និង ។ល។ លោកអ្នកនាងអាច Google ចំណងជើងនៃសម្រង់អត្ថបទដែលលោកអ្នកនាងចង់អាន ។

ដើម្បីជួយរំលែកទុក្ខដល់ខ្មែរនៅក្នុងស្រុក ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនបានខិតខំប្រមូលជំនួយជាប្រាក់កាសផ្ញើទៅជូនពលរដ្ឋខ្មែរដែលស្រេកឃ្លាន ។ ជាធម្មតា រដ្ឋាភិបាលត្រឹមត្រូវនៅក្នុងពិភពលោកមានកាតព្វកិច្ចផ្តល់ដល់ពលរដ្ឋនូវការខ្វៈខាតទាំងអស់ ។ លើកលែងតែរដ្ឋាភិបាលហ៊ុនសែនដែលចោទពលរដ្ឋស្ថិតនៅក្នុងស្ថានភាពខ្វៈចំណីអាហារទទួលទានថាជាមនុស្សកុហក ។

មុននឹងខ្ញុំបញ្ចប់អត្ថបទនៅថ្ងៃនេះ ខ្ញុំសូមជូនពាក្យពេចន៍របស់លោកឧត្តមសេនីយ៍ ស៊ុន ស៊ឺ Sun Tzu ជាមេទ័ពដ៏ចំណានមួយរូបនៃប្រទេសចិនបុរាណដែលបានសរសេរនៅក្នុងសៀវភៅ “សិល្បៈនៃសង្គ្រាម” ដូចមានខាងក្រោមនេះ ជូនលោកអ្នកនាងសូមយកទៅពិចារណា ទំរាំដល់ពេលយើងនឹងជួបគ្នាទៀតតាមអត្ថបទខ្ញុំនៅលើកក្រោយ ៖


 

 

អំពីអ្នកនិពន្ធ៖ លោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជនកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ (ឆ្នាំ ១៩៨០-១៩៨៩) បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសកលវិទ្យាល័យកោះ Guam ( ឆ្នាំ ១៩៩១-២០០៤) ។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៤ ហើយបច្ចុប្បន្ននេះលោករស់នៅក្នុងសហរដ្ឋអាមេរិក ។ លោកអ្នកអាចចូលមើលគេហទំព័រ Website របស់លោកឈ្មោះ “គំនិតខ្មែរ“ តាមអាសយដ្ឋាន www.kumnitkhmer.com ហេីយអាចទាក់ទងនឹងលោកបានតាមរយៈសារអេឡេត្រូណិច (e-mail) peangmeth@gmail.com ។